ដានីយ៉ែល
៤ «នេះជាសារពីស្ដេចនេប៊ូក្នេសាទៅបណ្ដាជនទាំងអស់ដែលមកពីគ្រប់ជាតិសាសន៍គ្រប់ភាសាទូទាំងផែនដី។ សូមឲ្យអ្នករាល់គ្នាមានសេចក្ដីសុខសាន្តជាបរិបូរ! ២ ខ្ញុំរីករាយប្រាប់សញ្ញាសម្គាល់និងការអស្ចារ្យដែលព្រះដ៏ខ្ពង់ខ្ពស់បំផុតបានធ្វើចំពោះខ្ញុំ។ ៣ សញ្ញាសម្គាល់និងការអស្ចារ្យរបស់លោកគឺគួរឲ្យស្ញប់ស្ញែងក្រៃលែង! រាជាណាចក្ររបស់លោកស្ថិតស្ថេរជារៀងរហូត ហើយលោកគ្រប់គ្រងពីជំនាន់មួយទៅជំនាន់មួយ។+
៤ «ខ្ញុំនេប៊ូក្នេសា កំពុងសម្រាកក្នុងវិមានទាំងមានសេចក្ដីសុខសាន្តនិងភាពចម្រុងចម្រើន។ ៥ កាលខ្ញុំកំពុងសម្រាន្ត* ខ្ញុំបានយល់សប្ដិឃើញអ្វីមួយដែលធ្វើឲ្យខ្ញុំភ័យខ្លាច ហើយរូបភាពនិងការបើកបង្ហាញដែលខ្ញុំបានឃើញក្នុងគំនិត ធ្វើឲ្យខ្ញុំភ័យតក់ស្លុតជាខ្លាំង។+ ៦ ដូច្នេះ ខ្ញុំក៏បានចេញបញ្ជាឲ្យគេទៅហៅពួកអ្នកប្រាជ្ញទាំងអស់ក្នុងស្រុកបាប៊ីឡូនចូលមកជួបខ្ញុំ ដើម្បីឲ្យពួកគេបកស្រាយសុបិនដល់ខ្ញុំ។+
៧ «ពេលនោះ គ្រូវេទមន្ត គ្រូទាយ ពួកខាល់ដេ* និងអ្នកចេះហោរាសាស្ត្រ+បានចូលមក។ ពេលខ្ញុំរៀបរាប់ប្រាប់ពួកគេអំពីសុបិនរបស់ខ្ញុំ ពួកគេមិនអាចបកស្រាយបានទេ។+ ៨ នៅទីបំផុត ដានីយ៉ែលក៏ចូលមកជួបខ្ញុំ គាត់មានឈ្មោះថាបេលថេសាសា+តាមឈ្មោះព្រះនៃខ្ញុំ+ ហើយគាត់មានឫទ្ធានុភាពនៃបណ្ដាព្រះបរិសុទ្ធ+ រួចខ្ញុំក៏ប្រាប់សុបិនរបស់ខ្ញុំដល់គាត់ដូចតទៅ៖
៩ «‹ឱបេលថេសាសាជាមេលើគ្រូវេទមន្តអើយ!+ ខ្ញុំដឹងថាឫទ្ធានុភាពនៃបណ្ដាព្រះបរិសុទ្ធស្ថិតលើអ្នក+ ហើយគ្មានរឿងអាថ៌កំបាំងណាដែលអ្នកមិនអាចបកស្រាយបានឡើយ។+ ដូច្នេះ សូមបកស្រាយសុបិនឲ្យខ្ញុំ និងពន្យល់នូវការបើកបង្ហាញដែលខ្ញុំបានឃើញក្នុងគំនិតផង។
១០ «‹កាលខ្ញុំកំពុងសម្រាន្ត ខ្ញុំបានឃើញក្នុងគំនិតនូវដើមឈើ+ដ៏ធំមួយនៅកណ្ដាលផែនដី ដែលមានកម្ពស់ខ្ពស់ក្រៃលែង។+ ១១ ដើមនោះលូតលាស់ធំឡើងទៅជាដើមឈើដ៏មាំ ហើយចុងវាខ្ពស់កប់ពពក។ មនុស្សទាំងអស់នៅផែនដីទាំងមូលអាចឃើញដើមនោះ។ ១២ វាមានស្លឹកត្រសុំត្រសាយស្រស់ស្អាតណាស់ ហើយមានផលផ្លែជាច្រើនជាអាហារដល់មនុស្សនិងសត្វ។ ដើមនោះផ្ដល់ម្លប់ត្រឈឹងត្រឈៃដល់សត្វនៅឯវាល ហើយសត្វស្លាបដែលហើរលើអាកាសមកធ្វើសម្បុកលើមែករបស់វា។ ទាំងមនុស្សទាំងសត្វរកបានចំណីពីដើមនោះ។
១៣ «‹ក្នុងដំណេក កាលខ្ញុំកំពុងឃើញការបើកបង្ហាញនោះ ខ្ញុំក៏បានឃើញអ្នកនាំពាក្យម្នាក់ជាអ្នកបរិសុទ្ធ ចុះមកពីលើមេឃ។+ ១៤ គាត់បានបន្លឺសំឡេងយ៉ាងខ្លាំងថា៖ «ចូរកាប់ដើមនោះ+ ហើយលួសមែក ថែមទាំងលះស្លឹក និងជម្រុះផ្លែឲ្យធ្លាក់ខ្ចាត់ខ្ចាយអស់ទៅ! ចូរឲ្យសត្វនានានៅក្រោមដើមនោះនិងសត្វស្លាបទាំងប៉ុន្មាននៅលើមែក ផ្អើលចេញឲ្យអស់។ ១៥ ឯគល់និងឫសក្នុងដី ត្រូវទុកចោលនៅកណ្ដាលវាលស្មៅ ទាំងដាក់វ័ណ្ឌដែកនិងស្ពាន់នៅជុំវិញគល់នោះ។ ចូរឲ្យវាជោគជាំដោយទឹកសន្សើមពីលើមេឃ ហើយទុកចំណែករបស់វានៅជាមួយនឹងសត្វនិងរុក្ខជាតិនៅផែនដី។+ ១៦ ចូរឲ្យចិត្តវាផ្លាស់ប្រែពីចិត្តមនុស្សទៅជាចិត្តរបស់សត្វវិញ រហូតដល់គម្រប់៧គ្រា។+ ១៧ នេះជាវិន័យរបស់ពួកអ្នកនាំពាក្យ+ និងជាសំណូមពររបស់ពួកអ្នកបរិសុទ្ធ ដើម្បីឲ្យមនុស្សជាតិអាចដឹងថាព្រះដ៏ខ្ពង់ខ្ពស់បំផុតគឺជាអ្នកគ្រប់គ្រងលើរាជាណាចក្ររបស់មនុស្ស+ ហើយដឹងថាលោកអាចប្រគល់ឲ្យអ្នកណាក៏បានតាមតែចិត្តលោក សូម្បីតែអ្នកនោះតូចទាបបំផុត ក៏លោកអាចតាំងឡើងឲ្យគ្រប់គ្រងបានដែរ»។
១៨ «‹នេះហើយជាសុបិនដែលខ្ញុំជាស្ដេចនេប៊ូក្នេសាបានឃើញ។ ឥឡូវ ឱបេលថេសាសាអើយ! ចូរបកស្រាយមក ព្រោះគ្មានអ្នកប្រាជ្ញណាក្នុងរាជាណាចក្ររបស់ខ្ញុំអាចបកស្រាយឲ្យខ្ញុំបានទេ+ មានតែអ្នកប៉ុណ្ណោះអាចបកស្រាយបាន ព្រោះឫទ្ធានុភាពនៃបណ្ដាព្រះបរិសុទ្ធស្ថិតលើអ្នក›។
១៩ «ពេលនោះ ដានីយ៉ែលដែលហៅថាបេលថេសាសា+ ក៏ភ័យខ្លាច ហើយភាំងស្មារតីអស់មួយស្របក់។
«ស្ដេចក៏និយាយថា៖ ‹បេលថេសាសាអើយ! កុំឲ្យសុបិននិងការបកស្រាយអំពីនោះធ្វើឲ្យអ្នកភ័យខ្លាចឡើយ›។
«បេលថេសាសាក៏ឆ្លើយថា៖ ‹ឱលោកម្ចាស់ខ្ញុំអើយ! សូមឲ្យសុបិននោះកើតឡើងទៅលើពួកអ្នកដែលស្អប់លោកចុះ ហើយឲ្យអត្ថន័យនៃការបកស្រាយនោះកើតឡើងទៅលើពួកសត្រូវរបស់លោកវិញ។
២០ «‹ដើមឈើដែលលោកឃើញលូតលាស់ធំឡើងទៅជាដើមឈើដ៏មាំ ហើយចុងវាខ្ពស់កប់ពពក ដែលមនុស្សទាំងអស់នៅផែនដីអាចមើលឃើញនោះ+ ២១ ជាដើមដែលមានស្លឹកត្រសុំត្រសាយស្រស់ស្អាត មានផលផ្លែជាច្រើនជាអាហារដល់មនុស្សនិងសត្វ ថែមទាំងផ្ដល់ម្លប់ត្រឈឹងត្រឈៃដល់សត្វនៅឯវាល និងសត្វស្លាបដែលហើរលើអាកាសមកធ្វើសម្បុកលើមែករបស់វា+ ២២ ដើមនោះសំដៅទៅលើស្ដេចជាម្ចាស់ ព្រោះលោកបានចម្រើនឡើងយ៉ាងរឹងមាំខ្លាំងក្លា។ ភាពរុងរឿងរបស់លោកខ្ពស់ត្រដែតឡើងទៅដល់មេឃ+ ហើយលោកមានអំណាចគ្រប់គ្រងពេញផែនដីទាំងមូល។+
២៣ «‹ស្ដេចជាម្ចាស់បានឃើញអ្នកនាំពាក្យម្នាក់ជាអ្នកបរិសុទ្ធ+ ចុះមកពីលើមេឃ ហើយបន្លឺសំឡេងថា៖ «ចូរកាប់បំផ្លាញដើមនោះ តែទុកគល់និងឫសក្នុងដី នៅកណ្ដាលវាលស្មៅ ទាំងដាក់វ័ណ្ឌដែកនិងស្ពាន់នៅជុំវិញគល់នោះ។ ចូរឲ្យវាជោកជាំដោយទឹកសន្សើមពីលើមេឃ ហើយទុកចំណែករបស់វានៅជាមួយនឹងសត្វ រហូតដល់គម្រប់៧គ្រា»។+ ២៤ ឱស្ដេចជាម្ចាស់អើយ! នេះជាការបកស្រាយ ហើយជាការសម្រេចដែលព្រះដ៏ខ្ពស់បំផុតបានកំណត់ឲ្យកើតឡើងទៅលើស្ដេចជាម្ចាស់។ ២៥ ស្ដេចជាម្ចាស់នឹងត្រូវបណ្ដេញចេញពីចំណោមមនុស្សជាតិ ឲ្យទៅរស់នៅជាមួយនឹងសត្វនៅឯវាល។ លោកនឹងបរិភោគរុក្ខជាតិជាអាហារដូចជាសត្វគោ ហើយខ្លួនលោកត្រូវទទឹកដោយសន្សើមពីលើមេឃ+ រហូតដល់គម្រប់៧គ្រា+ ទាល់តែស្ដេចជាម្ចាស់ទទួលស្គាល់ថាព្រះដ៏ខ្ពស់បំផុតជាអ្នកគ្រប់គ្រងលើរាជាណាចក្រមនុស្សជាតិ ហើយទទួលស្គាល់ថាព្រះអាចឲ្យអំណាចគ្រប់គ្រងដល់អ្នកណាក៏បានតាមតែចិត្តលោក។+
២៦ «‹ប៉ុន្តែ ដោយសារគេបានប្រាប់ឲ្យទុកគល់និងឫស+ នោះមានន័យថាលោកនឹងគ្រប់គ្រងលើរាជាណាចក្ររបស់លោកម្ដងទៀត ក្រោយពីលោកទទួលស្គាល់ថាព្រះជាអ្នកគ្រប់គ្រងនៅស្ថានសួគ៌។ ២៧ ឥឡូវ ឱស្ដេចជាម្ចាស់អើយ! សូមលោកស្ដាប់យោបល់របស់ខ្ញុំ។ សូមលោកបែរចេញពីអំពើខុសឆ្គងនិងឈប់ប្រព្រឹត្តអំពើទុច្ចរិតទៅ តែចូរប្រព្រឹត្តអ្វីដែលត្រឹមត្រូវ និងបង្ហាញសេចក្ដីមេត្តាដល់ជនក្រីក្រវិញ។ បើលោកធ្វើដូច្នេះ លោកប្រហែលជាអាចមានភាពចម្រុងចម្រើនតទៅទៀត›»។+
២៨ រឿងទាំងនេះបានកើតឡើងដល់ស្ដេចនេប៊ូក្នេសាមែន។
២៩ ដប់ពីរខែក្រោយមក ពេលស្ដេចកំពុងដើរនៅលើដំបូលវិមានក្នុងក្រុងបាប៊ីឡូន ៣០ គាត់បាននិយាយថា៖ «តើនេះមិនមែនជាក្រុងបាប៊ីឡូនដ៏អស្ចារ្យ ដែលខ្ញុំបានសង់ជាដំណាក់ស្ដេច ដោយអំណាចនិងកម្លាំងខ្លាំងក្លារបស់ខ្ញុំ ដើម្បីបង្ហាញភាពរុងរឿងនៃរាជ្យខ្ញុំទេឬ?»។
៣១ កាលគាត់និយាយមិនទាន់ផុតពីមាត់ផង ស្រាប់តែមានឮសំឡេងពីស្ថានសួគ៌មកថា៖ «ឱស្ដេចនេប៊ូក្នេសាអើយ! មានពាក្យមកកាន់អ្នកថា៖ ‹រាជាណាចក្រនេះបានត្រូវដកចេញពីអ្នកហើយ។+ ៣២ ចំណែកអ្នកវិញ អ្នកបានត្រូវបណ្ដេញចេញពីចំណោមមនុស្សជាតិ។ អ្នកនឹងទៅរស់នៅជាមួយនឹងសត្វនៅឯវាល ហើយបរិភោគរុក្ខជាតិជាអាហារដូចជាសត្វគោ រហូតដល់គម្រប់៧គ្រា ទាល់តែស្ដេចជាម្ចាស់ទទួលស្គាល់ថាព្រះដ៏ខ្ពស់បំផុតជាអ្នកគ្រប់គ្រងលើរាជាណាចក្រមនុស្សជាតិ ហើយទទួលស្គាល់ថាព្រះអាចឲ្យអំណាចគ្រប់គ្រងដល់អ្នកណាក៏បានតាមតែចិត្តលោក›»។+
៣៣ រំពេចនោះ ពាក្យសម្ដីនោះបានកើតឡើងចំពោះនេប៊ូក្នេសាមែន។ គាត់បានត្រូវបណ្ដេញចេញពីចំណោមមនុស្សជាតិ រួចចាប់ផ្ដើមបរិភោគរុក្ខជាតិជាអាហារដូចជាសត្វគោ ហើយខ្លួនប្រាណគាត់ទទឹកដោយសន្សើមពីលើមេឃ។ ឯសក់ក្បាលគាត់ វែងដូចជារោមឥន្ទ្រី ហើយក្រចកគាត់វែងដូចជាក្រញាំសត្វស្លាប។+
៣៤ «លុះផុតគ្រានោះ+ ខ្ញុំនេប៊ូក្នេសា ខ្ញុំបានមើលទៅលើមេឃ ហើយខ្ញុំក៏ដឹងស្មារតីឡើងវិញ។ រួចខ្ញុំសរសើរតម្កើងនិងលើកកិត្តិយសដល់ព្រះដ៏ខ្ពង់ខ្ពស់បំផុត ជាព្រះដែលមានជីវិតរស់នៅជារៀងរហូត ព្រោះរាជាណាចក្ររបស់លោកស្ថិតស្ថេរជាដរាប ហើយលោកគ្រប់គ្រងពីជំនាន់មួយទៅជំនាន់មួយ។+ ៣៥ មនុស្សទាំងអស់ដែលរស់នៅផែនដី គឺតូចតាចណាស់បើប្រៀបនឹងលោក។ លោកប្រព្រឹត្តទៅលើបណ្ដាទេវតានៅស្ថានសួគ៌និងមនុស្សជាតិទាំងឡាយនៅផែនដី ស្របតាមបំណងប្រាថ្នារបស់លោក។ គ្មានអ្នកណាម្នាក់អាចរារាំងលោក+ ឬសួរលោកថា៖ ‹ហេតុអ្វីក៏លោកធ្វើដូច្នេះ?›។+
៣៦ «ពេលខ្ញុំដឹងស្មារតីឡើងវិញ ខ្ញុំក៏បានទទួលសិរីរុងរឿង កិត្តិយស និងកេរ្តិ៍ឈ្មោះសាជាថ្មី។+ ពួកមន្ត្រីជាន់ខ្ពស់របស់ខ្ញុំនិងពួកអ្នកមានឋានៈខ្ពស់ បានមកប្រឹក្សាជាមួយខ្ញុំ ហើយខ្ញុំក៏បានគ្រប់គ្រងលើរាជាណាចក្រខ្ញុំម្ដងទៀត ថែមទាំងមានភាពឧត្តុង្គឧត្តមជាងមុនទៅទៀត។
៣៧ «ខ្ញុំនេប៊ូក្នេសា កំពុងសរសើរតម្កើងនិងលើកកិត្តិយសស្ដេចនៃស្ថានសួគ៌+ ព្រោះលោកអាចបន្ទាបពួកអ្នកដែលមានអំណួត+ ហើយកិច្ចការទាំងអស់របស់លោកសុទ្ធតែពិតត្រង់ ឯផ្លូវរបស់លោកប្រកបដោយយុត្តិធម៌»។+