យេរេមា
១៩ ព្រះយេហូវ៉ាមានប្រសាសន៍ដូច្នេះថា៖ «ចូរទៅទិញក្អមពីជាងស្មូន+ ហើយនាំពួកបុរសចាស់ទុំខ្លះពីចំណោមបណ្ដាជន និងពីចំណោមពួកសង្ឃ ២ រួចធ្វើដំណើរទៅជ្រលងបេនហ៊ីណំ+ ដែលស្ថិតនៅច្រកចូលទ្វារជាងស្មូន។ នៅទីនោះ អ្នកត្រូវប្រកាសពាក្យទាំងប៉ុន្មានដែលខ្ញុំបង្គាប់អ្នក។ ៣ អ្នកត្រូវប្រាប់ពាក្យដូចតទៅថា៖ ‹ឱបណ្ដាស្ដេចស្រុកយូដា និងអ្នកក្រុងយេរូសាឡិមអើយ! ចូរស្ដាប់ប្រសាសន៍របស់ព្រះយេហូវ៉ា។ ព្រះយេហូវ៉ានៃបណ្ដាកងទ័ពស្ថានសួគ៌និងជាព្រះនៃជនជាតិអ៊ីស្រាអែលមានប្រសាសន៍ថា៖
«‹«ខ្ញុំហៀបនឹងនាំសេចក្ដីវេទនាមកលើស្រុកនេះហើយ។ អស់អ្នកដែលឮនឹងភាំងស្មារតី។* ៤ នេះគឺដោយសារពួកគេបានបោះបង់ចោលខ្ញុំ+ ហើយធ្វើឲ្យខ្ញុំមើលស្រុកនេះលែងស្គាល់ទៀត។+ ពួកគេបានជូនគ្រឿងបូជាដល់ព្រះដទៃ ជាព្រះដែលពួកគេ បុព្វបុរសរបស់ពួកគេ និងបណ្ដាស្ដេចស្រុកយូដាមិនដែលស្គាល់ឡើយ។ បន្ថែមទៅទៀត ពួកគេក៏បានធ្វើឲ្យស្រុកនេះពេញដោយឈាមរបស់ជនស្លូតត្រង់ដែរ។+ ៥ ពួកគេបានសង់ទីខ្ពស់ៗជូនព្រះបាល ដើម្បីដុតកូនប្រុសកូនស្រីរបស់ខ្លួននៅក្នុងភ្លើងជាគ្រឿងបូជាដល់ព្រះបាល+ ជាការដែលខ្ញុំមិនបានបង្គាប់ ហើយក៏មិនដែលមាននៅក្នុងគំនិតខ្ញុំទាល់តែសោះ»›។+
៦ «‹ព្រះយេហូវ៉ាប្រកាសថា៖ «ហេតុនេះ មើល! នឹងមានគ្រាមកដល់ ដែលគេនឹងលែងហៅទីនោះជាតូផែតឬជ្រលងហ៊ីណំ*ទៀត តែនឹងហៅថាជ្រលងនៃការសម្លាប់វិញ។+ ៧ ខ្ញុំនឹងបង្ខូចគម្រោងការរបស់ពួកយូដានិងអ្នកក្រុងយេរូសាឡិមនៅក្នុងទឹកដីនេះ ហើយធ្វើឲ្យពួកគេដួលស្លាប់ដោយដាវនៅមុខពួកសត្រូវនិងពួកអ្នកដែលស្វែងរកជីវិតពួកគេ។ ខ្ញុំនឹងប្រគល់សាកសពរបស់ពួកគេជាចំណីដល់សត្វហើរលើអាកាស និងដល់សត្វសាហាវនៅលើដី។+ ៨ ខ្ញុំនឹងធ្វើឲ្យក្រុងរបស់ពួកគេទៅជាកន្លែងដ៏គួរឲ្យរន្ធត់ និងជាកន្លែងដែលគេពេបមាត់មើលងាយវិញ។ អស់អ្នកដែលដើរឆ្លងកាត់នឹងស្រឡាំងកាំង ហើយនឹកហួសចិត្តនឹងអ្វីដែលបានកើតឡើងដល់រាស្ត្រខ្ញុំ។+ ៩ ខ្ញុំនឹងបណ្ដាលឲ្យពួកគេបរិភោគសាច់កូនប្រុសកូនស្រីរបស់ខ្លួន និងសាច់របស់ជនរួមជាតិ ព្រោះតែទុក្ខវេទនាយ៉ាងខ្លាំងដែលបណ្ដាលមកពីការឡោមព័ទ្ធពីសត្រូវនិងពួកអ្នកដែលស្វែងរកជីវិតពួកគេ»›។+
១០ «ក្រោយមក អ្នកត្រូវបំបែកក្អមនោះនៅមុខពួកបុរសចាស់ទុំដែលអ្នកនាំទៅជាមួយ ១១ រួចប្រាប់ពួកគេថា៖ ‹ព្រះយេហូវ៉ានៃបណ្ដាកងទ័ពស្ថានសួគ៌មានប្រសាសន៍ថា៖ «យ៉ាងនេះ ខ្ញុំនឹងបំបាក់បំបែកប្រជាជាតិនិងក្រុងនេះ ដូចជាមនុស្សម្នាក់បំបែកក្អមរបស់ជាងស្មូនដូច្នោះដែរ គឺមិនអាចផ្គុំចូលគ្នាវិញបានឡើយ។ គេនឹងកប់សាកសពទាំងប៉ុន្មាននៅក្នុងតូផែត រហូតដល់គ្មានកន្លែងកប់ទៀត»›។+
១២ «ព្រះយេហូវ៉ាប្រកាសថា៖ ‹នោះជាអ្វីដែលខ្ញុំនឹងធ្វើទៅលើទឹកដីនិងអ្នកក្រុងនេះ គឺធ្វើឲ្យក្រុងនេះដូចជាតូផែតដែរ។ ១៣ ផ្ទះនានានៅក្រុងយេរូសាឡិម និងវិមានរបស់បណ្ដាស្ដេចស្រុកយូដា នឹងទៅជាកន្លែងស្មោកគ្រោកដូចជាតូផែតនេះដែរ+ ព្រោះនៅលើដំបូលផ្ទះទាំងនោះ ពួកគេបានជូនគ្រឿងបូជាដល់អ្វីៗនៅលើមេឃ+ ហើយក៏ច្រួចស្រាជាគ្រឿងបូជាដល់ព្រះឯទៀតនៅទីនោះដែរ›»។+
១៤ បន្ទាប់ពីយេរេមាត្រឡប់មកពីតូផែតវិញ ជាកន្លែងដែលព្រះយេហូវ៉ាបានចាត់គាត់ឲ្យទៅប្រកាសទំនាយ គាត់ក៏ទៅឈរនៅក្នុងទីធ្លានៃវិហារព្រះយេហូវ៉ា រួចនិយាយទៅកាន់បណ្ដាជនទាំងអស់ថា៖ ១៥ «ព្រះយេហូវ៉ានៃបណ្ដាកងទ័ពស្ថានសួគ៌និងជាព្រះនៃជនជាតិអ៊ីស្រាអែលមានប្រសាសន៍ថា៖ ‹មើល! ខ្ញុំហៀបនឹងនាំសេចក្ដីវេទនាមកលើក្រុងនេះនិងក្រុងតូចៗដែលនៅជុំវិញ ជាក្រុងទាំងឡាយដែលខ្ញុំបានផ្ដន្ទាទោស ព្រោះពួកអ្នកក្រុងទាំងនោះជាមនុស្សរឹងចចេសមិនព្រមស្ដាប់បង្គាប់ខ្ញុំឡើយ›»។+