អេសាយ
១៩ សេចក្ដីប្រកាសទាស់នឹងស្រុកអេហ្ស៊ីបមានដូចតទៅ៖+
មើល! ព្រះយេហូវ៉ាកំពុងជិះពពកយ៉ាងលឿនឆ្ពោះមកស្រុកអេហ្ស៊ីបហើយ។
បណ្ដាព្រះឥតបានការរបស់ពួកអេហ្ស៊ីបនឹងញ័ររន្ធត់នៅចំពោះលោក+
ហើយចិត្តរបស់ពួកអេហ្ស៊ីបនឹងស្រយុតទៅ។
២ «ខ្ញុំនឹងបណ្ដាលឲ្យពួកអេហ្ស៊ីបច្បាំងនឹងពួកអេហ្ស៊ីប
ពួកគេនឹងវាយប្រហារគ្នាឯង
ពួកគេម្នាក់ៗនឹងសម្លាប់បងប្អូននិងជនរួមជាតិខ្លួន
ក្រុងមួយច្បាំងនឹងក្រុងមួយ រាជាណាចក្រមួយច្បាំងនឹងរាជាណាចក្រមួយ។
៣ ពួកអេហ្ស៊ីបនឹងសុញគំនិត ខ្ញុំនឹងបំផ្លាញគម្រោងការរបស់ពួកគេ។+
ពួកគេនឹងទៅរកបណ្ដាព្រះឥតបានការ
ទៅរកគ្រូមន្តអាគម គ្រូខាប និងគ្រូទាយ។+
៤ ខ្ញុំនឹងប្រគល់ពួកអេហ្ស៊ីបទៅឲ្យចៅហ្វាយដ៏តឹងរ៉ឹង
ស្ដេចដ៏កាចសាហាវនឹងគ្រប់គ្រងលើពួកគេ»។+ នេះជាសេចក្ដីប្រកាសរបស់ព្រះយេហូវ៉ាជាម្ចាស់ដ៏ពិត និងជាព្រះនៃបណ្ដាកងទ័ពស្ថានសួគ៌។
៥ ទឹកសមុទ្រនឹងរីងស្ងួតទៅ ហើយទឹកទន្លេក៏នឹងគោកហួតហែងដែរ។+
៦ ទន្លេទាំងប៉ុន្មានក្នុងស្រុកអេហ្ស៊ីបនឹងមានក្លិនស្អុយ
ប្រឡាយដែលបែកចេញពីទន្លេនីល នឹងស្រកហើយហួតហែងទៅ។
ដើមត្រែងនិងដើមបបុស*នឹងក្រៀមស្វិត។+
៧ រុក្ខជាតិដែលដុះតាមដងទន្លេនីល គឺនៅតាមមាត់ច្រាំងទន្លេនោះនឹងស្វិតស្រពោន
ឯគ្រាប់ពូជដែលគេសាបព្រោះក្នុងស្រុកតាមដងទន្លេនីល+ ក៏នឹងត្រូវក្រៀមស្វិតដែរ។+
ខ្យល់នឹងបក់ប៉ីងរុក្ខជាតិទាំងនោះទៅអស់ ហើយវានឹងលែងមានទៀត។
៨ ពួកអ្នកនេសាទនឹងយំសោក។ ពួកអ្នកស្ទូចត្រីនៅទន្លេនីលនឹងទួញយំ
ហើយមិនសូវមានពួកអ្នកបង់សំណាញ់ទៀតទេ។
៩ ពួកអ្នកធ្វើក្រណាត់ពីសរសៃអំបោះដើមផ្លេច*+
និងពួកអ្នកត្បាញក្រណាត់ពណ៌សនឹងត្រូវអាម៉ាស់។
១០ ពួកអ្នកត្បាញរវៃក្នុងស្រុកនោះនឹងបាក់ទឹកចិត្ត
ហើយកម្មករស៊ីឈ្នួលទាំងអស់នឹងកើតទុក្ខ។
១១ ពួកអ្នកគ្រប់គ្រងនៅក្រុងសូអាន+សុទ្ធតែល្ងីល្ងើ។
ពួកទីប្រឹក្សាដ៏ឆ្លាតបំផុតរបស់ផារ៉ូក៏ឲ្យយោបល់មិនសមហេតុសមផលដែរ។+
តើអ្នកអាចនិយាយទៅកាន់ផារ៉ូម្ដេចនឹងបានទៅថា៖
«ខ្ញុំជាកូនចៅរបស់ពួកអ្នកប្រាជ្ញ ជាកូនចៅរបស់បណ្ដាស្ដេចពីបុរាណ»?
១២ តើពួកអ្នកប្រាជ្ញរបស់អ្នកនៅឯណា?+
បើពួកគេដឹងអំពីអ្វីដែលព្រះយេហូវ៉ានៃបណ្ដាកងទ័ពស្ថានសួគ៌ចង់ធ្វើទៅលើស្រុកអេហ្ស៊ីប ចូរឲ្យពួកគេប្រាប់មក!
១៣ ពួកអ្នកគ្រប់គ្រងនៅក្រុងសូអានបានប្រព្រឹត្តល្ងីល្ងើណាស់
ពួកអ្នកគ្រប់គ្រងនៅក្រុងណូព*+បានត្រូវគេបោកបញ្ឆោត
ឯពួកមេកុលសម្ព័ន្ធបាននាំអ្នកស្រុកអេហ្ស៊ីបឲ្យវង្វេងហើយ។
១៤ ព្រះយេហូវ៉ាបានធ្វើឲ្យពួកអេហ្ស៊ីបមានគំនិតវិលវល់+
ហើយពួកអ្នកដឹកនាំបាននាំពួកអេហ្ស៊ីបឲ្យវង្វេងក្នុងគ្រប់ការទាំងអស់
គឺប្រៀបដូចជាមនុស្សស្រវឹងស្រាដើរទ្រេតទ្រោតក្នុងកម្អួតរបស់ខ្លួន។
១៥ ពួកអេហ្ស៊ីបនឹងមិនអាចសម្រេចកិច្ចការអ្វីឡើយ
ទោះជាក្បាលឬកន្ទុយ ពន្លកឬស្លឹក*ក្ដី។
១៦ នៅគ្រានោះ ពួកអេហ្ស៊ីបនឹងប្រៀបដូចជាស្ត្រីដែលភ័យញ័ររន្ធត់និងតក់ស្លុត ព្រោះព្រះយេហូវ៉ានៃបណ្ដាកងទ័ពស្ថានសួគ៌ បានលើកដៃដ៏ខ្លាំងក្លារបស់លោកប្រឆាំងនឹងពួកគេហើយ។+ ១៧ ស្រុកយូដានឹងទៅជាហេតុដែលនាំឲ្យពួកអេហ្ស៊ីបភ័យតក់ស្លុត។ ពេលឮអំពីស្រុកនោះ ពួកគេនឹងញ័ររន្ធត់ ព្រោះពួកគេដឹងថាព្រះយេហូវ៉ានៃបណ្ដាកងទ័ពស្ថានសួគ៌បានសម្រេចចិត្តទាស់នឹងពួកគេហើយ។+
១៨ នៅគ្រានោះ នឹងមានក្រុងប្រាំក្នុងស្រុកអេហ្ស៊ីបចេះនិយាយភាសាកាណាន+ ហើយអ្នកក្រុងទាំងនោះនឹងស្បថថាពួកគេស្មោះភក្ដីចំពោះព្រះយេហូវ៉ានៃបណ្ដាកងទ័ពស្ថានសួគ៌។ ក្រុងមួយនឹងត្រូវហៅថាក្រុងនៃការផ្ដួលរលំ។
១៩ នៅគ្រានោះ គេនឹងសង់ទីបូជាមួយជូនព្រះយេហូវ៉ានៅកណ្ដាលស្រុកអេហ្ស៊ីប ហើយក៏ដំឡើងបង្គោលមួយជូនព្រះយេហូវ៉ានៅឯព្រំប្រទល់ស្រុកនោះដែរ។ ២០ នេះនឹងទៅជាសញ្ញាសម្គាល់និងជាសាក្សីអំពីព្រះយេហូវ៉ានៃបណ្ដាកងទ័ពស្ថានសួគ៌ ដែលតាំងឡើងនៅក្នុងស្រុកអេហ្ស៊ីប។ ព្រោះពួកគេនឹងស្រែកសុំជំនួយពីព្រះយេហូវ៉ាឲ្យរំដោះពួកគេពីពួកអ្នកជិះជាន់ ហើយលោកនឹងចាត់អ្នកសង្គ្រោះដ៏ឧត្ដមមួយរូបឲ្យទៅជួយពួកគេ។ ២១ នៅគ្រានោះ ព្រះយេហូវ៉ានឹងឲ្យពួកអេហ្ស៊ីបស្គាល់លោក ហើយពួកគេនឹងស្គាល់ព្រះយេហូវ៉ាជាប្រាកដ។ ពួកគេនឹងជូនអំណោយនិងគ្រឿងបូជាដល់ព្រះយេហូវ៉ា ថែមទាំងស្បថជូនលោក ហើយធ្វើតាមសម្បថនោះទៀតផង។ ២២ ព្រះយេហូវ៉ានឹងវាយពួកអេហ្ស៊ីប+ ហើយធ្វើឲ្យពួកគេជាសះស្បើយ រួចពួកគេនឹងត្រឡប់មករកព្រះយេហូវ៉ាវិញ។ លោកនឹងធ្វើតាមសំណូមពររបស់ពួកគេ ហើយធ្វើឲ្យពួកគេបានជាសះស្បើយ។
២៣ នៅគ្រានោះ នឹងមានផ្លូវធំ+ចេញពីស្រុកអេហ្ស៊ីបឆ្ពោះទៅស្រុកអាស៊ីរី។ យ៉ាងនេះ ពួកអាស៊ីរីនឹងធ្វើដំណើរចូលទៅស្រុកអេហ្ស៊ីប ហើយពួកអេហ្ស៊ីបនឹងធ្វើដំណើរចូលមកស្រុកអាស៊ីរី។ ពួកអេហ្ស៊ីបនិងពួកអាស៊ីរីនឹងបម្រើព្រះជាមួយគ្នា។ ២៤ នៅគ្រានោះ អ៊ីស្រាអែលនឹងរួបរួមជាមួយនឹងស្រុកអេហ្ស៊ីបនិងស្រុកអាស៊ីរី+ ហើយពួកគេនឹងទៅជាពរសម្រាប់ផែនដី។ ២៥ ព្រោះព្រះយេហូវ៉ានៃបណ្ដាកងទ័ពស្ថានសួគ៌នឹងឲ្យពរពួកគេ ដោយមានប្រសាសន៍ថា៖ «សូមឲ្យអេហ្ស៊ីបជារាស្ត្រខ្ញុំនិងអាស៊ីរីជាស្នាដៃខ្ញុំ ព្រមទាំងអ៊ីស្រាអែលជាមត៌កខ្ញុំ បានទទួលពរ!»។+