បណ្ណាល័យអ៊ីនធឺណិតរបស់ប៉មយាម
ប៉មយាម
បណ្ណាល័យអ៊ីនធឺណិត
ខ្មែរ
  • គម្ពីរ
  • សៀវភៅផ្សេងៗ
  • កិច្ចប្រជុំ
  • jy ជំ. ១៤ ទំ. ៣៨-ទំ. ៣៩ វ. ៧
  • លោកយេស៊ូចាប់ផ្ដើមមានអ្នកកាន់តាម

សុំទោស គ្មានវីដេអូទេ

សុំទោស វីដេអូមានបញ្ហា

  • លោកយេស៊ូចាប់ផ្ដើមមានអ្នកកាន់តាម
  • លោកយេស៊ូ ជាផ្លូវ ជាសេចក្ដីពិត ជាជីវិត
  • អត្ថបទស្រដៀងគ្នា
  • សិស្សដំបូងរបស់ព្រះយេស៊ូ
    បុរសឧត្តមបំផុតដែលធ្លាប់រស់នៅ
  • ពួកអ្នកដែលបានទៅជាអ្នកកាន់តាមលោកយេស៊ូ
    សូមស្ដាប់គ្រូដ៏ល្អប្រសើរ
  • លោកយេស៊ូជ្រើសរើស១២នាក់ឲ្យធ្វើជាសាវ័ក
    លោកយេស៊ូ ជាផ្លូវ ជាសេចក្ដីពិត ជាជីវិត
  • យ៉ូហានធ្វើបុណ្យជ្រមុជទឹកឲ្យព្រះយេស៊ូវ
    សៀវភៅរឿងព្រះគម្ពីររបស់ខ្ញុំ
មើលបន្ថែមទៀត
លោកយេស៊ូ ជាផ្លូវ ជាសេចក្ដីពិត ជាជីវិត
jy ជំ. ១៤ ទំ. ៣៨-ទំ. ៣៩ វ. ៧
យ៉ូហានដែលជាអ្នកជ្រមុជទឹកទទួលស្គាល់ថាលោកយេស៊ូជាចៀមរបស់ព្រះ

ជំពូក​ទី​១៤

លោក​យេស៊ូ​ចាប់​ផ្ដើម​មាន​អ្នក​កាន់​តាម

យ៉ូហាន ១:២៩​-​៥១

  • អ្នក​កាន់​តាម​ដំបូង​របស់​លោក​យេស៊ូ

ក្រោយ​ពី​នៅ​តំបន់​ស្ងាត់​ជ្រងំ​អស់​៤០​ថ្ងៃ លោក​យេស៊ូ​មិន​ទាន់​ត្រឡប់​ទៅ​ស្រុក​កាលីឡេ​វិញ​ទេ តែ​លោក​ទៅ​ជួប​យ៉ូហាន​ដែល​បាន​ជ្រមុជ​ទឹក​ឲ្យ​លោក។ ពេល​លោក​យេស៊ូ​ទៅ​ដល់ យ៉ូហាន​ចង្អុល​ប្រាប់​អ្នក​ឯ​ទៀត ហើយ​ប្រកាស​ថា​៖ ​«​មើល​ហ្ន៎! កូន​ចៀម​របស់​ព្រះ ដែល​ដក​យក​ភាព​ខុស​ឆ្គង​របស់​ពិភព​លោក​ចេញ! គឺ​អំពី​លោក​ហើយ​ដែល​ខ្ញុំ​បាន​និយាយ​ថា ក្រោយ​ខ្ញុំ​នឹង​មាន​បុរស​ម្នាក់​មក​ដែល​បាន​ទៅ​មុខ​ខ្ញុំ​ហើយ ពី​ព្រោះ​លោក​រស់​នៅ​មុន​ខ្ញុំ​»។ (​យ៉ូហាន ១:២៩, ៣០​) ទោះ​បី​ជា​យ៉ូហាន​ចាស់​ជាង​លោក​យេស៊ូ​ក៏​ដោយ តែ​គាត់​ដឹង​ថា​លោក​យេស៊ូ​ធ្លាប់​មាន​ជីវិត​ជា​បុគ្គល​វិញ្ញាណ​នៅ​ស្ថាន​សួគ៌​ជា​យូរ​យារ​មក​ហើយ។

ប៉ុន្មាន​សប្ដាហ៍​មុន​នោះ ពេល​ដែល​លោក​យេស៊ូ​មក​ទទួល​ការ​ជ្រមុជ​ទឹក យ៉ូហាន​មិន​បាន​ដឹង​ច្បាស់​ថា​លោក​យេស៊ូ​ជា​មេស្ស៊ី​នោះ​ទេ។ យ៉ូហាន​ទទួល​ស្គាល់​ថា​៖ ​«​សូម្បី​តែ​ខ្ញុំ​ក៏​មិន​បាន​ស្គាល់​លោក​ដែរ ប៉ុន្តែ​មូលហេតុ​ដែល​ខ្ញុំ​បាន​មក​ជ្រមុជ​គេ​ក្នុង​ទឹក គឺ​ដើម្បី​ឲ្យ​អ៊ីស្រាអែល​អាច​ឃើញ​លោក​ជា​ចំហ​»។—យ៉ូហាន ១:៣១

យ៉ូហាន​បន្ត​រៀប​រាប់​ប្រាប់​អ្នក​ស្ដាប់​អំពី​អ្វី​ដែល​បាន​កើត​ឡើង ពេល​គាត់​ជ្រមុជ​ទឹក​ឲ្យ​លោក​យេស៊ូ ដោយ​និយាយ​ថា​៖ ​«​ខ្ញុំ​បាន​ឃើញ​សកម្មពល​របស់​ព្រះ​ចុះ​ពី​ស្ថាន​សួគ៌​ដូច​ជា​សត្វ​ព្រាប ហើយ​សណ្ឋិត​នៅ​លើ​លោក។ សូម្បី​តែ​ខ្ញុំ​ក៏​មិន​បាន​ស្គាល់​លោក​ដែរ ប៉ុន្តែ​ព្រះ​ដែល​បាន​ចាត់​ខ្ញុំ​ឲ្យ​មក​ជ្រមុជ​គេ​ក្នុង​ទឹក បាន​មាន​ប្រសាសន៍​មក​ខ្ញុំ​ថា​៖ ‹អ្នក​ឃើញ​សកម្មពល​របស់​ខ្ញុំ​ចុះ​មក​សណ្ឋិត​នៅ​លើ​អ្នក​ណា គឺ​អ្នក​នោះ​ហើយ​ជា​អ្នក​ជ្រមុជ​គេ​ក្នុង​សកម្មពល​បរិសុទ្ធ​របស់​ខ្ញុំ› ហើយ​ខ្ញុំ​បាន​ឃើញ​ការ​នោះ ក៏​បាន​ធ្វើ​ការ​បញ្ជាក់​ថា លោក​នោះ​ហើយ​ជា​បុត្រ​របស់​ព្រះ​»។—យ៉ូហាន ១:៣២​-​៣៤

នៅ​ថ្ងៃ​បន្ទាប់ លោក​យេស៊ូ​ក៏​បាន​ទៅ​ជួប​យ៉ូហាន​ម្ដង​ទៀត។ ពេល​នោះ យ៉ូហាន​មាន​អ្នក​កាន់​តាម​ពីរ​នាក់​នៅ​ជា​មួយ។ យ៉ូហាន​និយាយ​ថា​៖ ​«​មើល​ហ្ន៎! កូន​ចៀម​របស់​ព្រះ!​»។ (​យ៉ូហាន ១:៣៦​) ភ្លាម​នោះ អ្នក​កាន់​តាម​ពីរ​នាក់​របស់​យ៉ូហាន ក៏​ចាប់​ផ្ដើម​ដើរ​តាម​លោក​យេស៊ូ។ អ្នក​កាន់​តាម​ម្នាក់​ឈ្មោះ​អនទ្រេ ហើយ​តាម​មើល​ទៅ​អ្នក​កាន់​តាម​ម្នាក់​ទៀត​ជា​អ្នក​ដែល​បាន​កត់​កំណត់​ហេតុ​នេះ គាត់​ឈ្មោះ​យ៉ូហាន។ យ៉ូហាន​នេះ​ទំនង​ជា​បង​ប្អូន​ជីដូន​មួយ​របស់​លោក​យេស៊ូ ពី​ព្រោះ​គាត់​ជា​កូន​សាឡូមេ។ សាឡូមេ​ប្រហែល​ជា​បង​ប្អូន​ស្រី​បង្កើត​របស់​ម៉ារៀ ហើយ​ប្ដី​របស់​នាង​ឈ្មោះ​សេបេដេ។

ពេល​លោក​យេស៊ូ​បែរ​ទៅ​ឃើញ​អនទ្រេ​និង​យ៉ូហាន​កំពុង​ដើរ​តាម​លោក នោះ​លោក​ក៏​សួរ​ពួក​គេ​ថា​៖ ​«​តើ​អ្នក​រាល់​គ្នា​កំពុង​រក​អ្វី?​»។

ពួក​គេ​សួរ​លោក​ថា​៖ ​«​រ៉ាប៊ី តើ​លោក​ស្នាក់​នៅ​ឯ​ណា?​»។

លោក​យេស៊ូ​ឆ្លើយ​ថា​៖ ​«​ចូរ​មក ហើយ​អ្នក​នឹង​ឃើញ​»។—យ៉ូហាន ១:៣៧​-​៣៩

លោកយេស៊ូមានប្រសាសន៍ទៅកាន់អនទ្រេ និងពេត្រុស

ពេល​នោះ​ប្រហែល​ជា​ម៉ោង​បួន​រសៀល​ហើយ តែ​អនទ្រេ​និង​យ៉ូហាន​បន្ត​នៅ​ជា​មួយ​នឹង​លោក​យេស៊ូ។ អនទ្រេ​រំភើប​ចិត្ត​ខ្លាំង​ដល់​ម្ល៉េះ​បាន​ជា​គាត់​ទៅ​រក​បង​ប្រុស​របស់​គាត់​ឈ្មោះ​ស៊ីម៉ូន ដែល​គេ​ហៅ​ថា​ពេត្រុស រួច​ប្រាប់​ថា​៖ ​«​យើង​រក​ឃើញ​មេស្ស៊ី​ហើយ​»។ (​យ៉ូហាន ១:៤១​) អនទ្រេ​នាំ​ពេត្រុស​ទៅ​ជួប​លោក​យេស៊ូ។ ក្រោយ​មក យ៉ូហាន​ក៏​ទំនង​ជា​បាន​ទៅ​រក​យ៉ាកុប​ដែល​ជា​បង​ប្រុស​របស់​គាត់ ហើយ​នាំ​ទៅ​ជួប​លោក​យេស៊ូ​ដែរ។ ប៉ុន្តែ យ៉ូហាន​មិន​បាន​កត់​រឿង​នោះ​ក្នុង​សៀវភៅ​ដំណឹង​ល្អ​ដែល​គាត់​បាន​សរសេរ​ទេ។

នៅ​ថ្ងៃ​បន្ទាប់ លោក​យេស៊ូ​បាន​ជួប​ភីលីព​ដែល​មក​ពី​ក្រុង​បេតសេដា នៅ​ជិត​ខាង​ជើង​សមុទ្រ​កាលីឡេ ដែល​ជា​ស្រុក​កំណើតរបស់​អនទ្រេ​និង​ពេត្រុស។ លោក​យេស៊ូ​អញ្ជើញ​ភីលីព​ថា​៖ ​«​ចូរ​មក​តាម​ខ្ញុំ​ចុះ​»។—យ៉ូហាន ១:៤៣

ក្រោយ​មក ភីលីព​ទៅ​រក​ណាថាណែល ដែល​គេ​ហៅ​ថា​បាថូឡូម៉េ រួច​និយាយ​ថា​៖ ​«​យើង​បាន​រក​ឃើញ​លោក​ដែល​ច្បាប់​ម៉ូសេ​និង​សេចក្ដី​បង្រៀន​របស់​ពួក​អ្នក​ប្រកាស​ទំនាយ​ចែង​អំពី​លោក គឺ​លោក​យេស៊ូ ជា​កូន​យ៉ូសែប ពី​ក្រុង​ណាសារ៉ែត​»។ ប៉ុន្តែ ណាថាណែល​សង្ស័យ ហើយ​សួរ​ភីលីព​ថា​៖ ​«​តើ​អាច​មាន​អ្វី​ល្អ​ចេញ​មក​ពី​ក្រុង​ណាសារ៉ែត​ឬ?​»។

ភីលីព​តឿន​គាត់​ថា​៖ ​«​សូម​មក​មើល​»។ លោក​យេស៊ូ​ឃើញ​ណាថាណែល​ចូល​មក​ជួប​លោក ដូច្នេះ​លោក​មាន​ប្រសាសន៍​ថា​៖ ​«​មើល​ហ្ន៎! ជន​ជាតិ​អ៊ីស្រាអែល​ដ៏​ពិត​ម្នាក់ ដែល​គ្មាន​កិច្ច​កល​អ្វី​សោះ​»។

ណាថាណែល​សួរ​លោក​ថា​៖ ​«​ហេតុ​អ្វី​លោក​ស្គាល់​ខ្ញុំ?​»។

លោក​យេស៊ូ​ឆ្លើយ​ថា​៖ ​«​មុន​ភីលីព​ហៅ​អ្នក កាល​ដែល​អ្នក​នៅ​ក្រោម​ដើម​ល្វា​នៅ​ឡើយ ខ្ញុំ​បាន​ឃើញ​អ្នក​ហើយ​»។

ណាថាណែល​និយាយ​ដោយ​កោត​ស្ងើច​ថា​៖ ​«​រ៉ាប៊ី លោក​ជា​បុត្រ​របស់​ព្រះ ហើយ​លោក​ជា​ស្តេច​នៃ​អ៊ីស្រាអែល​»។

លោក​យេស៊ូ​សួរ​គាត់​ថា​៖ ​«​តើ​អ្នក​ជឿ​ពី​ព្រោះ​ខ្ញុំ​ប្រាប់​អ្នក​ថា ខ្ញុំ​ឃើញ​អ្នក​នៅ​ក្រោម​ដើម​ល្វា​ឬ? អ្នក​នឹង​ឃើញ​ការ​អស្ចារ្យ​ជាង​នេះ​ទៅ​ទៀត​»។ បន្ទាប់​មក លោក​យេស៊ូ​សន្យា​ថា​៖ ​«​ខ្ញុំ​ប្រាប់​អ្នក​រាល់​គ្នា​ការ​ពិត​ថា អ្នក​រាល់​គ្នា​នឹង​ឃើញ​ស្ថាន​សួគ៌​បើក​ឡើង ហើយ​បណ្ដា​ទេវតា​របស់​ព្រះ​ឡើង​ទៅ ហើយ​ចុះ​មក​ឯ​កូន​មនុស្ស​»។—យ៉ូហាន ១:៤៥​-​៥១

មិន​យូរ​ប៉ុន្មាន​ក្រោយ​មក លោក​យេស៊ូ​និង​ពួក​អ្នក​កាន់​តាម​ដំបូង​របស់​លោក​ក៏​ចាក​ចេញ​ពី​ជ្រលង​ភ្នំ​យ៉ូដាន់ ហើយ​ធ្វើ​ដំណើរ​ឆ្ពោះ​ទៅ​ស្រុក​កាលីឡេ។

  • តើ​អ្នក​ណា​ខ្លះ​ជា​អ្នក​កាន់​តាម​ដំបូង​បង្អស់​របស់​លោក​យេស៊ូ?

  • តើ​តាម​របៀប​ណា​ពេត្រុស​និង​យ៉ាកុប​បាន​ត្រូវ​គេ​ណែនាំ​ឲ្យ​ស្គាល់​លោក​យេស៊ូ?

  • តើ​អ្វី​បាន​ជួយ​ណាថាណែល​ឲ្យ​ជឿ​ជាក់​ថា​លោក​យេស៊ូ​ជា​បុត្រ​របស់​ព្រះ?

    សៀវភៅភាសាខ្មែរ (១៩៩១-២០២៥)
    ចេញពីគណនី
    ចូលគណនី
    • ខ្មែរ
    • ចែករំលែក
    • ជម្រើស
    • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
    • ល័ក្ខខ័ណ្ឌប្រើប្រាស់
    • គោលការណ៍ស្ដីអំពីព័ត៌មានផ្ទាល់ខ្លួនរបស់លោកអ្នក
    • កំណត់ឯកជនភាព
    • JW.ORG
    • ចូលគណនី
    ចែករំលែក