សៀវភៅសាំយូអែលទី២
២ ក្រោយមក ដាវីឌបានសួរព្រះយេហូវ៉ា+ថា៖ «តើខ្ញុំគួរទៅក្រុងណាមួយរបស់ស្រុកយូដាឬទេ?»។ ព្រះយេហូវ៉ាឆ្លើយទៅគាត់ថា៖ «ចូរទៅចុះ!»។ ដាវីឌសួរលោកទៀតថា៖ «តើខ្ញុំគួរទៅក្រុងមួយណា?»។ លោកឆ្លើយថា៖ «ចូរទៅក្រុងហេប្រុន»។+ ២ ដូច្នេះ ដាវីឌទៅក្រុងនោះជាមួយនឹងប្រពន្ធទាំងពីររបស់គាត់ គឺអាហ៊ីណោម+ជាអ្នកក្រុងយេសរៀល និងអាប៊ីកែល+ជាអ្នកក្រុងកើមែល ដែលធ្លាប់ជាប្រពន្ធរបស់ណាបាល។ ៣ ដាវីឌក៏នាំពួកបុរសដែលនៅជាមួយនឹងគាត់+ និងក្រុមគ្រួសាររបស់ពួកគេទៅជាមួយដែរ។ រួចមក ពួកគេរស់នៅក្រុងផ្សេងៗដែលនៅជុំវិញក្រុងហេប្រុន។ ៤ ក្រោយមក ពួកបុរសដែលជាតំណាងកុលសម្ព័ន្ធយូដាបានមកជួបដាវីឌនៅទីនោះ ហើយពួកគេតែងតាំងគាត់ជាស្ដេចគ្រប់គ្រងលើកុលសម្ព័ន្ធយូដា។+
ពួកគេប្រាប់ដាវីឌថា៖ «ពួកបុរសដែលជាតំណាងក្រុងយ៉ាបេសគីលាតបានបញ្ចុះសពសុល»។ ៥ ដូច្នេះ ដាវីឌចាត់អ្នកនាំពាក្យឲ្យទៅប្រាប់ពួកបុរសជាតំណាងក្រុងយ៉ាបេសគីលាតថា៖ «សូមព្រះយេហូវ៉ាឲ្យពរអ្នករាល់គ្នា ដោយសារអ្នករាល់គ្នាបានបង្ហាញសេចក្ដីស្រឡាញ់ដ៏ស្មោះត្រង់ចំពោះសុលជាម្ចាស់របស់អ្នករាល់គ្នា ដោយបញ្ចុះសពគាត់។+ ៦ សូមព្រះយេហូវ៉ាបង្ហាញសេចក្ដីស្រឡាញ់ដ៏ស្មោះត្រង់ចំពោះអ្នករាល់គ្នារហូតតទៅ។ ខ្ញុំក៏នឹងបង្ហាញសេចក្ដីសប្បុរសដល់អ្នករាល់គ្នាដែរ ដោយសារអ្នករាល់គ្នាបានធ្វើដូច្នោះ។+ ៧ ចូរអ្នករាល់គ្នារឹងមាំនិងក្លាហានឡើង ព្រោះសុលជាម្ចាស់របស់អ្នករាល់គ្នាបានស្លាប់ហើយ។ ឯកុលសម្ព័ន្ធយូដា ពួកគេបានតែងតាំងខ្ញុំជាស្ដេចគ្រប់គ្រងលើពួកគេ»។
៨ ប៉ុន្តែ អាប់ណឺ+ជាមេទ័ពរបស់សុលនិងជាកូនប្រុសណឺ គាត់បាននាំអ៊ីសបូសែត+ជាកូនប្រុសសុលឆ្លងទៅក្រុងម៉ាហាណែម+ ៩ ហើយគាត់តែងតាំងអ៊ីសបូសែតឲ្យធ្វើជាស្ដេចគ្រប់គ្រងលើស្រុកគីលាត+ ជនជាតិអេសឺ តំបន់យេសរៀល+ កូនចៅអេប្រាអ៊ីម+ កូនចៅបេនយ៉ាមីន និងស្រុកអ៊ីស្រាអែលទាំងមូល។ ១០ ពេលអ៊ីសបូសែតកូនប្រុសសុលចាប់ផ្ដើមគ្រប់គ្រងជាស្ដេចលើស្រុកអ៊ីស្រាអែល អ៊ីសបូសែតមានអាយុ៤០ឆ្នាំ ហើយគាត់បានគ្រងរាជ្យអស់រយៈពេល២ឆ្នាំ។ ចំណែកកុលសម្ព័ន្ធយូដាវិញ ពួកគេគាំទ្រដាវីឌ។+ ១១ ដាវីឌគ្រប់គ្រងជាស្ដេចលើកុលសម្ព័ន្ធយូដា អស់រយៈពេល៧ឆ្នាំ៦ខែនៅក្រុងហេប្រុន។+
១២ ក្រោយមក អាប់ណឺជាកូនប្រុសណឺ និងអ្នកបម្រើជាច្រើនរបស់អ៊ីសបូសែតជាកូនប្រុសសុល បានធ្វើដំណើរចេញពីក្រុងម៉ាហាណែម+ទៅក្រុងគីបៀន។+ ១៣ រីឯយ៉ូអាប់+ជាកូនប្រុសសេរូយ៉ា+ និងអ្នកបម្រើជាច្រើនរបស់ដាវីឌ ពួកគេធ្វើដំណើរទៅស្រះទឹកនៅក្នុងទឹកដីក្រុងគីបៀន ហើយក្រុមទាំងពីរបានជួបគ្នានៅទីនោះ។ ក្រុមយ៉ូអាប់អង្គុយនៅម្ខាងស្រះទឹក ហើយក្រុមអាប់ណឺអង្គុយនៅម្ខាងទៀត។ ១៤ នៅទីបំផុត អាប់ណឺនិយាយទៅយ៉ូអាប់ថា៖ «ចូរឲ្យពួកយុវជនក្រោកឡើងប្រយុទ្ធគ្នានៅចំពោះមុខយើងទៅ»។ យ៉ូអាប់ឆ្លើយថា៖ «ចូរឲ្យពួកគេប្រយុទ្ធគ្នាចុះ»។ ១៥ ដូច្នេះ យុវជនទាំងនោះបានឆ្លងទៅដើម្បីប្រយុទ្ធគ្នា គឺ១២នាក់ជាកូនចៅបេនយ៉ាមីនពីក្រុមអ៊ីសបូសែត និង១២នាក់ពីក្រុមអ្នកបម្រើរបស់ដាវីឌ។ ១៦ ពួកគេចាប់ក្បាលគ្នា ហើយដកដាវចាក់គ្នាត្រង់ចំហៀងពោះ រួចក៏ដួលស្លាប់ព្រមគ្នាទៅ។ ម្ល៉ោះហើយ គេហៅកន្លែងដែលនៅក្នុងទឹកដីក្រុងគីបៀននោះថា ហេលកាតហាស៊ូរីម។
១៧ នៅថ្ងៃនោះ ការប្រយុទ្ធគ្នាកាន់តែស្វិតស្វាញ ហើយនៅទីបំផុត អាប់ណឺនិងពួកបុរសខាងអ៊ីស្រាអែលបានចាញ់អ្នកបម្រើរបស់ដាវីឌ។ ១៨ កូនប្រុសបីនាក់របស់សេរូយ៉ា+ដែលនៅទីនោះ គឺយ៉ូអាប់+ អាប៊ីសាយ+ និងអាសាអែល។+ ឯអាសាអែល គាត់រត់លឿនដូចជាសត្វប្រើស។ ១៩ អាសាអែលដេញតាមអាប់ណឺយ៉ាងប្រកិត មិនព្រមឈប់ឡើយ។ ២០ អាប់ណឺងាកក្រោយ ហើយស្រែកសួរថា៖ «តើអ្នកជាអាសាអែលមែនទេ?»។ អាសាអែលឆ្លើយថា៖ «មែនហើយ គឺខ្ញុំ»។ ២១ រួចអាប់ណឺនិយាយថា៖ «ឈប់ដេញតាមខ្ញុំ ចូរដេញតាមយុវជនណាម្នាក់វិញទៅ ហើយដោះយកគ្រឿងសឹកពីគាត់ចុះ»។ ប៉ុន្តែ អាសាអែលមិនព្រមឈប់ដេញតាមអាប់ណឺទេ។ ២២ អាប់ណឺនិយាយទៅអាសាអែលម្ដងទៀតថា៖ «ឈប់ដេញតាមខ្ញុំទៀតទៅ! តើចង់ឲ្យខ្ញុំសម្លាប់អ្នកឬ? បើខ្ញុំសម្លាប់អ្នក ខ្ញុំនិងយ៉ូអាប់បងរបស់អ្នកមុខជាមើលមុខគ្នាមិនចំទេ»។ ២៣ ប៉ុន្តែ អាសាអែលមិនព្រមឈប់ដេញតាមឡើយ។ អាប់ណឺក៏យកដងលំពែងចាក់ពោះអាសាអែល+ធ្លុះខ្នង ហើយគាត់ដួលស្លាប់នៅនឹងកន្លែង។ អស់អ្នកដែលទៅដល់កន្លែងគាត់ដួលស្លាប់ តែងតែឈប់មើល។
២៤ បន្ទាប់មក យ៉ូអាប់និងអាប៊ីសាយក៏ដេញតាមអាប់ណឺ។ កាលដែលថ្ងៃកំពុងលិច ពួកគេទៅដល់ទួលអាំម៉ា ដែលនៅទល់មុខគីយ៉ា តាមផ្លូវទៅតំបន់ស្ងាត់ជ្រងំជិតក្រុងគីបៀន។ ២៥ រីឯកូនចៅបេនយ៉ាមីនវិញ ពួកគេប្រមូលគ្នា ហើយមកឈរពីក្រោយអាប់ណឺនៅលើទួលមួយ។ ២៦ រួចមក អាប់ណឺស្រែកសួរយ៉ូអាប់ថា៖ «តើយើងត្រូវប្រយុទ្ធគ្នារហូតឬ? បើប្រយុទ្ធគ្នាទៀត ចុងក្រោយមានតែភាពខ្លោចផ្សាប៉ុណ្ណោះ។ តើដល់ពេលណាទើបអ្នកប្រាប់មនុស្សរបស់អ្នកឲ្យឈប់ដេញតាមជនរួមជាតិរបស់ពួកគេ?»។ ២៧ យ៉ូអាប់ឆ្លើយវិញថា៖ «ខ្ញុំសូមស្បថដោយនូវនាមព្រះដ៏មានជីវិតរស់នៅថា បើអ្នកមិនបាននិយាយដូច្នេះទេ មនុស្សរបស់ខ្ញុំនឹងដេញតាមជនរួមជាតិរបស់ពួកគេរហូតដល់ព្រឹកស្អែកជាមិនខាន»។ ២៨ យ៉ូអាប់ក៏ផ្លុំស្នែង រួចមនុស្សរបស់គាត់ឈប់ដេញតាមពួកបុរសខាងអ៊ីស្រាអែល ហើយការប្រយុទ្ធគ្នាក៏បញ្ចប់ទៅ។
២៩ អាប់ណឺនិងមនុស្សរបស់គាត់ធ្វើដំណើរកាត់តំបន់អារ៉ាបា+ពេញមួយយប់ ហើយពួកគេឆ្លងទន្លេយ៉ូដាន់ រួចកាត់តាមជ្រលង*រហូតទៅដល់ក្រុងម៉ាហាណែម។+ ៣០ ក្រោយពីយ៉ូអាប់ត្រឡប់មកពីដេញតាមអាប់ណឺវិញ គាត់ក៏ប្រមូលមនុស្សរបស់គាត់ឲ្យមកជួបជុំគ្នា ហើយឃើញថាបាត់អ្នកបម្រើរបស់ដាវីឌអស់១៩នាក់ ព្រមទាំងអាសាអែល។ ៣១ ប៉ុន្តែ អ្នកបម្រើរបស់ដាវីឌបានច្បាំងឈ្នះកូនចៅបេនយ៉ាមីននិងមនុស្សរបស់អាប់ណឺ ហើយសម្លាប់អ្នកទាំងនោះអស់ចំនួន៣៦០នាក់។ ៣២ ពួកគេយកសពអាសាអែល+ទៅបញ្ចុះក្នុងផ្នូររបស់ឪពុកគាត់ ដែលស្ថិតនៅក្រុងបេថ្លេហិម។+ ក្រោយមក យ៉ូអាប់និងមនុស្សរបស់គាត់ធ្វើដំណើរពេញមួយយប់ ហើយពួកគេទៅដល់ក្រុងហេប្រុន+ពេលថ្ងៃរះ។