ជំពូកទី១៣
ពួកអ្នកដែលបានទៅជាអ្នកកាន់តាមលោកយេស៊ូ
តើបុរសនេះជាអ្នកណា ហើយតើគាត់បានទៅជាអ្នកកាន់តាមលោកយេស៊ូយ៉ាងដូចម្ដេច?
តើអ្នកណាជាអ្នកបម្រើល្អជាងគេរបស់ព្រះដែលធ្លាប់រស់នៅ?— កូនឆ្លើយត្រូវហើយ គឺលោកយេស៊ូគ្រិស្ត។ តើកូនគិតថា យើងអាចធ្វើដូចលោកទេ?— គម្ពីរចែងថាលោកយេស៊ូបានទុកគំរូឲ្យយើងធ្វើតាម។ បន្ថែមទៀត លោកអញ្ជើញយើងឲ្យធ្វើជាអ្នកកាន់តាមលោក។
តើកូនដឹងទេថា ការធ្វើជាអ្នកកាន់តាមលោកយេស៊ូមានន័យដូចម្ដេច?— មានន័យច្រើនយ៉ាងណាស់កូន។ មុនដំបូង យើងត្រូវរៀនពីលោក។ ប៉ុន្តែ មិនត្រឹមតែប៉ុណ្ណោះទេ យើងក៏ត្រូវជឿជាក់ទៅលើអ្វីដែលលោកបាននិយាយដែរ។ បើយើងជឿ យើងនឹងធ្វើតាមអ្វីដែលលោកប្រាប់យើង។
មនុស្សជាច្រើននិយាយថាពួកគេជឿទៅលើលោកយេស៊ូ។ តើកូនគិតថា ពួកគេទាំងអស់គ្នាពិតជាអ្នកកាន់តាមលោកទេ?— ពួកគេភាគច្រើនមិនមែនជាអ្នកកាន់តាមលោកទេ។ ពួកគេប្រហែលជាទៅវិហារ។ ប៉ុន្តែ ពួកគេជាច្រើនមិនដែលចំណាយពេលដើម្បីរៀនអ្វីដែលលោកយេស៊ូបានបង្រៀនទេ។ មែនហើយ មានតែអស់អ្នកដែលធ្វើតាមគំរូលោកយេស៊ូប៉ុណ្ណោះ ដែលជាអ្នកកាន់តាមលោក។
ពេលលោកយេស៊ូជាមនុស្សនៅផែនដី តើអ្នកណាខ្លះជាអ្នកកាន់តាមលោក? ក្នុងចំណោមអ្នកកាន់តាមដំបូងរបស់លោកយេស៊ូ មានបុរសម្នាក់ឈ្មោះភីលីព។ ក្រោយមក ភីលីពបានទៅរកមិត្តរបស់គាត់ឈ្មោះណាថាណែល(ក៏ហៅថាបាថូឡូម៉េដែរ)។ ពេលនោះណាថាណែលកំពុងអង្គុយក្រោមដើមឈើ ដូចកូនឃើញក្នុងរូបភាពនេះ។ ពេលដែលណាថាណែលមករកលោកយេស៊ូ លោកបាននិយាយថា៖ ‹មើលហ្ន៎! ជនជាតិអ៊ីស្រាអែលដ៏ពិតម្នាក់ ដែលជាបុរសទៀងត្រង់›។ ណាថាណែលភ្ញាក់ផ្អើលហើយសួរថា៖ «ហេតុអ្វីលោកស្គាល់ខ្ញុំ?»។
តើអ្នកណាខ្លះដែលលោកយេស៊ូកំពុងហៅឲ្យធ្វើជាអ្នកកាន់តាមលោក?
លោកយេស៊ូឆ្លើយថា៖ «មុនភីលីពហៅអ្នក កាលដែលអ្នកនៅក្រោមដើមល្វានៅឡើយ ខ្ញុំបានឃើញអ្នកហើយ»។ ណាថាណែលភ្ញាក់ផ្អើលយ៉ាងខ្លាំងដែលលោកយេស៊ូដឹងច្បាស់ថាគាត់នៅកន្លែងណា។ ដូច្នេះណាថាណែលនិយាយថា៖ «លោកជាបុត្ររបស់ព្រះ ហើយលោកជាស្តេចនៃអ៊ីស្រាអែល»។—យ៉ូហាន ១:៤៩
យូដាសអ៊ីស្ការីយ៉ុត យូដាស (ក៏ហៅថា ថាដេដែរ) ស៊ីម៉ូន
ប៉ុន្តែមួយថ្ងៃមុន ដែលភីលីពនិងណាថាណែលបានទៅជាអ្នកកាន់តាមលោកយេស៊ូ ក៏មានបុរសផ្សេងទៀតចាប់ផ្ដើមកាន់តាមលោកដែរ។ បុរសទាំងនោះមានអនទ្រេនិងបងប្រុសរបស់គាត់ឈ្មោះពេត្រុស ព្រមទាំងយ៉ូហាននិងបងប្រុសរបស់គាត់ឈ្មោះយ៉ាកុប។ (យ៉ូហាន ១:៣៥-៥១) ប៉ុន្តែ មួយរយៈក្រោយមក បុរសទាំងបួននាក់នោះបានត្រឡប់ទៅនេសាទត្រីវិញ។ រួចមានថ្ងៃមួយ ពេលលោកយេស៊ូកំពុងដើរតាមឆ្នេរសមុទ្រកាលីឡេ លោកបានឃើញពេត្រុសនិងអនទ្រេកំពុងបង់សំណាញ់ទៅក្នុងសមុទ្រ។ ដូច្នេះ លោកយេស៊ូនិយាយទៅពួកគាត់ថា៖ «ចូរមកតាមខ្ញុំចុះ!»។
យ៉ាកុប (កូនអាល់ផៀស) ថូម៉ាស់ ម៉ាថាយ
បន្ទាប់មក លោកយេស៊ូបានដើរទៅមុខបន្ដិច លោកឃើញយ៉ាកុបនិងយ៉ូហាននៅក្នុងទូកជាមួយឪពុក កំពុងជួសជុលសំណាញ់។ លោកយេស៊ូក៏បានហៅពួកគាត់ឲ្យមកតាមលោកដែរ។ បើកូននៅទីនោះ ហើយលោកយេស៊ូហៅកូន តើកូននឹងធ្វើអ្វី? តើកូននឹងទៅតាមលោកភ្លាមទេ?— បុរសទាំងនេះដឹងថាលោកយេស៊ូជាអ្នកណា ហើយក៏ដឹងថាព្រះបានចាត់លោកឲ្យមក។ ដូច្នេះ ពួកគាត់បានបោះបង់ចោលរបរនេសាទត្រី ហើយទៅតាមលោកយេស៊ូភ្លាម។—ម៉ាថាយ ៤:១៨-២២
ណាថាណែល ភីលីព យ៉ូហាន
ពេលបុរសទាំងនេះបានទៅជាអ្នកកាន់តាមលោកយេស៊ូ តើនេះមានន័យថា ក្រោយមកពួកគាត់តែងតែធ្វើអ្វីដែលត្រឹមត្រូវឬ?— មិនមែនទេ។ ប្រហែលជាកូននៅចាំ បុរសទាំងនេះធ្លាប់ប្រកែកគ្នាថាអ្នកណាធំជាងគេ។ ប៉ុន្តែ ពួកគាត់បានស្ដាប់បង្គាប់លោកយេស៊ូ ហើយសុខចិត្តកែប្រែគំនិតនិងការប្រព្រឹត្តរបស់ខ្លួន។ បើយើងសុខចិត្តកែប្រែ យើងក៏អាចទៅជាអ្នកកាន់តាមលោកយេស៊ូដែរ។
យ៉ាកុប (ប្អូនយ៉ូហាន) អនទ្រេ ពេត្រុស
លោកយេស៊ូអញ្ជើញមនុស្សគ្រប់ប្រភេទឲ្យធ្វើជាអ្នកកាន់តាមលោក។ នៅពេលមួយ អ្នកគ្រប់គ្រងវ័យក្មេងម្នាក់ដែលជាអ្នកមាន បានមកជួបលោកយេស៊ូ ហើយសួរអំពីរបៀបដែលគាត់អាចទទួលជីវិតដែលគ្មានទីបញ្ចប់។ ពេលអ្នកគ្រប់គ្រងជាអ្នកមាននោះនិយាយថា គាត់បានធ្វើតាមបញ្ញត្ដិរបស់ព្រះតាំងពីក្មេងម្ល៉េះ នោះលោកយេស៊ូបានអញ្ជើញគាត់ថា៖ «ចូរមកតាមខ្ញុំ»។ តើកូនដឹងថា អ្វីបានកើតឡើងទេ?—
ពេលដែលបុរសនោះបានឮថា ការធ្វើជាអ្នកកាន់តាមលោកយេស៊ូគឺសំខាន់ជាងការធ្វើជាអ្នកមាន នោះគាត់មិនសប្បាយចិត្តសោះ។ គាត់មិនបានទៅជាអ្នកកាន់តាមលោកយេស៊ូទេ ពីព្រោះគាត់ស្រឡាញ់លុយកាក់ច្រើនជាងស្រឡាញ់ព្រះ។—លូកា ១៨:១៨-២៥
បន្ទាប់ពីលោកយេស៊ូផ្សព្វផ្សាយអស់ជិតមួយឆ្នាំកន្លះ លោកបានជ្រើសរើសអ្នកកាន់តាម១២នាក់ឲ្យធ្វើជាសាវ័ករបស់លោក។ លោកយេស៊ូបានចាត់ចែងឲ្យពួកសាវ័កទាំង១២នាក់នោះធ្វើកិច្ចការដ៏ពិសេស។ តើកូនស្គាល់ឈ្មោះរបស់ពួកគាត់ទេ?— ឥឡូវយើងរៀនអំពីឈ្មោះរបស់ពួកគាត់ជាមួយគ្នា។ សូមមើលពួកសាវ័កក្នុងរូបភាពនេះ ហើយអានឈ្មោះរបស់ពួកគាត់។ រួចមក សូមកូនសាកល្បងរាប់ឈ្មោះរបស់ពួកគាត់។
ស្ត្រីទាំងនេះដែលបានជួយលោកយេស៊ូពេលលោកទៅផ្សព្វផ្សាយ តើពួកគាត់ជាអ្នកណា?
នៅទីបំផុត ក្នុងចំណោមសាវ័កទាំង១២ មានសាវ័កម្នាក់បានទៅជាអាក្រក់។ គាត់ឈ្មោះយូដាសអ៊ីស្ការីយ៉ុត។ បន្ទាប់ពីនោះមក មានអ្នកកាន់តាមម្នាក់ទៀតបានត្រូវជ្រើសរើសឲ្យធ្វើជាសាវ័ក។ តើកូនស្គាល់ឈ្មោះគាត់ឬទេ?— គាត់ឈ្មោះម៉ាធាស។ ក្រោយមក ប៉ូលនិងបាណាបាសក៏បានទៅជាសាវ័កដែរ។ ប៉ុន្តែ ពួកគាត់មិននៅក្នុងចំណោមពួកសាវ័កទាំង១២នាក់ទេ។—សកម្មភាព ១:២៣-២៦; ១៤:១៤
ដូចយើងបានរៀនក្នុងមេរៀនទី១នៃសៀវភៅនេះ លោកយេស៊ូបង្ហាញចំណាប់អារម្មណ៍ចំពោះកូនក្មេង។ ហេតុអ្វី?— ពីព្រោះលោកដឹងថា កូនក្មេងក៏អាចទៅជាអ្នកកាន់តាមលោកដែរ។ ម្យ៉ាងទៀត កូនក្មេងអាចជួយអ្នកឯទៀតឲ្យក្លាយទៅជាអ្នកកាន់តាមលោក ព្រោះច្រើនដងអ្វីដែលកូនក្មេងនិយាយអាចធ្វើឲ្យមនុស្សធំចង់ស្ដាប់ និងចង់រៀនថែមទៀតអំពីគ្រូដ៏ល្អប្រសើរ។
ស្ត្រីជាច្រើនក៏បានទៅជាអ្នកកាន់តាមលោកយេស៊ូដែរ។ ស្ត្រីខ្លះបានធ្វើដំណើរជាមួយលោក ពេលលោកទៅក្រុងផ្សេងៗដើម្បីផ្សព្វផ្សាយ។ ក្នុងចំណោមស្ត្រីទាំងនោះមានម៉ារៀម៉ាក់ដាឡេន យ៉ូហាណា និងស៊ូសាណា។ ពួកគាត់ប្រហែលជាបានជួយរៀបចំអាហារ និងបោកសម្លៀកបំពាក់ឲ្យលោកដែរ។—លូកា ៨:១-៣
តើកូនចង់ទៅជាអ្នកកាន់តាមលោកយេស៊ូទេ?— សូមកូនចាំថា បើយើងគ្រាន់តែនិយាយថាយើងជាអ្នកកាន់តាមលោកយេស៊ូ នោះមិនមានន័យថាយើងជាអ្នកកាន់តាមលោកទេ។ ផ្ទុយទៅវិញ មិនថាយើងនៅកន្លែងណាក៏ដោយ យើងត្រូវតែប្រព្រឹត្តឲ្យដូចអ្នកកាន់តាមលោក។ នោះមិនគ្រាន់តែពេលដែលយើងទៅកិច្ចប្រជុំគ្រិស្តសាសនិកប៉ុណ្ណោះទេ។ តើនៅកន្លែងណាខ្លះដែលការប្រព្រឹត្តដូចអ្នកកាន់តាមលោកយេស៊ូជាការសំខាន់? តើកូនគិតយ៉ាងណា?—
មែនហើយ យើងគួរធ្វើដូច្នោះពេលនៅផ្ទះ។ ប៉ុន្តែ មានកន្លែងមួយទៀត គឺនៅសាលារៀន។ កូននិងខ្ញុំគួរចាំជាប់ជានិច្ចថា ទោះជានៅកន្លែងណាក៏ដោយ យើងគួរធ្វើជាអ្នកកាន់តាមលោកយេស៊ូពេញមួយថ្ងៃ និងជារៀងរាល់ថ្ងៃ។
តើនៅកន្លែងណាខ្លះដែលការប្រព្រឹត្តដូចអ្នកកាន់តាមលោកយេស៊ូជាការសំខាន់?
ឥឡូវសូមអានគម្ពីរជាមួយគ្នាអំពីសាវ័ករបស់លោកយេស៊ូនៅសៀវភៅម៉ាថាយ ២៨:១៩, ២០ លូកា ៦:១៣-១៦ យ៉ូហាន ៨:៣១, ៣២ និងពេត្រុសទី១ ២:២១។