បណ្ណាល័យអ៊ីនធឺណិតរបស់ប៉មយាម
ប៉មយាម
បណ្ណាល័យអ៊ីនធឺណិត
ខ្មែរ
  • គម្ពីរ
  • សៀវភៅផ្សេងៗ
  • កិច្ចប្រជុំ
  • ht ចំណុចទី ២ ទំ. ១២-១៦
  • ពត៌មានដែលនាំឲ្យយល់ដឹងពន្យល់យ៉ាងច្បាស់

សុំទោស គ្មានវីដេអូទេ

សុំទោស វីដេអូមានបញ្ហា

  • ពត៌មានដែលនាំឲ្យយល់ដឹងពន្យល់យ៉ាងច្បាស់
  • វិធីបង្កើនសមត្ថភាពនិយាយនឹងបង្រៀន
  • ចំណងជើងតូច
  • **********
វិធីបង្កើនសមត្ថភាពនិយាយនឹងបង្រៀន
ht ចំណុចទី ២ ទំ. ១២-១៦

ចំណុច​ហាត់​រៀន​ទី២

ពត៌មាន​ដែល​នាំ​ឲ្យ​យល់​ដឹង​ពន្យល់​យ៉ាង​ច្បាស់

១ សុន្ទរកថា​ដែល​មាន​តម្លៃ​នោះ ត្រូវ​រៀបចំ​ឡើង​ដោយ​យក​ចិត្ត​ទុក​ដាក់។ នេះ​ក៏​តម្រូវ​ឲ្យ​ព្យាយាម​ទាំង​ចំណាយ​ពេល​យូរ​បន្ដិច​ផង។ ប៉ុន្តែ ទង្វើ​នេះ​ពិត​ជា​មាន​ប្រយោជន៍​មែន! ដ្បិត​យើង​អាច​បង្កើន​នូវ​ចំណេះ​ត្រឹម​ត្រូវ ហើយ​អាច​ចែក​ជូន​អ្នក​ស្ដាប់​នូវ​ពត៌មាន​ដែល​ពិត​ជា​មាន​ប្រយោជន៍។ ជាជាង​និយាយ​បែប​គ្មាន​ភាព​ប្រាកដ​និយម យើង​អាច​ផ្ដល់​ពត៌មាន​លំអិត​ដែល​ជួយ​បំភ្លឺ​ឲ្យ​យល់​ច្បាស់ ហើយ​យើង​អាច​ដឹង​ប្រាកដ​ក្នុង​ចិត្ត​ថា ពាក្យ​ថ្លែង​នោះ​គឺ​ត្រឹម​ត្រូវ​មែន។ នេះ​នឹង​ជួយ​លើក​ទឹក​ចិត្ត​អ្នក​ស្ដាប់​ឲ្យ​មាន​អំណរគុណ​ចំពោះ​ព្រះ​បន្ទូល​របស់​ព្រះ ព្រម​ទាំង​លើក​កិត្ដិយស​ថ្វាយ​ព្រះ​យេហូវ៉ា​ផង​ដែរ។ ការ​ពិនិត្យ​មើល​ចំណុច​នេះ​អំពី​ពត៌មាន​ដែល​នាំ​ឲ្យ​យល់​ដឹង គឺ​ទាក់ទង​ជា​ពិសេស​នឹង​អ្វី​ដែល​យើង​ថ្លែង​ក្នុង​សុន្ទរកថា។ សូម​ពិនិត្យ​មើល​យ៉ាង​សង្ខេប​នូវ​ទិដ្ឋភាព​ផ្សេងៗនៃ​ចំណុច​នេះ។ នេះ​គឺ​ជា​ចំណុច​ទី​មួយ​លើ​ប័ណ្ណ​ឱវាទ​សំរាប់​ការ​ហាត់​និយាយ។

២ ពត៌មាន​ជាក់លាក់: សុន្ទរកថា​ដែល​គ្មាន​ភាព​ប្រាកដ​និយម គឺ​គ្មាន​តម្លៃ​ឬ​ឥទ្ធិពល​សោះ​ឡើយ។ សុន្ទរកថា​បែប​នេះ​មុខ​ជា​ធ្វើ​ឲ្យ​ស្រពិច​ស្រពិល ហើយ​បណ្ដាល​ឲ្យ​អ្នក​ស្ដាប់​មិន​យល់​ប្រាកដ​តែ​ម្ដង។ ប្រសិន​បើ​ចង់​ជួយ​ឲ្យ​អ្នក​ស្ដាប់​ចាំ​នូវ​គំនិត​ណា​មួយ សុន្ទរកថា​ត្រូវ​តែ​មាន​ពត៌មាន​ជាក់លាក់​និង​ចំៗ។ នេះ​បង្ហាញ​ថា អ្នក​ថ្លែង​បាន​ស្រាវជ្រាវ​និង​មាន​ចំណេះ​អំពី​ប្រធាន​នោះ។

៣ យើង​អាច​បណ្ដុះ​ឲ្យ​មាន​លក្ខណៈ​នេះ​ក្នុង​ពេល​រៀបចំ​សុន្ទរកថា ដោយ​សួរ​សំនួរ​ដូច​ជា ហេតុ​អ្វី? នៅ​ពេល​ណា? នៅ​កន្លែង​ណា? ជា​ដើម។ តាម​ធម្មតា គឺ​មិន​គ្រប់គ្រាន់​ឲ្យ​យើង​និយាយ​អំពី​អ្វី​ដែល​បាន​កើត​ឡើង​ប៉ុណ្ណោះ​ទេ។ យើង​ក៏​គួរ​ប្រាប់​ឈ្មោះ​កន្លែង ថ្ងៃ​ខែ ប្រហែល​ជា​ប្រាប់​អំពី​មូលហេតុ​ទៀត​ផង។ បើ​និយាយ​តែ​ហេតុ​ការណ៍​ពិត​ប៉ុណ្ណោះ ក៏​មិន​គ្រប់គ្រាន់​ដែរ។ យើង​ត្រូវ​បង្ហាញ​នូវ​មូលហេតុ​ដែល​រឿង​នេះ​គឺ​ពិត និង​ហេតុ​ដែល​ការ​ដឹង​ពត៌មាននោះ​គឺ​មាន​តម្លៃ។ បើ​កំពុង​តែ​បង្ហាត់​បង្ហាញ​ដល់​គេ ចូរ​ពន្យល់​នូវ​របៀប​សម្រេច​កិច្ចការ​នោះ។ តើ​យើង​ត្រូវ​ចាំបាច់​ពន្យល់​ពត៌មាន​នេះ​ប៉ុណ្ណា​ទៅ? នេះ​គឺ​ស្រេច​នឹង​អ្នក​ស្ដាប់ ថា​តើ​ពួក​គេ​ដឹង​ពត៌មាន​នោះ​ច្រើន​ប៉ុណ្ណា។ ដូច្នេះ សូម​ពិចារណា​អំពី​អ្នក​ស្ដាប់​សិន ដើម្បី​ឲ្យ​ដឹង​ប្រាកដ​ថា ពួក​គេ​ត្រូវ​ការ​ពត៌មាន​អ្វី​ខ្លះ។

៤ នាំ​ឲ្យ​អ្នក​ស្ដាប់​យល់​ដឹង: ពត៌មាន​ដែល​អាច​នាំ​ឲ្យ​អ្នក​ស្ដាប់​មួយ​ក្រុម​យល់​ដឹង ប្រហែល​ជា​មិន​ជួយ​បន្ថែម​ចំណេះ​ដឹង​ដល់​មនុស្ស​មួយ​ក្រុម​ទៀត​ទេ ឬ​រហូត​ដល់​ធ្វើ​ឲ្យ​ក្រុម​មួយ​ទៀត​នោះ​ឥត​យល់​ទាល់តែ​សោះ។ ដូច្នេះ ការ​ពិត​ពត៌មាន​ដែល​យើង​ថ្លែង​ត្រូវ​តែ​សម​នឹង​សមត្ថភាព​ក្រុម​អ្នក​ស្ដាប់។ ជា​ឧទាហរណ៍ សុន្ទរកថា​អំពី​កិច្ចការ​ផ្សាយ​របស់​យើង។ នៅ​ឯ​ការ​ប្រជុំ​អប់រំ​កិច្ចបំរើ យើង​នឹង​បកស្រាយ​ពត៌មាន​នេះ​តាម​របៀប​ផ្សេង។ ប៉ុន្តែ បើ​ថ្លែង​សុន្ទរកថា​នោះ​ជូន​អ្នក​ថ្មី​ដែល​កំពុង​តែ​ប្រុង​ប្រៀប​ថ្វាយ​ខ្លួន​ចំពោះ​ព្រះ​យេហូវ៉ា ឬ​ថ្លែង​ប្រាប់​មនុស្ស​ក្នុង​លោកីយ៍ នោះ​យើង​នឹង​បកស្រាយ​ពត៌មាន​នេះ​តាម​បែប​ផ្សេង​វិញ។

៥ យើង​ក៏​ត្រូវ​គិត​អំពី​កត្ដា​ទាំង​នេះ​ពេល​រៀបចំ​ថ្លែង​សុន្ទរកថា​ផ្សេងៗក្នុង​សាលា​កិច្ចបំរើ​ព្រះ​ធិបតេយ្យ។ យើង​គួរ​យក​ពត៌មាន​ដែល​ត្រូវ​ពន្យល់​ក្នុង​សុន្ទរកថា​ណា​មួយ​មក​ពិចារណា​មើល​ដោយ​គិត​អំពី​អ្នក​ស្ដាប់ អំពី​លំដាប់​រៀបចំ និង​គោល​បំណង​នៃ​សុន្ទរកថា​នោះ។ ពត៌មាន​ដែល​ត្រូវ​ថ្លែង​ជូន​ក្នុង​សុន្ទរកថា គឺ​អាស្រ័យ​លើ​សុន្ទរកថា​មួយ​ណា​ដែល​ត្រូវ​ថ្លែង ហើយ​លំដាប់​រៀបចំ​ដែល​អ្នក​ថ្លែង​បាន​ជ្រើសរើស។ រីឯ​សុន្ទរកថា​បង្ហាត់​បង្ហាញ​តែង​តែ​ជា​សុន្ទរកថា​ថ្លែង​ជូន​បងប្អូន​ក្នុង​ក្រុម​ជំនុំ។ សុន្ទរកថា​ឯ​ទៀត​គឺ​មាន​ទិដ្ឋភាព​ផ្សេងៗពី​គ្នា ហើយ​តាម​លំដាប់​រៀបចំ​នោះ យើង​អាច​ដឹង​ថា​ពត៌មាន​នេះ​សំដៅ​ទៅ​អ្នក​ស្ដាប់​បែប​ណា និង​ដឹង​អំពី​គោល​បំណង​នៃ​សុន្ទរកថា​នោះ។ ក្នុង​គ្រប់​ករណី​ទាំង​អស់ សិស្ស​និង​អ្នក​ជូន​ឱវាទ​អាច​សួរ​ខ្លួន​ថា៖ តើ​ពត៌មាន​នេះ​បាន​រៀបចំ​ដើម្បី​ថ្លែង​ជូន​អ្នក​ស្ដាប់​បែប​យ៉ាង​នេះ​ឬ​ទេ? តើ​ពត៌មាន​នេះ​នឹង​នាំ​ឲ្យ​អ្នក​ស្ដាប់​យល់​ដឹង​ទេ?

៦ ពេល​ដែល​យើង​រៀបចំ​សុន្ទរកថា សូម​សួរ​ខ្លួន​ថា៖ តើ​ខ្ញុំ​ចង់​សម្រេច​អ្វី​ក្នុង​សុន្ទរកថា​នេះ? តើ​មនុស្ស​ម្នាក់​នេះ​ឬ​ក្រុម​អ្នក​ស្ដាប់​នេះ​មាន​ចំណេះ​ដឹង​ប៉ុណ្ណា ស្តី​អំពី​ពត៌មាន​ដែល​ខ្ញុំ​ចង់​ថ្លែង​នោះ? តើ​ខ្ញុំ​ត្រូវ​ស្ថាបនា​មូលដ្ឋាន​អ្វី មុន​នឹង​ខ្ញុំ​អាច​ពន្យល់​ចំណុច​នេះ​ឲ្យ​បាន​ច្បាស់? បើ​មាន​ក្រុម​អ្នក​ស្ដាប់​ខុស​គ្នា​ទៀត តើ​ខ្ញុំ​អាច​ថ្លែង​បែប​ផ្សេង​យ៉ាង​ដូច​ម្ដេច? ការ​ប្រៀបធៀប​ចំណុច​ផ្សេងៗតែង​បំភ្លឺ​ឲ្យ​ឃើញ​យ៉ាង​ច្បាស់។ ពេល​រៀបចំ​សុន្ទរកថា សូម​សាក​ពន្យល់​ពត៌មាន​តាម​របៀប​ផ្សេងៗ ហាក់​ដូច​ជា​ថ្លែង​ជូន​ក្រុម​អ្នក​ស្ដាប់​ផ្សេងៗពី​គ្នា។ កាល​ដែល​ធ្វើ​ដូច្នេះ សូម​យក​ចិត្ត​ទុក​ដាក់​ចំពោះ​អ្នក​ស្ដាប់ ដោយ​ចង់​ធ្វើ​ឲ្យ​ពត៌មាន​នាំ​ក្រុម​មួយ​នោះ​ឲ្យ​យល់​ដឹង។

៧ ពត៌មាន​ដែល​មាន​ប្រយោជន៍: មាន​ពត៌មាន​ជា​ច្រើន​ដែល​យើង​អាច​រៀន​បាន តែ​មិន​មែន​ពត៌មាន​ទាំង​អស់​មាន​ប្រយោជន៍​ឡើយ។ ចំពោះ​យើង ពត៌មាន​ដែល​នាំ​ឲ្យ​យល់​ដឹង គឺទាក់ទង​នឹង​អ្វីៗក្នុង​កិច្ចបំរើ​ផ្សាយ​របស់​យើង ហើយ​ជីវភាព​រស់​នៅ​ជា​គ្រីស្ទាន។ យើង​ចង់​ចេះ​អនុវត្ត​តាម​ពត៌មាន​ដែល​យើង​ទទួល​នោះ។

៨ កាល​ដែល​សិស្ស​រៀបចំ​សុន្ទរកថា ហើយ​អ្នក​ត្រួត​ពិនិត្យ​សាលា​ជូន​ឱវាទ ពួក​គេ​អាច​គិត​អំពី​របៀប​អនុវត្ត​តាម​ពត៌មាន​នោះ ដោយ​សួរ​ថា៖ តើ​សុន្ទរកថា​នេះ​មាន​គោលការណ៍​ណែនាំ​អ្វី​ខ្លះ? តើ​យើង​អាច​ប្រើ​ពត៌មាន​នេះ​បាន ពេល​ធ្វើ​ការ​សម្រេច​ចិត្ត​ឬ​ទេ? តើ​យើង​អាច​ប្រើ​ពត៌មាន​ដែល​ថ្លែង​ជូន​នោះ ក្នុង​កិច្ចបំរើ​ផ្សាយ​របស់​យើង​ឬ​ទេ? តើ​ពត៌មាន​នេះ​លើក​តម្កើង​ព្រះ​បន្ទូល​របស់​ព្រះ និង​ចង្អុល​បញ្ជាក់​ពី​គោល​បំណង​របស់​ទ្រង់​ឬ? កម្រ​ណាស់​ដែល​អាច​មាន​សុន្ទរកថា​ផ្ដល់​ពត៌មាន​ទាំង​អស់​នេះ​បាន។ ប៉ុន្តែ បើ​ចង់​ឲ្យ​ពត៌មាន​នោះ​ផ្ដល់​ប្រយោជន៍ គឺ​ត្រូវ​ថ្លែង​ជូន​អ្នក​ស្ដាប់​ឲ្យ​យល់​ដឹង​ពី​របៀប​ដែល​គាត់​អាច​យក​ពត៌មាន​នោះ​មក​អនុវត្ត​តាម។

៩ ភាព​ត្រឹម​ត្រូវ​នៃ​ការ​និយាយ: ស្មរបន្ទាល់​ព្រះ​យេហូវ៉ា​ជា​អង្គការ​មួយ​ដែល​កាន់​ជាប់​នូវ​សេចក្ដី​ពិត។ ដូច​នេះ​គួរ​គប្បី​ឲ្យ​យើង​ពោល​ពាក្យ​ពិត និង​ប្រាប់​ពត៌មាន​ល្អិតល្អន់​ទាំង​ប៉ុន្មាន​យ៉ាង​ត្រឹម​ត្រូវ​ជានិច្ច។ យើង​មិន​គ្រាន់​តែ​និយាយ​ពិត​អំពី​សេចក្ដី​បង្រៀន​ផ្សេងៗប៉ុណ្ណោះ​ទេ។ យើង​ក៏​បញ្ជាក់​ភាព​ពិត​ពេល​ដែល​យើង​ប្រើ​ពាក្យ​ដែល​បាន​ដក​ស្រង់ ព្រម​ទាំង​អ្វី​ដែល​យើង​និយាយ​អំពី​អ្នក​ដទៃ ហើយ​របៀប​ដែល​យើង​រៀប​រាប់​អំពី​ពួក​គេ។ យើង​ក៏​បញ្ជាក់​ភាព​ពិត​នៃ​រឿង​ខាង​វិទ្យាសាស្ត្រ និង​អំពី​ព្រឹត្ដិការណ៍​ក្នុង​សារពត៌មាន​ជា​ដើម។

១០ ប្រសិន​បើ​យើង​និយាយ​ពត៌មាន​មិន​ពិត​ប្រាប់​អ្នក​ស្ដាប់ នោះ​ពួក​គេ​ក៏​អាច​និយាយ​ពី​មាត់​មួយ​ទៅ​មាត់​មួយ​តៗគ្នា ហើយ​កំហុស​នេះ​អាច​រីក​ដុះដាល​កាន់​តែ​ធំ​ឡើងៗ។ បើ​អ្នក​ស្ដាប់​ជ្រាប​ថា​យើង​បាន​និយាយ​មិន​ត្រឹម​ត្រូវ​នោះ នេះ​អាច​ធ្វើ​ឲ្យ​គាត់​សង្ស័យ​លើ​ប្រភព​នៃ​ចំណុច​ឯ​ទៀត​របស់​អ្នក​ថ្លែង ហើយ​ប្រហែល​ជា​គាត់​សង្ស័យ​ទៅ​លើ​សារ​នោះ​ទៀត​ផង។ បើ​អ្នក​ចាប់​អារម្មណ៍​ថ្មី​ឮ​ពត៌មាន​បែប​មិន​ត្រឹម​ត្រូវ តែ​គាត់​បាន​ឮ​នូវ​ទស្សនៈ​ផ្សេងៗអំពី​ពត៌មាន​នេះ​នៅ​ពេល​មុន នោះ​គាត់​អាច​សន្និដ្ឋាន​ថា ស្មរបន្ទាល់​ព្រះ​យេហូវ៉ា​គ្មាន​ជំនឿ​ឯកភាព​គ្នា​ទេ។ គាត់​ក៏​អាច​ឈប់​សេពគប់​ជា​មួយ​យើង​ក៏​អាច​ថា​បាន ដោយ​ឥត​ប្រាប់​មូលហេតុ។

១១ អ្នក​ជូន​ឱវាទ​មិន​គួរ​រិះគន់​គ្រប់​អ្វី​ដែល​សិស្ស​នោះ​ថ្លែង​ដូច​ជា​ចង់​ដេញ​ទាន់​ជាន់​កែង​នោះ​ឡើយ ជា​ពិសេស​បើ​សិស្ស​ទើប​តែ​បាន​ចូល​ក្នុង​សេចក្ដី​ពិត​ជា​មួយ​យើង ហើយ​មិន​ទាន់​បាន​យល់​ជ្រៅជ្រះ​ក្នុង​ព្រះ​បន្ទូល​របស់​ព្រះ។ ផ្ទុយ​ទៅ​វិញ ដោយ​ភាព​ប៉ិនប្រសប់ អ្នក​ជូន​ឱវាទ​នឹង​ជួយ​កែ​តម្រង់​គំនិត​សិស្ស ហើយ​បង្ហាញ​នូវ​របៀប​រៀបចំ​ដោយ​ប្រិតប្រៀន​ទុក​ជា​មុន ដើម្បី​មាន​ភាព​ត្រឹម​ត្រូវ​កាន់​តែ​ច្រើន​ឡើង។

១២ ពត៌មាន​បន្ថែម​ដែល​ជួយ​បំភ្លឺ: គំនិត​ដែល​ថ្លែង​មក​ដោយសារ​បាន​រំពឹង​គិត​ឬ​បាន​ស្រាវជ្រាវ​ថែម​ទៀត​លើ​ប្រធាន​មួយ នោះ​អាច​ធ្វើ​ឲ្យ​សុន្ទរកថា​មាន​ប្រសិទ្ធភាព​ខ្ពស់។ ជួនកាល​ការ​រៀបចំ​បែប​នេះ​អាច​ជួយ​កុំ​ឲ្យ​ប្រើ​ពត៌មាន​ដដែលៗ ដែល​មិន​បង្ហាត់​បង្រៀន ឬ​ក៏​ជា​ពត៌មាន​ដែល​អ្នក​ស្ដាប់​ធ្លាប់​ដឹង​រួច​ទៅ​ហើយ។ ពត៌មាន​បន្ថែម​អាច​ជួយ​ឲ្យ​សុន្ទរកថា​មាន​គុណភាព​ស្រស់​ថ្លា ទាំង​លើក​ទឹក​ចិត្ត​ឲ្យ​អ្នក​ស្ដាប់​មាន​ចំណាប់អារម្មណ៍​ថែម​ទៀត ហើយ​អាច​ធ្វើ​ឲ្យ​ប្រធាន​ដែល​គាត់​ធ្លាប់​ស្គាល់​ហើយ ទៅ​ជា​ទីគាប់​ចិត្ត​វិញ។ ម្យ៉ាង​ទៀត នេះ​ក៏​ធ្វើ​ឲ្យ​អ្នក​ថ្លែង​សុន្ទរកថា​មាន​ទំនុក​ចិត្ត​ដែរ។ គាត់​ថ្លែង​សុន្ទរកថា​ដោយ​ចិត្ត​ត្រេកអរ ព្រោះ​ដឹង​ថា​ខ្លួន​មាន​ពត៌មាន​ប្លែក​ខ្លះៗដែល​គាត់​ចង់​ថ្លែង​ប្រាប់។

១៣ គ្រោះថ្នាក់​ដែល​យើង​ត្រូវ​ជៀស​វាង គឺ​ការ​បញ្ចេញ​គំនិត​របស់​ខ្លួន​យើង​ផ្ទាល់។ យើង​ត្រូវ​ប្រើ​ប្រកាសនវត្ថុ​របស់​ស្មរបន្ទាល់​ព្រះ​យេហូវ៉ា និង​ទុក​ចិត្ត​លើ​ប្រកាសនវត្ថុ​ទាំង​នោះ។ សូម​ពិនិត្យ​មើល​ឲ្យ​បាន​ប្រាកដ​ថា អ្វីៗដែល​យើង​និយាយ តែង​ជួយ​បំភ្លឺ​មិន​មែន​ធ្វើ​ឲ្យ​យល់​ខុស​ពី​ការ​ពិត​នោះ​ទេ។

**********

១៤ ពេល​រៀបចំ​ថ្លែង​ពត៌មាន គឺ​សំខាន់​ណាស់​ដែល​យើង​យក​ចិត្ត​ទុក​ដាក់​នឹង​របៀប​និយាយ​អ្វី​ដែល​យើង​ចង់​ប្រាប់​នោះ។ ប័ណ្ណ​ឱវាទ​សំរាប់​ការ​ហាត់​និយាយ​ហៅ​ចំណុច​នេះ​ថា «ច្បាស់​ហើយ​ស្រួល​យល់»។ បើ​មិន​យក​ចិត្ត​ទុក​ដាក់​នឹង​ចំណុច​នេះ ប្រហែល​ជា​ពត៌មាន​ដែល​យើង​ថ្លែង​នឹង​មិន​ជ្រួត​ជ្រាប​ដល់​ចិត្ត​របស់​អ្នក​ស្ដាប់ ឬ​ពួក​គេ​នឹង​មិន​ចាំ​នូវ​អ្វី​ដែល​ខ្លួន​ឮ​ទេ។ ចំណុច​ហាត់​រៀន​នេះ​មាន​គោលការណ៍​ចំ​បង​បី​ដែល​យើង​ត្រូវ​យក​មក​ពិនិត្យ​មើល។

១៥ ប្រើ​ពាក្យ​ងាយ​ស្រួល: នេះ​មិន​បាន​សេចក្ដី​ថា យើង​ត្រូវ​គិត​កំណត់​ឃ្លា​ទាំង​ឡាយ​ទុក​ជា​មុន​ទេ។ ប៉ុន្តែ យើង​ត្រូវ​វិភាគ​មើល​គំនិត​ដែល​ត្រូវ​ពន្យល់​នោះ ហើយ​ក៏​យក​ចិត្ត​ទុក​ដាក់​នឹង​ចំណុច​ជាក់លាក់​ផ្សេងៗទៀត​ដែរ។ បើ​ធ្វើ​ដូច្នេះ សុន្ទរកថា​យើង​នឹង​ត្រូវ​បំព្រួញ​ឲ្យ​ខ្លី ជា​ការ​បញ្ចេញ​គំនិត​ដែល​ស្រួល​យល់ ដោយ​ប្រើ​ពាក្យ​សាមញ្ញ​ធម្មតា។ ប្រធាន​ដែល​ស្មុគស្មាញ​ក្នុង​គំនិត​របស់​អ្នក​ថ្លែង នោះ​នឹង​ត្រូវ​ថ្លែង​ដោយ​មាន​ភាព​ស្មុគស្មាញ​ពិបាក​យល់​ដែរ។

១៦ យើង​ត្រូវ​ជៀស​វាង​ជា​ដាច់ខាត​នូវ​ការ​រៀបចំ​ក្នុង​ពេល​ប្រថុចញ៉ុច។ គោល​ចំណុច​និ​មួយៗត្រូវ​យក​មក​គិត​ឲ្យ​វែង​ឆ្ងាយ​ដើម្បី​ជួយ​ឲ្យ​ស្រួល​យល់ និង​ជាក់​ច្បាស់​ចំពោះ​អ្នក​ថ្លែង។ ការ​ពិនិត្យ​មើល​ឡើង​វិញ​នូវ​ចំណុច​ទាំង​នេះ​ពេល​រៀបចំ​ថ្លែង​សុន្ទរកថា ក៏​នឹង​ធ្វើ​ឲ្យ​ចំណុច​នានា​ដក់​ជាប់​ក្នុង​គំនិត ហើយ​ស្រួល​នឹក​ចាំ ថែម​ទាំង​អ្នក​ស្ដាប់​ក៏​នឹង​យល់​ចំណុច​នោះ​យ៉ាង​ច្បាស់ ដូច​ជា​អ្នក​ថ្លែង​យល់​ផង​ដែរ។

១៧ ពន្យល់​ពាក្យ​ដែល​គេ​មិន​សូវ​យល់: ការ​សិក្សា​បទ​គម្ពីរ​និង​ប្រកាសនវត្ថុ​របស់​ស្មរបន្ទាល់​ព្រះ​យេហូវ៉ា បាន​នាំ​ឲ្យ​យើង​ចេះ​ពាក្យ​ច្រើន។ ចំពោះ​អ្នក​ដែល​មិន​សូវ​ដឹង​អំពី​កិច្ចការ​របស់​យើង ពាក្យ​ទាំង​ប៉ុន្មាន​នោះ​ជា​ពាក្យ​ចម្លែក​មិន​មែន​ពាក្យ​ធម្មតា។ ប្រសិន​បើ​យើង​ពន្យល់​នូវ​សេចក្ដី​ពិត​ក្នុង​ព្រះ​គម្ពីរ​ដល់​អ្នក​ស្ដាប់​ខ្លះ ដោយ​ប្រើ​ពាក្យ​ចម្លែក​មិន​ធម្មតា​នោះ ពួក​គេ​នឹង​មិន​យល់ ឬ​ក៏​ពំនោល​របស់​យើង​នឹង​ក្លាយ​ជា​សំដី​ឥត​ន័យ​ទៅ​វិញ។

១៨ សូម​គិត​អំពី​អ្នក​ស្ដាប់។ តើ​ពួក​គេ​យល់​ប៉ុន​ណា​ទៅ? តើ​ពួក​គេ​ស្គាល់​កិច្ចការ​របស់​យើង​ប៉ុន​ណា? តើ​ពួក​គេ​ស្រួល​យល់​ពាក្យ​ទាំង​ប៉ុន្មាន​ដូច​ដែល​អ្នក​ថ្លែង​យល់​ឬ​ទេ? ពាក្យ​ដូច​ជា «ព្រះ​ធិបតេយ្យ» «ជន​សំណល់» «ចៀម​ឯ​ទៀត» ឬ​ក៏«អើម៉ាគេដូន» និង«ព្រះ​រាជាណាចក្រ» អាច​ធ្វើ​ឲ្យ​អ្នក​ស្ដាប់​យល់​ផ្សេង ឬ​មិន​យល់​ទាល់តែ​សោះ​ក៏​មាន។ សូម្បី​តែ​ពាក្យ​ដូច​ជា«ព្រលឹង» «ស្ថាន​នរក» និង«ជីវិត​អមតៈ» ក៏​យើង​ត្រូវ​តែ​ពន្យល់​ដែរ ប្រសិន​បើ​អ្នក​ស្ដាប់​ពុំ​ស្គាល់​កិច្ចការ​របស់​យើង​នោះ។ ប៉ុន្តែ ប្រសិន​បើ​យើង​ថ្លែង​សុន្ទរកថា​ជូន​ក្រុម​ជំនុំ​វិញ យើង​មិន​ចាំបាច់​ពន្យល់​ពាក្យ​ដូច​នេះ​ឡើយ។ ដូច្នេះ យើង​ត្រូវ​គិត​អំពី​លំដាប់​រៀបចំ​ដែរ។

១៩ កុំ​ប្រើ​ពត៌មាន​ច្រើន​ពេក: បើ​សុន្ទរកថា​មាន​ពត៌មាន​ច្រើន​ម្ល៉េះ ហាក់​ដូច​ជា​ស្រោច​ជោកជាំ​លើ​ពួក​អ្នក​ស្ដាប់ នេះ​អាច​បណ្ដាល​ឲ្យ​អ្នក​ស្ដាប់​ពិបាក​យល់ ឬ​ពុំ​យល់​ន័យ​ទាំង​ស្រុង។ ដើម្បី​សម្រេច​នូវ​គោល​បំណង​នៃ​សុន្ទរកថា យើង​មិន​គួរ​បញ្ចូល​ពត៌មាន​បន្ថែម​ដែល​ពុំ​អាច​ពន្យល់​ឲ្យ​បាន​ច្បាស់​លាស់​ក្នុង​ពេល​កំណត់​នោះ​ឡើយ។ យើង​មិន​គួរ​និយាយ​ច្រើន​ពេក​ដល់​ម្ល៉េះ​បាន​ជា​អ្នក​ស្ដាប់​ពុំ​អាច​ចាប់​បាន​ពត៌មាន​នោះ​ទេ។ ម្យ៉ាង​ទៀត កាល​បកស្រាយ​ប្រាប់​អ្នក​មិន​ចេះ ឬ​អ្នក​ចាប់​អារម្មណ៍​ថ្មី​នោះ យើង​ត្រូវ​កាត់​ស្រាយ​ន័យ​ពត៌មាន​បន្ថែម​ទៀត ដើម្បី​ឲ្យ​ស្រួល​យល់។ ប៉ុន្តែ បើ​យើង​ថ្លែង​ជូន​ក្រុម​ជំនុំ​វិញ គឺ​មិន​ចាំបាច់​កាត់​ស្រាយ​ន័យ​ច្រើន​ពេក​នោះ​ទេ។ ក្នុង​ករណី​នេះ អ្នក​ជូន​ឱវាទ​ក៏​ត្រូវ​គិត​អំពី​អស់​អ្នក​ដែល​កំពុង​តែ​ស្ដាប់​នូវ​អ្វី​ដែល​អ្នក​ថ្លែង​ប្រាប់​នោះ។

២០ តើ​សិស្ស​អាច​ដឹង​យ៉ាង​ណា​បាន ថា​ត្រូវ​ប្រើ​ពត៌មាន​ប៉ុន្មាន​ក្នុង​សុន្ទរកថា​នោះ? ពេល​រៀបចំ​សុន្ទរកថា យក​ល្អ​ឲ្យ​គាត់​ប្រៀបធៀប​ចំណុច​ផ្សេងៗ។ យើង​គួរ​ពិនិត្យ​នូវ​អ្វី​ដែល​យើង​ត្រូវ​ថ្លែង។ តើ​អ្នក​ស្ដាប់​ដឹង​ចំណុច​ប៉ុន្មាន​ហើយ មិន​ថា​យល់​តែ​សើៗប៉ុណ្ណោះ​ក៏​ដោយ? តើ​មាន​ចំណុច​ប៉ុន្មាន​ដែល​សុទ្ធតែ​ថ្មី? បើ​គេ​មាន​ចំណេះ​ដឹង​ខ្ពស់ នេះ​បាន​ន័យ​ថា អ្នក​ថ្លែង​អាច​បន្ថែម​ចំណុច​ច្រើន​ជាង​ក្នុង​កំណត់​ម៉ោង​នោះ។ ប៉ុន្តែ បើ​អ្នក​ស្ដាប់​សឹង​តែ​ឥត​ស្គាល់​អ្វី​សោះ​អំពី​ប្រធាន​ដែល​ត្រូវ​ពិគ្រោះ​នោះ អ្នក​ថ្លែង​ត្រូវ​ប្រយ័ត្ន​អំពី​ចំណុច​ទាំង​ប៉ុន្មាន​ដែល​គាត់​នឹង​ពន្យល់ ហើយ​ត្រូវ​មើល​ថា​តើ​គួរ​ចំណាយ​ពេល​ប៉ុន្មាន​ដែរ ទើប​អ្នក​ស្ដាប់​អាច​យល់​ចំណុច​ទាំង​ប៉ុន្មាន​ឲ្យ​បាន​ច្បាស់។

[សំណួរ​សម្រាប់​អត្ថបទ​សិក្សា]

១​-​៣​. ហេតុ​អ្វី​ក៏​ត្រូវ​ការ​ពត៌មាន​ជាក់លាក់​ដើម្បី​ជួយ​ឲ្យ​គេ​យល់​ដឹង​ពី​សុន្ទរកថា?

៤​-​៦​. ដើម្បី​នាំ​ឲ្យ​អ្នក​ស្ដាប់​យល់​ដឹង​ពី​សុន្ទរកថា តើ​យើង​ត្រូវ​យក​ចិត្ត​ទុក​ដាក់​នឹង​កត្ដា​ណា​ខ្លះ?

៧, ៨​. តើ​យើង​អាច​ធ្វើ​ឲ្យ​សុន្ទរកថា​ដែល​យើង​ថ្លែង​មាន​ប្រយោជន៍​បាន​យ៉ាង​ណា?

៩​-​១១​. ហេតុ​អ្វី​ក៏​សំខាន់​ដែល​យើង​ថ្លែង​ពត៌មាន​ត្រឹម​ត្រូវ?

១២, ១៣​. តើ​ពត៌មាន​បន្ថែម​ដែល​ជួយ​បំភ្លឺ​នោះ មាន​តម្លៃ​យ៉ាង​ណា?

១៤​-​១៦​. តើ​ត្រូវ​ធ្វើ​អ្វី​ពេល​រៀបចំ​សុន្ទរកថា ដើម្បី​និយាយ​ឲ្យ​គេ​ស្រួល​យល់?

១៧, ១៨​. ហេតុ​អ្វី​ក៏​ត្រូវ​ពន្យល់​ពាក្យ​ដែល​អ្នក​ស្ដាប់​មិន​សូវ​យល់?

១៩, ២០​. តើ​យើង​អាច​ជៀស​វាង​ការ​ប្រើ​ពត៌មាន​ច្រើន​ពេក​យ៉ាង​ដូច​ម្ដេច?

    សៀវភៅភាសាខ្មែរ (១៩៩១-២០២៥)
    ចេញពីគណនី
    ចូលគណនី
    • ខ្មែរ
    • ចែករំលែក
    • ជម្រើស
    • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
    • ល័ក្ខខ័ណ្ឌប្រើប្រាស់
    • គោលការណ៍ស្ដីអំពីព័ត៌មានផ្ទាល់ខ្លួនរបស់លោកអ្នក
    • កំណត់ឯកជនភាព
    • JW.ORG
    • ចូលគណនី
    ចែករំលែក