យ៉ូអែល
១ ព្រះយេហូវ៉ាមានប្រសាសន៍ទៅកាន់យ៉ូអែល*ជាកូនភេធូអែលថា៖
២ «ពួកអ្នកចាស់ទុំអើយ! ចូរស្ដាប់ចុះ!
ពួកអ្នកស្រុកទាំងមូលអើយ! ចូរយកចិត្តទុកដាក់ស្ដាប់។
ក្នុងគ្រារបស់អ្នករាល់គ្នា តើធ្លាប់មានរឿងនេះកើតឡើងឬ?
ចុះក្នុងគ្រាបុព្វបុរសរបស់អ្នករាល់គ្នាវិញ តើធ្លាប់មានរឿងនេះដែរឬទេ?+
៣ ចូររៀបរាប់ហេតុការណ៍នេះប្រាប់ដល់កូនៗរបស់អ្នករាល់គ្នា
ហើយឲ្យពួកគេប្រាប់ដល់កូនចៅរបស់ខ្លួន
រួចឲ្យកូនចៅទាំងនោះប្រាប់ដល់ជំនាន់ក្រោយៗទៀត។
៤ អ្វីៗដែលសល់ពីហ្វូងកណ្ដូប*ដំបូងស៊ីបំផ្លាញ នោះកណ្ដូបមួយហ្វូងទៀតនឹងហើរមកស៊ីបង្ហិន+
អ្វីៗដែលសល់ពីកណ្ដូបហើរចូលស៊ី នោះកូនកណ្ដូបស៊ីបង្ខូច
អ្វីៗដែលសល់ពីកូនកណ្ដូប នោះកណ្ដូបឯទៀតមកស៊ីបំផ្លាញអស់។+
៥ ឱមនុស្សប្រមឹកអើយ!+ ចូរក្រោកឡើង ហើយស្រែកយំទៅ!
ឱពួកអ្នកផឹកស្រាអើយ! ចូរទ្រហោយំចុះ!
ព្រោះនឹងលែងមានស្រាផ្អែមផឹកទៀតហើយ។+
៦ ព្រោះមានទ័ពកណ្ដូបមួយកងធំចូលមកក្នុងទឹកដីរបស់ខ្ញុំ ជាកងទ័ពខ្លាំងក្លា ហើយមានចំនួនច្រើនឥតគណនា។+
ធ្មេញពួកវាដូចជាធ្មេញតោ+ ហើយថ្គាមពួកវាដូចជាថ្គាមសិង្ហ។
៧ ពួកវាស៊ីបំផ្លាញដើមទំពាំងបាយជូររបស់ខ្ញុំ ហើយស៊ីដើមល្វាខ្ញុំអស់សល់តែគល់។
ពួកវាស៊ីសម្បកឈើទម្លាក់ចោលអស់រលីង
បន្សល់ទុកតែបណ្ដូលសៗប៉ុណ្ណោះ។
៨ ចូរទ្រហោយំដូចជាកូនក្រមុំដែលស្លៀកបាវ
យំស្ដាយស្រណោះកូនកំលោះ។
៩ នៅវិហារព្រះយេហូវ៉ាលែងមានការជូនគ្រឿងបូជាពីស្រូវ+និងការជូនគ្រឿងបូជាជាស្រា+ទៀតហើយ។
រីឯពួកសង្ឃដែលបម្រើព្រះយេហូវ៉ា ពួកគេយំកាន់ទុក្ខ។
១០ វាលស្រែបានត្រូវបំផ្លាញ ហើយដីក៏យំកាន់ទុក្ខ+
ព្រោះស្រូវបានហិនវិនាសអស់ ហើយស្រាថ្មីនិងប្រេងក៏លែងមានទៀត។+
១១ ពួកកសិករបាក់ទឹកចិត្ត ហើយពួកអ្នកថែចម្ការទំពាំងបាយជូរទ្រហោយំ
ដោយសារស្រូវសាលី និងស្រូវបាលី
និងភោគផលទាំងប៉ុន្មាននៅឯវាលបានហិនវិនាសអស់។
១២ ដើមទំពាំងបាយជូរបានស្វិតស្រពោន
ហើយដើមល្វាបានក្រៀមស្វិតទៅ។
ឯដើមទទឹម ដើមលម៉ើ និងដើមប៉ោម
ព្រមទាំងដើមឈើទាំងឡាយនៅឯវាលបានងាប់អស់។+
បណ្ដាជនលែងមានអំណរទៀត មានតែសេចក្ដីអាម៉ាស់ប៉ុណ្ណោះ។
១៣ ឱពួកសង្ឃអើយ! ចូរស្លៀកបាវហើយយំកាន់ទុក្ខ។*
ឱពួកអ្នកបម្រើនៅទីបូជាអើយ! ចូរទ្រហោយំទៅ!+
ឱពួកអ្នកបម្រើព្រះនៃខ្ញុំអើយ! ចូរនាំគ្នាចូលមក ហើយស្លៀកបាវពេញមួយយប់
ព្រោះលែងមានការជូនគ្រឿងបូជាពីស្រូវ+និងការជូនគ្រឿងបូជាជាស្រា+នៅវិហាររបស់ព្រះនៃអ្នករាល់គ្នាទៀតហើយ។
១៤ ចូរប្រកាសឲ្យមានការតមអាហារ ហើយហៅបណ្ដាជនឲ្យមកចូលរួមការប្រជុំពិសេស។+
ចូរអញ្ជើញពួកអ្នកចាស់ទុំ ព្រមទាំងអ្នកស្រុកទាំងអស់
ឲ្យមកឯវិហាររបស់ព្រះយេហូវ៉ាជាព្រះនៃអ្នករាល់គ្នា+ហើយស្រែកសុំជំនួយពីព្រះយេហូវ៉ា។
១៥ វេទនាហើយ! ព្រោះថ្ងៃនោះមកកាន់តែកៀកណាស់ហើយ!
គឺថ្ងៃរបស់ព្រះយេហូវ៉ាជិតមកដល់ហើយ។+
ថ្ងៃនោះនឹងមកទាំងនាំការបំផ្លិចបំផ្លាញពីព្រះដែលមានឫទ្ធានុភាពខ្លាំងក្លាបំផុត។
១៦ ស្បៀងអាហារបានបាត់អស់ពីមុខយើង មែនទេ?
ហើយក៏លែងមានអំណរនិងការសប្បាយរីករាយនៅវិហាររបស់ព្រះនៃយើងទៀតដែរ។
១៧ នៅក្រោមប៉ែលមានសុទ្ធតែគ្រាប់ពូជក្រៀមស្វិត។*
ចំណែកឃ្លាំងនានាត្រូវគេទុកចោល
ហើយជង្រុកទាំងប៉ុន្មានត្រូវគេរំលំអស់ ព្រោះលែងមានស្រូវទៀត។
១៨ រីឯហ្វូងសត្វវិញ ពួកវាក៏ស្រែកថ្ងូរ។
ហ្វូងគោដើរខ្ចាត់ព្រាត់ ព្រោះគ្មានវាលស្មៅសោះ!
ហើយសូម្បីតែហ្វូងចៀមក៏រងទុក្ខដែរ។
១៩ ឱព្រះយេហូវ៉ាអើយ! ខ្ញុំនឹងស្រែកហៅរកលោក+
ព្រោះភ្លើងបានឆេះបំផ្លាញវាលស្មៅនៅតំបន់ស្ងាត់ជ្រងំ
ហើយអណ្ដាតភ្លើងបានឆាបឆេះដើមឈើទាំងអស់នៅឯវាល។
២០ សូម្បីតែសត្វព្រៃក៏សម្លឹងមើលទៅលោកដោយសេចក្ដីស្រេកឃ្លានដែរ
ព្រោះផ្លូវទឹកទាំងប៉ុន្មានបានរីងស្ងួតអស់
ហើយភ្លើងបានឆេះបំផ្លាញវាលស្មៅនៅតំបន់ស្ងាត់ជ្រងំអស់គ្មានសល់»។
២ «ចូរផ្លុំស្នែងនៅស៊ីយ៉ូនទៅ!+
ចូរបន្លឺសំឡេងចម្បាំងនៅលើភ្នំបរិសុទ្ធរបស់ខ្ញុំ។
ចូរឲ្យអ្នកស្រុកទាំងអស់ ភ័យញាប់ញ័រ
ព្រោះថ្ងៃនៃព្រះយេហូវ៉ាកំពុងមក+ គឺមកកាន់តែកៀកណាស់ហើយ!
២ ថ្ងៃនោះនឹងមានភាពងងឹតសូន្យសុង+ ហើយមានពពកយ៉ាងក្រាស់+
ដូចជាពន្លឺស្រាងៗ គ្របដណ្ដប់ទៅលើភ្នំ។
ថ្ងៃនោះ នឹងមានកងទ័ពដ៏ធំខ្លាំងក្លាមក។+
ពីមុនមិនដែលមានដូចនោះទេ ហើយគ្រប់ជំនាន់តទៅក៏មិនមានទៀតដែរ។
៣ នៅខាងមុខទ័ពនោះមានភ្លើងឆេះបំផ្លាញ
ហើយនៅខាងក្រោយ មានអណ្ដាតភ្លើងឆេះសន្ធោសន្ធៅ។+
ស្រុកដែលនៅខាងមុខទ័ពនោះ គឺដូចជាសួនអេដែន+
តែនៅខាងក្រោយជាតំបន់ស្ងាត់ជ្រងំ គឺគ្មានអ្វីនៅសេសសល់ទេ។
៤ ពួកវាមើលទៅដូចជាហ្វូងសេះ ហើយពួកវារត់ដូចជាសេះចម្បាំង។+
៥ កាលពួកវាលោតឡើងកំពូលភ្នំនានា មានសន្ធឹកដូចជារទេះចម្បាំង+
និងឮសំឡេងដូចជាភ្លើងឆាបឆេះចំបើងយ៉ាងសន្ធោសន្ធៅ។
ពួកវាតម្រៀបគ្នាដូចជាក្បួនទ័ពខ្លាំងក្លាចូលប្រយុទ្ធ។+
៦ ដោយសារពួកវា មនុស្សទាំងឡាយនឹងភ័យព្រួយ
ហើយមានទឹកមុខភ័យស្លេកស្លាំង។
៧ ពួកវាសម្រុកចូលដូចជាកងទ័ពយ៉ាងអង់អាច
ហើយឡើងជញ្ជាំងដូចជាទាហានដ៏ខ្លាំងពូកែ
ពួកវាឆ្ពោះទៅមុខជានិច្ច ហើយឥតបែរចេញពីផ្លូវរបស់ខ្លួនឡើយ។
៨ ពួកវាមិនប្រជ្រៀតគ្នាទេ ពួកវាដើរតាមជួររៀងៗខ្លួន។
ទោះជាពួកវាខ្លះដួលងាប់ដោយសារត្រូវអាវុធក្ដី
ក៏ពួកវាផ្សេងទៀតមិនបំបែកហ្វូងឡើយ។
៩ ពួកវាសម្រុកចូលទៅក្នុងក្រុង ហើយរត់នៅលើកំពែង។
ពួកវាឡើងចូលផ្ទះនានាតាមបង្អួច ដូចជាចោរ។
១០ នៅខាងមុខពួកវា ដីរញ្ជួយ ហើយមេឃកក្រើក។
ដួងខែដួងអាទិត្យទៅជាងងឹត+ ហើយផ្កាយទាំងឡាយក៏អាប់រស្មី។
១១ ព្រះយេហូវ៉ានឹងបន្លឺសំឡេងយ៉ាងខ្លាំងនៅមុខទ័ព+ដ៏ធំរបស់លោក។+
ព្រោះព្រះធ្វើតាមប្រសាសន៍របស់លោក ហើយលោកខ្លាំងក្លា
ព្រោះថ្ងៃរបស់ព្រះយេហូវ៉ាគឺអស្ចារ្យគួរឲ្យស្ញែងខ្លាចក្រៃលែង។+
តើអ្នកណាអាចទ្រាំបានទៅ?»។+
១២ ព្រះយេហូវ៉ាប្រកាសថា៖ «ប៉ុន្តែសូម្បីតែឥឡូវនេះ ចូរត្រឡប់មករកខ្ញុំវិញដោយអស់ពីចិត្ត+ ដោយតមអាហារ+និងដោយយំទួញ។
១៣ ចូរហែកចិត្តខ្លួន+ មិនមែនហែកសម្លៀកបំពាក់ទេ+
ហើយចូរវិលមករកព្រះយេហូវ៉ាជាព្រះនៃអ្នកវិញ
ព្រោះលោកជាព្រះនៃសេចក្ដីមេត្តាករុណានិងសេចក្ដីអាណិតអាសូរលោកយឺតនឹងខឹង+ ហើយមានសេចក្ដីស្រឡាញ់ដ៏ស្មោះត្រង់ជាបរិបូរ+
ហើយលោកនឹងគិតអំពីសេចក្ដីវេទនានោះឡើងវិញ។
១៤ លោកប្រហែលជាស្ដាយឬប្ដូរគំនិតក៏មិនដឹង+
រួចឲ្យពរដល់អ្នករាល់គ្នា
ដើម្បីអ្នករាល់គ្នាអាចជូនគ្រឿងបូជាពីស្រូវនិងគ្រឿងបូជាជាស្រាដល់ព្រះយេហូវ៉ាជាព្រះនៃអ្នករាល់គ្នា។
១៥ ចូរផ្លុំស្នែងនៅស៊ីយ៉ូន!
ចូរប្រកាសឲ្យមានការតមអាហារ រួចអញ្ជើញគេឲ្យមកកិច្ចប្រជុំពិសេស។+
១៦ ចូរប្រមូលបណ្ដាជន ចូរញែកពួកជំនុំចេញជាបរិសុទ្ធ។+
ចូរប្រមូលពួកបុរសចាស់ទុំ កូនក្មេង ព្រមទាំងទារកនៅបៅផង។+
ចូរឲ្យកូនកំលោះចេញពីបន្ទប់ខាងក្នុង ហើយឲ្យកូនក្រមុំចេញពីបន្ទប់ខ្លួន។
១៧ នៅចន្លោះសាលខាងមុខវិហារនិងទីបូជា+
ចូរឲ្យពួកសង្ឃដែលជាពួកអ្នកបម្រើព្រះយេហូវ៉ា ទ្រហោយំ រួចអង្វរថា៖
‹ឱព្រះយេហូវ៉ាអើយ! សូមមេត្តាអាណិតអាសូរដល់រាស្ត្ររបស់លោកផង
សូមកុំឲ្យមត៌ករបស់លោករងការចំអកមើលងាយ
សូមកុំឲ្យប្រជាជាតិនានាគ្រប់គ្រងលើពួកគេឡើយ។
សូមកុំឲ្យប្រជាជាតិទាំងនោះមានហេតុនិយាយថា៖ «តើព្រះរបស់ពួកគេនៅឯណា?»›។+
១៩ ព្រះយេហូវ៉ានឹងតបឆ្លើយទៅរាស្ត្រលោកថា៖
‹មើល! ខ្ញុំនឹងផ្ដល់ស្រូវ ស្រាថ្មី និងប្រេងឲ្យអ្នករាល់គ្នា
ហើយអ្នករាល់គ្នានឹងបរិភោគឆ្អែតស្កប់ស្កល់។+
ខ្ញុំនឹងធ្វើឲ្យអ្នករាល់គ្នាលែងទទួលការប្រមាថមើលងាយពីប្រជាជាតិនានាទៀតហើយ។+
២០ ខ្ញុំនឹងបណ្ដេញពួកអ្នកដែលមកពីទិសខាងជើង ទៅឲ្យឆ្ងាយពីអ្នករាល់គ្នា
ខ្ញុំនឹងកម្ចាត់កម្ចាយពួកអ្នកទាំងនោះទៅទឹកដីហួតហែងនិងស្ងាត់ជ្រងំ
ហើយពួកអ្នកដែលនៅជួរមុខ ទៅសមុទ្រខាងកើត*
ហើយពួកអ្នកដែលនៅជួរក្រោយ ទៅសមុទ្រខាងលិច។*
ពេលនោះ ក្លិនស្អុយរបស់ពួកគេនឹងភាយចេញ
ហើយក្លិនអសោចរបស់ពួកគេក៏សាយទៅដែរ+
ព្រោះលោកនឹងធ្វើការអស្ចារ្យ›។
២១ ឱស្រុកអើយ! កុំភ័យខ្លាចឡើយ។
ចូរមានអំណរនិងចិត្តរីករាយឡើង ព្រោះព្រះយេហូវ៉ានឹងធ្វើការអស្ចារ្យ។
២២ ឱសត្វនៅឯវាលអើយ! កុំភ័យខ្លាចឡើយ
ព្រោះវាលស្មៅនៅតំបន់ស្ងាត់ជ្រងំនឹងលាស់ខៀវខ្ចី+
ដើមឈើទាំងឡាយនឹងបង្កើតផលផ្លែ+
ហើយដើមល្វានិងដើមទំពាំងបាយជូរ នឹងបង្កើតផលជាបរិបូរ។+
២៣ ឱកូនចៅស៊ីយ៉ូនអើយ! ចូររីករាយនិងអរសប្បាយដោយសារអ្វីដែលព្រះយេហូវ៉ាជាព្រះរបស់អ្នករាល់គ្នានឹងធ្វើ+
ព្រោះលោកនឹងបង្អុរភ្លៀងល្មមគ្រប់គ្រាន់នៅដើមរដូវ
ហើយលោកនឹងបង្អុរភ្លៀងធំៗមកលើអ្នករាល់គ្នា
នៅដើមរដូវនិងចុងរដូវដូចពីមុនដែរ។+
២៤ ទីលានបញ្ជាន់ស្រូវនឹងមានពេញទៅដោយគ្រាប់ស្រូវល្អៗ
នៅកន្លែងធ្វើស្រានឹងមានស្រាថ្មី ហើយនៅកន្លែងគាបផ្លែអូលីវនឹងមានប្រេងជាបរិបូរ។+
២៥ ខ្ញុំនឹងសងភោគផលដល់អ្នករាល់គ្នាវិញតាមចំនួនឆ្នាំ
ដែលហ្វូងកណ្ដូបបានហើរចូលមកស៊ីបង្ហិន ថែមទាំងអ្វីដែលកូនកណ្ដូបនិងកណ្ដូបផ្សេងទៀតបានស៊ីបំផ្លាញ
គឺទ័ពដ៏ធំដែលខ្ញុំបានចាត់ទៅក្នុងចំណោមអ្នករាល់គ្នា។+
២៦ អ្នករាល់គ្នានឹងបានអាហារបរិភោគឆ្អែតស្កប់ស្កល់+
ហើយសរសើរតម្កើងនាមយេហូវ៉ាជាព្រះរបស់អ្នករាល់គ្នា+
ព្រោះលោកបានធ្វើការអស្ចារ្យជាច្រើនដើម្បីប្រយោជន៍អ្នករាល់គ្នា។
រាស្ត្ររបស់ខ្ញុំនឹងមិនរងការអាម៉ាស់ទៀតទេ។+
២៧ ពេលនោះ អ្នករាល់គ្នានឹងដឹងច្បាស់ថា ខ្ញុំនៅក្នុងចំណោមអ៊ីស្រាអែល+
ហើយដឹងថាខ្ញុំជាយេហូវ៉ាជាព្រះរបស់អ្នករាល់គ្នា+ គ្មានព្រះណាទៀតទេ!
រាស្ត្ររបស់ខ្ញុំនឹងមិនរងការមើលងាយទៀតឡើយ។
២៨ ក្រោយនោះ ខ្ញុំនឹងចាក់ឫទ្ធានុភាពរបស់ខ្ញុំ+ទៅលើមនុស្សគ្រប់ប្រភេទ
ហើយកូនប្រុសនិងកូនស្រីរបស់អ្នករាល់គ្នានឹងប្រកាសទំនាយ។
បុរសវ័យចាស់របស់អ្នករាល់គ្នានឹងមានសុបិនពិសេស
ហើយពួកយុវជននឹងទទួលការបើកបង្ហាញឲ្យឃើញក្នុងគំនិត។+
២៩ នៅគ្រានោះ សូម្បីតែខ្ញុំបម្រើប្រុសស្រីរបស់ខ្ញុំ
ក៏ខ្ញុំនឹងចាក់ឫទ្ធានុភាពរបស់ខ្ញុំទៅលើពួកគេដែរ។
៣០ ខ្ញុំក៏នឹងធ្វើការអស្ចារ្យនៅលើមេឃ និងសញ្ញាសម្គាល់នៅផែនដី
គឺឈាម ភ្លើង និងកម្សួលផ្សែង។+
៣១ មុនថ្ងៃដ៏ធំនិងគួរឲ្យស្ញែងខ្លាចរបស់ព្រះយេហូវ៉ាមកដល់+
ដួងអាទិត្យនឹងទៅជាងងឹត ហើយដួងខែនឹងក្រហមដូចជាឈាម។+
៣២ អស់អ្នកដែលហៅរកនាមព្រះយេហូវ៉ា នឹងត្រូវសង្គ្រោះ+
ព្រោះនៅលើភ្នំស៊ីយ៉ូននិងនៅក្រុងយេរូសាឡិម នឹងមានអ្នកគេចរួច+ដូចព្រះយេហូវ៉ាបានមានប្រសាសន៍មែន
គឺពួកអ្នករួចជីវិតដែលព្រះយេហូវ៉ាហៅ»។
៣ «ព្រោះមើល! នៅគ្រានោះ គឺនៅវេលានោះឯង
ខ្ញុំនឹងនាំពួកយូដានិងអ្នកក្រុងយេរូសាឡិមដែលជាឈ្លើយឲ្យត្រឡប់មកវិញ។+
នៅទីនោះ ខ្ញុំនឹងវិនិច្ឆ័យទោសពួកគេ+
ដោយសារអ្វីដែលពួកគេបានធ្វើមកលើអ៊ីស្រាអែលជារាស្ត្ររបស់ខ្ញុំនិងជាមត៌ករបស់ខ្ញុំ។
ព្រោះពួកគេបានធ្វើឲ្យរាស្ត្ររបស់ខ្ញុំខ្ចាត់ខ្ចាយទៅក្នុងចំណោមប្រជាជាតិទាំងឡាយ
ថែមទាំងបែងចែកទឹកដីរបស់ខ្ញុំដល់គ្នីគ្នាពួកគេទៀតផង។+
៣ ពួកគេបានចាប់ឆ្នោត ដើម្បីបានរាស្ត្ររបស់ខ្ញុំ។+
ពួកគេលក់ក្មេងប្រុស ដើម្បីបង់ថ្លៃស្រីពេស្យា
ហើយលក់ក្មេងស្រី ដើម្បីទិញស្រាផឹក។
៤ ឱក្រុងទីរ៉ុស ក្រុងស៊ីដូន និងតំបន់ទាំងប៉ុន្មាននៅស្រុកភីលីស្ទីនអើយ!
តើអ្នករាល់គ្នាមានអ្វីទាស់នឹងខ្ញុំ?
តើអ្នករាល់គ្នាកំពុងសងសឹកខ្ញុំចំពោះអ្វីមួយឬ?
បើអ្នករាល់គ្នាកំពុងធ្វើដូច្នេះមែន
នោះខ្ញុំនឹងធ្វើឲ្យការសងសឹកនោះធ្លាក់ទៅលើអ្នករាល់គ្នាយ៉ាងឆាប់រហ័ស។+
៥ ព្រោះអ្នករាល់គ្នាបានយកមាសប្រាក់របស់ខ្ញុំ+
ព្រមទាំងយករបស់របរដ៏មានតម្លៃបំផុត ចូលទៅក្នុងវិហាររបស់អ្នករាល់គ្នា។
៦ បន្ថែមទៅទៀត អ្នករាល់គ្នាបានលក់ពួកយូដានិងអ្នកក្រុងយេរូសាឡិមទៅឲ្យជនជាតិក្រិច+
ដើម្បីជម្លៀសពួកគេចេញទៅឆ្ងាយពីទឹកដីរបស់ពួកគេ។
៧ មើល! ពីទឹកដីដែលអ្នករាល់គ្នាបានលក់រាស្ត្ររបស់ខ្ញុំខ្ញុំនឹងហៅពួកគេត្រឡប់មកវិញ+
ហើយខ្ញុំនឹងសងសឹកអ្នករាល់គ្នា ស្របតាមអ្វីដែលអ្នករាល់គ្នាបានធ្វើ។
៨ ខ្ញុំនឹងលក់កូនប្រុសកូនស្រីរបស់អ្នករាល់គ្នា ទៅឲ្យពួកយូដា+
ហើយពួកយូដានឹងលក់ពួកគេបន្តទៅឲ្យជនជាតិសេបាដែលនៅស្រុកឆ្ងាយ។
ព្រោះព្រះយេហូវ៉ាផ្ទាល់បានចេញវាចាហើយ។
៩ ចូរប្រកាសដំណឹងនេះក្នុងចំណោមប្រជាជាតិនានាថា៖+
‹ចូរត្រៀមខ្លួនធ្វើសង្គ្រាម! ចូរជំរុញចិត្តពួកបុរសខ្លាំងពូកែទៅ!
ហើយឲ្យទាហានទាំងអស់ចូលមកចុះ!+
១០ ចូរដំផាលនង្គ័លធ្វើជាដាវ ហើយដំដង្កាវធ្វើជាលំពែងទៅ។
ចូរឲ្យអ្នកទន់ខ្សោយនិយាយថា៖ «ខ្ញុំខ្លាំងក្លា!»។
១១ ឱប្រជាជាតិនានាដែលនៅជុំវិញអើយ! ចូរប្រមូលផ្ដុំគ្នា ហើយមកជួយចុះ›»។+
ឱព្រះយេហូវ៉ាអើយ! ចូរនាំពួកអ្នកខ្លាំងពូកែរបស់លោកទៅទីនោះ។
១២ «ចូរដាស់ប្រជាជាតិនានាដែលនៅជុំវិញ ឲ្យមកជ្រលងយេហូសាផាត
ព្រោះនៅទីនោះខ្ញុំនឹងអង្គុយកាត់ក្ដីពួកគេ។+
១៣ ចូរលូកកណ្ដៀវទៅ ព្រោះដល់រដូវច្រូតកាត់ហើយ។
ចូរចុះមកជាន់មក ព្រោះកន្លែងជាន់ផ្លែយកទឹកធ្វើស្រា មានផ្លែទំពាំងបាយជូរពេញហើយ។+
ឯកន្លែងត្រងទឹកទំពាំងបាយជូរវិញ ក៏មានទឹកពេញហូរហៀរដែរ។ ព្រោះអំពើអាក្រក់របស់ពួកគេមានច្រើនក្រៃលែង។
១៤ មើល! មានមនុស្សច្រើនកុះករនៅជ្រលងកាត់ក្ដី
ព្រោះថ្ងៃនៃព្រះយេហូវ៉ាជិតមកដល់ក្នុងជ្រលងកាត់ក្ដីហើយ។+
១៥ ដួងអាទិត្យនិងដួងខែនឹងលែងមានពន្លឺ
ហើយផ្កាយទាំងឡាយនឹងអាប់រស្មី។
១៦ ព្រះយេហូវ៉ានឹងគ្រហឹមពីស៊ីយ៉ូន
លោកនឹងបន្លឺសំឡេងយ៉ាងខ្លាំងពីក្រុងយេរូសាឡិម។
ពេលនោះ មេឃនឹងកក្រើក ហើយដីនឹងរញ្ជួយ។
ប៉ុន្តែ ព្រះយេហូវ៉ានឹងទៅជាទីពឹងជ្រកដល់រាស្ត្ររបស់លោក+
ហើយជាបន្ទាយដ៏រឹងមាំដល់ប្រជាជាតិអ៊ីស្រាអែល។
១៧ ពេលនោះ អ្នករាល់គ្នានឹងដឹងច្បាស់ថាខ្ញុំជាយេហូវ៉ា ជាព្រះរបស់អ្នករាល់គ្នាហើយខ្ញុំស្ថិតនៅភ្នំស៊ីយ៉ូនជាភ្នំបរិសុទ្ធរបស់ខ្ញុំ។+
ឯផ្លូវទឹកទាំងប៉ុន្មានក្នុងស្រុកយូដា នឹងមានទឹកហូរហៀរ។
ប្រភពទឹកនឹងផុសចេញពីវិហាររបស់ព្រះយេហូវ៉ា+
ហើយហូរស្រោចស្រពជ្រលងដើមអាកាស្យា។
រឿងនេះនឹងកើតឡើង ដោយសារតែអំពើឃោរឃៅដែលពួកគេបានធ្វើទៅលើបណ្ដាជនយូដា+
ហើយបានបង្ហូរឈាមជនស្លូតត្រង់ក្នុងទឹកដីនោះ។+
២០ ចំណែកស្រុកយូដាវិញ នឹងតែងតែមានមនុស្សរស់នៅជានិច្ច
ហើយនៅក្នុងក្រុងយេរូសាឡិមនឹងមានមនុស្សអាស្រ័យនៅគ្រប់ជំនាន់តទៅ។+
២១ គ្រានោះ ចំពោះអ្នកដែលមានទោស* ខ្ញុំនឹងចាត់ទុកពួកគេថាគ្មានទោសវិញ+
ហើយខ្ញុំជាយេហូវ៉ា ខ្ញុំនឹងអាស្រ័យនៅស៊ីយ៉ូន»។+
មានន័យថា«យេហូវ៉ាជាព្រះ»
ក្នុងខនេះភាសាហេប្រឺប្រើពាក្យបួនខុសគ្នាសម្រាប់សត្វកណ្ដូប
ឬ«គក់ទ្រូង»
ឬប្រហែលជាមានន័យថា«ល្វាក្រៀម»
ឬ«បង្ហាញចិត្តខ្នះខ្នែងចំពោះ»
នេះសំដៅលើសមុទ្រស្លាប់
នេះសំដៅលើសមុទ្រមេឌីទែរ៉ានេ
ឬ«តំបន់វាលទំនាប»
មានន័យថា«ព្រះយេហូវ៉ាជាចៅក្រម»
ន័យត្រង់«ទោសឈាម»