អេសធើរ
១ នៅគ្រាដែលស្ដេចអាហាស៊ូរុស*គ្រងរាជ្យ គាត់បានគ្រប់គ្រងលើ១២៧ខេត្ត+ ចាប់តាំងពីស្រុកឥណ្ឌារហូតដល់ស្រុកអេត្យូពី។ ២ នៅគ្រានោះ គាត់គ្រប់គ្រងនៅក្រុងស៊ូសាន*+ដែលជារាជធានីដ៏រឹងមាំ។ ៣ នៅឆ្នាំទី៣នៃរាជ្យគាត់ គាត់បានរៀបចំពិធីជប់លៀងដ៏ធំមួយសម្រាប់ពួកអ្នកគ្រប់គ្រង និងពួកអ្នកបម្រើរបស់គាត់។ រីឯពួកមេទ័ពនៃមេឌី+ពើស៊ី+ ពួកអភិជន និងពួកអភិបាលខេត្ត ពួកគេក៏បានមកចូលរួមដែរ។ ៤ នៅពេលនោះ ស្ដេចអាហាស៊ូរុសបានបង្ហាញពួកគេនូវទ្រព្យសម្បត្តិដ៏ស្ដុកស្ដម្ភ និងភាពថ្កុំថ្កើងរុងរឿងអស្ចារ្យក្នុងរាជាណាចក្ររបស់គាត់អស់រយៈពេល១៨០ថ្ងៃ។ ៥ បន្ទាប់មក គាត់បានរៀបចំពិធីជប់លៀងដ៏ធំអស់រយៈពេល៧ថ្ងៃ សម្រាប់ពួកអ្នកនៅក្រុងស៊ូសាន* គឺចាប់តាំងពីអ្នកតូចរហូតដល់អ្នកធំ។ ពិធីនោះបានត្រូវធ្វើនៅទីធ្លាសួនវិមាន។ ៦ ក្នុងពិធីនោះ គេតុបតែងទីធ្លាដោយវាំងននធ្វើពីក្រណាត់សាច់ល្អពណ៌ស និងពណ៌ខៀវ ហើយចងដោយខ្សែធ្វើពីក្រណាត់ពណ៌ស និងក្រណាត់រោមចៀមជ្រលក់ពណ៌ស្វាយ។ រួចមក គេចងវាំងននទាំងនោះនៅលើសសរថ្មកែវ ដោយប្រើកងធ្វើពីប្រាក់។ រីឯគ្រែអង្គុយបរិភោគវិញ សុទ្ធតែធ្វើពីមាសនិងពីប្រាក់ កម្រាលធ្វើពីថ្មកែវពណ៌ក្រហម ថ្មកែវពណ៌ស គជ់ខ្យង និងថ្មកែវពណ៌ខ្មៅ។
៧ ម្យ៉ាងទៀត គេបានប្រើពែងមាសសម្រាប់ដាក់ស្រាជូនភ្ញៀវ ហើយពែងនីមួយៗមានរាងខុសៗគ្នា។ នៅពិធីនោះ ស្ដេចបង្គាប់ឲ្យគេជូនស្រាយ៉ាងបរិបូរ។ ៨ ដូច្នេះ ភ្ញៀវអាចពិសាស្រាតាមចិត្ត ព្រោះស្ដេចបានរៀបចំជាមួយនឹងពួកមន្ត្រីក្នុងវិមាន ឲ្យជូនស្រាតាមដែលភ្ញៀវត្រូវការ។
៩ នៅដំណាលគ្នានោះ អគ្គមហេសីវ៉ាសធី+ ក៏បានរៀបចំពិធីជប់លៀងសម្រាប់ពួកស្រីៗនៅក្នុងវិមាននៃស្ដេចអាហាស៊ូរុសដែរ។
១០ នៅថ្ងៃទី៧ ក្រោយពីស្ដេចអាហាស៊ូរុសបានពិសាស្រា ហើយមានចិត្តសប្បាយរីករាយ គាត់បានចាត់អ្នកបម្រើផ្ទាល់របស់គាត់ គឺមេហ៊ូម៉ាន ប៊ីសថា ហាបូណា+ ប៊ីកថា អាបេកថា សេថារ និងកើកាស ដែលជាមន្ត្រីជាន់ខ្ពស់៧រូប ១១ ឲ្យទៅអញ្ជើញអគ្គមហេសីវ៉ាសធីមកទាំងពាក់មកុដ ដើម្បីបង្ហាញរូបសម្រស់របស់នាងដល់បណ្ដាជននិងពួកអ្នកគ្រប់គ្រង ព្រោះនាងស្រស់ស្អាតខ្លាំងណាស់។ ១២ ប៉ុន្តែ អគ្គមហេសីវ៉ាសធីចេះតែបដិសេធ ហើយមិនព្រមមកតាមបង្គាប់របស់ស្ដេចតាមរយៈពួកមន្ត្រីទាំងនោះទេ។ ពេលនោះ ស្ដេចខឹងឆេះឆួលជាខ្លាំង។
១៣ បន្ទាប់មក ស្ដេចបានប្រឹក្សាជាមួយនឹងពួកអ្នកប្រាជ្ញដែលមានការយល់ដឹងជ្រៅជ្រះអំពីរឿងក្ដី (ព្រោះស្ដេចតែងតែប្រឹក្សារឿងរបស់គាត់ជាមួយនឹងពួកអ្នកចេះច្បាប់និងពួកអ្នកជំនាញខាងរឿងក្ដី។ ១៤ ឯទីប្រឹក្សាដែលជិតស្និទ្ធនឹងស្ដេចបំផុតគឺ កើសេណា សេថា អាតមេថា តើស៊ីស មេរេស ម៉ាស៊ីណា និងមេមូកាន ពួកគាត់ជាអ្នកគ្រប់គ្រង៧រូប+ក្នុងរាជាណាចក្រមេឌីពើស៊ី ហើយមានសិទ្ធិចូលទៅជួបស្ដេចជាទៀងទាត់។ ពួកគាត់មានឋានៈខ្ពង់ខ្ពស់បំផុតនៅក្នុងរាជាណាចក្រ)។ ១៥ ស្ដេចបានសួរពួកគាត់ថា៖ «យោងទៅតាមច្បាប់រាជាណាចក្រយើង តើគួរធ្វើយ៉ាងណាចំពោះអគ្គមហេសីវ៉ាសធី? ព្រោះនាងមិនបានស្ដាប់បង្គាប់ខ្ញុំតាមរយៈពួកមន្ត្រីទេ»។
១៦ ពេលនោះ មេមូកានបានឆ្លើយតបទៅស្ដេចនៅមុខពួកអ្នកគ្រប់គ្រងឯទៀតថា៖ «តាមពិត អគ្គមហេសីវ៉ាសធីមិនត្រឹមតែប្រឆាំងនឹងស្ដេចប៉ុណ្ណោះទេ+ តែក៏ប្រឆាំងនឹងពួកអ្នកគ្រប់គ្រងទាំងអស់ រួមទាំងបណ្ដាជននៅគ្រប់ខេត្តរបស់លោកម្ចាស់ទៀតផង។ ១៧ ព្រោះអ្វីដែលអគ្គមហេសីបានធ្វើ នឹងឮសុសសាយទៅដល់ប្រពន្ធទាំងឡាយនៅក្នុងរាជាណាចក្រ ហើយពួកគេនឹងមើលងាយប្ដីរបស់ខ្លួន ដោយនិយាយថា៖ ‹ស្ដេចអាហាស៊ូរុសបានឲ្យគេទៅហៅអគ្គមហេសីវ៉ាសធីឲ្យមកជួបលោក តែនាងមិនព្រមមកទេ›។ ១៨ ចាប់ពីថ្ងៃនេះទៅ ប្រពន្ធរបស់ពួកអ្នកគ្រប់គ្រងទាំងឡាយក្នុងរាជាណាចក្រមេឌីពើស៊ី ដែលបានឮថាអគ្គមហេសីមិនបានស្ដាប់បង្គាប់ស្ដេច ពួកគេមុខជានិយាយជាមួយនឹងប្ដីរបស់ខ្លួនអំពីរឿងនោះមិនខាន ហើយនេះនឹងនាំឲ្យមានការមើលងាយនិងកំហឹងជាខ្លាំង។ ១៩ បើលោកម្ចាស់មិនយល់ទាស់ទេ សូមលោកចេញច្បាប់មួយ ហើយឲ្យគេកត់ទុកក្នុងច្បាប់របស់រាជាណាចក្រមេឌីពើស៊ី ដែលមិនអាចទៅជាមោឃឡើយ+ គឺថាអគ្គមហេសីវ៉ាសធីនឹងមិនអាចចូលមកជួបស្ដេចជាម្ចាស់បានទៀតទេ ហើយសូមលោកម្ចាស់ដកតំណែងរបស់នាងឲ្យទៅស្ត្រីម្នាក់ទៀតដែលប្រសើរជាងនាងវិញ។ ២០ ពេលគេប្រកាសច្បាប់នោះនៅពេញរាជាណាចក្រហើយ នោះប្រពន្ធទាំងឡាយចាប់តាំងពីអ្នកតូចរហូតដល់អ្នកធំ នឹងលើកកិត្តិយសប្ដីរបស់ខ្លួនជាមិនខាន»។
២១ ស្ដេចនិងពួកអ្នកគ្រប់គ្រងពេញចិត្តជាខ្លាំងនឹងយោបល់របស់មេមូកាន ហើយស្ដេចព្រមធ្វើតាមយោបល់នោះ។ ២២ ដូច្នេះ គាត់បានឲ្យគេផ្ញើសារទៅគ្រប់ខេត្តនៅទូទាំងរាជាណាចក្ររបស់គាត់+ តាមភាសារបស់បណ្ដាជនក្នុងខេត្តនីមួយៗ ដើម្បីឲ្យប្ដីទាំងឡាយធ្វើជាប្រមុខ*គ្រួសារ ហើយត្រូវនិយាយភាសាកំណើតរបស់ខ្លួនក្នុងក្រុមគ្រួសារ។
២ ក្រោយពីការទាំងនោះ ស្ដេចអាហាស៊ូរុស+បានស្ងប់ចិត្ត ហើយក៏បានគិតឡើងវិញនូវអ្វីដែលនាងវ៉ាសធីបានធ្វើ+ និងការសម្រេចចិត្តរបស់គាត់ស្ដីអំពីនាង។+ ២ បន្ទាប់មក ពួកអ្នកបម្រើជំនិតរបស់ស្ដេចបានប្រាប់គាត់ថា៖ «សូមស្ដេចជាម្ចាស់ចេញបញ្ជាឲ្យគេទៅស្វែងរកស្រីក្រមុំបរិសុទ្ធវ័យក្មេងដ៏ស្រស់ស្អាត យកមកជូនលោកម្ចាស់។ ៣ សូមលោកម្ចាស់តែងតាំងបុគ្គលមួយចំនួននៅតាមបណ្ដាខេត្តក្នុងរាជាណាចក្ររបស់លោកម្ចាស់+ ឲ្យជ្រើសរើសស្រីក្រមុំបរិសុទ្ធស្អាតៗដែលមានវ័យក្មេង ហើយនាំពួកនាងមកវិមានពួកស្ត្រីនៅក្នុងក្រុងស៊ូសាន*ដែលជារាជធានីដ៏រឹងមាំ។ សូមឲ្យហេកាយ+ដែលជាមន្ត្រីស្ដេច* និងជាអ្នកមើលការខុសត្រូវលើវិមានពួកស្ត្រី មើលថែពួកនាង។ នៅទីនោះ ពួកនាងនឹងទទួលការថែរក្សាសម្ផស្ស។ ៤ ឯស្រីវ័យក្មេងណាដែលស្ដេចពេញចិត្តជាងគេ នាងនោះនឹងត្រូវតែងតាំងជាអគ្គមហេសីជំនួសនាងវ៉ាសធីវិញ»។+ ពេលឮយោបល់នេះ ស្ដេចពេញចិត្តណាស់ ហើយគាត់ក៏ព្រមធ្វើតាមយោបល់នេះ។
៥ នៅគ្រានោះ ក្នុងរាជធានីស៊ូសាន*+មានបុរសជនជាតិយូដាម្នាក់ឈ្មោះម៉ាដេកាយ+ជាកូនយ៉ាអៀ ត្រូវជាចៅស៊ីមម៉ាយ និងជាចៅទួតរបស់គីស ដែលមកពីកុលសម្ព័ន្ធបេនយ៉ាមីន។+ ៦ គាត់ត្រូវគេនិរទេសចេញពីក្រុងយេរូសាឡិមជាមួយនឹងបណ្ដាជនឯទៀត នៅគ្រាដែលនេប៊ូក្នេសាជាស្ដេចស្រុកបាប៊ីឡូនបានចាប់យេកូនាស*+ជាស្ដេចយូដា យកមកធ្វើជាឈ្លើយ។ ៧ ម៉ាដេកាយបានយកនាងហាដាសា*ដែលហៅថាអេសធើរ ត្រូវជាប្អូនជីដូនមួយរបស់គាត់+ មកចិញ្ចឹមដូចជាកូន ក្រោយពីឪពុកម្ដាយរបស់នាងបានស្លាប់។ នាងមានរូបឆោមស្រស់ស្អាតណាស់។ ៨ ពេលស្ដេចចេញសេចក្ដីប្រកាស គេបាននាំស្រីវ័យក្មេងជាច្រើនមកវិមានស្ដេចក្នុងរាជធានីស៊ូសាន* ហើយគេបានដាក់ពួកនាងនៅក្រោមការគ្រប់គ្រងរបស់ហេកាយ+ដែលជាអ្នកមើលថែពួកស្ត្រី។ ក្នុងចំណោមពួកនាង ក៏មាននាងអេសធើរដែរ។
៩ ឯហេកាយ គាត់ពេញចិត្ត*នាងអេសធើរណាស់។ ដូច្នេះ គាត់ក៏បានរៀបចំឲ្យគេថែរក្សាសម្ផស្សឲ្យនាង+ និងផ្ដល់របបអាហារពិសេសដល់នាង។ គាត់បានចាត់ស្ត្រីវ័យក្មេង៧នាក់ពីវិមានស្ដេច ឲ្យមកបម្រើនាង។ ក្រោយមក គាត់ក៏ផ្លាស់នាងទៅស្នាក់នៅកន្លែងល្អបំផុតក្នុងវិមានពួកស្ត្រី។ ១០ នាងអេសធើរមិនបានប្រាប់អ្នកណាឲ្យដឹងអំពីសាច់ញាតិឬជាតិសាសន៍របស់នាងទេ+ ព្រោះម៉ាដេកាយ+បានបង្គាប់នាងកុំឲ្យប្រាប់រឿងនោះដល់អ្នកឯទៀត។+ ១១ ជារៀងរាល់ថ្ងៃ ម៉ាដេកាយតែងតែដើរនៅមុខទីធ្លាវិមានពួកស្ត្រី ដើម្បីដឹងសុខទុក្ខនាងអេសធើរ។
១២ តាមទម្លាប់ ស្រីវ័យក្មេងម្នាក់ៗដែលចូលទៅជួបស្ដេចអាហាស៊ូរុស ត្រូវទទួលការថែរក្សាសម្ផស្សអស់១២ខែ គឺ៦ខែដោយប្រេងជ័រល្វីងទេស+ និង៦ខែដោយប្រេងក្រអូប*+និងប្រេងពិសេសច្រើនមុខទៀត។ ១៣ ក្រោយពីថែរក្សាសម្ផស្សហើយ ពួកនាងម្នាក់ៗអាចចូលទៅជួបស្ដេចបាន។ ពួកនាងអាចសុំអ្វីក៏ដោយបានតាមចិត្ត មុនពេលនាងចាកចេញពីវិមានពួកស្ត្រីទៅវិមានស្ដេច។ ១៤ នៅពេលល្ងាច នាងនឹងចូលទៅជួបស្ដេច ហើយពេលព្រឹកនាងត្រឡប់មកវិមានទី២របស់ពួកស្ត្រីវិញ ដែលនៅក្រោមការគ្រប់គ្រងរបស់សាអាកាស ជាមន្ត្រីស្ដេច*+និងជាអ្នកមើលខុសត្រូវលើពួកប្រពន្ធបន្ទាប់របស់ស្ដេច។ ក្រោយនោះ នាងនឹងមិនអាចចូលទៅជួបស្ដេចទៀតទេ លើកលែងតែស្ដេចស្រឡាញ់ពេញចិត្តនាងជាពិសេស ហើយប្រាប់ឈ្មោះនាងឲ្យគេនាំមក។+
១៥ នាងអេសធើរជាកូនអាបឺហេលដែលជាឪពុកមារបស់ម៉ាដេកាយ ហើយម៉ាដេកាយជាអ្នកដែលបានយកនាងមកចិញ្ចឹម។+ លុះដល់វេននាងចូលទៅជួបស្ដេច នាងមិនបានសុំអ្វីទេ លើកលែងតែអ្វីដែលហេកាយជាអ្នកមើលថែពួកស្ត្រីឲ្យនាងប៉ុណ្ណោះ (អស់អ្នកណាដែលឃើញនាងអេសធើរសុទ្ធតែពេញចិត្តនាងទាំងអស់)។ ១៦ នៅខែតេបេថ*ជាខែទី១០ ក្នុងឆ្នាំទី៧+នៃរាជ្យអាហាស៊ូរុស គេបាននាំនាងអេសធើរចូលទៅជួបស្ដេច។ ១៧ ស្ដេចស្រឡាញ់ពេញចិត្ត*នាងអេសធើរលើសស្ត្រីឯទៀតទាំងអស់។ ហេតុនេះ ស្ដេចបានបំពាក់មកុដឲ្យនាង ហើយក៏តែងតាំងនាងជាអគ្គមហេសី+ជំនួសនាងវ៉ាសធី។+ ១៨ ដូច្នេះ ស្ដេចបានធ្វើពិធីជប់លៀងដ៏ធំឲ្យនាងអេសធើរ ហើយអញ្ជើញពួកអ្នកគ្រប់គ្រងនិងពួកអ្នកបម្រើរបស់ស្ដេចមកចូលរួម។ បន្ទាប់មក ស្ដេចបានចេញសេចក្ដីប្រកាសឲ្យមានការលើកលែង*នៅគ្រប់បណ្ដាខេត្ត ហើយចែកអំណោយឲ្យគេដោយចិត្តទូលាយ។
១៩ ពេលគេនាំពួកស្រីក្រមុំបរិសុទ្ធ+មកជាលើកទី២ ម៉ាដេកាយកំពុងអង្គុយនៅមុខខ្លោងទ្វារវិមានស្ដេច។* ២០ នាងអេសធើរមិនបានប្រាប់ឲ្យគេដឹងអំពីសាច់ញាតិនិងជាតិសាសន៍របស់នាងទេ+ ដូចអ្វីដែលម៉ាដេកាយបានប្រាប់នាង ហើយនាងនៅតែធ្វើតាមបង្គាប់របស់ម៉ាដេកាយ ដូចកាលដែលនាងនៅក្រោមការមើលខុសត្រូវរបស់គាត់។+
២១ ថ្ងៃមួយ ពេលដែលម៉ាដេកាយកំពុងអង្គុយនៅខាងមុខខ្លោងទ្វារវិមានស្ដេច មានអ្នកបម្រើស្ដេចពីរនាក់ជាអ្នកយាមទ្វារ ម្នាក់ឈ្មោះប៊ីកថាន ម្នាក់ទៀតឈ្មោះថេរែស ពួកគេទាំងពីរនាក់បានខឹងជាខ្លាំង ហើយបានរៀបគម្រោងសម្លាប់ស្ដេចអាហាស៊ូរុស។ ២២ ក្រោយពីម៉ាដេកាយបានដឹងអំពីគម្រោងនោះ គាត់ក៏ប្រញាប់នាំដំណឹងទៅប្រាប់អគ្គមហេសីអេសធើរ។ នាងក៏នាំពាក្យទៅជម្រាបស្ដេចភ្លាម ដោយនូវឈ្មោះម៉ាដេកាយ។ ២៣ ដូច្នេះ ស្ដេចក៏ឲ្យគេស៊ើបអង្កេតរឿងនោះ ហើយឃើញថាពិតជាដូច្នោះមែន។ ក្រោយមក គេបានប្រហារជីវិតបុរសពីរនាក់នោះដោយព្យួរនៅលើបង្គោលឈើ។ រឿងនេះក៏បានត្រូវកត់ទុកក្នុងសៀវភៅប្រវត្តិសាស្ត្រនៅចំពោះមុខស្ដេចអាហាស៊ូរុសដែរ។+
៣ នៅគ្រានោះ ស្ដេចអាហាស៊ូរុសមានមន្ត្រីម្នាក់ឈ្មោះហាម៉ាន+ ជាកូនហាម៉ាដេថាដែលជាកូនចៅអាកាក់។+ ស្ដេចបានដំឡើងតំណែងហាម៉ានឲ្យខ្ពង់ខ្ពស់ជាងពួកអ្នកគ្រប់គ្រងទាំងអស់+ ២ ហើយបានចេញបញ្ជាឲ្យគេក្រាបគោរពហាម៉ាន។ ដូច្នេះ ពួកអ្នកបម្រើទាំងអស់ដែលប្រចាំការនៅខ្លោងទ្វារវិមានស្ដេច បានធ្វើតាមបង្គាប់ស្ដេច។ ប៉ុន្តែ ម៉ាដេកាយមិនព្រមក្រាបគោរពហាម៉ានទេ។ ៣ ពេលឃើញដូច្នេះ ពួកអ្នកបម្រើទាំងនោះ*បានសួរម៉ាដេកាយថា៖ «ហេតុអ្វីក៏អ្នកមិនធ្វើតាមបញ្ជារបស់ស្ដេចដូច្នេះ?»។ ៤ ពួកគេសួរដូច្នោះជារៀងរាល់ថ្ងៃ តែម៉ាដេកាយមិនព្រមធ្វើតាមពួកគេទេ ហើយគាត់បានប្រាប់ពួកគេថាគាត់ជាជនជាតិយូដា។+ ដូច្នេះ ពួកគេបានប្រាប់ហាម៉ានអំពីរឿងនោះ ដើម្បីដឹងថាតើការប្រព្រឹត្តរបស់ម៉ាដេកាយ គួរទទួលការអនុគ្រោះឬមិនគួរ។+
៥ ពេលហាម៉ានបានឃើញថាម៉ាដេកាយមិនព្រមក្រាបគោរពចំពោះខ្លួន គាត់ខឹងយ៉ាងខ្លាំង។+ ៦ ដូច្នេះ គាត់ចង់សម្លាប់ម៉ាដេកាយខ្លាំងណាស់។ ប៉ុន្តែ គាត់គិតថាបើសម្លាប់តែម៉ាដេកាយម្នាក់ប៉ុណ្ណោះ គឺអន់ពេក។ ផ្ទុយទៅវិញ គាត់ចង់សម្លាប់ជនជាតិយូដាទាំងមូល ព្រោះគេបានប្រាប់គាត់ថាម៉ាដេកាយជាជនជាតិយូដា។ ដូច្នេះ គាត់បានស្វែងរកឱកាសបំផ្លាញជនជាតិយូដាទាំងអស់ ដែលរស់នៅក្នុងរាជាណាចក្ររបស់ស្ដេចអាហាស៊ូរុស។
៧ ម្ល៉ោះហើយ នៅខែទី១ ជាខែណែសាន* ក្នុងឆ្នាំទី១២+នៃរាជ្យអាហាស៊ូរុស គេបានចាប់ឆ្នោត*+ ដើម្បីដឹងថាថ្ងៃណាខែណាជាពេលវេលាល្អ។ រួចមក ឆ្នោតនោះក៏ធ្លាក់ចំខែទី១២ ជាខែអេដា។*+ ៨ ក្រោយមក ហាម៉ានបានទៅជួបស្ដេចអាហាស៊ូរុស ហើយជម្រាបថា៖ «មានជាតិសាសន៍មួយដែលនៅរាត់រាយពេញពាស+អាណាខេត្តរបស់លោកម្ចាស់+ ពួកគេមានច្បាប់ផ្សេងពីជាតិសាសន៍ឯទៀត ហើយពួកគេមិនធ្វើតាមច្បាប់របស់លោកម្ចាស់ទេ។ ពួកគេច្បាស់ជាធ្វើឲ្យលោកម្ចាស់ខាតបង់ប្រយោជន៍មិនខាន។ ៩ បើលោកម្ចាស់មិនយល់ទាស់ទេ សូមលោកចេញច្បាប់ឲ្យគេបំផ្លាញជាតិសាសន៍នោះទៅ។ ខ្ញុំនឹងប្រគល់ប្រាក់ចំនួន១០.០០០ថាលិន* ឲ្យពួកមន្ត្រីយកទៅដាក់ក្នុងឃ្លាំងរបស់លោក»។*
១០ ពេលឮដូច្នេះ ស្ដេចបានដោះចិញ្ចៀនត្រា+ឲ្យហាម៉ាន+ជាកូនហាម៉ាដេថាដែលត្រូវជាកូនចៅអាកាក់+ ហើយជាសត្រូវរបស់ពួកយូដា។ ១១ ស្ដេចបាននិយាយទៅកាន់ហាម៉ានថា៖ «ខ្ញុំប្រគល់ជាតិសាសន៍នោះនិងទ្រព្យសម្បត្តិ*ដល់អ្នកហើយ ចូរធ្វើតាមតែចិត្តអ្នកចុះ»។ ១២ នៅថ្ងៃទី១៣ ក្នុងខែទី១ ពួកលេខាធិការស្ដេច+បានត្រូវអញ្ជើញឲ្យមកជួបជុំគ្នា។ ពួកគេបានសរសេរ+តាមបង្គាប់ទាំងប៉ុន្មានរបស់ហាម៉ាន រួចផ្ញើទៅពួកមន្ត្រីជាន់ខ្ពស់របស់ស្ដេច និងពួកអភិបាលខេត្ត ព្រមទាំងពួកអ្នកគ្រប់គ្រងលើជាតិសាសន៍ផ្សេងៗ។ ពួកគេបានសរសេរតាមអក្សរ និងភាសារបស់ជាតិសាសន៍ទាំងនោះ ក្នុងនាមស្ដេចអាហាស៊ូរុស ហើយបោះត្រាដោយចិញ្ចៀនរបស់ស្ដេច។+
១៣ បន្ទាប់មក គេឲ្យពួកអ្នករត់សំបុត្រយកសំបុត្រទាំងនោះទៅគ្រប់ខេត្ត ដោយបញ្ជាឲ្យគេសម្លាប់ពួកយូដាទាំងអស់ គឺទាំងចាស់ទាំងក្មេងទាំងប្រុសទាំងស្រី នៅថ្ងៃទី១៣ ខែទី១២ ជាខែអេដា។+ ក្រោយមក គេត្រូវរឹបអូសយកទ្រព្យសម្បត្តិរបស់ពួកយូដាទាំងអស់។+ ១៤ សេចក្ដីក្នុងសំបុត្រនោះនឹងទៅជាច្បាប់ដល់គ្រប់អាណាខេត្ត ហើយនឹងត្រូវប្រកាសឲ្យបណ្ដាជនទាំងអស់ដឹង ដើម្បីឲ្យពួកគេត្រៀមខ្លួនសម្រាប់ថ្ងៃនោះ។ ១៥ ដូច្នេះ ពួកអ្នករត់សំបុត្របានប្រញាប់យកសំបុត្រទាំងនោះទៅ+ តាមបង្គាប់របស់ស្ដេច។ គេក៏បានប្រកាសច្បាប់នោះក្នុងក្រុងស៊ូសាន*+ដែលជារាជធានីដ៏រឹងមាំ។ ម្ល៉ោះហើយ ក្នុងក្រុងស៊ូសានមានភាពច្របូកច្របល់ជាខ្លាំង។ ប៉ុន្តែ ពេលនោះស្ដេចអង្គុយពិសាស្រាជាមួយនឹងហាម៉ាន។
៤ ពេលម៉ាដេកាយ+ឮដំណឹងនោះ+ភ្លាម គាត់បានហែកអាវ ហើយស្លៀកបាវនិងបាចផេះនៅលើក្បាល។ បន្ទាប់មក គាត់ចេញទៅកណ្ដាលទីក្រុង ទាំងស្រែកយំយ៉ាងជូរចត់។ ២ គាត់បានដើរទៅដល់ខ្លោងទ្វារវិមានស្ដេច តែមិនចូលទៅទេ ព្រោះអ្នកដែលស្លៀកបាវមិនអាចចូលវិមានស្ដេចបានឡើយ។ ៣ ឯបណ្ដាជនយូដាដែលនៅគ្រប់អាណាខេត្ត+ ពេលពួកគេឮច្បាប់ដែលស្ដេចបានចេញនោះ ពួកគេបានយំសោកជាខ្លាំង ទាំងតមអាហារផង។+ ពួកគេជាច្រើនបានដេកលើផេះនិងបាវ។+ ៤ ក្រោយមក ពួកអ្នកបម្រើ*ប្រុសនិងពួកអ្នកបម្រើស្រីរបស់នាងអេសធើរ បានមកប្រាប់នាងនូវអ្វីដែលបានកើតឡើង។ ពេលឮដំណឹងនោះ នាងពិបាកចិត្តខ្លាំងណាស់។ នាងបានឲ្យគេយកសម្លៀកបំពាក់ទៅឲ្យម៉ាដេកាយផ្លាស់ តែគាត់មិនព្រមទេ។ ៥ ខណៈនោះ នាងអេសធើរបានឲ្យគេទៅហៅហាថាក់ជាអ្នកបម្រើ*ម្នាក់ដែលស្ដេចបានចាត់ឲ្យមកបម្រើនាង។ ពេលគាត់មកដល់ នាងបានបង្គាប់គាត់ឲ្យទៅសួរនាំម៉ាដេកាយអំពីហេតុការណ៍ដែលបានកើតឡើង។
៦ ដូច្នេះ ហាថាក់បានចេញទៅជួបម៉ាដេកាយនៅទីលានសាធារណៈ ខាងមុខខ្លោងទ្វារវិមានស្ដេច។ ៧ ម៉ាដេកាយបានប្រាប់ហាថាក់អំពីអ្វីដែលបានកើតឡើងចំពោះគាត់ ហើយក៏ប្រាប់អំពីចំនួនប្រាក់+ដែលហាម៉ានបានសន្យាប្រគល់ឲ្យទៅឃ្លាំងប្រាក់របស់ស្ដេច ដើម្បីបំផ្លាញជនជាតិយូដាទាំងមូល។+ ៨ បន្ថែមទៀត ម៉ាដេកាយបានឲ្យរាជបញ្ជាដែលចេញនៅក្រុងស៊ូសាន*+ ដែលបង្គាប់ឲ្យបំផ្លាញជនជាតិយូដាទាំងអស់ដល់ហាថាក់ ហើយប្រាប់គាត់ឲ្យយករាជបញ្ជានោះទៅប្រគល់ឲ្យនាងអេសធើរ និងពន្យល់ប្រាប់នាងអំពីខ្លឹមសារក្នុងនោះ ថែមទាំងសុំនាង+ឲ្យទៅអង្វរស្ដេចសុំក្ដីមេត្តាជំនួសជនជាតិនាងផង។
៩ ក្រោយពីស្ដាប់រួច ហាថាក់បានចូលទៅជួបនាងអេសធើរវិញ ហើយប្រាប់នាងតាមពាក្យរបស់ម៉ាដេកាយ។ ១០ នាងអេសធើរបានឲ្យហាថាក់នាំពាក្យទៅប្រាប់ម៉ាដេកាយវិញថា៖+ ១១ «គ្រប់ប្រជារាស្ត្រនិងពួកអ្នកបម្រើរបស់ស្ដេចទាំងអស់សុទ្ធតែដឹងហើយថាមានច្បាប់មួយ គឺបើអ្នកណាម្នាក់ចូលទៅទីលានខាងក្នុងវិមានស្ដេច+ ដោយគ្មានការកោះហៅទេ អ្នកនោះមានទោសតែមួយប៉ុណ្ណោះគឺត្រូវប្រហារជីវិត។ ប៉ុន្តែ អ្នកនោះអាចរួចជីវិតបាន លុះត្រាតែស្ដេចហុចដំបងរាជ្យឲ្យគាត់ប៉ះ។+ ចំណែកខ្ញុំ ស្ដេចមិនបានហៅឲ្យទៅជួបអស់រយៈពេល៣០ថ្ងៃហើយ»។
១២ ក្រោយពីម៉ាដេកាយឮដំណឹងនេះហើយ ១៣ គាត់ក៏ផ្ញើពាក្យទៅនាងអេសធើរវិញថា៖ «នាងមិនវិសេសជាងជនជាតិយូដាឯទៀតទេ។ សូមកុំគិតស្មានថានាងនឹងរួចជីវិតដោយសារនាងនៅក្នុងវិមានស្ដេចនោះឡើយ។ ១៤ ប្រសិនបើពេលនេះនាងនៅស្ងៀម នោះជនជាតិយូដានឹងទទួលសេចក្ដីសង្គ្រោះពីប្រភពផ្សេងវិញ+ តែនាងនិងពូជពង្សឪពុកនាងនឹងត្រូវវិនាសជាមិនខាន។ នាងបានត្រូវតែងតាំងជាអគ្គមហេសី ប្រហែលជាសម្រាប់គ្រាដូចនេះទេដឹង»។+
១៥ បន្ទាប់មក នាងអេសធើរផ្ញើពាក្យទៅម៉ាដេកាយវិញថា៖ ១៦ «សូមហៅជនជាតិយូដាទាំងអស់នៅក្នុងក្រុងស៊ូសាន* ឲ្យមកជួបជុំគ្នាតមអាហារ+ដើម្បីខ្ញុំ។ សូមកុំបរិភាគឬផឹកអ្វីឡើយ ក្នុងអំឡុងបីថ្ងៃ។+ ឯខ្ញុំនិងពួកអ្នកបម្រើស្រីរបស់ខ្ញុំក៏តមអាហារដែរ។ ខ្ញុំនឹងចូលទៅជួបស្ដេច ទោះជាខុសនឹងច្បាប់ក៏ដោយ។ បើខ្ញុំត្រូវស្លាប់ ក៏ស្លាប់ទៅចុះ»។ ១៧ ដូច្នេះ ម៉ាដេកាយបានចេញទៅ ហើយគាត់ក៏ធ្វើតាមការណែនាំទាំងអស់របស់នាងអេសធើរ។
៥ លុះបីថ្ងៃក្រោយមក+ នាងអេសធើរបានស្លៀកសម្លៀកបំពាក់អគ្គមហេសី ហើយចូលទៅឈរនៅទីលានខាងក្នុងទល់មុខវិមានស្ដេច។ ពេលនោះ ស្ដេចកំពុងអង្គុយក្នុងវិមានលើបល្ល័ង្កបែរមុខទៅខ្លោងទ្វារចូល។ ២ កាលដែលស្ដេចឃើញនាងអេសធើរឈរនៅទីលានខាងក្នុង គាត់បានមើលទៅនាងដោយក្ដីពេញចិត្ត ហើយហុចដំបងរាជ្យឲ្យនាងប៉ះ។+ រួចនាងក៏ដើរចូលទៅជិតស្ដេច ហើយប៉ះចុងដំបងនោះ។
៣ ស្ដេចបានសួរនាងថា៖ «អគ្គមហេសីអេសធើរ តើនាងមានរឿងអ្វី? តើនាងមានសំណូមពរអ្វី? ទោះជានាងសុំដល់ទៅរាជាណាចក្រពាក់កណ្ដាលក្ដី ក៏ខ្ញុំប្រគល់ឲ្យនាងដែរ!»។ ៤ នាងអេសធើរបានឆ្លើយតបថា៖ «បើស្ដេចជាម្ចាស់មិនយល់ទាស់ទេ នៅថ្ងៃនេះ សូមលោកនិងហាម៉ាន+អញ្ជើញមកពិសាភោជនាហារដែលនាងខ្ញុំបានរៀបចំសម្រាប់លោកម្ចាស់»។ ៥ ដូច្នេះ ស្ដេចបានបញ្ជាពួកអ្នកបម្រើថា៖ «ចូរទៅអញ្ជើញហាម៉ានឲ្យមកជាប្រញាប់ តាមសំណូមពររបស់អគ្គមហេសីអេសធើរ»។ បន្ទាប់មក ស្ដេចនិងហាម៉ានបានទៅពិសាភោជនាហារដែលអេសធើរបានរៀបចំ។
៦ ក្នុងពេលពិសាស្រា ស្ដេចបាននិយាយទៅកាន់នាងអេសធើរថា៖ «តើនាងចង់បានអ្វី? តើនាងមានសំណូមពរអ្វី? ទោះជានាងសុំដល់ទៅរាជាណាចក្រពាក់កណ្ដាលក្ដី ក៏ខ្ញុំប្រគល់ឲ្យនាងដែរ!»។+ ៧ នាងអេសធើរបានឆ្លើយតបថា៖ «អ្វីដែលនាងខ្ញុំចង់បានគឺ ៨ បើស្ដេចជាម្ចាស់ប្រណីមេត្តាចំពោះនាងខ្ញុំ ហើយបើលោកមិនយល់ទាស់ទេ សូមលោកម្ចាស់និងហាម៉ានអញ្ជើញមកពិសាភោជនាហារដែលនាងខ្ញុំនឹងរៀបចំនៅថ្ងៃស្អែកម្ដងទៀត។ នៅពេលនោះ នាងខ្ញុំនឹងជម្រាបលោកម្ចាស់អំពីសំណូមពររបស់នាងខ្ញុំ»។
៩ នៅថ្ងៃនោះ ពេលហាម៉ានចេញពីពិធីពិសាភោជនាហារ គាត់សប្បាយចិត្តជាខ្លាំង។ ប៉ុន្តែ ពេលគាត់ឃើញម៉ាដេកាយនៅខ្លោងទ្វារវិមានស្ដេច គាត់បែរជាខឹងយ៉ាងខ្លាំងទៅវិញ ព្រោះម៉ាដេកាយមិនបានក្រោកឈរ ហើយបង្ហាញការកោតខ្លាចចំពោះគាត់ទេ។+ ១០ ទោះជាយ៉ាងនោះក៏ដោយ គាត់បានទប់ចិត្ត ហើយបន្តដំណើរទៅផ្ទះ។ ពេលទៅដល់ គាត់បានចាត់គេឲ្យទៅហៅសេរេស+ជាប្រពន្ធ និងមិត្តភក្ដិគាត់ឲ្យមក។ ១១ ហាម៉ានបាននិយាយអួតអំពីទ្រព្យសម្បត្តិដ៏ស្ដុកស្ដម្ភ និងកូនចៅដ៏ច្រើនរបស់គាត់+ ព្រមទាំងអំពីការដែលស្ដេចលើកតម្កើងនិងដំឡើងឋានៈគាត់ឲ្យខ្ពស់ជាងពួកអ្នកគ្រប់គ្រងនិងមន្ត្រីឯទៀត។+
១២ ហាម៉ានបានបន្ថែមថា៖ «លើសពីនោះទៅទៀត អគ្គមហេសីអេសធើរបានអញ្ជើញតែខ្ញុំនិងស្ដេចប៉ុណ្ណោះឲ្យចូលរួមពិសាភោជនាហារ ដែលនាងបានរៀបចំ។+ នៅថ្ងៃស្អែក នាងក៏បានអញ្ជើញខ្ញុំឲ្យទៅពិសាម្ដងទៀតជាមួយនឹងស្ដេចដែរ។+ ១៣ ប៉ុន្តែ ទោះជាខ្ញុំមានកិត្តិយសយ៉ាងនេះក្ដី ក៏ខ្ញុំមិនសប្បាយចិត្តដែរ ដរាបណាខ្ញុំនៅតែឃើញម៉ាដេកាយជាជនជាតិយូដានោះ អង្គុយនៅមុខខ្លោងទ្វារវិមានស្ដេច»។ ១៤ ដូច្នេះ ប្រពន្ធគាត់និងមិត្តភក្ដិទាំងអស់ឲ្យយោបល់ថា៖ «សូមឲ្យគេដំឡើងបង្គោលឈើមួយកម្ពស់៥០ហត្ថ។* នៅពេលព្រឹក សូមស្នើស្ដេចឲ្យបញ្ជាគេព្យួរម៉ាដេកាយនៅលើបង្គោលនោះទៅ។+ រួចសឹមចូលទៅពិសាភោជនាហារជាមួយនឹងស្ដេចដោយសប្បាយចុះ»។ ហាម៉ានពេញចិត្តនឹងយោបល់នេះណាស់។ ហេតុនេះ គាត់បានចាត់គេឲ្យដំឡើងបង្គោលឈើនោះ។
៦ នៅរាត្រីនោះ ស្ដេចសម្រាន្តមិនលក់សោះ។ ម្ល៉ោះហើយ គាត់បានបង្គាប់ឲ្យគេយកសៀវភៅប្រវត្តិសាស្ត្រ+មកអានឲ្យគាត់ស្ដាប់។ ២ នៅពេលអាន គេអានចំកំណត់ហេតុអំពីម៉ាដេកាយបានរាយការណ៍នូវគម្រោងការសម្លាប់ស្ដេចអាហាស៊ូរុស ជាគម្រោងរបស់អ្នកយាមទ្វារពីរនាក់ដែលមានឈ្មោះប៊ីកថាណានិងថេរែស។+ ៣ ស្ដេចបានសួរថា៖ «តើម៉ាដេកាយបានទទួលកិត្តិយសនិងរង្វាន់អ្វីខ្លះ?»។ ពួកអ្នកបម្រើជំនិតរបស់ស្ដេចបានឆ្លើយថា៖ «គាត់មិនបានទទួលអ្វីឡើយ»។
៤ បន្ទាប់មក ស្ដេចបានសួរថា៖ «តើអ្នកណានៅទីលានខាងក្រៅ?»។ ពេលនោះ ហាម៉ានកំពុងឈរនៅទីលានខាងក្រៅ+វិមានស្ដេច។ គាត់បានមកដើម្បីសុំការអនុញ្ញាតពីស្ដេច ឲ្យគេព្យួរម៉ាដេកាយលើបង្គោលដែលគាត់បានដំឡើង។+ ៥ ពួកអ្នកបម្រើស្ដេចបានឆ្លើយថា៖ «គឺហាម៉ាន+កំពុងឈរនៅទីលាន លោកម្ចាស់»។ ដូច្នេះ ស្ដេចបានបញ្ជាថា៖ «ឲ្យគាត់ចូលមក»។
៦ ពេលហាម៉ានចូលទៅដល់ ស្ដេចបានសួរគាត់ថា៖ «តើគួរធ្វើយ៉ាងណាចំពោះអ្នកដែលខ្ញុំចង់លើកកិត្តិយស»។ ហាម៉ានគិតក្នុងចិត្តថា៖ «តើមានអ្នកណាទៀត ក្រៅពីខ្ញុំដែលស្ដេចចង់លើកកិត្តិយសនោះ?»។+ ៧ ដូច្នេះ ហាម៉ានឆ្លើយតបទៅស្ដេចថា៖ «ចំពោះអ្នកដែលស្ដេចជាម្ចាស់ចង់លើកកិត្តិយសនោះ ៨ សូមឲ្យគេយកសម្លៀកបំពាក់វិសេស+របស់លោកម្ចាស់ និងសេះរបស់លោកម្ចាស់ដែលបំពាក់ដោយគ្រឿងលម្អនៅលើក្បាល។ ៩ រួចមក សូមឲ្យមន្ត្រីជាន់ខ្ពស់ម្នាក់ មកបំពាក់សម្លៀកបំពាក់វិសេសដល់គាត់ ហើយបញ្ជិះគាត់នៅលើខ្នងសេះនោះ។ បន្ទាប់មក ដើរដង្ហែគាត់ទៅទីលានសាធារណៈនៅក្នុងក្រុង។ រួចឲ្យគេស្រែកឡើងថា៖ ‹អ្នកដែលស្ដេចពេញចិត្ត ត្រូវទទួលកិត្តិយសដូចនេះ!›»។+ ១០ ភ្លាមនោះ ស្ដេចបានប្រាប់ហាម៉ានថា៖ «ចូរប្រញាប់ទៅយកសម្លៀកបំពាក់និងសេះនោះមក ហើយធ្វើដូច្នោះចំពោះម៉ាដេកាយជាជនជាតិយូដាដែលកំពុងអង្គុយនៅខ្លោងទ្វារវិមានស្ដេចចុះ។ ចូរធ្វើតាមយោបល់ទាំងអស់របស់អ្នក កុំឲ្យខានណាមួយឡើយ»។
១១ ដូច្នេះ ហាម៉ានបានយកសម្លៀកបំពាក់និងសេះមក ហើយបំពាក់សម្លៀកបំពាក់នោះដល់ម៉ាដេកាយ+ ហើយបញ្ជិះគាត់នៅលើខ្នងសេះ រួចធ្វើដំណើរទៅទីលានសាធារណៈនៅក្នុងក្រុង ថែមទាំងស្រែកឡើងនៅមុខម៉ាដេកាយថា៖ «អ្នកដែលស្ដេចពេញចិត្ត ត្រូវទទួលកិត្តិយសដូចនេះ!»។ ១២ ក្រោយមក ម៉ាដេកាយក៏ត្រឡប់ទៅខ្លោងទ្វារវិមានស្ដេចវិញ។ ចំណែកឯហាម៉ាន គាត់ប្រញាប់ប្រញាល់ទៅផ្ទះរបស់គាត់ ទាំងបាក់មុខយ៉ាងខ្លាំង ហើយគ្រលុំក្បាលផង។ ១៣ គាត់បានរៀបរាប់អំពីអ្វីដែលបានកើតឡើង ប្រាប់ដល់សេរេសជាប្រពន្ធ+ ព្រមទាំងមិត្តភក្ដិរបស់គាត់។ ពេលឮដូច្នោះ ទីប្រឹក្សានិងប្រពន្ធគាត់ប្រាប់គាត់ថា៖ «បើម៉ាដេកាយជាជនជាតិយូដាមែន អ្នកមិនអាចឈ្នះគាត់បានទេ ដូចអ្នកពិសោធស្រាប់ហើយ។ អ្នកនឹងទទួលបរាជ័យជាមិនខាន»។
១៤ កាលដែលពួកគេកំពុងនិយាយនៅឡើយ ពួកមន្ត្រីរបស់ស្ដេចក៏មកដល់ ហើយអញ្ជើញហាម៉ានឲ្យប្រញាប់ទៅពិធីពិសាភោជនាហារដែលនាងអេសធើរបានរៀបចំ។+
៧ ដូច្នេះ ស្ដេចនិងហាម៉ាន+បានចូលទៅពិសាភោជនាហារ ដែលអគ្គមហេសីអេសធើរបានរៀបចំ។ ២ ពេលពិសាស្រានៅថ្ងៃបន្ទាប់នោះ ស្ដេចសួរនាងអេសធើរម្ដងទៀតថា៖ «អគ្គមហេសីអេសធើរ តើនាងចង់បានអ្វី? តើនាងមានសំណូមពរអ្វី? ទោះជានាងសុំដល់ទៅរាជាណាចក្រពាក់កណ្ដាលក្ដី ក៏ខ្ញុំប្រគល់ឲ្យនាងដែរ!»។+ ៣ នាងអេសធើរបានឆ្លើយតបថា៖ «បើស្ដេចជាម្ចាស់ប្រណីមេត្តាចំពោះនាងខ្ញុំ ហើយបើលោកម្ចាស់មិនយល់ទាស់ទេ នាងខ្ញុំសូមអង្វរលោកម្ចាស់មេត្តាទុកជីវិតឲ្យនាងខ្ញុំនិងជនរួមជាតិរបស់នាងខ្ញុំផង+ ៤ ព្រោះនាងខ្ញុំនិងជនរួមជាតិរបស់នាងខ្ញុំ បានត្រូវប្រគល់ឲ្យគេ+បំផ្លាញចោលទាំងអស់គ្មានសល់ហើយ។+ បើគេគ្រាន់តែលក់ពួកយើងឲ្យធ្វើជាខ្ញុំបម្រើប៉ុណ្ណោះ នោះនាងខ្ញុំសុខចិត្តនៅស្ងៀម។ ប៉ុន្តែ គេចង់សម្លាប់ពួកយើងខ្ញុំទាំងអស់វិញ។ រឿងខ្លោចផ្សានេះមិនគួរកើតឡើងទេ ព្រោះនឹងនាំឲ្យស្ដេចជាម្ចាស់ខាតបង់ប្រយោជន៍ហើយ»។
៥ ឮដូច្នេះ ស្ដេចអាហាស៊ូរុសបានសួរអគ្គមហេសីអេសធើរថា៖ «តើអ្នកណាហ៊ានធ្វើដូច្នេះ? តើអ្នកនោះនៅឯណា?»។ ៦ នាងអេសធើរបានតបឆ្លើយថា៖ «សត្រូវនោះគឺហាម៉ានដ៏អាក្រក់នេះហើយ»។
ពេលនោះ ហាម៉ានភ័យខ្លាចខ្លាំងណាស់ចំពោះស្ដេចនិងអគ្គមហេសី។ ៧ ស្ដេចខឹងយ៉ាងខ្លាំង ហើយក្រោកឡើងដើរទៅសួនវិមាន។ ឯហាម៉ាន គាត់បានក្រោកឡើង រួចអង្វរសុំអគ្គមហេសីអេសធើរទុកជីវិតឲ្យគាត់ ព្រោះគាត់ដឹងថាស្ដេចច្បាស់ជាដាក់ទោសគាត់ជាមិនខាន។ ៨ បន្ទាប់មក ស្ដេចបានចូលមកកន្លែងពិសាភោជនាហារវិញ។ ពេលនោះ គាត់បានឃើញហាម៉ានទ្រោបខ្លួនលើគ្រែក្បែរកន្លែងនាងអេសធើរអង្គុយ។ ឃើញដូច្នោះ ស្ដេចបានស្រែកឡើងថា៖ «ហាម៉ាននេះ! ចង់រំលោភអគ្គមហេសីយើងក្នុងវិមានផងឬ?»។ ស្ដេចមិនទាន់និយាយរួចពីមាត់ផង ពួកអ្នកបម្រើស្ដេចក៏ចូលមកគ្របមុខហាម៉ាន។ ៩ មន្ត្រីម្នាក់ឈ្មោះហាបូណា+ជម្រាបស្ដេចថា៖ «លោកម្ចាស់! ហាម៉ានបានឲ្យគេដំឡើងបង្គោលឈើមួយមានកម្ពស់៥០ហត្ថ*នៅផ្ទះរបស់គាត់ ទុកសម្រាប់ព្យួរម៉ាដេកាយ+ជាអ្នកសង្គ្រោះជីវិតលោកម្ចាស់»។+ ឮដូច្នេះ ស្ដេចបានបញ្ជាថា៖ «ចូរព្យួរគាត់នៅលើបង្គោលនោះទៅ»។ ១០ ដូច្នេះ គេក៏ព្យួរហាម៉ាននៅលើបង្គោលឈើនោះ ហើយស្ដេចក៏ស្ងប់កំហឹងទៅ។
៨ នៅថ្ងៃដដែលនោះ ស្ដេចអាហាស៊ូរុសបានប្រគល់ផ្ទះរបស់ហាម៉ាន+ដែលជាសត្រូវជនជាតិយូដា+ ដល់អគ្គមហេសីអេសធើរ។ ក្រោយមក អេសធើរបានជម្រាបស្ដេចថាម៉ាដេកាយត្រូវជាសាច់ញាតិរបស់នាង។ ដូច្នេះ ស្ដេចក៏ឲ្យម៉ាដេកាយចូលមកជួប។+ ២ បន្ទាប់មក ស្ដេចបានប្រគល់ចិញ្ចៀនត្រារបស់គាត់+ដល់ម៉ាដេកាយ ជាចិញ្ចៀនដែលគាត់បានដកហូតពីហាម៉ាន។ ចំណែកអេសធើរ នាងបានប្រគល់ផ្ទះរបស់ហាម៉ានឲ្យទៅម៉ាដេកាយគ្រប់គ្រង។+
៣ បន្ថែមទៅទៀត នាងអេសធើរបានចូលទៅនិយាយជាមួយនឹងស្ដេចម្ដងទៀត។ នាងបានលុតជង្គង់នៅទៀបជើងស្ដេច ហើយអង្វរស្ដេចទាំងទឹកភ្នែក សុំឲ្យស្ដេចបញ្ឈប់គម្រោងការអាក្រក់របស់ហាម៉ានជាកូនចៅអាកាក់ ដែលបានរៀបចំឡើងដើម្បីប្រឆាំងនឹងជនជាតិយូដា។+ ៤ ខណៈនោះ ស្ដេចបានហុចដំបងរាជ្យឲ្យនាងអេសធើរប៉ះ+ ហើយនាងបានក្រោកឡើងឈរនៅចំពោះស្ដេច។ ៥ នាងបាននិយាយថា៖ «បើស្ដេចជាម្ចាស់ប្រណីមេត្តាដល់នាងខ្ញុំ ហើយបើលោកមិនយល់ទាស់ទេ សូមចេញបញ្ជាឲ្យគេសរសេរលិខិតមួយ ដើម្បីធ្វើឲ្យលិខិតរបស់ហាម៉ាន+ជាកូនហាម៉ាដេថាជាជនជាតិអាកាក់+ទៅជាមោឃ ព្រោះគាត់បានសរសេរលិខិតនោះដើម្បីបំផ្លាញជនជាតិយូដានៅគ្រប់អាណាខេត្តរបស់លោកម្ចាស់។ ៦ ពួកអ្នកទាំងនោះជាជនរួមជាតិរបស់នាងខ្ញុំ។ នាងខ្ញុំមិនអាចឃើញពួកគេរងទុក្ខវេទនា ហើយមិនអើពើនោះទេ។ នាងខ្ញុំក៏មិនអាចឃើញសាច់ញាតិនាងខ្ញុំត្រូវគេបំផ្លាញចោល ហើយនៅស្ងៀមនោះដែរ»។
៧ ដូច្នេះ ស្ដេចអាហាស៊ូរុសបាននិយាយទៅកាន់អគ្គមហេសីអេសធើរ និងម៉ាដេកាយជាជនជាតិយូដាថា៖ «មើល! ខ្ញុំបានប្រគល់ផ្ទះរបស់ហាម៉ានឲ្យទៅអគ្គមហេសី+ហើយ។ ខ្ញុំក៏ឲ្យគេព្យួរហាម៉ានលើបង្គោលឈើដែរ+ ព្រោះតែគាត់បានរៀបគម្រោងការបំផ្លាញជនជាតិយូដា។ ៨ ដូច្នេះ អ្នកអាចចេញលិខិតមួយដោយនូវឈ្មោះខ្ញុំ ហើយបោះត្រាដោយចិញ្ចៀនរបស់ខ្ញុំ ដើម្បីជួយជនជាតិយូដា ព្រោះរាល់លិខិតណាដែលសរសេរដោយនូវឈ្មោះខ្ញុំនិងមានត្រាចិញ្ចៀននេះ នឹងមិនអាចទៅជាមោឃឡើយ»។+
៩ ដូច្នេះ នៅថ្ងៃទី២៣ ខែទី៣ជាខែស៊ីវ៉ាន* ពួកលេខាធិការរបស់ស្ដេចបានត្រូវអញ្ជើញឲ្យមកជួបជុំគ្នា។ ពួកគេបានសរសេរតាមបង្គាប់ទាំងប៉ុន្មានរបស់ម៉ាដេកាយ រួចផ្ញើទៅពួកមន្ត្រីជាន់ខ្ពស់របស់ស្ដេច+ និងពួកអភិបាលខេត្ត+ ព្រមទាំងពួកអ្នកគ្រប់គ្រងលើបណ្ដាខេត្ត គឺចាប់ពីស្រុកឥណ្ឌារហូតដល់ស្រុកអេត្យូពី សរុបទៅ១២៧ខេត្ត។ ពួកគេបានសរសេរតាមអក្សរ និងភាសារបស់ជាតិសាសន៍ទាំងនោះ ព្រមទាំងភាសារបស់ជនជាតិយូដាដែរ។
១០ ម៉ាដេកាយបានសរសេរលិខិតនោះក្នុងនាមស្ដេចអាហាស៊ូរុស ហើយបោះត្រាដោយចិញ្ចៀនរបស់ស្ដេច+ រួចប្រគល់លិខិតទាំងនោះ ឲ្យអ្នករត់សំបុត្រនាំយកទៅបណ្ដាខេត្ត ដោយជិះសេះលឿនរបស់ស្ដេច។ ១១ នៅក្នុងលិខិតទាំងនោះ ស្ដេចបានអនុញ្ញាតឲ្យជនជាតិយូដាទាំងអស់ដែលនៅបណ្ដាខេត្តក្រុង ប្រមូលផ្ដុំគ្នាដើម្បីការពារខ្លួន និងដើម្បីបំផ្លាញអ្នកណាក៏ដោយ ដែលវាយប្រហារមកលើពួកគេ ទោះជាអ្នកនោះជាស្ត្រីឬកូនក្មេងក្ដី ហើយបណ្ដាជនយូដាអាចរឹបអូសយកទ្រព្យសម្បត្តិរបស់អ្នកទាំងនោះបាន។+ ១២ ដូច្នេះ សេចក្ដីប្រកាសនេះនឹងមានសុពលភាពនៅថ្ងៃទី១៣ ក្នុងខែទី១២ជាខែអេដា* នៅទូទាំងបណ្ដាខេត្តនៃរាជាណាចក្ររបស់ស្ដេចអាហាស៊ូរុស។+ ១៣ សេចក្ដីក្នុងលិខិតនោះនឹងទៅជាច្បាប់ដល់គ្រប់អាណាខេត្ត។ គេត្រូវប្រកាសឲ្យបណ្ដាជនទាំងអស់ស្ដាប់ ដើម្បីនៅថ្ងៃនោះជនជាតិយូដាអាចត្រៀមប្រយុទ្ធការពារខ្លួនពីពួកសត្រូវ។+ ១៤ ដូច្នេះ ពួកអ្នករត់សំបុត្របានជិះសេះលឿនរបស់ស្ដេច នាំយកលិខិតនោះទៅជាប្រញាប់តាមបង្គាប់ស្ដេច។ ច្បាប់នោះក៏បានត្រូវប្រកាសនៅក្នុងក្រុងស៊ូសាន*+ដែលជារាជធានីដ៏រឹងមាំ។
១៥ ឯម៉ាដេកាយ គាត់ក៏បានចាកចេញពីមុខស្ដេច។ ពេលនោះ គាត់ស្លៀកសម្លៀកបំពាក់វិសេស ពីក្រណាត់សាច់ល្អពណ៌ខៀវនិងពណ៌ស ទាំងពាក់មកុដដ៏អស្ចារ្យធ្វើពីមាស និងអាវដណ្ដប់ធ្វើពីក្រណាត់រោមចៀមជ្រលក់ពណ៌ស្វាយ។+ ចំណែកបណ្ដាជនក្នុងក្រុងស៊ូសាន* ពួកគេស្រែកហ៊ោកញ្ជ្រៀវដោយអំណរ ១៦ ព្រោះជនជាតិយូដាបានរួចផុតពីទុក្ខភ័យ ហើយពួកគេសប្បាយរីករាយនិងត្រេកអរយ៉ាងខ្លាំង ព្រមទាំងទទួលការគោរពពីអ្នកឯទៀត។ ១៧ នៅគ្រប់បណ្ដាខេត្តក្រុង ក្រោយពីឮសេចក្ដីប្រកាសនិងច្បាប់នោះ បណ្ដាជនយូដាទាំងឡាយសប្បាយរីករាយនិងត្រេកអរជាខ្លាំង ហើយពួកគេបានធ្វើពិធីជប់លៀងអបអរនឹងដំណឹងនោះ។ មានបណ្ដាជនជាច្រើននៅក្នុងស្រុកបានប្រកាសថាខ្លួនជាជនជាតិយូដា+ ដោយសារអ្នកទាំងនោះខ្លបខ្លាចពួកគេ។
៩ នៅថ្ងៃទី១៣ ក្នុងខែទី១២ជាខែអេដា*+ គេបានអនុវត្តច្បាប់និងសេចក្ដីប្រកាសដែលស្ដេចបានចេញ។+ ដំបូង ពួកសត្រូវស្មានថាពួកគេអាចបំផ្លាញពួកយូដានៅថ្ងៃនោះបាន តែបែរជាត្រូវពួកយូដាបំផ្លាញពួកគេទៅវិញ។+ ២ ជនជាតិយូដាទាំងអស់ដែលនៅតាមបណ្ដាខេត្តក្រុងក្នុងរាជាណាចក្ររបស់អាហាស៊ូរុស+ បានប្រមូលផ្ដុំគ្នាដើម្បីវាយប្រហារពួកអ្នកដែលចង់សម្លាប់ពួកគេ។ គ្មានអ្នកណាម្នាក់អាចតទល់នឹងពួកយូដាបានទេ ព្រោះបណ្ដាជនទាំងអស់ខ្លបខ្លាចពួកគេ។+ ៣ ឯពួកមន្ត្រីជាន់ខ្ពស់របស់ស្ដេច ពួកអភិបាលខេត្ត+ និងពួកអ្នកគ្រប់គ្រង ព្រមទាំងពួកអ្នករាជការទាំងអស់ ពួកគេសុទ្ធតែគាំទ្រជនជាតិយូដា ដោយសារពួកគេខ្លបខ្លាចម៉ាដេកាយ។ ៤ ម៉ាដេកាយមានតំណែងកាន់តែខ្ពស់+នៅក្នុងវិមានរបស់ស្ដេច ហើយមានកេរ្តិ៍ឈ្មោះល្បីរន្ទឺនៅគ្រប់បណ្ដាខេត្ត ព្រមទាំងមានអំណាចកាន់តែខ្លាំងក្លាទៀតផង។
៥ ជនជាតិយូដាបានសម្លាប់ ហើយបំផ្លាញពួកសត្រូវទាំងអស់ដោយដាវ។ ពួកគេបានប្រព្រឹត្តទៅលើពួកសត្រូវ តាមតែចិត្តរបស់ពួកគេ។+ ៦ ជនជាតិយូដាបានសម្លាប់ពួកសត្រូវអស់៥០០នាក់នៅក្នុងក្រុងស៊ូសាន*+ដែលជារាជធានីដ៏រឹងមាំ។ ៧ បន្ថែមទៅទៀត ពួកគេបានសម្លាប់ផាសេនដេថា ដាលផូន អាសផេថា ៨ ផូរេថា អាដាលៀ អារីដាថា ៩ ផាម៉ាសថា អារីសាយ អារីដាយ និងវ៉ាយសេថា។ ១០ ពួកគេទាំង១០នាក់នេះសុទ្ធតែជាកូនប្រុសរបស់ហាម៉ាន ត្រូវជាកូនហាម៉ាដេថា ដែលជាសត្រូវរបស់ពួកយូដា។+ ប៉ុន្តែ ក្រោយពីបានសម្លាប់ពួកគេហើយ ពួកយូដាមិនបានរឹបអូសយកទ្រព្យសម្បត្តិរបស់ពួកគេទេ។+
១១ នៅថ្ងៃនោះ គេបានរាយការណ៍ដល់ស្ដេចនូវចំនួនមនុស្សដែលត្រូវគេសម្លាប់នៅក្រុងស៊ូសាន។
១២ ស្ដេចបាននិយាយទៅកាន់អគ្គមហេសីអេសធើរថា៖ «នៅរាជធានីស៊ូសាន ជនជាតិយូដាបានសម្លាប់ពួកសត្រូវអស់៥០០នាក់ ព្រមទាំងកូនប្រុស១០នាក់របស់ហាម៉ានផងដែរ។ ដូច្នេះ នៅតាមបណ្ដាខេត្តឯទៀត មិនដឹងថាពួកគេសម្លាប់អស់ប៉ុន្មាននាក់ទេ។+ ប៉ុន្តែ បើអគ្គមហេសីមានសំណូមពរអ្វីទៀត ខ្ញុំនឹងព្រមតាមទាំងអស់!»។ ១៣ នាងអេសធើរតបឆ្លើយថា៖ «បើស្ដេចជាម្ចាស់មិនយល់ទាស់ទេ+ សូមមេត្តាអនុញ្ញាតឲ្យពួកយូដាដែលនៅរាជធានីស៊ូសាន អនុវត្តច្បាប់នេះថែមមួយថ្ងៃទៀត ដើម្បីប្រយុទ្ធការពារខ្លួន+ ហើយសូមឲ្យគេយកសពកូនប្រុសទាំង១០នាក់របស់ហាម៉ាន ទៅព្យួរលើបង្គោលឈើ»។+ ១៤ ដូច្នេះ ស្ដេចបានចេញច្បាប់មួយនៅក្រុងស៊ូសាន ហើយបញ្ជាឲ្យគេយកសពកូនប្រុសទាំង១០នាក់របស់ហាម៉ានទៅព្យួរ តាមសំណូមពររបស់នាងអេសធើរ។
១៥ នៅថ្ងៃទី១៤ ក្នុងខែអេដា+ ពួកយូដាដែលរស់នៅក្រុងស៊ូសានបានប្រមូលផ្ដុំគ្នាម្ដងទៀត ដើម្បីប្រយុទ្ធការពារខ្លួន ហើយពួកគេបានសម្លាប់ពួកសត្រូវអស់៣០០នាក់ក្នុងក្រុងស៊ូសាន។ ប៉ុន្តែ ពួកយូដាមិនបានរឹបអូសយកទ្រព្យសម្បត្តិរបស់ពួកគេទេ។
១៦ រីឯពួកយូដាដែលរស់នៅតាមបណ្ដាខេត្ត ពួកគេក៏បានប្រមូលផ្ដុំគ្នាដើម្បីប្រយុទ្ធការពារខ្លួនដែរ+ ហើយពួកគេបានសម្លាប់ពួកសត្រូវ+អស់៧៥.០០០នាក់ តែមិនបានរឹបអូសយកទ្រព្យសម្បត្តិទេ។ ១៧ ពួកគេបានធ្វើដូច្នោះនៅថ្ងៃទី១៣ ក្នុងខែអេដា ហើយនៅថ្ងៃទី១៤ ពួកគេបានសម្រាក ហើយធ្វើពិធីជប់លៀងអបអរយ៉ាងសប្បាយរីករាយ។
១៨ ចំណែកពួកយូដាដែលរស់នៅក្រុងស៊ូសាន ពួកគេបានប្រយុទ្ធការពារខ្លួននៅថ្ងៃទី១៣+និង១៤+ ក្នុងខែអេដា ហើយនៅថ្ងៃទី១៥ ពួកគេបានសម្រាក ហើយធ្វើពិធីជប់លៀងអបអរយ៉ាងសប្បាយរីករាយ។ ១៩ ឯពួកយូដាដែលរស់នៅតាមបណ្ដាខេត្តវិញ ពួកគេបានយកថ្ងៃទី១៤ ខែអេដា ទុកជាថ្ងៃសម្រាក ហើយនៅថ្ងៃនោះ ពួកគេបានធ្វើពិធីជប់លៀងអបអរយ៉ាងសប្បាយរីករាយ+ ហើយជូនអំណោយ*ដល់គ្នាទៅវិញទៅមក។+
២០ ម៉ាដេកាយ+បានកត់ត្រាព្រឹត្តិការណ៍ទាំងនេះទុក ហើយបានផ្ញើសំបុត្រទៅពួកយូដាទាំងអស់ដែលរស់នៅតាមបណ្ដាខេត្តក្នុងរាជាណាចក្ររបស់អាហាស៊ូរុស គឺដល់អ្នកដែលនៅជិតនិងអ្នកដែលនៅឆ្ងាយ។ ២១ គាត់បានបង្គាប់ពួកគេឲ្យកំណត់ទុកថ្ងៃទី១៤និង១៥ ក្នុងខែអេដា ជាថ្ងៃបុណ្យដែលត្រូវធ្វើជារៀងរាល់ឆ្នាំ ២២ ព្រោះនៅថ្ងៃទាំងនោះពួកយូដាបានរួចផុតពីកណ្ដាប់ដៃពួកសត្រូវ ហើយនៅខែនោះទុក្ខភ័យ+របស់ពួកគេបានប្រែទៅជាអំណរវិញ។ ហេតុនេះ ពួកគេត្រូវធ្វើពិធីជប់លៀងអបអរនៅថ្ងៃទាំងនោះ ហើយជូនអំណោយដល់គ្នាទៅវិញទៅមក ថែមទាំងដល់អ្នកក្រីក្រផងដែរ។ ពួកគេត្រូវធ្វើយ៉ាងនេះដោយសប្បាយរីករាយជាខ្លាំង។
២៣ ពួកយូដាពេញចិត្តធ្វើតាមបង្គាប់ម៉ាដេកាយ ហើយក៏ធ្វើពិធីបុណ្យនោះជារៀងរាល់ឆ្នាំ។ ២៤ ព្រោះពេលមុន ហាម៉ាន+ជាកូនហាម៉ាដេថា ត្រូវជាកូនចៅអាកាក់+ និងជាសត្រូវរបស់ពួកយូដា គាត់បានរៀបគម្រោងដើម្បីបំផ្លាញពួកគេទាំងអស់។+ គាត់ចាប់ឆ្នោត*+ដើម្បីកំណត់ថ្ងៃបំផ្លាញពួកយូដា ហើយនោះបាននាំឲ្យមានភាពវឹកវរជាខ្លាំង។ ២៥ ប៉ុន្តែ នាងអេសធើរបានចូលទៅអង្វរស្ដេច ហើយស្ដេចក៏ចេញបង្គាប់មួយថា៖+ «ចូរឲ្យគម្រោងការអាក្រក់របស់ហាម៉ានដែលប្រឆាំងនឹងពួកយូដា+ ធ្លាក់ទៅលើខ្លួនគាត់វិញទៅ»។ បន្ទាប់មក គេបានព្យួរគាត់និងកូនប្រុសទាំង១០នាក់របស់គាត់នៅលើបង្គោលឈើ។+ ២៦ ហេតុនេះហើយបានជាគេហៅថ្ងៃនោះថាភូរឹម* ដែលមកពីពាក្យភូ។*+ ដូច្នេះ យោងទៅតាមសេចក្ដីក្នុងសំបុត្ររបស់ម៉ាដេកាយ និងព្រឹត្តិការណ៍ដែលពួកគេបានឃើញនិងជួបដោយផ្ទាល់ ២៧ នោះជនជាតិយូដា និងកូនចៅពួកគេ ព្រមទាំងអស់អ្នកដែលចូលខាងពួកយូដា+ ត្រូវធ្វើបុណ្យនោះស្របតាមការណែនាំរបស់ម៉ាដេកាយ នៅថ្ងៃទាំងពីរនោះកុំឲ្យខកខានឡើយ តាមថ្ងៃដែលបានត្រូវកំណត់ទុកជារៀងរាល់ឆ្នាំ។ ២៨ ជនជាតិយូដាធ្វើពិធីបុណ្យនេះទុកជាសេចក្ដីរំលឹកពីជំនាន់មួយទៅជំនាន់មួយ តាមក្រុមគ្រួសារ តាមខេត្ត និងតាមក្រុង។ ពួកគេត្រូវធ្វើបុណ្យនេះដោយមិនអាចអាក់ខានឡើយ ដើម្បីឲ្យកូនចៅរបស់ពួកគេនៅជំនាន់ក្រោយៗចងចាំព្រឹត្តិការណ៍នេះ។
២៩ ក្រោយមក អគ្គមហេសីអេសធើរជាកូនអាបឺហេល និងម៉ាដេកាយជាជនជាតិយូដា បានចេញលិខិតមួយទៀតតាមអំណាចដែលពួកគាត់មាន ដើម្បីបញ្ជាក់លើលិខិតមុនអំពីពិធីបុណ្យភូរឹម។ ៣០ រួចមក គាត់បានផ្ញើលិខិតនោះទៅដល់ពួកយូដាទាំងអស់ដែលរស់នៅក្នុងរាជាណាចក្ររបស់ស្ដេចអាហាស៊ូរុស+ ចំនួន១២៧ខេត្ត។+ ពាក្យពេចន៍ក្នុងលិខិតនោះបង្កប់ទៅដោយក្ដីរាប់អាននិងភាពស្មោះត្រង់ ៣១ ដើម្បីបញ្ជាក់អំពីការធ្វើបុណ្យភូរឹមនៅពេលកំណត់ តាមការណែនាំរបស់អគ្គមហេសីអេសធើរនិងម៉ាដេកាយជាជនជាតិយូដា។+ ពួកយូដាបានសន្យាថាខ្លួននិងកូនចៅនឹងធ្វើពិធីបុណ្យនោះជាដរាប+ ដោយមានការតមអាហារ+ និងការអង្វរសុំជំនួយពីព្រះ។+ ៣២ បង្គាប់របស់នាងអេសធើរស្ដីអំពីពិធីបុណ្យភូរឹម+ បានត្រូវកត់ត្រាទុកក្នុងសៀវភៅមួយ។
១០ ស្ដេចអាហាស៊ូរុសបានកែនអ្នកស្រុកនិងអ្នកនៅតាមបណ្ដាកោះ ឲ្យមកធ្វើការឲ្យគាត់។
២ រីឯកិច្ចការដ៏អស្ចារ្យនិងអំណាចខ្លាំងក្លារបស់ស្ដេចអាហាស៊ូរុស ព្រមទាំងរឿងល្អិតល្អន់ស្ដីអំពីការដែលស្ដេចផ្ដល់កិត្តិយសថ្កុំថ្កើង+ដល់ម៉ាដេកាយ+ សុទ្ធតែបានត្រូវកត់ក្នុងសៀវភៅប្រវត្តិសាស្ត្រ+របស់ស្ដេចនៃរាជាណាចក្រមេឌីពើស៊ី។+ ៣ ម៉ាដេកាយដែលជាជនជាតិយូដា មានឋានៈទី២ បន្ទាប់ពីស្ដេចអាហាស៊ូរុស។ ពួកយូដាស្រឡាញ់គោរពរាប់អានគាត់យ៉ាងខ្លាំង ព្រោះគាត់តែងតែធ្វើការល្អដើម្បីជាប្រយោជន៍ដល់ជនរួមជាតិ និងសេចក្ដីសុខសាន្តរបស់កូនចៅពួកគេ។
គេយល់ថាគាត់ក៏មានឈ្មោះស៊ើកសេសទី១ ហើយគាត់ត្រូវជាកូនរបស់ដារីយុសដ៏ខ្លាំងក្លា (ដារីយុស ហ៊ីស្តាពីស)
ឬ«ស៊ូសា»
ឬ«ស៊ូសា»
ឬ«អ្នកគ្រប់គ្រង»
ឬ«ស៊ូសា»
ន័យត្រង់«ជនគម្រៀវ»
ឬ«ស៊ូសា»
គាត់ក៏មានឈ្មោះថាយេហូយ៉ាគីនដែរ នៅ២បស ២៤:៨
មានន័យថា«ដើមមើថល»
ឬ«ស៊ូសា»
ឬ«មានសេចក្ដីស្រឡាញ់ដ៏ស្មោះត្រង់ចំពោះ»
ឬ«ប្រេងបាលសាម»
ន័យត្រង់«ជនគម្រៀវ»
មើលសេចក្ដីពន្យល់បន្ថែម ផ្នែកខ១៥
ឬ«មានសេចក្ដីស្រឡាញ់ដ៏ស្មោះត្រង់ចំពោះ»
នេះអាចសំដៅលើការមិនបង់សួយអាករ ការមិនបំពេញកាតព្វកិច្ចយោធា ឬការដោះលែងពីគុក
តាមមើលទៅគាត់មានមុខងារជាមន្ត្រីស្ដេច
ឬ«ពួកអ្នកបម្រើដែលប្រចាំការនៅខ្លោងទ្វារវិមានស្ដេច»
មើលសេចក្ដីពន្យល់បន្ថែម ផ្នែកខ១៥
ន័យត្រង់«ភូ»
មើលសេចក្ដីពន្យល់បន្ថែម ផ្នែកខ១៥
មួយថាលិនស្មើនឹង៣៤,២គីឡូក្រាម។ មើលសេចក្ដីពន្យល់បន្ថែម ផ្នែកខ១៤
ឬប្រហែលជាមានន័យថា«ខ្ញុំនឹងដាក់ប្រាក់ចំនួន១០.០០០ថាលិនក្នុងឃ្លាំងស្ដេច សម្រាប់ពួកអ្នកដែលធ្វើកិច្ចការនេះ»
ប្រហែលជាសំដៅលើប្រាក់ដែលហាម៉ាននឹងចាប់យកពីពួកយូដា
ឬ«ស៊ូសា»
ន័យត្រង់«ជនគម្រៀវ»
ន័យត្រង់«ជនគម្រៀវ»
ឬ«ស៊ូសា»
ឬ«ស៊ូសា»
ប្រហែលជាប្រវែង២២,៣ម៉ែត្រ។ មើលសេចក្ដីពន្យល់បន្ថែម ផ្នែកខ១៤
ប្រហែលជាប្រវែង២២,៣ម៉ែត្រ។ មើលសេចក្ដីពន្យល់បន្ថែម ផ្នែកខ១៤
មើលសេចក្ដីពន្យល់បន្ថែម ផ្នែកខ១៥
មើលសេចក្ដីពន្យល់បន្ថែម ផ្នែកខ១៥
ឬ«ស៊ូសា»
ឬ«ស៊ូសា»
មើលសេចក្ដីពន្យល់បន្ថែម ផ្នែកខ១៥
ឬ«ស៊ូសា»
ឬ«អាហារ»
ន័យត្រង់«ភូ»
មើលនិយមន័យពាក្យ«ភូរឹម»
មានន័យថា«ចាប់ឆ្នោត»។ មើលសេចក្ដីពន្យល់បន្ថែម ផ្នែកខ១៥