ជំពូកទី១៦
រដ្ឋាភិបាលរបស់ព្រះចាប់ផ្ដើមការគ្រប់គ្រង
១ (ក) តើមនុស្សដែលមានជំនឿ បានរង់ចាំដោយចិត្តរំភើបនូវអ្វី? (ខ) ហេតុអ្វីក៏រាជាណាចក្ររបស់ព្រះ បានត្រូវហៅជា«ក្រុង»ទៅវិញ?
រាប់ពាន់ឆ្នាំកន្លងមកហើយ មនុស្សដែលមានជំនឿក្នុងរដ្ឋាភិបាលរបស់ព្រះ បានរង់ចាំដោយចិត្តរំភើប នូវពេលដែលរដ្ឋាភិបាលនេះនឹងចាប់ផ្ដើមគ្រប់គ្រង។ ឧទាហរណ៍ ព្រះគម្ពីរបានចែងថា លោកអ័ប្រាហាំដ៏ស្មោះត្រង់«លោករង់ចាំក្រុង១ ដែលមានឫសជញ្ជាំង ដែលព្រះទ្រង់ជាអ្នកគូរ ហើយជាជាងសង់»។ (ហេព្រើរ ១១:១០) «ក្រុង»នោះ ជារាជាណាចក្ររបស់ព្រះ។ ប៉ុន្តែ ហេតុអ្វីក៏នៅបទនេះបានត្រូវហៅថា«ក្រុង»ទៅវិញ? ពីព្រោះនៅសម័យបុរាណ ជាការធម្មតាដែលស្តេចមួយអង្គសោយរាជ្យទៅលើទីក្រុងមួយ។ ដូច្នេះ មនុស្សតែងតែគិតថាទីក្រុងគឺដូចជារាជាណាចក្រមួយ។
២ (ក) តើអ្វីដែលបង្ហាញថា ព្រះរាជាណាចក្រគឺជាការជាក់ស្តែងចំពោះពួកសិស្សរបស់ព្រះគ្រីស្ទពីដើម? (ខ) តើពួកគេចង់ដឹងអ្វីខ្លះអំពីរាជាណាចក្រនោះ?
២ រាជាណាចក្ររបស់ព្រះ គឺជាការជាក់ស្តែងណាស់ចំពោះពួកអ្នកកាន់តាមព្រះគ្រីស្ទពីដើម។ នេះបានបង្ហាញមក ដោយការយកចិត្តទុកដាក់ដ៏ខ្លាំងរបស់ពួកគេ ចំពោះការគ្រប់គ្រងរបស់រាជ្យនោះ។ (ម៉ាថាយ ២០:២០-២៣) សំនួរមួយនៅក្នុងគំនិតរបស់ពួកគេគឺ៖ តើពេលណា ដែលព្រះគ្រីស្ទនិងសិស្សរបស់ទ្រង់នឹងចាប់ផ្ដើមសោយរាជ្យ? នៅពេលមួយ កាលដែលព្រះយេស៊ូវបានលេចឡើងចំពោះសិស្សទ្រង់ ក្រោយពេលដែលមានព្រះជន្មរស់ឡើងវិញនោះ ពួកគេបានសួរទ្រង់ថា៖ «ព្រះអម្ចាស់អើយ តើនៅគ្រានេះឬអី ដែលទ្រង់នឹងតាំងនគរឲ្យសាសន៍អ៊ីស្រាអែលឡើងវិញនោះ»? (កិច្ចការ ១:៦) ដូច្នេះ តើអ្នកមានចិត្តចង់ដឹងយ៉ាងខ្លាំងពីពេលដែលព្រះគ្រីស្ទចាប់ផ្ដើមសោយរាជ្យជាស្តេចនៃរដ្ឋាភិបាលរបស់ព្រះ ដូចពួកសិស្សរបស់ព្រះគ្រីស្ទដែរឬទេ?
រដ្ឋាភិបាលដែលពួកគ្រីស្ទានអធិស្ឋានសូម
៣, ៤ (ក) តើអ្វីដែលបង្ហាញថា ព្រះទ្រង់បានគ្រប់គ្រងជាស្តេចជានិច្ចមកនោះ? (ខ) ដូច្នេះ ហេតុអ្វីក៏ព្រះគ្រីស្ទបានបង្រៀនពួកអ្នកកាន់តាមទ្រង់ ឲ្យអធិស្ឋានសូមឲ្យព្រះរាជាណាចក្រមកដល់ទៅវិញ?
៣ ព្រះគ្រីស្ទបានបង្រៀនពួកអ្នកកាន់តាមទ្រង់ឲ្យអធិស្ឋានទៅព្រះថា៖ «សូមឲ្យរាជ្យទ្រង់បានមកដល់ សូមឲ្យព្រះហឫទ័យទ្រង់បានសំរេចនៅផែនដី ដូចនៅស្ថានសួគ៌ដែរ»។ (ម៉ាថាយ ៦:៩, ១០) ប៉ុន្តែ ជនណាមួយប្រហែលជាសួរថា៖ ‹តើព្រះយេហូវ៉ាមិនបានសោយរាជ្យជាស្តេចជានិច្ចមកទេឬអ្វី? ហើយ ប្រសិនជាទ្រង់បានសោយរាជ្យមែន ចុះហេតុអ្វីក៏ត្រូវអធិស្ឋានឲ្យព្រះរាជាណាចក្ររបស់ទ្រង់បានមកដល់ដូច្នេះ›?
៤ ពិតមែនហើយ ព្រះគម្ពីរបានចែងថា ព្រះយេហូវ៉ាជា«ស្តេចនៃអស់ទាំងកល្ប»។ (ធីម៉ូថេទី១ ១:១៧) ហើយបានចែងទៀតថា៖ «ព្រះយេហូវ៉ាទ្រង់បានតាំងបល្ល័ង្កទ្រង់នៅលើស្ថានសួគ៌ ហើយរាជ្យទ្រង់ក៏គ្រប់គ្រងលើទាំងអស់»។ (ទំនុកដំកើង ១០៣:១៩) ដូច្នេះ ព្រះយេហូវ៉ាទ្រង់ជាមហាក្សត្រដ៏ខ្ពស់បំផុតជានិច្ច គ្រប់គ្រងលើសព្វសារពើនិងប្រជានិករទាំងអស់របស់ទ្រង់។ (យេរេមា ១០:១០) យ៉ាងណាក៏ដោយ ព្រោះតែការបះបោរប្រឆាំងនឹងអំណាចគ្រប់គ្រងរបស់ទ្រង់នៅក្នុងសួនច្បារអេដែន ព្រះទ្រង់បានរៀបចំរដ្ឋាភិបាលដ៏ពិសេសមួយ។ នេះហើយជារដ្ឋាភិបាល ដែលព្រះយេស៊ូវគ្រីស្ទក្រោយមកបានបង្រៀនពួកអ្នកកាន់តាមទ្រង់ឲ្យអធិស្ឋានសូមនោះ។ គោលបំណងនៃរដ្ឋាភិបាលនេះ គឺដើម្បីបំបាត់បញ្ហាទាំងឡាយដែលបានបណ្ដាលមកតាំងពីពេលដែលអារក្សសាតាំង និងអ្នកផ្សេងទៀតបានបែរចេញពីអំណាចគ្រប់គ្រងរបស់ព្រះ។
៥ ប្រសិនបើនេះជារាជាណាចក្ររបស់ព្រះមែននោះ ហេតុអ្វីក៏ត្រូវហៅជារាជាណាចក្ររបស់ព្រះគ្រីស្ទ និងរាជាណាចក្ររបស់ពួក១៤៤.០០០នាក់ដែរ?
៥ រាជរដ្ឋាភិបាលថ្មីនេះ ទទួលអំណាចនិងសិទ្ធិគ្រប់គ្រងពីព្រះមហាក្សត្រដ៏ខ្ពស់បំផុត គឺព្រះយេហូវ៉ា។ នេះជាព្រះរាជាណាចក្ររបស់ទ្រង់។ ម្ដងហើយម្ដងទៀត ព្រះគម្ពីរបានចែងថា នេះជា«នគរព្រះ»។ (លូកា ៩:២, ១១, ៦០, ៦២; កូរិនថូសទី១ ៦:៩, ១០; ១៥:៥០) ក៏ប៉ុន្តែ ដោយព្រោះតែព្រះយេហូវ៉ាបានតែងតាំងព្រះរាជបុត្រាទ្រង់ ជានាយកគ្រប់គ្រងនោះ ដូច្នេះ នេះក៏បានត្រូវហៅជានគរ[រាជាណាចក្រ]របស់ព្រះគ្រីស្ទដែរ។ (ពេត្រុសទី២ ១:១១) ដូចជាយើងបានរៀននៅក្នុងជំពូកមុននោះ មនុស្ស១៤៤.០០០នាក់ ដែលរើសយកពីចំណោមមនុស្សលោកនឹងត្រូវសោយរាជ្យជាមួយព្រះគ្រីស្ទនៅក្នុងព្រះរាជាណាចក្រនេះដែរ។ (វិវរណៈ ១៤:១-៤; ២០:៦) ដូច្នេះហើយ ព្រះគម្ពីរក៏បានសំដៅទៅលើរាជាណាចក្រនេះជា«រាជ្យរបស់[ពួក, ពថ]គេ»ដែរ។—ដានីយ៉ែល ៧:២៧
៦ យោងទៅតាមយោបល់មនុស្សខ្លះ ពេលណាដែលព្រះរាជាណាចក្រចាប់ផ្ដើមគ្រប់គ្រង?
៦ អ្នកខ្លះនិយាយថា ព្រះរាជាណាចក្រនេះបានចាប់ផ្ដើមគ្រប់គ្រង នៅឆ្នាំដែលព្រះយេស៊ូវបានយាងត្រឡប់ទៅស្ថានសួគ៌វិញ។ ពួកគេនិយាយថា ព្រះគ្រីស្ទបានចាប់ផ្ដើមគ្រប់គ្រង នៅពេលដែលទ្រង់បានចាក់ព្រះវិញ្ញាណបរិសុទ្ធ ទៅលើពួកអ្នកកាន់តាមទ្រង់ នៅថ្ងៃបុណ្យរបស់សាសន៍យូដាជាបុណ្យថ្ងៃទី៥០ នៅឆ្នាំ៣៣ស.យ.។ (កិច្ចការ ២:១-៤) ប៉ុន្តែ រាជរដ្ឋាភិបាលដែលព្រះយេហូវ៉ាទ្រង់បានរៀបចំឡើង ដើម្បីបំបាត់បញ្ហាទាំងអស់ដែលបានកើតឡើងដោយសារការបះបោរប្រឆាំងរបស់សាតាំងនោះ មិនបានចាប់ផ្ដើមគ្រប់គ្រងនៅពេលនោះទេ។ គ្មានភស្តុតាងអ្វីដែលបង្ហាញឲ្យឃើញថា «កូនប្រុស»នោះ ដែលជារដ្ឋាភិបាលរបស់ព្រះដោយមានព្រះគ្រីស្ទជាអ្នកគ្រប់គ្រង បានប្រសូតមកនៅពេលនោះ ហើយចាប់ផ្ដើមគ្រប់គ្រងនោះឡើយ។ (វិវរណៈ ១២:១-១០) បើអញ្ចឹង តើមានរាជាណាចក្រណាមួយ ដែលព្រះយេស៊ូវបានគ្រប់គ្រងនៅឆ្នាំ៣៣ស.យ. ទេ?
៧ ទៅលើពួកណា ដែលព្រះគ្រីស្ទបានគ្រប់គ្រងតាំងពីឆ្នាំ៣៣ស.យ.មក?
៧ មានមែន ដ្បិតនៅពេលនោះព្រះយេស៊ូវបានចាប់ផ្ដើមគ្រប់គ្រងទៅលើក្រុមជំនុំនៃពួកអ្នកកាន់តាមទ្រង់ ដែលក្រោយមកពួកនោះនឹងចូលរួមជាមួយទ្រង់នៅឯស្ថានសួគ៌ដែរ។ អញ្ចឹងហើយ បានជាព្រះគម្ពីរបានចែងអំពីពួកគេ នៅពេលដែលពួកគេនៅលើផែនដីនៅឡើយ ថាបានត្រូវយកទៅក្នុង«នគររបស់ព្រះរាជបុត្រាស្ងួនភ្ងានៃ[ព្រះ]»។ (កូល៉ុស ១:១៣) ប៉ុន្តែ ការគ្រប់គ្រងនេះឬ«នគរ» ទៅលើពួកគ្រីស្ទានដែលមានសេចក្ដីសង្ឃឹមនៃជីវិតនៅស្ថានសួគ៌ មិនមែនជារាជរដ្ឋាភិបាលដែលព្រះយេស៊ូវបានបង្រៀនពួកអ្នកកាន់តាមទ្រង់ឲ្យអធិស្ឋានសូមឡើយ។ ផ្ទុយទៅវិញ គឺជាព្រះរាជាណាចក្រមួយដែលគ្រងទៅលើតែជន១៤៤.០០០នាក់ប៉ុណ្ណោះ ដែលនឹងសោយរាជ្យជាមួយទ្រង់នៅស្ថានសួគ៌។ ជាច្រើនសតវត្សមកហើយ មានតែពួកគេទេដែលជាអនុរាស្ត្ររបស់ព្រះរាជាណាចក្រនេះ។ ដូច្នេះហើយ ការគ្រប់គ្រងឬ‹នគររបស់ព្រះរាជបុត្រាស្ងួនភ្ងានៃព្រះ›នេះ នឹងត្រូវចប់ នៅពេលដែលអ្នកចុងក្រោយបង្អស់នៃពួកអនុរាស្ត្រដែលមានសេចក្ដីសង្ឃឹមសួគ៌ានេះ បានស្លាប់ហើយចូលរួមជាមួយនឹងព្រះគ្រីស្ទនៅស្ថានសួគ៌។ នៅពេលនោះ ពួកគេលែងជាអនុរាស្ត្ររបស់ព្រះគ្រីស្ទហើយ ប៉ុន្តែពួកគេនឹងទៅជាស្តេចជាមួយនឹងទ្រង់ នៅក្នុងរាជរដ្ឋាភិបាលរបស់ព្រះដែលបានសន្យាជាយូរមកហើយនោះ។
ការចាប់ផ្ដើមគ្រប់គ្រងនៅកណ្ដាលពួកខ្មាំងសត្រូវ
៨ (ក) ក្រោយពីព្រះគ្រីស្ទបានមានព្រះជន្មរស់ឡើងវិញ តើអ្វីបង្ហាញថា នឹងមានពេលវេលារង់ចាំ មុននឹងទ្រង់បានចាប់ផ្ដើមសោយរាជ្យនោះ? (ខ) តើព្រះទ្រង់មានបន្ទូលយ៉ាងណាទៅព្រះយេស៊ូវ កាលដែលពេលវេលាបានមកដល់ចំពោះទ្រង់ដើម្បីសោយរាជ្យនោះ?
៨ ពេលដែលព្រះគ្រីស្ទបានយាងត្រឡប់ទៅស្ថានសួគ៌ក្រោយពីការមានព្រះជន្មរស់ឡើងវិញនោះ ទ្រង់មិនបានចាប់ផ្ដើមសោយរាជ្យជាស្តេចនៃរដ្ឋាភិបាលរបស់ព្រះនៅពេលនោះទេ។ ផ្ទុយទៅវិញ ត្រូវមានពេលរង់ចាំ ដូចសាវកប៉ុលបានពន្យល់ថា៖ «តែទ្រង់[ព្រះយេស៊ូវគ្រីស្ទ]វិញ ក្រោយដែលទ្រង់បានថ្វាយយញ្ញបូជាតែ១ ដោយព្រោះបាប នោះទ្រង់បានគង់ខាងស្ដាំព្រះ នៅជារៀងរាបដរាបទៅ ទាំងចាំទំរាំដល់បានដាក់ពួកខ្មាំងសត្រូវ ឲ្យធ្វើជាកំណល់កល់ព្រះបាទទ្រង់»។ (ហេព្រើរ ១០:១២, ១៣) កាលណាពេលវេលាមកដល់ ចំពោះព្រះគ្រីស្ទក្នុងការចាប់ផ្ដើមគ្រប់គ្រង ព្រះយេហូវ៉ាទ្រង់មានបន្ទូលទៅទ្រង់ថា៖ «ឲ្យឯងគ្រប់គ្រង[ឬក៏ឈ្នះ]នៅកណ្ដាលពួកខ្មាំងសត្រូវផង»។—ទំនុកដំកើង ១១០:១, ២, ៥, ៦
៩ (ក) ហេតុអ្វីក៏មនុស្សខ្លះ មិនចង់បានព្រះរាជាណាចក្ររបស់ព្រះ? (ខ) នៅពេលដែលរដ្ឋាភិបាលរបស់ព្រះចាប់ផ្ដើមគ្រប់គ្រង តើសាសន៍នានាមានប្រតិកម្មយ៉ាងណាដែរ?
៩ តើស្ដាប់ទៅគួរឲ្យចំឡែកឬ ដែលថាមានមនុស្សជាសត្រូវនៃរដ្ឋាភិបាលរបស់ព្រះនោះ? មែនហើយ មានមនុស្សខ្លះមិនចង់រស់នៅក្រោមរដ្ឋាភិបាល ដែលតម្រូវឲ្យអនុរាស្ត្រទាំងឡាយប្រព្រឹត្តអ្វីដែលត្រឹមត្រូវនោះទេ។ ដូច្នេះ ក្រោយពីបានចែងប្រាប់នូវរបៀបដែលព្រះយេហូវ៉ានិងព្រះរាជបុត្រាទ្រង់នឹងកាន់កាប់យកអំណាចគ្រប់គ្រងនៃពិភពលោកនេះ ព្រះគម្ពីរបានចែងទៀតថា«អស់ទាំងសាសន៍បានមានសេចក្ដីកំហឹង»។ (វិវរណៈ ១១:១៥, ១៧, ១៨) សាសន៍ទាំងឡាយមិនទទួលស្វាគមន៍រាជាណាចក្ររបស់ព្រះទេ ពីព្រោះសាតាំងបានដឹកនាំពួកគេឲ្យប្រឆាំងនឹងរាជាណាចក្រនេះ។
១០, ១១ (ក) ពេលដែលរដ្ឋាភិបាលរបស់ព្រះចាប់ផ្ដើមគ្រប់គ្រង តើមានអ្វីកើតឡើងនៅស្ថានសួគ៌? (ខ) តើមានអ្វីកើតឡើងនៅលើផែនដីដែរ? (គ) ដូច្នេះ តើចំណុចសំខាន់មួយណាដែលយើងត្រូវតែចំណាំ?
១០ ពេលដែលរដ្ឋាភិបាលរបស់ព្រះចាប់ផ្ដើមគ្រប់គ្រងនោះ សាតាំងនិងពួកទេវតារបស់វាកំពុងតែរស់នៅក្នុងស្ថានសួគ៌នៅឡើយ។ ដោយពួកវាប្រឆាំងនឹងការគ្រប់គ្រងរបស់ព្រះរាជាណាចក្រ ភ្លាមនោះសង្គ្រាមក៏បានផ្ទុះឡើង។ ជាលទ្ធផល សាតាំងនិងពួកទេវតារបស់វាបានត្រូវទម្លាក់ចេញពីស្ថានសួគ៌។ នៅពេលនោះ សំឡេងដ៏ខ្លាំងមួយបានបន្លឺឡើងថា៖ «ឥឡូវនេះ សេចក្ដីសង្គ្រោះ ព្រះចេស្ដា នឹងរាជ្យរបស់ព្រះនៃយើងរាល់គ្នា ហើយអំណាចរបស់ព្រះគ្រីស្ទនៃទ្រង់ បានមកដល់ហើយ»។ មែនហើយ ការគ្រប់គ្រងរបស់រដ្ឋាភិបាលនៃព្រះបានចាប់ផ្ដើមហើយ! ហើយដោយសាតាំងនិងពួកទេវតារបស់វាបានត្រូវយកចេញពីស្ថានសួគ៌ សេចក្ដីត្រេកអរក៏មាននៅទីនោះ។ ព្រះគម្ពីរបានចែងថា៖ «ដោយហេតុនោះ ឱស្ថានសួគ៌ នឹងពួកអ្នកដែលនៅស្ថាននោះអើយ ចូរអរសប្បាយឡើង»!—វិវរណៈ ១២:៧-១២
១១ តើនេះជាពេលដ៏រីករាយចំពោះផែនដីដែរឬទេ? មិនមែនទេ! ផ្ទុយទៅវិញ ជាពេលវេលាដែលពោរពេញទៅដោយបញ្ហាខ្លាំងបំផុត ដែលផែនដីមិនដែលមានពីមុនមកសោះ។ ព្រះគម្ពីរបានចែងប្រាប់យើងថា៖ «តែវេទនាដល់ផែនដី នឹងសមុទ្រវិញ ពីព្រោះអារក្សបានចុះមកឯអ្នករាល់គ្នា ទាំងមានសេចក្ដីឃោរឃៅជាខ្លាំង ដោយវាដឹងថាពេលវេលាវាខ្លីណាស់ហើយ»។ (វិវរណៈ ១២:១២) ដូច្នេះ នេះជាចំណុចសំខាន់មួយដែលត្រូវតែចំណាំ៖ ការចាប់ផ្ដើមគ្រប់គ្រងនៃរាជាណាចក្ររបស់ព្រះ មិនមានន័យថាបានសន្ដិភាពនិងសន្ដិសុខនៅលើផែនដីភ្លាមនោះទេ។ សន្ដិភាពដ៏ពិតនោះនឹងបានមកនៅពេលក្រោយ គឺនៅពេលដែលរាជាណាចក្ររបស់ព្រះកាន់កាប់យ៉ាងពេញលេញលើផែនដី។ ការនេះនឹងកើតឡើងនៅទីបញ្ចប់នៃ‹ពេលវេលាខ្លី› នៅពេលដែលសាតាំងនិងពួកទេវតារបស់វាត្រូវបានបំបាត់ចោល ដើម្បីមិនឲ្យពួកវាអាចបណ្ដាលឲ្យមានបញ្ហាដល់អ្នកណាមួយទៀតឡើយ។
១២ ហេតុអ្វីក៏យើងអាចជឿថា ព្រះគម្ពីរនឹងចែងប្រាប់យើង ពីពេលដែលព្រះរាជាណាចក្ររបស់ព្រះចាប់ផ្ដើមការគ្រប់គ្រង?
១២ ប៉ុន្តែតើពេលណា ដែលសាតាំងត្រូវបានទម្លាក់ចេញពីស្ថានសួគ៌ ដែលបណ្ដាលឲ្យមានបញ្ហានៅលើផែនដីអស់រយៈ‹ពេលវេលាខ្លី›នោះ? តើពេលណា ដែលរដ្ឋាភិបាលរបស់ព្រះចាប់ផ្ដើមគ្រប់គ្រង? តើព្រះគម្ពីរផ្ដល់ឲ្យចម្លើយទេ? យើងគួរតែជឿថាព្រះគម្ពីរនឹងត្រូវតែមានចម្លើយបែបនេះ។ ហេតុអ្វី? ពីព្រោះព្រះគម្ពីរបានទាយទុកជាមុនជាយូរយារមកហើយ អំពីពេលដែលបុត្ររបស់ព្រះនឹងលេចឡើងជាលើកដំបូងជាមនុស្សនៅលើផែនដី ដើម្បីនឹងទៅជាព្រះមែស៊ី។ តាមការពិត ព្រះគម្ពីរបានបង្ហាញយ៉ាងច្បាស់ អំពីឆ្នាំដែលទ្រង់បានទៅជាព្រះមែស៊ីនោះ។ អញ្ចឹង តើយ៉ាងណាវិញអំពីការដែលរឹតតែសំខាន់ជាងនោះ គឺការយាងមករបស់ព្រះមែស៊ី ឬព្រះគ្រីស្ទ ដើម្បីចាប់ផ្ដើមសោយរាជ្យព្រះរាជាណាចក្ររបស់ទ្រង់នោះ? មែនហើយ យើងអាចជឿថា ព្រះគម្ពីរប្រាកដជាចែងប្រាប់យើងអំពីពេលដែលការនេះនឹងកើតឡើង!
១៣ តើព្រះគម្ពីរបានទាយទុក ពីឆ្នាំដែលព្រះមែស៊ីបានបង្ហាញអង្គទ្រង់នៅលើផែនដីយ៉ាងណា?
១៣ ប៉ុន្តែ ប្រហែលជាមានអ្នកណាម្នាក់សួរថា៖ ‹តើនៅកន្លែងណា ដែលព្រះគម្ពីរបានទាយយ៉ាងច្បាស់អំពីឆ្នាំ ដែលព្រះមែស៊ីបានបង្ហាញអង្គទ្រង់នៅលើផែនដី›? សៀវភៅព្រះគម្ពីរដានីយ៉ែលបានចែងថា៖ «ចាប់តាំងពីចេញបង្គាប់ឲ្យតាំងក្រុងយេរូសាឡិម ហើយសង់ឡើងវិញ ដរាបដល់គ្រាអ្នកដែលចាក់ប្រេងតាំង[ព្រះមែស៊ី]នោះ គឺជាអ្នកដែលជាកំពូលបណ្ដាច់ នោះត្រូវជាចំនួន៧អាទិត្យ នឹង៦២អាទិត្យ» ឬក៏រួមមកទាំងអស់មាន៦៩អាទិត្យ។ (ដានីយ៉ែល ៩:២៥) ប៉ុន្តែ អាទិត្យទាំងនេះមិនមែនជា៦៩អាទិត្យមែនទែន ដែលមានចំនួនតែ៤៨៣ថ្ងៃ ឬក៏ច្រើនជាងមួយឆ្នាំបន្ដិចនោះទេ។ អាទិត្យទាំងនេះគឺជា៦៩អាទិត្យនៃឆ្នាំ ឬក៏៤៨៣ឆ្នាំ។ (សូមប្រៀបធៀប ជនគណនា ១៤:៣៤) សេចក្ដីបញ្ជាឲ្យជួសជុលនិងសង់ឡើងវិញនូវជញ្ជាំងនៃក្រុងយេរូសាឡិម បានថ្លែងចេញមកនៅក្នុងឆ្នាំ៤៥៥ម.ស.យ.a។ (នេហេមា ២:១-៨) ដូច្នេះ ៦៩អាទិត្យនៃឆ្នាំទាំងនេះបានចប់ក្នុងរយៈពេល៤៨៣ឆ្នាំក្រោយមក គឺនៅឆ្នាំ២៩ស.យ.។ ហើយនេះគឺជាឆ្នាំ ដែលព្រះយេស៊ូវបានយាងមកឯលោកយ៉ូហាន ដើម្បីជ្រមុជទឹក! នៅពេលនោះ ទ្រង់បានត្រូវចាក់ប្រេងតាំងដោយព្រះវិញ្ញាណបរិសុទ្ធ ហើយបានទៅជាព្រះមែស៊ី ឬជាព្រះគ្រីស្ទ។—លូកា ៣:១, ២, ២១-២៣
ពេលដែលរដ្ឋាភិបាលរបស់ព្រះចាប់ផ្ដើមគ្រប់គ្រង
១៤ តើ«ដើមឈើ»ដែលចែងនៅក្នុងសៀវភៅដានីយ៉ែលជំពូកបួននោះ ជាតំណាងអ្វី?
១៤ បើអញ្ចឹង តើនៅកន្លែងណា ដែលព្រះគម្ពីរបានទាយទុកពីឆ្នាំ ដែលព្រះគ្រីស្ទចាប់ផ្ដើមសោយរាជ្យជាស្តេចនៃរដ្ឋាភិបាលរបស់ព្រះនោះ? គឺនៅក្នុងសៀវភៅព្រះគម្ពីរដានីយ៉ែលដដែលនេះ។ (ដានីយ៉ែល ៤:១០-៣៧) មានដើមឈើមួយដ៏ធំក្រៃលែង កំពស់ទល់នឹងផ្ទៃមេឃ ត្រូវបានយកមកប្រើដើម្បីជាតំណាងស្តេចនេប៊ូក្នេសា នៃប្រទេសបាប៊ីឡូន។ ទ្រង់ជាមនុស្សជាតិដែលជាអ្នកគ្រប់គ្រងដ៏ខ្ពស់បំផុតក្នុងសម័យនោះ។ យ៉ាងណាក៏ដោយ ស្តេចនេប៊ូក្នេសាបានត្រូវបង្ខំឲ្យទទួលស្គាល់ថា មានមួយអង្គដ៏ខ្ពង់ខ្ពស់ជាងទ្រង់ទៅទៀតដែលកំពុងតែសោយរាជ្យ។ អង្គមួយនេះជា«ព្រះដ៏ខ្ពស់បំផុត»ឬជា«មហាក្សត្រនៃស្ថានសួគ៌» គឺព្រះយេហូវ៉ា។ (ដានីយ៉ែល ៤:៣៤, ៣៧) ដូច្នេះ តាមរបៀបដ៏សំខាន់ជាងនោះ ដើមឈើដែលមានកំពស់ទល់នឹងផ្ទៃមេឃនេះ ជាតំណាងអំណាចគ្រប់គ្រងដ៏ខ្ពស់បំផុតនៃព្រះ ជាពិសេសទៅលើផែនដីយើងនេះ។ អំណាចគ្រប់គ្រងរបស់ព្រះយេហូវ៉ា បានត្រូវតំណាងអស់មួយគ្រា តាមរយៈព្រះរាជាណាចក្រដែលទ្រង់បានរៀបចំឡើងលើសាសន៍អ៊ីស្រាអែល។ ដូច្នេះហើយ បានជាស្តេចទាំងឡាយនៃកុលសម្ព័ន្ធយូដាដែលគ្រប់គ្រងលើជនជាតិអ៊ីស្រាអែលនោះ បានត្រូវហៅថា«ឡើងគង់លើបល្ល័ង្កនៃព្រះយេហូវ៉ា»។—របាក្សត្រទី១ ២៩:២៣
១៥ ពេលដែល«ដើមឈើ»ត្រូវបានកាប់ផ្ដាច់នោះ ហេតុអ្វីក៏ត្រូវបានដាក់វ័ណ្ឌនៅលើនោះ?
១៥ តាមដំណើររឿងនៃព្រះគម្ពីរ នៅក្នុងសៀវភៅដានីយ៉ែលជំពូកបួន ដើមឈើដែលមានកំពស់ទល់នឹងផ្ទៃមេឃ បានត្រូវកាប់ផ្ដាច់។ ប៉ុន្តែ គល់ឈើនោះបានត្រូវទុកនៅសល់ ហើយត្រូវបានព័ទ្ធជុំវិញដោយវ័ណ្ឌដែកនិងលង្ហិន។ នេះនឹងទប់គល់ឈើនោះមិនឲ្យលូតលាស់បាន រហូតដល់ពេលវេលារបស់ព្រះមកដល់ ដើម្បីដោះយកវ័ណ្ឌទាំងនោះចេញ ហើយទុកឲ្យចាប់ផ្ដើមលូតលាស់ជាថ្មីម្ដងទៀត។ ប៉ុន្តែ យ៉ាងណា និងនៅពេលណា ដែលអំណាចគ្រប់គ្រងរបស់ព្រះបានត្រូវកាប់ផ្ដាច់នោះ?
១៦ (ក) យ៉ាងណា និងនៅពេលណា ដែលអំណាចគ្រប់គ្រងរបស់ព្រះបានត្រូវកាប់ផ្ដាច់? (ខ) តើស្តេចចុងក្រោយបង្អស់របស់សាសន៍យូដាដែលគង់នៅលើ«បល្ល័ង្កព្រះយេហូវ៉ា» បានត្រូវទូលប្រាប់យ៉ាងណា?
១៦ នៅពេលក្រោយមក រាជាណាចក្រនៃសាសន៍យូដាដែលព្រះយេហូវ៉ាទ្រង់បានរៀបចំឡើងនោះ បានទៅជាពុករលួយយ៉ាងខ្លាំង រហូតដល់ទ្រង់បណ្ដោយឲ្យស្តេចនេប៊ូក្នេសាកំទេច គឺកាប់ផ្ដាច់រាជាណាចក្រនេះចោល។ ការនេះបានកើតឡើងនៅក្នុងឆ្នាំ៦០៧ម.ស.យ.។ នៅពេលនោះស្តេចសេដេគា ជាស្តេចចុងក្រោយបង្អស់នៃសាសន៍យូដាដែលគង់លើបល្ល័ង្កព្រះយេហូវ៉ា ត្រូវបានគេទូលប្រាប់ថា៖ «ដោះមកុដចេញ . . . នេះក៏មិននៅទៀតដែរ ដរាបដល់អ្នកនោះកើតឡើង ដែលមានច្បាប់ទទួល រួចអញនឹងប្រគល់ដល់អ្នកនោះ»។—អេសេគាល ២១:២៥-២៧
១៧ តើរយៈពេលអ្វី ដែលបានចាប់ផ្ដើមក្នុងឆ្នាំ៦០៧ម.ស.យ.?
១៧ ដូច្នេះ អំណាចគ្រប់គ្រងរបស់ព្រះ ដែលតំណាងដោយ«ដើមឈើ» បានត្រូវកាប់ផ្ដាច់នៅឆ្នាំ៦០៧ម.ស.យ.។ តាំងពីពេលនោះមក គ្មានរដ្ឋាភិបាលណាមួយតំណាងអំណាចគ្រប់គ្រងរបស់ព្រះនៅលើផែនដីឡើយ។ ដូច្នេះ នៅឆ្នាំ៦០៧ម.ស.យ. រយៈពេលមួយបានចាប់ផ្ដើមឡើង ជាពេលដែលព្រះយេស៊ូវទ្រង់បានសម្ដែងថាជា«គ្រា[កំណត់«ពថ»]របស់សាសន៍ដទៃ»។ (លូកា ២១:២៤) នៅកំឡុង‹គ្រាកំណត់›នោះ ព្រះទ្រង់មិនមានរដ្ឋាភិបាលណាមួយ តំណាងអំណាចគ្រប់គ្រងរបស់ទ្រង់នៅលើផែនដីឡើយ។
១៨ តើអ្វីដែលត្រូវកើតមានឡើងនៅទីបញ្ចប់នៃ«គ្រា[កំណត់, ពថ]របស់សាសន៍ដទៃ»?
១៨ តើអ្វីដែលត្រូវកើតមានឡើងនៅទីបញ្ចប់នៃ«គ្រា[កំណត់, ពថ]របស់សាសន៍ដទៃ»? ព្រះយេហូវ៉ាទ្រង់ត្រូវប្រទានអំណាចគ្រប់គ្រងទៅអ្នក«ដែលមានច្បាប់ទទួល»។ អ្នកនេះជាព្រះយេស៊ូវគ្រីស្ទ។ ដូច្នេះហើយ ប្រសិនជាយើងអាចរកឃើញ ពេលណាដែល«គ្រា[កំណត់, ពថ]របស់សាសន៍ដទៃ»បានបញ្ចប់នោះ យើងនឹងដឹងនូវពេលដែលព្រះគ្រីស្ទទ្រង់ចាប់ផ្ដើមឡើងសោយរាជ្យជាស្តេចដែរ។
១៩ តើមានប៉ុន្មាន«ខួប» ដែលអំណាចគ្រប់គ្រងរបស់ព្រះទៅលើផែនដីត្រូវបានផ្អាក?
១៩ យោងទៅតាមសៀវភៅដានីយ៉ែលជំពូកបួន ‹គ្រាកំណត់›នេះគឺស្មើនឹង«៧ខួប»។ ដានីយ៉ែលបានបង្ហាញថា នឹងមានរយៈពេល«៧ខួប» ដែលអំណាចគ្រប់គ្រងរបស់ព្រះ តំណាងដោយ«ដើមឈើ» នឹងមិនមានប្រតិបត្ដិការទៅលើផែនដី។ (ដានីយ៉ែល ៤:១៦, ២៣) តើ«៧ខួប»នេះ មានរយៈពេលប៉ុន្មានឆ្នាំ?
២០ (ក) តើមួយ«ខួប»មានរយៈពេលប៉ុន្មាន? (ខ) តើ«ប្រាំពីរខួប»មានរយៈពេលប៉ុន្មាន? (គ) ហេតុអ្វីក៏យើងរាប់មួយថ្ងៃជាមួយឆ្នាំ?
២០ នៅក្នុងវិវរណៈជំពូក១២ ខ៦និង១៤ យើងដឹងថា ១.២៦០ថ្ងៃស្មើនឹង«១ខួប ២ខួប ហើយកន្លះខួប»។ រួមទាំងអស់ទៅ មាន៣ខួបកន្លះ។ ដូច្នេះ«១ខួប» អាចស្មើនឹង៣៦០ថ្ងៃ។ ដូច្នេះហើយ «៧ខួប»គឺជា៣៦០ប្រាំពីរដង ឬ២.៥២០ថ្ងៃ។ ឥឡូវនេះបើយើងរាប់មួយថ្ងៃជាមួយឆ្នាំ ដែលជាការរាប់តាមក្បួនរបស់ព្រះគម្ពីរ ដូច្នេះ«៧ខួប»ស្មើនឹង២.៥២០ឆ្នាំ។—ជនគណនា ១៤:៤៣; អេសេគាល ៤:៦
២១ (ក) តើពេលណា ដែល«គ្រា[កំណត់, ពថ]របស់សាសន៍ដទៃ»បានចាប់ផ្ដើម ហើយពេលណាបានមកដល់ទីបញ្ចប់? (ខ) តើរដ្ឋាភិបាលរបស់ព្រះបានចាប់ផ្ដើមគ្រប់គ្រងនៅពេលណា? (គ) ហេតុអ្វីក៏ជាការត្រឹមត្រូវ ចំពោះការអធិស្ឋានសូមឲ្យព្រះរាជាណាចក្ររបស់ព្រះបានមកដល់នោះ?
២១ យើងបានរៀនរួចមកហើយថា «គ្រា[កំណត់, ពថ]របស់សាសន៍ដទៃ» បានចាប់ផ្ដើមនៅក្នុងឆ្នាំ៦០៧ម.ស.យ.។ ដូច្នេះ បើរាប់២.៥២០ឆ្នាំពីពេលនោះ យើងបានមកដល់ឆ្នាំ១៩១៤ស.យ.។ នេះជាឆ្នាំដែល«គ្រា[កំណត់, ពថ]»បានមកដល់ទីបញ្ចប់។ មនុស្សរាប់លាននាក់ដែលនៅរស់ នៅចាំពីព្រឹត្ដិការណ៍ដែលបានកើតមានឡើងនៅក្នុងឆ្នាំ១៩១៤។ នៅឆ្នាំនោះ សង្គ្រាមលោកលើកទី១ បានចាប់ផ្ដើម ជាគ្រាដែលពោរពេញទៅដោយបញ្ហានិងវេទនាដ៏ធំក្រៃលែង ដែលបានបន្តរហូតមកដល់សព្វថ្ងៃនេះ។ នេះមានន័យថា ព្រះយេស៊ូវគ្រីស្ទ បានចាប់ផ្ដើមសោយរាជ្យជាស្តេចនៃរដ្ឋាភិបាលសួគ៌ារបស់ព្រះនៅឆ្នាំ១៩១៤។ ហើយដោយព្រោះតែព្រះរាជាណាចក្របានចាប់ផ្ដើមការគ្រប់គ្រងរួចមកហើយនោះ នេះជាពេលវេលាដ៏ត្រឹមត្រូវ ដែលយើងអធិស្ឋានចំពោះព្រះរាជាណាចក្រនេះឲ្យ«មក» ហើយបំបាត់របបលោកីយ៍ដ៏កំណាចរបស់សាតាំងពីផែនដីនេះចេញ!—ម៉ាថាយ ៦:១០; ដានីយ៉ែល ២:៤៤
២២ តើសំនួរអ្វីដែលអ្នកខ្លះអាចសួរ?
២២ ប៉ុន្តែ ប្រហែលជាមានអ្នកណាមួយសួរថា៖ ‹ប្រសិនបើព្រះគ្រីស្ទបានយាងត្រឡប់មកសោយរាជ្យ នៅក្នុងព្រះរាជាណាចក្ររបស់ព្រះវរបិតាទ្រង់ហើយនោះ ហេតុអ្វីក៏យើងមិនឃើញទ្រង់›?
[កំណត់សម្គាល់]
a ចំពោះភស្តុតាងខាងប្រវត្ដិសាស្ត្រ ដែលបញ្ជានេះបានផ្ដល់មកនៅឆ្នាំ៤៥៥ម.ស.យ.(មុនសករាជយើង)នោះ សូមអញ្ជើញមើលក្រោមចំណងជើង «Artaxerxes» នៅក្នុងសៀវភៅ Insight on the Scriptures (ជាភាសាអង់គ្លេស) ដែលបានបោះពុម្ពផ្សាយដោយ Watchtower Bible and Tract Society of New York, Inc.
[តារាងនៅទំព័រ១៤០, ១៤១]
នៅឆ្នាំ៦០៧ម.ស.យ. ព្រះរាជាណាចក្រនៃសាសន៍យូដាបានរលំ។
នៅឆ្នាំ១៩១៤ស.យ. ព្រះយេស៊ូវបានចាប់ផ្ដើមសោយរាជ្យជាស្តេចនៃរដ្ឋាភិបាលសួគ៌ារបស់ព្រះ
ឆ្នាំ៦០៧ ម.ស.យ.—ឆ្នាំ១៩១៤ ស.យ.
ខែតុលា ឆ្នាំ៦០៧ ម.ស.យ.—ខែតុលា ឆ្នាំ១ ម.ស.យ. =៦០៦ ឆ្នាំ
ខែតុលា ឆ្នាំ១ ម.ស.យ.—ខែតុលា ឆ្នាំ១៩១៤ ស.យ. =១.៩១៤ ឆ្នាំ
គ្រារបស់សាសន៍ដទៃប្រាំពីរខួប =២.៥២០ឆ្នាំ
[រូបភាពនៅទំព័រ១៣៤]
«តើនៅគ្រានេះឬអី ដែលទ្រង់នឹងតាំងនគរឲ្យសាសន៍អ៊ីស្រាអែលឡើងវិញនោះ»?
[រូបភាពនៅទំព័រ១៣៩]
ដើមឈើដ៏ខ្ពស់ក្រៃលែងនៅក្នុងសៀវភៅដានីយ៉ែលជំពូក៤ ជាតំណាងអំណាចគ្រប់គ្រងរបស់ព្រះ។ ក្នុងរយៈពេលមួយគ្រា អំណាចគ្រប់គ្រងនេះបានត្រូវតំណាងតាមរយៈរាជាណាចក្ររបស់សាសន៍យូដា
[រូបភាពនៅទំព័រ១៤០, ១៤១]
ដើមឈើបានត្រូវកាប់ផ្ដាច់ ពេលដែលរាជាណាចក្ររបស់សាសន៍យូដាបានត្រូវកំទេចចោល