មេរៀនទី៧
ចូលទៅជិតព្រះដោយសេចក្ដីអធិស្ឋាន
ហេតុអ្វីក៏ជាការសំខាន់ក្នុងការអធិស្ឋានជារឿយៗ? (១)
តើយើងគួរអធិស្ឋានដល់អ្នកណា ហើយដោយរបៀបណា? (២, ៣)
តើអ្វីជារបស់ត្រឹមត្រូវដែលយើងគួរអធិស្ឋានដល់ព្រះ? (៤)
តើអ្នកគួរអធិស្ឋាននៅពេលណា? (៥, ៦)
តើព្រះទ្រង់ស្ដាប់សេចក្ដីអធិស្ឋានទាំងអស់ឬ? (៧)
១. សេចក្ដីអធិស្ឋានគឺជាការទូលដល់ព្រះដោយចិត្តរាបទាប។ អ្នកគួរអធិស្ឋានដល់ព្រះជារឿយៗ។ ដូច្នោះអ្នកអាចមានសេចក្ដីស្និទ្ធស្នាលនឹងទ្រង់ ប្រៀបដូចនឹងកល្យាណមិត្តម្នាក់អញ្ចឹង។ ព្រះយេហូវ៉ាទ្រង់មានឥទ្ធិឫទ្ធិនិងព្រះចេស្ដាខ្លាំងណាស់ តែព្រះអង្គស្ដាប់សេចក្ដីអធិស្ឋានរបស់យើង! តើអ្នកអធិស្ឋានដល់ព្រះជារឿយៗឬទេ?—ទំនុកដំកើង ៦៥:២; ថែស្សាឡូនីចទី១ ៥:១៧
២. សេចក្ដីអធិស្ឋានជាចំណែកនៃការថ្វាយបង្គំរបស់យើង។ ដូច្នេះ យើងគួរអធិស្ឋានដល់ព្រះយេហូវ៉ាតែប៉ុណ្ណោះ។ កាលព្រះយេស៊ូគង់នៅលើផែនដី ទ្រង់តែងតែអធិស្ឋានដល់ព្រះវរបិតានៃទ្រង់ មិនមែនអធិស្ឋានដល់អ្នកណាផ្សេងទៀតទេ។ យើងក៏គួរធ្វើដូច្នេះដែរ។ (ម៉ាថាយ ៤:១០; ៦:៩) ប៉ុន្តែ សេចក្ដីអធិស្ឋានទាំងអស់របស់យើងគួរតែទូលឡើងក្នុងព្រះនាមព្រះយេស៊ូ។ នេះបង្ហាញថាយើងមានសេចក្ដីគោរពចំពោះតំណែងរបស់ព្រះយេស៊ូ ហើយថាយើងមានជំនឿលើយញ្ញបូជាលោះរបស់ទ្រង់ផង។—យ៉ូហាន ១៤:៦; យ៉ូហានទី១ ២:១, ២
៣. ពេលយើងអធិស្ឋាន យើងគួរទូលដល់ព្រះពីចិត្តរបស់យើង។ យើងមិនគួរទូលសេចក្ដីអធិស្ឋានរបស់យើងពីសេចក្ដីចាំទុកក្នុងខួរក្បាលឬអានពីសៀវភៅធម៌ឡើយ។ (ម៉ាថាយ ៦:៧, ៨) យើងអាចអធិស្ឋានក្នុងគ្រប់ឥរិយាបថដ៏គោរព នៅក្នុងពេលវេលាណា ហើយកន្លែងណាក៏បានដែរ។ ព្រះទ្រង់ក៏ឮដល់ទាំងសេចក្ដីអធិស្ឋានដែលទូលប្រាប់ដោយសម្ងាត់ក្នុងចិត្តរបស់យើងផង។ (សាំយូអែលទី១ ១:១២, ១៣) ជាការល្អប្រសើរដែលយើងគួររកទីកន្លែងស្ងាត់ដាច់ឡែកពីមនុស្សឯទៀត ដើម្បីទូលប្រាប់សេចក្ដីអធិស្ឋានផ្ទាល់ខ្លួនរបស់យើង។—ម៉ាកុស ១:៣៥
៤. តើអ្នកអាចអធិស្ឋានអំពីរបស់បែបណាខ្លះ? គឺអំពីរបស់ណាក៏ដោយដែលអាចមានឥទ្ធិពលលើមិត្តភាពរវាងអ្នកជាមួយនឹងទ្រង់។ (ភីលីព ៤:៦, ៧) សេចក្ដីអធិស្ឋានគំរូបង្ហាញថាយើងគួរអធិស្ឋានអំពីព្រះនាមនិងគោលបំណងនៃព្រះយេហូវ៉ា។ យើងក៏អាចទូលសុំឲ្យយើងបានទទួលវត្ថុដែលយើងត្រូវការ សុំសេចក្ដីអត់ឱនទោសដល់បាបរបស់យើង និងសុំជំនួយដើម្បីទប់ទល់នឹងសេចក្ដីល្បួង។ (ម៉ាថាយ ៦:៩-១៣) យើងមិនគួរអធិស្ឋានរកបំពេញតែចិត្តខ្លួនឯងឡើយ។ យើងគួរតែអធិស្ឋានសុំរបស់ណាដែលស្របនឹងព្រះហឫទ័យនៃព្រះវិញ។—យ៉ូហានទី១ ៥:១៤
៥. អ្នកអាចអធិស្ឋានគ្រប់ពេលវេលាដែលចិត្តអ្នកជំរុញឲ្យអ្នកអរព្រះគុណឬសរសើរដំកើងដល់ព្រះ។ (របាក្សត្រទី១ ២៩:១០-១៣) អ្នកគួរអធិស្ឋានពេលអ្នកមានវិបត្ដិនិងពេលជំនឿរបស់អ្នកកំពុងជួបការល្បងល។ (ទំនុកដំកើង ៥៥:២២; ១២០:១) ជាការត្រឹមត្រូវដែលអ្នកអធិស្ឋានមុនពេលអ្នកទទួលទានអាហារ។ (ម៉ាថាយ ១៤:១៩) ព្រះយេហូវ៉ាទ្រង់អញ្ជើញយើងឲ្យអធិស្ឋានដល់ព្រះអង្គ«រាល់ពេលរាល់វេលា»។—អេភេសូរ ៦:១៨
៦. យើងជាពិសេសត្រូវការអធិស្ឋានបើសិនជាយើងបានប្រព្រឹត្តអំពើបាបដ៏ធ្ងន់ធ្ងរ។ នៅគ្រាបែបនេះ យើងគួរតែទូលអង្វរសូមព្រះយេហូវ៉ាមេត្ដាករុណានិងអត់ទោសដល់យើងផង។ បើយើងសារភាពប្រាប់ទ្រង់នូវបាបរបស់យើង ហើយខំឲ្យអស់ពីសមត្ថភាពយើងកុំឲ្យប្រព្រឹត្តបាបម្ដងទៀត នោះព្រះ«ទ្រង់បំរុងតែនឹងអត់ទោស»ដល់យើងជាមិនខាន។—ទំនុកដំកើង ៨៦:៥; សុភាសិត ២៨:១៣
៧. ព្រះយេហូវ៉ាទ្រង់ស្ដាប់តែសេចក្ដីអធិស្ឋានរបស់មនុស្សសុចរិតប៉ុណ្ណោះ។ ដើម្បីឲ្យព្រះឮសេចក្ដីអធិស្ឋានរបស់អ្នក អ្នកត្រូវតែខំប្រឹងរស់នៅតាមបញ្ញត្ដិរបស់ទ្រង់ឲ្យអស់ពីសមត្ថភាព។ (សុភាសិត ១៥:២៩; ២៨:៩) អ្នកត្រូវតែមានចិត្តរាបទាបពេលអ្នកអធិស្ឋាន។ (លូកា ១៨:៩-១៤) អ្នកត្រូវតែខំប្រឹងប្រែងធ្វើឲ្យស្របតាមសេចក្ដីដែលអ្នកអធិស្ឋាន។ ដោយធ្វើយ៉ាងនេះអ្នកនឹងបង្ហាញឲ្យឃើញថា អ្នកមានជំនឿហើយថាអ្នកពិតជាចង់ធ្វើតាមពាក្យសំដីរបស់អ្នកមែន។ មានតែធ្វើដូច្នោះទេ ទើបព្រះយេហូវ៉ាទ្រង់ឆ្លើយតបនឹងសេចក្ដីអធិស្ឋានរបស់អ្នក។—ហេព្រើរ ១១:៦