ព្រះយេហូវ៉ាគឺជាព្រះនៃសេចក្ដីស្រឡាញ់
«ព្រះគឺជាសេចក្ដីស្រឡាញ់»។—យ៉ូហានទី១ ៤:៨, ១៦
១. តើអ្វីជាគុណសម្បត្ដិដ៏សំខាន់បំផុតរបស់ព្រះ ហើយតើការដឹងដូច្នេះធ្វើឲ្យអ្នកមានអារម្មណ៍យ៉ាងណាចំពោះលោក?
គម្ពីរប្រាប់យើងថា«ព្រះគឺជាសេចក្ដីស្រឡាញ់»។ (យ៉ូហានទី១ ៤:៨) ប៉ុន្តែ តើនេះមានន័យយ៉ាងណា? សេចក្ដីស្រឡាញ់មិនគ្រាន់តែជាគុណសម្បត្ដិដ៏ល្អប្រសើរមួយរបស់ព្រះយេហូវ៉ាប៉ុណ្ណោះទេ តែជាគុណសម្បត្ដិដ៏សំខាន់បំផុតរបស់លោក។ លោកមិនគ្រាន់តែមានសេចក្ដីស្រឡាញ់ប៉ុណ្ណោះទេ តែលោកគឺជាសេចក្ដីស្រឡាញ់។ សេចក្ដីស្រឡាញ់ជំរុញលោកឲ្យធ្វើអ្វីទាំងអស់។ យើងសប្បាយរីករាយមែនដែលសេចក្ដីស្រឡាញ់បានជំរុញចិត្តព្រះយេហូវ៉ាឲ្យបង្កើតសកលលោកទាំងមូលនិងភាវរស់ទាំងអស់!
២. តើសេចក្ដីស្រឡាញ់របស់ព្រះធ្វើឲ្យយើងមានទំនុកចិត្តយ៉ាងណា? (សូមមើលរូបភាពនៅដើមអត្ថបទ)
២ ព្រះយេហូវ៉ាមានមនោសញ្ចេតនាដ៏ជ្រាលជ្រៅចំពោះអ្វីៗដែលលោកបានបង្កើត។ សេចក្ដីស្រឡាញ់របស់លោកចំពោះយើងធ្វើឲ្យយើងមានទំនុកចិត្តថាគោលបំណងរបស់លោកចំពោះមនុស្សជាតិនឹងបានសម្រេចតាមរបៀបដ៏ល្អបំផុត ហើយនោះនឹងនាំឲ្យពួកអ្នកដែលស្ដាប់បង្គាប់លោកមានសុភមង្គលពិត។ ជាឧទាហរណ៍ ដោយសារសេចក្ដីស្រឡាញ់ ព្រះយេហូវ៉ា«បានកំណត់មួយថ្ងៃដែលលោកមានគោលបំណងវិនិច្ឆ័យពិភពលោកដោយសេចក្ដីសុចរិត តាមរយៈបុរសម្នាក់ដែលលោកបានតែងតាំង» ពោលគឺលោកយេស៊ូគ្រិស្ត។ (សកម្មភាព ១៧:៣១) យើងមានទំនុកចិត្តថាការវិនិច្ឆ័យនេះនឹងកើតឡើង។ ចំពោះមនុស្សដែលស្ដាប់បង្គាប់ នេះមានន័យថាពួកគេនឹងមានអនាគតដ៏អស្ចារ្យដែលនឹងស្ថិតស្ថេរជារៀងរហូត។
អ្វីដែលប្រវត្ដិសាស្ត្របានបង្ហាញ
៣. តើជីវិតនឹងទៅជាយ៉ាងណា បើព្រះមិនបានស្រឡាញ់មនុស្សជាតិ?
៣ តើអនាគតរបស់មនុស្សជាតិនឹងទៅជាយ៉ាងណា បើសេចក្ដីស្រឡាញ់មិនមែនជាគុណសម្បត្ដិដែលសំខាន់បំផុតរបស់ព្រះ? មនុស្សនឹងបន្តគ្រប់គ្រងលើមនុស្សឯទៀត ហើយទទួលឥទ្ធិពលពីសាថានដែលជាព្រះមួយដ៏អាក្រក់ និងគ្មានសេចក្ដីស្រឡាញ់។ (កូរិនថូសទី២ ៤:៤; យ៉ូហានទី១ ៥:១៩; សូមអាន ការបើកបង្ហាញ ១២:៩, ១២) អនាគតនឹងអាក្រក់ខ្លាំងណាស់ បើព្រះយេហូវ៉ាមិនបានស្រឡាញ់យើង!
៤. ហេតុអ្វីព្រះយេហូវ៉ាបានអនុញ្ញាតឲ្យមានការបះបោរប្រឆាំងនឹងការគ្រប់គ្រងរបស់លោក?
៤ ពេលសាថានបានបះបោរប្រឆាំងការគ្រប់គ្រងរបស់ព្រះ វាក៏បានញុះញង់ឪពុកម្ដាយដំបូងរបស់យើងឲ្យបះបោរប្រឆាំងដែរ។ វាបានបង្កើតឲ្យមានការសង្ស័យទៅលើសិទ្ធិរបស់ព្រះជាមហាក្សត្រសកលលោក។ សាថានបានអះអាងថាការគ្រប់គ្រងរបស់វា គឺប្រសើរជាងការគ្រប់គ្រងរបស់ព្រះ។ (លោកុប្បត្តិ ៣:១-៥) ដោយមានគំនិតឈ្លាសវៃ ព្រះយេហូវ៉ាបានអនុញ្ញាតឲ្យសាថានមានរយៈពេលខ្លីដើម្បីព្យាយាមបញ្ជាក់ថាការអះអាងរបស់វាគឺត្រឹមត្រូវ ឬមិនត្រឹមត្រូវ។ ប៉ុន្តែ លទ្ធផលបង្ហាញយ៉ាងច្បាស់ថាទាំងមនុស្សទាំងសាថានមិនអាចធ្វើជាអ្នកគ្រប់គ្រងដ៏ល្អបានឡើយ។
៥. តើប្រវត្ដិសាស្ត្រមនុស្សជាតិបញ្ជាក់យ៉ាងច្បាស់អំពីអ្វី?
៥ សព្វថ្ងៃនេះ ពិភពលោកគឺកាន់តែអាក្រក់ទៅៗ។ ក្នុងអំឡុង១០០ឆ្នាំកន្លងទៅនេះ មនុស្សជាង១០០លាននាក់បានស្លាប់ក្នុងសង្គ្រាមផ្សេងៗ។ គម្ពីរចែងអំពី«គ្រាចុងក្រោយបង្អស់»ថា៖ «មនុស្សទុច្ចរិតព្រមទាំងជនបោកប្រាស់នឹងកាន់តែអាក្រក់ទៅៗ»។ (ធីម៉ូថេទី២ ៣:១, ១៣) គម្ពីរក៏ចែងដែរថា៖ «ឱព្រះយេហូវ៉ាអើយ ទូលបង្គំដឹងថាផ្លូវរបស់មនុស្សមិនស្រេចនៅខ្លួនគេទេ ហើយដែលដំរង់ជំហានរបស់ខ្លួន នោះក៏មិនស្រេចនៅមនុស្សដែលដើរដែរ»។ (យេរេមា ១០:២៣) ប្រវត្ដិសាស្ត្របានបញ្ជាក់យ៉ាងច្បាស់ថាពាក្យទាំងនោះគឺជាពាក្យពិត។ ព្រះយេហូវ៉ាមិនបានបង្កើតមនុស្សឲ្យមានសមត្ថភាព ឬមានសិទ្ធិគ្រប់គ្រងលើខ្លួនឯងដោយគ្មានការណែនាំពីលោកឡើយ។
៦. ហេតុអ្វីព្រះបានអនុញ្ញាតឲ្យមានអំពើអាក្រក់?
៦ ដោយអនុញ្ញាតឲ្យអំពើអាក្រក់បន្តអស់មួយរយៈពេល ព្រះយេហូវ៉ាក៏បានបញ្ជាក់ដែរថាមានតែការគ្រប់គ្រងរបស់លោកប៉ុណ្ណោះដែលអាចបានជោគជ័យ។ នៅអនាគត ព្រះនឹងបំផ្លាញមនុស្សអាក្រក់ទាំងអស់។ ក្រោយពីនោះ បើអ្នកណាបង្កើតឲ្យមានការសង្ស័យអំពីរបៀបគ្រប់គ្រងរបស់លោកដែលប្រកបដោយសេចក្ដីស្រឡាញ់ នោះព្រះនឹងចាត់វិធានការភ្លាមៗ។ ព្រះអាចផ្អែកលើអ្វីដែលបានកើតឡើងក្នុងប្រវត្ដិសាស្ត្រមនុស្សជាតិជាទីសំអាងដើម្បីបញ្ជាក់ថាលោកគួរតែបំបាត់ចោលអ្នកបះបោរដូចនោះយ៉ាងឆាប់រហ័ស។ អំពើអាក្រក់នឹងមិនត្រូវអនុញ្ញាតឲ្យមានម្ដងទៀតឡើយ។
តើព្រះបានបង្ហាញសេចក្ដីស្រឡាញ់របស់លោកយ៉ាងដូចម្ដេច?
៧, ៨. តើព្រះយេហូវ៉ាបានបង្ហាញសេចក្ដីស្រឡាញ់របស់លោកយ៉ាងដូចម្ដេច?
៧ ព្រះយេហូវ៉ាបានបង្ហាញសេចក្ដីស្រឡាញ់ដ៏ធំធេងរបស់លោកតាមរបៀបជាច្រើន។ សូមគិតអំពីទំហំនិងលម្អនៃសកលលោករបស់យើង។ សកលលោកមានកាឡាក់ស៊ីរាប់ពាន់លាន ហើយកាឡាក់ស៊ីនីមួយៗមានផ្កាយនិងភពផ្សេងៗរាប់ពាន់លាន។ នៅក្នុងកាឡាក់ស៊ីមីលគីវ៉េដែលជាកាឡាក់ស៊ីរបស់យើង ព្រះអាទិត្យគឺជាផ្កាយមួយក្នុងចំណោមផ្កាយផ្សេងៗ។ បើគ្មានព្រះអាទិត្យទេ មិនអាចមានជីវិតនៅលើផែនដីឡើយ។ អ្វីៗទាំងអស់នេះបញ្ជាក់ថាព្រះយេហូវ៉ាគឺជាអ្នកបង្កើតរបស់យើង ហើយបង្ហាញឲ្យឃើញគុណសម្បត្ដិរបស់លោកដូចជាឫទ្ធានុភាព ប្រាជ្ញានិងសេចក្ដីស្រឡាញ់ជាដើម។ ពិតមែន «គុណសម្បត្ដិរបស់លោក ដែលមនុស្សមើលមិនឃើញ ពោលគឺឫទ្ធានុភាពដែលស្ថិតស្ថេរជារៀងរហូត និងឋានៈរបស់លោកជាព្រះ នោះបានសឲ្យឃើញច្បាស់តាំងពីពេលដែលលោកបង្កើតពិភពលោកមក ពេលដែលពិចារណាអ្វីៗដែលលោកបានបង្កើត»។—រ៉ូម ១:២០
៨ ព្រះយេហូវ៉ាបានបង្កើតផែនដីជាពិសេសសម្រាប់អ្វីៗដែលមានជីវិត។ អ្វីទាំងអស់ដែលនៅលើផែនដីមានប្រយោជន៍ដល់សត្វនិងមនុស្ស។ ព្រះបានធ្វើសួនឧទ្យានមួយដ៏ស្អាតដើម្បីឲ្យមនុស្សរស់នៅ ហើយបានឲ្យពួកគេមានចិត្ត គំនិត និងរូបកាយល្អឥតខ្ចោះដើម្បីរស់នៅជារៀងរហូត។ (សូមអាន ការបើកបង្ហាញ ៤:១១) ម្យ៉ាងទៀត លោកផ្ដល់ឲ្យជីវិតទាំងឡាយនូវ«អាហារ ដ្បិតសេចក្ដីសប្បុរស[ឬ«សេចក្ដីស្រឡាញ់ដ៏ស្មោះ»]របស់ទ្រង់ស្ថិតស្ថេរនៅជាដរាប»។—ទំនុកតម្កើង ១៣៦:២៥; ព.ថ.
៩. ទោះជាព្រះយេហូវ៉ាគឺជាព្រះនៃសេចក្ដីស្រឡាញ់ក៏ដោយ តើលោកស្អប់អ្វី?
៩ ព្រះយេហូវ៉ាគឺជាព្រះនៃសេចក្ដីស្រឡាញ់ ប៉ុន្តែលោកស្អប់អ្វីដែលអាក្រក់។ ជាឧទាហរណ៍ ទំនុកតម្កើង ៥:៤-៦ចែងអំពីព្រះយេហូវ៉ាថា៖ «ទ្រង់មិនមែនជាព្រះដែលសព្វព្រះហឫទ័យនឹងសេចក្ដីល្មើសទេ . . . ទ្រង់ក៏ស្អប់បណ្ដាអ្នកដែលប្រព្រឹត្តអំពើទុច្ចរិត»។ លោកក៏ស្អប់«មនុស្សដែលតែងតែកំចាយឈាម ហើយបោកប្រាស់គេ»។
ទីបញ្ចប់នៃអំពើអាក្រក់គឺជិតដល់ហើយ
១០, ១១. (ក) តើអ្វីនឹងកើតឡើងដល់មនុស្សអាក្រក់? (ខ) តើព្រះយេហូវ៉ានឹងផ្ដល់រង្វាន់អ្វីខ្លះដល់មនុស្សដែលស្ដាប់បង្គាប់?
១០ នៅពេលដែលសមត្រឹមត្រូវ ព្រះយេហូវ៉ានឹងបំបាត់ចោលអំពើអាក្រក់ពីសកលលោកទាំងមូល ពីព្រោះលោកគឺជាព្រះនៃសេចក្ដីស្រឡាញ់ ហើយលោកស្អប់អ្វីដែលអាក្រក់។ បណ្ដាំរបស់ព្រះសន្យាថា៖ «ពួកអ្នកដែលធ្វើអាក្រក់នឹងត្រូវកាត់ចេញ តែអស់អ្នកដែលរង់ចាំព្រះយេហូវ៉ា នោះនឹងបានផែនដីជាមរដក។ ដល់បន្ដិចទៀត មនុស្សអាក្រក់នឹងមិនមានទៀតទេ»។ ពួកសត្រូវរបស់ព្រះយេហូវ៉ានឹងរលាយសូន្យ«ទៅជាផ្សែង»។—ទំនុកតម្កើង ៣៧:៩, ១០, ២០
១១ បណ្ដាំរបស់ព្រះក៏សន្យាដែរថា៖ «ពួកអ្នកសុចរិតនឹងបានស្រុកទុកជាមរដក ហើយនឹងនៅក្នុងស្រុកនោះជានិច្ច»។ (ទំនុកតម្កើង ៣៧:២៩) មនុស្សស្មោះត្រង់«នឹងបានចិត្តរីករាយ ដោយសេចក្ដីក្សេមក្សាន្តដ៏បរិបូរ»។ (ទំនុកតម្កើង ៣៧:១១) ហេតុអ្វី? ពីព្រោះព្រះរបស់យើងដែលមានសេចក្ដីស្រឡាញ់តែងតែធ្វើអ្វីដែលល្អបំផុតសម្រាប់អ្នកបម្រើដ៏ស្មោះត្រង់របស់លោក។ គម្ពីរប្រាប់យើងថា៖ «លោកនឹងជូតអស់ទាំងទឹកភ្នែកចេញពីភ្នែករបស់ពួកគេ ហើយសេចក្ដីស្លាប់នឹងលែងមានទៀត ទុក្ខព្រួយ ការស្រែកយំ និងការឈឺចាប់ក៏នឹងលែងមានទៀតដែរ។ អ្វីៗដែលធ្លាប់កើតឡើងពីមុន នោះបានកន្លងបាត់អស់ហើយ»។ (ការបើកបង្ហាញ ២១:៤) មនុស្សដែលស្ដាប់បង្គាប់ ហើយយល់តម្លៃនៃសេចក្ដីស្រឡាញ់របស់ព្រះ នឹងមានអនាគតដ៏អស្ចារ្យមែន!
១២. តើអ្នកណាជាមនុស្សដែលគ្មានកន្លែងបន្ទោស?
១២ គម្ពីរប្រាប់យើងថា៖ «ចូរចំណាំមើលមនុស្សគ្រប់លក្ខណ៍វិញ ហើយពិចារណាមើលមនុស្សទៀងត្រង់ចុះ ដ្បិតចុងបំផុតនៃមនុស្សនោះមានសេចក្ដីសាន្តត្រាណ។ ឯពួកមនុស្សរំលងច្បាប់នឹងត្រូវវិនាសទៅជាមួយគ្នា ឯចុងបំផុតនៃមនុស្សអាក្រក់ នោះនឹងត្រូវកាត់ចេញវិញ»។ (ទំនុកតម្កើង ៣៧:៣៧,៣៨) «មនុស្សគ្រប់លក្ខណ៍»ឬមនុស្សដែលគ្មានកន្លែងបន្ទោស គឺជាមនុស្សដែលស្គាល់ព្រះយេហូវ៉ានិងបុត្ររបស់លោក ហើយស្ដាប់បង្គាប់ព្រះដោយធ្វើតាមបំណងប្រាថ្នារបស់លោក។ (សូមអាន យ៉ូហាន ១៧:៣) គាត់ជឿជាក់យ៉ាងស្មោះថា«ពិភពលោកនេះ និងសេចក្ដីប៉ងប្រាថ្នារបស់វា កំពុងឈានទៅរកការសាបសូន្យ ប៉ុន្តែអ្នកណាដែលធ្វើតាមបំណងប្រាថ្នារបស់ព្រះ អ្នកនោះនឹងនៅជាប់ជារៀងរហូតវិញ»។ (យ៉ូហានទី១ ២:១៧) ដោយសារទីបញ្ចប់នៃពិភពលោកគឺជិតដល់ហើយ នេះជាពេលបន្ទាន់ដែលយើង«រង់ចាំព្រះយេហូវ៉ា ហើយកាន់តាមផ្លូវទ្រង់»។—ទំនុកតម្កើង ៣៧:៣៤
ទង្វើដែលបង្ហាញនូវសេចក្ដីស្រឡាញ់ដ៏ខ្លាំងបំផុតរបស់ព្រះ
១៣. តើអ្វីជាទង្វើដែលបង្ហាញនូវសេចក្ដីស្រឡាញ់ដ៏ខ្លាំងបំផុតរបស់ព្រះ?
១៣ ទោះបីយើងជាមនុស្សមិនល្អឥតខ្ចោះក៏ដោយ យើងអាចស្ដាប់បង្គាប់ព្រះ។ យើងក៏អាចមានចំណងមិត្តភាពជិតស្និទ្ធជាមួយនឹងព្រះយេហូវ៉ាដែរ ដោយសារលោកបានផ្ដល់គ្រឿងបូជាលោះរបស់លោកយេស៊ូ នេះជាទង្វើដែលបង្ហាញនូវសេចក្ដីស្រឡាញ់ដ៏ខ្លាំងបំផុតរបស់លោក។ ព្រះយេហូវ៉ាបានផ្ដល់ថ្លៃលោះដើម្បីឲ្យមនុស្សដែលស្ដាប់បង្គាប់អាចមានឱកាសរួចផុតពីភាពខុសឆ្គងនិងសេចក្ដីស្លាប់។ (សូមអាន រ៉ូម ៥:១២; ៦:២៣) លោកយេស៊ូបានស្មោះត្រង់ចំពោះព្រះអស់រយៈពេលជាយូរលង់នៅស្ថានសួគ៌ ហេតុនេះព្រះយេហូវ៉ាមានទំនុកចិត្តថាបុត្ររបស់លោកនឹងរក្សាភាពស្មោះត្រង់ពេលនៅផែនដី។ ក្នុងនាមជាបិតាដែលមានសេចក្ដីស្រឡាញ់ ព្រះយេហូវ៉ាឈឺចាប់ក្រៃលែង ពេលលោកឃើញមនុស្សបានប្រព្រឹត្តអាក្រក់យ៉ាងខ្លាំងទៅលើបុត្ររបស់លោក។ ប៉ុន្តែ លោកយេស៊ូបានគាំទ្រយ៉ាងស្មោះត្រង់នូវសិទ្ធិគ្រប់គ្រងរបស់ព្រះ ហើយបានបង្ហាញថាមនុស្សល្អឥតខ្ចោះអាចរក្សាភាពស្មោះត្រង់ចំពោះព្រះ ទោះជាស្ថិតក្នុងស្ថានភាពដ៏ពិបាកយ៉ាងខ្លាំងក្ដី។
១៤, ១៥. តើមរណភាពរបស់លោកយេស៊ូមានប្រយោជន៍អ្វីចំពោះមនុស្សជាតិ?
១៤ ទោះជាលោកយេស៊ូបានទទួលរងការល្បងលយ៉ាងខ្លាំងក៏ដោយ លោកបានរក្សាភាពស្មោះត្រង់ និងបានគាំទ្រសិទ្ធិគ្រប់គ្រងរបស់ព្រះយេហូវ៉ា។ យើងគួរមានចិត្តកតញ្ញូដែលលោកយេស៊ូបានបង់ថ្លៃលោះតាមរយៈមរណភាពរបស់លោក ពីព្រោះនេះផ្ដល់ឱកាសឲ្យមនុស្សរស់ជារៀងរហូតនៅពិភពលោកថ្មីរបស់ព្រះ! សាវ័កប៉ូលបានរៀបរាប់អំពីសេចក្ដីស្រឡាញ់ដែលព្រះយេហូវ៉ានិងលោកយេស៊ូបានបង្ហាញតាមរយៈថ្លៃលោះ។ គាត់បាននិយាយថា៖ «កាលដែលយើងនៅខ្សោយនៅឡើយ គ្រិស្តបានស្លាប់នៅពេលកំណត់ ដើម្បីមនុស្សដែលមិនគោរពព្រះ។ ពីព្រោះកម្រមានអ្នកណាសុខចិត្តស្លាប់ដើម្បីមនុស្សសុចរិត តែដើម្បីមនុស្សល្អ ប្រហែលជាមានអ្នកដែលហ៊ានស្លាប់។ ប៉ុន្តែព្រះសម្ដែងឲ្យយើងឃើញសេចក្ដីស្រឡាញ់របស់លោក តាមរបៀបនេះ៖ គ្រិស្តស្លាប់ដើម្បីយើង កាលដែលយើងនៅជាអ្នកធ្វើខុសនៅឡើយ»។ (រ៉ូម ៥:៦-៨) សាវ័កយ៉ូហានបានសរសេរថា៖ «សេចក្ដីស្រឡាញ់របស់ព្រះបានត្រូវសម្ដែងចំពោះយើង ពីព្រោះព្រះបានចាត់បុត្រតែមួយរបស់លោកឲ្យមកក្នុងពិភពលោកនេះ ដើម្បីឲ្យយើងអាចបានជីវិតតាមរយៈបុត្រនោះ។ សេចក្ដីស្រឡាញ់នៅត្រង់កន្លែងនេះ គឺមិនមែនយើងទេដែលបានស្រឡាញ់ព្រះ តែគឺលោកដែលបានស្រឡាញ់យើង ដោយចាត់បុត្ររបស់លោក ឲ្យធ្វើជាគ្រឿងបូជាសម្រាប់ផ្សះផ្សាចំណងមិត្តភាពរវាងយើងនិងព្រះ»។—យ៉ូហានទី១ ៤:៩, ១០
១៥ លោកយេស៊ូបានមានប្រសាសន៍ថា៖ «ព្រះស្រឡាញ់ពិភពលោកដល់ម្ល៉េះបានជាលោកបានឲ្យបុត្រតែមួយរបស់លោក ដើម្បីឲ្យអស់អ្នកដែលបង្ហាញជំនឿលើបុត្រនោះអាចមានជីវិតដែលគ្មានទីបញ្ចប់ ហើយមិនត្រូវបំផ្លាញឡើយ»។ (យ៉ូហាន ៣:១៦) ព្រះយេហូវ៉ាបានឲ្យបុត្ររបស់លោកជាថ្លៃលោះ ទោះជានេះធ្វើឲ្យលោកឈឺចាប់យ៉ាងខ្លាំងក្ដី។ នេះបង្ហាញថាលោកស្រឡាញ់មនុស្សខ្លាំងណាស់។ ម្យ៉ាងទៀត សេចក្ដីស្រឡាញ់នោះនឹងស្ថិតស្ថេរជារៀងរហូត។ ប៉ូលបានសរសេរថា៖ «ខ្ញុំជឿជាក់ថា ទោះជាសេចក្ដីស្លាប់ ជីវិត ទេវតា ពួកអ្នកគ្រប់គ្រង អ្វីៗនៅគ្រាឥឡូវនេះ អ្វីៗនៅគ្រាខាងមុខ កម្លាំង កម្ពស់ ជម្រៅ ឬអ្វីផ្សេងទៀតដែលលោកបានបង្កើតក្ដី គ្មានអ្វីអាចធ្វើឲ្យយើងឃ្លាតចេញពីសេចក្ដីស្រឡាញ់របស់ព្រះ ដែលត្រូវសម្ដែងតាមរយៈគ្រិស្តយេស៊ូ ជាម្ចាស់របស់យើងឡើយ»។—រ៉ូម ៨:៣៨, ៣៩
រាជាណាចក្រព្រះ កំពុងគ្រប់គ្រងនៅឥឡូវនេះ
១៦. តើរាជាណាចក្ររបស់មេស្ស៊ីគឺជាអ្វី ហើយតើព្រះយេហូវ៉ាបានតែងតាំងអ្នកណាឲ្យធ្វើជាអ្នកគ្រប់គ្រងរាជាណាចក្រនោះ?
១៦ រដ្ឋាភិបាលរបស់ព្រះ ពោលគឺរាជាណាចក្ររបស់មេស្ស៊ី ក៏ជាទីសំអាងដែលបញ្ជាក់អំពីសេចក្ដីស្រឡាញ់របស់ព្រះយេហូវ៉ាចំពោះមនុស្សជាតិដែរ។ ហេតុអ្វីដូច្នេះ? ព្រះយេហូវ៉ាបានតែងតាំងរួចហើយនូវអ្នកគ្រប់គ្រងម្នាក់ដែលស្រឡាញ់មនុស្សជាតិ ហើយដែលមានគុណសម្បត្ដិគ្រប់គ្រាន់ដើម្បីគ្រប់គ្រង នោះគឺជាលោកយេស៊ូគ្រិស្ត។ (សុភាសិត ៨:៣១) ម្យ៉ាងទៀត ១៤៤.០០០នាក់ដែលបានត្រូវជ្រើសរើសពីចំណោមមនុស្សជាតិនឹងគ្រប់គ្រងជាមួយនឹងគ្រិស្តនៅស្ថានសួគ៌។ ពេលពួកគាត់បានត្រូវប្រោសឲ្យរស់ឡើងវិញ ពួកគាត់នៅតែមានបទពិសោធន៍អំពីជីវិតជាមនុស្ស។ (ការបើកបង្ហាញ ១៤:១) កាលដែលលោកយេស៊ូនៅផែនដី រាជាណាចក្រគឺជាប្រធានបទសំខាន់ចម្បងនៃសេចក្ដីបង្រៀនរបស់លោក ហើយលោកបានបង្រៀនពួកអ្នកកាន់តាមលោកឲ្យអធិដ្ឋានថា៖ «ឱបិតារបស់យើងដែលនៅស្ថានសួគ៌ សូមឲ្យនាមរបស់លោកបានបរិសុទ្ធ។ សូមឲ្យរាជាណាចក្ររបស់លោកបានមកដល់។ សូមឲ្យបំណងប្រាថ្នារបស់លោកបានសម្រេចនៅផែនដី ដូចនៅស្ថានសួគ៌ដែរ»។ (ម៉ាថាយ ៦:៩, ១០) យើងទន្ទឹងរង់ចាំការសម្រេចនៃសេចក្ដីអធិដ្ឋានបែបនោះ ពេលរាជាណាចក្រព្រះនាំឲ្យមនុស្សជាតិទទួលពរជាច្រើន!
១៧. សូមប្រៀបធៀបការគ្រប់គ្រងរបស់លោកយេស៊ូនិងការគ្រប់គ្រងរបស់មនុស្ស។
១៧ ការគ្រប់គ្រងរបស់លោកយេស៊ូដែលប្រកបដោយសេចក្ដីស្រឡាញ់និងការគ្រប់គ្រងរបស់មនុស្សគឺខុសគ្នាឆ្ងាយណាស់។ ការគ្រប់គ្រងរបស់មនុស្សបាននាំឲ្យមានសង្គ្រាមដែលសម្លាប់មនុស្សរាប់លាននាក់។ ប៉ុន្តែ លោកយេស៊ូដែលជាអ្នកគ្រប់គ្រងរបស់យើងពិតជាស្រឡាញ់យើង ហើយមានគុណសម្បត្ដិដ៏ល្អប្រសើរដូចព្រះ ជាពិសេសសេចក្ដីស្រឡាញ់។ (ការបើកបង្ហាញ ៧:១០, ១៦, ១៧) លោកយេស៊ូបានមានប្រសាសន៍ថា៖ «អស់អ្នកដែលធ្វើការនឿយហត់ហើយមានបន្ទុកធ្ងន់អើយ! ចូរមកឯខ្ញុំចុះ ហើយខ្ញុំនឹងធ្វើឲ្យអ្នកមានកម្លាំងចិត្តឡើងវិញ។ ចូរយកនឹមរបស់ខ្ញុំដាក់លើអ្នករាល់គ្នា ហើយរៀនពីខ្ញុំ ពីព្រោះខ្ញុំស្លូត ក៏មានចិត្តរាបទាបផង នោះអ្នករាល់គ្នានឹងមានកម្លាំងចិត្តឡើងវិញ។ ពីព្រោះនឹមរបស់ខ្ញុំស្រួលពាក់ ហើយបន្ទុកខ្ញុំក៏ស្រាល»។ (ម៉ាថាយ ១១:២៨-៣០) នេះជាសេចក្ដីសន្យាដែលបង្ហាញអំពីសេចក្ដីស្រឡាញ់មែន!
១៨. (ក) តើអ្វីបានកើតឡើងចាប់តាំងពីឆ្នាំ១៩១៤? (ខ) តើយើងនឹងពិចារណាអ្វីនៅអត្ថបទបន្ទាប់?
១៨ គម្ពីរបង្ហាញថារាជាណាចក្រព្រះបានចាប់ផ្ដើមគ្រប់គ្រងនាស្ថានសួគ៌នៅឆ្នាំ១៩១៤។ តាំងពីពេលនោះមក មានការប្រមូលសមាជិកចុងក្រោយនៃពួកអ្នកដែលនឹងគ្រប់គ្រងជាមួយនឹងលោកយេស៊ូនៅស្ថានសួគ៌ និងការប្រមូល«មនុស្សមួយក្រុមធំ»ដែលនឹងរួចជីវិតនៅទីបញ្ចប់នៃរបៀបរបបពិភពលោកនេះ ហើយចូលទៅក្នុងពិភពលោកថ្មី។ (ការបើកបង្ហាញ ៧:៩, ១៣, ១៤) សព្វថ្ងៃនេះ តើមនុស្សមួយក្រុមធំនេះមានគ្នាប៉ុន្មាននាក់? តើព្រះតម្រូវអ្វីពីពួកគេ? អត្ថបទបន្ទាប់នឹងពិចារណាសំណួរទាំងនេះ។