ប្រវត្តិហេតុទី២
៥ ដូច្នេះ ស្ដេចសាឡូម៉ូនបានបំពេញកិច្ចការទាំងប៉ុន្មាន ដែលគាត់ត្រូវធ្វើសម្រាប់វិហាររបស់ព្រះយេហូវ៉ាចប់សព្វគ្រប់។+ រួចមក សាឡូម៉ូនក៏បាននាំយករបស់របរទាំងប៉ុន្មានដែលដាវីឌជាឪពុកគាត់បានទុកសម្រាប់ជូនព្រះពិត+ ទៅដាក់ក្នុងឃ្លាំងវិហាររបស់ព្រះ។ គាត់ក៏បានដាក់មាសប្រាក់ និងគ្រឿងផ្សេងៗក្នុងឃ្លាំងនោះដែរ។+ ២ នៅគ្រានោះ សាឡូម៉ូនបានឲ្យពួកបុរសចាស់ទុំ មេកុលសម្ព័ន្ធទាំងអស់ និងពួកប្រមុខលើវង្សត្រកូលនៃជនជាតិអ៊ីស្រាអែល មកជួបជុំគ្នានៅក្រុងយេរូសាឡិម។ ពួកគេមកក្នុងបំណងនាំយកហឹបនៃកិច្ចព្រមព្រៀងរបស់ព្រះយេហូវ៉ាពីក្រុងដាវីឌ+ គឺស៊ីយ៉ូន។+ ៣ ពួកគេបានជួបជុំគ្នានៅចំពោះស្ដេចសាឡូម៉ូននាពិធីបុណ្យខ្ទម ដែលត្រូវធ្វើឡើងក្នុងខែទី៧។+
៤ ពួកបុរសចាស់ទុំនៃជនជាតិអ៊ីស្រាអែលក៏បានមក ហើយពួកលេវីបានលើកហឹបនៃកិច្ចព្រមព្រៀង។+ ៥ ពួកគេបានសែងហឹប និងត្រសាលជំនុំ+ រួមទាំងរបស់របរបរិសុទ្ធទាំងប៉ុន្មានដែលនៅក្នុងត្រសាលនោះ។ ពួកសង្ឃនិងពួកលេវីជាអ្នកនាំយករបស់ទាំងនោះឡើងទៅ។ ៦ ស្ដេចសាឡូម៉ូន ព្រមទាំងបណ្ដាជនអ៊ីស្រាអែលទាំងអស់ដែលស្ដេចបានអញ្ជើញឲ្យមកជួបជុំគ្នានោះ បានឈរនៅមុខហឹបនៃកិច្ចព្រមព្រៀង។ ពួកគេបានជូនគ្រឿងបូជាជាចៀមនិងគោ+យ៉ាងច្រើនសន្ធឹកដែលគ្មានអ្នកណាអាចរាប់បានឡើយ។ ៧ រួចមក ពួកសង្ឃបានយកហឹបនៃកិច្ចព្រមព្រៀងរបស់ព្រះយេហូវ៉ាចូលទៅវិហារ រួចចូលក្នុងបន្ទប់បរិសុទ្ធបំផុត។ បន្ទាប់មក ពួកគេបានដាក់ហឹបនៅកន្លែងដែលគេបានបម្រុងទុក គឺក្រោមស្លាបចេរូប៊ីនទាំងពីរ។+ ៨ ចេរូប៊ីនទាំងពីរត្រដាងស្លាបលើកន្លែងដែលតម្កល់ទុកហឹបនោះ ហើយចេរូប៊ីនទាំងពីរចោលស្រមោលលើហឹបនិងឈើស្នែង។+ ៩ ឈើស្នែងហឹបនោះគឺវែងដល់ម្ល៉េះ បានជាគេអាចឃើញចុងឈើស្នែងពីបន្ទប់បរិសុទ្ធដែលនៅខាងមុខបន្ទប់បរិសុទ្ធបំផុត តែពីខាងក្រៅគេមិនអាចមើលឃើញទេ។ អ្វីទាំងនោះស្ថិតនៅទីនោះរហូតដល់សព្វថ្ងៃ។ ១០ នៅក្នុងហឹបគ្មានអ្វីក្រៅពីបន្ទះថ្មពីរផ្ទាំងទេ។ ពេលនៅភ្នំហូរែប+ ម៉ូសេបានដាក់បន្ទះថ្មក្នុងហឹបនោះ កាលដែលព្រះយេហូវ៉ាបានធ្វើកិច្ចព្រមព្រៀង+ជាមួយនឹងបណ្ដាជនអ៊ីស្រាអែល ក្រោយពីពួកគេចេញពីស្រុកអេហ្ស៊ីប។+
១១ ឯពួកសង្ឃ ពួកគេទាំងអស់គ្នាបានញែកខ្លួនជាបរិសុទ្ធ+ ទោះជាពួកគេនៅក្នុងក្រុមណាក៏ដោយ។+ ពេលដែលពួកគេចេញពីបន្ទប់បរិសុទ្ធមក ១២ ពួកលេវីដែលជាអ្នកចម្រៀង+ កំពុងឈរនៅខាងកើតទីបូជា ហើយស្លៀកសម្លៀកបំពាក់ក្រណាត់សាច់ល្អ ទាំងកាន់ឆាប ពិណ និងឧបករណ៍ភ្លេងមានខ្សែ។ ពួកគេឈរជាមួយនឹងពួកសង្ឃ១២០នាក់ទៀត ដែលកំពុងផ្លុំត្រែ។+ ពួកលេវីទាំងនោះនៅក្រោមការដឹកនាំរបស់អេសាភ+ ហេម៉ាន+ យេឌូថិន+ ព្រមទាំងកូនចៅនិងបងប្អូនរបស់ពួកគេ។ ១៣ អ្នកផ្លុំត្រែនិងអ្នកចម្រៀងក៏ចាប់ផ្ដើមសរសើរនិងអរគុណព្រះយេហូវ៉ាយ៉ាងស្រុះគ្នា អមដោយសំឡេងត្រែ ឆាប និងឧបករណ៍ភ្លេងឯទៀត ដោយច្រៀងសរសើរព្រះយេហូវ៉ាថា៖ «ព្រោះលោកល្អ សេចក្ដីស្រឡាញ់ដ៏ស្មោះត្រង់របស់លោកស្ថិតស្ថេរជាដរាប»។+ ខណៈនោះ ក៏មានពពកពេញវិហារព្រះយេហូវ៉ា។+ ១៤ ដោយសារពពកនោះ ពួកសង្ឃមិនអាចបំពេញកិច្ចបម្រើទៀតបានទេ ព្រោះសិរីរុងរឿងរបស់ព្រះយេហូវ៉ាដែលជាព្រះពិតមានពេញវិហាររបស់លោក។+