សៀវភៅសាំយូអែលទី១
១០ បន្ទាប់មក សាំយូអែលបានយកប្រេងមកចាក់ពីលើក្បាលរបស់សុល។+ រួចគាត់ថើបសុល ហើយនិយាយថា៖ «ព្រះយេហូវ៉ាបានតែងតាំងអ្នកឲ្យធ្វើជាអ្នកដឹកនាំ+លើរាស្ត្ររបស់លោក។+ ២ នៅថ្ងៃនេះ ពេលអ្នកធ្វើដំណើរចេញទៅ អ្នកនឹងជួបបុរសពីរនាក់ដែលនៅជិតទីបញ្ចុះសពរបស់រ៉ាជែល+ ត្រង់សេលសាក្នុងតំបន់របស់កុលសម្ព័ន្ធបេនយ៉ាមីន។ បុរសពីរនាក់នោះនឹងប្រាប់អ្នកថា៖ ‹ហ្វូងសត្វលាដែលអ្នករកនោះ គេបានរកឃើញហើយ។ ប៉ុន្តែឥឡូវ ឪពុករបស់អ្នកឈប់គិតពីសត្វលាទាំងនោះទៀតហើយ+ តែគាត់បារម្ភអំពីអ្នកវិញ។ គាត់និយាយថា៖ «ខ្ញុំមិនឃើញកូនប្រុសខ្ញុំត្រឡប់មកវិញទេ តើខ្ញុំគួរធ្វើដូចម្ដេចទៅ?»›។ ៣ កាលដែលអ្នកបន្តដំណើរទៅដល់ដើមឈើធំមួយនៅត្រង់ថេបោ នោះអ្នកនឹងជួបបុរសបីនាក់ដែលកំពុងធ្វើដំណើរឡើងទៅក្រុងបេតអែល+ ដើម្បីគោរពប្រណិប័តន៍ព្រះពិត។ បុរសម្នាក់មានកូនពពែបី ម្នាក់ទៀតមាននំប៉័ងបីដុំ និងម្នាក់ទៀតមានក្រឡស្រាធំមួយ។ ៤ ពួកគេនឹងសួរសុខទុក្ខអ្នក រួចឲ្យនំប៉័ងពីរដុំដល់អ្នក។ សូមទទួលយកនំប៉័ងទាំងនោះ។ ៥ បន្ទាប់ពីនោះ អ្នកនឹងទៅដល់ទួលនៃព្រះពិត។ នៅទីនោះមានបន្ទាយកងទ័ពភីលីស្ទីន។ ពេលដែលអ្នកទៅដល់ក្រុងនោះ អ្នកនឹងជួបអ្នកប្រកាសទំនាយ*មួយក្រុមដែលកំពុងចុះពីទីខ្ពស់*មកទាំងប្រកាសទំនាយ* ដោយមានអ្នកលេងភ្លេង* ស្គរដៃ* ខ្លុយ និងពិណនាំមុខផង។ ៦ ឫទ្ធានុភាពរបស់ព្រះយេហូវ៉ានឹងមានឥទ្ធិពលទៅលើអ្នក+ ហើយអ្នកក៏នឹងប្រកាសទំនាយជាមួយនឹងពួកគេដែរ។ នៅពេលនោះ អ្នកនឹងហាក់ដូចជាមនុស្សម្នាក់ផ្សេងទៀត។+ ៧ ពេលដែលអ្នកឃើញសញ្ញាសម្គាល់ទាំងនេះ សូមធ្វើអ្វីដែលអ្នកអាចធ្វើបាន ដោយសារព្រះពិតនៅជាមួយនឹងអ្នក។ ៨ ក្រោយមក សូមអ្នកចុះទៅក្រុងគីលកាលមុនខ្ញុំ។+ ខ្ញុំនឹងទៅជួបអ្នកនៅទីនោះ ដើម្បីជូនគ្រឿងបូជាដុតនិងគ្រឿងបូជានៃមេត្រីភាព។ សូមអ្នករង់ចាំខ្ញុំ៧ថ្ងៃ ទាល់តែខ្ញុំទៅដល់។ បន្ទាប់មក ខ្ញុំនឹងប្រាប់អ្នកឲ្យដឹងអំពីអ្វីដែលអ្នកគួរធ្វើ»។
៩ កាលដែលសុលចាកចេញពីសាំយូអែលភ្លាម ព្រះចាប់ផ្ដើមផ្លាស់ប្ដូរចិត្តគំនិតរបស់សុលទៅជាមនុស្សម្នាក់ផ្សេងទៀត។ នៅថ្ងៃនោះ សញ្ញាសម្គាល់ទាំងប៉ុន្មាននេះបានកើតឡើងមែន។ ១០ សុលនិងអ្នកបម្រើចេញពីទីនោះទៅដល់ទួលនៃព្រះពិត។ រួចមក សុលក៏ជួបក្រុមអ្នកប្រកាសទំនាយ។ រំពេចនោះ ឫទ្ធានុភាពរបស់ព្រះមានឥទ្ធិពលទៅលើសុល+ ហើយគាត់ចាប់ផ្ដើមប្រកាសទំនាយ+ជាមួយនឹងពួកគេ។ ១១ ពេលពួកអ្នកដែលធ្លាប់ស្គាល់សុល ឃើញគាត់កំពុងប្រកាសទំនាយជាមួយនឹងពួកអ្នកទាំងនោះ ពួកគេក៏សួរគ្នាថា៖ «តើមានអ្វីកើតឡើងចំពោះកូនប្រុសរបស់គីស? តើសុលក៏ជាអ្នកប្រកាសទំនាយដែរឬ?»។ ១២ បុរសម្នាក់នៅទីនោះនិយាយថា៖ «ចុះអ្នកប្រកាសទំនាយឯទៀតនោះ តើអ្នកណាជាឪពុករបស់ពួកគេ?»។ ហេតុនោះហើយបានជាមានពាក្យ*ថា៖ «តើសុលក៏ជាអ្នកប្រកាសទំនាយដែរឬ?»។+
១៣ បន្ទាប់ពីសុលប្រកាសទំនាយរួចហើយ គាត់បានឡើងទៅទីខ្ពស់។ ១៤ ក្រោយមកពូរបស់សុល សួរសុលនិងអ្នកបម្រើថា៖ «តើអ្នកទាំងពីរទើបមកពីណា?»។ សុលឆ្លើយថា៖ «ពួកខ្ញុំទៅរកហ្វូងលា+ តែរកមិនឃើញសោះ។ ម្ល៉ោះហើយ ពួកខ្ញុំក៏ទៅជួបសាំយូអែល»។ ១៥ ឮដូច្នេះ ពូរបស់សុលសួរគាត់ថា៖ «សូមប្រាប់ពូ តើសាំយូអែលបានប្រាប់អ្វីដល់ក្មួយ?»។ ១៦ សុលឆ្លើយតបទៅពូវិញថា៖ «គាត់បានប្រាប់ពួកខ្ញុំថា គេរកឃើញហ្វូងលានោះហើយ»។ ប៉ុន្តែ សុលមិនបានប្រាប់ពូគាត់អំពីរឿងដែលសាំយូអែលតែងតាំងគាត់ឲ្យធ្វើជាស្ដេចឡើយ។
១៧ ក្រោយមក សាំយូអែលបានឲ្យបណ្ដាជនអ៊ីស្រាអែលមកជួបជុំគ្នានៅចំពោះមុខព្រះយេហូវ៉ានៅក្រុងមីសប៉ា។+ ១៨ រួចសាំយូអែលនិយាយទៅកាន់ពួកគេថា៖ «ព្រះយេហូវ៉ាដែលជាព្រះរបស់ជនជាតិអ៊ីស្រាអែល លោកមានប្រសាសន៍ថា៖ ‹ខ្ញុំជាអ្នកដែលនាំជនជាតិអ៊ីស្រាអែលចេញពីស្រុកអេហ្ស៊ីប ហើយបានសង្គ្រោះអ្នករាល់គ្នាពីកណ្ដាប់ដៃពួកអេហ្ស៊ីប+ និងពីកណ្ដាប់ដៃរបស់រាជាណាចក្រទាំងប៉ុន្មានដែលបានសង្កត់សង្កិនអ្នករាល់គ្នា។ ១៩ ប៉ុន្តែ នៅថ្ងៃនេះអ្នករាល់គ្នាបដិសេធខ្ញុំ+ ជាព្រះដែលបានសង្គ្រោះអ្នករាល់គ្នាពីអន្តរាយ និងពីទុក្ខលំបាកទាំងអស់។ អ្នករាល់គ្នានិយាយថា៖ «សូមតែងតាំងស្ដេចម្នាក់ឲ្យគ្រប់គ្រងលើយើង»។ ឥឡូវ សូមឈរនៅចំពោះមុខព្រះយេហូវ៉ា តាមកុលសម្ព័ន្ធ និងតាមវង្សត្រកូលរៀងៗខ្លួន›»។*
២០ ក្រោយពីសាំយូអែលប្រាប់អំពីប្រសាសន៍របស់ព្រះចប់ គាត់ឲ្យកុលសម្ព័ន្ធទាំងអស់នៃជនជាតិអ៊ីស្រាអែលចូលមកបន្តបន្ទាប់គ្នា។+ រួចមក កុលសម្ព័ន្ធបេនយ៉ាមីនបានត្រូវជ្រើសរើស។+ ២១ បន្ទាប់មក សាំយូអែលបានឲ្យកុលសម្ព័ន្ធបេនយ៉ាមីនចូលមកតាមវង្សត្រកូល រួចក្រុមគ្រួសារម៉ាទ្រីបានត្រូវជ្រើសរើស។ នៅទីបំផុត សុលដែលជាកូនប្រុសរបស់គីសបានត្រូវជ្រើសរើស។+ ប៉ុន្តែ ពេលពួកគេរកសុល នោះពួកគេរកគាត់មិនឃើញទេ។ ២២ ដូច្នេះ ពួកគេក៏សួរព្រះយេហូវ៉ាថា៖+ «តើបុរសនោះនៅឯណា?»។ ព្រះយេហូវ៉ាមានប្រសាសន៍ថា៖ «គាត់កំពុងលាក់ខ្លួននៅក្នុងអីវ៉ាន់»។ ២៣ ពួកគេរត់ទៅនាំគាត់ចេញពីទីនោះមក។ កាលដែលគាត់ឈរនៅកណ្ដាលចំណោមបណ្ដាជន ពួកគេទាំងអស់ខ្ពស់បានត្រឹមស្មាគាត់ប៉ុណ្ណោះ។+ ២៤ សាំយូអែលនិយាយទៅកាន់បណ្ដាជនទាំងអស់ថា៖ «សូមមើល! បុរសនេះហើយដែលព្រះយេហូវ៉ាបានជ្រើសរើស។+ ក្នុងចំណោមអ្នករាល់គ្នា គ្មានអ្នកណាដូចគាត់ទេ»។ បណ្ដាជនទាំងអស់ក៏បន្លឺសំឡេងថា៖ «សូមឲ្យស្ដេចមានអាយុវែង!»។
២៥ រួចមក សាំយូអែលប្រាប់បណ្ដាជនអំពីសិទ្ធិបង្គាប់របស់ស្ដេច។+ រួចគាត់កត់ទុកក្នុងសៀវភៅមួយ ហើយតម្កល់ទុកនៅចំពោះមុខព្រះយេហូវ៉ា។ បន្ទាប់មក សាំយូអែលឲ្យបណ្ដាជនទាំងអស់ត្រឡប់ទៅផ្ទះរៀងខ្លួនវិញ។ ២៦ ចំណែកសុល គាត់ក៏ត្រឡប់ទៅផ្ទះនៅក្រុងគីបៀវិញដែរ មានទាំងពួកអ្នកអង់អាចដែលព្រះយេហូវ៉ាបណ្ដាលចិត្តពួកគេឲ្យអមដំណើរទៅជាមួយផង។ ២៧ ប៉ុន្តែ មនុស្សឥតបានការខ្លះនិយាយថា៖ «តើអ្នកនេះអាចសង្គ្រោះយើងយ៉ាងដូចម្ដេចបាន?»។+ ពួកគេប្រមាថមើលងាយសុល ហើយពួកគេមិនបាននាំយកអំណោយទៅជូនសុលទេ។+ ប៉ុន្តែ សុលមិនបាននិយាយអ្វីទាល់តែសោះ។