អេសធើរ
៨ នៅថ្ងៃដដែលនោះ ស្ដេចអាហាស៊ូរុសបានប្រគល់ផ្ទះរបស់ហាម៉ាន+ដែលជាសត្រូវជនជាតិយូដា+ ដល់អគ្គមហេសីអេសធើរ។ ក្រោយមក អេសធើរបានជម្រាបស្ដេចថាម៉ាដេកាយត្រូវជាសាច់ញាតិរបស់នាង។ ដូច្នេះ ស្ដេចក៏ឲ្យម៉ាដេកាយចូលមកជួប។+ ២ បន្ទាប់មក ស្ដេចបានប្រគល់ចិញ្ចៀនត្រារបស់គាត់+ដល់ម៉ាដេកាយ ជាចិញ្ចៀនដែលគាត់បានដកហូតពីហាម៉ាន។ ចំណែកអេសធើរ នាងបានប្រគល់ផ្ទះរបស់ហាម៉ានឲ្យទៅម៉ាដេកាយគ្រប់គ្រង។+
៣ បន្ថែមទៅទៀត នាងអេសធើរបានចូលទៅនិយាយជាមួយនឹងស្ដេចម្ដងទៀត។ នាងបានលុតជង្គង់នៅទៀបជើងស្ដេច ហើយអង្វរស្ដេចទាំងទឹកភ្នែក សុំឲ្យស្ដេចបញ្ឈប់គម្រោងការអាក្រក់របស់ហាម៉ានជាកូនចៅអាកាក់ ដែលបានរៀបចំឡើងដើម្បីប្រឆាំងនឹងជនជាតិយូដា។+ ៤ ខណៈនោះ ស្ដេចបានហុចដំបងរាជ្យឲ្យនាងអេសធើរប៉ះ+ ហើយនាងបានក្រោកឡើងឈរនៅចំពោះស្ដេច។ ៥ នាងបាននិយាយថា៖ «បើស្ដេចជាម្ចាស់ប្រណីមេត្តាដល់នាងខ្ញុំ ហើយបើលោកមិនយល់ទាស់ទេ សូមចេញបញ្ជាឲ្យគេសរសេរលិខិតមួយ ដើម្បីធ្វើឲ្យលិខិតរបស់ហាម៉ាន+ជាកូនហាម៉ាដេថាជាជនជាតិអាកាក់+ទៅជាមោឃ ព្រោះគាត់បានសរសេរលិខិតនោះដើម្បីបំផ្លាញជនជាតិយូដានៅគ្រប់អាណាខេត្តរបស់លោកម្ចាស់។ ៦ ពួកអ្នកទាំងនោះជាជនរួមជាតិរបស់នាងខ្ញុំ។ នាងខ្ញុំមិនអាចឃើញពួកគេរងទុក្ខវេទនា ហើយមិនអើពើនោះទេ។ នាងខ្ញុំក៏មិនអាចឃើញសាច់ញាតិនាងខ្ញុំត្រូវគេបំផ្លាញចោល ហើយនៅស្ងៀមនោះដែរ»។
៧ ដូច្នេះ ស្ដេចអាហាស៊ូរុសបាននិយាយទៅកាន់អគ្គមហេសីអេសធើរ និងម៉ាដេកាយជាជនជាតិយូដាថា៖ «មើល! ខ្ញុំបានប្រគល់ផ្ទះរបស់ហាម៉ានឲ្យទៅអគ្គមហេសី+ហើយ។ ខ្ញុំក៏ឲ្យគេព្យួរហាម៉ានលើបង្គោលឈើដែរ+ ព្រោះតែគាត់បានរៀបគម្រោងការបំផ្លាញជនជាតិយូដា។ ៨ ដូច្នេះ អ្នកអាចចេញលិខិតមួយដោយនូវឈ្មោះខ្ញុំ ហើយបោះត្រាដោយចិញ្ចៀនរបស់ខ្ញុំ ដើម្បីជួយជនជាតិយូដា ព្រោះរាល់លិខិតណាដែលសរសេរដោយនូវឈ្មោះខ្ញុំនិងមានត្រាចិញ្ចៀននេះ នឹងមិនអាចទៅជាមោឃឡើយ»។+
៩ ដូច្នេះ នៅថ្ងៃទី២៣ ខែទី៣ជាខែស៊ីវ៉ាន* ពួកលេខាធិការរបស់ស្ដេចបានត្រូវអញ្ជើញឲ្យមកជួបជុំគ្នា។ ពួកគេបានសរសេរតាមបង្គាប់ទាំងប៉ុន្មានរបស់ម៉ាដេកាយ រួចផ្ញើទៅពួកមន្ត្រីជាន់ខ្ពស់របស់ស្ដេច+ និងពួកអភិបាលខេត្ត+ ព្រមទាំងពួកអ្នកគ្រប់គ្រងលើបណ្ដាខេត្ត គឺចាប់ពីស្រុកឥណ្ឌារហូតដល់ស្រុកអេត្យូពី សរុបទៅ១២៧ខេត្ត។ ពួកគេបានសរសេរតាមអក្សរ និងភាសារបស់ជាតិសាសន៍ទាំងនោះ ព្រមទាំងភាសារបស់ជនជាតិយូដាដែរ។
១០ ម៉ាដេកាយបានសរសេរលិខិតនោះក្នុងនាមស្ដេចអាហាស៊ូរុស ហើយបោះត្រាដោយចិញ្ចៀនរបស់ស្ដេច+ រួចប្រគល់លិខិតទាំងនោះ ឲ្យអ្នករត់សំបុត្រនាំយកទៅបណ្ដាខេត្ត ដោយជិះសេះលឿនរបស់ស្ដេច។ ១១ នៅក្នុងលិខិតទាំងនោះ ស្ដេចបានអនុញ្ញាតឲ្យជនជាតិយូដាទាំងអស់ដែលនៅបណ្ដាខេត្តក្រុង ប្រមូលផ្ដុំគ្នាដើម្បីការពារខ្លួន និងដើម្បីបំផ្លាញអ្នកណាក៏ដោយ ដែលវាយប្រហារមកលើពួកគេ ទោះជាអ្នកនោះជាស្ត្រីឬកូនក្មេងក្ដី ហើយបណ្ដាជនយូដាអាចរឹបអូសយកទ្រព្យសម្បត្តិរបស់អ្នកទាំងនោះបាន។+ ១២ ដូច្នេះ សេចក្ដីប្រកាសនេះនឹងមានសុពលភាពនៅថ្ងៃទី១៣ ក្នុងខែទី១២ជាខែអេដា* នៅទូទាំងបណ្ដាខេត្តនៃរាជាណាចក្ររបស់ស្ដេចអាហាស៊ូរុស។+ ១៣ សេចក្ដីក្នុងលិខិតនោះនឹងទៅជាច្បាប់ដល់គ្រប់អាណាខេត្ត។ គេត្រូវប្រកាសឲ្យបណ្ដាជនទាំងអស់ស្ដាប់ ដើម្បីនៅថ្ងៃនោះជនជាតិយូដាអាចត្រៀមប្រយុទ្ធការពារខ្លួនពីពួកសត្រូវ។+ ១៤ ដូច្នេះ ពួកអ្នករត់សំបុត្របានជិះសេះលឿនរបស់ស្ដេច នាំយកលិខិតនោះទៅជាប្រញាប់តាមបង្គាប់ស្ដេច។ ច្បាប់នោះក៏បានត្រូវប្រកាសនៅក្នុងក្រុងស៊ូសាន*+ដែលជារាជធានីដ៏រឹងមាំ។
១៥ ឯម៉ាដេកាយ គាត់ក៏បានចាកចេញពីមុខស្ដេច។ ពេលនោះ គាត់ស្លៀកសម្លៀកបំពាក់វិសេស ពីក្រណាត់សាច់ល្អពណ៌ខៀវនិងពណ៌ស ទាំងពាក់មកុដដ៏អស្ចារ្យធ្វើពីមាស និងអាវដណ្ដប់ធ្វើពីក្រណាត់រោមចៀមជ្រលក់ពណ៌ស្វាយ។+ ចំណែកបណ្ដាជនក្នុងក្រុងស៊ូសាន* ពួកគេស្រែកហ៊ោកញ្ជ្រៀវដោយអំណរ ១៦ ព្រោះជនជាតិយូដាបានរួចផុតពីទុក្ខភ័យ ហើយពួកគេសប្បាយរីករាយនិងត្រេកអរយ៉ាងខ្លាំង ព្រមទាំងទទួលការគោរពពីអ្នកឯទៀត។ ១៧ នៅគ្រប់បណ្ដាខេត្តក្រុង ក្រោយពីឮសេចក្ដីប្រកាសនិងច្បាប់នោះ បណ្ដាជនយូដាទាំងឡាយសប្បាយរីករាយនិងត្រេកអរជាខ្លាំង ហើយពួកគេបានធ្វើពិធីជប់លៀងអបអរនឹងដំណឹងនោះ។ មានបណ្ដាជនជាច្រើននៅក្នុងស្រុកបានប្រកាសថាខ្លួនជាជនជាតិយូដា+ ដោយសារអ្នកទាំងនោះខ្លបខ្លាចពួកគេ។