បណ្ណាល័យអ៊ីនធឺណិតរបស់ប៉មយាម
ប៉មយាម
បណ្ណាល័យអ៊ីនធឺណិត
ខ្មែរ
  • គម្ពីរ
  • សៀវភៅផ្សេងៗ
  • កិច្ចប្រជុំ
  • wt ជំ. ២ ទំ. ១៤-២២
  • ចូរលើកដំកើងព្រះយេហូវ៉ាជាព្រះពិតតែមួយ

សុំទោស គ្មានវីដេអូទេ

សុំទោស វីដេអូមានបញ្ហា

  • ចូរលើកដំកើងព្រះយេហូវ៉ាជាព្រះពិតតែមួយ
  • ចូរថ្វាយបង្គំព្រះពិតតែមួយ
  • ចំណងជើងតូច
  • អត្ថបទស្រដៀងគ្នា
  • «ព្រះ​ទ្រង់​ជា​សេចក្ដី​ស្រឡាញ់»
  • ចូរ​បង្ហាញ​សេចក្ដី​ស្រឡាញ់​ដល់​អ្នក​ដទៃ
  • «ប្រព្រឹត្ត​តាម​ព្រះ​នាម​នៃ​ព្រះ​យេហូវ៉ា»
  • ចូរស្រឡាញ់ព្រះដែលស្រឡាញ់អ្នក
    ទស្សនាវដ្ដីប៉មយាមប្រកាសអំពីរាជាណាចក្ររបស់ព្រះយេហូវ៉ា ២០០៦
  • ព្រះយេហូវ៉ាគឺជាព្រះនៃសេចក្ដីស្រឡាញ់
    ទស្សនាវដ្ដីប៉មយាមប្រកាសអំពីរាជាណាចក្ររបស់ព្រះយេហូវ៉ា ២០១៥
  • សេចក្ដីស្រឡាញ់ជាគុណសម្បត្ដិមួយដែលមានតម្លៃ
    ទស្សនាវដ្ដីប៉មយាមប្រកាសអំពីរាជាណាចក្ររបស់ព្រះយេហូវ៉ា (សម្រាប់សិក្សា) ២០១៧
  • ចូរឲ្យសេចក្ដីស្រឡាញ់ស្អាងចិត្តអ្នកឡើង
    ទស្សនាវដ្ដីប៉មយាមប្រកាសអំពីរាជាណាចក្ររបស់ព្រះយេហូវ៉ា ២០០១
មើលបន្ថែមទៀត
ចូរថ្វាយបង្គំព្រះពិតតែមួយ
wt ជំ. ២ ទំ. ១៤-២២

ជំពូក​ទីពីរ

ចូរ​លើក​ដំកើង​ព្រះ​យេហូវ៉ា​ជា​ព្រះ​ពិត​តែ​មួយ

១​. តើ​អ្នក​ណា​ជា​ព្រះ​ពិត​តែ​មួយ?

ទោះជា​មាន​បុគ្គល​ជា​ច្រើន ដែល​មនុស្ស​លោក​ចាត់​ទុក​ជា​ព្រះ​ក៏​ដោយ តែ​ព្រះ​គម្ពីរ​ចែង​ថា «មាន​ព្រះ​តែ​១​ប៉ុណ្ណោះ គឺ​ជា​ព្រះ​វរបិតា»។ (កូរិនថូសទី១ ៨:​៥, ៦) «ព្រះ​តែ​១»​នោះ​គឺ​ជា​ព្រះ​យេហូវ៉ា ជា​អ្នក​បង្កើត​របស់​សព្វសារពើ។ (ចោទិយកថា ៦:៤; វិវរណៈ ៤:⁠១១) ព្រះ​យេស៊ូ​ហៅ​ព្រះ​យេហូវ៉ា​ជា​«ព្រះ​នៃ​ខ្ញុំ ហើយ​ជា​ព្រះ​នៃ​អ្នក​រាល់​គ្នា​ដែរ»។ (យ៉ូហាន ២០:⁠១៧) ព្រះ​យេស៊ូ​ឯកភាព​នឹង​ម៉ូសេ ដែល​បាន​ថ្លែង​នៅ​ពេល​មុន​ថា⁠៖ «ព្រះ​យេហូវ៉ា​ទ្រង់​ជា​ព្រះ។ ក្រៅ​ពី​ទ្រង់ នោះ​គ្មាន​ព្រះ​ឯ​ណា​ទៀត​ឡើយ»។ (ចោទិយកថា ៤:⁠៣៥) ព្រះ​យេហូវ៉ា​គឺ​ខ្ពង់​ខ្ពស់​ជាង​របស់​ថ្វាយ​បង្គំ​ណា​ទាំង​អស់ ដូច​ជា​រូប​សំណាក​ដែល​មនុស្ស​ចាត់​ទុក​ជា​អ្វី​ដ៏​បរិសុទ្ធ ឬ​អារក្ស​សាតាំង​ដែល​ជា «ព្រះ​របស់​លោកីយ​នេះ» ក៏​ជា​សត្រូវ​របស់​ព្រះ​ដែរ។ (កូរិនថូសទី២ ៤:​៣, ៤) បើ​ប្រៀបធៀប​នឹង​អ្វី⁠ៗទាំង​នេះ នោះ​ដូច​ជា​ព្រះ​យេស៊ូ​មាន​បន្ទូល​មក ព្រះ​យេហូវ៉ា​គឺ​ជា «ព្រះ​ពិត​តែ​មួយ»។​—⁠យ៉ូហាន ១៧:​៣, ព.ថ.

២​. ពេល​យើង​រៀន​ដឹង​អំពី​ព្រះ តើ​នេះ​គួរ​មាន​អានុភាព​យ៉ាង​ណា​លើ​ជីវិត​របស់​យើង?

២ មនុស្ស​ដែល​មាន​ចិត្ត​កតញ្ញូ និង​បាន​រៀន​អំពី​គុណសម្បត្ដិ​របស់​ព្រះ​ដែល​ពោរពេញ​ទៅ​ដោយ​ភាព​កក់ក្ដៅ ថែម​ទាំង​រៀន​អំពី​អ្វី​ដែល​ទ្រង់​បាន​ធ្វើ ហើយ​អ្វី​ដែល​ទ្រង់​នឹង​ធ្វើ​សំរាប់​យើង ព្រម​ទាំង​យើង​ក៏​ត្រូវ​ទាក់ទាញ​ឲ្យ​មក​ឯ​ទ្រង់​ផង​ដែរ។ ពេល​ពួក​គេ​ស្រឡាញ់​ព្រះ​យេហូវ៉ា​កាន់​តែ​ខ្លាំង​ឡើង នោះ​ពួក​គេ​នឹង​ត្រូវ​ជំរុញ​ឲ្យ​លើក​ដំកើង​ទ្រង់។ តើ​តាម​របៀប​ណា? វិធី​មួយ​គឺ​ដោយ​ប្រាប់​អ្នក​ដទៃ​អំពី​ទ្រង់។ រ៉ូម ១០:⁠១០ ចែង​ថា⁠៖ «ហើយ​ក៏​បាន​សង្គ្រោះ ដោយ​មាត់​ទទួល​ថ្លែង​ប្រាប់»។ វិធី​មួយ​ទៀត គឺ​ដោយ​យក​តម្រាប់​តាម​ព្រះ​យេហូវ៉ា​តាម​រយៈ​ពាក្យ​សំដី​និង​ការ​ប្រព្រឹត្ត​របស់​យើង។ អេភេសូរ ៥:១ ចែង​ថា⁠៖ «ដូច្នេះ ចូរ​ត្រាប់​តាម​ព្រះ ដូច​ជា​កូន​ស្ងួនភ្ងា»។ យើង​ត្រូវ​ស្គាល់​លក្ខណៈ​ដ៏​ពិត​របស់​ព្រះ​យេហូវ៉ា ដើម្បី​ឲ្យ​យើង​អាច​លើក​ដំកើង​ទ្រង់​រឹតតែ​ច្រើន​ឡើង។

៣​. តើ​គុណសម្បត្ដិ​ដ៏​ចំ​បង​របស់​ព្រះ​មាន​អ្វី​ខ្លះ?

៣ នៅ​ក្នុង​ព្រះ​គម្ពីរ​គឺ​មាន​សេចក្ដី​ថ្លែង​ជា​ច្រើន ដែល​សម្គាល់​នូវ​គុណសម្បត្ដិ​ដ៏​អស្ចារ្យ​របស់​ទ្រង់។ គុណសម្បត្ដិ​បួន​ដ៏​ចំ​បង​របស់​ទ្រង់ គឺ​ជា​ប្រាជ្ញា យុត្ដិធម៌ តេជានុភាព​និង​សេចក្ដី​ស្រឡាញ់។ «ឯ​ព្រះ​ទ្រង់​មាន​ទាំង​ប្រាជ្ញា»។ (យ៉ូប ១២:⁠១៣) «អស់​ទាំង​ផ្លូវ​ទ្រង់ សុទ្ធតែ​ប្រកប​ដោយ​យុត្ដិធម៌»។ (ចោទិយកថា ៣២:⁠៤) ព្រះ​ទ្រង់​មាន​«តេជានុភាព​ដ៏​ខ្លាំង​ក្លា»។ (អេសាយ ៤០:​២៦) «ព្រះ​ទ្រង់​ជា​សេចក្ដី​ស្រឡាញ់»។ (យ៉ូហានទី១ ៤:⁠៨) ប៉ុន្តែ ក្នុង​ចំណោម​គុណសម្បត្ដិ​ដ៏​ចំ​បង​ទាំង​បួន​នេះ តើ​គុណសម្បត្ដិ​មួយ​ណា​លេច​ធ្លោ​ជាង​គេ ដែល​សម្គាល់​ថា​ទ្រង់​ជា​ព្រះ​បែប​ណា​នោះ?

«ព្រះ​ទ្រង់​ជា​សេចក្ដី​ស្រឡាញ់»

៤​. តើ​គុណសម្បត្ដិ​មួយ​ណា​របស់​ព្រះ ដែល​ជំរុញ​ឲ្យ​ទ្រង់​បង្កើត​សកលលោក​នេះ​និង​ជីវិត​ទាំង​ឡាយ?

៤ ចូរ​ពិនិត្យ​មើល​នូវ​អ្វី​ដែល​បាន​បណ្ដាល​ឲ្យ​ព្រះ​យេហូវ៉ា​បង្កើត​សកលលោក សត្តនិករ​វិញ្ញាណ​ដែល​មាន​សតិ​បញ្ញា និង​មនុស្ស​លោក​យើង។ តើ​នេះ​គឺ​ដោយសារ​ប្រាជ្ញា​និង​ព្រះ​ចេស្ដា​របស់​ទ្រង់​ឬ? មិន​មែន​ទេ! ថ្វី​បើ​ព្រះ​បាន​ប្រើ​គុណសម្បត្ដិ​ទាំង​នេះ​ក៏​ដោយ តែ​គុណសម្បត្ដិ​ទាំង​នេះ​មិន​បាន​ជំរុញ​ទ្រង់​ឲ្យ​បង្កើត​សកលលោក​នេះ​និង​ជីវិត​ទាំង​ឡាយ​ឡើយ។ ហើយ​យុត្ដិធម៌​របស់​ទ្រង់ ក៏​មិន​តម្រូវ​ឲ្យ​ទ្រង់​ផ្ដល់​ជីវិត​ជា​អំណោយ​ដល់​សត្តនិករ​ឯ​ទៀត​នោះ​ទេ។ ផ្ទុយ​ទៅ​វិញ សេចក្ដី​ស្រឡាញ់​ដ៏​ឧត្តម​របស់​ទ្រង់​បាន​ជំរុញ​ឲ្យ​ទ្រង់​ប្រទាន​ជីវិត​ឲ្យ​អ្នក​ឯ​ទៀត​សប្បាយ​នឹង​ជីវិត​ជា​សត្តនិករ​ដែល​មាន​សតិ​បញ្ញា។ សេចក្ដី​ស្រឡាញ់ ក៏​ជំរុញ​ឲ្យ​ទ្រង់​មាន​បំណង​ចង់​ឲ្យ​មនុស្ស​លោក​ដែល​ស្ដាប់​បង្គាប់​រស់​នៅ​ជា​រៀង​រហូត​ក្នុង​សួន​មនោរម្យ។ (លោកុប្បត្តិ ១:⁠២៨; ២:⁠១៥) សេចក្ដី​ស្រឡាញ់​បាន​បណ្ដាល​ឲ្យ​ទ្រង់​រៀបចំ​សំវិធានការ​ដើម្បី​ដក​ចេញ​នូវ​ការ​ផ្ដន្ទាទោស​ចំពោះ​មនុស្ស​លោក​ដែល​ពួកគេ​បាន​ទទួល​ពី​អំពើ​រំលង​របស់​អ័ដាម។

៥​. យោង​ទៅ​តាម​ព្រះ​គម្ពីរ តើ​ព្រះ​យេហូវ៉ា​ជា​តួ​អង្គ​នៃ​គុណសម្បត្ដិ​មួយ​ណា? ហើយ​ហេតុ​អ្វី?

៥ ដូច្នេះ​ហើយ ក្នុង​ចំណោម​គុណសម្បត្ដិ​ទាំង​ឡាយ​របស់​ព្រះ គុណសម្បត្ដិ​ដ៏​អស្ចារ្យ​បំផុត គឺ​ជា​សេចក្ដី​ស្រឡាញ់។ នេះ​ជា​លក្ខណៈ​ដ៏​ពិត​របស់​ទ្រង់។ ថ្វី​បើ​គុណសម្បត្ដិ​ឯទៀត​របស់​ទ្រង់​ដូច​ជា ប្រាជ្ញា យុត្ដិធម៌​និង​តេជានុភាព​មាន​សារៈ​សំខាន់​ក៏​ដោយ តែ​ព្រះគម្ពីរ​មិន​ដែល​ចែង​ថា ព្រះ​យេហូវ៉ា​គឺ​ជា​គុណសម្បត្ដិ​ទាំង​នេះ​ទេ។ ប៉ុន្តែ ព្រះ​គម្ពីរ​ចែង​ថា​ទ្រង់​ជា​សេចក្ដី​ស្រឡាញ់។ ត្រូវ​ហើយ ព្រះយេហូវ៉ា​ជា​តួ​អង្គ​នៃ​សេចក្ដី​ស្រឡាញ់។ សេចក្ដី​ស្រឡាញ់​នេះ​គឺ​ដឹក​នាំ​ដោយ​គោលការណ៍ មិន​មែន​ដោយ​មនោសញ្ចេតនា​ទេ។ សេចក្ដី​ស្រឡាញ់​របស់​ព្រះត្រូវ​ដឹក​នាំ​ដោយ​គោលការណ៍​នៃ​សេចក្ដី​ពិត​និង​សេចក្ដី​សុចរិត។ នេះ​ជា​សេចក្ដី​ស្រឡាញ់​ដ៏​ឧត្តម​បំផុត ដូច​ជា​ព្រះ​យេហូវ៉ា​បាន​តាំង​គំរូ​ឲ្យ​យើង​ឃើញ។ សេចក្ដីស្រឡាញ់​បែប​នេះ គឺ​ជា​ការ​សម្ដែង​នូវ​ចិត្ត​ដែល​មិន​គិត​ពី​ប្រយោជន៍​ផ្ទាល់​ខ្លួនទាល់តែ​សោះ និង​តែង​តែ​មាន​ការ​ប្រព្រឹត្ត​ដែល​ជា​ភស្តុតាង​បញ្ជាក់​នូវ​សេចក្ដី​ស្រឡាញ់​នេះ​ជានិច្ច។

៦​. តើ​អ្វី​ដែល​ធ្វើ​ឲ្យ​យើង​អាច​យក​តម្រាប់​តាម​ព្រះ​បាន ថ្វី​បើ​ទ្រង់​មាន​ឋានៈ​ខ្ពង់​ខ្ពស់​ជាង​យើង​ក៏​ដោយ​នោះ?

៦ សេចក្ដី​ស្រឡាញ់​ដ៏​អស្ចារ្យ​នេះ​ធ្វើ​ឲ្យ​យើង​អាច​យក​តម្រាប់​តាម​ព្រះ។ ប៉ុន្តែ​ជា​មនុស្ស​ដែល​ឥត​គ្រប់​ល័ក្ខណ៍ និង​ចេះ​តែ​ធ្វើ​ខុស​នោះ យើង​អាច​គិត​ថា យើង​មិន​អាច​យក​តម្រាប់​តាម​ព្រះ​ដោយ​ជោគជ័យ​បាន​ឡើយ។ ប៉ុន្តែ នេះ​ជា​គំរូ​មួយ​ទៀត​នៃ​សេចក្ដី​ស្រឡាញ់​ដ៏​ឧត្តម​របស់​ព្រះ គឺ​ថា ទ្រង់​ជ្រាប​និង​យល់​អំពី​គុណ​វិបត្ដិ​របស់​យើង និង​ទ្រង់​មិន​តម្រូវ​ឲ្យ​យើង​ធ្វើ​កិច្ចការ​អ្វី​ឲ្យ​បាន​ល្អ​ឥតខ្ចោះ​នោះ​ទេ។ ទ្រង់​ជ្រាប​ថា យើង​មិន​មែន​ជា​មនុស្ស​គ្រប់​ល័ក្ខណ៍​ទេ។ (ទំនុកដំកើង ៥១:⁠៥) ហេតុនេះ​ហើយ​បាន​ជា​ទំនុកដំកើង ១៣០:​៣, ៤ ចែង​ថា⁠៖ «ឱ​ព្រះ​យេហូវ៉ា​អើយ! បើសិន​ជា​ទ្រង់​កត់​ចំណាំ​អស់​ទាំង​អំពើ​ទុច្ចរិត នោះ ឱ​ព្រះ​អម្ចាស់​អើយ! តើ​អ្នក​ណា​នឹង​ធន់​នៅបាន? ប៉ុន្តែ​ទ្រង់​មាន​ព្រះ​ហឫទ័យ​អត់​ទោសវិញ»។ មែនហើយ ព្រះយេហូវ៉ា​«ទ្រង់​មាន​ព្រះ​ហឫទ័យ​មេត្ដាករុណា ហើយ​ទន់សន្ដោស ទ្រង់​យឺត​នឹងខ្ញាល់ ហើយ​មាន​សេចក្ដី​សប្បុរស នឹង​សេចក្ដី​ទៀងត្រង់ ជា​បរិបូរ»។ (និក្ខមនំ ៣៤:⁠៦) «ឱ​ព្រះ​អម្ចាស់​អើយ! ទ្រង់​ល្អ ទ្រង់​បំ​រុង​តែ​នឹង​អត់​ទោស»។ (ទំនុកដំកើង ៨៦:​⁠៥) នេះ​ជា​អ្វី​ដែល​គួរ​ឲ្យ​លើក​ទឹក​ចិត្ត​យ៉ាង​ណា​ទៅ​ហ្ន៎! យើង​មាន​កម្លាំង​ចិត្ត​មែន ដោយ​បំរើ​ព្រះ​ដ៏​អស្ចារ្យ និង​ពិសោធ​នូវ​របៀប​ដែល​ទ្រង់​យក​ព្រះទ័យ​ទុក​ដាក់​ដោយ​សេចក្ដី​មេត្ដាករុណា និង​ដោយ​សេចក្ដី​ស្រឡាញ់!

៧​. តើ​យើង​អាច​ឃើញ​នូវ​សេចក្ដី​ស្រឡាញ់​របស់​ព្រះ​យេហូវ៉ា ពី​កិច្ចការ​បង្កើត​របស់​ទ្រង់​យ៉ាង​ដូច​ម្ដេច?

៧ យើង​អាច​ឃើញ​សេចក្ដី​ស្រឡាញ់​របស់​ព្រះ​យេហូវ៉ា ពី​ការ​បង្កើត​របស់​ទ្រង់​ផង​ដែរ។ សូម​គិត​អំពី​របស់​ដ៏​ល្អ⁠ៗជា​ច្រើន ដែល​ព្រះ​យេហូវ៉ា​បាន​ប្រទាន​សំរាប់​ជា​ទីគាប់​ចិត្ត​របស់​យើង ដូច​ជា​ភ្នំ​ដ៏​ស្អាត⁠ៗ ព្រៃ​ឈើ បឹង​និង​មហា​សា​គរ។ ទ្រង់​ប្រទាន​អាហារ​គ្រប់ប្រភេទ ដើម្បី​ឲ្យ​យើង​រីករាយ​នឹង​ឱជារស​ឆ្ងាញ់​ជាប់​មាត់ និង​ដើម្បី​ទ្រទ្រង់​ជីវិត​យើង​ទៀត​ផង។ ព្រះ​យេហូវ៉ា​ក៏​បាន​ប្រទាន​នូវ​ផ្កា​ដ៏​ស្អាត⁠ៗសព្វ​បែប​យ៉ាង ដែល​មាន​ក្លិន​ពិដោរ​ក្រអូប​ឈ្ងុយ​ឈ្ងប់ ព្រម​ទាំង​សត្វ​ដ៏​អស្ចារ្យៗជា​ច្រើន​គួរ​ឲ្យ​ចាប់​អារម្មណ៍។ ទ្រង់​បាន​បង្កើត​របស់​ផ្សេង⁠ៗ​ឲ្យ​មនុស្ស​គាប់​ចិត្ត​នឹង​របស់​ទាំង​នោះ ថ្វី​បើ​ទ្រង់​មិន​ចាំបាច់​ធ្វើ​ដូច្នេះ​ក៏​ដោយ។ ពិត​មែន យើង​មិន​អាច​សប្បាយ​នឹង​ការ​បង្កើត​នោះ​ឲ្យ​បាន​ពេញលេញ​បាន​ទេ ដោយ​ព្រោះ​យើង​រស់​នៅ​ក្នុង​លោកីយ៍​ដ៏​អាក្រក់​នេះ ថែម​ទាំង​យើង​មាន​ភាព​ឥត​គ្រប់​ល័ក្ខណ៍​ទៀត​នោះ។ (រ៉ូម ៨:⁠២២) ប៉ុន្តែ សូម​គិត​អំពី​អ្វី​ដែល​ព្រះ​យេហូវ៉ា​នឹង​ធ្វើ​សំរាប់​យើង​ក្នុង​សួន​មនោរម្យ​នោះ! អ្នក​តែង​បទ​ទំនុកដំកើង​ធានា​រ៉ាប់​រង​យើង​ថា⁠៖ «ទ្រង់​លា​ព្រះ​ហស្ត ក៏​បំពេញ​ចិត្ត​ប្រាថ្នា​នៃ​ជីវិត​ទាំង​ឡាយ»។​—⁠ទំនុកដំកើង ១៤៥:⁠១៦

៨​. តើ​អ្វី​ជា​គំរូ​ដ៏​អស្ចារ្យ​បំផុត​ស្តី​អំពី​សេចក្ដី​ស្រឡាញ់​របស់​ព្រះ​យេហូវ៉ា​ចំពោះ​យើង?

៨ តើ​អ្វី​ជា​គំរូ​ដ៏​អស្ចារ្យ​បំផុត​ដែល​បង្ហាញ​នូវ​សេចក្ដី​ស្រឡាញ់​របស់​ព្រះ​យេហូវ៉ា​ចំពោះ​មនុស្ស​លោក? ព្រះ​គម្ពីរ​ពន្យល់​ថា⁠៖ «ដ្បិត​ព្រះ​ទ្រង់​ស្រឡាញ់​មនុស្ស​លោក ដល់​ម្ល៉េះ​បាន​ជា​ទ្រង់​ប្រទាន​ព្រះ​រាជបុត្រា​ទ្រង់​តែ​១ ដើម្បី​ឲ្យ​អ្នក​ណា​ដែល​ជឿ​ដល់​ព្រះ​រាជបុត្រា​នោះ មិន​ត្រូវ​វិនាស​ឡើយ គឺ​ឲ្យ​មាន​ជីវិត​អស់កល្ប​ជានិច្ច​វិញ»។ (យ៉ូហាន ៣:⁠១៦) តើ​ព្រះ​យេហូវ៉ា​បាន​ធ្វើ​ដូច្នេះ ដោយសារ​ភាព​ល្អ​របស់​មនុស្ស​ឬ? រ៉ូម ៥:៨ ឆ្លើយ​ថា⁠៖ «ព្រះ​ទ្រង់​សំដែង​សេចក្ដី​ស្រឡាញ់​របស់​ទ្រង់ ដល់​យើង​រាល់​គ្នា​ឲ្យ​ឃើញ​ច្បាស់ ដោយ​ព្រះ​គ្រីស្ទ​បាន​សុគត​ជំនួស​យើង​រាល់​គ្នា នោះ​គឺ​ក្នុង​កាល​ដែល​យើង​នៅ​មាន​បាប​នៅ​ឡើយ​ផង»។ ត្រូវ​ហើយ ព្រះ​ទ្រង់​បាន​បញ្ជូន​រាជបុត្រា​ដ៏​គ្រប់​ល័ក្ខណ៍​របស់​ទ្រង់​ឲ្យ​មក​ផែនដី​នេះ ដើម្បី​ប្រទាន​ព្រះ​ជន្ម​ជា​យញ្ញបូជា​លោះ ដើម្បី​លោះ​យើង​ចេញ​ពី​សេចក្ដី​បាប​និង​សេចក្ដី​ស្លាប់។ (ម៉ាថាយ ២០:⁠២៨) នេះ​ក៏​បាន​បើក​ឱកាស​ឲ្យ​មនុស្ស​ដែល​ស្រឡាញ់​ព្រះ​អាច​ទទួល​បាន​ជីវិត​អស់កល្ប​ជានិច្ច។ យើង​មាន​អំណរគុណ​មែន ដែល​សេចក្ដី​ស្រឡាញ់​របស់​ព្រះ គឺ​មាន​សំរាប់​អស់​អ្នក​ដែល​ចង់​ធ្វើ​តាម​បំណង​ព្រះ​ហឫទ័យ​ទ្រង់ ដ្បិត​ព្រះ​គម្ពីរ​ចែង​ថា⁠៖ «ព្រះ​មិន​រើស​មុខ​អ្នក​ណា​ទេ គឺ​នៅ​ក្នុង​គ្រប់​ទាំង​សាសន៍ អស់​អ្នក​ណា​ដែល​កោត​ខ្លាច​ដល់​ទ្រង់ ព្រម​ទាំង​ប្រព្រឹត្ត​សេចក្ដី​សុចរិត នោះ​គាប់​ដល់​ព្រះ​ហឫទ័យ​ទ្រង់​ដែរ»។​—⁠កិច្ចការ ១០:​៣៤, ៣៥

៩​. តើ​ការ​ដឹង​ថា​ព្រះ​យេហូវ៉ា​បាន​ប្រទាន​រាជបុត្រា​របស់​ទ្រង់​ជា​តម្លៃ​លោះ​ចំពោះ​យើង គួរ​មាន​អានុភាព​យ៉ាង​ណា​ទៅ​លើ​យើង?

៩ តើ​ការ​ដឹង​ថា​ព្រះ​យេហូវ៉ា​បាន​ប្រទាន​រាជបុត្រា​របស់​ទ្រង់​ជា​តម្លៃ​លោះ​សំរាប់​យើង និង​ការ​បើក​ផ្លូវ​ទៅ​ឯ​ជីវិត​អស់កល្ប​ជានិច្ច គួរ​មាន​អានុភាព​លើ​របៀប​ដែល​យើង​ប្រើ​ជីវិត​របស់​យើង​យ៉ាង​ណា? នេះ​គួរ​ជំរុញ​ឲ្យ​យើង​មាន​សេចក្ដី​ស្រឡាញ់​យ៉ាង​ខ្លាំង​ថែម​ទៀត​ចំពោះ​ព្រះ​យេហូវ៉ា​ដែល​ជា​ព្រះ​ពិត​តែ​មួយ។ នៅ​ពេល​ដំណាល​គ្នា នេះ​គួរ​ធ្វើ​ឲ្យ​យើង​ចង់​ស្ដាប់​តាម​ព្រះ​យេស៊ូ ដ្បិត​ទ្រង់​តំណាង​ព្រះ​យេហូវ៉ា។ «[ព្រះ​យេស៊ូ]ក៏​បាន​សុគត​ជំនួស​មនុស្ស​ទាំង​អស់​យ៉ាង​នោះ គឺ​ដើម្បី​ឲ្យ​ពួក​អ្នក​ដែល​រស់​នៅ មិន​រស់​សំរាប់​តែ​ខ្លួន​ឯង​ទៀត គឺ​រស់​សំរាប់​ព្រះ​អង្គ ដែល​សុគត​ជំនួស​គេ»។ (កូរិនថូសទី២ ៥:⁠១៥) យើង​មាន​ចិត្ត​ត្រេកអរ​មែន ដែល​យើង​ដើរ​តាម​លំអាន​របស់​ព្រះ​យេស៊ូ ពីព្រោះ​ទ្រង់​បាន​តាំង​គំរូ​យ៉ាង​ប្រសើរ​ចំពោះ​ការ​យក​តម្រាប់​តាម​សេចក្ដី​ស្រឡាញ់​និង​សេចក្ដី​មេត្ដាករុណា​របស់ព្រះ​យេហូវ៉ា! ព្រះ​យេស៊ូ​បាន​បង្ហាញ​ឲ្យ​ឃើញ​ដូច្នេះ ពេល​ទ្រង់​មាន​បន្ទូល​ទៅ​កាន់​មនុស្ស​រាបទាប​ថា⁠៖ «អស់​អ្នក​ដែល​នឿយ​ព្រួយ ហើយ​ផ្ទុក​ធ្ងន់​អើយ! ចូរ​មក​ឯ​ខ្ញុំ ខ្ញុំ​នឹង​ឲ្យ​អ្នក​រាល់​គ្នា​ឈប់​សំរាក។ ចូរ​ទទួល​នឹម​ខ្ញុំ ហើយ​រៀន​នឹង​ខ្ញុំ​ចុះ! ដ្បិត​ខ្ញុំ​ស្លូត ហើយ​មាន​ចិត្ត​សុភាព នោះ​អ្នក​រាល់​គ្នា​នឹង​បាន​សេចក្ដី​សំរាក​ដល់​ព្រលឹង ពីព្រោះ​នឹម​ខ្ញុំ​ងាយ​ទេ ហើយ​បន្ទុក​ខ្ញុំ​ក៏​ស្រាល»។​—⁠ម៉ាថាយ ១១:​២៨​-​៣០

ចូរ​បង្ហាញ​សេចក្ដី​ស្រឡាញ់​ដល់​អ្នក​ដទៃ

១០​. តើ​យើង​អាច​បង្ហាញ​សេចក្ដី​ស្រឡាញ់​ដល់​គ្រីស្ទាន​គ្នីគ្នា​តាម​វិធី​ណា​ខ្លះ?

១០ តើ​តាម​របៀប​ណា​ដែល​យើង​បង្ហាញ​ថា យើង​មាន​សេចក្ដី​ស្រឡាញ់​ដល់​គ្រីស្ទាន​គ្នីគ្នា ដូច​សេចក្ដី​ស្រឡាញ់​ដែល​ព្រះ​យេហូវ៉ា​និង​ព្រះ​យេស៊ូ​មាន​ចំពោះ​យើង​នោះ? ចូរ​កត់​សម្គាល់​នូវ​វិធី​ជា​ច្រើន​ដែល​យើង​អាច​ធ្វើ​ដូច្នេះ។ «ឯ​សេចក្ដី​ស្រឡាញ់​តែង​តែ​អត់ធ្មត់ ហើយ​ក៏​សប្បុរស សេចក្ដី​ស្រឡាញ់​មិន​ចេះ​ឈ្នានីស មិន​ចេះ​អួត​ខ្លួន ក៏​មិន​ដែល​មាន​ចិត្ត​ធំ​ផង មិន​ដែល​ប្រព្រឹត្ត​បែប​មិន​គួរ​សម មិន​ដែល​រក​ប្រយោជន៍​ផ្ទាល់​ខ្លួន មិន​រហ័ស​ខឹង មិន​ប្រកាន់​ទោស មិន​ដែល​អរ​សប្បាយ​ចំពោះ​សេចក្ដី​ទុច្ចរិត​ឡើយ គឺ​អរ​សប្បាយ​តែ​នឹង​សេចក្ដី​ស្មោះ​ត្រង់​វិញ ក៏​គ្រប​បាំង​ទាំង​អស់ ជឿ​ទាំង​អស់ សង្ឃឹម​ទាំង​អស់ ហើយ​ទ្រាំទ្រ​ទាំងអស់ . . . សេចក្ដី​ស្រឡាញ់​មិន​ដែល​ផុត​ឡើយ»។​—⁠កូរិនថូសទី១ ១៣:​៤​-​៨; យ៉ូហានទី១ ៣:​១៤​-​១៨; ៤:​៧​-​១២

១១​. តើ​យើង​គួរ​បង្ហាញ​សេចក្ដី​ស្រឡាញ់​ដល់​អ្នក​ណា​ទៀត? និង​តើ​តាម​របៀប​ណា?

១១ តើ​យើង​គួរ​បង្ហាញ​សេចក្ដី​ស្រឡាញ់​នេះ​ដល់​អ្នក​ណា​ទៀត? ហើយ​តើ​តាម​របៀប​ណា? ព្រះ​យេស៊ូ​មាន​បន្ទូល​ថា⁠៖ «ដូច្នេះ ចូរ​ទៅ​បញ្ចុះបញ្ចូល​ឲ្យ​មាន​សិស្ស​នៅ​គ្រប់​ទាំង​សាសន៍ ព្រម​ទាំង​ធ្វើ​បុណ្យ​ជ្រមុជ​ទឹក​ឲ្យ ដោយ​នូវ​ព្រះ​នាម​ព្រះ​វរបិតា ព្រះ​រាជបុត្រា នឹង​ព្រះ​វិញ្ញាណ​បរិសុទ្ធ​ចុះ! ហើយ​បង្រៀន ឲ្យ​គេ​កាន់​តាម​គ្រប់​ទាំង​សេចក្ដី ដែល​ខ្ញុំ​បាន​បង្គាប់​មក​អ្នក​រាល់​គ្នា​ផង»។ (ម៉ាថាយ ២៨:​១៩, ២០) នេះ​គឺ​ទាក់ទង​នឹង​ការ​ផ្សព្វផ្សាយ​ប្រាប់​ដំណឹង​ល្អ​អំពី​ពិភពលោក​ថ្មី​ដែល​ជា​សួន​មនោរម្យ ដល់​អ្នក​ដែល​មិន​ទាន់​ជា​គ្រីស្ទាន​ដូច​យើង។ ព្រះ​យេស៊ូ​បាន​បង្ហាញ​យ៉ាង​ច្បាស់​ថា សេចក្ដី​ស្រឡាញ់​របស់​យើង​មិន​គួរ​បង្ហាញ​តែ​ដល់​អស់​អ្នក​ដែល​មាន​ជំនឿ​ដូច​យើង​ទេ ដ្បិត​ទ្រង់​មាន​បន្ទូល​ថា⁠៖ «ដ្បិត​បើ​អ្នក​រាល់​គ្នា​ស្រឡាញ់​តែ​អស់​អ្នក​ណា ដែល​ស្រឡាញ់​ដល់​ខ្លួន នោះ​តើ​បាន​បំណាច់​អ្វី? ឯ​ពួក​អ្នក​យក​ពន្ធ តើ​គេ​មិន​ប្រព្រឹត្ត​ដូច្នោះ​ដែរ​ទេ​ឬ? . . . ហើយ​បើ​អ្នក​រាល់​គ្នា​គំនាប់​តែ​បងប្អូន​អ្នក​ប៉ុណ្ណោះ នោះ​តើបាន​ធ្វើ​អ្វី​ប្លែក​ពី​គេ? ឯ​ពួក​សាសន៍​ដទៃ តើ​មិន​ប្រព្រឹត្ត​ដូច​គ្នា​ទេ​ឬ?»។​—⁠ម៉ាថាយ ៥:​៤៦, ៤៧; ២៤:⁠១៤; កាឡាទី ៦:⁠១០

«ប្រព្រឹត្ត​តាម​ព្រះ​នាម​នៃ​ព្រះ​យេហូវ៉ា»

១២​. ហេតុ​អ្វី​បាន​ជា​ព្រះ​នាម​របស់​ព្រះ​សម​តែ​ចំពោះ​ទ្រង់​ប៉ុណ្ណោះ?

១២ លក្ខណៈ​ដ៏​សំខាន់​មួយ​ទៀត​នៃ​ការ​លើក​ដំកើង​ព្រះ​ពិត​តែ​មួយ គឺ​ជា​ការ​ដឹង ការ​ប្រើ និង​ការ​បង្រៀន​អ្នក​ដទៃ​អំពី​ព្រះ​នាម​ដ៏​ល្អ​ឯក​របស់​ព្រះ​យេហូវ៉ា។ អ្នក​តែង​បទ​ទំនុកដំកើង​បាន​សម្ដែង​នូវ​សេចក្ដី​ប្រាថ្នា​ក្នុង​ចិត្ត​របស់​គាត់​ថា⁠៖ «ដើម្បី​ឲ្យ​គេ​បាន​ដឹង​ថា គឺ​ទ្រង់​តែ​១​អង្គ ព្រះ​នាម​ជា​យេហូវ៉ា ដែល​ជា​ព្រះ​ដ៏​ខ្ពស់​បំផុត​លើ​ផែនដី​ទាំង​មូល»។ (ទំនុកដំកើង ៨៣:⁠១៨) ព្រះ​នាម​នៃ​ព្រះ​យេហូវ៉ា​មាន​ន័យ​ថា «ទ្រង់​ដែល​ធ្វើ​ឲ្យ​ក្លាយ​ទៅ​ជា»។ ព្រះ​យេហូវ៉ា​ជា​ព្រះ​ដែល​មាន​គោល​បំណង​ដ៏​ឧត្តុង្គ​ឧត្តម ហើយ​តែង​តែ​សម្រេច​គោល​បំណង​របស់​ទ្រង់។ មាន​តែ​ព្រះ​ពិត​តែ​មួយ​ទេ​ដែល​អាច​មាន​ព្រះ​នាម​ជា​យេហូវ៉ា ដ្បិត​មនុស្ស​មិន​អាច​ដឹង​ប្រាកដ​ថា​តើ​ការ​ខំ​ប្រឹង​របស់​ពួក​គេ​នឹង​បាន​ជោគជ័យ​ឬ​ក៏​មិន​ជោគជ័យ​នោះ។ (យ៉ាកុប ៤:​១៣, ១៤) មាន​តែ​ព្រះ​យេហូវ៉ា​ទេ​ដែល​អាច​មាន​បន្ទូល​ថា បន្ទូល​របស់​ទ្រង់​នឹង​«សំរេច​តាម​សេចក្ដី​ប៉ង​ប្រាថ្នា»​ក្នុង​ការ​អ្វី​ដែល​ទ្រង់​ចាត់​ទៅ​ធ្វើ​នោះ។ (អេសាយ ៥៥:⁠១១) មនុស្ស​ជា​ច្រើន​មាន​ចិត្ត​រំភើប​ណាស់ ពេល​ពួក​គេ​ឃើញ​ព្រះ​នាម​របស់​ទ្រង់​ជា​លើក​ដំបូង​ក្នុង​ព្រះ​គម្ពីរ និង​រៀន​ដឹង​នូវ​អត្ថន័យ​នៃ​ព្រះ​នាម​នោះ។ (និក្ខមនំ ៦:⁠៣) ប៉ុន្តែ ពួក​គេ​នឹង​មិន​អាច​ទទួល​ប្រយោជន៍​ថែម​ទៀត​ពី​ចំណេះ​ដឹង​នេះ​បាន​ទេ បើ​ពួក​គេ​មិន​«ប្រព្រឹត្ត​តាម​ព្រះ​នាម​នៃ​ព្រះ​យេហូវ៉ា . . . ជា​ដរាប​រៀង​ត​ទៅ»។​—⁠មីកា ៤:៥

១៣​. តើ​ការ​ស្គាល់​ព្រះ​នាម​នៃ​ព្រះ​យេហូវ៉ា និង​ការ​ប្រព្រឹត្ត​តាម​ព្រះ​នាម​ទ្រង់​រួម​បញ្ចូល​អ្វី​ខ្លះ?

១៣ ទំនុកដំកើង ៩:⁠១០ ចែង​អំពី​ព្រះ​នាម​របស់​ព្រះ​ថា⁠៖ «ឯ​អស់​អ្នក​ដែល​ស្គាល់​ព្រះ​នាម​ទ្រង់ គេ​នឹង​ទុក​ចិត្ត​ដល់​ទ្រង់»។ នេះ​រួម​បញ្ចូល​អ្វី​ច្រើន​ទៀត មិន​គ្រាន់​តែ​ការ​ដឹង​អំពី​ព្រះ​នាម​នៃ​ព្រះ​យេហូវ៉ា​ប៉ុណ្ណោះ ដ្បិត​នោះ​មិន​បាន​សេចក្ដី​ថា ពួក​គេ​ទុក​ចិត្ត​លើ​ទ្រង់​ជា​ស្វ័យ​ប្រវត្ដិ​នោះ​ទេ។ ការ​ស្គាល់​ព្រះ​នាម​នៃ​ព្រះ មាន​ន័យ​ថា​យើង​យល់​ដឹង​ថា​ព្រះ​យេហូវ៉ា​ជា​ព្រះ​បែប​ណា ដោយ​គោរព​នូវ​អំណាច​គ្រប់គ្រង​របស់​ទ្រង់ ស្ដាប់​បង្គាប់​តាម​បញ្ញត្ត​ទ្រង់ និង​ទុក​ចិត្ត​លើ​ទ្រង់​ក្នុង​គ្រប់​ប្រការ​ទាំង​អស់។ (សុភាសិត ៣:​៥, ៦) ស្រដៀង​គ្នា​ដែរ ការ​ប្រព្រឹត្ត​តាម​ព្រះ​នាម​នៃ​ព្រះ​យេហូវ៉ា រួម​បញ្ចូល​ការ​ថ្វាយ​ខ្លួន​ចំពោះ​ទ្រង់ និង​តំណាង​ទ្រង់​ជា​អ្នក​ថ្វាយ​បង្គំ​ម្នាក់ ដោយ​ប្រើ​ជីវិត​របស់​យើង​រស់​នៅ​ឲ្យ​សម​ស្រប​តាម​បំណង​ព្រះ​ហឫទ័យ​របស់​ព្រះ​ជានិច្ច។ (លូកា ១០:⁠២៧) តើ​អ្នក​កំពុង​តែ​ធ្វើ​ដូច្នេះ​ឬ​ទេ?

១៤​. ប្រសិន​បើ​យើង​ចង់​ប្រព្រឹត្ត​តាម​ព្រះ​នាម​នៃ​ព្រះ​យេហូវ៉ា ជា​ព្រះ​ពិត​តែ​មួយ​ជា​រៀង​រហូត តើ​យើង​ត្រូវ​ការ​អ្វី​ទៀត​ក្រៅ​ពី​ការ​យល់​ដឹង​ពី​កាតព្វកិច្ច​របស់​ខ្លួន?

១៤ ប្រសិន​បើ​យើង​ចង់​បំរើ​ព្រះ​យេហូវ៉ា​ជា​រៀង​រហូត អ្វី​ដែល​ជំរុញ​យើង​នោះ​ត្រូវ​ទាក់ទង​អ្វី​ច្រើន​ទៀត ក្រៅ​ពី​ការ​យល់​ដឹង​អំពី​កាតព្វកិច្ច​ខ្លួន​ប៉ុណ្ណោះ។ សាវ័កប៉ុល​បាន​ដាស់​តឿន​ធីម៉ូថេ ដែល​បាន​បំរើ​ព្រះ​យេហូវ៉ា​ជា​ច្រើន​ឆ្នាំ​ហើយ ថា⁠៖ «ចូរ​បង្ហាត់​ខ្លួន​ខាង​ឯសេចក្ដី​គោរព​ប្រតិបត្ដិ​ដល់[«ភក្ដីភាព​ចំពោះ», ព​.​ថ​.]ព្រះ​វិញ»។ (ធីម៉ូថេទី១ ៤:⁠៧) ភក្ដីភាព​គឺ​មាន​ចេញ​ពី​ចិត្ត​កតញ្ញូ​ចំពោះ​បុគ្គល​ដែល​យើង​ត្រូវ​មាន​ភក្ដីភាព​ចំពោះ​នោះ។ ‹ភក្ដីភាព​ចំពោះ​ព្រះ›​គឺ​សម្ដែង​នូវ​ការ​គោរព​យ៉ាង​ជ្រាល​ជ្រៅ​ចំពោះ​ព្រះ​យេហូវ៉ា​ផ្ទាល់។ នេះ​បង្ហាញ​នូវ​សេចក្ដី​ស្រឡាញ់​ចំពោះ​ទ្រង់​ដែល​ផ្ដាច់​ពុំបាន ដែល​ផ្ដើម​ចេញ​ពី​ការ​គោរព​ដ៏​ជ្រាល​ជ្រៅ​ចំពោះ​ទ្រង់ និង​ការ​ធ្វើ​តាម​ផ្លូវ​របស់​ទ្រង់។ នេះ​បណ្ដាល​ឲ្យ​យើង​ចង់​ប្រាប់​មនុស្ស​គ្រប់​គ្នា​ឲ្យ​លើក​សរសើរ​ព្រះ​នាម​របស់​ទ្រង់​ដែរ។ យើង​ត្រូវ​តែ​បណ្ដុះ​បណ្ដាល​ឲ្យ​មាន​ភក្ដីភាព​ចំពោះ​ព្រះ ប្រសិន​បើ​យើង​ចង់​ប្រព្រឹត្ត​ជា​រៀង​រហូត​តាម​ព្រះ​នាម​នៃ​ព្រះ​យេហូវ៉ា ជា​ព្រះ​ពិត​តែ​មួយ​នោះ។​—⁠ទំនុកដំកើង ៣៧:៤; ពេត្រុសទី២ ៣:⁠១១

១៥​. តើ​យើង​អាច​បង្ហាញ​ភក្ដីភាព​ផ្ដាច់​មុខ​ចំពោះ​ព្រះ​យេហូវ៉ា​យ៉ាង​ដូច​ម្ដេច?

១៥ បើ​យើង​ចង់​បំរើ​ព្រះ​ដោយ​ត្រឹម​ត្រូវ យើង​ត្រូវ​តែ​ថ្វាយ​បង្គំ​ទ្រង់​តែ​មួយ​អង្គ​ប៉ុណ្ណោះ ពីព្រោះ​ទ្រង់​ជា​«ព្រះ​ដែល​តម្រូវ​ឲ្យ​មាន​ភក្ដីភាព​ផ្ដាច់​មុខ​នោះ»។ (និក្ខមនំ ២០:⁠៥, ព.ថ.) យើង​មិន​អាច​ស្រឡាញ់​ព្រះ ហើយ​ក្នុង​ពេល​ដដែល​នេះ​ទៅ​ស្រឡាញ់​លោកីយ៍​ដ៏​អាក្រក់​នេះ​បាន​ឡើយ ពីព្រោះ​សាតាំង​ជា​ព្រះ​នៃ​លោកីយ៍​នេះ។ (យ៉ាកុប ៤:៤; យ៉ូហានទី១ ២:​១៥​-​១៧) ព្រះ​យេហូវ៉ា​ជ្រាប​យ៉ាង​ច្បាស់​ថា​យើង​រាល់​គ្នា​ចង់​ធ្វើ​ជា​បុគ្គល​បែប​ណា។ (យេរេមា ១៧:⁠១០) ប្រសិន​បើ​យើង​ពិត​ជា​ស្រឡាញ់​សេចក្ដី​សុចរិត ទ្រង់​នឹង​ទត​ឃើញ និង​ជួយ​យើង​ឲ្យ​ស៊ូទ្រាំ​នឹង​សេចក្ដី​លំបាក​ដែល​យើង​មាន​ប្រចាំ​ថ្ងៃ។ ទ្រង់​នឹង​គាំទ្រ​យើង​ដោយ​ប្រើ​វិញ្ញាណ​បរិសុទ្ធ​ដ៏​ខ្លាំង​ក្លា​របស់​ទ្រង់ ហើយ​ទ្រង់​នឹង​ជួយ​យើង​ឲ្យ​យក​ឈ្នះ​លើ​អំពើ​ទុច្ចរិត ដែល​មាន​ពាស​ពេញ​ក្នុង​ពិភពលោក​នេះ។ (កូរិនថូសទី២ ៤:⁠៧) ទ្រង់​ក៏​នឹង​ជួយ​យើង​ឲ្យ​រក្សា​នូវ​សេចក្ដី​សង្ឃឹម​ដ៏​មុត​មាំ​របស់​យើង ដែល​ជា​ជីវិត​ជា​រៀង​រហូត​នៅ​លើ​ផែនដី​មនោរម្យ។ នេះ​ជា​សេចក្ដី​សង្ឃឹម​ដ៏​រុងរឿង​យ៉ាង​ណា​ទៅ​ហ្ន៎! យើង​គួរ​តែ​មាន​ភាព​កតញ្ញូ​ដ៏​ជ្រាល​ជ្រៅ​ចំពោះ​សេចក្ដី​សង្ឃឹម​នេះ និង​បំរើ​ព្រះ​យេហូវ៉ា​ជា​ព្រះ​ពិត​តែ​មួយ​ដោយ​ស្ម័គ្រ​ពី​ចិត្ត ពីព្រោះ​ទ្រង់​ធ្វើ​ឲ្យ​យើង​មាន​លទ្ធភាព​ទទួល​ជីវិត​អស់​កល្ប​ជានិច្ច។

១៦​. តើ​អ្នក​គួរ​ធ្វើ​អ្វី ដូច​គ្នា​នឹង​មនុស្ស​រាប់​លាន​នាក់​ឯ​ទៀត?

១៦ មនុស្ស​រាប់​លាន​នាក់​ទូទាំង​ពិភពលោក បាន​ទទួល​យក​យ៉ាង​រីករាយ​នូវ​សេចក្ដី​អញ្ជើញ​នេះ ដែល​អ្នក​តែង​បទ​ទំនុកដំកើង​បាន​សរសេរ​ថា⁠៖ «ចូរ​ដំកើង​ព្រះយេហូវ៉ា​ជា​មួយ​នឹង​ខ្ញុំ​ចុះ! ចូរ​យើង​ព្រម​គ្នា​លើក​ព្រះ​នាម​ទ្រង់​ឡើង!»។ (ទំនុកដំកើង ៣៤:⁠៣) ព្រះ​យេហូវ៉ា​អញ្ជើញ​អ្នក​ឲ្យ​មក​នៅ​ក្នុង​ចំណោម​មនុស្ស​ដែល​មាន​ចំនួន​រឹតតែ​ច្រើន​ដែល​ចេញ​ពី​គ្រប់​សាសន៍ និង​កំពុង​តែ​លើក​ដំកើង​សរសើរ​ព្រះ​យេហូវ៉ា។

ការ​ពិគ្រោះ​សា​ឡើង​វិញ

• តើ​ព្រះ​យេហូវ៉ា​ជា​បុគ្គល​បែប​ណា? តើ​យើង​នឹង​ទទួល​ប្រយោជន៍​អ្វី ដោយ​យល់​ដឹង​យ៉ាង​ច្បាស់​លាស់​អំពី​គុណសម្បត្ដិ​ទាំង​ប៉ុន្មាន​របស់ទ្រង់?

• តើ​តាម​របៀប​ណា​ដែល​យើង​អាច​ជួយ​អ្នក​ដទៃ​ឲ្យ​រៀន​សេចក្ដី​ពិត​អំពី​ព្រះ?

• តើ​ការ​ស្គាល់​ព្រះ​នាម​របស់​ព្រះ​យេហូវ៉ា និង​ប្រព្រឹត្ត​តាម​ព្រះ​នាម​ទ្រង់​រួម​បញ្ចូល​អ្វី​ខ្លះ?

[រូបភាព​នៅ​ទំព័រ​១៤]

ដោយសារ​ព្រះ​យេហូវ៉ា​មាន​សេចក្ដី​ស្រឡាញ់​ដ៏​ឧត្តម នោះ​ទ្រង់​នឹង​«លា​ព្រះ​ហស្ត ក៏​បំពេញ​ចិត្ត​ប្រាថ្នា​នៃ​ជីវិត​ទាំង​ឡាយ»

    សៀវភៅភាសាខ្មែរ (១៩៩១-២០២៥)
    ចេញពីគណនី
    ចូលគណនី
    • ខ្មែរ
    • ចែករំលែក
    • ជម្រើស
    • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
    • ល័ក្ខខ័ណ្ឌប្រើប្រាស់
    • គោលការណ៍ស្ដីអំពីព័ត៌មានផ្ទាល់ខ្លួនរបស់លោកអ្នក
    • កំណត់ឯកជនភាព
    • JW.ORG
    • ចូលគណនី
    ចែករំលែក