អេសាយ
៤៧ ឱកូនក្រមុំបាប៊ីឡូនអើយ!+ ចូរចុះមកអង្គុយលើដី។
ឱកូនស្រីពួកខាល់ដេអើយ!
ចូរមកអង្គុយនៅក្នុងធូលីជាកន្លែងដែលគ្មានបល្ល័ង្កទៅ+
ព្រោះគេនឹងលែងហៅនាងថាកូនទម្រើសទៀតហើយ។
២ ចូរយកត្បាល់មកកិនម្សៅ។ ចូរដោះស្បៃមុខរបស់នាងចេញ។
ចូរដោះអាវក្រៅចេញ រួចលើកសំពត់ក្នុងឡើងឲ្យផុតជើង ហើយដើរឆ្លងទន្លេទៅ។
៣ កេរ្តិ៍ខ្មាសរបស់នាងនឹងត្រូវបើកចំហ ហើយនាងនឹងមានសេចក្ដីខ្មាសជាខ្លាំង។
ខ្ញុំនឹងសងសឹក+ ហើយគ្មាននរណាអាចរារាំងខ្ញុំបានឡើយ។*
៤ «ព្រះដែលលោះយើង គឺជាព្រះដ៏បរិសុទ្ធនៃអ៊ីស្រាអែល
លោកមាននាមជាយេហូវ៉ា ជាព្រះនៃបណ្ដាកងទ័ពស្ថានសួគ៌»។+
ចូរអង្គុយនៅស្ងៀម ហើយស្ថិតក្នុងទីងងឹតទៅ
ព្រោះនឹងគ្មានអ្នកណាហៅនាងថាម្ចាស់ក្សត្រីទៀតទេ។+
៦ ខ្ញុំបានខឹងនឹងរាស្ត្ររបស់ខ្ញុំ។+
ខ្ញុំបានធ្វើឲ្យរាស្ត្រដែលជាមត៌ករបស់ខ្ញុំអាប់ឱន+
ហើយប្រគល់ពួកគេទៅក្នុងកណ្ដាប់ដៃនាង។+
ប៉ុន្តែ នាងមិនបានបង្ហាញសេចក្ដីមេត្តាករុណាចំពោះពួកគេទេ។+
សូម្បីតែមនុស្សចាស់ជរាក៏នាងដាក់បន្ទុកយ៉ាងធ្ងន់ទៅលើពួកគាត់ដែរ។+
៧ នាងនិយាយថា៖ «ខ្ញុំនឹងធ្វើជាម្ចាស់ក្សត្រីរហូត»។+
នាងមិនបានយកចិត្តទុកដាក់នឹងរឿងទាំងនេះទេ
ហើយក៏មិនបានគិតឲ្យដិតដល់អំពីលទ្ធផលដែរ។
៨ ឱនាងដែលស្រឡាញ់ការសប្បាយអើយ! ចូរស្ដាប់ចុះ!+
នាងមានសេចក្ដីសុខ ហើយគិតក្នុងចិត្តថា៖
«មានតែខ្ញុំប៉ុណ្ណោះ គ្មាននរណាអាចប្រៀបផ្ទឹមនឹងខ្ញុំបានឡើយ។+
ខ្ញុំនឹងមិនក្លាយទៅជាស្ត្រីមេម៉ាយទេ
ហើយក៏មិនស្គាល់ការព្រាត់ប្រាសកូនដែរ»។+
៩ ប៉ុន្តែ ក្នុងមួយថ្ងៃ រឿងទាំងពីរនោះនឹងធ្លាក់មកលើនាងមួយរំពេច+
គឺនាងនឹងព្រាត់ប្រាសកូន ហើយក្លាយទៅជាស្ត្រីមេម៉ាយ។
ទុក្ខវេទនាទាំងនេះនឹងកើតឡើងដល់នាងយ៉ាងពេញលេញ+
១០ នាងបានទុកចិត្តលើអំពើទុច្ចរិតរបស់ខ្លួន។
នាងនិយាយថា៖ «គ្មាននរណាឃើញខ្ញុំទេ»។
ប្រាជ្ញានិងចំណេះរបស់នាងបាននាំឲ្យខ្លួននាងវង្វេងហើយ។
នាងគិតក្នុងចិត្តថា៖ «មានតែខ្ញុំប៉ុណ្ណោះ គ្មាននរណាប្រៀបផ្ទឹមនឹងខ្ញុំបានឡើយ»។
១១ ប៉ុន្តែ សេចក្ដីវេទនានឹងធ្លាក់មកលើនាង
ហើយវេទមន្តរបស់នាងនឹងមិនអាចបញ្ឈប់បានទេ។
សេចក្ដីហិនវិនាសនឹងកើតឡើងដល់នាង ហើយនាងមិនអាចបង្វែរចេញបានឡើយ។
នាងនឹងត្រូវបំផ្លាញមួយរំពេច ជាការបំផ្លាញដែលនាងមិនធ្លាប់ជួបពីមុនមកទេ។+
១២ ចូរដាក់អំពើទៅ! ចូរធ្វើអំពើធ្មប់ជាច្រើនចុះ!+
ជាអ្វីដែលនាងខំធ្វើតាំងពីក្មេងមក
នាងប្រហែលជាអាចទទួលប្រយោជន៍ក៏មិនដឹង
ហើយនាងប្រហែលជាអាចធ្វើឲ្យមនុស្សកោតខ្លាចផងក៏ថាបាន។
១៣ នាងបានជិនណាយនឹងទីប្រឹក្សាជាច្រើនរបស់នាង។
ចូរឲ្យពួកគេក្រោកឡើងហើយជួយនាងចុះ
គឺពួកអ្នកដែលក្រាបគោរពមេឃ* ជាអ្នកដែលសង្កេតមើលផ្កាយទាំងឡាយ+
ហើយទស្សន៍ទាយរៀងរាល់ខែថ្មី
ដើម្បីដឹងអំពីអ្វីដែលនឹងកើតឡើងដល់នាង។
១៤ មើល! ពួកគេប្រៀបដូចជាចំបើង។ ភ្លើងនឹងឆេះបំផ្លាញពួកគេអស់ទៅ។
ពួកគេមិនអាចសង្គ្រោះខ្លួនពីអណ្ដាតភ្លើងបានឡើយ។
អណ្ដាតភ្លើងនេះមិនមែនដូចរងើកភ្លើងសម្រាប់កម្ដៅខ្លួនទេ។
ឯភ្លើងនេះក៏មិនមែនសម្រាប់អាំងកម្ដៅប្រាណដែរ។
១៥ ដូច្នេះ គ្រូវេទមន្តរបស់នាងនឹងត្រូវវេទនាបែបនេះ
ពួកគេជាពួកអ្នកដែលធ្វើការយ៉ាងនឿយហត់ជាមួយនាងតាំងពីក្មេងមក
ពួកគេនឹងវង្វេងខ្ចាត់ព្រាត់ទៅតាមផ្លូវរៀងៗខ្លួន។
ពេលនោះ នឹងគ្មានអ្នកណាជួយនាងទៀតឡើយ។+