ចំណុចហាត់រៀនទី១០
ការនិយាយស្ទាត់ មានបែបបទជាការសន្ទនា និងការបន្លឺសូរស័ព្ទ
១ ពេលយើងថ្លែងសុន្ទរកថានៅពីមុខអ្នកស្ដាប់ តើយើងតែងតែនឹកពាក្យមិនឃើញឬ? ពេលអានឲ្យឮៗ តើយើងអានពាក្យឬឃ្លាខ្លះទាក់ឬទេ? បើដូច្នេះមែន យើងមានបញ្ហាក្នុងការនិយាយស្ទាត់។ មនុស្សដែលនិយាយស្ទាត់ គឺជាបុគ្គលដែលនិយាយបានយ៉ាងស្រួល។ គាត់មិនមែនជាមនុស្សដែលនិយាយហូរហែដោយឥតមានខ្លឹមសារនោះទេ។ តែគាត់ចេះថ្លែងយ៉ាងពីរោះក្បោះក្បាយឥតរអាក់រអួល។ ការនិយាយស្ទាត់ត្រូវបានកត់ទុកលើប័ណ្ណឱវាទសំរាប់ការហាត់និយាយ ហើយនេះជាចំណុចដែលយើងយកចិត្តទុកដាក់ជាពិសេស។
២ មូលហេតុធម្មតាដែលមនុស្សខ្លះមិនសូវចេះនិយាយស្ទាត់ គឺដោយសារពួកគេមិនមានគំនិតច្បាស់លាស់ និងមិនបានរៀបចំពត៌មានឲ្យបានល្អទុកជាមុន។ មនុស្សខ្លះក៏មិនចេះពាក្យច្រើនប៉ុន្មាន ឬជ្រើសរើសពាក្យមិនត្រឹមត្រូវ។ ចំពោះការអានមិនស្ទាត់វិញ គឺច្រើនតែមកពីយើងមិនបានហាត់អានឲ្យឮៗ ហើយការមិនសូវចេះពាក្យច្រើនប៉ុន្មានក៏នាំឲ្យយើងអានអាក់ៗផងដែរ។ ការនិយាយមិនស្ទាត់ក្នុងកិច្ចបំរើផ្សាយរបស់យើង គឺអាចទាក់ទងមូលហេតុទាំងប៉ុន្មានខាងលើនេះ រួមទាំងការអៀនខ្មាស និងការមិនមានអារម្មណ៍ប្រាកដក្នុងចិត្ត។ ក្នុងកិច្ចបំរើផ្សាយរបស់យើង នេះជាបញ្ហាដ៏ធ្ងន់មែន ពីព្រោះក្នុងករណីខ្លះ អ្នកស្ដាប់នឹងដើរចេញតែម្ដង។ នៅក្នុងសាលប្រជុំ អ្នកស្ដាប់នឹងមិនដើរចេញទេ ប៉ុន្តែអារម្មណ៍ពួកគេអាចហោះហើរពីនេះទៅនុះ ហើយអ្វីៗដែលយើងនិយាយគឺគ្មានប្រសិទ្ធភាពទេ។ ដូច្នេះ នេះគឺជារឿងដ៏ធ្ងន់ធ្ងរ ហើយយើងប្រាកដជាចង់បណ្ដុះបណ្ដាលឲ្យមានសមត្ថភាពនិយាយស្ទាត់។
៣ អ្នកថ្លែងសុន្ទរកថាជាច្រើនមានទម្លាប់មិនល្អដោយបញ្ចូលពាក្យដូចជា «អើៗ» ឬពាក្យណាផ្សេងទៀតដែលមិនចាំបាច់។ ប្រសិនបើយើងមិនចាប់ភ្លឹកថា យើងនិយាយពាក្យដូចនេះញឹកញាប់នោះ យើងអាចរៀបចំហាត់និយាយដោយមានអ្នកណាម្នាក់ស្ដាប់យើង និងឲ្យគាត់ប្រាប់យើងរាល់ដងដែលយើងនិយាយពាក្យទាំងនោះ។ យើងប្រហែលជានឹងភ្ញាក់ផ្អើល។
៤ មនុស្សឯទៀតតែងតែនិយាយបន្ដិច រួចមកកាត់សំដីខ្លួនឯង និងចាប់ផ្ដើមឃ្លានោះម្ដងទៀត។ បើយើងមានបញ្ហាបែបនេះ សូមខំប្រឹងយកឈ្នះក្នុងពេលយើងនិយាយប្រចាំថ្ងៃចុះ! ចូរខំគិតជាមុនសិន ដើម្បីឲ្យមានចំណុចជាក់ច្បាស់ក្នុងគំនិតយើង។ រួចមក សូមនិយាយចំណុចនោះឲ្យបានចប់ដោយឥតផ្អាក ឬដោយឥតផ្លាស់ប្ដូរគំនិតមុនយើងនិយាយចប់។
៥ ចំណុចមួយទៀត យើងមានទម្លាប់ប្រើពាក្យផ្សេងៗពេលដែលយើងបង្ហាញអារម្មណ៍របស់យើង។ ដូច្នេះ ពាក្យនឹងផុសចេញមកដោយធម្មតា បើយើងដឹងប្រាកដនូវអ្វីដែលយើងចង់និយាយ។ យើងមិនចាំបាច់នឹករកពាក្យទាំងនោះទេ។ តាមការពិត យកល្អឲ្យយើងមានទម្លាប់រៀបចំគំនិតឲ្យបានច្បាស់សិន ហើយក្រោយមកអាចរកពាក្យឲ្យត្រូវតាមគំនិតនោះវិញ។ បើធ្វើដូច្នេះ ហើយផ្ចង់អារម្មណ៍លើគំនិតជាជាងនឹករកពាក្យ នោះនឹងជួយយើងឲ្យនិយាយយ៉ាងស្រួល ហើយនិងបង្ហាញអារម្មណ៍យ៉ាងស្មោះតាមគំនិតរបស់យើង។ ប៉ុន្តែ កាលណាយើងនឹករកពាក្យជាជាងនិយាយតាមគំនិត នោះយើងនឹងនិយាយទាក់ៗជាពុំខាន។
៦ ប្រសិនបើការជ្រើសរើសពាក្យធ្វើឲ្យយើងនិយាយទាក់ៗ យកល្អឲ្យយើងសិក្សាជាទៀងទាត់ដើម្បីឲ្យចេះពាក្យកាន់តែច្រើន។ ក្នុងទស្សនាវដ្ដីប៉មយាម និងប្រកាសនវត្ថុឯទៀតរបស់ស្មរបន្ទាល់ព្រះយេហូវ៉ា យើងគួរយកចិត្តទុកដាក់នឹងពាក្យដែលយើងមិនស្គាល់ និងបន្ថែមពាក្យទាំងនោះក្នុងវាក្យសព្ទដែលយើងប្រើរាល់ថ្ងៃ។
៧ តាមធម្មតា ការអានមិនស្ទាត់មកពីយើងមិនសូវចេះពាក្យទាំងនោះ។ ដូច្នេះ បើយើងមានបញ្ហាបែបនេះ យកល្អឲ្យយើងហាត់អានឲ្យឮៗជាទៀងទាត់។
៨ របៀបមួយដែលយើងអាចហាត់អានបាន គឺដោយជ្រើសរើសមួយឬពីរវគ្គ និងអានក្នុងចិត្តនូវវគ្គទាំងនោះយ៉ាងផ្ចិតផ្ចង់ រហូតដល់យើងស្គាល់គំនិតនៃវគ្គទាំងនោះហើយ។ ចូរកត់សម្គាល់នូវគំនិតនិមួយៗ ទាំងគូសបន្ទាត់ក្រោមឃ្លាដែលបញ្ជាក់នូវគំនិតទាំងនោះ។ រួចមក ចូរចាប់ផ្ដើមហាត់អានឲ្យឮៗនូវពាក្យទាំងប៉ុន្មាននោះ។ ពេលហាត់អាន ចូរអានម្ដងហើយម្ដងទៀត ដរាបដល់យើងអាចអានឃ្លាដែលបញ្ជាក់ឲ្យឃើញនូវគំនិតទាំងមូលដោយឥតអាក់។
៩ ពាក្យដែលយើងមិនសូវចេះ ឬពាក្យដែលពិបាក យើងត្រូវហាត់អានម្ដងហើយម្ដងទៀតទាល់តែស្រួលអានពាក្យទាំងនោះ។ ក្រោយពីយើងចេះអានពាក្យនោះហើយ យើងអាចអានប្រយោគទាំងមូលដែលរួមបញ្ចូលពាក្យពិបាកនោះ រហូតដល់យើងចេះអានពាក្យនោះស្ទាត់ដូចពាក្យឯទៀតដែរ។
១០ ម្យ៉ាងវិញទៀត ចូរឆ្លៀតអានជាញឹកញយ នូវអត្ថបទដែលយើងមិនបានព្រៀងទុកជាមុនដោយអានឲ្យឮៗ។ ជាឧទាហរណ៍ ចូរអានបទគម្ពីរប្រចាំថ្ងៃនិងសេចក្ដីពន្យល់ឲ្យបានឮៗ ពេលយើងមើលជាលើកដំបូង។ នេះអាចធ្វើឲ្យភ្នែកយើងមើលពាក្យទុកជាក្រុមៗ ដែលបង្ហាញនូវគំនិតទាំងមូល ជាជាងមើលតែពាក្យម្ដងមួយៗនោះ។ ប្រសិនបើយើងហាត់អាន យើងអាចយកឈ្នះនូវលក្ខណៈនៃការនិយាយដ៏សំខាន់នេះស្តីអំពីការនិយាយនិងការអានដែលមានប្រសិទ្ធភាព។
**********
១១ លើប័ណ្ណឱវាទ មានលក្ខណៈមួយទៀតនៃការនិយាយដែលយើងគួរបណ្ដុះឲ្យមានគឺសុន្ទរកថាដែល«មានបែបបទជាការសន្ទនា»។ នេះគឺជាលក្ខណៈនិយាយដែលយើងមានរាល់ថ្ងៃ ប៉ុន្តែ ពេលឡើងថ្លែងសុន្ទរកថា តើការនិយាយរបស់យើងមានបែបបទជាការសន្ទនាឬទេ? គួរឲ្យចំឡែកដែរ មនុស្សដែលពូកែសន្ទនានៅមុខហ្វូងមនុស្ស ពេលតម្រូវឲ្យរៀបចំទុកជាមុនដើម្បីថ្លែងសុន្ទរកថា ពួកគេធ្វើហាក់ដូចជាមានអំនួតជាអ្នកមានថ្វីមាត់ ហើយនិយាយដូចជាទេសនាទៅវិញ។ ប៉ុន្តែ របៀបនិយាយដែលមានប្រសិទ្ធភាពជាងគេ គឺការនិយាយដែលមានបែបបទជាការសន្ទនា។
១២ ប្រើពាក្យធម្មតា: ការនិយាយបែបបទជាការសន្ទនាដែលមានប្រសិទ្ធភាពខ្ពស់ គឺច្រើនតែអាស្រ័យលើពាក្យដែលយើងប្រើ។ ពេលរៀបចំសុន្ទរកថាដែលត្រូវថ្លែងដោយឥតមើលកំណត់ តាមធម្មតាគឺមិនល្អទេបើយើងនិយាយពាក្យចំៗតាមសំនេរ។ ពាក្យសរសេរគឺខុសគ្នាពីពាក្យនិយាយ។ ដូច្នេះ ចូររៀបចំគំនិតទាំងប៉ុន្មានឲ្យស្របតាមពាក្យនិយាយរបស់យើងផ្ទាល់វិញ។ កុំនិយាយដោយប្រើឃ្លាដែលមានវេយ្យាករណ៍ស្មុគស្មាញឲ្យសោះ។
១៣ ពាក្យសំដីដែលយើងប្រើនៅលើវេទិកានោះ គួរជាពាក្យដែលប្រើដូចធម្មតាប្រចាំថ្ងៃ។ យើងមិនគួរនិយាយ ហាក់ដូចជាមានមោទនភាពហួសហេតុពេកឡើយ។ យ៉ាងណាក្ដី ពំនោលរបស់យើងពេលថ្លែងសុន្ទរកថាដែលបានរៀបចំទុកជាមុននោះ គឺនឹងមានបែបបទប្រសើរជាងពាក្យសំដីដែលយើងប្រើជាធម្មតាវិញ ពីព្រោះយើងបានរៀបចំគំនិតឲ្យបានល្អជាងទុកជាមុន ហើយពេលនិយាយយើងក៏និយាយមិនរអាក់រអួលដែរ។ ជាលទ្ធផល ពាក្យរបស់យើងត្រូវរៀបរៀងបានល្អជាងដែរ។
១៤ នេះបញ្ជាក់ថា ការហាត់និយាយជារៀងរាល់ថ្ងៃគឺសំខាន់ណាស់។ ពេលយើងនិយាយ ចូរនិយាយដោយស្មោះ។ កុំប្រើពាក្យអ្នកផ្សារ។ កុំប្រើពាក្យដដែលៗពេលបង្ហាញពីគំនិតផ្សេងទៀតដែលយើងចង់ប្រាប់នោះ។ ចូររៀនឲ្យចេះនិយាយដោយមានខ្លឹមសារ។ ចូរយកចិត្តទុកដាក់នឹងពាក្យដែលយើងប្រើក្នុងការសន្ទនារាល់ថ្ងៃ ហើយពេលដែលយើងថ្លែងសុន្ទរកថាលើវេទិកា នោះយើងនឹងនឹកឃើញពាក្យស្រួលជាង ហើយអាចនិយាយបែបជាការសន្ទនាធម្មតា ដោយមានវោហារហើយពីរោះផង ទាំងងាយស្ដាប់ងាយយល់ដែរ។
១៥ នេះគឺសំខាន់ជាពិសេសនៅក្នុងកិច្ចបំរើផ្សាយ។ ហើយក្នុងសុន្ទរកថារបស់យើង ប្រសិនបើយើងមានលំដាប់រៀបចំនិយាយជាមួយម្ចាស់ផ្ទះ ចូរនិយាយដូចជាយើងកំពុងតែផ្សព្វផ្សាយ ដោយប្រើពាក្យធម្មតានិងស្រួលយល់។ នេះនឹងធ្វើឲ្យសុន្ទរកថាមានសភាពដូចទិដ្ឋភាពជាក់ស្តែង ហើយសំខាន់ជាងនេះទៅទៀត នឹងបង្ហាត់យើងឲ្យចេះពន្យល់យ៉ាងណាដែលមានប្រសិទ្ធភាពក្នុងកិច្ចបំរើផ្សាយ។
១៦ របៀបនិយាយដែលមានបែបបទជាការសន្ទនា: ការនិយាយដែលមានបែបបទជាការសន្ទនាមិនពឹងទាំងស្រុងទៅលើពាក្យដែលយើងប្រើប៉ុណ្ណោះទេ។ របៀបដែលយើងថ្លែងក៏សំខាន់ដែរ។ នេះគឺទាក់ទងនឹងការប្ដូរសូរស័ព្ទ ការលើកដាក់សម្លេង និងការប្រើពាក្យធម្មតា។ យើងគួរនិយាយបែបជាធម្មតា តែឲ្យពិស្ដារចំពោះអ្នកស្ដាប់។
១៧ បែបបទជាការសន្ទនាគឺផ្ទុយនឹងការសូត្រតាមសំនេរ។ បែបបទជាការសន្ទនាគឺមិនមែនមានលក្ខណៈដូចការទេសនាទេ ហើយមិនត្រូវនិយាយដោយបញ្ចេញសម្លេងខុសប្លែកពីធម្មតាដែរ។
១៨ សុន្ទរកថាដំបូងរបស់អ្នកថ្លែងប្រហែលជាមិនសូវមានបែបបទជាការសន្ទនាទេ នេះគឺដោយសារបានរៀបចំរបៀបនិយាយហ្មត់ចត់ពេក។ ពេលរៀបចំថ្លែងសុន្ទរកថា កុំគិតថាយើងត្រូវនិយាយពាក្យចំៗរហូតដល់ទន្ទេញចាំពាក្យទាំងនោះឡើយ។ បើត្រៀមថ្លែងសុន្ទរកថាដោយឥតមើលកំណត់ ពេលរៀបចំនោះ យើងគួរយកចិត្តទុកដាក់តែនឹងការបញ្ជាក់គោលគំនិតប៉ុណ្ណោះ។ យើងគួរពិនិត្យមើលគោលគំនិតទាំងប៉ុន្មានរហូតដល់គោលគំនិតនិមួយៗស៊ីគ្នា។ នេះគឺមិនពិបាកទេ បើយើងបានរៀបចំគោលគំនិតតាមលំដាប់លំដោយនិងសមហេតុផល។ រួចមក ពេលថ្លែងសុន្ទរកថាវិញ យើងនឹងចាំគំនិតនោះបានយ៉ាងស្រួល។ បើយើងរៀបចំបែបនេះ ហើយថ្លែងសុន្ទរកថាដោយប្រាថ្នាចង់មានទំនាក់ទំនងពិតជាមួយអ្នកស្ដាប់ នោះសុន្ទរកថារបស់យើងនឹងមានបែបបទជាការសន្ទនាមែន។
១៩ វិធីមួយដែលយើងអាចបង្ខំខ្លួនឲ្យនិយាយមានបែបបទជាការសន្ទនានោះ គឺដោយនិយាយទៅកាន់មនុស្សម្នាក់ៗក្នុងចំណោមអ្នកស្ដាប់។ សូមនិយាយទៅកាន់អ្នកស្ដាប់ម្ដងម្នាក់ៗ។ ចូរគិតអំពីបុគ្គលនោះ ហាក់ដូចជាគាត់បានសួរសំនួរពីយើង ហើយយើងកំពុងតែឆ្លើយសំនួរនោះវិញ។ ពេលយើងថ្លែងគោលគំនិតណាមួយ ចូរថ្លែងហាក់ដូចជាយើងកំពុងតែនិយាយជាមួយបុគ្គលនោះ។ រួចមក និយាយទៅកាន់បុគ្គលម្នាក់ទៀត ហាក់ដូចជាកំពុងតែនិយាយជាមួយគាត់ផ្ទាល់ដែរ។
២០ ការរក្សាឲ្យមានបែបបទជាការសន្ទនាពេលដែលយើងអាននោះ គឺជាលក្ខណៈនិយាយដ៏ពិបាកមួយ តែជាលក្ខណៈមួយដែលសំខាន់មែនទែន។ ប្រាកដមែន ការអាននៅមុខសាធារណជននោះ គឺច្រើនតែស្រង់ចេញពីព្រះគម្ពីរ ពេលយើងអានបទគម្ពីរដែលទាក់ទងនឹងសុន្ទរកថាដែលមិនសូវមើលកំណត់។ យើងគួរអានព្រះគម្ពីរដោយបញ្ចេញអារម្មណ៍ ហើយដោយយល់នូវអត្ថន័យផងដែរ។ យើងគួរអានបែបយ៉ាងណាឲ្យមានភាពរស់រវើក។ ម្យ៉ាងវិញទៀត អ្នកបំរើពិតរបស់ព្រះមិនគួរលើកដាក់សម្លេងបែបថាខ្លួនបរិសុទ្ធជាងគេ ដូចពួកបព្វជិតសាសនាផ្សេងៗទេ។ អ្នកបំរើរបស់ព្រះយេហូវ៉ានឹងអានព្រះគម្ពីរដោយសង្កត់សម្លេងលើពាក្យដែលព្រះគម្ពីរនេះតម្រូវ ហើយមិនត្រូវនិយាយដោយបញ្ចេញសម្លេងខុសប្លែកពីធម្មតាឡើយ។
២១ ការអានទស្សនាវដ្ដីប៉មយាម ឬវគ្គនៅក្នុងការសិក្សាសៀវភៅតាមក្រុម ក៏យើងត្រូវអានឲ្យមានបែបបទជាការសន្ទនាដែរ។ ពាក្យនិងវេយ្យាករណ៍ក្នុងសៀវភៅទាំងនេះគឺមិនមានបែបបទជាការសន្ទនាទេ ដូច្នេះការអានមិនតែងតែមានរបៀបដូចជាការសន្ទនាឡើយ។ ប៉ុន្តែ បើយើងយល់នូវអត្ថន័យនៃអ្វីដែលយើងកំពុងតែអាននោះ ហើយអានតាមរបៀបនិយាយធម្មតា ព្រមទាំងបញ្ជាក់អត្ថន័យ នោះយើងអាចអានហាក់ដូចកំពុងតែនិយាយដោយឥតមើលកំណត់ ទោះជាប្រើពាក្យខ្លះៗដែលយើងមិនប្រើជាធម្មតាក្ដី។ ដូច្នេះ បើយើងអាចរៀបចំទុកជាមុននោះ យើងគួរមានទម្លាប់គូសបន្ទាត់នៅត្រង់ពាក្យណាដែលនឹងជួយយើងអានស្ទាត់ និងខំប្រឹងអស់ពីសមត្ថភាពដើម្បីថ្លែងពត៌មានតាមរបៀបត្រឹមត្រូវហើយដូចធម្មតា។
២២ ដើម្បីអាននិងនិយាយឲ្យមានលក្ខណៈជាការសន្ទនា នោះយើងត្រូវបង្ហាញនូវភាពស្មោះត្រង់និងភាពធម្មតាជាទីបំផុត។ ចូរឲ្យយើងមានចិត្តស្មោះពោរពេញ ហើយនិយាយដោយទាក់ទាញចិត្តអ្នកស្ដាប់ផងដែរ។
២៣ យើងមិនគួរធ្វើពុតដោយប្រើពាក្យសំដីល្អៗទេ ដូចជាយើងមិនគួរធ្វើពុតជាមនុស្សមានសុជីវធម៌ដែរ។ ផ្ទុយទៅវិញ បើយើងបង្ហាញសុជីវធម៌កាលដែលយើងនៅឯផ្ទះ នោះយើងនឹងបង្ហាញសុជីវធម៌ពេលដែលយើងនៅជាមួយមនុស្សឯទៀតដែរ។ ដូចគ្នាដែរ បើយើងប្រើសំដីល្អៗជារៀងរាល់ថ្ងៃ នោះយើងនឹងប្រើសំដីល្អៗពេលយើងថ្លែងសុន្ទរកថាដែរ។
**********
២៤ ការបន្លឺសូរស័ព្ទ: ការបន្លឺសូរស័ព្ទត្រឹមត្រូវគឺសំខាន់ដែរ ហើយត្រូវដាក់ជាលក្ខណៈផ្សេងលើប័ណ្ណឱវាទសំរាប់ការហាត់និយាយ។ បងប្អូនគ្រីស្ទានជាច្រើននាក់ក៏ដូចជាពេត្រុសនិងយ៉ូហានដែរ ពួកគេមិនបានរៀនសូត្រជ្រៅជ្រះនោះទេ ដូច្នេះលោកីយ៍បានចាត់ទុកពួកគាត់ជាមនុស្សមិនសូវចេះជ្រៅជ្រះ ហើយឥតបានរៀនសូត្រប៉ុន្មានផង។ យ៉ាងណាក៏ដោយ គឺសំខាន់ណាស់ដែលយើងមិនធ្វើឲ្យមនុស្សមើលងាយសារដែលយើងប្រកាសផ្សាយនោះ ដោយសារយើងបន្លឺសូរស័ព្ទមិនត្រឹមត្រូវ។ បើយើងយកចិត្តទុកដាក់ឲ្យមែនទែន យើងក៏អាចកែតម្រូវការបន្លឺសូរស័ព្ទឲ្យបានប្រសើរវិញ។
២៥ ប្រសិនបើយើងបន្លឺសូរស័ព្ទមិនល្អ នោះយើងអាចធ្វើឲ្យអ្នកស្ដាប់យល់ខុសនូវពត៌មាននោះ ហើយនេះគឺជាអ្វីដែលយើងមិនចង់ធ្វើទាល់តែសោះ។ ពេលដែលយើងឮអ្នកថ្លែងសុន្ទរកថាបន្លឺសូរស័ព្ទខុស នោះអាចប្រៀបដូចជាភ្លើងស្តុប ដែលប្រហែលជាធ្វើឲ្យយើងឈប់ស្ដាប់ការពន្យល់របស់គាត់តទៅទៀត ដោយចេះតែគិតអំពីពាក្យដែលគាត់បន្លឺសូរស័ព្ទខុសវិញ។ នេះអាចបង្វែរអារម្មណ៍របស់យើងឲ្យលែងគិតអំពីអ្វីដែលគាត់កំពុងតែនិយាយ បែរជាគិតអំពីរបៀបបន្លឺសូរស័ព្ទវិញ។
២៦ បើនិយាយទូទៅ មានបញ្ហាបីយ៉ាងដែលទាក់ទងនឹងការបន្លឺសូរស័ព្ទ។ បញ្ហាទីមួយ គឺមានពាក្យខ្លះដែលបន្លឺសូរស័ព្ទខុសពីសំនេរ។ ពាក្យភាសាសំស្ក្រឹតនិងភាសាបាលីមានសូរស័ព្ទពីរឬច្រើនទៀត ហើយនេះធ្វើឲ្យការបន្លឺសូរស័ព្ទកាន់តែពិបាកខ្លាំងទៀត។ បញ្ហាទីពីរ គឺមានការបន្លឺសូរស័ព្ទដែលត្រឹមត្រូវហួសហេតុ ដែលស្ដាប់ដូចជានិយាយឥតស្មោះ ឬដូចជាអួតខ្លួនទៅវិញ។ យើងមិនចង់បន្លឺសូរស័ព្ទបែបនេះទេ។ បញ្ហាទីបី គឺដោយបន្លឺសូរស័ព្ទដែលមិនពីរោះស្ដាប់ ដែលនិយាយជាភាសាអ្នកផ្សារមិនត្រូវតាមតួអក្សរ ដោយបង្អូសពាក្យ ឬលេបព្យាង្គ និងទម្លាប់ផ្សេងទៀតជាដើម។ យើងគួរជៀសវាងទម្លាប់ទាំងនេះ។
២៧ តាមធម្មតាក្នុងពាក្យសំដីរបស់យើង យើងប្រើពាក្យដែលយើងស្គាល់ ដូច្នេះយើងគ្មានបញ្ហាក្នុងការបន្លឺសូរស័ព្ទទេ។ ប៉ុន្តែ បញ្ហាដ៏ធំគឺពេលអាន។ ស្មរបន្ទាល់ព្រះយេហូវ៉ាអានភាគច្រើននៅមុខអ្នកស្ដាប់ ហើយក៏អានម្នាក់ឯងដែរ។ ពេលយើងទៅផ្សព្វផ្សាយ យើងអានព្រះគម្ពីរជូនម្ចាស់ផ្ទះស្ដាប់។ ជួនកាល យើងត្រូវអានពេលសិក្សាទស្សនាវដ្ដីប៉មយាម នៅពេលសិក្សាព្រះគម្ពីរតាមផ្ទះ ឬនៅឯការសិក្សាសៀវភៅតាមក្រុមជំនុំ។ គឺសំខាន់ណាស់ដែលយើងអានឲ្យត្រឹមត្រូវ និងបន្លឺសូរស័ព្ទឲ្យត្រឹមត្រូវដែរ។ បើមិនដូច្នេះទេ អ្នកស្ដាប់អាចគិតថា យើងមិនយល់អំពីអ្វីដែលយើងកំពុងតែពន្យល់ទេ។ ការអានមិនត្រឹមត្រូវក៏ធ្វើឲ្យមនុស្សមិនចាប់អារម្មណ៍នឹងសាររបស់យើង។
២៨ អ្នកត្រួតពិនិត្យសាលាមិនគួរជូនឱវាទជ្រុលពេកស្តីអំពីការបន្លឺសូរស័ព្ទខុស។ ប្រសិនបើសិស្សបន្លឺសូរស័ព្ទខុសពីរបីម៉ាត់ នោះការឲ្យឱវាទពេលប្រជុំចប់គឺគ្រប់គ្រាន់ហើយ។ ប៉ុន្តែ បើយើងបន្លឺសូរស័ព្ទខុសតែបីបួនម៉ាត់ក្នុងសុន្ទរកថា ហើយពាក្យនោះជាពាក្យដែលយើងប្រើជាញឹកញាប់រាល់ថ្ងៃឬក្នុងកិច្ចបំរើផ្សាយរបស់យើង នោះមានប្រយោជន៍ឲ្យអ្នកជូនឱវាទប្រាប់សិស្សអំពីពាក្យខុសទាំងនេះ ដើម្បីឲ្យសិស្សរៀនបន្លឺសូរស័ព្ទឲ្យបានត្រឹមត្រូវ។
២៩ ផ្ទុយទៅវិញ បើសិស្សអានព្រះគម្ពីរ ហើយបន្លឺសូរស័ព្ទខុសត្រង់ឈ្មោះភាសាហេព្រើរមួយឬពីរម៉ាត់នោះ នេះមិនមែនជាចំណុចខ្សោយពេកទេ។ ប៉ុន្តែ បើសិស្សបន្លឺសូរស័ព្ទឈ្មោះជាច្រើនខុសវិញ នេះបញ្ជាក់ថាគាត់ពុំបានរៀបចំល្អទេ ក៏គួរនឹងទទួលឱវាទដែរ។ សិស្សត្រូវទទួលជំនួយដើម្បីចេះគិតពីរបៀបបន្លឺសូរស័ព្ទឲ្យបានត្រឹមត្រូវ ហើយក្រោយមកគួរហាត់អានឲ្យឮៗ។
៣០ ការបន្លឺសូរស័ព្ទត្រឹមត្រូវពេកក៏ដូច្នេះដែរ។ ប្រសិនបើនេះធ្វើឲ្យអ្នកស្ដាប់ពុំយកចិត្តទុកដាក់ស្ដាប់សុន្ទរកថា ហើយសិស្សធ្វើបែបនេះជាញឹកញាប់ នោះគាត់គួរទទួលជំនួយ។ យើងក៏ចង់កត់សម្គាល់ថា ពេលដែលមនុស្សនិយាយញាប់ពេក ភាគច្រើននិយាយជាភាសាអ្នកផ្សារដែលមិនបន្លឺសូរស័ព្ទតាមតួអក្សរនោះទេ។ បើដូច្នេះមិនចាំបាច់ឲ្យឱវាទអំពីបញ្ហានេះទេ ប៉ុន្តែបើនេះជាទម្លាប់របស់សិស្សវិញ ហើយគាត់និយាយជាភាសាអ្នកផ្សារដែលមិនបន្លឺសូរស័ព្ទតាមតួអក្សរ ហើយធ្វើឲ្យពិបាកយល់នូវពាក្យដែលកំពុងនិយាយ ឬអ្នកស្ដាប់លែងចង់ស្ដាប់សារនោះ យកល្អឲ្យគាត់ទទួលជំនួយក្នុងការបន្លឺសម្លេង។
៣១ ប្រាកដហើយ អ្នកជូនឱវាទនឹងយល់ថា តាមតំបន់ផ្សេងៗក៏មានការបន្លឺសូរស័ព្ទខុសៗគ្នាដែរ។ សូម្បីតែក្នុងវចនានុក្រម ក៏ប្រាប់នូវរបៀបបន្លឺសូរស័ព្ទផ្សេងៗដែរ តែទាំងអស់ត្រូវដូចគ្នា។ ដូច្នេះ អ្នកជូនឱវាទនឹងប្រយ័ត្នពេលជូនឱវាទអំពីការបន្លឺសូរស័ព្ទ។ គាត់មិនប្រកាន់អំពីការបន្លឺសូរស័ព្ទតាមតែគាត់ចូលចិត្តប៉ុណ្ណោះទេ។
៣២ ប្រសិនបើយើងមានបញ្ហាខាងការបន្លឺសូរស័ព្ទ នោះយើងអាចដោះស្រាយបញ្ហានេះបានឲ្យតែយើងខំប្រឹងព្យាយាម។ សូម្បីតែអ្នកថ្លែងដែលមានបទពិសោធន៍ ពេលទទួលភារកិច្ចឲ្យអាន ជួនកាលគាត់ឆែកមើលពាក្យពិបាកៗក្នុងវចនានុក្រមដែរ។ ពួកគាត់មិនចេះតែអានដោយព្រាវៗទេ។ ដូច្នេះ ចូរឆែកមើលវចនានុក្រមជាមុនសិន។
៣៣ របៀបមួយទៀតដែលយើងអាចបង្កើននូវសមត្ថភាពបន្លឺសូរស័ព្ទ គឺឲ្យអ្នកដែលចេះបន្លឺសូរស័ព្ទយ៉ាងល្អស្ដាប់យើងអាន ហើយសុំគាត់ប្រាប់យើងឲ្យឈប់អាននិងកែតម្រង់យើង ពេលដែលយើងបន្លឺសូរស័ព្ទខុសនោះ។
៣៤ វិធីទីបី គឺដោយប្រុងស្ដាប់វាគ្មិនឬអ្នកដែលចេះនិយាយពីរោះ។ ពេលស្ដាប់ ចូរគិតផងដែរ ព្រមទាំងកត់សម្គាល់នូវពាក្យដែលគេបន្លឺសូរស័ព្ទផ្សេងពីរបៀបដែលយើងបន្លឺសូរស័ព្ទ។ ចូរសរសេរពាក្យទាំងនោះចុះ ហើយឆែកមើលពាក្យនោះក្នុងវចនានុក្រមនិងហាត់អានពាក្យនោះ។ មិនយូរទេ យើងនឹងចេះបន្លឺសូរស័ព្ទបានត្រឹមត្រូវ។ ការនិយាយយ៉ាងស្ទាត់ដែលមានបែបបទជាការសន្ទនា ហើយការបន្លឺសូរស័ព្ទត្រឹមត្រូវ នឹងជួយឲ្យយើងចេះនិយាយបានកាន់តែប្រសើរឡើងៗ។
[សំណួរសម្រាប់អត្ថបទសិក្សា]
១-៤. សូមប្រាប់អំពីអ្វីដែលសម្គាល់ការនិយាយដែលមិនស្ទាត់ និងមូលហេតុដែលមនុស្សខ្លះនិយាយដូច្នេះ។
៥-១០. តើមានយោបល់អ្វីខ្លះ ដើម្បីឲ្យអ្នកថ្លែងនិយាយបានយ៉ាងស្ទាត់?
១១-១៥. តើបែបបទជាការសន្ទនាអាស្រ័យលើការប្រើពាក្យយ៉ាងដូចម្ដេច?
១៦-១៩. សូមប្រាប់នូវរបៀបដែលការថ្លែងអាចមានអានុភាពលើបែបបទជាការសន្ទនា។
២០-២៣. តើយើងអាចធ្វើឲ្យការអានមានសូរស័ព្ទដូចធម្មតាបានយ៉ាងណា?
២៤, ២៥. ហេតុអ្វីក៏យើងមិនចង់មានទម្លាប់បន្លឺសូរស័ព្ទខុស?
២៦, ២៧. តើមានបញ្ហាអ្វីខ្លះ ដែលទាក់ទងនឹងការបន្លឺសូរស័ព្ទ?
២៨-៣៤. តើយើងអាចទទួលជំនួយអ្វី ដើម្បីឲ្យចេះបន្លឺសូរស័ព្ទបានល្អជាង?