បណ្ណាល័យអ៊ីនធឺណិតរបស់ប៉មយាម
ប៉មយាម
បណ្ណាល័យអ៊ីនធឺណិត
ខ្មែរ
  • គម្ពីរ
  • សៀវភៅផ្សេងៗ
  • កិច្ចប្រជុំ
  • nwt សាការី ១:១-១៤:២១
  • សាការី

សុំទោស គ្មានវីដេអូទេ

សុំទោស វីដេអូមានបញ្ហា

  • សាការី
  • គម្ពីរបរិសុទ្ធសេចក្ដីបកប្រែពិភពលោកថ្មី
គម្ពីរបរិសុទ្ធសេចក្ដីបកប្រែពិភពលោកថ្មី
សាការី

សាការី

១ នៅ​ខែ​ទី​៨ ក្នុង​ឆ្នាំ​ទី​២​នៃ​ការ​គ្រប់​គ្រង​របស់​ដារីយុស+ ប្រសាសន៍​របស់​ព្រះ​យេហូវ៉ា​បាន​មក​ដល់​សាការី*+ដែល​ជា​អ្នក​ប្រកាស​ទំនាយ គាត់​ជា​កូន​របស់​បេរេគា និង​ជា​ចៅ​របស់​អ៊ីតដូ។ ព្រះ​មាន​ប្រសាសន៍​ថា​៖ ២ ​«​ព្រះ​យេហូវ៉ា​បាន​ខឹង​ឪពុក​របស់​អ្នក​រាល់​គ្នា​ខ្លាំង​ណាស់។+

៣ ​«​ចូរ​ទៅ​ប្រាប់​ពួក​គេ​ថា​៖ ‹ព្រះ​យេហូវ៉ា​នៃ​បណ្ដា​កង​ទ័ព​ស្ថាន​សួគ៌​មាន​ប្រសាសន៍​ថា​៖ ​«​‹ចូរ​ត្រឡប់​មក​រក​ខ្ញុំ​វិញ›។ ព្រះ​យេហូវ៉ា​នៃ​បណ្ដា​កង​ទ័ព​ស្ថាន​សួគ៌​មាន​ប្រសាសន៍​ថា​៖ ‹ហើយ​ខ្ញុំ​នឹង​ត្រឡប់​ទៅ​រក​អ្នក​រាល់​គ្នា​ដែរ›។+ ព្រះ​យេហូវ៉ា​នៃ​បណ្ដា​កង​ទ័ព​ស្ថាន​សួគ៌​មាន​ប្រសាសន៍​ដូច្នេះ​»​›។

៤ ​«​‹កុំ​ប្រព្រឹត្ត​ដូច​ឪពុក​របស់​អ្នក​រាល់​គ្នា​ឲ្យ​សោះ។ ខ្ញុំ​ធ្លាប់​ប្រើ​ពួក​អ្នក​ប្រកាស​ទំនាយ​នៅ​ជំនាន់​មុន​ឲ្យ​ទៅ​ប្រាប់​ថា​៖ ​«​ព្រះ​យេហូវ៉ា​នៃ​បណ្ដា​កង​ទ័ព​ស្ថាន​សួគ៌​មាន​ប្រសាសន៍​ថា​៖ ‹ចូរ​អ្នក​រាល់​គ្នា​បែរ​ចេញ*ពី​ផ្លូវ​អាក្រក់ ហើយ​លះ​ចោល​អំពើ​អាក្រក់›​»​›។+

​«​‹ប៉ុន្តែ ពួក​គេ​មិន​ព្រម​ស្ដាប់​ទេ ហើយ​ក៏​មិន​យក​ចិត្ត​ទុក​ដាក់​នឹង​សម្ដី​របស់​ខ្ញុំ​ដែរ›។+ ព្រះ​យេហូវ៉ា​បាន​ប្រកាស​ដូច្នេះ។

៥ ​«​‹ឥឡូវ តើ​ឪពុក​របស់​អ្នក​រាល់​គ្នា​នៅ​ឯ​ណា? ហើយ​តើ​ពួក​អ្នក​ប្រកាស​ទំនាយ​នៅ​ជំនាន់​មុន នៅ​តែ​មាន​ជីវិត​ឬ? ៦ ខ្ញុំ​បាន​ប្រាប់​អំពី​ក្រឹត្យ​ក្រម​ដល់​ឪពុក​អ្នក​រាល់​គ្នា​រួច​ហើយ។ ខ្ញុំ​ថែម​ទាំង​បាន​ចាត់​ពួក​អ្នក​ប្រកាស​ទំនាយ​ដែល​ជា​អ្នក​បម្រើ​របស់​ខ្ញុំ​ឲ្យ​ទៅ​ដាស់​តឿន​ពួក​គេ​ឲ្យ​ដឹង​អំពី​អ្វី​ដែល​នឹង​កើត​ឡើង​ដល់​ពួក​គេ បើ​ពួក​គេ​មិន​ធ្វើ​តាម​ក្រឹត្យ​ក្រម​ទាំង​នោះ​ទេ។ អ្វី​ទាំង​អស់​ដែល​ខ្ញុំ​បាន​ប្រកាស​ទុក​ពិត​ជា​បាន​កើត​ឡើង មែន​ទេ?›។+ ដូច្នេះ ពួក​គេ​បាន​ត្រឡប់​មក​រក​ខ្ញុំ​វិញ ហើយ​និយាយ​ថា​៖ ‹ព្រះ​យេហូវ៉ា​នៃ​បណ្ដា​កង​ទ័ព​ស្ថាន​សួគ៌​បាន​ប្រព្រឹត្ត​មក​លើ​ពួក​យើង​ស្រប​តាម​ទង្វើ​របស់​ពួក​យើង ដូច​ដែល​លោក​បាន​មាន​ប្រសាសន៍​មែន›​»។+

៧ នៅ​ថ្ងៃ​ទី​២៤ ខែ​ទី​១១ ជា​ខែ​សេបាត* ក្នុង​ឆ្នាំ​ទី​២​នៃ​ការ​គ្រប់​គ្រង​របស់​ដារីយុស+ ប្រសាសន៍​របស់​ព្រះ​យេហូវ៉ា​បាន​មក​ដល់​សាការី​ដែល​ជា​អ្នក​ប្រកាស​ទំនាយ គាត់​ជា​កូន​របស់​បេរេគា និង​ជា​ចៅ​របស់​អ៊ីតដូ។ ៨ សាការី​និយាយ​ថា​៖ ​«​នៅ​ពេល​យប់ ខ្ញុំ​បាន​ឃើញ​ការ​បើក​បង្ហាញ​ពី​ព្រះ។ ខ្ញុំ​ឃើញ​បុរស​ម្នាក់​កំពុង​ជិះ​សេះ​សម្បុរ​ក្រហម ហើយ​គាត់​បាន​ឈប់​នៅ​កណ្ដាល​ដើម​មើថល ត្រង់​ច្រក​ភ្នំ។ នៅ​ពី​ក្រោយ​គាត់ មាន​អ្នក​ជិះ​សេះ​សម្បុរ​ក្រហម សេះ​សម្បុរ​ក្រហម​ក្រមៅ និង​សេះ​សម្បុរ​ស​»។

៩ ដូច្នេះ ខ្ញុំ​បាន​សួរ​ថា​៖ ​«​លោក​ម្ចាស់ តើ​ពួក​គេ​ទាំង​នេះ​ជា​នរណា?​»។

ទេវតា​ដែល​កំពុង​និយាយ​ជា​មួយ​នឹង​ខ្ញុំ បាន​ឆ្លើយ​ថា​៖ ​«​ខ្ញុំ​នឹង​បង្ហាញ​អ្នក​ឲ្យ​ដឹង​ថា​ពួក​គេ​ជា​នរណា​»។

១០ រួច​មក បុរស​ដែល​ឈរ​នៅ​កណ្ដាល​ដើម​មើថល បាន​ប្រាប់​ថា​៖ ​«​ពួក​គេ​គឺ​ជា​អ្នក​ដែល​ព្រះ​យេហូវ៉ា​បាន​ចាត់​ឲ្យ​មក​ដើរ​ល្បាត​ផែនដី​»។ ១១ ពួក​គេ​និយាយ​ទៅ​កាន់​ទេវតា​របស់​ព្រះ​យេហូវ៉ា​ដែល​កំពុង​ឈរ​នៅ​កណ្ដាល​ដើម​មើថល​ថា​៖ ​«​យើង​បាន​ដើរ​ល្បាត​ផែនដី​រួច​ហើយ។ មើល! ផែនដី​ទាំង​មូល​នៅ​ស្ងប់​ស្ងាត់ និង​គ្មាន​អ្វី​នាំ​ឲ្យ​មាន​ភាព​វឹកវរ​ឡើយ​»។+

១២ ដូច្នេះ ទេវតា​របស់​ព្រះ​យេហូវ៉ា​និយាយ​ថា​៖ ​«​ឱ​ព្រះ​យេហូវ៉ា​នៃ​បណ្ដា​កង​ទ័ព​ស្ថាន​សួគ៌ តើ​ដល់​ពេល​ណា​ទើប​លោក​អាណិត​មេត្តា​ដល់​យេរូសាឡិម* និង​ក្រុង​ផ្សេង​ៗ​របស់​យូដា?+ លោក​ខឹង​ពួក​គេ​អស់​៧០​ឆ្នាំ​ហើយ​»។+

១៣ ព្រះ​យេហូវ៉ា​ក៏​តប​ឆ្លើយ​ទៅ​ទេវតា​ដែល​កំពុង​និយាយ​ជា​មួយ​នឹង​ខ្ញុំ។ លោក​តប​ឆ្លើយ​ដោយ​សប្បុរស​និង​ដោយ​សម្ដី​សម្រាល​ទុក្ខ។ ១៤ រួច​មក ទេវតា​ដែល​កំពុង​និយាយ​ជា​មួយ​នឹង​ខ្ញុំ បាន​ប្រាប់​ខ្ញុំ​ថា​៖ ​«​ចូរ​ទៅ​ប្រកាស​ថា​៖ ‹ព្រះ​យេហូវ៉ា​នៃ​បណ្ដា​កង​ទ័ព​ស្ថាន​សួគ៌​មាន​ប្រសាសន៍​ថា​៖ ​«​ខ្ញុំ​បាន​តាំង​ចិត្ត​ការ​ពារ​យេរូសាឡិម​និង​ស៊ីយ៉ូន។+ ១៥ ខ្ញុំ​ខឹង​ប្រជា​ជាតិ​ដែល​ក្រអឺតក្រអោង​ទាំង​នោះ​ខ្លាំង​ណាស់។+ ខ្ញុំ​ចង់​ដាក់​ទោស​រាស្ត្រ​របស់​ខ្ញុំ​តែ​បន្តិច​ទេ+ ប៉ុន្តែ​ប្រជា​ជាតិ​ទាំង​នោះ​បែរ​ជា​ធ្វើ​ឲ្យ​រាស្ត្រ​របស់​ខ្ញុំ​អន្តរាយ​ទាំង​ស្រុង​វិញ​»​›។+

១៦ ​«​ម្ល៉ោះ​ហើយ ព្រះ​យេហូវ៉ា​មាន​ប្រសាសន៍​ថា​៖ ‹​«​ខ្ញុំ​នឹង​បែរ​មក​អាណិត​មេត្តា​ដល់​យេរូសាឡិម+ ហើយ​សង់​វិហារ​របស់​ខ្ញុំ​ដែល​នៅ​ក្នុង​នាង​ឡើង​វិញ។+ ម្យ៉ាង​ទៀត នឹង​មាន​ការ​ទាញ​ខ្សែ​វាស់​យេរូសាឡិម​សា​ជា​ថ្មី​»។ នេះ​ជា​សេចក្ដី​ប្រកាស​របស់​ព្រះ​យេហូវ៉ា​នៃ​បណ្ដា​កង​ទ័ព​ស្ថាន​សួគ៌›។+

១៧ ​«​ចូរ​អ្នក​ទៅ​ប្រកាស​ម្ដង​ទៀត​ថា​៖ ‹ព្រះ​យេហូវ៉ា​នៃ​បណ្ដា​កង​ទ័ព​ស្ថាន​សួគ៌​មាន​ប្រសាសន៍​ថា​៖ ​«​ក្រុង​នា​នា​របស់​ខ្ញុំ​នឹង​បាន​ទទួល​សេចក្ដី​ល្អ*យ៉ាង​បរិបូរ​ម្ដង​ទៀត ហើយ​ព្រះ​យេហូវ៉ា​នឹង​សម្រាល​ទុក្ខ​ស៊ីយ៉ូន+ ព្រម​ទាំង​ជ្រើស​រើស​យេរូសាឡិម​សា​ជា​ថ្មី​ផង​»​›​»។+

១៨ រួច​មក ពេល​ខ្ញុំ​ងើប​មុខ​ឡើង ខ្ញុំ​ឃើញ​ស្នែង​បួន។+ ១៩ ខ្ញុំ​ក៏​សួរ​ទេវតា​ដែល​កំពុង​និយាយ​ជា​មួយ​នឹង​ខ្ញុំ​ថា​៖ ​«​តើ​ស្នែង​ទាំង​នេះ​មាន​អត្ថន័យ​អ្វី?​»។ គាត់​បាន​តប​ថា​៖ ​«​ស្នែង​ទាំង​នេះ​ជា​ស្នែង​ដែល​បាន​កម្ចាត់​កម្ចាយ​យូដា+ អ៊ីស្រាអែល+ និង​យេរូសាឡិម​»។+

២០ បន្ទាប់​មក​ទៀត ព្រះ​យេហូវ៉ា​បាន​បង្ហាញ​ឲ្យ​ខ្ញុំ​ឃើញ​សិប្បករ​បួន​នាក់។ ២១ ដូច្នេះ ខ្ញុំ​ក៏​សួរ​ថា​៖ ​«​តើ​បុរស​ទាំង​នេះ​មក​ធ្វើ​អ្វី?​»។

គាត់​ប្រាប់​ថា​៖ ​«​ស្នែង​ទាំង​នោះ​បាន​កម្ចាត់​កម្ចាយ​យូដា រហូត​ដល់​គ្មាន​អ្នក​ណា​អាច​ងើប​ក្បាល​រួច។ ប៉ុន្តែ បុរស​ទាំង​នេះ​នឹង​មក​ដើម្បី​ធ្វើ​ឲ្យ​ស្នែង​ទាំង​នោះ​ភ័យ​តក់​ស្លុត ហើយ​ដើម្បី​បំផ្លាញ​ស្នែង​របស់​ប្រជា​ជាតិ​ដែល​ធ្លាប់​តែ​លើក​ស្នែង​ឡើង​ប្រឆាំង​ស្រុក​យូដា​ធ្វើ​ឲ្យ​នាង​ខ្ចាត់​ខ្ចាយ​ទៅ​»។

២ រួច​មក ខ្ញុំ​ងើប​មុខ​ឡើង ហើយ​ឃើញ​បុរស​ម្នាក់​មាន​ខ្សែ​រង្វាស់+ក្នុង​ដៃ។ ២ ដូច្នេះ ខ្ញុំ​ក៏​សួរ​គាត់​ថា​៖ ​«​តើ​អ្នក​អញ្ជើញ​ទៅ​ណា?​»។

គាត់​តប​ថា​៖ ​«​ទៅ​វាស់​យេរូសាឡិម ដើម្បី​ឲ្យ​ដឹង​ពី​ទទឹង​និង​បណ្ដោយ​របស់​នាង​»។+

៣ មើល! ទេវតា​ដែល​កំពុង​និយាយ​ជា​មួយ​នឹង​ខ្ញុំ​ក៏​ចេញ​ទៅ ហើយ​មាន​ទេវតា​មួយ​ទៀត​មក​ជួប​ទេវតា​នោះ ៤ រួច​ក៏​និយាយ​ទៅ​ទេវតា​នោះ​ថា​៖ ​«​ចូរ​ប្រញាប់​រត់​ទៅ​ប្រាប់​បុរស​នោះ​ថា​៖ ‹​«​យេរូសាឡិម​នឹង​ទៅ​ជា​ទី​អាស្រ័យ​នៅ+ ដូច​ជា​ក្រុង​ដែល​នៅ​ចំហ​គ្មាន​កំពែង​ការ​ពារ ដោយ​សារ​មនុស្ស​និង​ហ្វូង​សត្វ​ច្រើន​សន្ធឹក​រស់​នៅ​ក្នុង​នាង។+ ៥ ខ្ញុំ​នឹង​ទៅ​ជា​កំពែង​ភ្លើង​នៅ​ព័ទ្ធ​ជុំវិញ​នាង+ ហើយ​ខ្ញុំ​នឹង​ទៅ​ជា​សិរី​រុង​រឿង​របស់​នាង​»។+ ព្រះ​យេហូវ៉ា​មាន​ប្រសាសន៍​ដូច្នោះ›​»។

៦ ព្រះ​យេហូវ៉ា​មាន​ប្រសាសន៍​ថា​៖ ​«​មក! មក! ចូរ​ភៀស​ខ្លួន​ចេញ​ពី​ទឹក​ដី​ទិស​ខាង​ជើង​មក​»។+

ព្រះ​យេហូវ៉ា​មាន​ប្រសាសន៍​ថា​៖ ​«​ព្រោះ​ខ្ញុំ​បាន​កម្ចាត់​កម្ចាយ​អ្នក​រាល់​គ្នា​ទៅ​ទិស​ទាំង​បួន​»។+

៧ ​«​មក​ចុះ ស៊ីយ៉ូន! អ្នក​រាល់​គ្នា​ដែល​កំពុង​អាស្រ័យ​ជា​មួយ​នឹង​កូន​ស្រី​នៃ​ក្រុង​បាប៊ីឡូន*អើយ ចូរ​គេច​ចេញ​មក!+ ៨ ក្រោយ​ពី​ព្រះ​យេហូវ៉ា​នៃ​បណ្ដា​កង​ទ័ព​ស្ថាន​សួគ៌​បាន​ទទួល​ការ​លើក​តម្កើង លោក​បាន​ចាត់​ខ្ញុំ​ឲ្យ​ទៅ​ឯ​ប្រជា​ជាតិ​នា​នា​ដែល​ប្លន់​អ្នក​រាល់​គ្នា។+ លោក​មាន​ប្រសាសន៍​ថា​៖ ‹អ្នក​ណា​ក៏​ដោយ​ដែល​ប៉ះ​ពាល់​អ្នក​រាល់​គ្នា ក៏​ដូច​ជា​ពាល់​ប្រស្រី​ភ្នែក​របស់​ខ្ញុំ​ដែរ។+ ៩ ពី​ព្រោះ​ខ្ញុំ​នឹង​លើក​ដៃ​ប្រឆាំង​ពួក​គេ ហើយ​ទាសករ​របស់​ពួក​គេ​នឹង​ប្លន់​ពួក​គេ​វិញ›។+ រួច​អ្នក​រាល់​គ្នា​នឹង​ដឹង​ច្បាស់​ថា ព្រះ​យេហូវ៉ា​នៃ​បណ្ដា​កង​ទ័ព​ស្ថាន​សួគ៌​បាន​ចាត់​ខ្ញុំ​ឲ្យ​មក។

១០ ​«​ឱ​កូន​ស្រី​នៃ​ក្រុង​ស៊ីយ៉ូន*អើយ+ ចូរ​ស្រែក​ដោយ​អំណរ ព្រោះ​ខ្ញុំ​នឹង​មក+ ហើយ​ខ្ញុំ​នឹង​នៅ​ជា​មួយ​នឹង​អ្នក​រាល់​គ្នា​»។+ នេះ​ជា​ប្រសាសន៍​របស់​ព្រះ​យេហូវ៉ា។ ១១ ​«​នៅ​ថ្ងៃ​នោះ ប្រជា​ជាតិ​ជា​ច្រើន​នឹង​គាំទ្រ​ខាង​ខ្ញុំ​ជា​យេហូវ៉ា+ ហើយ​ពួក​គេ​នឹង​ក្លាយ​ជា​រាស្ត្រ​របស់​ខ្ញុំ។ ខ្ញុំ​នឹង​អាស្រ័យ​នៅ​ជា​មួយ​នឹង​អ្នក​រាល់​គ្នា​»។ រួច​អ្នក​រាល់​គ្នា​នឹង​ដឹង​ច្បាស់​ថា ព្រះ​យេហូវ៉ា​នៃ​បណ្ដា​កង​ទ័ព​ស្ថាន​សួគ៌​បាន​ចាត់​ខ្ញុំ​ឲ្យ​មក។ ១២ ព្រះ​យេហូវ៉ា​នឹង​យក​យូដា​ទុក​ជា​ចំណែក​នៃ​សម្បត្តិ​របស់​លោក​នៅ​ក្នុង​ទឹក​ដី​បរិសុទ្ធ ហើយ​លោក​នឹង​ជ្រើស​រើស​យេរូសាឡិម​សា​ជា​ថ្មី។+ ១៣ ចូរ​ឲ្យ​មនុស្សជាតិ​ទាំង​ឡាយ​នៅ​ស្ងៀម​នៅ​ចំពោះ​មុខ​ព្រះ​យេហូវ៉ា ព្រោះ​លោក​កំពុង​ចាត់​វិធានការ​ពី​លំនៅ​បរិសុទ្ធ​របស់​លោក​ហើយ។

៣ បន្ទាប់​មក លោក*បាន​បង្ហាញ​ឲ្យ​ខ្ញុំ​ឃើញ​យ៉ូស្វេ+ជា​សម្ដេច​សង្ឃ​កំពុង​ឈរ​នៅ​ចំពោះ​មុខ​ទេវតា​របស់​ព្រះ​យេហូវ៉ា។ រីឯ​សាថាន+ឈរ​នៅ​ខាង​ស្ដាំ​ដៃ​យ៉ូស្វេ ដើម្បី​តតាំង​នឹង​គាត់។ ២ រួច​ទេវតា​របស់​ព្រះ​យេហូវ៉ា​និយាយ​ទៅ​កាន់​សាថាន​ថា​៖ ​«​ឱ​សាថាន សូម​ឲ្យ​ព្រះ​យេហូវ៉ា​ស្ដី​បន្ទោស​អ្នក​ចុះ!+ សូម​ឲ្យ​ព្រះ​យេហូវ៉ា​ជា​អ្នក​ដែល​បាន​ជ្រើស​រើស​យេរូសាឡិម+ ស្ដី​បន្ទោស​អ្នក​ចុះ! តើ​បុរស​នេះ​មិន​មែន​ជា​កន្ទុយ​អុស​ដែល​បាន​ត្រូវ​កញ្ឆក់​ចេញ​ពី​ភ្លើង​ទេ​ឬ?​»។

៣ ពេល​នោះ យ៉ូស្វេ​កំពុង​ឈរ​នៅ​ចំពោះ​មុខ​ទេវតា​នោះ​ទាំង​ស្លៀក​សម្លៀក​បំពាក់​កខ្វក់។ ៤ ទេវតា​នោះ​បាន​និយាយ​ទៅ​កាន់​ពួក​អ្នក​បម្រើ​ថា​៖ ​«​ចូរ​ដោះ​សម្លៀក​បំពាក់​កខ្វក់​ចេញ​ពី​គាត់​»។ រួច​ទេវតា​នោះ​ក៏​ប្រាប់​យ៉ូស្វេ​ថា​៖ ​«​មើល ខ្ញុំ​បាន​លុប​ចោល​កំហុស​របស់​អ្នក​រួច​ហើយ។ អ្នក​នឹង​ស្លៀក​សម្លៀក​បំពាក់​ប្រណីត​វិញ​»។+

៥ ម្ល៉ោះ​ហើយ ខ្ញុំ​ក៏​និយាយ​ថា​៖ ​«​ចូរ​យក​ឈ្នួត​ស្អាត​មក​បំពាក់​លើ​ក្បាល​របស់​គាត់​»។+ រួច​ពួក​គេ​ក៏​បំពាក់​ឈ្នួត​ស្អាត​លើ​ក្បាល​គាត់ ថែម​ទាំង​ស្លៀក​សម្លៀក​បំពាក់​ឲ្យ​គាត់​ផង។ ទេវតា​របស់​ព្រះ​យេហូវ៉ា​ក៏​ឈរ​នៅ​ជិត​នោះ​ដែរ។ ៦ បន្ទាប់​មក ទេវតា​របស់​ព្រះ​យេហូវ៉ា​ក៏​ប្រាប់​យ៉ូស្វេ​ថា​៖ ៧ ​«​ព្រះ​យេហូវ៉ា​នៃ​បណ្ដា​កង​ទ័ព​ស្ថាន​សួគ៌​បាន​មាន​ប្រសាសន៍​ថា​៖ ‹ប្រសិន​បើ​អ្នក​ដើរ​តាម​ផ្លូវ​របស់​ខ្ញុំ ហើយ​បន្ត​បំពេញ​ភារកិច្ច​នៅ​ចំពោះ​មុខ​ខ្ញុំ នោះ​អ្នក​នឹង​ធ្វើ​ជា​អ្នក​វិនិច្ឆ័យ​ក្នុង​វិហារ​របស់​ខ្ញុំ+ ហើយ​នឹង​មើល​ការ​ខុស​ត្រូវ​លើ​ទី​ធ្លា​របស់​ខ្ញុំ។ ម្យ៉ាង​ទៀត ខ្ញុំ​នឹង​អនុញ្ញាត​ឲ្យ​អ្នក​មាន​សិទ្ធិ​ចូល​មក​ក្នុង​ចំណោម​អស់​អ្នក​ដែល​កំពុង​ឈរ​នៅ​ទី​នេះ›។

៨ ​«​‹ឱ​សម្ដេច​សង្ឃ​យ៉ូស្វេ​អើយ សូម​អ្នក​និង​បណ្ដា​សង្ឃ​ឯ​ទៀត​ដែល​អង្គុយ​នៅ​ពី​មុខ​អ្នក មេត្តា​ប្រុង​ស្ដាប់ ព្រោះ​ពួក​អ្នក​នឹង​ទៅ​ជា​សញ្ញា​សម្គាល់​អំពី​អ្វី​ដែល​នឹង​កើត​ឡើង​នា​អនាគត។ មើល! ខ្ញុំ​នឹង​នាំ​ពន្លក+ដែល​ជា​អ្នក​បម្រើ​របស់​ខ្ញុំ​មក!+ ៩ សូម​មើល​ថ្ម​ដែល​ខ្ញុំ​បាន​ដាក់​នៅ​ពី​មុខ​យ៉ូស្វេ​ចុះ! នៅ​លើ​ថ្ម​នោះ​មាន​ភ្នែក​៧។ ខ្ញុំ​នឹង​ចារឹក​អក្សរ​នៅ​លើ​ថ្ម​នោះ ហើយ​ខ្ញុំ​នឹង​ដក​កំហុស​ចេញ​ពី​ទឹក​ដី​នោះ​ក្នុង​ពេល​តែ​មួយ​ថ្ងៃ​ប៉ុណ្ណោះ›។ ព្រះ​យេហូវ៉ា​នៃ​បណ្ដា​កង​ទ័ព​ស្ថាន​សួគ៌​បាន​មាន​ប្រសាសន៍​ដូច្នោះ។+

១០ ​«​ព្រះ​យេហូវ៉ា​នៃ​បណ្ដា​កង​ទ័ព​ស្ថាន​សួគ៌​ប្រកាស​ថា​៖ ‹នៅ​ថ្ងៃ​នោះ អ្នក​ទាំង​អស់​គ្នា​នឹង​អញ្ជើញ​អ្នក​ជិត​ខាង​ឲ្យ​មក​អង្គុយ​ក្រោម​វល្លិ​ទំពាំង​បាយ​ជូរ និង​ក្រោម​ដើម​ល្វា​តូច​របស់​អ្នក​ទាំង​អស់​គ្នា›​»។+

៤ ទេវតា​ដែល​បាន​ពោល​មក​កាន់​ខ្ញុំ ក៏​ត្រឡប់​មក​វិញ ហើយ​ដាស់​ខ្ញុំ​ឲ្យ​ភ្ញាក់ ដូច​គេ​ដាស់​មនុស្ស​ឲ្យ​ក្រោក​ពី​ដំណេក។ ២ រួច​ទេវតា​សួរ​ខ្ញុំ​ថា​៖ ​«​តើ​អ្នក​ឃើញ​អ្វី?​»។

ខ្ញុំ​ឆ្លើយ​ថា​៖ ​«​មើល! ខ្ញុំ​ឃើញ​ជើង​ចង្កៀង​មួយ​ធ្វើ​ពី​មាស+ មាន​ទាំង​ចង្កៀង​៧​នៅ​ពី​លើ​ផង+ ហើយ​ក៏​មាន​ចាន​គោម​មួយ​នៅ​ពី​លើ​ចង្កៀង​ទាំង​នោះ​ដែរ។ ម្យ៉ាង​ទៀត មាន​បំពង់​៧​ដែល​ត​ភ្ជាប់​ពី​ចាន​គោម​ទៅ​ចង្កៀង​ទាំង​៧​នោះ។ ៣ នៅ​ក្បែរ​ជើង​ចង្កៀង​និង​ចាន​គោម​នោះ មាន​ដើម​អូលីវ​ពីរ​ដើម+ មួយ​នៅ​ខាង​ស្ដាំ មួយ​នៅ​ខាង​ឆ្វេង​»។

៤ រួច​ខ្ញុំ​ក៏​សួរ​ទេវតា​ដែល​កំពុង​សន្ទនា​នឹង​ខ្ញុំ​ថា​៖ ​«​លោក​ម្ចាស់ តើ​អ្វី​ទាំង​នេះ​មាន​អត្ថន័យ​អ្វី?​»។ ៥ ទេវតា​នោះ​សួរ​ខ្ញុំ​ថា​៖ ​«​តើ​អ្នក​មិន​ដឹង​អំពី​អត្ថន័យ​ទេ​ឬ?​»។

ខ្ញុំ​តប​វិញ​ថា​៖ ​«​ខ្ញុំ​មិន​ដឹង​ទេ​លោក​ម្ចាស់​»។

៦ ទេវតា​នោះ​និយាយ​ថា​៖ ​«​នេះ​ជា​ប្រសាសន៍​ដែល​ព្រះ​យេហូវ៉ា​ពោល​ទៅ​កាន់​សេរ៉ូបាបិល​គឺ​៖ ‹​«​អ្វី​ទាំង​នេះ​នឹង​កើត​ឡើង មិន​មែន​ដោយ​កម្លាំង​កង​ទ័ព ហើយ​ក៏​មិន​មែន​ដោយ​អំណាច​ទេ+ តែ​ដោយ​ឫទ្ធានុភាព​របស់​ខ្ញុំ​»។+ ព្រះ​យេហូវ៉ា​នៃ​បណ្ដា​កង​ទ័ព​ស្ថាន​សួគ៌​មាន​ប្រសាសន៍​ដូច្នោះ។ ៧ ឱ​ភ្នំ​ធំ​អើយ តើ​អ្នក​ជា​នរណា? នៅ​ចំពោះ​សេរ៉ូបាបិល+ អ្នក​នឹង​ក្លាយ​ទៅ​ជា​ដី​រាប​ស្មើ។+ គាត់​នឹង​នាំ​ថ្ម​កំពូល​នៃ​វិហារ​មក ហើយ​អស់​អ្នក​ដែល​ឃើញ​នឹង​បន្លឺ​សំឡេង​ថា​៖ ​«​ស្អាត​ខ្លាំង​ណាស់! ស្អាត​ខ្លាំង​ណាស់!​»​›​»។

៨ ប្រសាសន៍​របស់​ព្រះ​យេហូវ៉ា​បាន​មក​ដល់​ខ្ញុំ​ទៀត​ថា​៖ ៩ ​«​សេរ៉ូបាបិល​ជា​អ្នក​ដែល​ដាក់​គ្រឹះ​វិហារ​នេះ​ដោយ​ដៃ​របស់​គាត់+ ហើយ​គាត់​ក៏​នឹង​សង់​បង្ហើយ​ដោយ​ដៃ​របស់​គាត់​ដែរ។+ យ៉ាង​នេះ អ្នក​នឹង​ដឹង​ថា​ព្រះ​យេហូវ៉ា​នៃ​បណ្ដា​កង​ទ័ព​ស្ថាន​សួគ៌​បាន​ចាត់​ខ្ញុំ​ឲ្យ​មក។ ១០ តើ​អ្នក​ណា​នឹង​មើល​ងាយ​ការ​ចាប់​ផ្ដើម​បន្តិច​បន្តួច?+* ពួក​គេ​នឹង​រីករាយ​ត្រេក​អរ​ដោយ​ឃើញ​ខ្សែ​ប្រយោល*នៅ​ក្នុង​ដៃ​របស់​សេរ៉ូបាបិល។ រីឯ​ភ្នែក​ទាំង​៧​នេះ ជា​ភ្នែក​របស់​ព្រះ​យេហូវ៉ា​ដែល​កំពុង​សម្លឹង​មើល​ពាស​ពេញ​ផែនដី​»។+

១១ រួច​ខ្ញុំ​សួរ​គាត់​ថា​៖ ​«​តើ​ដើម​អូលីវ​ពីរ​ដើម​ដែល​មួយ​នៅ​ខាង​ស្ដាំ និង​មួយ​នៅ​ខាង​ឆ្វេង​ជើង​ចង្កៀង​នោះ មាន​អត្ថន័យ​អ្វី?​»។+ ១២ ខ្ញុំ​ក៏​សួរ​គាត់​ជា​លើក​ទី​២​ថា​៖ ​«​តើ​មែក​ពីរ*នៃ​ដើម​អូលីវ​ដែល​បង្ហូរ​ប្រេង​ពណ៌​មាស​ចេញ​តាម​បំពង់​មាស​ពីរ​នោះ មាន​អត្ថន័យ​អ្វី?​»។

១៣ ដូច្នេះ ទេវតា​នោះ​ក៏​សួរ​ខ្ញុំ​ថា​៖ ​«​តើ​អ្នក​មិន​ដឹង​អំពី​អត្ថន័យ​ទេ​ឬ?​»។

ខ្ញុំ​តប​វិញ​ថា​៖ ​«​ខ្ញុំ​មិន​ដឹង​ទេ​លោក​ម្ចាស់​»។

១៤ គាត់​និយាយ​ថា​៖ ​«​នោះ​គឺ​ជា​អ្នក​ដែល​បាន​ត្រូវ​រើស​តាំង។ ពួក​គេ​ទាំង​ពីរ​កំពុង​ឈរ​អម​សង​ខាង​ម្ចាស់​នៃ​ផែនដី​ទាំង​មូល​»។+

៥ ខ្ញុំ​បាន​ងើប​មុខ​ឡើង​ម្ដង​ទៀត ហើយ​ឃើញ​រមូរ​មួយ​កំពុង​ហោះ។ ២ គាត់​បាន​សួរ​ខ្ញុំ​ថា​៖ ​«​តើ​អ្នក​ឃើញ​អ្វី?​»។

ខ្ញុំ​ឆ្លើយ​ថា​៖ ​«​ខ្ញុំ​ឃើញ​រមូរ​មួយ​កំពុង​ហោះ មាន​បណ្ដោយ​២០​ហត្ថ* និង​ទទឹង​១០​ហត្ថ​»។

៣ រួច​គាត់​ប្រាប់​ខ្ញុំ​ថា​៖ ​«​នេះ​ជា​បណ្ដា​សា​ដែល​ផ្សាយ​ចេញ​ទៅ​ទូទាំង​ផែនដី ព្រោះ​ទោះ​ជា​រមូរ​ម្ខាង​បញ្ជាក់​ថា​អ្នក​ដែល​លួច​ត្រូវ​បណ្ដា​សា​ក្ដី+ ក៏​អ្នក​ដែល​លួច​នោះ​មិន​ទាន់​រង​ទោស​ទេ ហើយ​ទោះ​ជា​រមូរ​ម្ខាង​ទៀត​បញ្ជាក់​ថា​អ្នក​ដែល​ស្បថ​បំពាន​ត្រូវ​បណ្ដា​សា​ក៏​ដោយ+ ក៏​អ្នក​ដែល​ស្បថ​បំពាន​នោះ​មិន​ទាន់​រង​ទោស​ដែរ។ ៤ ព្រះ​យេហូវ៉ា​នៃ​បណ្ដា​កង​ទ័ព​ស្ថាន​សួគ៌​មាន​ប្រសាសន៍​ថា​៖ ‹ខ្ញុំ​នឹង​ចាត់​បណ្ដា​សា​ឲ្យ​ចេញ​ទៅ ហើយ​បណ្ដា​សា​នឹង​ចូល​ទៅ​ក្នុង​ផ្ទះ​របស់​ចោរ និង​ផ្ទះ​របស់​អ្នក​ដែល​ស្បថ​បំពាន​ដោយ​អាង​នាម​ខ្ញុំ។ បណ្ដា​សា​នឹង​នៅ​ក្នុង​ផ្ទះ​នោះ ហើយ​ធ្វើ​ឲ្យ​ផ្ទះ​នោះ​វិនាស​ហិនហោច​អស់​ទាំង​ឈើ​ទាំង​ថ្ម​ផង›​»។

៥ បន្ទាប់​មក ទេវតា​ដែល​បាន​សន្ទនា​ជា​មួយ​នឹង​ខ្ញុំ​ក៏​ចូល​មក ហើយ​និយាយ​មក​កាន់​ខ្ញុំ​ថា​៖ ​«​សូម​ងើប​មុខ​ឡើង ហើយ​មើល​អ្វី​ដែល​កំពុង​ចេញ​ទៅ​នោះ​»។

៦ ដូច្នេះ ខ្ញុំ​បាន​សួរ​ថា​៖ ​«​តើ​នោះ​ជា​អ្វី?​»។

គាត់​ឆ្លើយ​ថា​៖ ​«​នោះ​ជា​កញ្ឆេ​វាល់​ស្រូវ​»។* គាត់​បន្ត​ទៀត​ថា​៖ ​«​មនុស្ស​ទុច្ចរិត​ទាំង​អស់​នៅ​ផែនដី​មាន​សណ្ឋាន​ដូច​នោះ​»។ ៧ ម្យ៉ាង​ទៀត ខ្ញុំ​ឃើញ​គម្រប​រាង​មូល​ធ្វើ​ពី​សំណ​បាន​ត្រូវ​បើក​ឡើង ហើយ​ឃើញ​មាន​ស្ត្រី​ម្នាក់​អង្គុយ​ក្នុង​កញ្ឆេ​នោះ។ ៨ ដូច្នេះ គាត់​និយាយ​ថា​៖ ​«​ស្ត្រី​នោះ​គឺ​ជា​អំពើ​ទុច្ចរិត​»។ រួច​គាត់​រុញ​ស្ត្រី​នោះ​ទៅ​ក្នុង​កញ្ឆេ​វិញ ហើយ​គាត់​ក៏​យក​គម្រប​សំណ​ដ៏​ធ្ងន់​មក​គ្រប​ពី​លើ​មាត់​កញ្ឆេ។

៩ លំដាប់​នោះ ខ្ញុំ​បាន​ងើប​មុខ​ឡើង ហើយ​ឃើញ​ស្ត្រី​ពីរ​នាក់​កំពុង​ហោះ​លើ​អាកាស។ ពួក​នាង​មាន​ស្លាប​ដូច​ស្លាប​របស់​សត្វ​កុក ហើយ​ពួក​នាង​បាន​លើក​កញ្ឆេ​នោះ​ហោះ​ឡើង​ទៅ​លើ​មេឃ។* ១០ ខ្ញុំ​ក៏​សួរ​ទេវតា​នោះ​ថា​៖ ​«​តើ​ពួក​នាង​យក​កញ្ឆេ​វាល់​ស្រូវ*ទៅ​ណា?​»។

១១ គាត់​តប​ថា​៖ ​«​ទៅ​ស្រុក​ស៊ីណើរ*+ ដើម្បី​សង់​ផ្ទះ​ឲ្យ​ស្ត្រី​នោះ។ ពេល​សង់​រួច​ហើយ ស្ត្រី​នោះ​នឹង​ត្រូវ​រស់​នៅ​ទី​នោះ ជា​កន្លែង​ដែល​ស័ក្ដិ​សម​សម្រាប់​នាង​»។

៦ រួច​មក ខ្ញុំ​បាន​ងើប​មុខ​ឡើង​ម្ដង​ទៀត ហើយ​ឃើញ​រទេះ​ចម្បាំង​បួន​ដែល​កំពុង​ចេញ​មក​ពី​ចន្លោះ​រវាង​ភ្នំ​ពីរ។ ភ្នំ​ទាំង​ពីរ​នោះ​ជា​ភ្នំ​ស្ពាន់។ ២ រទេះ​ចម្បាំង​ទី​១​ទឹម​ដោយ​សេះ​សម្បុរ​ក្រហម ហើយ​រទេះ​ចម្បាំង​ទី​២​ទឹម​ដោយ​សេះ​សម្បុរ​ខ្មៅ។+ ៣ ឯ​រទេះ​ចម្បាំង​ទី​៣​ទឹម​ដោយ​សេះ​សម្បុរ​ស ហើយ​រទេះ​ចម្បាំង​ទី​៤​ទឹម​ដោយ​សេះ​សម្បុរ​ពព្លាក់​និង​សេះ​សម្បុរ​ពពាល។+

៤ ខ្ញុំ​ក៏​សួរ​ទេវតា​ដែល​សន្ទនា​ជា​មួយ​នឹង​ខ្ញុំ​ថា​៖ ​«​លោក​ម្ចាស់ តើ​អ្វី​ទាំង​នេះ​មាន​អត្ថន័យ​អ្វី?​»។

៥ ទេវតា​នោះ​បាន​ឆ្លើយ​ថា​៖ ​«​នេះ​ជា​កង​កម្លាំង​បួន+នៃ​ស្ថាន​សួគ៌​ដែល​ចេញ​ដំណើរ​ទៅ ក្រោយ​ពី​បាន​ឈរ​នៅ​ចំពោះ​មុខ​ម្ចាស់​នៃ​ផែនដី​ទាំង​មូល។+ ៦ រទេះ​ចម្បាំង​ដែល​ទឹម​ដោយ​សេះ​សម្បុរ​ខ្មៅ​ចេញ​ទៅ​ទឹក​ដី​ខាង​ជើង+ ហើយ​សេះ​សម្បុរ​ស​ចេញ​ទៅ​ឯ​ទឹក​ដី​ដែល​នៅ​ឆ្ងាយ​ហួស​សមុទ្រ។ ចំណែក​សេះ​សម្បុរ​ពព្លាក់​ចេញ​ទៅ​ទឹក​ដី​ខាង​ត្បូង។ ៧ រួច​សេះ​សម្បុរ​ពពាល​នោះ​ពិត​ជា​ចង់​ធ្វើ​ដំណើរ​ខ្លាំង​ណាស់ ទៅ​ទឹក​ដី​ដែល​បាន​ត្រូវ​កំណត់​ឲ្យ​ទៅ​»។ ដូច្នេះ គាត់​ប្រាប់​ថា​៖ ​«​ចូរ​ធ្វើ​ដំណើរ​ឲ្យ​សព្វ​ទឹក​ដី​ដែល​បាន​ត្រូវ​កំណត់​ឲ្យ​ចុះ​»។ ម្ល៉ោះ​ហើយ ពួក​គេ​ក៏​តាំង​ធ្វើ​ដំណើរ​ពេញ​ទឹក​ដី​ទាំង​នោះ។

៨ បន្ទាប់​មក គាត់​បាន​ហៅ​ខ្ញុំ ហើយ​ប្រាប់​ថា​៖ ​«​ឃើញ​ទេ ពួក​អ្នក​ដែល​ចេញ​ទៅ​ទឹក​ដី​ខាង​ជើង​បាន​ធ្វើ​ឲ្យ​កំហឹង​របស់​ព្រះ​យេហូវ៉ា​ស្ងប់​រម្ងាប់​នៅ​ទឹក​ដី​នោះ​»។*

៩ ប្រសាសន៍​របស់​ព្រះ​យេហូវ៉ា​បាន​មក​ដល់​ខ្ញុំ​ម្ដង​ទៀត។ លោក​ប្រាប់​ថា​៖ ១០ ​«​ចូរ​ទៅ​ទទួល​របស់​ពី​ហេលដាយ ថូបាយយ៉ា និង​យេដាយយ៉ា ជា​របស់​ដែល​ពួក​គេ​បាន​មក​ពី​បណ្ដា​ជន​និរទេស។ នៅ​ថ្ងៃ​ដដែល​នោះ អ្នក​ត្រូវ​ទៅ​ផ្ទះ​របស់​យ៉ូសៀស​ជា​កូន​សេផានា រួម​ជា​មួយ​នឹង​មនុស្ស​ទាំង​នេះ​ដែល​មក​ពី​ស្រុក​បាប៊ីឡូន។ ១១ ចូរ​អ្នក​យក​ប្រាក់​និង​មាស​ទៅ​ធ្វើ​មកុដ*មួយ ហើយ​បំពាក់​មកុដ​នោះ​លើ​ក្បាល​យ៉ូស្វេ+ដែល​ជា​សម្ដេច​សង្ឃ និង​ជា​កូន​របស់​យេហូសាដាក។ ១២ រួច​មក អ្នក​ត្រូវ​ប្រាប់​យ៉ូស្វេ​ថា​៖

​«​‹ព្រះ​យេហូវ៉ា​នៃ​បណ្ដា​កង​ទ័ព​ស្ថាន​សួគ៌​មាន​ប្រសាសន៍​ថា​៖ ​«​នេះ​ជា​បុរស​ឈ្មោះ​ពន្លក។+ គាត់​នឹង​ឡើង​ចេញ​ពី​កន្លែង​របស់​គាត់​ដូច​ជា​ពន្លក ហើយ​គាត់​នឹង​សង់​វិហារ​របស់​ព្រះ​យេហូវ៉ា។+ ១៣ គាត់​នេះ​ហើយ​ជា​អ្នក​ដែល​នឹង​សង់​វិហារ​របស់​ព្រះ​យេហូវ៉ា ហើយ​គាត់​ក៏​ជា​អ្នក​ដែល​នឹង​ទទួល​ភាព​រុង​រឿង​ដែរ។ គាត់​នឹង​អង្គុយ​លើ​បល្ល័ង្ក​របស់​ខ្លួន គ្រប់​គ្រង​ជា​ស្ដេច​និង​ជា​សង្ឃ+ ហើយ​គាត់​នឹង​បំពេញ​តួ​នាទី​ទាំង​ពីរ​នេះ​ដើម្បី​លើក​ស្ទួយ​សេចក្ដី​សុខ​សាន្ត។* ១៤ រីឯ​មកុដ​នោះ​នឹង​ត្រូវ​រក្សា​ទុក​ក្នុង​វិហារ​របស់​ព្រះ​យេហូវ៉ា ដើម្បី​ជា​ការ​រំលឹក*អំពី​ហេលេម ថូបាយយ៉ា យេដាយយ៉ា+ និង​ហេន​ដែល​ជា​កូន​សេផានា។ ១៥ ចំណែក​អស់​អ្នក​ដែល​នៅ​ឆ្ងាយ ពួក​គេ​នឹង​មក​ចូល​រួម​សង់​វិហារ​របស់​ព្រះ​យេហូវ៉ា​»។ អ្នក​នឹង​បាន​ដឹង​ថា​ព្រះ​យេហូវ៉ា​នៃ​បណ្ដា​កង​ទ័ព​ស្ថាន​សួគ៌​បាន​ចាត់​ខ្ញុំ​ឲ្យ​មក​ជួប​អ្នក។ អ្វី​ទាំង​អស់​នេះ​នឹង​កើត​ឡើង បើ​អ្នក​ស្ដាប់​សំឡេង​របស់​ព្រះ​យេហូវ៉ា​ជា​ព្រះ​របស់​អ្នក›​»។

៧ នៅ​ថ្ងៃ​ទី​៤ ខែ​ទី​៩ គឺ​ជា​ខែ​គីស្លេវ* ក្នុង​ឆ្នាំ​ទី​៤​នៃ​ការ​គ្រប់​គ្រង​របស់​ស្ដេច​ដារីយុស នោះ​ប្រសាសន៍​របស់​ព្រះ​យេហូវ៉ា​បាន​មក​ដល់​សាការី។+ ២ បណ្ដា​ជន​ក្រុង​បេតអែល​បាន​ចាត់​សារេសឺ និង​រេគេមម៉ាឡេក ព្រម​ទាំង​ពួក​បុរស​របស់​គាត់ ឲ្យ​ទៅ​អង្វរ​សុំ​សេចក្ដី​មេត្តា​ករុណា​ពី​ព្រះ​យេហូវ៉ា។ ៣ ពួក​គេ​សួរ​ពួក​សង្ឃ​នៅ​វិហារ​របស់​ព្រះ​យេហូវ៉ា​នៃ​បណ្ដា​កង​ទ័ព​ស្ថាន​សួគ៌ និង​ពួក​អ្នក​ប្រកាស​ទំនាយ​ថា​៖ ​«​តើ​គួរ​ឲ្យ​ខ្ញុំ​យំ ហើយ​មិន​បរិភោគ​អាហារ​ក្នុង​ខែ​ទី​៥+ ដូច​ដែល​ខ្ញុំ​ធ្លាប់​ធ្វើ​អស់​ជា​ច្រើន​ឆ្នាំ​មក​ហើយ​ឬ?​»។

៤ ប្រសាសន៍​របស់​ព្រះ​យេហូវ៉ា​នៃ​បណ្ដា​កង​ទ័ព​ស្ថាន​សួគ៌​បាន​មក​ដល់​ខ្ញុំ​ម្ដង​ទៀត​ថា​៖ ៥ ​«​ចូរ​ទៅ​ប្រាប់​បណ្ដា​ជន​ទាំង​អស់​និង​ពួក​សង្ឃ​ថា​៖ ‹កាល​ដែល​អ្នក​រាល់​គ្នា​តម​អាហារ ហើយ​ស្រែក​យំ​ក្នុង​ខែ​ទី​៥​និង​ខែ​ទី​៧+ អស់​៧០​ឆ្នាំ​នោះ+ តើ​អ្នក​រាល់​គ្នា​ពិត​ជា​ធ្វើ​ដើម្បី​ខ្ញុំ​ឬ? ៦ ពេល​ដែល​អ្នក​រាល់​គ្នា​បរិភោគ​ហើយ​ផឹក អ្នក​រាល់​គ្នា​ធ្វើ​ដើម្បី​តែ​ខ្លួន​ឯង​ប៉ុណ្ណោះ មែន​ទេ? ៧ អ្នក​រាល់​គ្នា​គួរ​ធ្វើ​តាម​ប្រសាសន៍​ដែល​ព្រះ​យេហូវ៉ា​បាន​ប្រកាស​ប្រាប់​តាម​រយៈ​ពួក​អ្នក​ប្រកាស​ទំនាយ​នៅ​ជំនាន់​មុន+ ក្នុង​កាល​ដែល​យេរូសាឡិម​និង​ក្រុង​ផ្សេង​ៗ​ដែល​នៅ​ជុំវិញ មាន​មនុស្ស​រស់​នៅ​ដោយ​សន្តិភាព និង​ក្នុង​កាល​ដែល​តំបន់​ណេកេប​និង​តំបន់​សេភីឡា​នៅ​មាន​មនុស្ស​អាស្រ័យ​នៅ មែន​ទេ?›​»។

៨ ប្រសាសន៍​របស់​ព្រះ​យេហូវ៉ា​បាន​មក​ដល់​សាការី​ម្ដង​ទៀត​ថា​៖ ៩ ​«​ព្រះ​យេហូវ៉ា​នៃ​បណ្ដា​កង​ទ័ព​ស្ថាន​សួគ៌​មាន​ប្រសាសន៍​ថា​៖ ‹ចូរ​វិនិច្ឆ័យ​ក្ដី​ដោយ​យុត្តិធម៌+ ហើយ​ប្រព្រឹត្ត​ចំពោះ​គ្នា​ដោយ​សេចក្ដី​ស្រឡាញ់​ដ៏​ស្មោះ​ត្រង់+ និង​ដោយ​សេចក្ដី​មេត្តា​ករុណា។ ១០ កុំ​បន្លំ​បោក​ប្រាស់​ស្ត្រី​មេម៉ាយ កូន​កំព្រា*+ ជន​បរទេស+ ឬ​មនុស្ស​ក្រី​ក្រ+ ហើយ​មិន​ត្រូវ​គិត​ធ្វើ​អាក្រក់​ចំពោះ​គ្នា​ឡើយ›។+ ១១ ប៉ុន្តែ ពួក​គេ​មិន​ព្រម​ធ្វើ​តាម+ ក៏​មាន​ចិត្ត​រឹង​រូស*+ ហើយ​មិន​យក​ត្រចៀក​ស្ដាប់​លោក​ទាល់​តែ​សោះ។+ ១២ ពួក​គេ​មាន​ចិត្ត​រឹង​ដូច​ពេជ្រ*+ មិន​ព្រម​ធ្វើ​តាម​ច្បាប់*និង​ប្រសាសន៍​របស់​ព្រះ​យេហូវ៉ា​នៃ​បណ្ដា​កង​ទ័ព​ស្ថាន​សួគ៌ ដែល​លោក​បាន​ប្រាប់​ដោយ​ឫទ្ធានុភាព​របស់​លោក​តាម​រយៈ​ពួក​អ្នក​ប្រកាស​ទំនាយ​នៅ​ជំនាន់​មុន​ទេ។+ ហេតុ​នេះ​ហើយ​បាន​ជា​នាំ​ឲ្យ​ព្រះ​យេហូវ៉ា​នៃ​បណ្ដា​កង​ទ័ព​ស្ថាន​សួគ៌​បញ្ចេញ​កំហឹង​យ៉ាង​ខ្លាំង​»។+

១៣ ​«​ព្រះ​យេហូវ៉ា​នៃ​បណ្ដា​កង​ទ័ព​ស្ថាន​សួគ៌​មាន​ប្រសាសន៍​ថា​៖ ‹ពេល​ដែល​ខ្ញុំ​និយាយ ពួក​គេ​មិន​បាន​ស្ដាប់​ទេ។+ ដូច្នេះ ពេល​ដែល​ពួក​គេ​និយាយ ក៏​ខ្ញុំ​មិន​ស្ដាប់​ដែរ។+ ១៤ ខ្ញុំ​បាន​ឲ្យ​ព្យុះ​កម្ចាត់​កម្ចាយ​ពួក​គេ​ទៅ​ក្នុង​ចំណោម​ប្រជា​ជាតិ​នា​នា​ដែល​ពួក​គេ​មិន​ស្គាល់។+ រីឯ​ទឹក​ដី​របស់​ពួក​គេ​បាន​ត្រូវ​ទុក​ចោល គ្មាន​អ្នក​ណា​ម្នាក់​ដើរ​ឆ្លង​កាត់​ទេ+ ព្រោះ​ពួក​គេ​បាន​ធ្វើ​ឲ្យ​ទឹក​ដី​ដែល​គួរ​ឲ្យ​ចង់​រស់​នៅ ប្រែ​ទៅ​ជា​ទឹក​ដី​ដ៏​គួរ​ឲ្យ​ភ័យ​ស្លុត​វិញ›​»។

៨ ប្រសាសន៍​របស់​ព្រះ​យេហូវ៉ា​នៃ​បណ្ដា​កង​ទ័ព​ស្ថាន​សួគ៌​បាន​មក​ម្ដង​ទៀត​ថា​៖ ២ ​«​ព្រះ​យេហូវ៉ា​នៃ​បណ្ដា​កង​ទ័ព​ស្ថាន​សួគ៌​ប្រាប់​ថា​៖ ‹ខ្ញុំ​ប្រាកដ​ជា​នឹង​ការ​ពារ​ស៊ីយ៉ូន+ ខ្ញុំ​ប្រាកដ​ជា​នឹង​ការ​ពារ​នាង​ដោយ​កំហឹង​ដ៏​ខ្លាំង​របស់​ខ្ញុំ›​»។

៣ ​«​ព្រះ​យេហូវ៉ា​មាន​ប្រសាសន៍​ថា​៖ ‹ខ្ញុំ​នឹង​ត្រឡប់​ទៅ​ឯ​ស៊ីយ៉ូន+ ហើយ​អាស្រ័យ​នៅ​ក្នុង​យេរូសាឡិម​វិញ។+ គេ​នឹង​ហៅ​យេរូសាឡិម​ថា​ក្រុង​នៃ​សេចក្ដី​ពិត*+ ហើយ​ហៅ​ភ្នំ​របស់​ព្រះ​យេហូវ៉ា​នៃ​បណ្ដា​កង​ទ័ព​ស្ថាន​សួគ៌​ថា​ភ្នំ​បរិសុទ្ធ›​»។+

៤ ​«​ព្រះ​យេហូវ៉ា​នៃ​បណ្ដា​កង​ទ័ព​ស្ថាន​សួគ៌​ប្រាប់​ថា​៖ ‹មនុស្ស​ចាស់​ទាំង​ប្រុស​ទាំង​ស្រី​នឹង​អង្គុយ​នៅ​តាម​ទី​លាន​សាធារណៈ​ក្នុង​យេរូសាឡិម។ ពួក​គេ​ម្នាក់​ៗ​នឹង​កាន់​ឈើ​ច្រត់ ដោយ​សារ​តែ​វ័យ​ចាស់​ជរា។+ ៥ ម្យ៉ាង​ទៀត នៅ​តាម​ទី​លាន​សាធារណៈ​ក្នុង​ក្រុង នឹង​ពេញ​ដោយ​ក្មេង​ៗ​ទាំង​ប្រុស​ទាំង​ស្រី​រត់​លេង​សប្បាយ›​»។+

៦ ​«​ព្រះ​យេហូវ៉ា​នៃ​បណ្ដា​កង​ទ័ព​ស្ថាន​សួគ៌​មាន​ប្រសាសន៍​ថា​៖ ‹ទោះ​ជា​នៅ​ពេល​នោះ បណ្ដា​ជន​ដែល​នៅ​សេស​សល់​ប្រហែល​ជា​គិត​ថា​ការ​នោះ​ពិបាក​នឹង​កើត​ឡើង​ក៏​ដោយ ប៉ុន្តែ​តើ​ការ​នោះ​ពិបាក​ពេក​ចំពោះ​ខ្ញុំ​ឬ?›។ ព្រះ​យេហូវ៉ា​នៃ​បណ្ដា​កង​ទ័ព​ស្ថាន​សួគ៌​មាន​ប្រសាសន៍​ដូច្នោះ​»។

៧ ​«​ព្រះ​យេហូវ៉ា​នៃ​បណ្ដា​កង​ទ័ព​ស្ថាន​សួគ៌​មាន​ប្រសាសន៍​ថា​៖ ‹ខ្ញុំ​នឹង​សង្គ្រោះ​រាស្ត្រ​របស់​ខ្ញុំ​ចេញ​ពី​ទឹក​ដី​ផ្សេង​ៗ​នៃ​ទិស​ខាង​កើត​និង​ខាង​លិច។*+ ៨ ខ្ញុំ​នឹង​នាំ​ពួក​គេ​ចូល​មក​ក្នុង​យេរូសាឡិម ហើយ​ពួក​គេ​នឹង​រស់​នៅ​ទី​នោះ។+ ពួក​គេ​នឹង​ទៅ​ជា​រាស្ត្រ​របស់​ខ្ញុំ ហើយ​ខ្ញុំ​នឹង​ទៅ​ជា​ព្រះ​របស់​ពួក​គេ+ ជា​ព្រះ​ដែល​ប្រកប​ដោយ​សេចក្ដី​ពិត*និង​សេចក្ដី​សុចរិត›​»។

៩ ​«​ព្រះ​យេហូវ៉ា​នៃ​បណ្ដា​កង​ទ័ព​ស្ថាន​សួគ៌​មាន​ប្រសាសន៍​ថា​៖ ‹ចូរ​អ្នក​រាល់​គ្នា​ក្លាហាន​ឡើង។+ សម្ដី​ដែល​អ្នក​រាល់​គ្នា​បាន​ឮ​ពី​មាត់​ពួក​អ្នក​ប្រកាស​ទំនាយ​នៅ​ពេល​នេះ+ គឺ​ដូច​គ្នា​នឹង​សម្ដី​ដែល​បាន​ត្រូវ​ប្រាប់​នៅ​ថ្ងៃ​ដែល​គេ​ចាក់​គ្រឹះ​សង់​វិហារ​របស់​ព្រះ​យេហូវ៉ា​នៃ​បណ្ដា​កង​ទ័ព​ស្ថាន​សួគ៌។ ១០ មុន​គ្រា​នោះ គ្មាន​ថ្លៃ​ឈ្នួល​សម្រាប់​មនុស្ស​និង​សត្វ​ទេ។+ ចំណែក​ឯ​មនុស្ស​ដែល​ធ្វើ​ដំណើរ​ទៅ​មក ក៏​គ្មាន​សុវត្ថិភាព​ដែរ ព្រោះ​តែ​មាន​ខ្មាំង​សត្រូវ ដោយ​សារ​ខ្ញុំ​បាន​ធ្វើ​ឲ្យ​មនុស្ស​ទាំង​អស់​ទាស់​ប្រឆាំង​គ្នា›។

១១ ​«​ព្រះ​យេហូវ៉ា​នៃ​បណ្ដា​កង​ទ័ព​ស្ថាន​សួគ៌​មាន​ប្រសាសន៍​ថា​៖ ‹ប៉ុន្តែ​ពេល​នេះ ខ្ញុំ​នឹង​មិន​ប្រព្រឹត្ត​ចំពោះ​បណ្ដា​ជន​ដែល​នៅ​សេស​សល់​ដូច​នៅ​ជំនាន់​មុន​ឡើយ។+ ១២ ពី​ព្រោះ​ពួក​គេ​នឹង​សាប​ព្រោះ​ពូជ​ដែល​បង្កើត​ផល​ជា​សេចក្ដី​សុខ​សាន្ត ហើយ​វល្លិ​ទំពាំង​បាយ​ជូរ​នឹង​ចេញ​ផ្លែ ហើយ​ដី​នឹង​ផ្ដល់​ភោគ​ផល​យ៉ាង​បរិបូរ។+ ឯ​មេឃ​នឹង​ធ្លាក់​សន្សើម​ចុះ​មក។ ខ្ញុំ​នឹង​ប្រគល់​អ្វី​ៗ​ទាំង​អស់​នោះ​ដល់​បណ្ដា​ជន​ដែល​នៅ​សេស​សល់​នេះ​ទុក​ជា​មត៌ក។+ ១៣ ឱ​ពូជ​ពង្ស​យូដា​និង​ពូជ​ពង្ស​អ៊ីស្រាអែល​អើយ ទោះ​ជា​ប្រជា​ជាតិ​នា​នា​ធ្លាប់​យក​ឈ្មោះ​អ្នក​រាល់​គ្នា​ទៅ​ដាក់​បណ្ដាសា​គេ​ក៏​ដោយ+ តែ​ខ្ញុំ​នឹង​សង្គ្រោះ​អ្នក​រាល់​គ្នា ហើយ​ពួក​គេ​នឹង​យក​ឈ្មោះ​អ្នក​រាល់​គ្នា​ទៅ​ជូន​ពរ​គេ​វិញ។+ ដូច្នេះ កុំ​ភ័យ​ខ្លាច​ឡើយ!+ ចូរ​អ្នក​រាល់​គ្នា​ក្លាហាន​ឡើង›។+

១៤ ​«​ព្រោះ​ព្រះ​យេហូវ៉ា​នៃ​បណ្ដា​កង​ទ័ព​ស្ថាន​សួគ៌​មាន​ប្រសាសន៍​ថា​៖ ‹​«​ពី​មុន​ខ្ញុំ​បាន​តាំង​ចិត្ត​នាំ​អន្តរាយ​មក​លើ​អ្នក​រាល់​គ្នា ដោយ​សារ​បុព្វ​បុរស​របស់​អ្នក​រាល់​គ្នា​បាន​ធ្វើ​ឲ្យ​ខ្ញុំ​ក្ដៅ​ក្រហាយ ហើយ​ខ្ញុំ​មិន​បាន​ផ្លាស់​ប្ដូរ​គំនិត​ទេ។*+ ព្រះ​យេហូវ៉ា​នៃ​បណ្ដា​កង​ទ័ព​ស្ថាន​សួគ៌​មាន​ប្រសាសន៍​ដូច្នេះ។ ១៥ ប៉ុន្តែ​នៅ​ពេល​នេះ ខ្ញុំ​បាន​តាំង​ចិត្ត​ធ្វើ​ល្អ​ចំពោះ​យេរូសាឡិម​និង​ពូជ​ពង្ស​យូដា។+ ដូច្នេះ កុំ​ភ័យ​ខ្លាច​ឡើយ!​»​›។+

១៦ ​«​‹អ្នក​រាល់​គ្នា​គួរ​ធ្វើ​អ្វី​ៗ​ទាំង​នេះ​៖ ចូរ​និយាយ​ពាក្យ​ពិត​ចំពោះ​គ្នា។+ ពេល​អ្នក​រាល់​គ្នា​វិនិច្ឆ័យ​ក្ដី​នៅ​ឯ​ទ្វារ​ក្រុង អ្នក​រាល់​គ្នា​ត្រូវ​វិនិច្ឆ័យ​ដោយ​ត្រឹម​ត្រូវ ហើយ​ត្រូវ​ជួយ​បណ្ដា​ជន​ឲ្យ​មាន​សេចក្ដី​សុខ​សាន្ត​ផង។+ ១៧ កុំ​គិត​ធ្វើ​អាក្រក់​ចំពោះ​គ្នា+ ហើយ​ឈប់​ស្បថ​បំពាន​ទៀត+ ព្រោះ​ខ្ញុំ​ស្អប់​អ្វី​ទាំង​អស់​នោះ›។+ ព្រះ​យេហូវ៉ា​មាន​ប្រសាសន៍​ដូច្នោះ​»។

១៨ ប្រសាសន៍​របស់​ព្រះ​យេហូវ៉ា​នៃ​បណ្ដា​កង​ទ័ព​ស្ថាន​សួគ៌​បាន​មក​ដល់​ខ្ញុំ​ម្ដង​ទៀត​ថា​៖ ១៩ ​«​ព្រះ​យេហូវ៉ា​នៃ​បណ្ដា​កង​ទ័ព​ស្ថាន​សួគ៌​មាន​ប្រសាសន៍​ថា​៖ ‹ការ​តម​អាហារ​នៅ​ខែ​ទី​៤+ ខែ​ទី​៥+ ខែ​ទី​៧+ និង​ខែ​ទី​១០+ នឹង​ទៅ​ជា​ឱកាស​ដ៏​សប្បាយ​រីករាយ គឺ​ជា​ពិធី​ដ៏​រីករាយ​ត្រេក​អរ ហើយ​ក៏​ជា​ពេល​វេលា​ដែល​ពូជ​ពង្ស​យូដា​មាន​អំណរ។+ ដូច្នេះ ចូរ​អ្នក​រាល់​គ្នា​ស្រឡាញ់​សេចក្ដី​ពិត​និង​សេចក្ដី​សុខ​សាន្ត›។

២០ ​«​ព្រះ​យេហូវ៉ា​នៃ​បណ្ដា​កង​ទ័ព​ស្ថាន​សួគ៌​មាន​ប្រសាសន៍​ថា​៖ ‹នឹង​មាន​គ្រា​មួយ​ដែល​ជន​ជាតិ​ផ្សេង​ៗ ព្រម​ទាំង​មនុស្ស​ដែល​រស់​នៅ​ក្រុង​នា​នា នឹង​នាំ​គ្នា​មក ២១ ហើយ​អស់​អ្នក​ដែល​រស់​នៅ​ក្រុង​មួយ​នឹង​ទៅ​ប្រាប់​មនុស្ស​នៅ​ក្រុង​មួយ​ទៀត​ថា​៖ ​«​ចូរ​យើង​ទៅ​ជា​មួយ​គ្នា​ដើម្បី​អង្វរ​សុំ​សេចក្ដី​មេត្តា​ករុណា​ពី​ព្រះ​យេហូវ៉ា ហើយ​ទៅ​បម្រើ​ព្រះ​យេហូវ៉ា​នៃ​បណ្ដា​កង​ទ័ព​ស្ថាន​សួគ៌។ ខ្ញុំ​ក៏​ទៅ​ដែរ​»។+ ២២ ជន​ជាតិ​ជា​ច្រើន ព្រម​ទាំង​ប្រជា​ជាតិ​នា​នា​ដែល​ខ្លាំង​ក្លា នឹង​នាំ​គ្នា​មក​យេរូសាឡិម​ដើម្បី​បម្រើ​ព្រះ​យេហូវ៉ា​នៃ​បណ្ដា​កង​ទ័ព​ស្ថាន​សួគ៌+ និង​ដើម្បី​អង្វរ​សុំ​សេចក្ដី​មេត្តា​ករុណា​ពី​ព្រះ​យេហូវ៉ា›។

២៣ ​«​ព្រះ​យេហូវ៉ា​នៃ​បណ្ដា​កង​ទ័ព​ស្ថាន​សួគ៌​មាន​ប្រសាសន៍​ថា​៖ ‹នៅ​គ្រា​នោះ មនុស្ស​១០​នាក់​ពី​គ្រប់​ភាសា​គ្រប់​ប្រជា​ជាតិ+នឹង​ចាប់​កាន់​ជាយ​អាវ*របស់​យូដា​ម្នាក់* គឺ​នឹង​ចាប់​យ៉ាង​ជាប់ ដោយ​និយាយ​ថា​៖ ​«​យើង​ចង់​ទៅ​ជា​មួយ​នឹង​អ្នក​ដែរ+ ព្រោះ​យើង​បាន​ឮ​ថា​ព្រះ​នៅ​ជា​មួយ​នឹង​អ្នក​រាល់​គ្នា​»​›​»។+

៩ សេចក្ដី​ប្រកាស​៖

​«​នេះ​ជា​ប្រសាសន៍​របស់​ព្រះ​យេហូវ៉ា​ប្រឆាំង​នឹង​ទឹក​ដី​ហាត្រាក

ជា​ពិសេស​ក្រុង​ដាម៉ាស់+

ព្រោះ​ព្រះ​យេហូវ៉ា​សង្កេត​មើល​មនុស្ស​ជាតិ+

និង​មើល​កុល​សម្ព័ន្ធ​ទាំង​អស់​របស់​អ៊ីស្រាអែល

 ២ ហើយ​លោក​ប្រឆាំង​នឹង​ក្រុង​ហាម៉ាត+ដែល​មាន​ព្រំ​ប្រទល់​ជាប់​នាង

ព្រម​ទាំង​ទាស់​នឹង​ក្រុង​ទីរ៉ុស+និង​ក្រុង​ស៊ីដូន+ ដោយ​សារ​ពួក​គេ​មាន​ប្រាជ្ញា​ច្រើន​ពេក។+

 ៣ ក្រុង​ទីរ៉ុស​សង់​កំពែង*ដើម្បី​ការ​ពារ​ខ្លួន។

នាង​ប្រមូល​ប្រាក់​ទុក​ដូច​គំនរ​ដី

ហើយ​ប្រមូល​មាស​ទុក​ដូច​ជា​ពំនូក​ភក់​នៅ​តាម​ផ្លូវ។+

 ៤ មើល! ព្រះ​យេហូវ៉ា​នឹង​ដក​ហូត​ទ្រព្យ​សម្បត្តិ​របស់​នាង

ហើយ​លោក​នឹង​បំផ្លាញ​ពល​ទ័ព​របស់​នាង​ទៅ​ក្នុង​សមុទ្រ*+

ហើយ​នាង​នឹង​ត្រូវ​ភ្លើង​ឆេះ​សុស។+

 ៥ ក្រុង​អាសកាឡូន​នឹង​ឃើញ ហើយ​តាំង​ភ័យ​ខ្លាច

ក្រុង​កាសា​នឹង​កើត​ទុក្ខ​ព្រួយ​ជា​ខ្លាំង

ក្រុង​អេក្រុន​ក៏​ដូច​គ្នា​ដែរ ពី​ព្រោះ​អ្នក​ដែល​នាង​សង្ឃឹម​បាន​ត្រូវ​បង្អាប់​បង្អោន។

ស្ដេច​របស់​ក្រុង​កាសា​នឹង​វិនាស​ទៅ

ហើយ​ក្រុង​អាសកាឡូន​នឹង​លែង​មាន​មនុស្ស​រស់​នៅ​ទៀត។+

 ៦ កូន​មិន​ស្រប​ច្បាប់​នឹង​ចូល​ទៅ​អាស្រ័យ​នៅ​ក្នុង​ក្រុង​អាសូត

ហើយ​ខ្ញុំ​នឹង​បំបាក់​អំណួត​របស់​ពួក​ភីលីស្ទីន។+

 ៧ ខ្ញុំ​នឹង​លុប​បំបាត់​ឈាម​ចេញ​ពី​មាត់​របស់​គាត់

ហើយ​យក​អ្វី​ដ៏​គួរ​ឲ្យ​ខ្ពើម​ចេញ​ពី​ធ្មេញ​របស់​គាត់

អ្នក​ដែល​នៅ​សល់​នឹង​ត្រូវ​ទុក​សម្រាប់​ព្រះ​របស់​យើង។

គាត់​នឹង​បាន​ដូច​ជា​មេ​កុល​សម្ព័ន្ធ​ក្នុង​យូដា+

ហើយ​ក្រុង​អេក្រុន​នឹង​បាន​ដូច​ជា​ពួក​យេប៊ូស។+

 ៨ ខ្ញុំ​នឹង​តាំង​ជំរំ​ចាំ​យាម​ការ​ពារ​លំនៅ​របស់​ខ្ញុំ+

ដើម្បី​កុំ​ឲ្យ​អ្នក​ណា​ដើរ​កាត់​ទៅ​មក

ហើយ​នឹង​លែង​មាន​អ្នក​សង្កត់​សង្កិន*ដើរ​កាត់​ទៀត+

ព្រោះ​ឥឡូវ​ខ្ញុំ​បាន​ឃើញ​ស្ថានភាព​នេះ*ដោយ​ផ្ទាល់​ភ្នែក។

 ៩ ឱ​កូន​ស្រី​នៃ​ស៊ីយ៉ូន*អើយ ចូរ​រីករាយ​ត្រេក​អរ​ឲ្យ​ខ្លាំង​ឡើង

ឱ​កូន​ស្រី​ក្រុង​យេរូសាឡិម*អើយ ចូរ​ស្រែក​ហ៊ោ​សាទរ​នឹង​ជ័យ​ជម្នះ។

មើល! ស្ដេច​របស់​អ្នក​កំពុង​មក​ឯ​អ្នក​ហើយ។+

លោក​ជា​ស្ដេច​សុចរិត ទាំង​នាំ​សេចក្ដី​សង្គ្រោះ*មក​ផង

លោក​រាប​ទាប+ ហើយ​កំពុង​ជិះ​លើ​សត្វ​លា

គឺ​អង្គុយ​លើ​ខ្នង​លា​ស្ទាវ*ជា​កូន​របស់​លា​ញី។+

១០ ខ្ញុំ​នឹង​បំផ្លិច​បំផ្លាញ​រទេះ​ចម្បាំង​ដែល​មក​ពី​អេប្រាអ៊ីម

ថែម​ទាំង​កម្ចាត់​សត្វ​សេះ​ដែល​មក​ពី​យេរូសាឡិម​ផង​ដែរ។

ធ្នូ​ចម្បាំង​នឹង​ត្រូវ​ដក​ហូត។

រួច​លោក​នឹង​ប្រកាស​សេចក្ដី​សុខ​សាន្ត​ដល់​ប្រជា​ជាតិ​នា​នា+

លោក​នឹង​គ្រប់​គ្រង​ចាប់​ពី​សមុទ្រ​មួយ​រហូត​ដល់​សមុទ្រ​មួយ

ហើយ​ចាប់​ពី​ទន្លេ*រហូត​ដល់​ចុង​ផែនដី។+

១១ រីឯ​នាង​វិញ ឱ​ស្ត្រី​អើយ ខ្ញុំ​នឹង​ឲ្យ​ពួក​អ្នក​ទោស​របស់​នាង​ចេញ​ពី​រណ្ដៅ​ស្ងួត+

ដោយ​យល់​ដល់​ឈាម​នៃ​កិច្ច​ព្រម​ព្រៀង​របស់​នាង។

១២ ពួក​អ្នក​ទោស​ដែល​មាន​សេចក្ដី​សង្ឃឹម​អើយ ចូរ​ត្រឡប់​ទៅ​បន្ទាយ​វិញ​ចុះ។+

ថ្ងៃ​នេះ ខ្ញុំ​សូម​ប្រាប់​នាង​ថា​៖

‹ឱ​ស្ត្រី​អើយ ខ្ញុំ​នឹង​ឲ្យ​ពរ​ដល់​នាង​មួយ​ជា​ពីរ។+

១៣ ព្រោះ​ខ្ញុំ​នឹង​ប្រើ​យូដា​ដូច​យឹត​ធ្នូ។

ខ្ញុំ​នឹង​យក​អេប្រាអ៊ីម​ធ្វើ​ជា​ព្រួញ​ក្នុង​ធ្នូ។

ឱ​ស៊ីយ៉ូន​អើយ ខ្ញុំ​នឹង​ដាស់​កូន​ប្រុស​ៗ​របស់​នាង

ឲ្យ​មក​ទាស់​ប្រឆាំង​នឹង​កូន​ប្រុស​ៗ​របស់​ក្រិច

ហើយ​ខ្ញុំ​នឹង​ធ្វើ​ឲ្យ​នាង​ដូច​ជា​ដាវ​របស់​អ្នក​ចម្បាំង​ខ្លាំង​ក្លា›។

១៤ ព្រះ​យេហូវ៉ា​នឹង​បង្ហាញ​ឲ្យ​ឃើញ​ច្បាស់​ថា​លោក​នៅ​ជា​មួយ​នឹង​រាស្ត្រ​របស់​លោក

ហើយ​ព្រួញ​របស់​លោក​នឹង​ឆ្ពោះ​ទៅ​ដូច​ផ្លេក​បន្ទោរ។

ព្រះ​យេហូវ៉ា​ជា​ម្ចាស់​ដ៏​ឧត្ដម​បំផុត​នឹង​ផ្លុំ​ស្នែង+

ហើយ​លោក​នឹង​ចេញ​ទៅ​ច្បាំង​នឹង​សត្រូវ ដូច​ជា​ព្យុះ​ពី​ទិស​ខាង​ត្បូង។

១៥ ព្រះ​យេហូវ៉ា​នៃ​បណ្ដា​កង​ទ័ព​ស្ថាន​សួគ៌​នឹង​ការ​ពារ​ពួក​គេ

ហើយ​ពួក​គេ​នឹង​យក​ឈ្នះ​ថ្ម​ខ្សែ​ដង្ហក់​របស់​ពួក​សត្រូវ។+

ពួក​គេ​នឹង​សប្បាយ​ក្អាក​ក្អាយ ដូច​បាន​ផឹក​ស្រា​ទំពាំង​បាយ​ជូរ។

ពួក​គេ​នឹង​ឆ្អែត​ស្កប់​ស្កល់ ដូច​ជា​ទឹក​ពេញ​ចាន​គោម

និង​ដូច​ជា​ជ្រុង​នៃ​ទី​បូជា​ដែល​មាន​ឈាម​ជោក​ជាំ។+

១៦ នៅ​ថ្ងៃ​នោះ ព្រះ​យេហូវ៉ា​ជា​ព្រះ​របស់​ពួក​គេ នឹង​សង្គ្រោះ​ពួក​គេ

ដូច​ជា​គង្វាល​ដែល​សង្គ្រោះ​ហ្វូង​ចៀម​របស់​គាត់។+

ព្រោះ​ពួក​គេ​នឹង​ភ្លឺ​ចិញ្ចាច​នៅ​លើ​ទឹក​ដី​របស់​លោក​ប្រៀប​ដូច​ជា​ត្បូង​នៅ​លើ​មកុដ។+

១៧ ព្រោះ​គុណធម៌​របស់​លោក​គឺ​ធំ​ធេង​ណាស់+

ហើយ​សិរី​រុង​រឿង​របស់​លោក​អស្ចារ្យ​ម្ល៉េះ​ហ្ន៎!

ស្រូវ​នឹង​ធ្វើ​ឲ្យ​ពួក​យុវជន​មាន​កម្លាំង​ខ្លាំង​ក្លា

ហើយ​ស្រា​ថ្មី​នឹង​ធ្វើ​ឲ្យ​ពួក​ក្រមុំ​បរិសុទ្ធ​បាន​មាំ​មួន​»។+

១០ ​«​ចូរ​សុំ​ព្រះ​យេហូវ៉ា​ផ្ដល់​ទឹក​ភ្លៀង​នៅ​ចុង​រដូវ​ស្លឹក​ឈើ​លាស់។

ព្រះ​យេហូវ៉ា​ជា​អ្នក​ដែល​ធ្វើ​ឲ្យ​មាន​ព្យុះ​ភ្លៀង

លោក​ជា​អ្នក​ដែល​បង្អុរ​ភ្លៀង​សម្រាប់​មនុស្ស​គ្រប់​រូប+

ថែម​ទាំង​ឲ្យ​រុក្ខជាតិ​ដុះ​នៅ​ឯ​ស្រែ​ចម្ការ​សម្រាប់​ពួក​គេ​ផង។

 ២ ចំណែក​រូប​ព្រះ*ប្រាប់​តែ​ពាក្យ​បោក​បញ្ឆោត។

ឯ​អ្វី​ដែល​ពួក​គ្រូ​ទាយ​ឃើញ​ក្នុង​គំនិត សុទ្ធ​តែ​ក្លែង​ក្លាយ។

ពួក​គេ​រៀប​រាប់​អំពី​សុបិន​ឥត​បាន​ការ

ហើយ​ព្យាយាម​សម្រាល​ទុក្ខ ដោយ​ពាក្យ​ឥត​ប្រយោជន៍។

ហេតុ​នេះ​ហើយ​បាន​ជា​ពួក​គេ​នឹង​វង្វេង​ចេញ​ដូច​ចៀម​ដែល​បាត់​ទៅ។

ពួក​គេ​នឹង​រង​ទុក្ខ​វេទនា ព្រោះ​តែ​គ្មាន​គង្វាល។

 ៣ ខ្ញុំ​ខឹង​ពួក​គង្វាល​ខ្លាំង​ណាស់

ហើយ​ខ្ញុំ​នឹង​ឲ្យ​ពួក​អ្នក​ដឹក​នាំ​ដែល​សង្កត់​សង្កិន ទទួល​ខុស​ត្រូវ​ចំពោះ​ទង្វើ​របស់​ខ្លួន។

ព្រោះ​ព្រះ​យេហូវ៉ា​នៃ​បណ្ដា​កង​ទ័ព​ស្ថាន​សួគ៌​បាន​បែរ​មក​យក​ចិត្ត​ទុក​ដាក់​នឹង​ពូជ​ពង្ស​យូដា ដែល​ជា​ហ្វូង​ចៀម​របស់​លោក។+

លោក​បាន​ធ្វើ​ឲ្យ​ពួក​គេ​ប្រៀប​ដូច​ជា​សេះ​ដ៏​ខ្លាំង​ពូកែ​ក្នុង​ចម្បាំង។

 ៤ បុរស​សំខាន់*នឹង​ចេញ​មក​ពី​ពួក​គេ

អ្នក​ដឹក​នាំ​ដែល​គាំទ្រ​ក៏​ចេញ​មក​ពី​ពួក​គេ​ដែរ

ហើយ​ធ្នូ​ចម្បាំង​នឹង​ចេញ​មក​ពី​ពួក​គេ

អស់​អ្នក​ដែល​ត្រួត​ពិនិត្យ​ក៏​នឹង​ចេញ​មក​ពី​ពួក​គេ ជា​មួយ​នឹង​អ្នក​ទាំង​នោះ​ដែរ។

 ៥ ពួក​គេ​នឹង​ដូច​ជា​អ្នក​ចម្បាំង​ដ៏​ខ្លាំង​ក្លា

ពួក​គេ​នឹង​តន្ត្រំ​ភក់​លើ​ផ្លូវ​ក្នុង​សមរភូមិ។

ពួក​គេ​នឹង​ចេញ​ធ្វើ​សង្គ្រាម ព្រោះ​ព្រះ​យេហូវ៉ា​នៅ​ជា​មួយ​នឹង​ពួក​គេ+

ហើយ​ពួក​ទាហាន​សេះ​របស់​ខ្មាំង​សត្រូវ​នឹង​អាម៉ាស់​មុខ។+

 ៦ ខ្ញុំ​នឹង​ធ្វើ​ឲ្យ​ពូជ​ពង្ស​យូដា​មាន​អំណាច​ខ្លាំង​ក្លា

ហើយ​ខ្ញុំ​នឹង​សង្គ្រោះ​ពូជ​ពង្ស​យ៉ូសែប។+

ខ្ញុំ​នឹង​នាំ​ពួក​គេ​ត្រឡប់​មក​វិញ

ព្រោះ​ខ្ញុំ​នឹង​បង្ហាញ​សេចក្ដី​មេត្តា​ករុណា​ដល់​ពួក​គេ+

ហើយ​ពួក​គេ​នឹង​ត្រឡប់​ទៅ​ដូច​ពី​មុន​វិញ ហាក់​ដូច​ជា​ខ្ញុំ​មិន​ដែល​បោះ​បង់​ចោល​ពួក​គេ​សោះ។+

ព្រោះ​ខ្ញុំ​ជា​យេហូវ៉ា​ជា​ព្រះ​របស់​ពួក​គេ ខ្ញុំ​នឹង​ធ្វើ​តាម​សំណូម​ពរ​របស់​ពួក​គេ។

 ៧ ពួក​អេប្រាអ៊ីម​នឹង​ទៅ​ជា​អ្នក​ចម្បាំង​ខ្លាំង​ពូកែ

ហើយ​ពួក​គេ​នឹង​អរ​សប្បាយ ដូច​បាន​ផឹក​ស្រា​ទំពាំង​បាយ​ជូរ។+

កូន​ៗ​របស់​ពួក​គេ​នឹង​ឃើញ​ការ​នេះ ហើយ​ត្រេក​អរ។

ពួក​គេ​នឹង​មាន​អំណរ ដោយ​សារ​ព្រះ​យេហូវ៉ា។+

 ៨ ‹ខ្ញុំ​នឹង​ហួច​ហៅ​ពួក​គេ​ឲ្យ​មក​ជួប​ជុំ​គ្នា

ព្រោះ​ខ្ញុំ​នឹង​លោះ​ពួក​គេ+ ហើយ​ពួក​គេ​នឹង​មាន​ចំនួន​កាន់​តែ​ច្រើន

ក៏​មាន​គ្នា​កើន​ឡើង​ឥត​ឈប់។

 ៩ ទោះ​ជា​ខ្ញុំ​ធ្វើ​ឲ្យ​ពួក​គេ​ខ្ចាត់​ខ្ចាយ​ក្នុង​ចំណោម​ជន​ជាតិ​នា​នា​ដូច​ជា​បាច​គ្រាប់​ពូជ​ក៏​ដោយ

ក៏​ពួក​គេ​នឹង​នឹក​ចាំ​ខ្ញុំ​ដែរ សូម្បី​តែ​ពួក​គេ​នៅ​កន្លែង​ឆ្ងាយ។

ពួក​គេ​និង​កូន​ៗ​របស់​ពួក​គេ​នឹង​មាន​កម្លាំង​ឡើង​វិញ រួច​ត្រឡប់​មក​វិញ។

១០ ខ្ញុំ​នឹង​នាំ​ពួក​គេ​ចេញ​ពី​ស្រុក​អេហ្ស៊ីប

ហើយ​ប្រមូល​ពួក​គេ​ចេញ​ពី​ស្រុក​អាស៊ីរី។+

ខ្ញុំ​នឹង​នាំ​ពួក​គេ​មក​ស្រុក​គីលាត+និង​ស្រុក​លីបង់

ហើយ​នៅ​ទី​នោះ​នឹង​គ្មាន​កន្លែង​គ្រប់​គ្រាន់​សម្រាប់​ពួក​គេ​ទេ។+

១១ ខ្ញុំ​នឹង​ដើរ​កាត់​សមុទ្រ ដោយ​ធ្វើ​ឲ្យ​សមុទ្រ​កម្រើក​រំពើក

ហើយ​ខ្ញុំ​នឹង​វាយ​ទឹក​រលក​ក្នុង​សមុទ្រ+

ទឹក​ទន្លេ​នីល​នឹង​រីង​ស្ងួត​អស់។

អំណួត​របស់​អាស៊ីរី​នឹង​ត្រូវ​បន្ទាប​បន្ថោក

ហើយ​ដំបង​រាជ្យ​របស់​អេហ្ស៊ីប​នឹង​មក​ដល់​ទី​បញ្ចប់។+

១២ ខ្ញុំ​នឹង​ធ្វើ​ឲ្យ​ពួក​គេ​មាន​អំណាច​ខ្លាំង​ក្លា ដោយ​សារ​ព្រះ​យេហូវ៉ា+

ហើយ​ពួក​គេ​នឹង​មាន​របៀប​រស់​នៅ​ដែល​លើក​តម្កើង​នាម​របស់​ខ្ញុំ›។+ នេះ​ជា​ប្រសាសន៍​របស់​ព្រះ​យេហូវ៉ា​»។

១១ ​«​ឱ​លីបង់​អើយ ចូរ​បើក​ទ្វារ​របស់​អ្នក

ដើម្បី​ឲ្យ​ភ្លើង​ឆេះ​ដើម​ស៊ីដារ​របស់​អ្នក។

 ២ ដើម​យូនីពើ​អើយ ចូរ​ទ្រហោ​យំ ព្រោះ​ដើម​ស៊ីដារ​បាន​ដួល​រលំ​ហើយ។

ដើម​ឈើ​ធំ​ខ្ពស់​បាន​ត្រូវ​បំផ្លាញ​ចោល!

ដើម​អូក​នៅ​តំបន់​បាសាន​អើយ ចូរ​ទ្រហោ​យំ​ចុះ!

ព្រោះ​ព្រៃ​ក្រាស់​បាន​ត្រូវ​វិនាស​អស់​គ្មាន​សល់!

 ៣ សូម​ស្ដាប់​សំឡេង​ទ្រហោ​យំ​របស់​ពួក​គង្វាល!

ព្រោះ​ភាព​ខ្ពង់​ខ្ពស់​របស់​ពួក​គេ​បាន​វិនាស​អន្តរាយ។

សូម​ស្ដាប់​សូរ​គ្រហឹម​របស់​តោ​ស្ទាវ!

ព្រោះ​គុម្ពោត​ព្រៃ​ដ៏​ក្រាស់​ដែល​នៅ​តាម​ដង​ទន្លេ​យ៉ូដាន់​បាន​ត្រូវ​បំផ្លាញ​ចោល។

៤ ​«​ព្រះ​យេហូវ៉ា​ជា​ព្រះ​របស់​ខ្ញុំ​មាន​ប្រសាសន៍​ថា​៖ ‹ចូរ​ទៅ​ឃ្វាល​ហ្វូង​ចៀម​ដែល​គេ​ទុក​ដើម្បី​សម្លាប់+ ៥ ជា​ចៀម​ដែល​អ្នក​ទិញ​យក​ទៅ​សម្លាប់+ ហើយ​អ្នក​ទិញ​គ្មាន​ទោស​ទេ។ ចំណែក​ពួក​អ្នក​ដែល​លក់​ចៀម​ទាំង​នោះ+ ពួក​គេ​និយាយ​ថា​៖ ​«​សូម​ឲ្យ​ព្រះ​យេហូវ៉ា​ទទួល​ការ​លើក​តម្កើង ព្រោះ​ខ្ញុំ​នឹង​ក្លាយ​ទៅ​ជា​អ្នក​មាន​»។ ពួក​គង្វាល​ទាំង​នោះ​គ្មាន​ចិត្ត​អាណិត​មេត្តា​ចំពោះ​ហ្វូង​ចៀម​ទាល់​តែ​សោះ›។+

៦ ​«​ព្រះ​យេហូវ៉ា​ប្រកាស​ថា​៖ ‹ខ្ញុំ​នឹង​លែង​បង្ហាញ​សេចក្ដី​អាណិត​មេត្តា​ដល់​បណ្ដា​ជន​ក្នុង​ស្រុក​ទៀត។ ដូច្នេះ ខ្ញុំ​នឹង​ធ្វើ​ឲ្យ​ពួក​គេ​ម្នាក់​ៗ​ធ្លាក់​ទៅ​ក្នុង​កណ្ដាប់​ដៃ​របស់​អ្នក​ជិត​ខាង​និង​ស្ដេច​របស់​ពួក​គេ។ ពួក​គេ​នឹង​បំផ្លាញ​ស្រុក​នោះ ហើយ​ខ្ញុំ​នឹង​មិន​ជួយ​សង្គ្រោះ​ពួក​គេ​ឡើយ›​»។

៧ ឱ​ហ្វូង​ចៀម​ដែល​រង​ទុក្ខ​វេទនា ជា​ហ្វូង​ចៀម​ដែល​គេ​ទុក​ដើម្បី​សម្លាប់​អើយ ដើម្បី​ជួយ​អ្នក​រាល់​គ្នា ខ្ញុំ​ក៏​ចាប់​ផ្ដើម​ឃ្វាល​អ្នក​រាល់​គ្នា។+ ខ្ញុំ​បាន​យក​ដំបង​ពីរ ហើយ​ដាក់​ឈ្មោះ​ដំបង​មួយ​ថា​«​ពេញ​ចិត្ត​»​ និង​ដំបង​មួយ​ទៀត​ថា​«​មិត្តភាព​»​+ រួច​ខ្ញុំ​ក៏​ចាប់​ផ្ដើម​ឃ្វាល​ហ្វូង​ចៀម។ ៨ ក្នុង​មួយ​ខែ ខ្ញុំ​បាន​បណ្ដេញ​គង្វាល​អស់​បី​នាក់ ព្រោះ​ខ្ញុំ​អស់​ចិត្ត​អត់​ធ្មត់​នឹង​ពួក​គេ ហើយ​ពួក​គេ​ក៏​ស្អប់​ខ្ពើម​ខ្ញុំ​ដែរ។ ៩ រួច​ខ្ញុំ​និយាយ​ថា​៖ ​«​ខ្ញុំ​ឈប់​ឃ្វាល​អ្នក​រាល់​គ្នា​ហើយ។ បើ​អ្នក​ណា​ជិត​ស្លាប់ ឲ្យ​ស្លាប់​ចុះ ហើយ​បើ​អ្នក​ណា​ជិត​វិនាស ឲ្យ​វិនាស​ទៅ។ រីឯ​អស់​អ្នក​ដែល​នៅ​សេស​សល់ ចូរ​ឲ្យ​ពួក​គេ​ស៊ី​សាច់​ហុត​ឈាម​គ្នា​ចុះ​»។ ១០ ដូច្នេះ ខ្ញុំ​បាន​យក​ដំបង​ឈ្មោះ​«​ពេញ​ចិត្ត​»​+មក​កាត់​ជា​បំណែក​ៗ ក្នុង​បំណង​ផ្ដាច់​កិច្ច​ព្រម​ព្រៀង​ដែល​ខ្ញុំ​បាន​ធ្វើ​ជា​មួយ​នឹង​រាស្ត្រ​របស់​ខ្ញុំ។ ១១ ហេតុ​នេះ កិច្ច​ព្រម​ព្រៀង​បាន​ត្រូវ​ផ្ដាច់​នៅ​ថ្ងៃ​នោះ ហើយ​ហ្វូង​ចៀម​ដែល​រង​ទុក្ខ​វេទនា ជា​ហ្វូង​ចៀម​ដែល​កំពុង​មើល​ខ្ញុំ​បាន​ដឹង​ថា នេះ​ជា​ប្រសាសន៍​របស់​ព្រះ​យេហូវ៉ា។

១២ បន្ទាប់​មក ខ្ញុំ​និយាយ​ទៅ​ពួក​គេ​ថា​៖ ​«​បើ​អ្នក​រាល់​គ្នា​គិត​ថា​សម​នឹង​បង់​ថ្លៃ​ឈ្នួល​ឲ្យ​ខ្ញុំ ក៏​ចូរ​បង់​មក តែ​បើ​មិន​ចង់ មិន​ចាំ​បាច់​បង់​ទេ​»។ ម្ល៉ោះ​ហើយ ពួក​គេ​បានបង់​ថ្លៃ​ឈ្នួល​ឲ្យ​ខ្ញុំ ចំនួន​៣០​កាក់​ប្រាក់។+

១៣ រួច​ព្រះ​យេហូវ៉ា​មាន​ប្រសាសន៍​មក​ខ្ញុំ​ថា​៖ ​«​ចូរ​បោះ​កាក់​ប្រាក់​ទាំង​នោះ​ទៅ​ក្នុង​ឃ្លាំង​ប្រាក់​ចុះ គឺ​ជា​តម្លៃ​ដ៏​លើស​លប់​ដែល​ពួក​គេ​គិត​ថា​សម​នឹង​ខ្ញុំ​»។+ ដូច្នេះ ខ្ញុំ​បាន​យក​៣០​កាក់​ប្រាក់​នោះ​ទៅ​បោះ​ក្នុង​ឃ្លាំង​ប្រាក់​នៅ​វិហារ​របស់​ព្រះ​យេហូវ៉ា។+

១៤ រួច​មក ខ្ញុំ​បាន​យក​ដំបង​ទី​២​ឈ្មោះ​«​មិត្តភាព​»​មក​កាត់​ជា​បំណែក​ៗ​+ ក្នុង​បំណង​ផ្ដាច់​ភាព​ជា​បង​ប្អូន​រវាង​យូដា​និង​អ៊ីស្រាអែល។+

១៥ បន្ទាប់​មក ព្រះ​យេហូវ៉ា​មាន​ប្រសាសន៍​មក​ខ្ញុំ​ថា​៖ ​«​ឥឡូវ ចូរ​ទៅ​យក​ឧបករណ៍​របស់​គង្វាល​ដែល​ឥត​បាន​ការ​មក។+ ១៦ ព្រោះ​ខ្ញុំ​អនុញ្ញាត​ឲ្យ​មាន​គង្វាល​ម្នាក់​គ្រប់​គ្រង​ស្រុក​នោះ។ គាត់​នឹង​មិន​មើល​ថែ​ចៀម​ដែល​ជិត​វិនាស​ទេ។+ គាត់​នឹង​មិន​តាម​រក​កូន​ចៀម​ដែល​វង្វេង​បាត់ ហើយ​ក៏​មិន​ព្យាបាល​ចៀម​ដែល​រង​របួស+ ឬ​ឲ្យ​ចំណី​ដល់​ចៀម​ដែល​មាំ​មួន​ដែរ។ ផ្ទុយ​ទៅ​វិញ គាត់​នឹង​ស៊ី​បំផ្លាញ​ចៀម​ធាត់​ៗ​+ ថែម​ទាំង​ហែក​ក្រចក​ជើង​របស់​ចៀម​ទៀត​ផង។+

១៧ គង្វាល​ដែល​ឥត​បាន​ការ​នឹង​ត្រូវ​វេទនា!+ ព្រោះ​គាត់​បោះ​បង់​ចោល​ហ្វូង​ចៀម។+

ដាវ​នឹង​ប្រហារ​ដៃ​និង​ភ្នែក​ស្ដាំ​របស់​គាត់។

ដៃ​របស់​គាត់​នឹង​ស្វិត​ក្រញង់

ហើយ​ភ្នែក​ស្ដាំ​របស់​គាត់​នឹង​ងងឹត​សូន្យសុង​»។

១២ សេចក្ដី​ប្រកាស​៖

ព្រះ​យេហូវ៉ា​ជា​ព្រះ​ដែល​បាន​លាត​ផ្ទៃ​មេឃ+

ជា​ព្រះ​ដែល​បាន​ដាក់​គ្រឹះ​ផែនដី+

និង​ជា​ព្រះ​ដែល​ផ្ដល់​កម្លាំង​ជីវិត​ឲ្យ​មនុស្ស

លោក​បាន​មាន​ប្រសាសន៍​ថា​៖ ​«​ខ្ញុំ​ជា​ព្រះ​យេហូវ៉ា​កំពុង​និយាយ​អំពី​អ៊ីស្រាអែល។

២ ​«​ខ្ញុំ​នឹង​ធ្វើ​ឲ្យ​យេរូសាឡិម​ទៅ​ជា​ពែង​មួយ* ដែល​នាំ​ឲ្យ​ជន​ជាតិ​ទាំង​ឡាយ​នៅ​ជុំវិញ​ទ្រេត​ទ្រោត ហើយ​នឹង​មាន​ការ​ឡោម​ព័ទ្ធ​យូដា​និង​យេរូសាឡិម​ផង​ដែរ។+ ៣ នៅ​ថ្ងៃ​នោះ ខ្ញុំ​នឹង​ធ្វើ​ឲ្យ​យេរូសាឡិម​ទៅ​ជា​ថ្ម​មួយ​ដ៏​ធ្ងន់​សម្រាប់​ជន​ជាតិ​ទាំង​អស់។ អស់​អ្នក​ដែល​លើក​ថ្ម​នោះ ប្រាកដ​ជា​រង​របួស​ធ្ងន់​ធ្ងរ​ជា​មិន​ខាន+ ហើយ​ប្រជា​ជាតិ​នា​នា​នៅ​ផែនដី​នឹង​ប្រមូល​គ្នា​មក​ទាស់​នឹង​នាង​»។+ ៤ ព្រះ​យេហូវ៉ា​មាន​ប្រសាសន៍​ថែម​ទៀត​ថា​៖ ​«​នៅ​ថ្ងៃ​នោះ ខ្ញុំ​នឹង​ធ្វើ​ឲ្យ​សេះ​ទាំង​អស់​ភ័យ​ស្លុត ហើយ​ធ្វើ​ឲ្យ​ពួក​អ្នក​ជិះ​សេះ​វង្វេង​ស្មារតី។ ខ្ញុំ​នឹង​បន្ត​ចាំ​មើល​ពូជ​ពង្ស​យូដា តែ​ខ្ញុំ​នឹង​ធ្វើ​ឲ្យ​សេះ​ទាំង​អស់​របស់​ជន​ជាតិ​នា​នា​ខ្វាក់​ភ្នែក។ ៥ ពួក​មេ​កុល​សម្ព័ន្ធ​យូដា​នឹង​គិត​ក្នុង​ចិត្ត​ថា​៖ ‹មនុស្ស​ដែល​រស់​នៅ​ក្នុង​យេរូសាឡិម ពួក​គេ​ជា​ទី​មាំ​មួន​របស់​យើង ដោយ​សារ​ព្រះ​យេហូវ៉ា​នៃ​បណ្ដា​កង​ទ័ព​ស្ថាន​សួគ៌ ជា​ព្រះ​របស់​ពួក​គេ›។+ ៦ នៅ​ថ្ងៃ​នោះ ខ្ញុំ​នឹង​ធ្វើ​ឲ្យ​ពួក​មេ​កុល​សម្ព័ន្ធ​យូដា​ដូច​ជា​រងើក​ភ្លើង​ដែល​ឆេះ​សន្ធោ​សន្ធៅ​ក្នុង​ព្រៃ និង​ដូច​ជា​ចន្លុះ​ភ្លើង​ឆេះ​ក្នុង​កណ្ដាប់​ស្រូវ​ដែល​ទើប​នឹង​ច្រូត+ ហើយ​ពួក​គេ​នឹង​បំផ្លិច​បំផ្លាញ​ជន​ជាតិ​ទាំង​អស់​ដែល​នៅ​ជុំវិញ​ពួក​គេ​ទាំង​ស្ដាំ​ទាំង​ឆ្វេង។+ រួច​យេរូសាឡិម​នឹង​មាន​មនុស្ស​មក​អាស្រ័យ​នៅ​ម្ដង​ទៀត គឺ​មក​រស់​នៅ​ក្នុង​យេរូសាឡិម។+

៧ ​«​ព្រះ​យេហូវ៉ា​នឹង​សង្គ្រោះ​ត្រសាល​របស់​យូដា​មុន​គេ ដើម្បី​កុំ​ឲ្យ​ពូជ​ពង្ស​ដាវីឌ​និង​បណ្ដា​ជន​ក្នុង​យេរូសាឡិម មាន​សិរី​រុង​រឿង​អស្ចារ្យ​ជាង​យូដា។ ៨ នៅ​ថ្ងៃ​នោះ ព្រះ​យេហូវ៉ា​នឹង​ការ​ពារ​បណ្ដា​ជន​ក្នុង​យេរូសាឡិម។+ នៅ​ថ្ងៃ​នោះ អ្នក​ដែល​ខ្សោយ​ក្នុង​ចំណោម​ពួក​គេ​នឹង​បាន​រឹង​មាំ​ដូច​ដាវីឌ ហើយ​ពូជ​ពង្ស​ដាវីឌ​នឹង​មាន​អំណាច​ដូច​ព្រះ និង​ដូច​ទេវតា​របស់​ព្រះ​យេហូវ៉ា​ដែល​បាន​នាំ​មុខ​ពួក​គេ។+ ៩ នៅ​ថ្ងៃ​នោះ​ដែរ ខ្ញុំ​ប្រាកដ​ជា​នឹង​បំផ្លិច​បំផ្លាញ​ប្រជា​ជាតិ​ទាំង​អស់​ដែល​មក​ប្រឆាំង​យេរូសាឡិម។+

១០ ​«​ខ្ញុំ​នឹង​ចាក់​ឫទ្ធានុភាព​របស់​ខ្ញុំ​ទៅ​លើ​ពូជ​ពង្ស​ដាវីឌ និង​លើ​បណ្ដា​ជន​ក្នុង​យេរូសាឡិម។ ពួក​គេ​នឹង​ទទួល​ការ​ពេញ​ចិត្ត​ពី​ខ្ញុំ ហើយ​ពួក​គេ​នឹង​អង្វរករ​ខ្ញុំ។ ពួក​គេ​នឹង​មើល​ទៅ​អ្នក​ដែល​ពួក​គេ​បាន​ចាក់​ទម្លុះ+ ហើយ​ពួក​គេ​នឹង​ស្រែក​យំ​ដោយ​សារ​អ្នក​នោះ​ស្លាប់ ដូច​ពួក​គេ​ស្រែក​យំ​ដោយ​សារ​កូន​តែ​មួយ​ស្លាប់។ ម្យ៉ាង​ទៀត ពួក​គេ​នឹង​យំ​សោក​សង្រេង​ទាំង​ក្ដី​ជូរ​ចត់​ដោយ​សារ​បាត់​បង់​អ្នក​នោះ ដូច​ពួក​គេ​យំ​សោកសង្រេងដោយ​សារ​បាត់​បង់​កូន​ប្រុស​ច្បង​របស់​ពួក​គេ។ ១១ នៅ​ថ្ងៃ​នោះ ការ​ទ្រហោ​យំ​ក្នុង​យេរូសាឡិម​នឹង​ឮ​ខ្លាំង ដូច​ការ​ទ្រហោ​យំ​នៅ​ហាដាតរីម៉ូន​ក្នុង​វាល​ទំនាប​មេគីដោ។+ ១២ ស្រុក​ទាំង​មូល​នឹង​ទ្រហោ​យំ។ ក្រុម​គ្រួសារ​នីមួយ​ៗ​នឹង​យំ​សោក​រៀង​ៗ​ខ្លួន។ មនុស្ស​ទាំង​អស់​ក្នុង​ពូជ​ពង្ស​ដាវីឌ​នឹង​យំ​សោក តែ​ប្រុស​និង​ស្រី​យំ​ដោយឡែក​ពី​គ្នា។ មនុស្ស​ទាំង​អស់​ក្នុង​ក្រុម​គ្រួសារ​នៃ​ពូជ​ពង្ស​ណាថាន់+នឹង​យំ​សោក តែ​ប្រុស​និង​ស្រី​យំ​ដោយ​ឡែក​ពី​គ្នា។ ១៣ មនុស្ស​ទាំង​អស់​ក្នុង​ក្រុម​គ្រួសារ​របស់​លេវី+នឹង​យំ​សោក តែ​ប្រុស​និង​ស្រី​យំ​ដោយ​ឡែក​ពី​គ្នា។ មនុស្ស​ទាំង​អស់​ក្នុង​ក្រុម​គ្រួសារ​របស់​ស៊ីមម៉ាយ+នឹង​យំ​សោក តែ​ប្រុស​និង​ស្រី​យំ​ដោយ​ឡែក​ពី​គ្នា។ ១៤ ក្រុម​គ្រួសារ​ផ្សេង​ទៀត​ដែល​នៅ​សល់​នឹង​យំ​សោក តែ​ប្រុស​និង​ស្រី​យំ​ដោយ​ឡែក​ពី​គ្នា។

១៣ ​«​នៅ​ថ្ងៃ​នោះ អណ្ដូង​មួយ​នឹង​ត្រូវ​បើក​សម្រាប់​ពូជ​ពង្ស​ដាវីឌ​និង​មនុស្ស​ដែល​អាស្រ័យ​នៅ​ក្នុង​យេរូសាឡិម ដើម្បី​ជម្រះ​អំពើ​ខុស​ឆ្គង​និង​ភាព​មិន​ស្អាត​ស្អំ។+

២ ព្រះ​យេហូវ៉ា​នៃ​បណ្ដា​កង​ទ័ព​ស្ថាន​សួគ៌​មាន​ប្រសាសន៍​ថា​៖ ​«​នៅ​ថ្ងៃ​នោះ ខ្ញុំ​នឹង​លុប​បំបាត់​ឈ្មោះ​របស់​រូប​ព្រះ​ឲ្យ​អស់​ពី​ទឹក​ដី​នេះ+ ហើយ​ឈ្មោះ​ព្រះ​ទាំង​នោះ​នឹង​គ្មាន​អ្នក​ណា​នឹក​ចាំ​ទៀត។ ខ្ញុំ​នឹង​កម្ចាត់​ពួក​អ្នក​ប្រកាស​ទំនាយ+និង​អំណាច​របស់​ពួក​វិញ្ញាណ​កំណាច​ចេញ​ពី​ទឹក​ដី​នេះ។ ៣ ក៏​ប៉ុន្តែ បើ​មាន​អ្នក​ណា​ម្នាក់​ប្រកាស​ទំនាយ​ម្ដង​ទៀត នោះ​ឪពុក​ម្ដាយ​បង្កើត​របស់​អ្នក​នោះ​នឹង​និយាយ​ទៅ​កាន់​គាត់​ថា​៖ ‹កូន​នឹង​មិន​រស់​ទេ ព្រោះ​កូន​បាន​និយាយ​ភូត​កុហក​ដោយ​នូវ​នាម​ព្រះ​យេហូវ៉ា›។ រួច​ឪពុក​ម្ដាយ​បង្កើត​របស់​គាត់​នឹង​យក​ដាវ​ចាក់​ទម្លុះ​គាត់ ដោយ​សារ​គាត់​ប្រកាស​ទំនាយ។+

៤ ​«​នៅ​ថ្ងៃ​នោះ អ្នក​ប្រកាស​ទំនាយ​ម្នាក់​ៗ​នឹង​អាម៉ាស់​មុខ ពេល​គាត់​ប្រកាស​អ្វី​ដែល​គាត់​បាន​ឃើញ​ក្នុង​គំនិត។ ពួក​គេ​នឹង​មិន​ពាក់​អាវ​រោម​សត្វ*+ ដើម្បី​បោក​បញ្ឆោត​មនុស្ស​ទៀត​ទេ។ ៥ ពួក​គេ​ម្នាក់​ៗ​នឹង​ពោល​ថា​៖ ‹ខ្ញុំ​មិន​មែន​ជា​អ្នក​ប្រកាស​ទំនាយ​ទេ តែ​ខ្ញុំ​ជា​អ្នក​ភ្ជួរ​រាស់​ដី ដោយ​សារ​បុរស​ម្នាក់​បាន​ទិញ​ខ្ញុំ​មក​តាំង​ពី​ខ្ញុំ​នៅ​ក្មេង›។ ៦ បើ​មាន​មនុស្ស​សួរ​ពួក​គេ​ណា​ម្នាក់​ថា​៖ ‹ហេតុ​អ្វី​លើ​ខ្លួន​របស់​អ្នក​មាន​របួស?›។ គាត់​នឹង​ឆ្លើយ​ថា​៖ ‹ខ្ញុំ​ត្រូវ​របួស​នៅ​ផ្ទះ​របស់​មិត្ត​ភក្ដិ​ខ្ញុំ›​»។*

 ៧ ព្រះ​យេហូវ៉ា​នៃ​បណ្ដា​កង​ទ័ព​ស្ថាន​សួគ៌​មាន​ប្រសាសន៍​ថា​៖ ​«​ឱ​ដាវ​អើយ ចូរ​ភ្ញាក់​ឡើង ហើយ​ប្រហារ​គង្វាល​របស់​ខ្ញុំ​ទៅ+

គឺ​ប្រហារ​បុរស​ដែល​ជា​មិត្ត​សម្លាញ់​របស់​ខ្ញុំ។

ចូរ​ប្រហារ​គង្វាល​នោះ​ចុះ+ ហើយ​ធ្វើ​ឲ្យ​ហ្វូង​ចៀម​ខ្ចាត់​ខ្ចាយ​ទៅ+

នោះ​ខ្ញុំ​នឹង​លើក​ដៃ​ប្រឆាំង​នឹង​អស់​អ្នក​ដែល​មិន​សំខាន់​»។

 ៨ ព្រះ​យេហូវ៉ា​មាន​ប្រសាសន៍​ថា​៖ ​«​នៅ​គ្រប់​ទឹក​ដី

បណ្ដា​ជន​២​ភាគ​៣​នឹង​ត្រូវ​សម្លាប់​ចោល

តែ​១​ភាគ​៣​ដែល​នៅ​សល់​នឹង​ទុក​ឲ្យ​នៅ​រស់​វិញ។

 ៩ រួច​ខ្ញុំ​នឹង​នាំ​បណ្ដា​ជន​១​ភាគ​៣​ឆ្លង​កាត់​ភ្លើង

ហើយ​ខ្ញុំ​នឹង​សម្រិត​សម្រាំង​ពួក​គេ ដូច​គេ​បន្សុទ្ធ​ប្រាក់

ខ្ញុំ​នឹង​ពិនិត្យ​មើល​ពួក​គេ ដូច​គេ​ពិនិត្យ​មើល​មាស។+

ពួក​គេ​នឹង​ហៅ​រក​នាម​របស់​ខ្ញុំ

ហើយ​ខ្ញុំ​នឹង​ឆ្លើយ​តប​ទៅ​ពួក​គេ។

ខ្ញុំ​នឹង​និយាយ​ថា​៖ ‹ពួក​គេ​ជា​រាស្ត្រ​របស់​ខ្ញុំ›+

ហើយ​ពួក​គេ​នឹង​ពោល​ថា​៖ ‹ព្រះ​យេហូវ៉ា​ជា​ព្រះ​របស់​យើង›​»។

១៤ ​«​មើល! ថ្ងៃ​របស់​ព្រះ​យេហូវ៉ា​នឹង​មក​ដល់​ជា​មិន​ខាន។ នៅ​ថ្ងៃ​នោះ​សត្រូវ​នឹង​ចាប់​យក​ទ្រព្យ​សម្បត្តិ​របស់​អ្នក​រាល់​គ្នា* ហើយ​ចែក​នៅ​ចំពោះ​មុខ​អ្នក​រាល់​គ្នា។ ២ ខ្ញុំ​នឹង​ប្រមូល​ប្រជា​ជាតិ​ទាំង​អស់​មក​ប្រយុទ្ធ​នឹង​ក្រុង​យេរូសាឡិម។ ពួក​គេ​នឹង​ចាប់​យក​ក្រុង​នោះ ហើយ​ប្លន់​យក​ទ្រព្យ​ក្នុង​ផ្ទះ ថែម​ទាំង​រំលោភ​ស្រី​ៗ​ទៀត​ផង។ បណ្ដា​ជន​ក្នុង​ក្រុង​ចំនួន​ពាក់​កណ្ដាល​នឹង​ត្រូវ​និរទេស​ចេញ តែ​បណ្ដា​ជន​ដែល​នៅ​សល់​នឹង​រស់​នៅ​ក្នុង​ក្រុង​ត​ទៅ​ទៀត។

៣ ​«​ព្រះ​យេហូវ៉ា​នឹង​ចេញ​ទៅ​ច្បាំង​នឹង​ប្រជា​ជាតិ​ទាំង​នោះ+ ដូច​ពេល​ដែល​លោក​ធ្លាប់​ធ្វើ​ចម្បាំង​នៅ​អតីតកាល​ដែរ។+ ៤ នៅ​ថ្ងៃ​នោះ ជើង​របស់​លោក​នឹង​ឈរ​នៅ​លើ​ភ្នំ​ដើម​អូលីវ+ ដែល​នៅ​ខាង​កើត​ទល់​មុខ​ក្រុង​យេរូសាឡិម ហើយ​ភ្នំ​ដើម​អូលីវ​នឹង​ត្រូវ​បែក​ជា​ពីរ គឺ​ចាប់​ពី​ទិស​ខាង​កើត​ដល់​ខាង​លិច បណ្ដាល​ឲ្យ​មាន​ជ្រលង​មួយ​យ៉ាង​ធំ។ ភ្នំ​មួយ​ចំហៀង​នឹង​រើ​ទៅ​ទិស​ខាង​ជើង ហើយ​ភ្នំ​មួយ​ចំហៀង​ទៀត​នឹង​រើ​ទៅ​ទិស​ខាង​ត្បូង។ ៥ អ្នក​រាល់​គ្នា​នឹង​រត់​គេច​ទៅ​ជ្រលង​ភ្នំ​របស់​ខ្ញុំ ព្រោះ​ជ្រលង​ភ្នំ​របស់​ខ្ញុំ​នឹង​លាត​សន្ធឹង​រហូត​ដល់​អេសូល។ អ្នក​រាល់​គ្នា​នឹង​រត់​ភៀស​ខ្លួន ដូច​ដែល​អ្នក​រាល់​គ្នា​ធ្លាប់​រត់​គេច​ពី​ការ​រញ្ជួយ​ដី​នៅ​សម័យ​របស់​អូសៀស​ជា​ស្ដេច​ស្រុក​យូដា។+ រួច​ព្រះ​យេហូវ៉ា​ជា​ព្រះ​របស់​ខ្ញុំ​នឹង​មក ហើយ​ពួក​អ្នក​បរិសុទ្ធ​ទាំង​អស់​ក៏​នឹង​មក​ជា​មួយ​នឹង​លោក​ដែរ។+

៦ ​«​នៅ​ថ្ងៃ​នោះ​នឹង​គ្មាន​ពន្លឺ​ភ្លឺ​ចិញ្ចាច​ទេ។+ អ្វី​ៗ​នឹង​ទៅ​ជា​កក។* ៧ ថ្ងៃ​នោះ​នឹង​ទៅ​ជា​ថ្ងៃ​មួយ​ដែល​គេ​ស្គាល់​ថា​ជា​ថ្ងៃ​របស់​ព្រះ​យេហូវ៉ា។+ នៅ​ថ្ងៃ​នោះ គ្មាន​ថ្ងៃ​គ្មាន​យប់​ទេ។ ប៉ុន្តែ នៅ​ពេល​ល្ងាច​នឹង​មាន​ពន្លឺ​វិញ។ ៨ នៅ​ថ្ងៃ​នោះ ទឹក​ដែល​ផ្ដល់​ជីវិត+នឹង​ហូរ​ចេញ​ពី​ក្រុង​យេរូសាឡិម+ គឺ​ពាក់​កណ្ដាល​ហូរ​ទៅ​ខាង​កើត​សមុទ្រ*+ ហើយ​ពាក់​កណ្ដាល​ទៀត​ហូរ​ទៅ​ខាង​លិច​សមុទ្រ។*+ ទឹក​នោះ​នឹង​ហូរ​នៅ​រដូវ​ក្ដៅ​និង​រដូវ​ត្រជាក់។ ៩ ព្រះ​យេហូវ៉ា​នឹង​ទៅ​ជា​ស្ដេច​គ្រប់​គ្រង​លើ​ផែនដី​ទាំង​មូល។+ នៅ​ថ្ងៃ​នោះ​នឹង​មាន​តែ​ព្រះ​យេហូវ៉ា​មួយ​ប៉ុណ្ណោះ+ ហើយ​នឹង​មាន​តែ​នាម​របស់​លោក​មួយ​ប៉ុណ្ណោះ។+

១០ ​«​ស្រុក​ទាំង​មូល​នឹង​បាន​ដូច​តំបន់​អារ៉ាបា+ គឺ​ចាប់​ពី​ក្រុង​កេបា+ដល់​ក្រុង​រីម៉ូន+ដែល​នៅ​ខាង​ត្បូង​ក្រុង​យេរូសាឡិម។ ក្រុង​យេរូសាឡិម​នឹង​ត្រូវ​លើក​តម្កើង​ឡើង ហើយ​មនុស្ស​នឹង​អាស្រ័យ​នៅ​កន្លែង​នាង+ គឺ​ចាប់​ពី​ទ្វារ​បេនយ៉ាមីន+រហូត​ដល់​ទ្វារដំបូង និង​រហូត​ដល់​ជ្រុង​ទ្វារ ហើយ​ចាប់​ពី​ប៉ម​ហាណានៀល+រហូត​ដល់​កន្លែង​ត្រង​ស្រា*របស់​ស្ដេច។ ១១ ក្រុង​យេរូសាឡិម​នឹង​មាន​មនុស្ស​អាស្រ័យ​នៅ ហើយ​នាង​នឹង​មិន​ត្រូវ​បណ្ដាសា​នៃ​សេចក្ដី​ហិន​វិនាស​ទៀត​ទេ។+ មនុស្ស​នឹង​អាស្រ័យ​នៅ​ក្នុង​ក្រុង​យេរូសាឡិម​ដោយ​សុវត្ថិភាព។+

១២ ​«​ព្រះ​យេហូវ៉ា​នឹង​ដាក់​ទោស​ជន​ជាតិ​ទាំង​អស់​ដែល​ច្បាំង​នឹង​ក្រុង​យេរូសាឡិម+ គឺ​ធ្វើ​ឲ្យ​សាច់​របស់​ពួក​គេ​រលួយ​ខណៈ​ពេល​ដែល​ពួក​គេ​កំពុង​ឈរ។ គ្រាប់​ភ្នែក​របស់​ពួក​គេ​នឹង​រលួយ​នៅ​ក្នុង​ភ្នែក ហើយ​អណ្ដាត​របស់​ពួក​គេ​នឹង​រលួយ​នៅ​ក្នុង​មាត់។

១៣ ​«​នៅ​ថ្ងៃ​នោះ ព្រះ​យេហូវ៉ា​នឹង​ធ្វើ​ឲ្យ​មាន​ភាព​ចលាចល​ក្នុង​ចំណោម​ពួក​គេ។ ពួក​គេ​នឹង​វាយ​គ្នា ហើយ​ប្រហារ​គ្នា​ទៅ​វិញ​ទៅ​មក។+ ១៤ ចំណែក​ឯ​យូដា​ក៏​នឹង​ចូល​រួម​ក្នុង​សង្គ្រាម​នៅ​ឯ​ក្រុង​យេរូសាឡិម​ដែរ។ ពួក​គេ​នឹង​ប្រមូល​ទ្រព្យ​សម្បត្តិ​របស់​ប្រជា​ជាតិ​ទាំង​អស់​ដែល​នៅ​ជុំវិញ គឺ​ប្រមូល​យក​ទាំង​មាស​ទាំង​ប្រាក់​និង​សម្លៀក​បំពាក់​បាន​យ៉ាង​ច្រើន​សន្ធឹក​សន្ធាប់។+

១៥ ​«​រីឯ​ការ​ដាក់​ទោស​នោះ ក៏​នឹង​កើត​ឡើង​ដល់​សត្វ​សេះ លា​កាត់ សត្វ​អូដ្ឋ សត្វ​លា និង​ហ្វូង​សត្វ​ទាំង​អស់​ដែល​នៅ​ក្នុង​ជំរំ​ទាំង​នោះ​ដែរ។

១៦ ​«​ចំណែក​មនុស្ស​ទាំង​អស់​ដែល​នៅ​សល់​ពី​ប្រជា​ជាតិ​នា​នា​ដែល​ច្បាំង​នឹង​ក្រុង​យេរូសាឡិម ពួក​គេ​នឹង​ឡើង​មក​ក្រុង​យេរូសាឡិម​រាល់​ឆ្នាំ+ ដើម្បី​ក្រាប​គោរព*ព្រះ​យេហូវ៉ា​ជា​ស្ដេច​នៃ​បណ្ដា​កង​ទ័ព​ស្ថាន​សួគ៌+ និង​ដើម្បី​ធ្វើ​បុណ្យ​ខ្ទម។*+ ១៧ ប៉ុន្តែ ក្នុង​ចំណោម​វង្ស​ត្រកូល​នា​នា​នៅ​ផែនដី បើ​មាន​អ្នក​ណា​ម្នាក់​មិន​ឡើង​មក​ក្រុង​យេរូសាឡិម​ដើម្បី​ក្រាប​គោរព​ព្រះ​យេហូវ៉ា​ជា​ស្ដេច​នៃ​បណ្ដា​កង​ទ័ព​ស្ថាន​សួគ៌​ទេ នោះ​នឹង​គ្មាន​ភ្លៀង​ធ្លាក់​មក​លើ​អ្នក​នោះ​ឡើយ។+ ១៨ ប្រសិន​បើ​បណ្ដា​ជន​ស្រុក​អេហ្ស៊ីប​មិន​ឡើង​មក​ចូល​ក្រុង​នេះ​ទេ នោះ​នឹង​គ្មាន​ភ្លៀង​ធ្លាក់​លើ​ពួក​គេ​ឡើយ។ មិន​ត្រឹម​តែ​ប៉ុណ្ណោះ ព្រះ​យេហូវ៉ា​នឹង​ដាក់​ទោស​ពួក​គេ ដូច​លោក​ដាក់​ទោស​ប្រជា​ជាតិ​នា​នា​ដែល​មិន​ព្រម​ឡើង​មក​ធ្វើ​បុណ្យ​ខ្ទម​ដែរ។ ១៩ ការ​ដាក់​ទោស​នោះ​នឹង​កើត​ឡើង​ដល់​ស្រុក​អេហ្ស៊ីប និង​ប្រជា​ជាតិ​ទាំង​ឡាយ​ដែល​មិន​ព្រម​ឡើង​មក​ធ្វើ​បុណ្យ​ខ្ទម។

២០ ​«​នៅ​ថ្ងៃ​នោះ ពាក្យ​ដែល​ថា​‹ភាព​បរិសុទ្ធ​ជា​របស់​ព្រះ​យេហូវ៉ា!›+ នឹង​ត្រូវ​ចារឹក​លើ​កណ្ដឹង​សេះ។ ឯ​ឆ្នាំង​ធំ+ក្នុង​វិហារ​របស់​ព្រះ​យេហូវ៉ា នឹង​ប្រៀប​ដូច​ជា​ចាន​គោម+នៅ​មុខ​ទី​បូជា។ ២១ ម្យ៉ាង​ទៀត អស់​ទាំង​ឆ្នាំង​ធំ​ក្នុង​ក្រុង​យេរូសាឡិមនិងក្នុង​យូដា នឹង​ទៅ​ជា​របស់​បរិសុទ្ធ ហើយ​ក៏​នឹង​ទៅ​ជា​របស់​ព្រះ​យេហូវ៉ា​នៃ​បណ្ដា​កង​ទ័ព​ស្ថាន​សួគ៌​ដែរ។ ចំណែក​មនុស្ស​គ្រប់​រូប​ដែល​ជូន​គ្រឿង​បូជា ពួក​គេ​នឹង​ចូល​មក ហើយ​យក​ឆ្នាំង​ខ្លះ​ទៅ​ប្រើ។ នៅ​ថ្ងៃ​នោះ​នឹង​គ្មាន​ជន​ជាតិ​កាណាន*នៅ​ក្នុង​វិហារ​របស់​ព្រះ​យេហូវ៉ា​នៃ​បណ្ដា​កង​ទ័ព​ស្ថាន​សួគ៌​ទៀត​ទេ​»។+

មាន​ន័យ​ថា​«​ព្រះ​យេហូវ៉ា​បាន​នឹក​ចាំ​»​

ឬ​«​វិល​ត្រឡប់​មក​»​

មើល​សេចក្ដី​ពន្យល់​បន្ថែម ផ្នែក​ខ​១៥

សព្វ​ថ្ងៃ​នេះ​ហៅ​ថា​ហ៊្សេរុយសាឡិម

ឬ​«​គុណធម៌​»​

នេះ​សំដៅ​លើ​ក្រុង​បាប៊ីឡូន​និង​អ្នក​ស្នាក់​នៅ​ទី​នោះ

នេះ​សំដៅ​លើ​ក្រុង​ស៊ីយ៉ូន​ឬ​អ្នក​ស្នាក់​នៅ​ទី​នោះ

តាម​មើល​ទៅ​នេះ​សំដៅ​លើ​ព្រះ​យេហូវ៉ា

ឬ​«​ការ​តូច​តាច​»​

ជា​ខ្សែ​ដែល​ចង​ដុំ​អ្វី​មួយ​សម្រាប់​សំយុង​ស្ទង់​ជំហរ

មែក​ពីរ​នេះ​ពេញ​ដោយ​ផ្លែ

មួយ​ហត្ថ​ស្មើ​៤៤,៥​សង់ទីម៉ែត្រ។ មើល​សេចក្ដី​ពន្យល់​បន្ថែម ផ្នែក​ខ​១៤

ន័យ​ត្រង់​«​កញ្ឆេ​អេហ្វា​»។ នេះ​សំដៅ​លើ​ប្រអប់ ឬ​កញ្ឆេ​ដែល​ប្រើ​សម្រាប់​រង្វាល់​អេហ្វា។ មួយ​អេហ្វា​ស្មើ​២២​លីត្រ។ មើល​សេចក្ដី​ពន្យល់​បន្ថែម ផ្នែក​ខ​១៤

ន័យ​ត្រង់​«​ហោះ​ឡើង​រវាង​ផែនដី​និង​មេឃ​»​

ន័យ​ត្រង់​«​កញ្ឆេ​អេហ្វា​»។ នេះ​សំដៅ​លើ​ប្រអប់ ឬ​កញ្ឆេ​ដែល​ប្រើ​សម្រាប់​រង្វាល់​អេហ្វា។ មួយ​អេហ្វា​ស្មើ​២២​លីត្រ។ មើល​សេចក្ដី​ពន្យល់​បន្ថែម ផ្នែក​ខ​១៤

នេះ​សំដៅ​លើ​ស្រុក​បាប៊ីឡូន

ន័យ​ត្រង់​«​ធ្វើ​ឲ្យ​វិញ្ញាណ​របស់​ព្រះ​យេហូវ៉ា​សណ្ឋិត​នៅ​ទឹក​ដី​ខាង​ជើង​»​

ឬ​«​មកុដ​ដ៏​រុង​រឿង​»​

ឬ​«​ហើយ​តួ​នាទី​ទាំង​ពីរ​នេះ​នឹង​ដំណើរ​ការ​ទៅ​យ៉ាង​រលូន​»​

ឬ​«​ការ​នឹក​ចាំ​»​

មើល​សេចក្ដី​ពន្យល់​បន្ថែម ផ្នែក​ខ​១៥

ឬ​«​កូន​កំព្រា​ឪពុក​»​

ន័យ​ត្រង់​«​ពួក​គេ​បែរ​ខ្នង​ចេញ​ដោយ​រឹង​ចចេស​»​

ឬ​ប្រហែល​ជា​មាន​ន័យ​ថា​«​រឹង​ដូច​ថ្ម​»​ ដូច​ជា​ថ្ម​សំលៀង

ឬ​«​ការ​ណែនាំ​»​

ឬ​«​សេចក្ដី​ស្មោះ​ត្រង់​»​

ឬ​«​ចេញ​ពី​ទឹក​ដី​នៃ​ថ្ងៃ​រះ​និង​ទឹក​ដី​នៃ​ថ្ងៃ​លិច​»​

ឬ​«​សេចក្ដី​ស្មោះ​ត្រង់​»​

ឬ​«​ខ្ញុំ​មិន​បាន​ស្ដាយ​ក្រោយ​ទេ​»​

ឬ​«​អាវ​វែង​»​

ន័យ​ត្រង់​«​ជនជាតិ​យូដា​ម្នាក់​»​

ឬ​«​បន្ទាយ​»​

ឬ​ប្រហែល​ជា​មាន​ន័យ​ថា​«​នៅ​លើ​សមុទ្រ​»​

ឬ​«​អ្នក​ត្រួត​ត្រា​»​

តាម​មើល​ទៅ​នេះ​សំដៅ​លើ​ទុក្ខ​វេទនា​របស់​រាស្ត្រ​លោក

នេះ​សំដៅ​លើ​ក្រុង​ស៊ីយ៉ូន​ឬ​អ្នក​ស្នាក់​នៅ​ទី​នោះ

នេះ​សំដៅ​លើ​ក្រុង​យេរូសាឡិម​ឬ​អ្នក​ស្នាក់​នៅ​ទី​នោះ

ឬ​«​ជ័យ​ជម្នះ​»​

ឬ​«​លា​ឈ្មោល​»​

នេះ​សំដៅ​លើ​ទន្លេ​អឺប្រាត

ន័យ​ត្រង់​«​រូប​ធេរ៉ាភីម​»​សំដៅ​លើ​រូប​ព្រះ​ក្នុង​ផ្ទះ និង​រូប​សំណាក​ផ្សេង​ៗ​

ន័យ​ត្រង់​«​ប៉ម​នៅ​កាច់​ជ្រុង​»​ដែល​ធ្វើ​ឲ្យ​នឹក​ឃើញ​ដល់​បុរស​សំខាន់ ឬ​មេ​ដឹក​នាំ

ឬ​«​ចាន​គោម​»​

ឬ​«​អាវ​របស់​អ្នក​ប្រកាស​ទំនាយ​»​

ឬ​«​ផ្ទះ​របស់​អ្នក​ដែល​ស្រឡាញ់​ខ្ញុំ​»​

នេះ​សំដៅ​លើ​ក្រុង​ដែល​រៀប​រាប់​នៅ​ខ​២

ឬ​«​នៅ​នឹង​ថ្កល់​»​ ហាក់​ដូច​ជា​រឹង​កក​ដោយ​សារ​ត្រជាក់

នេះ​សំដៅ​លើ​សមុទ្រ​ស្លាប់

នេះ​សំដៅ​លើ​សមុទ្រ​មេឌីទែរ៉ានេ

ឬ​«​កន្លែង​ជាន់​ផ្លែ​ទំពាំង​បាយ​ជូរ​យក​ទឹក​ធ្វើ​ស្រា​»​

ឬ​«​គោរព​ប្រណិប័តន៍​»​

ឬ​«​ជម្រក​បណ្ដោះ​អាសន្ន​»​

ឬ​ប្រហែល​ជា​មាន​ន័យ​ថា​«​ឈ្មួញ​»​

    សៀវភៅភាសាខ្មែរ (១៩៩១-២០២៥)
    ចេញពីគណនី
    ចូលគណនី
    • ខ្មែរ
    • ចែករំលែក
    • ជម្រើស
    • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
    • ល័ក្ខខ័ណ្ឌប្រើប្រាស់
    • គោលការណ៍ស្ដីអំពីព័ត៌មានផ្ទាល់ខ្លួនរបស់លោកអ្នក
    • កំណត់ឯកជនភាព
    • JW.ORG
    • ចូលគណនី
    ចែករំលែក