ប្រវត្តិហេតុទី២
១ សាឡូម៉ូនជាកូនដាវីឌមានអំណាចគ្រប់គ្រងកាន់តែរឹងមាំឡើងៗ។ ព្រះយេហូវ៉ានៅជាមួយនឹងគាត់ ហើយលោកបានធ្វើឲ្យគាត់រុងរឿងថ្កុំថ្កើង។+
២ សាឡូម៉ូនបានកោះហៅជនជាតិអ៊ីស្រាអែលទាំងអស់ គឺពួកមេលើ១.០០០នាក់ ពួកមេលើ១០០នាក់ ពួកអ្នកសម្រេចក្ដី និងពួកមេកុលសម្ព័ន្ធនៃជនជាតិអ៊ីស្រាអែល។ ពួកគេទាំងអស់សុទ្ធតែជាពួកប្រមុខលើវង្សត្រកូលនានា។ ៣ បន្ទាប់មក សាឡូម៉ូននិងពួកអ្នកទាំងនោះ បានទៅទីខ្ពស់ពិសិដ្ឋនៅឯក្រុងគីបៀន+ ព្រោះទីនោះមានត្រសាលជំនុំរបស់ព្រះពិត ជាត្រសាលដែលម៉ូសេជាអ្នកបម្រើព្រះយេហូវ៉ាបានធ្វើកាលដែលនៅតំបន់ស្ងាត់ជ្រងំ។ ៤ រីឯហឹបរបស់ព្រះពិត ដាវីឌបាននាំយកពីក្រុងគារីអាតយារីម+ ទៅដាក់ក្នុងត្រសាលដែលគាត់បានរៀបចំទុកនៅក្នុងក្រុងយេរូសាឡិម* តាំងពីសម័យគាត់មកម្ល៉េះ។+ ៥ ឯទីបូជាធ្វើពីស្ពាន់+ដែលបេសាលែល+ជាកូនយូរ៉ាយត្រូវជាចៅរបស់ហឺរបានធ្វើនោះ គេបានដាក់នៅមុខត្រសាលរបស់ព្រះយេហូវ៉ា។ សាឡូម៉ូននិងបណ្ដាជនតែងតែអធិដ្ឋាននៅមុខទីបូជានោះ។* ៦ សាឡូម៉ូនបានជូនសត្វ១.០០០ក្បាលជាគ្រឿងបូជាដុតជូនព្រះយេហូវ៉ា នៅលើទីបូជាធ្វើពីស្ពាន់+ ខាងមុខត្រសាលជំនុំ។
៧ នៅយប់នោះ ព្រះបានលេចមកជួបសាឡូម៉ូន ហើយលោកមានប្រសាសន៍ថា៖ «ចូរសុំអ្វីដែលអ្នកចង់បានពីខ្ញុំចុះ»។+ ៨ ខណៈនោះ សាឡូម៉ូនបានឆ្លើយថា៖ «លោកបានបង្ហាញសេចក្ដីស្រឡាញ់ដ៏ស្មោះត្រង់ចំពោះដាវីឌជាឪពុកខ្ញុំ+ ហើយលោកបានឲ្យខ្ញុំគ្រងរាជ្យបន្ទាប់ពីគាត់។+ ៩ ឱព្រះយេហូវ៉ាអើយ! សូមឲ្យពាក្យដែលលោកបានសន្យាជាមួយនឹងដាវីឌឪពុកខ្ញុំបានក្លាយទៅជាការពិតផង+ ព្រោះលោកបានលើកខ្ញុំឲ្យធ្វើជាស្ដេចលើបណ្ដាជនដែលមានចំនួនច្រើនឥតគណនាដូចលម្អងធូលី។+ ១០ សូមឲ្យខ្ញុំមានចំណេះនិងប្រាជ្ញា+ ដើម្បីខ្ញុំអាចដឹកនាំបណ្ដាជនទាំងនេះបាន។ បើមិនដូច្នោះទេ តើខ្ញុំនឹងវិនិច្ឆ័យរាស្ត្ររបស់លោកដែលមានចំនួនដ៏ច្រើនយ៉ាងនេះដូចម្ដេចបាន?»។+
១១ រួចមក ព្រះបានមានប្រសាសន៍ទៅកាន់សាឡូម៉ូនថា៖ «ដោយសារនេះជាបំណងចិត្តរបស់អ្នក ហើយអ្នកមិនបានសុំឲ្យមានអាយុវែង ឬសុំឲ្យមានទ្រព្យសម្បត្តិនិងកិត្តិយស ឬក៏សុំឲ្យពួកសត្រូវអ្នកស្លាប់ទេ តែអ្នកបានសុំឲ្យមានចំណេះនិងប្រាជ្ញាវិញ ដើម្បីវិនិច្ឆ័យរាស្ត្ររបស់ខ្ញុំដែលនៅក្រោមការគ្រប់គ្រងរបស់អ្នក+ ១២ នោះខ្ញុំនឹងឲ្យចំណេះនិងប្រាជ្ញាដល់អ្នក។ មិនត្រឹមតែប៉ុណ្ណោះ ខ្ញុំក៏នឹងឲ្យអ្នកមានកិត្តិយសនិងទ្រព្យសម្បត្តិដ៏ច្រើនលើសលប់ដែរ។ ហេតុនេះហើយបានជានៅមុនអ្នកនិងក្រោយអ្នកមិនដែលមានស្ដេចណាដូចអ្នកឡើយ»។+
១៣ ដូច្នេះ សាឡូម៉ូនបានចេញពីខាងមុខត្រសាលជំនុំនៅទីខ្ពស់ពិសិដ្ឋនៅឯក្រុងគីបៀន+ ហើយធ្វើដំណើរត្រឡប់ទៅក្រុងយេរូសាឡិមវិញ។ គាត់បានគ្រប់គ្រងលើស្រុកអ៊ីស្រាអែលទាំងមូល។ ១៤ សាឡូម៉ូនបានប្រមូលរទេះចម្បាំងនិងសេះ*ជាច្រើន។ គាត់មានរទេះចម្បាំងចំនួន១.៤០០គ្រឿង និងសេះ*ចំនួន១២.០០០ក្បាល។+ ស្ដេចទុកមួយចំនួននៅក្រុងយេរូសាឡិម+ និងមួយចំនួនទៀតគាត់បានទុកនៅក្រុងនានាដែលសម្រាប់ដាក់រទេះចម្បាំង។+ ១៥ នៅសម័យស្ដេចសាឡូម៉ូន ក្រុងយេរូសាឡិមមានមាសប្រាក់សម្បូរហូរហៀរដូចជាដុំថ្ម+ ហើយមានឈើស៊ីដារ*ច្រើនសន្ធឹកដូចជាដើមល្វាព្រៃនៅតំបន់សេភីឡា។+ ១៦ សេះរបស់ស្ដេចសាឡូម៉ូនបានត្រូវនាំចូលមកពីស្រុកអេហ្ស៊ីប+ ហើយពួកឈ្មួញរបស់គាត់បានទិញសេះទាំងហ្វូងៗ តាមតម្លៃកំណត់។+ ១៧ រទេះចម្បាំងនីមួយៗដែលនាំចូលមកពីស្រុកអេហ្ស៊ីបមានតម្លៃ៦០០កាក់ធ្វើពីប្រាក់ ហើយសេះមួយក្បាលមានតម្លៃ១៥០កាក់ធ្វើពីប្រាក់។ រួចពួកឈ្មួញក៏បានយកសេះនិងរទេះចម្បាំងទៅលក់បន្តឲ្យអ្នកគ្រប់គ្រងទាំងប៉ុន្មាននៃជនជាតិហេត និងអ្នកគ្រប់គ្រងទាំងឡាយនៃស្រុកស៊ីរី។