តើការឈឺចាប់នឹងកន្លងផុតទៅឬទេ?
តើអ្នកស្គាល់នរណាម្នាក់ ដែលមិនធ្លាប់បានរងទុក្ខលំបាកក្នុងជីវិតរបស់គេសោះឬទេ? ប្រហែលជាអត់ទេ! ហើយអ្នកមានស្គាល់នរណាដែលអាចពន្យល់ប្រាប់ឲ្យអ្នកជឿបានថា ហេតុអ្វីបានជាមានការឈឺចាប់ច្រើនយ៉ាងនេះក្នុងពិភពលោកឬទេ? តើអ្នកដឹងថា ហេតុអ្វីបានជាមនុស្សមានការឈឺចាប់ឬទេ?
មនុស្សជាច្រើនគិតថា នេះគឺមកពីកម្ម ជាការបង្រៀនមួយដែលថាមនុស្សឈឺចាប់រងកម្មលំបាក ដោយព្រោះអំពើដែលគេបានប្រព្រឹត្តកាលពីជាតិមុន។ ជំនឿជឿលើកម្មគឺត្រូវគេទទួលស្គាល់ថាសមតាមទំនង ដ្បិតជាញឹកញយមនុស្សតែងរងទុក្ខលំបាក មិនមែនមកពីកំហុសរបស់គេទេ។ គេប្រហែលជាចាប់កំណើតមកក្នុងគ្រួសារក្រីក្រ ហើយអ្នកខ្លះវិញបានកើតមក ទាំងពិការខ្វិនខ្វាក់ផង។ គេតែងយល់ជាធម្មតាថា មនុស្សទាំងនេះកំពុងត្រូវទណ្ឌកម្មដោយព្រោះអំពើអាក្រក់ណាមួយ ដែលពួកគេបានប្រព្រឹត្តកាលពីជាតិមុន។ ឯអ្នកក៏ប្រហែលជាយល់យ៉ាងដូច្នេះដែរ។
ប៉ុន្តែ មិនមែនមនុស្សរាល់គ្នាយល់ស្របនឹងទស្សនៈនេះទេ។ មនុស្សជាច្រើននាក់ជឿថា មនុស្សមិនដែលមានជីវិតរស់នៅកាលពីជាតិមុន ដែលប៉ះពាល់ដល់ជីវិតរបស់គេក្នុងគ្រាបច្ចុប្បន្ននេះឡើយ។ ទស្សនៈបែបនេះគឺសមល្អគួរតែយើងពិចារណាមើល។ ហេតុអ្វី? សូមពិចារណាមើលស្ថានការណ៍ខាងក្រោមនេះ។
នៅប្រទេសខ្លះ មនុស្សភាគច្រើនក្រីក្រណាស់។ ជាលទ្ធផល ក្មេងភាគច្រើនដែលរស់នៅក្នុងប្រទេសនេះត្រូវរងទុក្ខលំបាកច្រើនឥតល្ហែ ហើយតែងឈឺគ្មានស្បើយនិងក្ររហេមរហាមអស់មួយជីវិត។ តើនេះមានន័យថាពួកក្មេងទាំងអស់នេះ ជាមនុស្សអាក្រក់កាលពីជាតិមុន ហើយដូច្នេះក៏ត្រូវរងទុក្ខគ្រាំគ្រាក្នុងពេលឥឡូវនេះឬ? ម្យ៉ាងវិញទៀត នៅប្រទេសដែលមានស្តុកស្តម្ភ ក្មេងជាច្រើនបានកើតមកក្នុងគ្រួសារ ដែលមានជីវភាពធូរធារ។ ម្ល៉ោះហើយ ពួកគេក៏មានសុខភាពល្អគ្មានការឈឺថ្កាត់ ហើយជួបនឹងផលល្អច្រើនជាងពួកក្មេង ដែលរស់នៅក្នុងប្រទេសក្រីក្រ។ តើនេះមានន័យថា ពួកអ្នកដែលកើតក្នុងប្រទេសមានស្តុកស្តម្ភ គឺជាមនុស្សល្អកាលពីជាតិមុនជាងពួកអ្នកដែលកើតក្នុងប្រទេសក្រីក្រឬ?
តើការជឿដូច្នេះគឺសមហេតុសមផលឬទេ? តើនេះមិនបណ្ដាលឲ្យយើងសន្និដ្ឋានថា ពួកអ្នកដែលកើតក្នុងប្រទេសមានស្តុកស្តម្ភ គឺជាមនុស្សល្អជាងពួកអ្នកដែលកើតក្នុងប្រទេសក្រីក្រទេឬ? តែយើងដឹងថានោះគឺមិនពិតទេ។ ដូច្នេះ មានមូលហេតុល្អមួយដែលយើងមិនគួរជឿលើជំនឿ ដែលថា ការឈឺចាប់នៃបុគ្គលម្នាក់ក្នុងគ្រាបច្ចុប្បន្ន គឺជាលទ្ធផលនៃអំពើអាក្រក់ណាមួយដែលគេបានធ្វើក្នុងជាតិមុនតាមការស្មាននោះឡើយ។ តើមានរបៀបណាមួយដែលយើងអាចដឹងសេចក្ដីពិត អំពីរឿងនេះឲ្យជាក់លាក់បាននោះ?
គឺមាន ហើយនេះមានពន្យល់ក្នុងសៀវភៅមួយដ៏បុរាណបំផុតដែលនៅឋិតថេរ។ សៀវភៅនេះបានត្រូវបកប្រែចេញជាភាសាផ្សេងៗជាច្រើនលើសជាងសៀវភៅណាឯទៀត ដូច្នេះហើយ មនុស្សទូទាំងផែនដីក៏អាចមានសៀវភៅនេះមកអានគ្រប់ៗគ្នា។ សៀវភៅនេះបានត្រូវសរសេរដោយមនុស្សដែលរស់នៅមជ្ឈិមបូព៌ា ហើយគេតែងហៅវាថាព្រះគម្ពីរបរិសុទ្ធ។
សៀវភៅបុរាណនេះប្រាប់យើងថា បុរសនិងស្ត្រីពីរនាក់ដំបូងបង្អស់គឺបានត្រូវបង្កើតមកជាមនុស្សល្អគ្រប់ល័ក្ខណ៍។ ពួកគេបានត្រូវដាក់ឲ្យរស់នៅក្នុងបរិយាកាសដ៏ល្អឥតខ្ចោះ—គឺក្នុងទីមនោរម្យដែលជាសួនច្បារយ៉ាងល្អស្អាតមួយ។ ដូច្នេះ ពួកគេមានជីវិតរស់នៅ ដែលគ្មានការឈឺចាប់អ្វីទាំងអស់។ ពួកគេបានត្រូវបង្កើតមកដោយព្រះអាទិទេពរបស់គេ ឲ្យចេះលៃលកដោះស្រាយបានទាំងអស់ នូវឧបសគ្គណាដែលគេអាចជួបប្រទះ ដោយគ្មានពិសោធនឹងការឈឺចាប់ណាឡើយ។ មានល័ក្ខខ័ណ្ឌដ៏សំខាន់មួយដែលពួកគេត្រូវធ្វើតាម ដើម្បីនឹងបានជីវិតគង់វង្សដោយសុភមង្គលរហូតតទៅ។ ការតម្រូវនេះគឺថា ពួកគេត្រូវតែសម្ដែងការដឹងគុណចំពោះព្រះអាទិទេពរបស់គេ ដោយស្ដាប់តាមវិន័យរបស់ទ្រង់សំរាប់ការរស់នៅ។
តែគួរឲ្យស្ដាយណាស់ មុននឹងស្វាមីភរិយាមួយគូមុនដំបូងនេះបានបង្កើតកូន ពួកគេក៏បានរមិលព្រះ ដោយមិនព្រមស្ដាប់តាមបញ្ជាដ៏ស្រួលមួយ ពីព្រះអាទិទេពរបស់គេ។ ជាលទ្ធផល ពួកគេក៏បានបាត់បង់សុខភាពដ៏ល្អឥតខ្ចោះ និងទីលំនៅដ៏ជាសួនច្បារល្អស្អាតរបស់គេទៅ។ មិនយូរក្រោយមក ការឈឺចាប់ផ្សេងៗគ្រប់បែបយ៉ាងក៏ចាប់កើតមានឡើង គឺមានរួមទាំងជម្ងឺឈឺថ្កាត់ ហើយនៅទីបំផុតភាពចាស់ជរានិងសេចក្ដីស្លាប់ផង។ ពេលកូនៗរបស់គេកើតមក នោះពួកកូនៗបានទទួលនូវមរតកដ៏ឥតគ្រប់ល័ក្ខណ៍ពីឪពុកម្ដាយរបស់គេ។ ដូច្នេះ តាំងពីកំណើតមក មនុស្សមិនអាចជៀសផុតបានទេ ពីការឈឺចាប់ជាច្រើនយ៉ាង ហើយមុខតែនឹងត្រូវក្លាយជាចាស់ជរា ហើយស្លាប់ទៅមិនខានឡើយ។
តើអ្នកយល់ថានេះគួរជឿបានឬទេ? បើអត់ទេ សូមពិចារណាសេចក្ដីនេះ៖ មានកូនក្មេងរាប់ពាន់នាក់ កើតមកមានមេរោគដែលនាំឲ្យកើតជម្ងឺអេដស៍។ នេះគឺប្រាកដជាមិនមែនមកពីអំពើអាក្រក់ណា ដែលពួកក្មេងទាំងនេះបានធ្វើនោះឡើយ។ គឺមិនមែនទេ ពួកគេមានមេរោគគឺពីព្រោះវាឆ្លងមកពីម្ដាយរបស់គេ ដែលមានមេរោគនោះ។ ម្ដាយគេប្រហែលមានរោគឆ្លងនេះ ពីព្រោះការរស់នៅដ៏ឥតសីលធម៌ ឬក៏នាងមានរោគនេះឆ្លងមកពីប្ដីនាង ដែលមានរបៀបរស់នៅដ៏ឥតសីលធម៌។ ក្នុងករណីណាក៏ដោយ មេរោគនេះបានឆ្លងទៅដល់កូនក្នុងផ្ទៃរបស់នាង។ ក៏ស្រដៀងគ្នាដែរគឺមកពីកត្ដារូបកាយ បានជាកូនចៅនៃមនុស្សប្រុសស្រីមួយគូដំបូងដែលឥតស្ដាប់បង្គាប់ បានកើតមកដោយឥតគ្រប់ល័ក្ខណ៍នោះ។
ព្រះគម្ពីរប្រាប់យើងថា មនុស្សទាំងអស់គឺកើតមកពីស្វាមីភរិយាមួយគូដំបូងនេះ។ ដូច្នេះ មនុស្សទាំងអស់គឺមិនមែនគ្រប់ល័ក្ខណ៍ទេតាំងពីកំណើតមក ម្ល៉ោះហើយក៏រមែងត្រូវទទួលការឈឺចាប់ដែរ។ ដូច្នេះ ព្រះគម្ពីរបង្ហាញថា ភាពឥតគ្រប់ល័ក្ខណ៍ដែលមនុស្សមានពីកំណើតមក ព្រមទាំងការរស់នៅក្នុងបរិយាកាសឥតគ្រប់ល័ក្ខណ៍ គឺជាមូលហេតុធំបំផុតដែលធ្វើឲ្យមនុស្សមានការឈឺចាប់សព្វថ្ងៃនេះ។
ដ្បិតគ្មានមនុស្សណាអាចកែប្រែការទាំងនេះបាន អ្នកប្រហែលជាងឿងឆ្ងល់ថា៖ ‹តើគ្មានសេចក្ដីសង្ឃឹមនឹងជៀសផុតពីស្ថានភាពដ៏កំសត់នេះទេឬអី?› ចម្លើយក្នុងព្រះគម្ពីរគឺដូចនេះ៖ ព្រះអាទិទេពព្រះនាមទ្រង់គឺយេហូវ៉ា បានធ្វើសំវិធានការតាមរយៈព្រះបុត្រារបស់ទ្រង់គឺព្រះយេស៊ូគ្រីស្ទ ដើម្បីនឹងតាំងមនុស្សជាតិឲ្យបានគ្រប់ល័ក្ខណ៍ឡើងវិញ ហើយនឹងធ្វើផែនដីទាំងមូល ឲ្យទៅជាសួនមនោរម្យយ៉ាងស្រស់ស្អាត។ ព្រះគម្ពីរចែងប្រាប់ថា៖ «ព្រះទ្រង់ស្រឡាញ់មនុស្សលោក ដល់ម្ល៉េះបានជាទ្រង់ប្រទានព្រះរាជបុត្រាទ្រង់តែ១ ដើម្បីឲ្យអ្នកណាដែលជឿដល់ព្រះរាជបុត្រានោះ មិនត្រូវវិនាសឡើយ គឺឲ្យមានជីវិតអស់កល្បជានិច្ចវិញ»។—យ៉ូហាន ៣:១៦
ដោយព្រោះសេចក្ដីស្រឡាញ់និងសេចក្ដីមេត្ដាករុណា ព្រះអាទិទេពនឹងប្រើព្រះរាជបុត្រានៃទ្រង់ គឺព្រះយេស៊ូគ្រីស្ទ ឲ្យដោះលែងមនុស្សលោកឲ្យរួចទាំងស្រុង ពីភាពឥតគ្រប់ល័ក្ខណ៍ និងពីការឈឺចាប់នានាដែលជាប់មកជាមួយផង។ តាមរយៈព្រះយេស៊ូ ព្រះអាទិទេពនឹងកំចាត់ចេញពីផែនដី អស់អ្នកដែលជិះជាន់មនុស្សឯទៀត និងអស់អ្នកដែលឥតខ្វល់ខ្វាយសោះ នឹងរបៀបដែលព្រះអាទិទេពដ៏ខ្ពង់ខ្ពស់ប្រាថ្នាចង់ឲ្យមនុស្សរស់នៅ។ ដូចចែងក្នុងបទគម្ពីរ យ៉ូហាន ៣:១៦ គឺមានតែពួកអ្នកដែល‹មានជំនឿ› ជាពួកអ្នកដែលសម្ដែងឲ្យឃើញថា គេដឹងគុណចំពោះទ្រង់ នឹងត្រូវអនុញ្ញាតឲ្យរស់នៅក្នុងពិភពលោកថ្មី ដែលព្រះអាទិទេពនឹងតាំងឡើង ក្នុងពេលឆាប់ៗខាងមុខនេះ។
អ្នកប្រហែលជាភ្ញាក់ក្នុងចិត្តដោយដឹងថា ស្របតាមទំនាយព្រះគម្ពីរ យើងគឺកំពុងរស់នៅជិតគ្រា ដែលការទាំងនេះកើតឡើងហើយ។ តាមពិត ព្រះគម្ពីរហៅសម័យយើងនេះថាជា ‹ថ្ងៃជាន់ក្រោយបង្អស់›នៃរបបលោកីយ៍នេះ។ (ធីម៉ូថេទី២ ៣:១) អ្វីដែលនឹងកើតមានឡើងក្រោយពេលចុងបញ្ចប់នៃរបបលោកីយ៍នេះ គឺជាសួនមនោរម្យយ៉ាងល្អស្អាតពេញលើផ្ទៃផែនដី។ ក្នុងសួនមនោរម្យនោះ ពួកអ្នកដែលត្រូវវិនិច្ឆ័យថាជាមនុស្សល្អ នឹងរស់នៅជារៀងរហូតតទៅ គ្មានការឈឺចាប់អ្វីទាំងអស់ គឺបានដូចព្រះអាទិទេពមានព្រះហឫទ័យប្រាថ្នាពីដើមមកម្ល៉េះ កាលដែលទ្រង់បង្កើតគូស្វាមីភរិយាដំបូងនោះ។
តើដូចម្ដេចអ្នកអាចដឹងជាក់ច្បាស់បានថា ពរទាំងនេះនឹងកើតឡើងមែន? ដើម្បីទទួលពត៌មានថែមទៀត សូមអញ្ជើញទាក់ទងឥតរុញរា នឹងពួកស្មរបន្ទាល់ព្រះយេហូវ៉ា ដែលប្រាកដជាអ្នកដែលបានទុកខិត្តប័ណ្ណមួយនេះជូនអ្នកអាន។
ឯកសារយោងព្រះគម្ពីរដើម្បី ពិចារណាមើល
លោកុប្បត្តិ ១:៣១ក៖ «រួចព្រះទ្រង់ទតគ្រប់ទាំងរបស់ដែលទ្រង់បានធ្វើនោះ ក៏ឃើញថា ទាំងអស់ជាការល្អប្រពៃ»។
លោកុប្បត្តិ ២:៨៖ «រួចព្រះយេហូវ៉ាដ៏ជាព្រះទ្រង់ធ្វើសួនច្បារ១នៅស្រុកអេដែនទិសខាងកើត ក៏ដាក់មនុស្សដែលទ្រង់បានសូនធ្វើឲ្យនៅទីនោះ»។
លោកុប្បត្តិ ២:១៦, ១៧៖ «ព្រះយេហូវ៉ាដ៏ជាព្រះទ្រង់បង្គាប់ទៅអ័ដាមថា៖ ‹ឯងនឹងស៊ីផ្លែឈើទាំងអស់ក្នុងសួនច្បារនេះបានតាមចិត្ត តែឯត្រង់ដើមដឹងខុសត្រូវ នោះមិនត្រូវឲ្យឯងស៊ីផលឡើយ ដ្បិតនៅថ្ងៃណាដែលឯងស៊ី នោះនឹងត្រូវស្លាប់ជាមិនខាន› »។
រ៉ូម ៥:១២៖ «ដូច្នេះ ដែលបាបបានចូលមកក្នុងលោកីយ៍ ដោយសារមនុស្សតែម្នាក់ ហើយក៏មានសេចក្ដីស្លាប់ចូលមកដែរ ដោយសារអំពើបាបនោះជាយ៉ាងណា នោះសេចក្ដីស្លាប់បានឆ្លងរាលដាល ដល់មនុស្សគ្រប់គ្នាយ៉ាងនោះដែរ ដ្បិតគ្រប់គ្នាបានធ្វើបាបហើយ»។
ទំនុកដំកើង ៤៩:៧៖ «នោះគ្មានអ្នកណាមួយនឹងអាចលោះបងប្អូនខ្លួន ឬយកដំឡៃសំរាប់លោះគេទៅថ្វាយដល់ព្រះបានឡើយ»។
អេសាយ ៣៣:២៤៖ «ឯពួកអ្នកដែលនៅក្នុងក្រុងគេនឹងមិនថា៖ ‹ខ្ញុំឈឺ ទៀតឡើយ› »។
ធីម៉ូថេទី២ ៣:១៖ «ចូរឲ្យដឹងថា នៅជាន់ក្រោយបង្អស់ នឹងមានគ្រាលំបាកណាស់»។
ធីម៉ូថេទី១ ៦:១៧, ១៩៖ «ពួកអ្នកមាន . . . [គួរតែ]ទុកចិត្តនឹងព្រះដ៏មានព្រះជន្មរស់វិញ . . . ប្រមូលទ្រព្យសម្បត្ដិទុកជាគោលយ៉ាងល្អសំរាប់ខ្លួន ដល់ថ្ងៃក្រោយវិញ ដើម្បីឲ្យគេចាប់បានជីវិតអស់កល្បជានិច្ច»។
វិវរណៈ ២១:៣, ៤៖ «មើលរោងឧបោសថរបស់ព្រះ បាននៅជាមួយនឹងមនុស្សហើយ ទ្រង់នឹងគង់នៅជាមួយនឹងគេ គេនឹងធ្វើជារាស្ត្ររបស់ទ្រង់ ហើយព្រះអង្គទ្រង់ក៏នឹងធ្វើជាព្រះដល់គេ។ ព្រះទ្រង់នឹងជូតអស់ទាំងទឹកភ្នែក ពីភ្នែកគេចេញ នឹងគ្មានសេចក្ដីស្លាប់ ឬសេចក្ដីសោកសង្រេង ឬសេចក្ដីយំទួញ ឬទុក្ខលំបាកណាទៀតឡើយ។ ដ្បិតសេចក្ដីមុនទាំងប៉ុន្មាន បានកន្លងបាត់ទៅហើយ»។
បើគ្មានសេចក្ដីបញ្ជាក់ថែមទៀតទេ នោះបទគម្ពីរនៅក្នុងខិត្តប័ណ្ណនេះ គឺបានដកស្រង់ចេញពីសេចក្ដីបកប្រែជាភាសាខ្មែរ ពី សមាគមខ្មែរនៃព្រះគម្ពីរបរិសុទ្ធ ដែលផ្សាយចេញក្នុងឆ្នាំ១៩៥៤។ បើមាន «ព.ថ.» នៅបន្ទាប់ពីបទគម្ពីរណា នោះបញ្ជាក់ថាបទគម្ពីរនោះបានដកស្រង់ចេញពី សេចក្ដីបកប្រែពិភពលោកថ្មីនៃបទគម្ពីរបរិសុទ្ធ ជាភាសាអង់គ្លេស។
[អ្នកផ្ដល់សិទ្ធិឲ្យប្រើរូបភាពនៅទំព័រ៦]
Cover Photo: Patrick Frilet/Sipa Press