១៨
យ៉ាកុបទៅស្រុកខារ៉ាន
តើអ្នកស្គាល់ពួកបុរសទាំងនេះដែលយ៉ាកុបកំពុងតែនិយាយជាមួយ ជាអ្នកណាទេ? ក្រោយពីបានធ្វើដំណើរជាច្រើនថ្ងៃមក យ៉ាកុបបានជួបពួកគេនៅឯអណ្ដូងទឹក។ ពួកគេកំពុងតែមើលថែទាំសត្វចៀមរបស់គេ។ យ៉ាកុបបានសួរថា៖ ‹តើអ្នករាល់គ្នាមកពីស្រុកណាដែរ›?
ពួកគេបាននិយាយថា៖ ‹ពីស្រុកខារ៉ាន›។
យ៉ាកុបបានសួរថា៖ ‹តើអ្នករាល់គ្នាស្គាល់ឡាបាន់ទេ›?
ពួកគេបានឆ្លើយថា៖ ‹បាទ នុ៎ះន៏ រ៉ាជែលជាកូនស្រីរបស់គាត់កំពុងតែនាំហ្វូងចៀមរបស់គាត់មក›។ តើអ្នកអាចឃើញរ៉ាជែលកំពុងតែដើរមកពីចម្ងាយនោះទេ?
នៅពេលដែលយ៉ាកុបបានឃើញរ៉ាជែលជាមួយនឹងចៀមរបស់ឪពុកមាគាត់ឡាបាន់ គាត់ក៏ទៅរមៀលថ្មចេញពីអណ្ដូងទឹក ដើម្បីឲ្យចៀមអាចផឹកបាន។ បន្ទាប់មកយ៉ាកុបក៏បានថើបរ៉ាជែល ហើយក៏ប្រាប់នាងអំពីខ្លួនគាត់។ នាងបានរំភើបចិត្តណាស់ ហើយនាងក៏ទៅផ្ទះប្រាប់ឡាបាន់ដែលជាឪពុករបស់នាង។
ឡាបាន់មានចិត្តរីករាយណាស់ ដោយបានយ៉ាកុបស្នាក់នៅជាមួយគាត់។ ហើយនៅពេលដែលយ៉ាកុបស្នើសុំរៀបការរ៉ាជែល ឡាបាន់បានត្រេកអរណាស់។ ប៉ុន្តែ គាត់បានសុំយ៉ាកុបធ្វើការឲ្យគាត់ប្រាំពីរឆ្នាំសិនទើបនឹងឲ្យរ៉ាជែល។ ពីព្រោះយ៉ាកុបស្រឡាញ់រ៉ាជែលដល់ម្ល៉េះ គាត់ក៏សុខចិត្តធ្វើការនោះ។ ប៉ុន្តែ ដល់ពេលរៀបអាពាហ៍ពិពាហ៍ តើអ្នកដឹងអ្វីបានកើតឡើងទេ?
ឡាបាន់បានឲ្យកូនស្រីច្បងរបស់គាត់ឈ្មោះ លេអាទៅយ៉ាកុបជាជាងរ៉ាជែលទៅវិញ។ នៅពេលដែលយ៉ាកុបបានយល់ព្រមធ្វើការឲ្យឡាបាន់ប្រាំពីរឆ្នាំទៀត ឡាបាន់ក៏ឲ្យរ៉ាជែលធ្វើជាប្រពន្ធរបស់គាត់ដែរ។ នៅគ្រានោះ ព្រះបានអនុញ្ញាតឲ្យបុរសមានប្រពន្ធច្រើនជាងមួយ។ ប៉ុន្តែឥឡូវនេះ ដូចជាព្រះគម្ពីរបានបង្ហាញមក បុរសត្រូវមានប្រពន្ធតែមួយទេ។