ដើមកំណើត
៣២ បន្ទាប់មក យ៉ាកុបបានបន្តដំណើរទៅមុខទៀត ហើយពួកទេវតារបស់ព្រះបានលេចមកជួបគាត់។ ២ ពេលយ៉ាកុបឃើញទេវតារបស់ព្រះភ្លាម គាត់បាននិយាយថា៖ «នេះច្បាស់ជាជំរំរបស់ព្រះហើយ!»។ ដូច្នេះ គាត់បានហៅកន្លែងនោះថាម៉ាហាណែម។*
៣ រួចមក យ៉ាកុបបានចាត់អ្នកនាំសាររបស់គាត់ ឲ្យទៅជួបអេសាវបងគាត់នៅស្រុកសៀ+ក្នុងទឹកដីអេដំ+ ៤ ហើយគាត់បង្គាប់ពួកគេថា៖ «អ្នកត្រូវនិយាយទៅកាន់អេសាវជាម្ចាស់ខ្ញុំថា៖ ‹យ៉ាកុបជាអ្នកបម្រើលោកចង់ជម្រាបលោកថា៖ «ខ្ញុំបានរស់នៅជាមួយនឹងឡាបាន់អស់រយៈពេលយ៉ាងយូរ។+ ៥ ខ្ញុំបានទទួលហ្វូងគោ* ហ្វូងចៀម ហ្វូងលា និងអ្នកបម្រើប្រុសស្រីជាច្រើន។+ ខ្ញុំផ្ញើសារនេះដល់លោកម្ចាស់ដើម្បីសុំសេចក្ដីមេត្តាពីលោក»›»។
៦ លុះក្រោយមក ពួកអ្នកនាំសារបានត្រឡប់មកជួបយ៉ាកុបវិញ ហើយប្រាប់គាត់ថា៖ «យើងបានជួបអេសាវបងរបស់លោកហើយ។ គាត់កំពុងធ្វើដំណើរមកជួបលោកដោយមានពួកបុរស៤០០នាក់មកជាមួយដែរ»។+ ៧ ពេលឮដូច្នេះ យ៉ាកុបភ័យខ្លាចណាស់ ហើយខ្វល់ចិត្តជាខ្លាំង។+ ដូច្នេះ គាត់បានបែងចែកពួកអ្នកដែលមកជាមួយគាត់ជាពីរក្រុម ព្រមទាំងបែងចែកហ្វូងចៀម ហ្វូងពពែ ហ្វូងគោ និងហ្វូងអូដ្ឋជាពីរក្រុមដែរ។ ៨ ព្រោះគាត់បាននិយាយថា៖ «បើអេសាវមកវាយប្រហារលើក្រុមមួយ ក្រុមមួយទៀតអាចរត់គេចបាន»។
៩ ក្រោយនោះ យ៉ាកុបបានអធិដ្ឋានថា៖ «ឱព្រះយេហូវ៉ាអើយ! លោកជាព្រះនៃអាប្រាហាំនិងអ៊ីសាកឪពុករបស់ខ្ញុំ លោកបានប្រាប់ខ្ញុំឲ្យត្រឡប់ទៅស្រុករបស់ខ្ញុំនិងសាច់ញាតិខ្ញុំវិញ ហើយលោកសន្យាថានឹងប្រព្រឹត្តល្អមកលើខ្ញុំ។+ ១០ ខ្ញុំមិនសមទទួលសេចក្ដីស្រឡាញ់ដ៏ស្មោះត្រង់និងសេចក្ដីសប្បុរសដែលលោកបានបង្ហាញចំពោះខ្ញុំទេ+ ព្រោះពេលដែលខ្ញុំឆ្លងទន្លេយ៉ូដាន់ចេញទៅ គឺមានតែដំបងមួយប៉ុណ្ណោះ តែឥឡូវខ្ញុំមានអ្វីៗជាច្រើនរហូតដល់ខ្ញុំអាចបែងចែកជាពីរក្រុមធំៗបាន។+ ១១ សូមលោកជួយសង្គ្រោះខ្ញុំ+ពីអេសាវជាបងខ្ញុំផង ព្រោះខ្ញុំខ្លាចគាត់មកវាយប្រហារខ្ញុំ+និងប្រពន្ធកូនខ្ញុំ។ ១២ លោកធ្លាប់ប្រាប់ខ្ញុំថាលោកនឹងប្រព្រឹត្តល្អមកលើខ្ញុំ ហើយលោកនឹងធ្វើឲ្យកូនចៅ*ខ្ញុំមានចំនួនច្រើនដូចគ្រាប់ខ្សាច់ក្នុងសមុទ្រដែលមិនអាចរាប់បានឡើយ»។+
១៣ យ៉ាកុបបានសម្រាកនៅទីនោះមួយយប់។ រួចគាត់បានយកទ្រព្យរបស់គាត់មួយចំនួន ទុកធ្វើជាអំណោយដល់អេសាវ។+ ១៤ អំណោយទាំងនោះមាន ពពែញី២០០ក្បាល ពពែឈ្មោល២០ក្បាល ចៀមញី២០០ក្បាល ចៀមឈ្មោល២០ក្បាល ១៥ អូដ្ឋទាំងមេទាំងកូនចំនួន៣០ក្បាល គោញី៤០ក្បាល គោឈ្មោល១០ក្បាល លាញី២០ក្បាល និងលាឈ្មោលពេញកម្លាំង១០ក្បាល។+
១៦ បន្ទាប់មក គាត់បានឲ្យពួកអ្នកបម្រើនាំយកសត្វទាំងនោះទៅតាមក្រុម ហើយគាត់បានប្រាប់ពួកគេថា៖ «ចូរធ្វើដំណើរទៅមុនខ្ញុំទៅ! អ្នករាល់គ្នាត្រូវនាំហ្វូងសត្វទាំងនោះធ្វើដំណើរតាមហ្វូងដាច់ៗពីគ្នា»។ ១៧ មុនធ្វើដំណើរ គាត់បានប្រាប់ក្រុមទី១ថា៖ «បើអេសាវបងខ្ញុំសួរថា៖ ‹តើចៅហ្វាយរបស់អ្នកជាអ្នកណា? តើអ្នកកំពុងទៅណា ហើយហ្វូងសត្វទាំងនេះជារបស់អ្នកណា?›។ ១៨ អ្នកត្រូវឆ្លើយថា៖ ‹ចៅហ្វាយខ្ញុំជាយ៉ាកុបដែលជាអ្នកបម្រើលោក ហើយនេះជាអំណោយដែលគាត់ជូនលោកម្ចាស់។+ ឯគាត់វិញ គាត់កំពុងធ្វើដំណើរមកតាមក្រោយយើង›»។ ១៩ គាត់ក៏ប្រាប់ក្រុមទី២ ក្រុមទី៣ និងក្រុមបន្តបន្ទាប់ថា៖ «ពេលអ្នកជួបអេសាវ អ្នកត្រូវនិយាយដូចនេះដែរ។ ២០ អ្នកក៏ត្រូវនិយាយថា៖ ‹យ៉ាកុបចៅហ្វាយខ្ញុំដែលជាអ្នកបម្រើលោក គាត់កំពុងធ្វើដំណើរមកតាមក្រោយយើង›»។ យ៉ាកុបផ្ដាំដូច្នេះ ដោយសារគាត់បានគិតក្នុងចិត្តថា៖ ‹អំណោយទាំងនេះប្រហែលជាធ្វើឲ្យបងខ្ញុំស្ងប់ចិត្ត+ ដូច្នេះពេលខ្ញុំទៅដល់ គាត់ប្រហែលជាទទួលខ្ញុំដោយរាក់ទាក់ហើយ›។ ២១ ម្ល៉ោះហើយ គាត់បានឲ្យពួកគេយកអំណោយទៅមុន តែនៅយប់នោះ គាត់ស្នាក់នៅកន្លែងដែលគាត់បោះជំរំ។
២២ ក្រោយមក គាត់ក្រោកឡើងទាំងយប់ នាំប្រពន្ធទាំងពីរ+ និងស្រីបម្រើទាំងពីរ+ ព្រមទាំងកូនប្រុស១១នាក់ ឆ្លងអូរយ៉ាបុកត្រង់កន្លែងរាក់។+ ២៣ ក្រោយពីគាត់នាំពួកគេឆ្លងរួច គាត់ក៏បានយកអ្វីៗទាំងអស់ដែលគាត់មានទៅជាមួយដែរ។
២៤ ពេលយ៉ាកុបនៅម្នាក់ឯង មានបុរសម្នាក់មកបោកចំបាប់ជាមួយនឹងគាត់រហូតដល់ទៀបភ្លឺ។+ ២៥ ពេលបុរសនោះឃើញថាគាត់មិនឈ្នះយ៉ាកុប គាត់ក៏បានលូកដៃទៅប៉ះសន្លាក់ឆ្អឹងត្រគាករបស់យ៉ាកុប ស្រាប់តែឆ្អឹងនោះភ្លាត់ចេញពីសន្លាក់ ហើយយ៉ាកុបក៏ថ្លោះត្រគាកទៅ។+ ២៦ បុរសនោះនិយាយថា៖ «លែងខ្ញុំទៅ ព្រោះមេឃជិតភ្លឺហើយ»។ ប៉ុន្តែ យ៉ាកុបបានឆ្លើយថា៖ «ខ្ញុំមិនលែងអ្នកទេ ទាល់តែអ្នកឲ្យពរខ្ញុំសិន»។+ ២៧ ដូច្នេះ បុរសនោះសួរថា៖ «តើអ្នកឈ្មោះអ្វី?»។ គាត់ឆ្លើយថា៖ «ខ្ញុំឈ្មោះយ៉ាកុប»។ ២៨ រួចបុរសនោះនិយាយថា៖ «ឈ្មោះអ្នកលែងជាយ៉ាកុបទៀតហើយ តែជាអ៊ីស្រាអែល*+វិញ ព្រោះអ្នកបានបោកចំបាប់ជាមួយព្រះ+និងមនុស្ស ហើយបានឈ្នះ»។ ២៩ យ៉ាកុបបានសួរបុរសនោះថា៖ «សូមប្រាប់ខ្ញុំ តើអ្នកមានឈ្មោះអ្វី?»។ បុរសនោះតបវិញថា៖ «ហេតុអ្វីក៏អ្នកចង់ស្គាល់ឈ្មោះខ្ញុំ?»។+ រួចបុរសនោះបានឲ្យពរយ៉ាកុប។ ៣០ ហេតុនេះ យ៉ាកុបបានហៅកន្លែងនោះថាភើណែល*+ ព្រោះគាត់បាននិយាយថា៖ «ខ្ញុំបានឃើញព្រះនៅទល់មុខ តែខ្ញុំនៅមានជីវិត»។+
៣១ កាលគាត់បានឆ្លងផុតពេនួល* ថ្ងៃក៏រះឡើង។ គាត់ដើរដោយដំណើរខ្ញើចៗ ព្រោះគាត់ថ្លោះត្រគាក។+ ៣២ ហេតុនេះហើយបានជារហូតមកដល់សព្វថ្ងៃ ជនជាតិអ៊ីស្រាអែលមិនមានទម្លាប់បរិភោគសរសៃដែលនៅជុំវិញសន្លាក់ឆ្អឹងត្រគាកសត្វទេ ព្រោះបុរសនោះបានប៉ះសន្លាក់ឆ្អឹងត្រគាករបស់យ៉ាកុបត្រង់សរសៃ ហើយធ្វើឲ្យគាត់ថ្លោះត្រគាក។