មេរៀនទី១២
មានការគោរពចំពោះជីវិតនិងឈាម
តើយើងគួរមានទស្សនៈយ៉ាងណាអំពីជីវិត? (១) អំពីការពន្លូតកូន? (១)
តើតាមរបៀបណាដែលគ្រីស្ទានបង្ហាញថាគេមានសម្បជញ្ញៈអំពីការជៀសវាងពីគ្រោះថ្នាក់? (២)
តើការសម្លាប់សត្វគឺជាការខុសឬ? (៣)
តើអ្វីខ្លះជាការប្រព្រឹត្តដែលមិនសម្ដែងនូវការគោរពចំពោះជីវិត? (៤)តើអ្វីជាច្បាប់របស់ព្រះអំពីឈាម? (៥)
តើនេះមានរួមការបញ្ចូលឈាមឬទេ? (៦)
១. ព្រះយេហូវ៉ាគឺជាប្រភពនៃជីវិត។ របស់រស់នៅទាំងឡាយមានជីវិតគឺដោយសារព្រះ។ (ទំនុកដំកើង ៣៦:៩) ជីវិតគឺពិសិដ្ឋណាស់ចំពោះព្រះ។ សូម្បីជីវិតនៃទារកក្នុងផ្ទៃម្ដាយក៏មានតម្លៃចំពោះព្រះយេហូវ៉ាដែរ។ សម្លាប់ទារកដែលកំពុងលូតលាស់ក្នុងផ្ទៃបែបនេះដោយបំណង នោះគឺខុសហើយចំពោះព្រះនេត្រនៃព្រះ។—និក្ខមនំ ២១:២២, ២៣; ទំនុកដំកើង ១២៧:៣
២. គ្រីស្ទានពិតគឺមានសម្បជញ្ញៈអំពីការជៀសវាងពីគ្រោះថ្នាក់។ ពួកគេយកចិត្តទុកដាក់ប្រយ័ត្នដល់រថយន្តនិងផ្ទះរបស់គេ ដើម្បីកុំឲ្យគ្រោះថ្នាក់កើតឡើង។ (ចោទិយកថា ២២:៨) អ្នកបំរើព្រះមិនយកជីវិតរបស់ខ្លួនមកប្រថុយលេងៗ ដើម្បីជាការកំសាន្តសប្បាយឬការរំភើបចិត្តប៉ុណ្ណោះឡើយ។ ដូច្នេះ ពួកគេមិនចូលរួមក្នុងកីឡាឃោរឃៅណាដែលនាំឲ្យមានការឈឺចាប់ដល់មនុស្សឯទៀតដោយចេតនាទេ។ ពួកគេជៀសវាងការកំសាន្តដែលជំរុញទឹកចិត្តឲ្យប្រព្រឹត្តអំពើឃោរឃៅ។—ទំនុកដំកើង ១១:៥; យ៉ូហាន ១៣:៣៥
៣. ជីវិតនៃសត្វក៏ពិសិដ្ឋចំពោះព្រះអាទិទេពដែរ។ គ្រីស្ទានអាចសម្លាប់សត្វបាន ដើម្បីផ្ដល់ជាចំណីអាហារនិងសំលៀកបំពាក់ ឬដើម្បីការពារខ្លួនពីរោគជម្ងឺនិងគ្រោះថ្នាក់។ (លោកុប្បត្តិ ៣:២១; ៩:៣; និក្ខមនំ ២១:២៨) ប៉ុន្តែធ្វើបាបសត្វឬក៏សម្លាប់សត្វលេងទុកដូចជាកីឡា ឬកំសាន្តសប្បាយ នោះគឺមិនត្រូវទេ។—សុភាសិត ១២:១០
៤. ការជក់បារី ទំពាស្លា និងប្រើថ្នាំដើម្បីកំសាន្តសប្បាយ គឺមិនមែនសំរាប់គ្រីស្ទានឡើយ។ ការប្រព្រឹត្តទាំងនេះគឺខុស ពីព្រោះ (១) វាធ្វើឲ្យយើងញៀន (២) វាធ្វើទុក្ខដល់រូបកាយរបស់យើង ហើយ (៣) វាមិនមែនជាការស្អាតស្អំទេ។ (រ៉ូម ៦:១៩; ១២:១; កូរិនថូសទី២ ៧:១) ការលះបង់ទម្លាប់ទាំងនេះចោល គឺជាការពិបាកណាស់។ ប៉ុន្តែ យើងត្រូវតែលះបង់ចោលទើបយើងផ្គាប់ព្រះហឫទ័យនៃព្រះយេហូវ៉ាបាន។
៥. ឈាមក៏ជារបស់ពិសិដ្ឋដែរចំពោះព្រះនេត្រនៃព្រះ។ ព្រះមានបន្ទូលថា ព្រលឹងឬជីវិតគឺនៅក្នុងឈាម។ ដូច្នេះ ការបរិភោគឈាមគឺជាការខុស។ ហើយការបរិភោគសាច់នៃសត្វដែលគេមិនបានបង្ហូរឈាមចោលឲ្យអស់ក៏ជាការខុសដែរ។ បើសត្វណាដែលគេគាបច្របាច់កឬស្លាប់ដោយអន្ទាក់ សត្វនោះយើងមិនគួរបរិភោគទេ។ បើសត្វនោះត្រូវគេចាក់ឬត្រូវគេបាញ់ នោះត្រូវតែបង្ហូរឈាមវាចោលជាប្រញាប់ បើសិនយើងចង់បរិភោគសាច់វា។—លោកុប្បត្តិ ៩:៣, ៤; លេវីវិន័យ ១៧:១៣, ១៤; កិច្ចការ ១៥:២៨, ២៩
៦. តើទទួលការបញ្ចូលឈាមគឺជាការខុសឬទេ? សូមចាំថា ព្រះយេហូវ៉ាទ្រង់តម្រូវឲ្យយើងជៀសវាងពីឈាម។ នេះមានន័យថាយើងមិនត្រូវយកឈាមរបស់មនុស្សឯទៀតឬសូម្បីឈាមរបស់ខ្លួនយើងដែលបានសន្សំទុក មកបញ្ចូលក្នុងរូបកាយយើងតាមវិធីណាឡើយ។ (កិច្ចការ ២១:២៥) ដូច្នេះ គ្រីស្ទានពិតមិនទទួលការបញ្ចូលឈាមទេ។ ពួកគេនឹងទទួលវិធីព្យាបាលពេទ្យផ្សេងៗឯទៀត ដូចជាការបញ្ចូលធាតុដែលមិនមានជាតិឈាមជាដើម។ ពួកគេចង់មានជីវិតរស់នៅ ប៉ុន្តែពួកគេនឹងមិនខំរកសង្គ្រោះជីវិតខ្លួនដោយបំពានលើច្បាប់របស់ព្រះឡើយ។—ម៉ាថាយ ១៦:២៥
[រូបភាពនៅទំព័រ២៥]
ដើម្បីផ្គាប់ព្រះហឫទ័យនៃព្រះ យើងត្រូវតែជៀសវាងការបញ្ចូលឈាមជៀសវាងទម្លាប់មិនស្អាតស្អំនិងការប្រថុយដ៏មិនចាំបាច់ដែលអាចនាំឲ្យមានគ្រោះថ្នាក់