មេរៀនទី២
តើព្រះទ្រង់ជាអ្នកណា?
តើព្រះពិតទ្រង់ជាអ្នកណា ហើយព្រះនាមទ្រង់ជាអ្វី? (១, ២)
តើទ្រង់មានរូបកាយបែបណា? (៣)
តើអ្វីជាគុណសម្បត្ដិដ៏អស្ចារ្យរបស់ទ្រង់? (៤)
តើយើងត្រូវប្រើបដិមាករនិងសញ្ញាក្នុងការថ្វាយបង្គំទ្រង់ឬទេ? (៥)
តើរបៀបពីរយ៉ាងអ្វីដែលយើងអាចរៀនអំពីព្រះ? (៦)
១. មនុស្សថ្វាយបង្គំរបស់ជាច្រើន។ ប៉ុន្តែព្រះគម្ពីរប្រាប់យើងថា មានព្រះពិតតែមួយអង្គប៉ុណ្ណោះ។ ទ្រង់បានបង្កើតរបស់សព្វសារពើក្នុងស្ថានសួគ៌និងលើផែនដី។ ពីព្រោះទ្រង់បានប្រទានជីវិតដល់យើង យើងគួរថ្វាយបង្គំតែទ្រង់មួយអង្គប៉ុណ្ណោះ។—កូរិនថូសទី១ ៨:៥, ៦; វិវរណៈ ៤:១១
២. ព្រះមានឋានន្តរជាច្រើន ប៉ុន្តែទ្រង់មានព្រះនាមតែមួយប៉ុណ្ណោះ។ ព្រះនាមនោះគឺយេហូវ៉ា។ ក្នុងព្រះគម្ពីរភាគច្រើន ព្រះនាមនៃព្រះបានត្រូវគេដកចេញ ហើយយកឋានន្តរ ព្រះអម្ចាស់ ឬព្រះមកប្រើជំនួសវិញ។ ប៉ុន្តែពេលដែលព្រះគម្ពីរបានត្រូវសរសេរឡើងជាដំបូង នោះព្រះនាមយេហូវ៉ាគឺឃើញមាននៅក្នុងព្រះគម្ពីរប្រហែល៧.០០០ដង!—និក្ខមនំ ៣:១៥; ទំនុកដំកើង ៨៣:១៨
៣. ព្រះយេហូវ៉ាទ្រង់មានរូបកាយ ប៉ុន្តែមិនមែនដូចរូបកាយរបស់យើងទេ។ ព្រះគម្ពីរប្រាប់ថា«ព្រះទ្រង់ជាវិញ្ញាណ»។ (យ៉ូហាន ៤:២៤) វិញ្ញាណគឺជាជីវិតមួយប្រភេទដែលខ្ពស់ជាងជីវិតមនុស្សយើងឆ្ងាយណាស់។ ឥតមានមនុស្សណាដែលបានឃើញព្រះឡើយ។ ព្រះយេហូវ៉ាទ្រង់គង់នៅក្នុងស្ថានសួគ៌ ប៉ុន្តែទ្រង់អាចទតឃើញអ្វីៗទាំងអស់។ (ទំនុកដំកើង ១១:៤, ៥; យ៉ូហាន ១:១៨) ប៉ុន្តែ ចុះអ្វីទៅជាវិញ្ញាណបរិសុទ្ធ? វិញ្ញាណបរិសុទ្ធមិនមែនជាបុគ្គលមួយរូបដូចព្រះនោះទេ តែជាសកម្មពលរបស់ព្រះ។—ទំនុកដំកើង ១០៤:៣០
៤. ព្រះគម្ពីរបង្ហាញឲ្យយើងឃើញនូវបុគ្គលិកលក្ខណៈនៃព្រះយេហូវ៉ា។ ហើយបង្ហាញថាគុណសម្បត្ដិដ៏អស្ចារ្យរបស់ទ្រង់ គឺសេចក្ដីស្រឡាញ់ យុត្ដិធម៌ ប្រាជ្ញា និងតេជានុភាព។ (ចោទិយកថា ៣២:៤; យ៉ូប ១២:១៣; អេសាយ ៤០:២៦; យ៉ូហានទី១ ៤:៨) ព្រះគម្ពីរប្រាប់យើងថា ព្រះទ្រង់ក៏មានសេចក្ដីមេត្ដាករុណា សប្បុរស អត់ឱនទោស សទ្ធា និងអត់ធ្មត់ដែរ។ យើងប្រៀបដូចជាកូនដែលចេះស្ដាប់បង្គាប់ គួរតែខំត្រាប់តាមទ្រង់។—អេភេសូរ ៥:១, ២
៥. តើយើងត្រូវក្រាបខ្លួនឬអធិស្ឋានដល់បដិមាករ រូប ឬសញ្ញាក្នុងពេលយើងថ្វាយបង្គំឬ? ទេ! (និក្ខមនំ ២០:៤, ៥) ព្រះយេហូវ៉ាទ្រង់មានបន្ទូលថា យើងត្រូវតែថ្វាយបង្គំទ្រង់ប៉ុណ្ណោះ។ ទ្រង់នឹងមិនឲ្យអ្នកណាមួយឬរបស់ណាមួយមកយកចំណែកសិរីល្អនៃទ្រង់ឡើយ។ បដិមាករឥតមានឥទ្ធិឫទ្ធិជួយយើងបានទេ។—ទំនុកដំកើង ១១៥:៤-៨; អេសាយ ៤២:៨
៦. តើតាមរបៀបណាដែលយើងអាចស្គាល់ព្រះឲ្យបានច្បាស់ថែមទៀត? វិធីមួយគឺដោយសង្កេតមើលរបស់ដែលទ្រង់បានបង្កើតមក ហើយសញ្ជឹងគិតអំពីអ្វីៗដែលរបស់ទាំងនេះប្រាប់យើង។ របស់ដែលព្រះបានបង្កើតមក បង្ហាញយើងថា ទ្រង់មានតេជានុភាពនិងប្រាជ្ញាដ៏ខ្លាំងក្លា។ យើងឃើញសេចក្ដីស្រឡាញ់នៃទ្រង់ក្នុងអស់ទាំងរបស់ដែលទ្រង់បានបង្កើតមក។ (ទំនុកដំកើង ១៩:១-៦; រ៉ូម ១:២០) វិធីម្យ៉ាងទៀតដែលយើងអាចរៀនអំពីព្រះគឺដោយសិក្សាព្រះគម្ពីរ។ ក្នុងព្រះគម្ពីរ ទ្រង់មានបន្ទូលប្រាប់យើងរឹតតែច្រើនថែមទៀត ថាទ្រង់ជាព្រះបែបណា។ ទ្រង់ក៏មានបន្ទូលប្រាប់យើងដែរ អំពីគោលបំណងរបស់ទ្រង់ និងអំពីអ្វីដែលទ្រង់ចង់ឲ្យយើងប្រព្រឹត្ត។—អេម៉ុស ៣:៧; ធីម៉ូថេទី២ ៣:១៦, ១៧
[រូបភាពនៅទំព័រ៥]
យើងរៀនអំពីព្រះពីរបស់បង្កើតនិងពីព្រះគម្ពីរ