ការស្វែងរកបិតាម្នាក់
លោកសុក-ដារា អស់កម្លាំងណាស់។ ថ្ងៃនេះជាថ្ងៃដ៏យ៉ាប់មួយ ប៉ុន្តែដោយគាត់ចូលចិត្តការងាររបស់គាត់ គាត់ក៏មានអារម្មណ៍យ៉ាងស្កប់ស្កល់។ គាត់ទើបតែបានពិសាអាហារដ៏ឈ្ងុយឆ្ងាញ់ ដែលភរិយារបស់គាត់បានរៀបចំ ហើយកំពុងមានវេលាយ៉ាងសប្បាយរីករាយទាំងអស់គ្នាជាមួយភរិយានិងកូនពីរនាក់តូចៗរបស់គាត់។ ភរិយារបស់គាត់ នាងគុណធា ឥឡូវនេះកំពុងតែរវល់នឹងដេរ តែមិនជាសូវរវល់ពេករហូតដល់មិនអាចជជែកជាមួយអ្នកណាមួយដែលមានចិត្តចង់ស្ដាប់នោះឡើយ។ នៅពេលដែលគាត់កំពុងតែតតបនឹងការសន្ទនា ដែលមិនសូវជាមានដំណើរហូរហែនោះ គាត់ក៏ចាប់ផ្ដើមគិតអំពីអ្វីមួយ។
តើនេះគ្រាន់តែជាការស្រមៃរបស់គាត់ ឬក៏ភរិយារបស់គាត់ពិតជាមានសម្រស់ស្អាតជាងពីមុន? សូម្បី តែអាហារក៏ដូចជាមានរសជាតិឆ្ងាញ់ជាងពីធម្មតាដែរ។ ឬក៏គ្រាន់តែជាអារម្មណ៍របស់គាត់ទេដឹង? ពិតហើយ គាត់បានមានអារម្មណ៍ល្អមែន។ ប៉ុន្តែពិនិត្យមើលភរិយារបស់គាត់យ៉ាងផ្ចិតផ្ចង់ម្ដងទៀត គាត់បានសម្គាល់ឃើញនាងតុបតែងខ្លួនយ៉ាងស្អាតស្រស់ជាងមុន។ ប៉ុន្តែអ្វីរឹតតែសំខាន់ទៅទៀតនោះ គាត់បានសង្កេតឃើញទឹកមុខរបស់នាង។ នាងមិនដែលមានទឹកមុខរីករាយ និងឥតកើតទុក្ខដូចនេះជាយូរមកហើយ។ គាត់មានចិត្តរីករាយណាស់ចំពោះការនេះ ពីព្រោះគាត់ស្រឡាញ់នាងហើយគាត់ជឿថា អារម្មណ៍យ៉ាងនេះ គឺមានទាំងសងខាង ថ្វីបើជីវភាពគ្រួសាររបស់គេ នៅពេលខ្លះមានការរដិបរដុបនោះក៏ដោយ។ ភរិយារបស់គាត់ជាអ្នកខំធ្វើការណាស់ ហើយជាអ្នកទៀងត្រង់ម្នាក់ ប៉ុន្តែនាងមានចិត្តស្រាលណាស់ ហើយរហ័សនឹងខឹងភ្លាមបើមានការរិះគន់បញ្ឆិតបញ្ឆៀងណាមួយ។
កាលដែលគាត់កំពុងជញ្ជឹងគិតយ៉ាងខ្លាំងអំពីរឿងនេះ គាត់បានយល់ឃើញថា គាត់និងនាងគុណធាលែងមានការជំទាស់យ៉ាងជូរចត់អស់រយៈពេលប៉ុន្មានសប្ដាហ៍មកហើយ។ គាត់បាននឹកឃើញពីការសន្ទនាដ៏សកម្មនិងយ៉ាងរាក់ទាក់ ដែលគេបានប្រព្រឹត្តទៅយ៉ាងគាប់ចិត្តពីថ្ងៃមុន នៅពេលដែលគេបានពិសាស្វាយដ៏ឆ្ងាញ់ជាមួយបាយដំណើបនោះ។ ពិតមែនហើយ គេបានមានការជំទាស់ម្ដងពីមុន ប៉ុន្តែការនោះបានប្រព្រឹត្តទៅដោយមេត្រីភាព។ គាត់ប្រាកដជាមានចិត្តអបអរមែនចំពោះរឿងនោះ។
គាត់ត្រូវបានចិញ្ចឹមនៅក្នុងគ្រួសារមួយដែលគ្មានមាតាបិតា។ មាតារបស់គាត់បានស្លាប់តាំងពីគាត់នៅក្មេងម្ល៉េះ។ ឯចំពោះបិតារបស់គាត់វិញ—នោះជារឿងអាថ៌កំបាំងខ្លះដែរ។ គាត់មិនអាចនៅចាំពីបិតារបស់គាត់ទេ ហើយសមាជិកបងៗក្នុងគ្រួសារ បាននិយាយបញ្ឆិតបញ្ឆៀងថា គាត់បានរត់ចេញពីផ្ទះ បោះបង់ចោលពួកគេហើយ។ ពួកគេហាក់ដូចជាមិនចង់រំឭកអំពីគាត់សោះ។ បងស្រីច្បងរបស់គាត់បានដាំស្លម្ហូបអាហារ ហើយមើលថែទាំកិច្ចការទូទៅក្នុងផ្ទះ។ ប៉ុន្តែ នេះមិនមែនជាផ្ទះសម្បែងដ៏ពិតប្រាកដ ដែលមានគតិគ្រួសារនោះទេ។ ម្នាក់ៗចេញឬចូលតាមតែចិត្ត។ គ្មានការសង្ស័យទេ ដែលបងស្រីគាត់បានព្យាយាមមើលថែទាំគ្រួសារអស់ពីសមត្ថភាពរបស់នាង ប៉ុន្តែនាងតែងតែហាក់ដូចជានឿយហត់ ហើយគ្មានពេលវេលានិងប្រាក់គ្រប់គ្រាន់ឡើយ។ គាត់បានដឹងថា ដើម្បីបន្តជីវភាពរស់នៅរបស់ពួកគេ បងស្រីរបស់គាត់បានទទួលប្រាក់ពីបងប្រុសច្បងរបស់គេម្នាក់ ឈ្មោះ វាន់ណាត ដែលអាស្រ័យនៅឆ្ងាយ។ ប៉ុន្តែប្រាក់ទាំងនោះ ស្ទើរតែមិនគ្រប់គ្រាន់សោះ ដូច្នេះនាងបានរកស៊ីលក់ដូរខ្លះៗនៅផ្សារព្រឹក។ ចំពោះរូបគាត់វិញ គ្មានអ្នកណាមួយយកចិត្តទុកដាក់នឹងគាត់ ជាបុគ្គលម្នាក់ឡើយ។ គាត់មានអារម្មណ៍យ៉ាងខ្លាំងថាខ្លួនគាត់ ហាក់ដូចជាក្មេងកំព្រាដែលគ្មានគេចង់បានសោះ—ហើយនៅតែលតោលតែម្នាក់ឯង។ កាលនៅក្មេង គាត់តែងតែលេងតែម្នាក់ឯង គិតតែម្នាក់ឯង ហើយក្រោយមក បានសង់ធ្វើអ្វីមួយតែម្នាក់ឯងដែរ។ នេះហាក់បីជាបានធ្វើឲ្យគាត់ទៅជាមនុស្សដែលខ្វល់តែនឹងខ្លួនឯង។
កូនរទេះលេងនិងសំបុត្រ
គាត់បានលូតលាស់ឡើងការដឹងដល់សេចក្ដីអំណរគុណ ចំពោះទឹកដៃដ៏ល្អ។ អ្វីមួយដែលមានអានុភាពលើគាត់ជាងគេបំផុតនោះ គឺជាកូនរទេះឈើលេងមួយ ដែលបិតារបស់គាត់បានសង់ឲ្យ មុននឹងគាត់បានចាកចេញទៅនោះ។ បិតារបស់គាត់ គឺជាអ្នកសង់រទេះក្របី។ កូនរទេះលេងនេះ ជាសំណង់មួយដ៏អស្ចារ្យនៃទឹកដៃ ហើយរបស់នេះមិនដែលធ្វើឲ្យគាត់លែងមានសេចក្ដីគោរពដល់បិតារបស់គាត់ជាសិប្បករម្នាក់ឡើយ ជាពិសេសនៅពេលដែលគាត់មានវ័យចំណាស់ឡើង។ តាមការពិតទៅ នេះហើយដែលជម្រុញឲ្យគាត់ ជ្រើសរើសយកមុខជំនួញតាមបិតារបស់គាត់ ទោះជាការនេះមានន័យថាគាត់ត្រូវរៀនដោយខ្លួនឯងតាមការពិសោធព្រាវៗ ដោយប្រើគ្រឿងប្រដាប់ប្រដារបស់បិតាគាត់ ដែលនៅមាននៅផ្ទះចាស់នោះក៏ដោយ។ សូម្បី តែពេលដែលគាត់បានឃើញកូនរបស់គាត់កំពុងលេងជាមួយកូនរទេះនោះ គាត់តែងតែនឹកឃើញពីបិតារបស់គាត់ ប៉ុន្តែដោយអារម្មណ៍ទាស់ទែងខ្លះនៅក្នុងចិត្តរបស់គាត់ទៅវិញ។ ម្យ៉ាងវិញទៀត ម្ដេចក៏បិតាដែលបានប្រគល់ឲ្យគាត់នូវរបស់លេងដ៏ល្អអស្ចារ្យបែបនេះ អាចមានចិត្តដើរចេញពីគ្រួសារនិងលះបង់ចោលពួកកូនចៅដោយគ្មានការថែរក្សាទាល់តែសោះ យ៉ាងដូច្នេះ?
នៅគ្រាមួយក្រោយពីគាត់បានរៀបការមក គាត់បានទៅសួរសុខទុក្ខបងស្រីច្បងរបស់គាត់ ដែលឥឡូវនេះមានប្ដីហើយ ប៉ុន្តែរស់នៅឯផ្ទះចាស់ដដែលនោះ គឺនៅពេលនោះទើបគាត់បានទទួលការបំភ្លឺខ្លះអំពីដំណឹងបិតារបស់គាត់។ ដោយគាត់ប៉ិនប្រសប់វិនិច្ឆ័យទឹកដៃដ៏ល្អប្រសើរ គាត់ក៏បានកោតសរសើរផ្ទះដែលបិតារបស់គាត់បានសង់។ នេះបានរំឭកគាត់ពីបិតារបស់គាត់ ហើយបានញ៉ាំងគាត់ឲ្យគិតអំពីរឿងបិតាគាត់ម្ដងទៀត ថាតើគាត់ទៅជាយ៉ាងណាហើយ។ «អ្ហូ បងមិនដឹងទេ» បងស្រីគាត់បានឆ្លើយយ៉ាងកំបុតកំបុយ។ «នេះណែ៎!» នាងបានបន្តទៀត «អានសំបុត្រទាំងនេះទៅ សំបុត្រទាំងនេះ មកពីគាត់សម្រាប់វាន់ណាត» ហើយនៅពេលដំណាលគ្នានោះ នាងក៏លូកយកសំបុត្រមួយដុំ ចេញពីថតតុ ហើយបោះនៅមុខគាត់។ «ឯងអាចយកសំបុត្រទាំងនេះទៅ វាគ្មានប្រយោជន៍អ្វីដល់បងទេ»។ ដូច្នេះ គាត់ក៏បានយកសំបុត្រនោះមកអាននៅឯផ្ទះ។
គាត់នៅចាំពីមនោសញ្ចេតនាដ៏រំភើបយ៉ាងខ្លាំង នៅពេលដែលគាត់បានអានសំបុត្រទាំងនោះ រហូតដល់គាត់បានអានភាគខ្លះនៃសំបុត្រនោះឲ្យនាងគុណធាស្ដាប់ផង។ «សូមនឹកគិតមើល» គាត់បាននិយាយ «បិតារបស់បងជាមនុស្សល្អទេតើ! គាត់មិនត្រឹមតែជាសិប្បករដ៏ល្អម្នាក់ប៉ុណ្ណោះទេ តែគាត់ជាបិតា ដ៏ល្អម្នាក់ដែរ។ គាត់បានជួយឧបត្ថម្ភគ្រួសារទាំងមូលនេះ តាមរយៈបងវាន់ណាត ជាបងប្រុសច្បងរបស់បង។ នៅទីបំផុត គាត់ជាអ្នកមើលថែរក្សាយើងទៅវិញ។ ម្យ៉ាងវិញទៀត គាត់ថែមទាំងបានពោលអំពីបងក្នុងសំបុត្រមួយរបស់គាត់ផង។ គឺជាបងវាន់ណាតទេ ដែលជាអ្នកប្រើប្រាក់យ៉ាងខ្ជះខ្ជាយនោះ នៅពេលដែលគាត់រត់តាមសង្សាររបស់គាត់ម្នាក់។ ចំនួនប្រាក់បន្ដិចបន្តួចដែលគាត់បានផ្ញើទៅឲ្យបងស្រីច្បងរបស់បងនោះ គាត់បានធ្វើហាក់ដូចជាប្រាក់នោះជារបស់ខ្លួនគាត់អញ្ចឹង។ សូមគិតអំពីរឿងនេះមើល» គាត់បានបញ្ជាក់ម្ដងទៀតទៅនាងគុណធា «បិតារបស់បងជាមនុស្សល្អ ហើយគាត់ខ្វល់ខ្វាយនឹងយើងណាស់»។ សំបុត្រទាំងនោះ ពុំបានប្រាប់ឲ្យគ្រប់សេចក្ដីទេ ហើយក៏ពុំបានប្រាប់អំពីទីលំនៅនៃបិតារបស់គាត់ ឬក៏ពេលណាទើបគាត់ត្រឡប់មកវិញដែរ។ លោកដារាបាននៅចាំពីសំដីដែលគាត់បាននិយាយទៅកាន់នាងគុណធា ថាគាត់ទន្ទឹងចាំដោយរីករាយ ដើម្បីឲ្យស្គាល់បិតារបស់គាត់ឲ្យបានរឹតតែប្រសើរជាងមុន។ «ប្រហែលជាថ្ងៃណាមួយ គាត់នឹងត្រឡប់មកវិញហើយ» គាត់បាននិយាយទៅនាង។
ការជញ្ជឹងគិតអំពីព្រឹត្ដិការណ៍ថ្មីៗទាំងនេះ បានត្រូវរំខានដោយកូនប្រុសតូចរបស់គាត់ ដែលចង់សម្រួចខ្មៅដៃរបស់វា។ ជាជាងសម្រួចខ្មៅដៃនោះឲ្យកូន គាត់បានបង្ហាញកូនគាត់នូវរបៀប ហើយបានជួយកូនឲ្យសម្រួចដោយខ្លួនឯងវិញ។ ការសង្កេតឃើញនូវសេចក្ដី រីករាយនៃកូនរបស់គាត់ ពេលដែលកូនគាត់បានបង្ហាញដល់បងស្រីរបស់ខ្លួន អំពីអ្វីៗដែលឪពុកខ្លួនបានបង្ហាត់នោះ បានធ្វើឲ្យលោកដារាមានអារម្មណ៍ ហាក់បីដូចជាគាត់បានទទួលពិន្ទុលេខ «១» ជាឪពុកម្នាក់ មិនត្រឹមតែជាអ្នកសម្រួចខ្មៅដៃប៉ុណ្ណោះទេ។ ពេលកំពុងគិតអំពីរឿងនេះ គាត់មានអារម្មណ៍ថា គាត់បានធ្វើជាឪពុកដ៏រឹតតែល្អប្រសើរម្នាក់ តាំងពីគាត់បានអានសំបុត្រទាំងនោះមក។ ប៉ុន្តែ គាត់មានចិត្តស្មោះនឹងខ្លួនគាត់ ក៏យល់ឃើញថា ប្រាកដជាមានហេតុណាមួយដ៏ធំទៅទៀត ដែលបណ្ដាលឲ្យមានការរីកចំរើនក្នុងបរិយាកាសគ្រួសារនេះ។ ‹តើនេះអាចជាអ្វីទៅ›? គាត់បានឆ្ងល់ ‹តើអ្វីទៅដែលបានធ្វើឲ្យគុណធាប្រែប្រួលយ៉ាងនេះ›?
ពេលនោះ គាត់មិនបានដឹងថា ការដែលគាត់រំភើបចិត្តចំពោះការរកឃើញបិតា បានធ្វើឲ្យនាងគុណធាស្ញើចចិត្តដល់ម្ល៉េះទេ។ តែតាមការពិតទៅ នេះជាលើកដំបូងហើយដែលនាងចាប់ផ្ដើមយល់ឃើញថា ការរកឃើញបិតាដ៏ល្អម្នាក់ អាចធ្វើឲ្យមានសេចក្ដីអំណរយ៉ាងខ្លាំង ចំពោះអ្នកដែលមិនធ្លាប់បានស្គាល់បិតាសោះកាលពីមុន។
លោកដារា កំពុងតែសម្លឹងមើលយឺតៗជុំវិញខ្លួន តែជញ្ជឹងគិតយ៉ាងជ្រាលជ្រៅ រួចក៏បានសម្លឹងមើលនាងគុណធាម្ដងទៀត។ ហេតុអ្វីក៏នាងមានសម្រស់ដ៏ប្រិមប្រិយម្ល៉េះហ្ន៎! គឺមានសម្រស់ដូចនឹងពេលដែលគាត់បានចាប់ផ្ដើមស្នើសុំស្រឡាញ់នាងអញ្ចឹង។ គំនិតបែបនេះបានធ្វើឲ្យគាត់ហ៊ានសួរថា៖ «គុណធា តើអូនបានសម្គាល់ឃើញអ្វីប្លែកពីផ្ទះសម្បែងយើង នៅពេលថ្មីៗនេះទេ»? បន្ទាប់មកដោយឃើញទឹកមុខរបស់នាងពោរពេញទៅដោយចម្ងល់ គាត់ក៏និយាយថែមទៀតថា៖ «បងចង់និយាយអំពីបរិយាកាសក្នុងគ្រួសារយើងណា៎»។ «ចាស អូនបានឃើញមែន» នាងបានឆ្លើយ។ «គឺល្អប្រសើរជាងមុន»។ ដោយដឹងថា នាងមានចិត្តរហ័សប្រកាន់ ពីរឿងអ្វីមួយដែលទាក់ទងនឹងចរិយារបស់នាងនោះ គាត់ក៏បានសួរដោយប្រយ័ត្នប្រយែងថា៖ «តើអូនមានដឹងមកពីហេតុអ្វីទេ»?
នាងគុណធាបានដេរបន្តទៅទៀតអស់មួយសន្ទុះ តែមិនបានយកចិត្តទុកដាក់ដូចពីមុនទេ បន្ទាប់មកក៏បានឈប់។ ពេលនោះ លោកដារាស្ទើរតែដកដង្ហើមមិនរួចទៅហើយ។ គាត់ដឹងក្នុងចិត្តថា នេះជាស្ថានការណ៍ដែលប្រពន្ធរបស់គាត់អាចនិយាយផ្លែផ្ការិះគន់ហើយនិងអាចឆួលខឹងភ្លាម។ ប៉ុន្តែគាត់បានសម្គាល់ឃើញទឹកមុខដ៏ត្រិះរិះរបស់នាង ជាជាងកំហឹងទៅវិញ។ «អញ្ចឹងហើយ ការរកឃើញបិតារបស់បង ប្រាកដជាមានអានុភាពលើបងមែនហើយ បងដារា។ អូនបានសម្គាល់ឃើញរឿងនេះនៅពេលនោះ ហើយរឿងនេះពិតជាធ្វើឲ្យអូន គិតយ៉ាងជ្រៅដែរអំពីសារៈសំខាន់នៃការមានបិតាល្អម្នាក់។ តាមការពិតទៅ» នាងបានពោល ក្រោយបានបង្អាក់បន្ដិចមកថា «អូនគិតថា ការពិសោធន៍ក្នុង ‹ការរកឃើញ› បិតារបស់បង បានជួយអូន ឲ្យរកឃើញបិតាម្នាក់ដែរ»។ «យ៉ាងម៉េច! អូនឯង—រកឃើញបិតាម្នាក់? ក្រែងអូនតែងតែស្គាល់បិតារបស់អូនហើយទេតើ។ គាត់រស់នៅកន្លែងផ្លូវខ្វែងឯណោះ»។ «ចាស អូនដឹងហើយ ជួនកាលប្រហែលជាអូនមិនសូវបានសម្ដែងអំណរគុណដល់គាត់ជាច្រើន។ តែអូនមិននិយាយអំពីបិតានោះទេ គឺបិតាមួយទៀត—បិតាដំបូង ម្នាក់»។ លោកដារាបានធូរស្បើយក្នុងចិត្ត ដោយព្រោះអាកប្បកិរិយាទូទៅរបស់នាង តែចម្លើយរបស់នាងបានធ្វើឲ្យគាត់ចាប់អារម្មណ៍ណាស់។ គាត់មានការពិបាកនឹងរកឃើញបិតាម្នាក់—ឥឡូវនេះមាន «បិតាម្នាក់ទៀត» ជា «បិតាដំបូង»។ «គុណធា តើអូនចង់និយាយយ៉ាងណា ដែលថាមាន ‹បិតាម្នាក់ទៀត› ជា ‹បិតាដំបូង› របស់អូននោះ? » នាងគុណធាបានងាកខ្លួនបែរមក ទាំងបញ្ចេញញញឹមដ៏គួរឲ្យទាញអារម្មណ៍ ដែលគាត់ពុំបានឃើញជាយូរមកហើយ។ នាងបានសួរថា៖ «តើបងពិតជាចង់ដឹងមែនឬ?» «ពិតមែនណា៎អូន» លោកដារាបានឆ្លើយតបទាំងអស់សំណើចផង ហើយបានងើបខ្លួនឡើងដើម្បីឆ្លើយតបឲ្យបានស្រួលជាងមុន។
នាងគុណធាបានដកខ្លួនចេញពីម៉ាស៊ីនដេរ ហើយបានមកអង្គុយក្បែរលោកដារា។ «បងដារា តើបងបានសម្គាល់ឃើញពីក្មេងស្រីពីរនាក់ ដែលបានមកជួបនឹងអូននៅពេលរសៀល ថ្ងៃអង្គារទេ»? «អត់ទេអូន តែបងបានឃើញក្មេងស្រីខ្លះ ដែលបងដូចជាមិនដែលស្គាល់។ តើពួកគេជាអ្នកណាទៅ»? «ចាស ពីរបីខែកន្លងទៅនេះ ក្មេងស្រីពីរនាក់នោះបានមកគោះទ្វារផ្ទះយើង ហើយបានពោលថា គេចង់និយាយជាមួយអូន។ ពួកគេហាក់បីដូចជារាក់ទាក់ណាស់ ដូច្នេះអូនក៏បានអញ្ជើញគេចូលមកក្នុងផ្ទះ។ ក្មេងស្រីម្នាក់នោះក៏ចាប់ផ្ដើមនិយាយអំពីស្ថានការណ៍ដ៏ច្របូកច្របល់នៅក្នុងពិភពលោកនេះ ហើយបាននិយាយថា នឹងមានការដោះស្រាយចំពោះរឿងទាំងនេះ។ បន្ទាប់មក អូនដឹងថា ពួកគេជាអ្នកដែលដើរពីផ្ទះមួយទៅផ្ទះមួយ ទាំងផ្ដល់សៀវភៅសាសនាផង។ យ៉ាងណាក៏ដោយ អូនក៏បានស្ដាប់តទៅទៀត ពីព្រោះ—អូនយល់ថា យើងគួរតែចេះគួរសមជានិច្ច—ហើយដោយសារតែអ្វីៗក្មេងស្រីទាំងនោះបាននិយាយមក ហាក់ដូចជាសមហេតុផលដែរ ថ្វីបើអូនមិនសូវយល់រឿងខ្លះដែលគេបាននិយាយមកនោះក៏ដោយ។ បន្ទាប់មកនាងម្នាក់ទៀតបានធ្វើការពន្យល់មួយដែលធ្វើឲ្យអូនចាប់អារម្មណ៍ណាស់។ នាងបាននិយាយថាអ្នកបង្កើត—គឺជាបិតា—នៃមនុស្សដំបូង ឥឡូវនេះទ្រង់កំពុងតែប្រមូលមនុស្សចេញពីគ្រប់សាសន៍ទាំងអស់ ឲ្យផ្ដុំជាគ្រួសារដ៏ធំមួយ ហើយទ្រង់ទៅជាបិតាម្នាក់ . . . »។ បន្ទាប់ពីបានរអាក់រអួលបន្ដិច នាងគុណធាបាននិយាយតទៅទៀតថា « . . . ហើយទ្រង់ទៅជាព្រះនៃពួកគេ។ ដូចជាបងអាចជ្រាបស្រាប់ហើយ គំនិតអំពីការរួមចំណែកជាមួយក្រុមគ្រួសារដ៏ធំទាំងមានបិតាដ៏រឹតតែល្អម្នាក់ ធ្វើឲ្យអូនចាប់អារម្មណ៍ណាស់។ ដូច្នេះ អូនបានប្រាប់គេថា អូនចង់ដឹងថែមទៀតអំពីរឿងនេះ។ អាទិត្យក្រោយមកទៀត ពួកគេបានមកប្រាប់អូនថែមទៀតអំពីរឿងនេះ—ហើយពួកគេបានមកជារៀងរាល់អាទិត្យ ចាប់តាំងពីពេលនោះមក។ ឥឡូវនេះ អូនចាប់ផ្ដើមមានអារម្មណ៍ដឹងថាអ្វីៗដែលគេនិយាយនោះជាការពិត។ ដោយហេតុនេះហើយ បានជាអូននិយាយថា អូនបានរកឃើញបិតាម្នាក់»។
ដោយបានឮរឿងនេះហើយ លោកដារាក៏នៅស្ងៀមហើយព្រួយបារម្ភយ៉ាងខ្លាំង។ អ្វីៗដែលនាងបាននិយាយអំពី «បិតាដំបូង» នោះបានធ្វើឲ្យគាត់ចាប់អារម្មណ៍មែន តែពាក្យ «ព្រះ» មួយម៉ាត់នោះធ្វើឲ្យគាត់បារម្ភណាស់ ហើយក៏ធ្វើឲ្យគាត់មានចម្ងល់អំពីនាងគុណធាដែរ។ តើនាងនឹងទៅជាអធិមុត្តម្នាក់នៃសាសនាឬ? បន្ទាប់មកគាត់បានដឹងពីរបៀបដែលនាងអង្គុយប្របៀតនឹងគាត់។ ជាច្រើនឆ្នាំមកហើយ គេមិនបានរីករាយនឹងការស្និទ្ធស្នាលបែបនេះសោះ នៅពេលដែលគេមានការពិភាក្សាអំពីរឿងធំដំនោះ! គំនិតខាងសាសនាថ្មីរបស់នាង ប្រហែលជាមិនអាក្រក់ណាស់ណា៎ទេ ប្រសិនបើអាចធ្វើឲ្យនាងមានការប្រែប្រួលជាច្រើនដូច្នេះ។ គាត់បានគិតផ្ទុយទៅវិញ ហើយទាំងបានតបដោយលើកដៃកៀកឱបនាងផង។ នោះបានធ្វើឲ្យគាត់មានអារម្មណ៍ធូរស្រាលបន្ដិច—ប៉ុន្តែពាក្យ «ព្រះ» នេះនៅតែធ្វើឲ្យគាត់ខ្វល់ក្នុងចិត្តដដែល។ នាងប្រាកដជាបានដឹងពីការនេះ ពីព្រោះគាត់បានសម្គាល់ឃើញពីរបៀបដែលនាងបានមានការស្ទាក់ស្ទើរ មុននឹងប្រើពាក្យនោះ។
ដោយបានដឹងនូវការស្និទ្ធស្នាលដ៏ប្លែកនេះក្នុងចិត្តនិងគំនិតរបស់គេ គាត់ក៏បើកសម្ដែងអារម្មណ៍របស់គាត់ទាំងអស់ ប្រាប់នាងថា៖ «អូនគុណធា ពាក្យ ‹ព្រះ› មួយម៉ាត់នោះរំខានបងណាស់។ តើពាក្យនេះធ្វើឲ្យអូនមានអារម្មណ៍យ៉ាងណាដែរ»? «មុនដំបូង ពាក្យនេះក៏រំខានអូនដែរ បងដារា ប៉ុន្តែអូនមិនដឹងមកពីហេតុអ្វីទេ។ ប្រាកដហើយ មនុស្សភាគច្រើននៅម្ដុំនេះ មិនជឿថាមានព្រះទេ ហើយអ្នកខ្លះទៀត ថែមទាំងចំអកមើលងាយពាក្យនោះផង»។ «អញ្ចឹងមែន» លោកដារាបានពោលបន្ទាប់ពីបង្អាក់បន្ដិច «រឿងនោះ ប្រហែលជាមានការទាក់ទងនឹងការនេះច្រើនណាស់។ អូនដឹងទេ គ្រួសាររបស់បង ចេះតែចំអកមើលងាយ កាលណារឿងបិតារបស់បងត្រូវបានលើកមកនិយាយ ហើយជួនកាលបងក៏មានអារម្មណ៍ដូចនេះដែរ ហើយបើមិនដោយសារកូនរទេះលេងនិងសំបុត្រទាំងនោះទេ បងប្រហែលជានៅតែមានគំនិតដូចនោះដដែល»។ «រឿងនេះគួរឲ្យចាប់អារម្មណ៍មែន បងដារា ពីព្រោះបានបង្ហាញថា មតិរបស់មនុស្សឯទៀត អាចឆ្លងមកលើយើងបានយ៉ាងងាយ។ តើមិនជាការល្អប្រសើរទេឬ បើយើងទុកចិត្តទៅលើតែសេចក្ដីពិត ជាជាងឲ្យមតិដ៏គ្មានគោលរបស់មនុស្សឯទៀត មកមានឥទ្ធិពលលើយើង»? «អូនគុណធានិយាយបានល្អណាស់» គាត់បានឆ្លើយ ទាំងឱបនាងផង។ «ចូរយើងចាត់តាំងនេះ ទុកជាគោលការណ៍មួយ ហើយមិនត្រូវធ្វើតាមមនុស្សទាំងឡាយឡើយ។ ប៉ុន្តែ មានរឿងផ្សេងទៀតដែលធ្វើឲ្យបងឆ្ងល់ដែរ។ មនុស្សភាគច្រើន ដែលចំអកនឹងពាក្យ ‹ព្រះ› ហើយពោលថា ‹ព្រះនៅឯណា›? ឬក៏ថា ‹ខ្ញុំមិនអាចឃើញព្រះទេ› នោះខំប្រឹងយ៉ាងខ្លាំងដើម្បី បំពេញចិត្តព្រាយបិសាចដែលគេមិនអាចឃើញដែរ។ ហើយមនុស្សជាច្រើន ហាក់ដូចជាខ្លាចពួកបិសាចណាស់។ តើពួកគេចាត់ព្រះទុកជាបុគ្គលដែលគួរឲ្យភ័យខ្លាច និងជាបុគ្គលដែលគេត្រូវបន់ស្រន់ដើម្បីឲ្យទ្រង់ស្ងប់ព្រះហឫទ័យឬ»? បន្ទាប់មក គាត់បានផ្អាកបន្ដិច រួចសួរថា៖ «តើអូនគិតថា បងបានខ្ពើមនឹងគំនិតអំពីព្រះ ដោយសារតែទស្សនៈអឌ្ឍសម្បជញ្ញៈរបស់បងចំពោះព្រះ ដែលបងប្រដូចព្រះទៅនឹងព្រាយបិសាចដែលមានឥទ្ធិឫទ្ធិខ្លាំងក្លា ដែលធ្វើទារុណកម្មដល់មនុស្សណាដែលប្រឆាំងនឹងទ្រង់ មែនទេ»?
នាងបានឆ្លើយថា៖ «រឿងនោះ ចំពោះមនុស្សជាច្រើនប្រហែលជាពិតមែន តែក្មេងស្រីទាំងនោះបានបង្ហាញប្រាប់អូនថា ព្រះដ៏ពិតនោះ ដែលព្រះនាមទ្រង់ជាយេហូវ៉ា មិនមែនជាព្រះប្រភេទនោះទេ។ ពិតមែនហើយដែលទ្រង់មានព្រះចេស្ដាខ្លាំងក្លាបំផុតនោះ តែទ្រង់ក៏ជាព្រះដែលពោរពេញទៅដោយសេចក្ដីមេត្ដាករុណា សូម្បីតែចំពោះអ្នកដែលប្រព្រឹត្តខុសដែរ ទ្រង់មិនដែលធ្វើទារុណកម្មដល់អ្នកណាឡើយ។ ទ្រង់ប្រៀបដូចជាបិតាដ៏ល្អប្រសើរម្នាក់ ហើយមានគ្រប់ព្រះចេស្ដា ទ្រង់មិនដែលស្លាប់ហើយទ្រង់តែងតែផ្ដល់នូវជំនួយជានិច្ច។ ទ្រង់មិនដូចជាព្រាយបិសាចទាំងឡាយទេ។ ទ្រង់ជាព្រះដែលផ្ដើមឡើងនូវការជួយមនុស្សលោក។ ព្រះគម្ពីរចែងថា ទ្រង់ជាព្រះប្រកបដោយសេចក្ដីស្រឡាញ់»។ «អូន ថា ‹សេចក្ដីស្រឡាញ់› ឬ។ ប្រសិនបើនេះជាការពិតមែន នោះពេញចិត្តបងណាស់។ សេចក្ដីស្រឡាញ់ផ្សំជាមួយនឹងឥទ្ធិឫទ្ធិ អាចសម្រេចការបានច្រើនណាស់»។ «អូនក៏មានអារម្មណ៍ដូច្នេះដែរ» នាងបានឆ្លើយយល់ព្រម។ «ប៉ុន្តែ» គាត់បាននិយាយថែមទៀតបន្ទាប់ពីបានផ្អាក់មួយសន្ទុះ ថា៖ «រឿងនោះហាក់បីដូចជាមិនសមតាមសេចក្ដីពិតសោះ ហើយយើងទើបតែយល់ព្រមថា នឹងទុកចិត្តទៅលើសេចក្ដីពិត។ ឧទាហរណ៍ សាសន៍ ឬក៏សាសនាទាំងនោះដែលអះអាងថា ជឿព្រះនោះ មិនបង្កើតឲ្យឃើញជាភស្តុតាងពីសេចក្ដីស្រឡាញ់នោះឡើយ។ ពួកគេកេងប្រវ័ញ្ចយកផលប្រយោជន៍ពីគ្នា ហើយសម្លាប់គ្នាទៅវិញទៅមក ដូចអ្នកដែលមិនជឿព្រះដែរ»។ «ពិតមែនហើយ» នាងបានបន្លឺឡើង «ពីព្រោះពួកគេមិនបម្រើព្រះយេហូវ៉ា តែទៅជាបម្រើព្រះដែលគេធ្វើដោយខ្លួនឯងវិញ។ តាមការពិត ពួកគេសម្ដែងនូវការមិនត្រឹមត្រូវអំពីព្រះ។ សាសន៍ជាច្រើនទាំងនោះ អះអាងថា ខ្លួនជាសាសន៍គ្រីស្ទាន ប៉ុន្តែតាមការពិត មិនមានសាសន៍គ្រីស្ទាននៅលើផែនដីទេ សព្វថ្ងៃនេះ»។ «អឺ បងអាចយល់ថា នេះទៅជាអញ្ចឹងមែន ប៉ុន្តែតើហេតុអ្វីបានជាពួកគេសម្ដែងនូវការដ៏មិនត្រឹមត្រូវអំពីទ្រង់ដូច្នេះ»? គាត់បានតប។ «អញ្ចឹង ហេតុអ្វីបានជាគ្រួសាររបស់បងសម្ដែងនូវការដ៏មិនត្រឹមត្រូវអំពីបិតារបស់បងដូច្នេះ» នាងសួរតបវិញភ្លាម «ជាពិសេស បងប្រុសរបស់បង បងវាន់ណាត»? «អ្ហូ បងយល់ហើយឥឡូវនេះ ជាពិសេសករណីរបស់បងវាន់ណាត គឺសម្រាប់តែប្រយោជន៍របស់គាត់ទេ។ អូនគុណធា អូនដឹងទេ រឿងនេះគួរឲ្យចាប់អារម្មណ៍ណាស់ តែហាក់ដូចជារឿងដ៏ស្មុគស្មាញមួយ ដែលបងមិនដឹងចាប់ផ្ដើមពីកន្លែងណាទេ» គាត់បាននិយាយទាំងដកដង្ហើមវែង។
គំនិតដ៏អស្ចារ្យមួយ
នាងគុណធាបានបែរមើលមុខគាត់យ៉ាងមធ្យ័ត ប៉ុន្តែដោយមានទឹកមុខរាក់ទាក់ រួចសួរថា៖ «សូមបងប្រាប់អូនឲ្យត្រង់មក បងដារា តើបងជឿថាមានព្រះជាអ្នកបង្កើតទេ»? «រឿងនោះ» គាត់បានតប «ពិបាកឆ្លើយបន្ដិច។ ម្យ៉ាងវិញទៀត អូនដឹងទេថា ប្រាកដជាមានព្រះជាអ្នកបង្កើតមែន ដើម្បីបង្កបង្កើតឲ្យមានរបស់របរអស្ចារ្យជាច្រើន នៅជុំវិញយើងនេះ»។ បន្ទាប់ពីបានផ្អាកមួយភ្លែត គាត់ក៏សម្លឹងមើលនាងគុណធាយ៉ាងផ្ចិតផ្ចង់ ពិនិត្យមើលទ្រង់ទ្រាយដ៏ស្មើល្អរបស់នាង ពន្លឺដែលចាំងពីភ្នែកនាង អ្ហូ—ញញឹមដ៏ស្រស់ម្ល៉េះនោះ។ ‹តើនោះអាចកើតមានមកយ៉ាងដូចម្ដេច› គាត់ឆ្ងល់ក្នុងចិត្ត ‹សោភ័ណភាពនៃរូបរាងនិងទម្រង់ដ៏ស្រស់ឆើតនោះ ប្រាកដជាមិនកើតមានមកដោយចៃដន្យឬក៏ពីឥទ្ធិពលផ្ដេសផ្ដាសណាឡើយ—មិនអាចកើតបានទេ»! គឺត្រូវតែមានសិប្បៈជំនាញចំពោះការនោះ។ សម្គាល់ឃើញស្បែកដ៏ថ្លា រលោងស្រស់របស់នាង គាត់បានដឹងថានេះជាជំនួយដ៏ល្អចំពោះសោភ័ណភាព តែមិនមែនជាជំនួយដ៏សំខាន់បំផុតទេ។ គាត់បាននឹកឃើញរូបកូនក្មេងដែលអត់ឃ្លានយ៉ាងស្គម។ ថ្វីបើគេនៅមានស្បែកយ៉ាងរលោងក៏ដោយ តែថ្ពាល់ដ៏ខូងហើយនិងភ្នែកធំៗក្រឡែតទាំងនោះ ធ្វើឲ្យពួកគេ មើលទៅគួរឲ្យអាណិតណាស់។ ពួកគេបានស្រកសាច់ ទៅជាស្គម។ តែផ្ទុយទៅវិញ មនុស្សជាច្រើនដែលរស់ហួសពីវ័យពេញកម្លាំងរបស់គេ បានទៅជាធាត់ពេក ម្ល៉ោះហើយបានជាគេបាត់សោភ័ណភាពនៃរូបរាងរបស់គេ។ ពួកគេធាត់មានសាច់នៅខុសកន្លែង លែងនៅក្រោមបង្គាប់ ដែលជាបង្គាប់ដ៏វិចិត្រទៀតហើយ។
«បងដារា» នាងគុណធាបានបន្លឺឡើង បំបាត់ភាពស្ងប់ស្ងៀមមួយរយៈធំ «អូនឃើញថា បងកំពុងតែសម្លឹងមើលអូន ប៉ុន្តែបងកំពុងតែគិតទៅឯណាហ្នឹង»? បញ្ចេញទឹកមុខញញឹមម្ដងទៀត គាត់បានពោលយ៉ាងយឺតៗថា៖ «អូនគុណធា តើស្ត្រីដ៏ស្រស់ស្អាតដូចអូន កើតមានមកដោយចៃដន្យយ៉ាងដូចម្ដេចបាន ដោយគ្មានព្រះជាអ្នកបង្កើត—ដែលជាសិប្បករដ៏ជំនាញបំផុតនោះ? ប៉ុន្តែទោះបីជាមានភស្តុតាងជាច្រើនអំពីព្រះជាអ្នកបង្កើតក៏ដោយ បងនៅតែមានចម្ងល់ទៀត។ ដូចជាបញ្ហាទាំងឡាយនិងអំពើអាក្រក់ ដែលមានពាសពេញទាំងនេះ។ តើមកពីហេតុអ្វី? ប្រាកដជាមានព្រះជាអ្នកបង្កើតមែន តែហេតុអ្វីបានជាទ្រង់មិនធ្វើអ្វីសោះ ចំពោះរឿងទាំងនេះ»? «រឿងនោះ» នាងបានឆ្លើយ «ជារឿងដែលធ្លាប់ធ្វើឲ្យអូនមានការងឿងឆ្ងល់ដែរ។ ប៉ុន្តែ ក្មេងស្រីទាំងនោះបានបង្ហាញអូនថា មានហេតុដ៏ល្អមួយដែលព្រះមិនបានបញ្ចេញសកម្មភាពពីមុនមក តែបន្ដិចទៀត ទ្រង់នឹងធ្វើអ្វីមួយជាមិនខាន»។
«អូននិយាយថាពួកគេ ‹បានបង្ហាញអូន›។ តើពួកគេ ‹បានបង្ហាញអូន› យ៉ាងដូចម្ដេច»? «អ្ហូ ពួកគេបានបង្ហាញអូន នៅក្នុងព្រះគម្ពីររបស់គេ»។ «អញ្ចឹង អូននិយាយមកនេះ ហាក់ដូចជាឃើញរឿងនេះនៅក្នុងព្រះគម្ពីរ ជារឿងពិតផ្ដាច់ព្រ័ត្រតែម្ដង។ ប៉ុន្តែ តើព្រះគម្ពីរដែលអូននិយាយនោះ ជាអ្វី»? គាត់បានពោលតបទាំងងឿងឆ្ងល់។ «គឺជាសៀវភៅធំមួយក្បាល» នាងបានពន្យល់ «ជាប្រវត្ដិសាស្ត្ររបស់មនុស្សលោកពីបុរាណកាល តាំងពីដើមដំបូងមក។ ក្មេងស្រីម្នាក់បានរាយរាប់ថាសៀវភៅនេះជា សំបុត្រមួយដុំធំពីព្រះ។ នាងប្រហែលជាបាននិយាយថា មានសំបុត្រជាង ៦០ ច្បាប់»។ «ជាសំបុត្រមកពីព្រះ» លោកដារាបាននិយាយសារឡើង ទាំងបញ្ចេញឲ្យឃើញនូវការរំភើបចិត្តខ្លះ។ «បងដារា អូននៅចាំពីសំដីរបស់បង នៅពេលដែលបងបានអានសំបុត្រទាំងនោះដែលមកពីបិតារបស់បង បងបាននិយាយថា សំបុត្រទាំងនោះផ្ដល់ឲ្យបងនូវទស្សនៈថ្មីចំពោះបិតារបស់បង ថាមានសភាពដ៏ស្និទ្ធស្នាល»។ «មែនហើយ គឺប្រាកដមែន ពីព្រោះសំបុត្រទាំងនោះបានសម្ដែងឲ្យឃើញថា បិតារបស់បងមិនបានបោះបង់ចោលគ្រួសារ ដូចជាបាននិយាយបញ្ឆៀងមកនោះទេ តែគាត់បានថែរក្សាយើង ហើយបញ្ហាទាំងនោះ គឺបណ្ដាលមកពីបងវាន់ណាត បងប្រុសច្បងរបស់បងទេ»។ «ហ្នឹងហើយ បងដារា បងដឹងទេ អូនមានអារម្មណ៍ដូចនោះដែរ នៅពេលដែលអូនអានព្រះគម្ពីរ ជា ‹សំបុត្រ› មកពីព្រះ ដែលជាបិតាដំបូងរបស់អូន។ សំបុត្រទាំងនោះ ក៏បានសម្ដែងឲ្យឃើញអ្នកណាដែលទទួលខុសត្រូវពិតប្រាកដ ចំពោះបញ្ហាទាំងឡាយនេះផងដែរ»។ «អូនហាក់ដូចជារំភើបចិត្តចំពោះ ‹សំបុត្រដែលអូនបាននិយាយនោះ› ណាស់» គាត់បានសម្គាល់ឃើញហើយក៏ញញឹម។ «ចាស ចុះបងមិនរំភើបចិត្ត ចំពោះសំបុត្រទាំងនោះដែលបងបានរកឃើញទេឬអី? ហើយសំបុត្រទាំងនោះ គឺគ្រាន់តែមកពីមនុស្សប៉ុណ្ណោះ!» គាត់ក៏បានអស់សំណើច ព្រោះនាងមានចំណុចមួយល្អណាស់ចំពោះរឿងនេះ។
«ហេតុអ្វីបានជាសំបុត្រទាំងនោះ សំខាន់ម្ល៉េះចំពោះបង»? នាងបានសួរ។ គាត់បានគិតមួយសន្ទុះមុននឹងឆ្លើយ។ «បងតែងតែមានអារម្មណ៍ថា បិតារបស់បងជាមនុស្សល្អម្នាក់ ប៉ុន្តែក្រោយពីបានអានសំបុត្រទាំងនោះហើយ បងដឹងយ៉ាងច្បាស់ថា គាត់ពិតជាមនុស្សល្អមែន ហើយបងបានយល់ពីរបៀបដែលគេបានសម្ដែងនូវការដ៏មិនត្រឹមត្រូវអំពីគាត់ ហើយរួចមក បងអាចចេញមុខទទួលស្គាល់គាត់ និងជួយការពារគាត់»។ «ត្រូវហើយ» នាងបានឆ្លើយ «ហើយសំបុត្រដែលមកពីបិតាដំបូងរបស់អូនក៏បានធ្វើយ៉ាងដូច្នោះដែរ—គឺជំរះព្រះនាមទ្រង់ឲ្យស្អាត។ ពួកក្មេងស្រីបានសន្យាថានឹងយកសំបុត្រទាំងនោះ—គឺព្រះគម្ពីរ—មកឲ្យអូននៅថ្ងៃអង្គារ»។ ការចាប់អារម្មណ៍របស់លោកដារាទៅលើសំបុត្រទាំងនោះ បានចាប់ជ្រួលក្នុងចិត្តឡើង តែគាត់មិនចង់សម្ដែងឲ្យឃើញអារម្មណ៍នោះពេកទេ។ តាមការពិត គាត់ត្រូវការពេលវេលា ដើម្បី គិតអំពីរឿងនេះ។ កូនស្រីតូចរបស់គាត់ បានជួយគាត់ ដោយមករំខានម្ដាយរបស់នាង ព្រោះនាងបានធ្វើកំពប់អ្វីមួយ។ រួចមកម្ដាយក៏បានសម្រេចចិត្តថា ដល់ពេលចូលដេកហើយ។
តាមការពិត—មានអ្វីមួយរំខានដល់មនសិការៈរបស់គាត់។ គាត់បានដឹងថា តាំងពីគាត់បានរកឃើញសំបុត្របិតារបស់គាត់មក គាត់បានចាប់មានអារម្មណ៍ចេះដឹងគុណ និងចេះទទួលខុសត្រូវនឹងបិតារបស់គាត់ ចំពោះអ្វីៗដែលបិតារបស់គាត់បានធ្វើសម្រាប់គ្រួសារនិងសម្រាប់រូបគាត់ផ្ទាល់។ តើគាត់មិនគួរមានអារម្មណ៍បែបនេះទេឬ ចំពោះព្រះជាអ្នកបង្កើតពីដើមនៃមនុស្ស—ប្រសិនបើពិតជាមានទ្រង់មែននោះ។ គាត់ចាប់មានអារម្មណ៍ ដូចជាមានអ្វីមួយជម្រុញគាត់ឲ្យដោះស្រាយសំនួរនោះក្នុងចិត្តរបស់គាត់ ប៉ុន្តែតើអាចដោះស្រាយយ៉ាងដូចម្ដេចបាន? គាត់បាននឹកឃើញពីទឹកដៃនៃកូនរទេះលេងនោះ ជាវិធីមួយដែលបានធ្វើឲ្យគាត់មានចិត្តចំណូលទៅលើបិតារបស់គាត់។ បន្ទាប់មក មានគំនិតមួយផុសឡើងក្នុងចិត្តគាត់។ ‹តើបិតាដំបូងនោះ បានទុក «កូនរទេះលេង» ឲ្យទេ? ប្រាកដជាបានទុកមែនហើយ› លោកដារាបានគិតពីរឿងនេះ កាលដែលគាត់កំពុងតែពិនិត្យមើលចលនាប៉ផ្លិលប៉ផ្លូចនៃជីងចក់នៅលើពិតាន។ គាត់បានពិចារណាថា ធម្មជាតិទាំងមូលគឺពិតជាដូចនឹងកូនរទេះលេង សម្រាប់ឲ្យមនុស្សលោកសិក្សា! ដូច្នេះ ហេតុអ្វីក៏មិនសិក្សាទៅ? គាត់ក៏សម្រេចចិត្តនឹងធ្វើដូច្នេះ កាលដែលគាត់បំបែរស្មារតីគាត់ទៅឯសត្វជីងចក់ ដែលកំពុងតែរវល់ស្វែងរកចាប់សត្វល្អិតជាអាហារ។ វាមានជើងដ៏តូចច្រឡឹងមែន—តែពិបាកធ្វើជាងកង់រទេះទៅទៀត។ ជើងទាំងនោះ មិនត្រឹមតែឈរនៅលើដីប៉ុណ្ណោះទេ តែត្រូវតោងជាប់នឹងពិតាន ដោយប្រើបន្ទះជក់ស្អិតតូចៗដែលនៅនឹងបាតជើងនោះ។ តើអ្នកណាបានរចនាបង្កើតជើងទាំងនោះ? គាត់ដឹងថា ខ្លួនគាត់មិនអាចធ្វើបានទេ។ គាត់បាននឹកឃើញពីការពិសោធន៍ដំបូងរបស់គាត់ ក្នុងការធ្វើរទេះទីមួយ ជាពិសេសកង់តែម្ដង។ ដំបូង—កង់ទាំងនោះហាក់ដូចជាស្រួលធ្វើណាស់ ប៉ុន្តែត្រូវខំធ្វើទាំងលំបាក ទំរាំធ្វើបានកង់មួយដំបូង។ មែនហើយ គាត់ត្រូវតែ គិត ដើម្បីធ្វើកង់នោះ។ ប្រសិនបើកង់ដ៏ងាយស្រួល ត្រូវការគំនិតជាច្រើនដូច្នេះ តើនឹងត្រូវការគំនិតរឹតតែច្រើនប៉ុន្មានទៅទៀត ដើម្បី នឹងធ្វើជើងរបស់សត្វជីងចក់ទាំងនោះ!
កាលដែលគាត់កំពុងក្រឡេកមើលចុះឡើងជុំវិញបន្ទប់ គាត់ក៏បានដាក់ភ្នែកទៅលើនាងគុណធា ដែលឥឡូវនេះមកអង្គុយនៅឯម៉ាស៊ីនដេរវិញ។ នាងបានចងចិញ្ចើមបន្ដិច ហើយកាន់ក្រដាសមួយសន្លឹក។ ដោយត្រូវការបង្ហាញការចាប់អារម្មណ៍ទៅលើការខំប្រឹងប្រែងរបស់នាង គាត់ក៏បានសួរថា៖ «តើអូនកំពុងធ្វើអ្វីហ្នឹង»? «ធ្វើ!» នាងបានឆ្លើយយ៉ាងកំបុត «អូនរកតែចាប់ផ្ដើមមិនបានផង។ អូនបានទិញក្រណាត់ខ្លះសម្រាប់ធ្វើសំពត់ ប៉ុន្តែអូនមិនចេះគិតគូរកាត់យ៉ាងណាឲ្យបានល្មមទេ»។ «យ៉ាងម៉េច គ្រាន់តែកាត់ដេរធ្វើសំពត់ប៉ុណ្ណោះ អូនចាំបាច់គិតគូរដែរ»? គាត់បានសួរចំអកលេង ហើយក៏បង្អាក់បន្ដិច ដើម្បីចាំស្ដាប់ការតបរបស់នាង។ «គិតគូរ គិតគូរ» នាងបានលាន់មាត់ «ប្រាកដហើយ គឺត្រូវតែគិតគូរពីរបៀបធ្វើសំពត់នោះ។ វាមិនកើតមកដោយខ្លួនឯងនោះទេ!» «មែនហើយ បងយល់ស្របទាំងស្រុង របស់ទាំងនេះមិនចេះតែកើតមកដោយខ្លួនឯងនោះទេ» គាត់បាននិយាយ ហើយគេទាំងពីរក៏អស់សំណើច កាលដែលគាត់បានប្រាប់អំពីការសន្និដ្ឋានរបស់គាត់អំពីជើងសត្វជីងចក់នោះ។
កាលដែលភរិយារបស់លោកដារាបានត្រឡប់ទៅឯ ‹ការគិតគូរ› ធ្វើសំពត់របស់នាងវិញ លោកដារាក៏ត្រឡប់ទៅគិតគូររឿងរបស់គាត់ដែរ។ សម្លឹងមើលសត្វជីងចក់ម្ដងទៀត គាត់បាននឹកចាំ ទើបតែមួយថ្ងៃពីរថ្ងៃមុននោះ គាត់បានមើលកូនជីងចក់ដែលទើបតែញាស់ ហើយវាបានទៅស្វែងរកចាប់សត្វរុយជាអាហារភ្លាម។ តើអ្នកណាបានដាក់បញ្ជាឲ្យវាធ្វើដូច្នោះ? នៅពេលថ្មីៗនេះ គាត់បានអានអំពីរូបយន្តមួយដែលគេបានដាក់បញ្ជាឲ្យវាធ្វើកិច្ចការផ្សេងៗ ដូចជាផ្សារតួឡានជាដើម។ មនុស្សបានប្រមូលគំនិតអស់រយៈពេលរាប់ពាន់ឆ្នាំ ទើបបានដល់ចំណុចនេះ ហើយគាត់ដូចជាមិនជឿសោះថា គេអាចដាក់បញ្ជារូបយន្តនោះឲ្យវាមានកលល្បិចឈ្នះសត្វរុយបានឡើយ។ ដូច្នេះហើយ កាលណាគាត់ជញ្ជឹងគិតច្រើនទៅទៀតអំពីរឿងនេះ គាត់រឹតតែជឿថា ប្រាកដជាមានព្រះជាអ្នកបង្កើតមែន ហើយទ្រង់ប្រកបដោយបញ្ញាគួរឲ្យស្ញើចមួយអង្គ។ ប៉ុន្តែ ដើម្បីឲ្យបានស្កប់ចិត្តថែមទៀតនឹងរឿងនេះ លោកដារាយល់ថា គាត់ត្រូវតែពិភាក្សាឲ្យបានហ្មត់ចត់ជាមួយអ្នកដែលបានបដិសេធមិនជឿព្រះជាអ្នកបង្កើតនោះ។ តាមពិតទៅ គាត់មិនបាននឹកចាំថាបានឮអ្នកណាម្នាក់ពិគ្រោះឲ្យបានហ្មត់ចត់អំពីរឿងនេះឡើយ។
ចម្លើយដែលមិនស្កប់ចិត្ត
ពីរបីថ្ងៃក្រោយមក កាលដែលគាត់កំពុងដើរកាត់តាមភូមិ នោះលោកដារាបានជួបមិត្តម្នាក់ដែលធ្លាប់រៀនជាមួយគ្នាពីមុន ដែលគាត់ខានឃើញគ្នាជាយូរមកហើយ ហើយអ្នកទាំងពីរក៏ចូលក្នុងហាងកាហ្វេមួយ ដើម្បី ជជែកគ្នាលេង។ គាត់ជាបុរសម្នាក់គួរឲ្យចូលចិត្តហើយជាមនុស្សឆ្លាតផង។ តាមការពិត គាត់បានទៅសិក្សានៅសកលវិទ្យាល័យ ហើយគេបានចាត់គាត់ជាអ្នកបញ្ញវន្តមួយរូបនៅពេលខាងមុខឆាប់ៗនេះ។ នៅពេលដែលគាត់បានសួរសេចក្ដីសុខទុក្ខភរិយារបស់លោកដារា រំពេចនោះលោកដារាក៏បាននឹកឃើញភ្លាម។ ហេតុអ្វីក៏មិនសាកមើលទស្សនៈរបស់គាត់អំពីព្រះជាអ្នកបង្កើតនោះ។ ដូច្នេះ លោកដារាបានប្រាប់គាត់អំពីរបៀបដែលភរិយារបស់គាត់បានចាប់អារម្មណ៍នឹងសាសនាមួយដែលជឿព្រះ។
ចម្លើយចំអករបស់គាត់បានធ្វើឲ្យលោកដារាភ្ញាក់ផ្អើល ពីព្រោះមិត្តរបស់គាត់ពីមុនមិនដែលជាអ្នកចំអកបែបនេះទេ។ ទោះជាយ៉ាងណាក៏ដោយ នេះបានបើកឲ្យមានសំនួរចំៗមួយថា៖ «តើមនុស្សនិងរបស់របរទាំងអស់ ដែលយើងឃើញក្នុងធម្មជាតិនេះ កើតមកពីណា»? ថ្វីបើលោកដារាបានខំប្រឹងស្ដាប់ដោយយកចិត្តទុកដាក់ គាត់នៅតែពិបាកនឹងយល់ពីការពន្យល់ទាំងនោះ។ មិត្តរបស់គាត់បាននិយាយអំពីដំណើរច្របូកច្របល់នៅកាលពីដើមដំបូងឡើយ ដោយមានវត្ថុធាតុបួនយ៉ាងគឺ ភ្លើង ទឹក ខ្យល់ និងដី (គាត់អាចចាំបានតែប៉ុណ្ណេះទេ) តែរបស់របរទាំងនោះក៏ចាប់ផ្ដើមវិវត្តន៍ឡើងដោយចៃដន្យ បន្ដិចម្ដងៗ។ ជាដំបូង គឺមានកោសិកាដ៏សរលដំបូងបង្អស់មួយ ដែលកើនបានច្រើនឡើងៗ។ ដល់ពេលវេលាកន្លងទៅ របស់របរផ្សេងទៀតក៏បានលូតលាស់ឡើង។ ប្រសិនជាវាល្អ វាកើតច្រើនតទៅទៀត តែបើមិនល្អទេនោះ វាងាប់ទៅវិញ។ របស់របរទាំងនោះកើតមកដោយចៃដន្យ ហើយរស់គង់នៅតាមតែកាលៈទេសៈ។ លោកដារាមិនសូវជាយល់ច្រើនទេអំពីកោសិកានោះ តែគាត់ចេះលៃលកណាស់—ដូច្នេះគាត់បានប្រៀបប្រដូចកោសិកានោះទៅនឹងអ្វីៗដែលគាត់យល់—គឺកង់រទេះ។
ពីព្រោះកោសិកាដ៏សរលបំផុត ត្រូវតែមានលទ្ធភាពបង្កបង្កើតខ្លួនវា ដើម្បីឲ្យប្រើការបាន ដូច្នេះវាប្រាកដជាស្មុគស្មាញដ៏អស្ចារ្យជាងកង់រទេះមួយទៅទៀត។ ដាប់ប្រហោងបួនជ្រុងនៅដុំកង់ឈើមួយ ហើយធ្វើកាំរទេះសូកឲ្យចូលជាប់មាំមួននោះ មើលទៅហាក់ដូចជាងាយស្រួលណាស់—មុនគាត់បានចាប់ផ្ដើមធ្វើ។ ប៉ុន្តែកាំនិមួយៗ គាត់បានធ្វើឡើងទាំងពិបាកណាស់ ដើម្បីឲ្យត្រូវហើយសូកចូលក្នុងប្រហោងឲ្យបានជាប់ណែនល្អ។ ទោះជាគាត់បានគិតគូរ ហើយខំកាត់ឈើយ៉ាងប្រយ័ត្នប្រយែងក៏ដោយ គាត់នៅតែធ្វើកាំរទេះខូចមួយគំនរយ៉ាងធំ ទម្រាំគាត់ធ្វើបានកង់រទេះមួយនោះ។ ការពឹងទៅលើការចៃដន្យតែប៉ុណ្ណោះនោះ គឺប្រៀបដូចនឹងបោះឈើខ្លះនិងពន្លាកទៅក្នុងម៉ាស៊ីនលាយស៊ីម៉ង់មួយ។ តើអស់រយៈពេលប៉ុន្មានទៅ មុននឹងធ្វើកាំរទេះមួយបាននោះ? ចៃដន្យអាចបង្កើតបានតែវត្ថុឥតប្រយោជន៍ទេ។ ការពឹងទៅលើចៃដន្យសម្រាប់គ្រប់ការទាំងអស់ មិនអាចធ្វើជំនួញបានឡើយ ទោះបីធ្វើកង់ឬកោសិកាក្ដី។ គ្រាន់តែគាត់មិនសូវយកចិត្តទុកដាក់ ក្នុងការធ្វើកង់មួយដំណាក់នោះ គាត់មានបញ្ហាទៅហើយ។ គាត់ក៏បានរៀនមេរៀននោះទាំងពិបាក។ ដូច្នេះ រឿងនេះច្បាស់ជារឹតតែពិបាកជាងនោះទៅទៀត ចំពោះការធ្វើកោសិកានិងសូម្បីរូបកាយទាំងមូលផង។ ‹តើមកពីហេតុអ្វី!› គាត់បានគិតមើល ‹តើនោះមិនមែនជាការដែលកើតដល់មនុស្សដែលមានជម្ងឺមហារីកទេឬអ្វី? ប្រហែលជាមានកោសិកាមួយ លូតលាស់យ៉ាងវីវក់ រួចក៏បង្កបង្កើតឲ្យមានកោសិកាច្រើនទៀត ដែលខុសពីលំនាំដើមដែលបានគ្រោងទុកមកនោះ ហើយវាពង្រាយវត្ថុលាមកក្នុងរូបកាយនោះ រួចនៅពេលដំណាលគ្នានោះ ក៏បង្អត់កោសិកាល្អៗពីចំណីជីវជាតិ។ ល្បែងចៃដន្យនេះ អាចជាប្រភពនៃសេចក្ដីស្លាប់—មិនមែនជីវិតទេ›!
ពេលណាដែលលោកដារាខំប្រកែកនឹងទ្រឹស្តីនៃមិត្តរបស់គាត់ នោះគាត់បានទទួលតែចម្លើយដែលថា ដំណាក់និមួយៗត្រូវប្រើពេលអស់រាប់លានឆ្នាំ ចម្លើយនេះហាក់ដូចជាមានគុណភាពខាងមន្តអាគមនៅក្នុងនោះអញ្ចឹង។ លោកដារាមានអារម្មណ៍គួរឲ្យចង់អស់សំណើចដែរ កាលដែលគាត់បានដើរត្រឡប់ទៅផ្ទះរបស់គាត់វិញ ហើយបាននឹកឃើញមិត្តរបស់គាត់ខំប្រឹងខ្នះខ្នែង ជួយគាត់ឲ្យនឹកក្នុងចិត្តថាចំនួនមួយលាន ពិតជាមានន័យយ៉ាងណានោះ។ គាត់បានឈ្នះពិតមែន ប៉ុន្តែមិនបានតាមរបៀបដែលគាត់បានប៉ងនោះទេ។ អ្វីដែលលោកដារាបាននឹកក្នុងចិត្តនោះ គឺមិនមែនកោសិកាដ៏មានប្រយោជន៍ ដែលកើតចេញមកក្រោយពេលរាប់លានឆ្នាំនោះទេ ប៉ុន្តែគឺជើងជីងចក់ដែលមានគុណវិបត្ដិ—ទំហំដ៏មហិមាស្មើនឹងភ្នំទៅវិញ។ ដូច្នេះ កាលណាគាត់បានគិតច្រើនអំពីរឿងនោះ គាត់រឹតតែមានអារម្មណ៍ជឿកាន់តែខ្លាំងឡើងថា ច្បាស់ជាមានព្រះជាអ្នកបង្កើតមែនហើយ។
សំនួរអាថ៌កំបាំងមួយត្រូវបានចោទឡើង
ប៉ុន្តែ សំនួរពីមិត្តរបស់គាត់នៅពេលលាគ្នា បានធ្វើឲ្យគាត់បារម្ភណាស់។ «ប្រសិនបើរបស់ទាំងអស់ ត្រូវគិតគូរទុកជាមុន—តើព្រះជាអ្នកបង្កើតរបស់ឯងបានកើតមកពីណា»? ឯលោកដារាជាមនុស្សដែលមានចិត្តស្មោះ មិនត្រឹមតែចំពោះរឿងខាងលុយកាក់ប៉ុណ្ណោះទេ តែចំពោះគំនិតនិងជំនឿដែរ។ គាត់មិនចង់បញ្ឆោតខ្លួនគាត់ឬក៏អ្នកដទៃឡើយ។ ការស្វែងរកសេចក្ដីពិតអំពីរឿងនេះ គឺសំខាន់ចំពោះគាត់ ជាងឈ្នះការជជែកគ្នា។ ដូច្នេះ ដើម្បីឲ្យបានស្កប់ចិត្តគាត់ គាត់ចង់បានចម្លើយចំពោះសំនួរនោះ។ គឺត្រូវតែ មានព្រះជាអ្នកបង្កើត ប៉ុន្តែតើទ្រង់កើតមកតាមរបៀបណា? គាត់នឹងមិនលះបង់ចោលកម្មវត្ថុនេះឡើយ លុះត្រាតែគាត់រកឃើញចម្លើយមួយដែលស្កប់ចិត្ត ចំពោះសំនួរនោះ។ ប្រហែលជានាងគុណធានឹងមានចម្លើយខ្លះចំពោះរឿងនេះ។
ត្រឡប់មកផ្ទះវិញឆាប់ជាងពីធម្មតា ហើយនៅតែមានបញ្ហាដែលធ្វើឲ្យខ្វល់ខ្វាយនេះ ស្ថិតក្នុងចិត្តរបស់គាត់នៅឡើយ គាត់បានដើរអែនអននៅក្នុងសួនច្បាររបស់គាត់។ តែលើកនេះ គាត់មានគោលបំណងជាក់លាក់មួយ។ គាត់ចង់ទស្សនាសួនច្បារ ដើម្បីឲ្យគាត់មានចិត្តអបអរចំពោះទឹកដៃ ដូចជាគាត់បានអបអរចំពោះផលិតផលរបស់បិតាគាត់ដែរ។ គាត់មានចិត្តអស្ចារ្យណាស់! ហេតុអ្វីក៏គាត់មិនបានឃើញអញ្ចឹងពីមុនមក? គាត់ដឹងថា គាត់ប៉ិនប្រសប់វិនិច្ឆ័យទឹកដៃដ៏ល្អចំពោះអ្វីៗដែលធ្វើពីឈើនិងដែក។ គាត់ពេញចិត្តនឹងជំនាញនេះណាស់ ហើយនេះជាមធ្យោបាយដែលទាញគាត់ឲ្យមានការចាប់អារម្មណ៍ទៅលើបិតារបស់គាត់ពីដំបូងនោះ។ ឥឡូវនេះ គាត់មានអារម្មណ៍ជម្រុញឲ្យបែរស្មារតីដ៏ចេះវែកញែករបស់គាត់ ទៅលើរបស់ធម្មជាតិវិញ ដើម្បីពង្រីកសេចក្ដីអបអរចំពោះរបស់ដែលមិនធ្វើដោយមនុស្ស។
អង្គុយនៅលើគល់ឈើមួយ លោកដារាបានក្រឡេកមើលជុំវិញខ្លួន។ ទោះជាគាត់សម្លឹងមើលទៅលើភ្នំដែលពោរពេញទៅដោយដើមឈើ ដែលមិនសូវជាឆ្ងាយពីក្រោយរោងជាងរបស់គាត់ ឬក៏សម្លឹងមើលផ្កាជាច្រើនយ៉ាងដែលភរិយារបស់គាត់បានដាំនោះក៏ដោយ ទាំងអស់មើលទៅធ្វើឲ្យសប្បាយរហើយចិត្តណាស់ ហើយគួរឲ្យពេញចិត្តផង។ គឺមានសភាពខុសប្លែកយ៉ាងច្រើនពីខ្ទមតូចៗដែលមនុស្សសង់ ដែលនៅជុំវិញពោរពេញទៅដោយសំរាម ដូចជាថង់កៅស៊ូដែលគេបោះចោល ដប និងរបស់ខូចបាក់បែកផ្សេងៗទៀតដែលគាត់បានឃើញនៅពេលដែលគាត់បានដើរកាត់តាមផ្លូវដែលនៅជិតតំបន់ក្រីក្រនោះ។ ‹មែនហើយ› គាត់បានគិត ‹ព្រះដែលជាអ្នកបង្កើត ទ្រង់មិនមែនជាអ្នកបង្កើតតំបន់ក្រីក្រនោះទេ›។ លោកដារាបានស្គាល់មនុស្សច្បាស់ណាស់ ហើយយល់ឃើញនូវរបៀបដែលតំបន់ក្រីក្របានកើតមានឡើងផង។ តាមការពិត តំបន់ក្រីក្រគឺកើតមកដោយសារតែការខ្វះខាតទីអាស្រ័យត្រឹមត្រូវនិងសមត្ថភាពជាច្រើន ដោយសារការនឿយហត់ និងការខ្ជិលច្រអូស។ តំបន់ក្រីក្រនេះក៏ជាលទ្ធផលនៃការមិនយកចិត្តទុកដាក់ចំពោះការផ្ដល់ឲ្យមានបរិយាការល្អ ហើយនិងការធ្វើអ្វីមួយ ដោយមិនចេះគិតនិងខ្វល់ដល់អ្នកដទៃដែរ។ ប៉ុន្តែជាការជាក់ស្តែងណាស់ ព្រះដែលជាអ្នកបង្កើតសព្វសារពើដែលគាត់កំពុងទស្សនាមើលឥឡូវនេះ ទ្រង់គ្មានភាពទន់ខ្សោយបែបនេះទេ។
បញ្ញានិងការយល់ដឹងដ៏ជ្រៅទូលំទូលាយ ដែលបានសម្ដែងឲ្យឃើញនៅក្នុងរបស់ទាំងឡាយដែលកម្រើក និងមានជីវិតនោះ បានចាប់ផ្ដើមធ្វើឲ្យលោកដារាមានចិត្តអស្ចារ្យណាស់។ របស់ទាំងអស់នេះ គឺខុសប្លែកម្ល៉េះហ្ន៎ ពីរបស់ដែលមនុស្សបានធ្វើមក ដូចជាកង់រទេះ ដែលគាត់សង្ឃឹមនឹងអាចចម្លងតាមនោះ! របស់ទាំងនេះគឺឋិតនៅក្នុងទំហំនៃសមត្ថភាពរបស់គាត់។ ដោយហេតុនោះហើយ បានជាគាត់ចាប់អារម្មណ៍យ៉ាងខ្លាំងចំពោះរបស់ទាំងនេះ។ គាត់បាននឹកចាំពីរបៀបដែលគាត់បានដោះកង់រទេះចាស់របស់បិតាគាត់ ចេញពីគ្នាដើម្បីរករបៀបដំឡើងកង់នោះវិញ។ ពេលឃើញឃ្មុំមួយកំពុងតែហើរចេញពីផ្កា ដែលនៅក្បែរគាត់នោះ គាត់បានយល់ឃើញថាជាអសារឥតការទេ ក្នុងការហែកបើកមើលឃ្មុំនិងផ្កានោះ ដើម្បី បង្កើតពួកវាឲ្យបានឡើងវិញ។ ពេលដែលគាត់កំពុងសម្លឹងមិនដាក់ភ្នែកយ៉ាងស្ងៀម ទៅឯឃ្មុំដែលកំពុងតែមានចលនា គាត់ក៏ចាប់ផ្ដើមយល់ឃើញតាមទិដ្ឋភាពថ្មីមួយ។ នេះជាឃ្មុំរោងចក្រទឹកឃ្មុំ ដែលមានលទ្ធផលល្អ ថែមទាំងស្អាតនិងល្អសោភ័ណផង។ គាត់បានគិតថា ‹ចុះហេតុអ្វីបានជារោងចក្រធ្វើស្ករជាច្រើនមិនដូចជាឃ្មុំនេះអញ្ចឹង›? គាត់ធ្លាប់អានពីរបៀបដែលរោងចក្រទាំងនេះ បានធ្វើឲ្យស្ទឹងទាំងឡាយនិងខ្យល់អាកាសកខ្វក់។ ហើយរោងចក្រទាំងនោះមិនមានសម្រស់ស្អាតទាល់តែសោះ។ ដោយព្រោះគាត់ជាសិប្បករម្នាក់ គាត់បានដឹងថា ត្រូវតែខំប្រឹងប្រែងថែមទៀត ដើម្បីនឹងធ្វើអ្វីមួយឲ្យបានលទ្ធផលល្អ និងឲ្យបានសោភ័ណល្អនោះ។ ព្រះដែលជាអ្នកបង្កើត ទ្រង់ប្រាកដជាមានព្រះហឫទ័យស្រឡាញ់មនុស្សណាស់ ដែលទ្រង់បានដាក់នៅជុំវិញគេនូវទឹកឃ្មុំដ៏មានរសជាតិយ៉ាងឆ្ងាញ់បែបនេះ ដែលបង្កើតឡើងដោយរោងចក្រដ៏ស្អាតបែបនេះ។
លោកដារា ឥឡូវនេះ បានចាប់ផ្ដើមគិតថាព្រះដែលជាអ្នកបង្កើត ទ្រង់ជាបុគ្គលប្រកបដោយសេចក្ដីមេត្ដាករុណា មិនមែនដូចជាកុំព្យូទ័រដែលគ្មានអារម្មណ៍នោះទេ។ កំពុងតែពិនិត្យមើលផ្កាដែលនៅស្ងៀម ហើយឃ្មុំដ៏សកម្មនោះ គាត់ក៏បានចាប់ផ្ដើមគិតអំពីសមត្ថភាពដ៏ច្រើនយ៉ាងដែលបង្ហាញឲ្យឃើញនៅក្នុងរបស់ដែលបានបង្កើតមក។ សូម្បី តែឃ្មុំនោះ ក៏មានសមត្ថភាពខ្លះដែរ ក្នុងការគិតគូរដើម្បី បំពេញមុខងាររបស់វា។ បន្ទាប់មក គាត់ក៏បានសម្គាល់ឃើញសត្វថ្លែនមួយ ដែលទំនៅនឹងថ្កល់ នៅលើចុងបង្គោលរបងដែលនៅក្បែរនោះ វាកំពុងតែសម្លឹងមើលដោយឥតដាក់ភ្នែកទៅទីចម្ងាយ។ គាត់បានសម្ងំពិនិត្យមើលថ្លែននោះមួយសន្ទុះធំ។ មួយរំពេចនោះ ថ្លែននោះក៏បានកម្រើកឡើង ហើយរត់ចុះយ៉ាងលឿនពីបង្គោល ឆ្ពោះទៅកាន់ចំណីដែលវាបានឃើញពីចម្ងាយនោះ។ មែនហើយ សូម្បី តែសត្វថ្លែនក៏ចេះគិតគូរដែរ ហើយប្រហែលជាចេះច្រើនជាងឃ្មុំទៅទៀត។ បន្ទាប់មក គាត់ក៏បានចាប់ផ្ដើមគិតអំពីសមត្ថភាពចេះគិតគូរផ្សេងៗជាច្រើន។ គឺច្បាស់ណាស់ នេះមិនមែនដូចគ្នាទេ ក្នុងគ្រប់ឋានៈនៃជីវិត ប៉ុន្តែឋានៈនិមួយៗហាក់បីដូចជាមានអ្វីដែល ត្រូវការ។ ជាប្រាកដ មនុស្សមានសមត្ថភាពចេះគិតខ្ពស់ជាងគេបង្អស់ ប៉ុន្តែពួកគេនៅតែពុំអាចដឹងរបស់ខ្លះដែរ។ សមត្ថភាពរបស់ពួកគេក៏មានព្រំដែនដែរ។ ចុះហេតុអ្វីក៏អញ្ចឹង? ម្ដេចក៏មនុស្សមិនទទួលស្គាល់ព្រំដែននេះ ហើយប្រើតែអ្វីដែលគេមាននោះ? ‹អ្ហា!› គាត់បានគិត ‹នេះហាក់ដូចជាមានការទាក់ទងនឹងបញ្ហារបស់ខ្ញុំ «តើព្រះបានកើតមកពីណា›? » គាត់មិនទាំងស្គាល់ព្រះជាអ្នកណាផង! តើទ្រង់ត្រូវបានបង្កើតមកពីអ្នកបង្កើតមួយទៀត ឬក៏ជាអ្នកបង្កើតដើមដំបូង ដែលជាព្រះវរបិតាដំបូងនោះ? ប្រហែលជាខួរក្បាលរបស់មនុស្សមិនបានត្រូវបង្កើតមក ឲ្យគិតពិចារណារឿងនេះដោយខ្លួនឯងទេ ឬក៏លោកដារាប្រហែលជាពុំមានសេចក្ដីពិតគ្រប់គ្រាន់ ដើម្បី ពិចារណាថែមទៀត។ ប៉ុន្តែ តើគាត់ចាំបាច់ឲ្យយល់នូវរបៀបដែលព្រះបានកើតមានមកទេ?
លោកដារាមិនដែលរកឃើញនូវសេចក្ដីពិតអំពីបិតារបស់គាត់ទេ ទាល់តែគាត់បានរកឃើញសំបុត្រទាំងនោះ! អញ្ចឹង តើនេះអាចមានន័យថា មនុស្ស ត្រូវការ សំបុត្រពីព្រះជាអ្នកបង្កើត ដើម្បី ឲ្យបានស្គាល់ទ្រង់ច្បាស់លាស់ឬ? របស់របរធម្មជាតិដែលទ្រង់បានបង្កើត ធ្វើជាសក្ខីភាពចំពោះវត្តមានរបស់ទ្រង់ ប៉ុន្តែ ធម្មជាតិមិនសម្ដែងឲ្យយើងដឹងអំពីព្រះហឫទ័យនិងគោលបំណងរបស់ព្រះសម្រាប់អនាគតនោះទេ។ មនុស្សមិនអាចដឹងនូវគំនិតរបស់មនុស្សផ្សេងទៀត ដែលគេអាចមើលឃើញនឹងភ្នែកបានឡើយ ដូច្នេះតើគេអាចដឹងនូវព្រះហឫទ័យរបស់ព្រះដែលគេមើលមិនឃើញផង បានយ៉ាងដូចម្ដេច? មែនហើយ មនុស្សត្រូវការ សំបុត្រពីព្រះ ដើម្បី នឹងអាចស្គាល់ទ្រង់ឲ្យបានច្បាស់លាស់។
ការចាប់អារម្មណ៍របស់លោកដារាទៅលើសំបុត្រពីព្រះ ដែលនាងគុណធាបាននិយាយនោះ បានចាប់ផ្ដើមលូតលាស់រឹតតែខ្លាំងឡើង។ ទទួលស្គាល់ព្រំដែនរបស់យើងនិងសិក្សាសំបុត្រទាំងនោះ ហាក់ដូចជាការសំខាន់ណាស់ចំពោះការរីកចំរើនដ៏ពិតក្នុងការទទួលតម្រិះវិជ្ជានិងអត្ថប្រយោជន៍ពីទ្រង់។ ឧទាហរណ៍ លោកដារាពុំបានដឹងថាហេតុអ្វីបានជាពន្លាករឹងជាងឈើទេ ប៉ុន្តែដោយសារការមើលថែទាំពន្លាក ហើយប្រើវាតាមអនុទ្ទេសនោះ គាត់អាចធ្វើកង់រទេះបានជាច្រើន។ ការធ្វើពន្លាក និងការធ្វើរូបព្រះ មិនមែនជាមុខរបររបស់គាត់ទេ។ ឬឧទាហរណ៍មួយទៀតគឺ៖ តើបុគ្គលម្នាក់ទទូចចង់ដឹងគ្រប់សំណុំរឿងអំពីសាវតារនិយោជករបស់គាត់ឬ មុននឹងគាត់ធ្វើការឲ្យដើម្បី ចិញ្ចឹមជីវិតនោះ? តាមការពិតទៅ នេះជាការឥតកោតក្រែងទាំងស្រុង បើទទូចចង់ដឹងពីរបៀបដែលព្រះកើតមានមក មុននឹងយកចិត្តស្ដាប់តាមទ្រង់ដើម្បីឲ្យបានទទួលជីវិតប្រសើរនោះ។ បន្ទាប់មក លោកដារាបាននឹកឃើញពីមិត្តរបស់គាត់ ដែលមិនបានទទូចចង់ដឹងថាតើ ‹វត្ថុធាតុច្របូកច្របល់ទាំងនោះ› បានកើតមកពីណាផង មុននឹងគាត់ជឿទៅលើទ្រឹស្តីវិវត្តន៍ដោយចៃដន្យភ្លីភ្លើនោះ។
លោកដារាបានដឹងថា ជាទូទៅមនុស្សសន្មត់ថាអ្វីៗទាំងអស់ដែលមនុស្សមិនបានបង្កើតឬធ្វើ គឺជា «ធម្មជាតិ» ។ គាត់បានគិតយ៉ាងដូច្នេះដែរពីមុន។ គាត់បានជញ្ជឹងគិតអំពីភាពខុសគ្នារវាង៖ «ធម្មជាតិ» «អ្នកបង្កើត» «ព្រះ»។ ចំពោះ «ធម្មជាតិ» ប្រយោជន៍ទាំងអស់បានមកទទេ ដោយគ្មានការតម្រូវឲ្យថ្លែងអំណរគុណ។ ក៏ប៉ុន្តែ ពាក្យថា «អ្នកបង្កើត» ធ្វើឲ្យមានអារម្មណ៍កតញ្ញូធម៌ សូម្បី តែមិនបានសម្ដែងចេញក៏ដោយ។ ចំពោះលោកដារា ពាក្យថា «ព្រះ» បញ្ជាក់ពីការសម្ដែងនូវកតញ្ញូធម៌ដ៏ពិត និងការចុះចូលក្រោមបង្គាប់ទ្រង់ផងដែរ ដោយព្រោះតែឋានៈរបស់ទ្រង់។ តើនេះជាការសមហេតុសមផលឬទេ? គាត់បានងឿងឆ្ងល់។ លោកដារា ជាចៅហ្វាយខ្លួនគាត់ ហើយគាត់ចូលចិត្តនេះណាស់ ប៉ុន្តែគាត់នៅតែនៅក្រោមអាជ្ញាធរ។ គាត់ពុំអាចកាប់ដើមឈើធ្វើរទេះដោយគ្មានលិខិតអនុញ្ញាតឡើយ។ គាត់និងមនុស្សទាំងអស់នៅក្នុងតំបន់នោះ ទោះបីពួកគេបាននិយាយជាច្រើនដងច្រើនលើកអំពីខ្លួនជាមនុស្សសេរីក៏ដោយ ពួកគេក៏នៅតែស្ថិតនៅក្រោមអំណាចនៃអភិបាលនិងអនុការី ដែរ។ គាត់បានមានអារម្មណ៍ថា ការនេះជាការចាំបាច់ក្នុងការរក្សារបៀបរៀបរយ និងមិនមែនជាបន្ទុកទេ ប្រសិនបើអភិបាលនោះជាមនុស្សល្អម្នាក់។ ដូច្នេះលោកដារាបានយល់ថា គាត់គ្មានសិទ្ធិខាងសីលធម៌នឹងបដិសេធមិនព្រមចុះចូលនៅក្រោមបង្គាប់ «ព្រះ» ទេ ប្រសិនបើទ្រង់ពិតជាព្រះដែលបង្កើតមនុស្សមែននោះ។ បន្ទាប់មក គាត់បានចាប់ផ្ដើមយល់នូវកំហុសខ្លួនខ្លះ បើនិយាយអំពីកតញ្ញូធម៌ ពីព្រោះគាត់មិនបានសម្ដែងអំណរគុណចំពោះសោភ័ណភាពនៃរបស់ទាំងអស់ដែលនៅជុំវិញខ្លួនគាត់សោះ។ តាមការពិត គាត់មិនដែលបានថ្លែងអំណរគុណដល់ភរិយារបស់គាត់ ដែលបានខ្នះខ្នែងដាំនិងថែរក្សាផ្កាទាំងឡាយដែលនៅពីមុខគាត់នេះសោះ។
មួយរំពេចនោះ គំនិតរបស់គាត់ត្រូវបានរំខាន ឬក៏គាំងមួយសន្ទុះ ដោយសារសម្លេងឧទ្ធម្ភាគចក្រយោធាមួយយ៉ាងហ៊ឹងត្រចៀក ដែលបានហោះកាត់ពីលើយ៉ាងទាបជារឿយៗ ក្នុងការធ្វើការឈ្លបមើលពួកទាហានព្រៃដែលធ្វើប្រតិបត្ដិការនៅភ្នំក្បែរនោះ។ ភ្នែកនិងក្បាលរបស់គាត់បានបែរទៅតាមវា ហាក់ដូចជាបានត្រូវបង្ខំឲ្យធ្វើដូច្នេះដោយសម្លេងយ៉ាងខ្លាំងនោះ រហូតដល់វាហោះចូលទៅខាងក្រោយដើមឈើធំៗនោះបាត់ទៅ។ ដោយមានចិត្តចំណូលខាងគ្រឿងយន្តនោះ ជាធម្មតាគាត់មុខជាបានចាប់អារម្មណ៍ទៅលើវាជាម៉ាស៊ីនមួយជាមិនខាន។ ប៉ុន្តែឥឡូវនេះ គាត់មានចិត្តក្ដៅក្រហាយយ៉ាងខ្លាំងនឹងសម្លេងដ៏រំខាននេះ។ គាត់បានគិត ‹ហេតុអ្វីក៏វាត្រូវតែមានសម្លេងខ្ទ័រយ៉ាងនេះ នៅពេលដែលអញកំពុងតែក្រេបយកចូលនូវសន្ដិភាពនិងសោភ័ណភាពនៃសួនច្បារនេះ? តើគេមិនអាចធ្វើឲ្យវាហោះស្ងាត់ជាងនេះទេឬអី?› បន្ទាប់មក ហាក់បីដូចជាដោយសារអព្ភូតហេតុ គាត់បានទទួលចម្លើយរបស់គាត់ភ្លាម—‹មែនហើយ!› ជាចម្លើយដ៏ស្ងាត់និងច្បាស់លាស់។ នៅចំពីមុខគាត់ មានគំរូដ៏តូចនៃឧទ្ធម្ភាគចក្រដ៏ស្អាតបំផុតមួយ។ វានៅជិតពិតមែន តែគាត់មិនអាចទាំងឮវាសោះ។ នោះគឺជា—សត្វកន្ទុំរុយ។ ពេលកំពុងពិនិត្យមើលចលនាបែបបទរបស់វា ហោះបោះពួយឆ្ពោះទៅទីនេះទីនោះ ក្នុងការស្វែងរកសត្វល្អិតៗ គាត់ក៏បានយល់ឃើញថា វាមានសភាពល្អខ្ពង់ខ្ពស់គ្រប់យ៉ាង។ មនុស្សប្រហែលជាមិនអាចធ្វើឧទ្ធម្ភាគចក្រដ៏ស្ងាត់ជាងនេះបានទេ ប៉ុន្តែគាត់មានអារម្មណ៍ជឿជាក់ថា ព្រះជាអ្នកបង្កើតទ្រង់អាចធ្វើបាន។ គាត់បានយល់ឃើញនូវអ្វីផ្សេងទៀតដែរ ដែលគាត់មិនដែលបានដឹងសោះពីមុន៖ ត្រូវបិទឈប់ស្ដាប់សម្លេងដ៏លាន់រំពងដែលផ្សាយឃោសនាអំពីស្នាដៃរបស់មនុស្ស ហើយបើកស្ដាប់ភស្តុតាងនៃស្នាព្រះហស្តរបស់ព្រះដែលជាអ្នកបង្កើត ដែលស្ងប់ស្ងាត់ហើយអស្ចារ្យជាងនោះទៅទៀតវិញ។ កាលដែលលោកដារាបានក្រោកឈរឡើង ហើយបានដើរឆ្ពោះទៅផ្ទះ គាត់ក៏បានតាំងចិត្តនឹងចំណាយពេលច្រើនថែមទៀត ដើម្បី ពិនិត្យមើលសួនច្បាររបស់គាត់—ជា «កូនរទេះលេងរបស់ព្រះ» ហើយចំណាយពេលបន្ដិចបន្តួច ក្នុងការអានសារពត៌មានឃោសនាការ ដែលលើកដំកើងមនុស្សនោះ។
កាលដែលគាត់បានដើរចូលក្នុងផ្ទះ ភរិយារបស់គាត់បានស្រែកសួរថា៖ «អូនបានឃើញបងកំពុងតែអង្គុយក្នុងសួនច្បារនោះ។ តើបងកំពុងតែធ្វើអ្វីក៏យូរម្ល៉េះនៅទីនោះ»? ក្រោយពីបានបង្អាក់មួយសន្ទុះ គាត់បានឆ្លើយថា៖ «បងកំពុងតែមើល ‹កូនរទេះលេង› »។ នាងមានទឹកមុខពេញដោយចម្ងល់។ បន្ទាប់មកនាងងើបមុខឡើង រួចនិយាយថា៖ «បងចង់មានន័យថា—‹កូនរទេះលេងរបស់ព្រះ› មែនទេ»? «យី ប្រពន្ធខ្ញុំអីក៏ឆ្លាតម្ល៉េះហ្ន៎»? គាត់បាននិយាយដោយញញឹម។ «បន្ដិចទៀតបងនឹងសួរអូនថែមទៀតអំពីសំបុត្រទាំងនោះ ហើយបញ្ហាមួយដែលចេះតែធ្វើឲ្យបងខ្វល់ចិត្ត»។
នៅពេលល្ងាចនោះ ក្រោយពីពួកគេបានបរិភោគអាហារនិងបញ្ចប់កិច្ចការរួចអស់ហើយ លោកដារាបានបែរទៅភរិយាគាត់ ហើយសួរថា «អូនគុណធា តើអូននឹងឆ្លើយយ៉ាងណា ប្រសិនបើមានអ្នកណាម្នាក់សួរអូនថា៖ ‹តើព្រះបានកើតមានមកយ៉ាងដូចម្ដេចនោះ›? » «ទ្រង់មិនកើតមានមកទេ» នាងបានឆ្លើយ «ទ្រង់តែងតែគង់នៅជានិច្ច។ ព្រះគម្ពីរបានចែងថាទ្រង់គង់នៅ ‹តាំងពីអស់កល្បរហូតដល់អស់កល្បជានិច្ច›។ ទ្រង់ជាមហិទ្ធិឫទ្ធិមួយអង្គ»។ «អ្ហឺម ឲ្យបងគិតអំពីរឿងនេះសិន» លោកដារាបានលាន់មាត់តិចៗ គិតផងនិយាយផង « ‹ជាមហិទ្ធិឫទ្ធិដំបូងដែលមានវត្តមានជានិច្ច›។ នេះហាក់ដូចជាពិបាកយល់ណាស់»។ «ប៉ុន្តែមានទ្វេបថណាទៀត»? នាងបានតបវិញ។ «សំនួរនោះល្អណាស់ អូនគុណធា។ ចម្លើយគឺថា គ្មានសោះ គ្មានទាល់តែសោះ។ ប្រសិនបើជាដូច្នេះមែន តើរបស់ទីមួយដែលមានមកនោះ កើតពីណាមក? វាមិនអាចកើតមានឡើងបានទេ បើគ្មានប្រភពឥទ្ធិឫទ្ធិណាបណ្ដាលមកនោះ។ ដូច្នេះ ត្រូវតែមានជានិច្ចនូវឥទ្ធិឫទ្ធិដែលបណ្ដាលឲ្យមានវត្តមាន—ហើយច្បាស់ជាមានឥទ្ធិឫទ្ធិដែលចេះគិត ជាបុគ្គលម្នាក់ ដែលធ្វើឲ្យមានរបស់ទាំងអស់នៅក្នុងធម្មជាតិ»។
«អញ្ចឹង ចម្លើយចំពោះសំនួររបស់បង ដែលថា ‹តើព្រះបានកើតមានមកយ៉ាងដូចម្ដេច›? គឺដូចអូនបានឆ្លើយមកថា៖ ‹ទ្រង់តែងតែមានជានិច្ច› ប៉ុន្តែ» បែរទៅនាងគុណធា លោកដារាបានសួរថា «តើរឿងនេះមិនធ្វើឲ្យអូនខ្វល់ចិត្តទេឬ បើអូនមិនយល់ យ៉ាងដូចម្ដេច នោះ»? «ហេតុអ្វីក៏ត្រូវឆ្ងល់អញ្ចឹងបង? មានអ្វីៗជាច្រើនដែលអូនមិនទាន់យល់នៅឡើយ។ អ្វីទៅដែលជាអគ្គីសនីនោះ? អូនមិនដឹងទេ ប៉ុន្តែបើអូនជាន់ឈ្នាន់ជើងនេះ អគ្គីសនីធ្វើឲ្យម៉ាស៊ីនដេរអូនដើរបាន។ បងមិនចាំបាច់ឲ្យយល់អ្វីៗទាំងអស់ដើម្បីអាចទទួលប្រយោជន៍បាននោះឡើយ។ នោះជាការឥតកោតក្រែងទាំងស្រុងហើយ ជាពិសេសក្នុងការទាក់ទងជាមួយព្រះជាអ្នកបង្កើតមនុស្សលោក» នាងបាននិយាយថែមទាំងសម្លឹងមើលលោកដារាដោយមានអត្ថន័យ។ «បងយល់ស្របតាមអូនគុណធាហើយ។ ប៉ុន្តែចំពោះរឿងនេះ បងត្រូវការពេលយូរបន្ដិចមុននឹងបងបានយល់ស្របតាមអូននោះ»។ «ពិតមែនហើយ» នាងបានឆ្លើយដោយចំអន់ដាក់ «ក្រែងបងទើបតែនិយាយថា បងមាន ‹ប្រពន្ធដ៏ឆ្លាត› ម្នាក់នោះណា៎»។ បន្ទាប់មក ដោយសម្ដីមធ្យ័តជាងមុន នាងបាននិយាយថា៖ «សូមបងដារាកុំភ្លេចថា អូនបានទទួលជំនួយខ្លះពីព្រះគម្ពីរណា៎»។ «ត្រូវហើយ ‹ប្រពន្ធឆ្លាត› » គាត់បានសើច «តើអូននឹងឆ្លើយសំនួរមួយនេះយ៉ាងណា? នៅថ្ងៃមួយនោះអូនបាននិយាយថា ព្រះគម្ពីរគឺដូចសំបុត្រមួយដុំធំមកពីព្រះជាអ្នកបង្កើត សម្រាប់ឲ្យមនុស្សលោក»។ «ចាស អូននៅចាំ»។ «បើអញ្ចឹង តើដូចម្ដេចទើបបងអាចដឹងថា សំបុត្រទាំងនោះគឺពិតជាមកពីព្រះមែននោះ»?
នាងគុណធាបានផ្អាកសិន មុននឹងឆ្លើយ៖ «តាមអូនស្មាន គឺពិតជាដោយសារអ្វីៗដែលចែងមកក្នុងសំបុត្រទាំងនោះ»។ «នោះដូចជាមិនគួរឲ្យជឿសោះ» គាត់បានប្រកែក។ «បើអញ្ចឹង តើឲ្យយើងអាចដឹងបាន យ៉ាងដូចម្ដេចទៀត? តើយ៉ាងដូចម្ដេច បានជាបងដឹងជាប្រាកដថា សំបុត្រទាំងនោះដែលបងបានអាន គឺពិតជាមកពីបិតារបស់បងមែននោះ»? ពេលដែលគាត់បានគិតអំពីរឿងនេះ គាត់ពុំមានភស្តុតាងពិតប្រាកដទេ។ គាត់មិនបានឃើញបិតារបស់គាត់សរសេរសំបុត្រនោះទេ។ គាត់ក៏មិនបានទទួលទាំងសំបុត្រនោះផ្ទាល់ពីបិតារបស់គាត់ដែរ។ សំបុត្រទាំងនោះមិនទាំងមានហត្ថលេខារបស់បិតាគាត់ទៀត។ ទោះបីជាមានហត្ថលេខាក៏ដោយ ក៏គាត់គ្មានមធ្យោបាយបញ្ជាក់ហត្ថលេខានោះបានឡើយ។ ទោះជាយ៉ាងណាក៏ដោយ ក៏គាត់គ្មានការសង្ស័យសោះថា សំបុត្រទាំងនោះមកពីបិតារបស់គាត់។ សំបុត្រទាំងនោះមានអក្សរសរសេរដោយដៃដូចគ្នា។ សេចក្ដីដែលចែងនៅក្នុងនោះ បានបង្ហាញប្រាប់ថា សំបុត្រទាំងនោះគឺពិតជាមកពីគាត់មែន។ សំបុត្រទាំងអស់បានសម្ដែងឲ្យឃើញ នូវការស្គាល់គ្រួសារយ៉ាងស្និទ្ធស្នាល និងការចេះគិតដល់គ្រួសារ ហើយទីបញ្ចប់នៃសំបុត្រទាំងអស់ បានបង្ហាញប្រាប់ថា ជាសំបុត្រពី «បិតាដ៏មានសេចក្ដីស្រឡាញ់របស់កូន»។ តើមានអ្នកណាទៀតដែលបានត្រូវទាញចិត្តឲ្យសរសេរ ហើយអាចសរសេរសំបុត្រដ៏អស្ចារ្យទាំងនេះ? ដូច្នេះ គាត់បានស្កប់ចិត្ត ដែលគាត់មានសក្ខីភាពគ្រប់គ្រាន់ ដើម្បី គាំទ្រដល់ជំនឿរបស់គាត់។ សូម្បី តែរបៀបដែលរកឃើញសំបុត្រនោះ ក៏ជួយគាំទ្រដល់ជំនឿនោះដែរ!
បែរទៅនាងគុណធា គាត់បាននិយាយថា៖ «បងមានសំនួរមួយ ប៉ុន្តែអូនត្រូវគិតឲ្យបានហ្មត់ចត់មុននឹងឆ្លើយណា៎។ តើអូនមានភស្តុតាងជាក់ស្តែងទេ ដែលបញ្ជាក់ថាព្រះគម្ពីរជាសំបុត្រដែលមកពីព្រះនោះ? ឬក៏អូនគ្រាន់តែមានសេចក្ដីសំអាងដែលគួរឲ្យជឿប៉ុណ្ណោះ»? នាងគុណធាបានផ្អាកមួយសន្ទុះធំ។ នាងមិនអាចរិះគិតដឹង ថាតើលោកដារាចង់និយាយយ៉ាងណាទេ។ នៅទីបំផុត នាងបានឆ្លើយថា៖ «អូនមិនដឹងអំពីភស្តុតាងជាក់ស្តែងទេ . . . តែអូនជឿយ៉ាងខ្លាំងពីរឿងនោះ»។ ឥឡូវនេះ ដល់វេនរបស់លោកដារាជញ្ជឹងគិតអំពីរឿងនេះ។ តើអាចមានប្រយោជន៍ឬទេចំពោះរឿងនេះ បើមានតែ—សេចក្ដីសំអាងដែលគួរឲ្យជឿ ជាជាងភស្តុតាងជាក់ស្តែងនោះ? គាត់បានបែរទៅនាងគុណធាម្ដងទៀត រួចសួរថា៖ «តើព្រះគម្ពីរបានសរសេរមក សម្រាប់អ្នកណា ហើយសម្រាប់គោលបំណងអ្វី»? នាងបានជញ្ជឹងគិតម្ដងទៀតអស់មួយសន្ទុះមុននឹងឆ្លើយថា៖ «អូននឹងនិយាយថា សម្រាប់អស់អ្នកណាដែលកំពុងស្វែងរកព្រះ ដើម្បីកាលណាគេអានសៀវភៅនោះ ពួកគេអាចត្រូវទាញទៅឯទ្រង់បាន។ អូននៅចាំកាលដែលពួកក្មេងស្រីៗនោះ បានបង្ហាញអូននៅកន្លែងមួយដែលព្រះយេស៊ូវបានមានបន្ទូលប្រាប់ដោយប្រើតែឧទាហរណនិទស្សន៍ ដើម្បីឲ្យអស់អ្នកណាដែលប្រឆាំងនឹងទ្រង់ ពុំអាចនឹងយល់បានឡើយ ប៉ុន្តែចំណែកឯពួកអ្នកស្មោះត្រង់វិញ គេនឹងសូមឲ្យយល់ច្រើនថែមទៀត ហើយគេនឹងបានទទួលសេចក្ដីយល់នោះ។ ហើយអូនក៏មានការពិសោធន៍នឹងព្រះគម្ពីរដូចនេះដែរ។ កន្លែងជាច្រើនពិបាកយល់មែន ប៉ុន្តែនៅពេលដែលអូនសួរ អូនតែងតែបានស្កប់ចិត្ត»។ «អូនគុណធា អូនដឹងទេ នេះធ្វើឲ្យមានសំនួរដ៏គួរឲ្យចាប់អារម្មណ៍មួយ។ ព្រះដែលជាអ្នកបង្កើតមនុស្សលោកនិងផែនដី ទ្រង់អាចធ្វើឲ្យសាររបស់ទ្រង់លាន់ឮយ៉ាងងាយស្រួលចេញពីស្ថានសួគ៌ ឬក៏ប្រកាសផ្សាយពីលើមេឃជាភាសាដែលច្បាស់ហើយងាយយល់ ដែលមនុស្សគ្រប់ៗគ្នាអាចយល់បាន ប៉ុន្តែអូននិយាយថា ទ្រង់ប្រើព្រះគម្ពីរ ដែលពិបាកយល់និងត្រូវការស្រាវជ្រាវខ្លះដើម្បីឲ្យយល់បាន។ តើហេតុអ្វី? អូនដឹងទេ?»
«អូនយល់ដឹងថា ព្រះគម្ពីរត្រូវបានសរសេរមក ដើម្បីទាញចិត្តមនុស្ស។ តាមការពិត អូននៅចាំពីពេលមួយដែលអូនបានអានអំពីរបៀបដែលគេប្រៀបធៀបព្រះគម្ពីរទៅនឹងដាវមុតមួយដែលអាចទាញចិត្តនិងពិចារណាគោលបំណងនៃចិត្តនោះ»។ «បើអញ្ចឹង» លោកដារាបាននិយាយកាត់ «សេចក្ដីសំអាងដែលគួរឲ្យជឿប្រាកដជាមានប្រសិទ្ធិភាពជាងភស្តុតាងដែលមិនអាចប្រកែកបាននោះ។ ដូច្នេះព្រះគម្ពីរអាចប្រដូចនឹងមេដែក ដែលទាញយកតែជនដែលទៀងត្រង់ ប៉ុន្តែអ្នកឯទៀតអាចដកខ្លួនចេញបានប្រសិនបើគេចង់ ហើយបើគេធ្វើដូចនេះមែន នោះបង្ហាញឲ្យឃើញពីចិត្តរបស់គេ»។ នាងគុណធាបានអស់សំណើច៖ «អូនយល់ស្របតាម បងដារា ប៉ុន្តែអ្វីដែលធ្វើឲ្យអូនកោតស្ញែងនោះ គឺរបៀបដែលបងគិតគូររឿងទាំងអស់នេះទុកជាមុន ទោះបីបងមិនទាន់ទាំងបានឃើញព្រះគម្ពីរនៅឡើយផង»។ «មែនហើយ អូនគុណធា បងបានរៀនមកថា កាលណាយើងគិតជាមុនឲ្យបានច្រើន នោះលទ្ធផលក៏បានប្រសើរដែរ។ កុំភ្លេចថា នេះហើយជារបៀបដែលបងបានរៀនធ្វើរទេះនោះ។ យ៉ាងណាក៏ដោយ បងមិនទាន់មានព្រះគម្ពីរនៅឡើយទេ។ ហើយឥឡូវនេះ បងប្រាកដជាបានដឹងច្រើនគ្រប់គ្រាន់ថាព្រះគម្ពីរជាយ៉ាងណា ពេលដែលបងបានទទួលមួយក្បាលនោះ»។
«រឿងទាំងអស់នេះ ធ្វើឲ្យមានសំនួរមួយថា ហេតុអ្វីបានជាយូរម្ល៉េះ មុននឹងមនុស្សបានទទួលព្រះគម្ពីរនោះ»។ «មែនហើយ ជាបឋម» នាងបានពន្យល់ «កាលដែលពេលវេលាបានកន្លងទៅ អ្នកពីដើមដែលមានសិទ្ធិមើលថែរក្សាព្រះគម្ពីរបានបែរទៅជាអាក្រក់ ហើយក៏បានឈប់ចែកចាយព្រះគម្ពីរ រហូតទាំងបានធ្វើទុក្ខទោសដល់អស់អ្នកទាំងឡាយណាដែលព្យាយាមចែកចាយព្រះគម្ពីរទៀតផង»។ «ហេតុអ្វីបានជាគេចង់ប្រព្រឹត្តដូច្នេះ»? គាត់បានសួរ។ «អញ្ចឹង» នាងបានតបឲ្យវិញភ្លាម «ហេតុអ្វីបានជាបងប្រុស វាន់ណាត លាក់សំបុត្រទាំងនោះដែលមកពីបិតារបស់បង ទុកក្នុងថតតុជាជាងឲ្យក្រុមគ្រួសារទាំងមូលអាននោះ»? «បងយល់ចំណុចរបស់អូនហើយ។ គាត់មានអ្វីមួយចង់លាក់បាំង ហើយសំបុត្រទាំងនោះនឹងបង្ហាញឲ្យឃើញនូវរឿងរបស់គាត់។ គាត់បានលួចកេរ្ដិ៍ឈ្មោះល្អពីបិតារបស់គាត់ហើយស្ថាបនាកេរ្ដិ៍ឈ្មោះល្អមួយសម្រាប់ខ្លួនគាត់វិញ»។ «ត្រូវណាស់ នេះហើយជាអ្វីៗដែលពួកដែលហៅខ្លួនគេជាគ្រីស្ទាន កំពុងតែបានប្រព្រឹត្តចំពោះព្រះនាមនៃព្រះយេហូវ៉ា។ សំបុត្រទាំងនោះដែលមកពីព្រះបង្ហាញឲ្យឃើញទាំងសេចក្ដីបង្រៀនមិនពិតអំពីទ្រង់និងមារយាទមិនគប្បី នៃពួកអ្នកនោះដែលអះអាងថាខ្លួនជាគ្រីស្ទាន ប៉ុន្តែនៅតែប្រយុទ្ធនិងសម្លាប់គ្នាទៅវិញទៅមក»។ «ពិតមែនហើយ» លោកដារាបានពោល «ហើយបងអាចយល់ឃើញថា បងត្រូវតែអានសំបុត្រទាំងនោះជាចាំបាច់»។
ការរកឃើញ
បន្ទាប់មក លោកដារាបាននឹកឃើញនូវគំនិតមួយ។ គាត់បានក្រោកឡើងហើយដើរឆ្ពោះទៅតុរបស់គាត់ ហើយក៏ចាប់ផ្ដើមរើកកាយក្រដាសនៅក្នុងថតតុនោះ។ នៅទីបំផុត គាត់បានរកឃើញអ្វីមួយដែលគាត់បានរកពីមុន៖ កូនសៀវភៅមួយ មានចំណងជើងថា «លោកុប្បត្តិ» ។ គ្រវីកូនសៀវភៅនោះនៅពីមុខនាងគុណធា គាត់បានសួរថា៖ «តើសៀវភៅនេះ មានអ្វីទាក់ទងជាមួយព្រះគម្ពីរទេ»? «ចាស មានមែន!» នាងឆ្លើយឡើង។ «តើបងបានយកវាពីណាមក? តាមការពិត នេះជាសំបុត្រទីមួយ»។ «វានៅក្នុងតុរបស់បងជាយូរមកហើយ។ បងមិនចាំ បងបានវាពីណាមកទេ» គាត់បានឆ្លើយ នៅពេលដែលគាត់បានអង្គុយចុះ ហើយចាប់ផ្ដើមអាន។
ក្រោយពីភាពស្ងប់ស្ងាត់មួយរយៈធំ ភរិយារបស់គាត់ក៏បានភ្ញាក់យ៉ាងខ្លាំងដោយសម្រែកពីលោកដារា៖ «អូនគុណធា សៀវភៅនេះអស្ចារ្យណាស់! ជាសៀវភៅដែលបងចង់បានតែម្ដង។ វាប្រាប់អំពីការបង្កើត»។ នាងគុណធានៅស្ងៀម។ នាងមានចិត្តចង់ប្រាប់គាត់អំពីអ្វីទាំងអស់ដែលនាងបានដឹង ដើម្បីជំរុញឲ្យគាត់សិក្សាព្រះគម្ពីរជាមួយនាងដែរ។ ប៉ុន្តែនាងបានដឹងថា រឿងនេះគាត់នឹងចង់សម្រេចចិត្តដោយខ្លួនគាត់វិញ។ សៀវភៅនោះក៏ទាញចិត្តនាងណាស់ ពីព្រោះនាងចង់អានសំបុត្រនោះខ្លាំងណាស់ដែរ។ ចំពោះខ្លួននាងវិញ នាងបានអានតែវគ្គខ្លះៗពីព្រះគម្ពីរដែលក្មេងស្រីនោះបានយកមកឲ្យនាង។ ទោះជាយ៉ាងណាក៏ដោយ នាងបានកាត់ដេរតទៅទៀត ដោយដឹងថាលោកដារានឹងនិយាយទៅកាន់នាងនៅពេលដែលគាត់បានអានរួច។ គាត់បាននិយាយទៅរកនាងមែន។
«អូនគុណធា តើអូនអាចឆ្លើយសំនួរខ្លះបានទេ»? «ចាសបាន សូមបងសួរមកចុះ ប៉ុន្តែបងត្រូវចាំថា អូនក៏ទើបនឹងរៀនដែរ»។ «បងទើបតែបានអានអំពីបុរសនិងស្ត្រីដំបូងនៅលើផែនដី។ ពួកគេបានត្រូវប្រាប់ថា គេអាចបរិភោគផ្លែឈើពីដើមឈើមួយណាក៏បាន នៅក្នុងសួនច្បារអេដែននោះ—លើកលែងតែមួយដើមគត់។ ប្រសិនបើគេបរិភោគ ពួកគេនឹងត្រូវស្លាប់។ ហេតុអ្វីបានជាដូច្នេះ? តើវាពុលឬ»? នាងគុណធាបានដើរមកជិត ដើម្បីនាងអាចមើលអ្វីដែលគាត់កំពុងអាន។ «ទេ មិនដូច្នោះទេបង» នាងបានឆ្លើយ «ព្រះបានប្រើដើមឈើនោះជានិមិត្តរូបនៃអ្វីមួយ។ បងសម្គាល់ឃើញទេ នេះត្រូវហៅជា ‹ដើមដឹងខុសត្រូវ›។ នេះត្រូវបានតំណាងរឿងខាងសីលធម៌ គឺថា តើបុរសនោះនឹងសម្រេចចិត្តទទួលស្គាល់អំណាចនិងសិទ្ធិរបស់ព្រះ ជាអ្នកបង្កើតនិងជាម្ចាស់ដែលអាចប្រទានឲ្យឬដកយកវិញ—ឬក៏គាត់សម្រេចចិត្តធ្វើអ្វី ហើយយកអ្វីតាមតែចិត្តគាត់ចង់? សកលលោកទាំងមូលជាកន្លែងដែលមានរបៀបរៀបរយនៅក្រោមការដឹកនាំពីព្រះ។ មនុស្សលោកក៏ត្រូវបានប្រគល់អំណាចលើអ្វីៗដែលនៅផែនដី ដើម្បី ឲ្យផែនដីទាំងមូលអាចទៅជាកន្លែងដែលមានរបៀបរៀបរយដែរ នៅក្រោមការដឹកនាំទាំងស្រុងពីព្រះ—គឺដូចជាសួនច្បារនោះអញ្ចឹង។ ភារៈដ៏សំខាន់នេះ គឺស្ថិតលើបុរសនិងស្ត្រីទីមួយនោះ។ អ្វីៗដែលគេបានប្រព្រឹត្តនិងបានបង្រៀននឹងត្រូវបន្តទៅកូនចៅរបស់គេ រហូតទៅដល់មនុស្សលោកទាំងអស់។ ដូច្នេះ គូដំបូងនោះត្រូវបានសាកល្បងមើល ពីសមត្ថភាពខាងសីលធម៌សម្រាប់កិច្ចការនោះ ពីសេចក្ដីស្មោះត្រង់របស់ពួកគេចំពោះម្ចាស់ និងអ្នកគ្រប់គ្រងដ៏មហាឧត្តមរបស់ពួកគេ»។
ក្រោយពីបានផ្អាកមួយរយៈធំ លោកដារាបានពោលថា៖ «បងយល់ព្រមថា យើងមិនអាចសង់ផ្ទះល្អនៅលើគ្រឹះមិនមាំនោះទេ ហើយព្រះទ្រង់មិនត្រឹមតែសង់ផ្ទះប៉ុណ្ណោះ—គឺទ្រង់សង់ពិភពលោកដែលមានមនុស្សរាប់កោដិ ហើយសេចក្ដីស្មោះត្រង់ចំពោះម្ចាស់នោះ គឺជាការសំខាន់ណាស់ដល់ជីវិត។ នេះហើយជាអ្វីដែលខុសស្រឡះក្នុងលោកីយនេះ! គឺគ្មានសេចក្ដីស្មោះត្រង់ទូទៅចំពោះអ្នកណាដែលមានសិទ្ធិទទួលឡើយ។ សូម្បី តែបងក៏អាចយល់ដែរពីរឿងនេះ ហើយបងទើបតែនឹងចាប់ផ្ដើមជឿព្រះប៉ុណ្ណោះ»! «ប៉ុន្តែសូមមើលកន្លែងនេះ បងដារា» នាងគុណធាបាននិយាយកាត់។ «តើបងបានសម្គាល់ឃើញអ្វីៗដែលចែងមកនៅទីនេះទេ? សត្វពស់—ដែលជាអារក្សបាននិយាយទៅកាន់ស្ត្រីថា៖ ‹អ្នកមិន ស្លាប់ជាពិតមែនទេ ដ្បិតព្រះទ្រង់ជ្រាបថា នៅថ្ងៃណាដែលអ្នកបរិភោគ នោះភ្នែកអ្នកនឹងបានភ្លឺឡើង ហើយអ្នកនឹងបានដូចជាព្រះដែរ ព្រមទាំងដឹងការខុសត្រូវផង› »។ ទឹកមុខរបស់លោកដារាពេញទៅដោយចម្ងល់។ «បងមិនសូវជាយល់ចំណុចនេះសោះ»។ «បើអញ្ចឹង» នាងគុណធាបានពោលឡើង «បើនិយាយឲ្យចំទៅ អារក្សវាបាននិយាយទៅកាន់ស្ត្រីនោះថា ព្រះមានបន្ទូលកុហកនឹងនាងដើម្បីរក្សានាងឲ្យនៅក្រោមបង្គាប់ទ្រង់ ហើយថានាងមិនចាំបាច់ពឹងផ្អែកទៅលើព្រះទេ នាងអាចធ្វើច្បាប់ដោយខ្លួនឯងបាន»។
«ឈប់សិន អូនគុណធា។ អូនចេះតែនិយាយអំពីអារក្សយ៉ាងហូរហែតែឥតជម្រៅសោះ—តើវាជាអ្នកណា»? «អ្ហូ អូនសូមអភ័យទោស» នាងបាន «អូនគួរតែពន្យល់ប្រាប់។ មុននឹងបង្កើតវត្ថុធាតុទាំងអស់ ព្រះបានបង្កើតសត្តវិញ្ញាណជាច្រើន ហៅថា ទេវតា ដែលមានប្រាជ្ញានិងឥទ្ធិពលខ្ពង់ខ្ពស់ជាងមនុស្ស។ ពួកគេក៏មានចិត្តសេរីដូចមនុស្សដែរ។ ពួកគេមានសមត្ថភាពចេះនឹកក្នុងមនោគតិដូចមនុស្សដែរ។ សត្តវិញ្ញាណមួយក្នុងចំណោមទាំងនេះបានបណ្ដាលឲ្យចិត្តរបស់វារសាត់អណ្ដែតតាមមនោគតិហួសពីព្រំដែន ដែលបានតាំងឡើងដើម្បីសេចក្ដីស្មោះត្រង់ចំពោះព្រះ។ វាបានគិតថា មុខជាល្អប្រសើរណាស់បើវាមានមនុស្សជាច្រើននៅក្រោមអំណាចនិងអានុភាពរបស់វា។ ដូច្នេះ វាក៏បានល្បួងស្ត្រីដំបូងនោះ ឲ្យធ្វើតាមការដឹកនាំរបស់វាដោយការស្នើជួយរំដោះនាងពីព្រះ»។ «អ្ហូ បងយល់ហើយឥឡូវនេះ។ ហើយសូមមើលអ្វីៗដែលចែងតទៅទៀតនេះ៖ ‹កាលស្ត្រីបានឃើញថា ផ្លែឈើនោះបរិភោគបាន ក៏ជាទីគាប់ដល់ភ្នែក . . . នោះនាងក៏យកផ្លែមកបរិភោគ›។ គួរឲ្យចាប់អារម្មណ៍ណាស់—នាងបានដាក់គំនិតរបស់នាងផ្ទាល់ ខ្ពស់ជាងអ្វីៗដែលព្រះទ្រង់បានមានបន្ទូលមកទៅទៀត។ នាងបានគិតថា នាងអាចទៅជាអ្នកបំភ្លឺខ្លួនឯងបាន តែតាមការពិត នាងបានមកនៅក្រោមការបំភ្លឺក្លែងក្លាយរបស់សាតាំងទៅវិញ។ បន្ទាប់មក អូននឹងដឹងអ្វីដែលបានកើតឡើងទៀត៖ ‹បុរសនោះក៏បរិភោគដែរ ហើយពួកគេទាំងពីរក៏ត្រូវបានបណ្ដេញចេញពីសួនច្បារនោះ ដើម្បីកុំឲ្យពួកគេអាចទៅជិតដើមជីវិតនិងទទួលយកជីវិតដ៏អស់កល្បជានិច្ចនោះបាន›។ ចំពោះបង រឿងនេះគឺមានអត្ថន័យអ្វីមួយ។ វាជាការព្រមានជំទាស់នឹងការបំភ្លឺខ្លួនឯង ជំទាស់នឹងការផ្សព្វផ្សាយទស្សនៈដែលមានទិសដៅផ្ទុយនឹងព្រះ។ ឬក៏ប្រហែលជាបងគួរតែពន្យល់តាមរបៀបមួយទៀតគឺ—ការបង្កើតសាសនាតាមតែគំនិតរបស់មនុស្ស តាមតែទស្សនវិជ្ជា នោះនឹងមិននាំឲ្យមានជីវិតដ៏អស់កល្បជានិច្ចឡើយ»។
លោកដារាបាននៅស្ងៀមមួយរយៈធំ ប៉ុន្តែគាត់កំពុងគិតអំពីអ្វីៗដែលគាត់ទើបតែបានអាន។ រឿងនោះបានផ្ដល់ឲ្យគាត់នូវទស្សនៈថ្មីអំពីបុព្វហេតុនៃសេចក្ដីវេទនានិងការរងទុក្ខ ហើយសំខាន់ជាងគេនោះ គឺផ្លូវដោះស្រាយ។ សតិរបស់គាត់វិលត្រឡប់ទៅពេលដែលគាត់បានអានសំបុត្រទាំងនោះ អំពីបិតារបស់គាត់។ ជាមុនដំបូង គាត់មានចិត្តរីករាយយ៉ាងខ្លាំង ប៉ុន្តែក្រោយមក គាត់ទៅជាស្រងាកចិត្តជាងពីមុនទៅទៀត។ គាត់មានអារម្មណ៍ថាគាត់ទើបតែបានឃើញអ្វីមួយភ្លែត ឬក៏ភ្លក់អ្វីដែលទើបតែធ្វើឲ្យគាត់ឃ្លានតែប៉ុណ្ណោះ ទុកឲ្យគាត់ក្រេបចង់បានយ៉ាងខ្លាំងនូវអ្វីដែលគាត់មិនអាចពន្យល់បាន នូវចម្លើយសម្រាប់សំនួរដែលគាត់មិនអាចធ្វើឡើងបាន។ គាត់នៅនឹកចាំពីពេលដែលគាត់មិនទាន់រៀបការ នៅពេលដែលគាត់មិនសប្បាយចិត្តទាល់តែសោះ។ គាត់មិនដែលបានគិតបម្រុងនឹងសម្លាប់ខ្លួនគាត់ ដូចមនុស្សជាច្រើនទេ ប៉ុន្តែគាត់មានអារម្មណ៍ថា ជីវិតពិតជាវេទនាមែន ដោយគ្មានផ្លូវដោះស្រាយសោះ។ គាត់មិនអាចចាំ ថាតើគាត់បានអាន ឬក៏មានគេប្រាប់គាត់ថា—ជីវិតនេះរួមទាំងសេចក្ដីវេទនាជាច្រើន ជាសំណងចំពោះអំពើបាបនិមួយៗដែលបានប្រព្រឹត្តមកពីជាតិមុន។ ប៉ុន្តែគាត់បានឆ្ងល់ពីរឿងនោះ វាហាក់បីដូចជាផ្ទុយពីយុត្ដិធម៌ណាស់។ គាត់មិនអាចទាំងចាំពីអ្វីដែលគាត់បានប្រព្រឹត្តខុសពីជាតិមុនផង—ហើយឥឡូវនេះ គាត់ត្រូវទទួលទណ្ឌកម្មចំពោះកំហុសនោះ! នេះប្រៀបដូចជា គេចាប់គាត់ដាក់គុកហើយមិនប្រាប់ថាច្បាប់ណាដែលគាត់បានប្រព្រឹត្តល្មើស។ តើយុត្ដិធម៌អាចបង្ខំឲ្យធ្វើទណ្ឌកម្មយ៉ាងណាបាន បើទណ្ឌកម្មនោះជាអយុត្ដិធម៌? តើឲ្យគាត់អាចចៀសវាងពីការប្រព្រឹត្តអំពើបាបទាំងនោះម្ដងទៀតបានយ៉ាងដូចម្ដេច បើគាត់មិនដឹងអ្វីជាអំពើបាបផង? រឿងទាំងអស់នេះហាក់បីដូចជាធ្វើឲ្យគាត់ដឹងនូវអសារភាពនិងភាពអស់សង្ឃឹម ដែលមិនអាចពឹងឲ្យអ្នកណាមួយជួយបានឡើយ។ ឥឡូវនេះ គាត់បានយល់ឃើញនូវអ្វីដែលគាត់ចង់បានយ៉ាងខ្លាំងនោះ។ គឺប្រភពនៃជំនួយនិងសេចក្ដីបំភ្លឺ។ ការអានសំបុត្រដ៏ល្អប្រសើរនិងដ៏លើកទឹកចិត្តពីបិតារបស់គាត់នោះ បានធ្វើឲ្យគាត់ដឹងរឹតតែច្បាស់ឡើងៗអំពីសេចក្ដីត្រូវការនូវជំនួយពីខាងក្រៅ។ សំបុត្រពីព្រះនោះដែលគាត់ទើបតែបានអាន បានចាប់ផ្ដើមបំពេញនូវសេចក្ដីចង់បានជាខ្លាំងនោះ។ គាត់មានអារម្មណ៍ដឹងនូវសុភមង្គលមួយកម្រិតដែលគាត់មិនដែលមានពីមុនមក។ នេះអាចទៅជាលក្ខណៈអចិន្ត្រៃយ៍នៃជីវិត ដែលគ្មានជម្ងឺឬសេចក្ដីស្លាប់ធ្វើឲ្យខូចបានឡើយ—ប្រសិនបើសំបុត្រទាំងនោះពិតជាមកពីព្រះជាអ្នកបង្កើតមែន។
ក្រោយពីបាននៅស្ងាត់ស្ងៀមមួយរយៈធំ លោកដារាបាននិយាយថា «បងទើបតែបានជញ្ជឹងគិតអំពីអ្វីដែលអូនបាននិយាយពីមុនៗមក ដែលក្មេងស្រីទាំងនោះបានប្រាប់អូនថា៖ មនុស្សត្រូវបានបង្កើតមក ដើម្បីឲ្យរស់នៅលើផែនដី។ អញ្ចឹងមែន អ្វីៗដែលយើងទើបបានអាន សម្ដែងឲ្យឃើញថាដូច្នោះមែន។ កាលដែលគ្រួសារមនុស្សបានលូតលាស់ជាច្រើនឡើង សួនច្បារពីដើមនោះនឹងត្រូវធ្វើឲ្យធំឡើងបន្ដិចម្ដងៗរហូតដល់ផែនដីទាំងមូលបានទៅជាសួនច្បារមួយ។ ការពិតដែលថាបុរសនិងស្ត្រីទីមួយបានត្រូវបណ្ដេញចេញពីចំណែកនៃសួនច្បារនោះ ហាក់ដូចជាបង្ហាញឲ្យឃើញថា ពួកគេបានបាត់បង់នូវឯកសិទ្ធិនៃការស្នាក់នៅ សូម្បី តែនៅជាបណ្ដោះអាសន្នក្នុងចំណែកដ៏ល្អឥតខ្ចោះនៃផែនដី ឬក៏ចំណែកដ៏សុខសាន្តនៃផែនដីនេះក៏ដោយ ប៉ុន្តែពួកគេបានត្រូវអនុញ្ញាតឲ្យរស់នៅមួយរយៈក្នុងចំណែកនៃផែនដីដែលមិនសុខសាន្តវិញ»។ «ពិតហើយ» នាងគុណធាបានឆ្លើយ «ពួកគេបានត្រូវបណ្ដេញចេញពីក្រុមគ្រួសាររបស់ព្រះ ហើយរស់នៅលើផែនដីដូចជាអ្នករស់នៅខុសច្បាប់។ តែសូមបងមើលអ្វីដែលចែងបន្ទាប់មកទៀតថា ‹ពួកគេមានកូនចៅជាច្រើន›។ តើពួកគេ មានឋានៈយ៉ាងណាចំពោះព្រះ»? «បងស្មានមើលទៅ ពួកគេក៏ជាអ្នករស់នៅខុសច្បាប់ដូចអ័ដាមនិងនាងអេវ៉ាដែរ» លោកដារាបាននិយាយ «ហើយនឹងមានជាប់ស្នាមប្រឡាក់នៃអាកប្បកិរិយាបះបោររបស់មាតាបិតាគេ ថ្វីបើពួកគេនិមួយៗមិនបានបោះបង់ចោលព្រះដោយផ្ទាល់ខ្លួនក៏ដោយ»។ «ពិតហើយ» នាងគុណធាបានយល់ស្របតាម «ហើយព្រះយេហូវ៉ា ជាព្រះប្រកបដោយសេចក្ដីមេត្ដាករុណា ទ្រង់បានសន្យានឹងផ្ដល់ឲ្យវិធីមួយសម្រាប់ពួកកូនចៅនៅខុសច្បាប់ទាំងនេះ ដើម្បី រំលប់ស្នាមប្រឡាក់របស់គេចេញ ហើយនិងឲ្យត្រឡប់មកចូលរួបរួមក្នុងគ្រួសាររបស់ទ្រង់វិញ ហើយទ្រង់អាចទៅជាព្រះវរបិតារបស់ពួកគេ»។ «ដូច្នេះ នេះហើយជាអ្វីដែលអូនចង់និយាយ ដែលថារកឃើញបិតាម្នាក់នោះ។ មនុស្សលោកនឹងលែងទៅជាអ្នករស់នៅខុសច្បាប់ទៀតហើយ ហើយចូលរួមជាមួយក្រុមគ្រួសាររបស់ព្រះវិញ។
«តើនៅក្នុងសំបុត្រនេះ មានចែងអំពីរឿងនោះទេ»? «ចាស មានណា៎បង តែចែងយ៉ាងខ្លីប៉ុណ្ណោះ។ បងត្រូវតែអានសំបុត្រទាំងអស់ ដើម្បីឲ្យយល់នូវការរៀបចំទាំងមូលនោះ។ បងដារា សូមបងមើលអ្វីដែលចែងនៅទីនេះណែ៎៖ ‹គ្រប់ទាំងសាសន៍នៅផែនដីនឹងបានពរដោយសារពូជឯង ពីព្រោះឯងបានស្ដាប់តាមពាក្យអញ› »។ « ‹ពូជឯង›—តើជាអ្វីទៅ»? គាត់បានសួរ។ «សេចក្ដីនោះបានត្រូវពោលទៅកាន់លោកអ័ប្រាហាំ ដែលបានរស់នៅប្រមាណ ៤.០០០ ឆ្នាំមុន ហើយលោកត្រូវជាបុព្វជននៃសាសន៍អារ៉ាប់និងសាសន៍យូដា។ លោកជាមនុស្សម្នាក់ល្បីល្បាញចំពោះសេចក្ដីជំនឿនិងសេចក្ដីគោរពប្រតិបត្ដិតាមព្រះយេហូវ៉ា។ ពន្យល់អំពីអ្វីៗដែលអូនបានយល់ពី ‹ពូជ› នោះប៉ុណ្ណោះនឹងចំណាយពេលយូរណាស់ ប៉ុន្តែតាមដែលអូនបានយល់ខ្លះៗនោះ គឺដោយសារពូជនេះ ស្នាមប្រឡាក់នឹងត្រូវរំលុបចេញពីកូនចៅរបស់អ័ដាម ហើយនឹងរៀបចំពួកគេឲ្យទៅជាកូនចៅរបស់ព្រះយេហូវ៉ាវិញ»។ «ដូច្នេះ ពួកគេនឹងបានត្រូវសង្គ្រោះចេញពីព្រៃដ៏កាចសាហាវនៃលោកីយនេះ ឲ្យចូលទៅក្នុងសួនច្បាររបស់ព្រះ» លោកដារាបាននិយាយ។ «ចាស គឺត្រូវណាស់» នាងគុណធាបានបញ្ជាក់។ «អ្ហឺម» លោកដារាបានលាន់មាត់តិចៗ «មនុស្សលោកកំពុងតែរស់នៅក្នុងសង្គមដែលប្រៀបដូចជាសង្គមព្រៃផ្សៃ—ម្នាក់ៗសម្រាប់តែខ្លួនឯង។ ពិតមែន ប្រហែលមានជនខ្លះដែលខំព្យាយាមយ៉ាងខ្លាំងដើម្បីធ្វើល្អ ប៉ុន្តែការខំប្រឹងប្រែងរបស់គេតែងតែបានលិចលង់ដោយបរិយាការដូចព្រៃផ្សៃជាទូទៅវិញ។ គ្មានអ្នកណាស្មើនឹងមេសួនច្បារ ដែលដឹកនាំអ្នកប្រព្រឹត្តអំពើល្អឲ្យចូលក្នុងទំនងទាំងមូលនោះបានឡើយ។ អូនគុណធា អូនដឹងទេ រឿងនេះមើលទៅដូចជាច្បាស់ឡើងៗ ថាអ្វីដែលមនុស្សលោកត្រូវការជាចាំបាច់នោះ គឺជាមេដឹកនាំដ៏មហាឧត្តមមួយ ដែលគេទទួលស្គាល់ពេញសកលលោក ជាមេដឹកនាំដែលឃើញគ្រប់សព្វ និងប្រព្រឹត្តដូចជាបិតាម្នាក់។ គឺមានតែទ្រង់ទេ ដែលអាចផ្ដល់រង្វាន់ដល់អ្នកដែលប្រព្រឹត្តអំពើល្អបាន។ ឯចំពោះអ្នកដែលប្រព្រឹត្តអាក្រក់វិញ ឥទ្ធិឫទ្ធិជាបិតាម្នាក់រឹតតែចាំបាច់ណាស់ ដើម្បីរារាំងពួកគេ ហើយបញ្ឈប់ពួកគេកុំឲ្យជិះជាន់ឬកំទេចអ្នកប្រព្រឹត្តល្អទៀត ដូចជាឃើញកើតមានឡើងនៅប្រទេសខ្លះដែលនៅក្រោមការគ្រប់គ្រងអំណាចផ្ដាច់ការដ៏សាហាវ។ ចុះយ៉ាងណាទៅ ចំពោះអ្នកប្រព្រឹត្តអំពើអាក្រក់ដែលលែងកែបាននោះ អូនគុណធា? តើពួកគេនឹងទៅជាយ៉ាងណាទៅ»?
«តើពួកគេនឹងមិនត្រូវកាត់ចេញទេឬអ្វី»? នាងគុណធាបានឆ្លើយ។ «មែនហើយ» លោកដារាបាននិយាយបន្ត «នៅក្នុងលោកីយនេះ សព្វថ្ងៃនេះ មនុស្សកំពុងតែសម្លាប់គ្នាទៅវិញទៅមក ជាបុគ្គលម្នាក់ៗ ឬក៏ទាំងសាសន៍ផង។ បងយល់ឃើញថា នេះគឺខុសទាំងស្រុង។ ប៉ុន្តែព្រះដែលជាអ្នកបង្កើតជីវិតនោះ ទ្រង់ប្រាកដជាអាចមានសិទ្ធិនឹងកំទេចចោលអស់អ្នកណា ដែលបដិសេធមិនព្រមធ្វើអ្វីៗដែលត្រឹមត្រូវ។ តើបិតាណា ដែលបណ្ដោយឲ្យឆ្កែឆ្កួតដើរចច្រប់នៅក្នុងបរិវេណរបស់គាត់ ឲ្យមកខាំកូនចៅរបស់គាត់នោះ? ប្រាកដមែនហើយ មុខនាទីរបស់បិតានោះមិនត្រឹមតែផ្ដល់ឲ្យជីវិតទៅកូនចៅរបស់គាត់ប៉ុណ្ណោះទេ ប៉ុន្តែគឺត្រូវមើលថែរក្សាពួកគេហើយការពារពួកគេពីសត្រូវទាំងឡាយផង»។ បន្ទាប់មកនាងគុណធាបាននិយាយកាត់ភ្លាម៖ «បងដារា តាមដែលអូនបានយល់ឃើញនោះ អ្វីទាំងអស់ដែលបងបាននិយាយមក គឺចំដូចនឹងអ្វីៗដែលព្រះគម្ពីរបានបង្រៀនមកទាំងអស់។ នៅពេលដែលព្រះយេហូវ៉ាប្រមូលគ្រួសាររបស់ទ្រង់ឲ្យចូលទៅក្នុងបរិវេណរបស់ទ្រង់ ដែលជាផែនដីទាំងមូល នោះទ្រង់នឹងមើលថែរក្សាពួកគេជារហូតតទៅ។ តាមការពិត ប្រធានរឿងសំខាន់បំផុតនៃព្រះគម្ពីរ គឺជាព្រះរាជាណាចក្ររបស់ព្រះ ដែលជាមធ្យោបាយរបស់ទ្រង់សម្រាប់សម្រេចការនេះ»។
លោកដារាផ្អាកមួយសន្ទុះធំ។ បន្ទាប់មកក៏សម្លឹងមើលនាងគុណធា ហើយបាននិយាយហាក់ដូចជាស្ទង់សំដីរបស់គាត់ថា៖ «ប្រសិនបើអ្វីដែលអូននិយាយមកនោះ . . . បញ្ជាក់ឲ្យឃើញថាពិតមែន . . . រឿងនេះជា . . . ដំណឹងល្អដ៏អស្ចារ្យបំផុត . . . ដែលមនុស្សបានទទួលមក។ តើអូនគុណធាយល់ស្របតាមបងទេ»? «បងដឹងហើយថា អូនយល់ស្របតាមបងជានិច្ច បងដារា។ បងបានឃើញស្រាប់ហើយ។ ដូច្នេះហើយបានជាបងសួរអូនកាលពីថ្ងៃមុន អំពីបុព្វហេតុនៃបរិយាកាសដ៏ប្រសើរក្នុងគ្រួសារយើង។ នេះគឺពីព្រោះតែអូន។ អូនទទួលសារភាពថា អូនបានកែប្រែហើយ។ មែនហើយ តាំងពីអូនបានចាប់ផ្ដើមរៀនជាលើកដំបូង អំពីដំណឹងល្អនេះ អូនចាប់ផ្ដើមមានសេចក្ដីសង្ឃឹមពិតចំពោះអនាគតដ៏ត្រចះត្រចង់ ហើយនិងអាកប្បកិរិយាថ្មីចំពោះជីវិតឥឡូវនេះ»។
លោកដារាក៏បានងើបឡើងទៅអង្គុយក្បែរនាងគុណធា សម្លឹងមើលមុខនាង។ ដាក់ដៃទៅលើស្មានាង គាត់បានតឿនថា៖ «អូនគុណធា ចុះយើងវិញ យើងទាំងពីរនាក់ ទៅស្វែងរកបិតានោះជាមួយគ្នា—តើអូនយល់ស្របទេ»? ការញញឹមរបស់នាង បានផ្ដល់នូវចម្លើយនោះហើយ។
សូមជូនចំពោះអស់លោកអ្នកអាន៖
ឥឡូវនេះ លោកអ្នកប្រហែលជាកំពុងតែឆ្ងល់ថាការស្វែងរកបិតារបស់លោកដារានិងនាងគុណធាបានទៅជាយ៉ាងណាហើយ។ ប៉ុន្តែសូមលោកអ្នកចងចាំថា ពួកគេមិនមែនជាបុគ្គលមែនទែនទេ រីឯព្រះវរបិតាដែលជាអ្នកបង្កើតនោះ ទ្រង់ជាបុគ្គលមែនទែន ហើយរឿងរ៉ាវដែលទាក់ទងនោះក៏ជាការពិតដែរ។ ដូច្នេះហើយ យើងខ្ញុំសូមលើកទឹកចិត្តលោកអ្នក ម្នាក់ៗឲ្យស្វែងរកទ្រង់ចុះ។ ដោយធ្វើដូច្នេះ នឹងនាំឲ្យលោកអ្នកមានសុភមង្គលជាអនេក ពីព្រោះលោកអ្នកនឹងយល់អំពីសំនួរដ៏សំខាន់បំផុតដែលទាក់ទងនឹងជីវិត ហើយជីវិតរបស់លោកអ្នកនឹងទៅជាមានគោលបំណងដ៏ពិតប្រាកដជាមិនខាន។
ប៉ុន្តែ តើលោកអ្នកអាចចាប់ស្វែងរកព្រះវរបិតានោះបានយ៉ាងណា? ពួកស្មរបន្ទាល់ព្រះយេហូវ៉ានឹងស្ម័គ្រចិត្តជួយលោកអ្នក ដោយសិក្សាព្រះគម្ពីរជាមួយលោកអ្នកដោយឥតគិតថ្លៃ។ សូមអញ្ជើញទាក់ទងនឹងអ្នកដែលបានយកកូនសៀវភៅនេះមកជូនអ្នក ឬសរសេរទាក់ទងផ្ទាល់នឹងអ្នកបោះពុម្ពផ្សាយ។
[រូបភាពនៅទំព័រ១២]
អំណោយរបស់បិតាមួយសម្រាប់កូនប្រុសម្នាក់
[រូបភាពនៅទំព័រ១៣]
អំណោយរបស់បិតាមួយទៀតសម្រាប់កូនចៅរបស់គាត់
[រូបភាពនៅទំព័រ១៨]
ហេតុអ្វីក៏រោងចក្រធ្វើស្ករមិនដូចរោងចក្រធ្វើទឹកឃ្មុំនេះ—មានលទ្ធផលល្អ ស្អាតនិងល្អសោភ័ណផង?
[រូបភាពនៅទំព័រ២១]
មានសភាពខ្ពង់ខ្ពស់ជាងឧទ្ធម្ភាគចក្រ