បទចម្រៀងសាឡូម៉ូន
២ «ក្នុងចំណោមនារីទាំងឡាយ
សំណព្វចិត្តរបស់ខ្ញុំប្រៀបដូចជាផ្កាលីលីដែលដុះនៅក្នុងគុម្ពបន្លា»។
៣ «ក្នុងចំណោមបុរសទាំងឡាយ
ម្ចាស់បេះដូងខ្ញុំប្រៀបដូចជាដើមប៉ោមដែលដុះក្នុងចំណោមដើមឈើនៅឯព្រៃ។
ខ្ញុំពិតជាចង់អង្គុយនៅក្រោមម្លប់របស់គាត់ខ្លាំងណាស់
ឯផ្លែរបស់គាត់មានឱជារសផ្អែមពិសា។
៤ គាត់បាននាំខ្ញុំចូលក្នុងផ្ទះដែលមានពិធីជប់លៀង*
ហើយអ្នកណាៗក៏អាចឃើញថាគាត់ស្រឡាញ់ខ្ញុំដែរ។
៥ សូមឲ្យនំទំពាំងបាយជូរក្រៀម+និងផ្លែប៉ោមមកខ្ញុំបរិភោគ
ដើម្បីឲ្យខ្ញុំមានកម្លាំងចិត្តកម្លាំងកាយឡើងវិញ
ព្រោះខ្ញុំមានជំងឺស្នេហា។
៧ ឱកូនស្រីនៃក្រុងយេរូសាឡិមអើយ ខ្ញុំសុំឲ្យពួកនាងស្បថ
ដោយយកប្រើស+និងក្ដាន់ញីនៅឯវាលជាសាក្សីថា៖
ពួកនាងមិនត្រូវជំរុញចិត្តខ្ញុំឲ្យស្រឡាញ់ទេ លុះត្រាតែអារម្មណ៍នោះផុសចេញពីចិត្តរបស់ខ្ញុំ។+
៨ ខ្ញុំឮសំឡេងបុរសជាទីស្រឡាញ់របស់ខ្ញុំ!
មើល! គាត់សំដៅមកហើយ
គាត់កំពុងឡើងភ្នំ ទាំងលោតរំលងទួលទាំងឡាយផង។
៩ បុរសជាទីស្រឡាញ់របស់ខ្ញុំប្រៀបដូចជាប្រើសនិងក្ដាន់ស្ទាវ។+
នុ៎ះន៏! គាត់កំពុងឈរក្រោយជញ្ជាំង
ហើយសម្លឹងមើលតាមបង្អួច
គាត់អើតមើលតាមចម្រឹង។
១០ បុរសជាទីស្រឡាញ់របស់ខ្ញុំនិយាយមកកាន់ខ្ញុំថា៖
‹សម្លាញ់ចិត្តបងអើយ សូមអូនក្រោកឡើង
ស្រីដ៏ស្រស់ស្អាតរបស់បងអើយ សូមមកជាមួយនឹងបង។
១១ មើល! រដូវរងា*បានហួសទៅហើយ
ឯភ្លៀងក៏ឈប់ធ្លាក់ដែរ។
១២ ចំណែកក្នុងស្រុក មានផ្ការីកស្គុសស្គាយ+
វេលាដែលត្រូវកាត់មែកឈើបានមកដល់ហើយ+
ក៏ឮសំឡេងសត្វលលកច្រៀងក្នុងទឹកដីរបស់យើងដែរ។+
១៣ រីឯដើមល្វាតូចមានផ្លែទុំមុនរដូវ+
ហើយវល្លិទំពាំងបាយជូរកំពុងចេញផ្កាសាយក្លិនក្រអូប។
មាសស្នេហ៍អើយ សូមក្រោកឡើងមក។
ស្រីដ៏ស្រស់ស្អាតរបស់បងអើយ សូមមកជាមួយនឹងបង។
១៤ ឱព្រាបរបស់បងអើយ អូននៅក្នុងរូងនៃច្រាំងថ្មដា+
នៅក្នុងក្រហែងនៃច្រាំងភ្នំ
សូមឲ្យបងបានឃើញអូន និងបានឮសំឡេងរបស់អូនផង+
ព្រោះសំឡេងរបស់នួនល្អងសែនពីរោះ ហើយរូបអូនស្អាតគួរឲ្យបេតី›»។+
១៥ «ចូរចាប់កញ្ជ្រោងទាំងនោះឲ្យពួកយើង
គឺកូនកញ្ជ្រោងដែលបំផ្លិចបំផ្លាញចម្ការទំពាំងបាយជូរ
ព្រោះចម្ការទំពាំងបាយជូររបស់ពួកយើងកំពុងចេញផ្កា»។
១៦ «ម្ចាស់ស្នេហ៍ខ្ញុំជារបស់ខ្ញុំ ហើយខ្ញុំជារបស់គាត់។+
គាត់កំពុងឃ្វាលសត្វ+នៅកណ្ដាលវាលផ្កាលីលី។+
១៧ ឱម្ចាស់ស្នេហ៍អើយ សូមបងប្រញាប់មកវិញ
មុនវេលាដែលមានខ្យល់បក់រំភើយ និងមុនស្រមោលបាត់ទៅ។
សូមបងត្រឡប់មកឲ្យលឿនដូចជាប្រើស+និងក្ដាន់ស្ទាវ+ដែលនៅលើភ្នំខណ្ឌពួកយើង។*