៨៨
យ៉ូហានធ្វើបុណ្យជ្រមុជទឹកឲ្យព្រះយេស៊ូវ
សូមមើលសត្វព្រាបចុះមកលើក្បាលបុរសម្នាក់នេះ។ បុរសនេះជាព្រះយេស៊ូវ។ ទ្រង់មានព្រះជន្មាយុ៣០ឆ្នាំហើយឥឡូវនេះ។ ហើយបុរសដែលនៅជិតទ្រង់ នេះជាលោកយ៉ូហាន។ យើងបានរៀនអំពីលោកខ្លះៗមកហើយ។ តើអ្នកនៅចាំពីកាលដែលនាងម៉ារា បានទៅលេងញាតិសន្ដានរបស់នាងអេលីសាបិតទេ? ហើយតើនៅចាំពីទារកក្នុងអេលីសាបិត ដែលបានបង្រះដោយសេចក្ដីអំណរនោះទេ? ទារកដែលមិនទាន់កើតនោះជាយ៉ូហាន។ ប៉ុន្តែ តើលោកយ៉ូហាននិងព្រះយេស៊ូវកំពុងតែធ្វើអ្វីឥឡូវនេះ?
លោកយ៉ូហានទើបតែបានជ្រមុជព្រះយេស៊ូវនៅក្នុងទឹកទន្លេយ័រដាន់។ នេះជារបៀបដែលបុគ្គលម្នាក់ធ្វើបុណ្យជ្រមុជទឹក។ មុនដំបូង បុគ្គលម្នាក់នោះត្រូវគេជ្រមុជទៅក្នុងទឹក ហើយបន្ទាប់មកក៏ងើបចេញមកវិញ។ ដោយសារតែលោកយ៉ូហានធ្វើកិច្ចជ្រមុជនេះដល់បណ្ដាមនុស្ស គេក៏ហៅលោកថា យ៉ូហានជាអ្នកដែលធ្វើបុណ្យជ្រមុជទឹក។ ប៉ុន្តែ ហេតុអ្វីបានជាលោកយ៉ូហានធ្វើបុណ្យជ្រមុជទឹកឲ្យព្រះយេស៊ូវដូច្នេះ?
ពីព្រោះព្រះយេស៊ូវបានមកសុំឲ្យលោកយ៉ូហានធ្វើបុណ្យជ្រមុជទឹកឲ្យទ្រង់។ លោកយ៉ូហានធ្វើបុណ្យជ្រមុជទឹកឲ្យមនុស្សណា ដែលចង់បង្ហាញថាគេមានចិត្តស្ដាយនូវអំពើដ៏អាក្រក់ដែលគេបានប្រព្រឹត្ត។ ប៉ុន្តែ តើព្រះយេស៊ូវមានដែលបានប្រព្រឹត្តអ្វីដ៏អាក្រក់ដែលគួរឲ្យស្ដាយទេ? អត់ទេ ព្រះយេស៊ូវមិនដែលបានប្រព្រឹត្តអ្វីដ៏អាក្រក់ឡើយ ពីព្រោះទ្រង់ជាបុត្ររបស់ព្រះមកពីស្ថានសួគ៌។ ដូច្នេះ ទ្រង់បានសុំឲ្យលោកយ៉ូហានធ្វើបុណ្យជ្រមុជទឹកឲ្យទ្រង់ ដោយមានមូលហេតុផ្សេងទៀត។ សូមឲ្យយើងពិនិត្យមើលនូវមូលហេតុនោះ។
មុននឹងព្រះយេស៊ូវបានយាងមកឯលោកយ៉ូហាននៅទីនេះ ទ្រង់ជាជាងឈើ។ ជាងឈើ ជាបុគ្គលដែលធ្វើរបស់របរពីឈើ ដូចជាតុ កៅអី និងជើងម៉ា។ ប្ដីរបស់នាងម៉ារាលោកយ៉ូសែបជាជាងឈើ ហើយគាត់បានបង្រៀនព្រះយេស៊ូវឲ្យទៅជាជាងឈើម្នាក់ដែរ។ ប៉ុន្តែ ព្រះយេហូវ៉ាមិនបានចាត់បុត្ររបស់ទ្រង់មកឲ្យធ្វើជាងឈើទេ។ ព្រះយេហូវ៉ាមានកិច្ចការដ៏ពិសេសមួយសំរាប់ឲ្យទ្រង់ធ្វើ ហើយពេលវេលាក៏បានមកដល់ ដែលព្រះយេស៊ូវត្រូវចាប់ផ្ដើមធ្វើកិច្ចការនោះ។ ដូច្នេះ ដើម្បីបង្ហាញថា ឥឡូវនេះទ្រង់នឹងមកធ្វើតាមព្រះហឫទ័យរបស់ព្រះវរបិតាទ្រង់នោះ ព្រះយេស៊ូវក៏សុំឲ្យលោកយ៉ូហានធ្វើបុណ្យជ្រមុជទឹកឲ្យទ្រង់។ តើព្រះសព្វព្រះហឫទ័យអំពីការនេះទេ?
ត្រូវហើយ ទ្រង់សព្វព្រះហឫទ័យណាស់ ពីព្រោះក្រោយពីព្រះយេស៊ូវបានងើបចេញពីទឹកមក សម្លេងពីស្ថានសួគ៌បន្លឺឡើងថា៖ ‹នេះជាកូនរបស់អញ ជាទីពេញចិត្តអញណាស់›។ ហើយមេឃក៏ហាក់បីដូចបើកឡើង ហើយសត្វព្រាបនេះក៏ចុះមកលើព្រះយេស៊ូវ។ ប៉ុន្តែ នេះមិនមែនជាសត្វព្រាបមែនទែនទេ។ នេះគ្រាន់តែមើលដូចសត្វនោះប៉ុណ្ណោះ។ តាមការពិត នេះជាវិញ្ញាណបរិសុទ្ធរបស់ព្រះ។
ឥឡូវនេះ ព្រះយេស៊ូវមានកិច្ចការជាច្រើនដែលទ្រង់ត្រូវគិត ដូច្នេះ ទ្រង់ក៏យាងទៅកន្លែងមួយយ៉ាងឆ្ងាយតែម្នាក់ឯងដល់៤០ថ្ងៃ។ នៅទីនោះ សាតាំងក៏មកឯទ្រង់។ សាតាំងបានរកវិធីឲ្យព្រះយេស៊ូវប្រព្រឹត្តអ្វីដែលប្រឆាំងនឹងច្បាប់របស់ព្រះគ្រប់បីដង។ ប៉ុន្តែ ព្រះយេស៊ូវមិនព្រមធ្វើតាមទេ។
ក្រោយពីនោះមក ព្រះយេស៊ូវក៏យាងត្រឡប់មកវិញ ហើយបានជួបបុរសខ្លះដែលបានទៅជាអ្នកកាន់តាមទ្រង់ឬក៏សិស្សដំបូង។ ឈ្មោះរបស់ពួកគេខ្លះជា អនទ្រេ ពេត្រុស(ក៏ហៅជាស៊ីម៉ូនដែរ) ភីលីព ហើយនិងណាថាណែល(ក៏ហៅជាបារថូល៉ូមេ)។ ព្រះយេស៊ូវនិងពួកសិស្សថ្មីក៏នាំគ្នាចេញដំណើរទៅឯស្រុកកាលីឡេ។ លុះដល់ស្រុកកាលីឡេហើយ គេក៏ឈប់នៅភូមិកាណាដែលជាស្រុកកំណើតរបស់ណាថាណែល។ នៅទីនោះ ព្រះយេស៊ូវយាងទៅពីធីបុណ្យរៀបការដ៏ធំមួយ ហើយក៏បានសម្ដែងអព្ភូតហេតុទីមួយរបស់ទ្រង់។ តើអ្នកដឹងនោះជាអ្វីទេ? ទ្រង់បានធ្វើទឹកឲ្យទៅជាស្រា។
ម៉ាថាយ ៣:១៣-១៧; ៤:១-១១; ១៣:៥៥; ម៉ាកុស ៦:៣; យ៉ូហាន ១:២៩-៥១; ២:១-១២