ច្បាប់លេវី
១ ព្រះយេហូវ៉ាបានមានប្រសាសន៍ទៅកាន់ម៉ូសេពីត្រសាលជំនុំ+ថា៖ ២ «ចូរប្រាប់បណ្ដាជនអ៊ីស្រាអែលថា៖ ‹បើអ្នកណាម្នាក់យកសត្វមកជូនជាគ្រឿងបូជាដល់ព្រះយេហូវ៉ា អ្នកនោះត្រូវយកចៀម ឬពពែ ឬគោពីហ្វូងសត្វមកជូន។+
៣ «‹បើគាត់ជូនគោជាគ្រឿងបូជាដុត គាត់ត្រូវជូនគោស្ទាវដ៏ល្អឥតខ្ចោះ+ ហើយត្រូវជូនព្រះយេហូវ៉ាដោយស្ម័គ្រពីចិត្ត+ នៅឯមាត់ទ្វារចូលត្រសាលជំនុំ។ ៤ គាត់ត្រូវដាក់ដៃលើក្បាលគោនោះ រួចព្រះនឹងទទួលគ្រឿងបូជាដុតរបស់គាត់ ហើយអភ័យទោសចំពោះអំពើខុសឆ្គងរបស់គាត់។
៥ «‹បន្ទាប់មក ត្រូវសម្លាប់គោស្ទាវនោះនៅចំពោះព្រះយេហូវ៉ា។ រួចកូនប្រុសៗរបស់អេរ៉ុនជាសង្ឃ+ នឹងយកឈាមគោនោះទៅជូនព្រះ ហើយប្រោះនៅលើជញ្ជាំងទាំងបួននៃទីបូជា+ ដែលនៅមាត់ទ្វារត្រសាលជំនុំ។ ៦ បន្ទាប់ពីនោះ ត្រូវពន្លាត់ស្បែកសត្វនៃគ្រឿងបូជាដុតនោះ ហើយកាប់ជាដុំៗ+ ៧ រួចកូនប្រុសៗរបស់អេរ៉ុនជាសង្ឃ ត្រូវបង្កាត់ភ្លើងនៅទីបូជា+ ហើយយកអុសទៅតម្រៀបពីលើ។ ៨ រួចយកដុំសាច់ទាំងនោះ ព្រមទាំងក្បាលនិងខ្លាញ់* ទៅតម្រៀប+នៅលើអុសដែលកំពុងឆេះនៅលើទីបូជា។ ៩ បន្ទាប់មក ត្រូវលាងពោះវៀននិងជើងសត្វនោះ រួចពួកសង្ឃនឹងយកអ្វីទាំងនោះទៅដុតនៅលើទីបូជាឲ្យផ្សែងហុយឡើង។ នេះជាគ្រឿងបូជាដុតជូនព្រះយេហូវ៉ា គឺជាគ្រឿងបូជាដុតដែលមានក្លិនឈ្ងុយជូនលោក។*+
១០ «‹បើគាត់យកចៀមឬពពែមកជូនជាគ្រឿងបូជាដុត គាត់ត្រូវជូនចៀមឬពពែស្ទាវដ៏ល្អឥតខ្ចោះ។+ ១១ បន្ទាប់មក ត្រូវសម្លាប់សត្វនោះនៅប៉ែកខាងជើងទីបូជានៅចំពោះព្រះយេហូវ៉ា។ រួចកូនប្រុសៗរបស់អេរ៉ុនជាសង្ឃ នឹងយកឈាមសត្វនោះទៅប្រោះនៅលើជញ្ជាំងទាំងបួននៃទីបូជា។+ ១២ រួចត្រូវកាប់ចៀមនោះជាដុំៗ ហើយសង្ឃនឹងយកដុំសាច់ ក្បាល និងខ្លាញ់* ទៅតម្រៀបនៅលើអុសដែលកំពុងឆេះនៅលើទីបូជា។ ១៣ បន្ទាប់មក ត្រូវលាងពោះវៀននិងជើងសត្វនោះ រួចសង្ឃនឹងយកអ្វីទាំងនោះទៅដុតនៅលើទីបូជាឲ្យផ្សែងហុយឡើង។ នេះជាគ្រឿងបូជាដុតជូនព្រះយេហូវ៉ា គឺជាគ្រឿងបូជាដុតដែលមានក្លិនឈ្ងុយជូនលោក។*
១៤ «‹ប៉ុន្តែ បើគាត់យកសត្វស្លាបមកជូនជាគ្រឿងបូជាដុតដល់ព្រះយេហូវ៉ា គាត់ត្រូវជូនសត្វព្រាបឬលលកជំទើរ។+ ១៥ សង្ឃត្រូវយកសត្វនោះទៅទីបូជា រួចកាត់ក្បាលវា ហើយដុតសត្វនោះនៅលើទីបូជាឲ្យផ្សែងហុយឡើង។ ប៉ុន្តែ ត្រូវសម្រក់ឈាមសត្វនោះនៅជញ្ជាំងទីបូជា។ ១៦ រួចត្រូវយកគែ និងរោមវាទៅបោះចោលនៅខាងកើតក្បែរទីបូជា ត្រង់កន្លែងដាក់ផេះ។+ ១៧ បន្ទាប់មក ត្រូវពុះវាត្រង់ចន្លោះស្លាប តែមិនឲ្យដាច់ជាពីរទេ។ រួចសង្ឃនឹងយកវាទៅដុតនៅលើទីបូជាឲ្យផ្សែងហុយឡើង។ នេះជាគ្រឿងបូជាដុតជូនព្រះយេហូវ៉ា គឺជាគ្រឿងបូជាដុតដែលមានក្លិនឈ្ងុយជូនលោក។*