ដំណើរចាកចេញ
១៨ ក្រោយមក យេតរ៉ូជាឪពុកក្មេកម៉ូសេដែលជាសង្ឃនៅស្រុកម៉ាឌាន+ បានឮថាព្រះយេហូវ៉ាបានសង្គ្រោះម៉ូសេនិងជនជាតិអ៊ីស្រាអែលចេញពីស្រុកអេហ្ស៊ីប។ គាត់ក៏បានឮអំពីអ្វីទាំងអស់ដែលព្រះបានធ្វើដើម្បីជួយពួកគេដែរ។+ ២ យេតរ៉ូបានទទួលសេផូរ៉ាដែលជាប្រពន្ធម៉ូសេ មកនៅក្នុងបន្ទុកគាត់ ក្រោយពីម៉ូសេឲ្យនាងត្រឡប់មកស្រុកវិញ ៣ ជាមួយនឹងកូនប្រុសពីរនាក់។+ ម៉ូសេបានដាក់ឈ្មោះឲ្យកូនប្រុសម្នាក់ថាគើសោម*+ ព្រោះម៉ូសេបាននិយាយថា៖ «ខ្ញុំជាជនបរទេសរស់នៅក្នុងស្រុកនេះ»។ ៤ ឯកូនប្រុសម្នាក់ទៀតគាត់បានដាក់ឈ្មោះថាអេលាស៊ើរ* ព្រោះគាត់បាននិយាយថា៖ «ព្រះនៃឪពុកខ្ញុំ លោកជាជំនួយខ្ញុំ គឺលោកហើយដែលបានសង្គ្រោះខ្ញុំពីដាវរបស់ផារ៉ូ»។+
៥ ក្រោយមក យេតរ៉ូបាននាំប្រពន្ធម៉ូសេនិងចៅទាំងពីរនាក់ធ្វើដំណើរទៅជួបម៉ូសេនៅឯតំបន់ស្ងាត់ជ្រងំ។ នៅទីនោះ ម៉ូសេបានបោះជំរំនៅក្បែរភ្នំនៃព្រះពិត។+ ៦ ពេលទៅដល់ យេតរ៉ូបានឲ្យគេទៅប្រាប់ម៉ូសេថា៖ «ខ្ញុំយេតរ៉ូជាឪពុកក្មេកកូន+ បាននាំប្រពន្ធនិងកូនប្រុសទាំងពីររបស់កូនមកហើយ»។ ៧ ឮដូច្នោះ ម៉ូសេក៏ប្រញាប់ចេញទៅជួបឪពុកក្មេកភ្លាម។ ពេលឃើញឪពុក ម៉ូសេលំឱនកាយគោរព ហើយថើបគាត់។ ពួកគាត់សួរសុខទុក្ខគ្នាទៅវិញទៅមក រួចក៏ចូលទៅក្នុងត្រសាល។
៨ ម៉ូសេបានរៀបរាប់ប្រាប់ឪពុកក្មេកអំពីអ្វីៗទាំងអស់ដែលព្រះយេហូវ៉ាបានធ្វើទៅលើផារ៉ូនិងពួកអេហ្ស៊ីប ដើម្បីរំដោះជនជាតិអ៊ីស្រាអែល។+ ម៉ូសេក៏បានប្រាប់អំពីទុក្ខលំបាកដែលពួកគេជួបប្រទះនៅតាមផ្លូវ+ និងអំពីរបៀបដែលព្រះយេហូវ៉ាបានជួយសង្គ្រោះពួកគេផងដែរ។ ៩ យេតរ៉ូរីករាយជាខ្លាំងពេលឮអំពីការល្អទាំងប៉ុន្មានដែលព្រះយេហូវ៉ាបានធ្វើ ដើម្បីជួយសង្គ្រោះជនជាតិអ៊ីស្រាអែលចេញពីស្រុកអេហ្ស៊ីប។ ១០ រួចមក យេតរ៉ូបាននិយាយថា៖ «សូមឲ្យព្រះយេហូវ៉ាទទួលការសរសើរតម្កើង ព្រោះលោកបានសង្គ្រោះអ្នករាល់គ្នាពីកណ្ដាប់ដៃផារ៉ូ និងពីការគាបសង្កត់របស់ពួកអេហ្ស៊ីប។ ១១ ឥឡូវ ខ្ញុំដឹងច្បាស់ថាព្រះយេហូវ៉ាជាព្រះឧត្តុង្គឧត្តមជាងព្រះណាទាំងអស់+ ដោយសារអ្វីដែលលោកបានធ្វើទៅលើអស់អ្នកដែលតាំងខ្លួនប្រឆាំងនឹងរាស្ត្រលោក»។ ១២ បន្ទាប់មក យេតរ៉ូជាឪពុកក្មេកម៉ូសេបានជូនគ្រឿងបូជាដុតនិងគ្រឿងបូជាឯទៀតដល់ព្រះ។ ឯអេរ៉ុននិងបុរសចាស់ទុំទាំងអស់ ក៏នាំគ្នាមកបរិភោគអាហារជាមួយនឹងយេតរ៉ូនៅចំពោះព្រះពិតដែរ។
១៣ លុះស្អែកឡើង ម៉ូសេបានអង្គុយសម្រេចក្ដីឲ្យបណ្ដាជនដូចសព្វដង។ តាំងពីព្រឹករហូតដល់ល្ងាច តែងតែមានបណ្ដាជនមកចាំជួបម៉ូសេ។ ១៤ ពេលឪពុកក្មេកឃើញដូច្នោះ គាត់ក៏សួរម៉ូសេថា៖ «ម្ដេចក៏កូនធ្វើដូច្នេះ? ហេតុអ្វីកូនអង្គុយនៅទីនេះតែម្នាក់ឯង ហើយឲ្យបណ្ដាជនមកជួបតាំងពីព្រឹកទល់ល្ងាចបែបនេះ?»។ ១៥ ម៉ូសេឆ្លើយថា៖ «ពីព្រោះបណ្ដាជននាំគ្នាមករកខ្ញុំដើម្បីសុំការណែនាំពីព្រះ។ ១៦ ពេលមានរឿងណាមួយ ពួកគេមករកខ្ញុំ ហើយខ្ញុំត្រូវសម្រេចក្ដីឲ្យពួកគេ ព្រមទាំងឲ្យពួកគេដឹងរាល់ការសម្រេចចិត្តរបស់ព្រះនិងច្បាប់របស់លោក»។+
១៧ ឪពុកក្មេកម៉ូសេនិយាយទៅកាន់គាត់ថា៖ «អ្វីដែលកូនធ្វើនេះគឺមិនល្អទេ។ ១៨ បើកូនធ្វើតាមរបៀបនេះ ទាំងកូនទាំងបណ្ដាជនច្បាស់ជាបាក់កម្លាំងមិនខាន ព្រោះភារកិច្ចនេះធ្ងន់ពេក កូនរែកពុនម្នាក់ឯងពុំបានឡើយ។ ១៩ ឥឡូវ ពុកមានយោបល់មួយ ចូរកូនស្ដាប់ពុក ហើយព្រះនឹងឲ្យពរកូន។+ កូនជាតំណាងបណ្ដាជននៅចំពោះព្រះពិត+ ហើយកូនមានភារកិច្ចនាំរឿងក្ដីទៅជម្រាបលោក។+ ២០ កូនគួរបង្រៀនពួកគេអំពីច្បាប់និងបញ្ញត្ដិរបស់ព្រះ+ ហើយប្រាប់ពួកគេអំពីផ្លូវដែលពួកគេគួរដើរ និងអំពីកិច្ចការដែលពួកគេគួរធ្វើ។ ២១ ប៉ុន្តែ កូនគួរជ្រើសរើសបុរសមួយចំនួនដែលមានសមត្ថភាពគ្រប់គ្រាន់+ ជាអ្នកកោតខ្លាចព្រះ ជាមនុស្សគួរឲ្យទុកចិត្ត និងមិនរកកម្រៃដោយមិនទៀងត្រង់។+ ក្នុងចំណោមនោះ ចូរតែងតាំងអ្នកខ្លះឲ្យធ្វើជាមេលើ១.០០០នាក់ អ្នកខ្លះធ្វើជាមេលើ១០០នាក់ អ្នកខ្លះធ្វើជាមេលើ៥០នាក់ និងអ្នកខ្លះធ្វើជាមេលើ១០នាក់។+ ២២ ពួកគេអាចសម្រេចរឿងក្ដីតូចៗបាន តែពេលមានរឿងក្ដីធំៗ ពួកគេគួរបញ្ជូនមកឲ្យកូនសម្រេច។+ បើកូនចែករំលែកបន្ទុកខ្លះដល់ពួកគេ នោះកូននឹងបានធូរស្រាលជាង។+ ២៣ បើកូនធ្វើដូច្នេះ ហើយបើព្រះបង្គាប់កូនឲ្យធ្វើដូច្នោះដែរ នោះកូននឹងអាចបំពេញភារកិច្ចរបស់កូនតទៅទៀតបាន។ ឯបណ្ដាជនដែលមករកកូន ពួកគេអាចត្រឡប់ទៅផ្ទះវិញដោយស្កប់ចិត្ត»។
២៤ ក្រោយស្ដាប់រួច ម៉ូសេក៏ធ្វើតាមយោបល់ទាំងអស់ដែលឪពុកក្មេកបានប្រាប់។ ២៥ ដូច្នេះ ម៉ូសេបានជ្រើសរើសបុរសមួយចំនួនដែលមានសមត្ថភាពគ្រប់គ្រាន់ពីបណ្ដាជនអ៊ីស្រាអែល។ រួចមក គាត់បានតែងតាំងអ្នកខ្លះឲ្យធ្វើជាមេលើ១.០០០នាក់ អ្នកខ្លះធ្វើជាមេលើ១០០នាក់ អ្នកខ្លះធ្វើជាមេលើ៥០នាក់ និងអ្នកខ្លះធ្វើជាមេលើ១០នាក់។ ២៦ ម្ល៉ោះហើយ ពួកគេសម្រេចរឿងក្ដីតូចៗឲ្យបណ្ដាជន តែពេលមានរឿងក្ដីធំៗ ពួកគេបញ្ជូនមកឲ្យម៉ូសេសម្រេច។+ ២៧ ក្រោយមក ម៉ូសេនិងឪពុកក្មេកបានលាគ្នា+ រួចឪពុកក្មេកក៏ធ្វើដំណើរត្រឡប់ទៅស្រុកគាត់វិញ។