បណ្ណាល័យអ៊ីនធឺណិតរបស់ប៉មយាម
ប៉មយាម
បណ្ណាល័យអ៊ីនធឺណិត
ខ្មែរ
  • គម្ពីរ
  • សៀវភៅផ្សេងៗ
  • កិច្ចប្រជុំ
  • lr ជំ. ២៦ ទំ. ១៣៧-១៤១
  • ហេតុអ្វីយើងពិបាកធ្វើអំពើល្អ?

សុំទោស គ្មានវីដេអូទេ

សុំទោស វីដេអូមានបញ្ហា

  • ហេតុអ្វីយើងពិបាកធ្វើអំពើល្អ?
  • សូមស្ដាប់គ្រូដ៏ល្អប្រសើរ
  • អត្ថបទស្រដៀងគ្នា
  • កុំចុះចាញ់សេចក្ដីល្បួង
    សូមស្ដាប់គ្រូដ៏ល្អប្រសើរ
  • តើលោកយេស៊ូគ្រិស្តជាអ្នកណា?
    តើគម្ពីរអាចបង្រៀនយើងអំពីអ្វី?
  • មូលហេតុដែលលោកយេស៊ូជាគ្រូដ៏ល្អប្រសើរ
    សូមស្ដាប់គ្រូដ៏ល្អប្រសើរ
  • ចូរ«តស៊ូនឹងអារក្ស»ដូចព្រះយេស៊ូបានធ្វើចុះ!
    ទស្សនាវដ្ដីប៉មយាមប្រកាសអំពីរាជាណាចក្ររបស់ព្រះយេហូវ៉ា ២០០៨
មើលបន្ថែមទៀត
សូមស្ដាប់គ្រូដ៏ល្អប្រសើរ
lr ជំ. ២៦ ទំ. ១៣៧-១៤១

ជំពូក​ទី​២៦

ហេតុ​អ្វី​យើង​ពិបាក​ធ្វើ​អំពើ​ល្អ?

ពេល​សុល​ធ្វើ​អំពើ​អាក្រក់ តើ​អ្នក​ណា​ពេញ​ចិត្ត?— គឺ​មេកំណាច​សាថាន។ មិន​ត្រឹម​តែ​ប៉ុណ្ណោះ ពួក​អ្នក​ដឹក​នាំ​សាសនាយូដា​ក៏​បាន​ពេញ​ចិត្ត​ដែរ។ រួច​មក ពេល​សុល​ទៅ​ជា​អ្នក​កាន់​តាម​គ្រូ​ដ៏​ល្អ​ប្រសើរ ហើយ​បាន​ប្ដូរ​ឈ្មោះ​ទៅ​ជា​ប៉ូល ពួក​អ្នក​ដឹក​នាំ​សាសនា​ទាំង​នោះ​ចាប់​ផ្ដើម​ស្អប់​គាត់​វិញ។ ដូច្នេះ តើ​កូន​អាច​យល់​មូលហេតុ​ដែល​អ្នក​កាន់​តាម​លោក​យេស៊ូ​ពិបាក​ធ្វើ​អំពើ​ល្អ​ឬ​ទេ?—

សម្ដេចសង្ឃឈ្មោះអាណានាស បានប្រាប់បុរសម្នាក់ឲ្យដាល់មុខរបស់ប៉ូល

ពេល​ដែល​ប៉ូល​ធ្វើ​អំពើ​ល្អ តើ​អ្វី​ខ្លះ​កើត​ឡើង​ចំពោះ​គាត់?

ក្រោយ​ពី​ប៉ូល​ទៅ​ជា​អ្នក​កាន់​តាម​លោក​យេស៊ូ មនុស្ស​ធ្វើ​បាប​គាត់​ច្រើន​ណាស់។ ជា​ឧទាហរណ៍ មាន​ពេល​មួយ​ដែល​សម្ដេច​សង្ឃ​ឈ្មោះ​អាណានាស បាន​ប្រាប់​បុរស​ខ្លះ​ឲ្យ​ដាល់​មុខ​របស់​ប៉ូល។ អាណានាស​ក៏​បាន​ព្យាយាម​ឲ្យ​គេ​យក​ប៉ូល​ទៅ​ដាក់​គុក​ដែរ។ នៅ​ពេល​ផ្សេង​ទៀត មនុស្ស​អាក្រក់​បាន​វាយ​ប៉ូល ហើយ​ព្យាយាម​សម្លាប់​គាត់​ដោយ​គប់​នឹង​ដុំ​ថ្ម។—សកម្មភាព ២៣:១, ២; កូរិនថូស​ទី២ ១១:២៤, ២៥

នៅ​សព្វ​ថ្ងៃ​នេះ មនុស្ស​ជា​ច្រើន​នឹង​ខំ​ធ្វើ​ឲ្យ​យើង​ប្រព្រឹត្ត​អ្វី​ដែល​ព្រះ​មិន​ពេញ​ចិត្ត។ ដូច្នេះ កូន​ត្រូវ​គិត​អំពី​សំណួរ​ថា តើ​កូន​ស្រឡាញ់​អំពើ​ល្អ​ខ្លាំង​យ៉ាង​ណា? តើ​កូន​ស្រឡាញ់​អំពើ​ល្អ​ខ្លាំង​ដល់​ម្ល៉េះ​បាន​ជា​កូន​នឹង​ធ្វើ​អ្វី​ដែល​ត្រឹម​ត្រូវ ទោះ​ជា​នោះ​ធ្វើ​ឲ្យ​អ្នក​ឯ​ទៀត​ស្អប់​កូន​ក៏​ដោយ​ឬ? ដើម្បី​ធ្វើ​ដូច្នេះ កូន​ត្រូវ​មាន​ចិត្ត​ក្លាហាន មែន​ទេ?—

កូន​ប្រហែល​ជា​ឆ្ងល់​ថា ‹ហេតុ​អ្វី​មនុស្ស​ស្អប់​យើង​ដោយ​សារ​យើង​ធ្វើ​អំពើ​ល្អ? តាម​ពិត ពួក​គេ​គួរ​សប្បាយ​ចិត្ត​ទៅ​វិញ​ទេ!›។ ត្រូវ​ហើយ ពួក​គេ​គួរ​សប្បាយ​ចិត្ត​មែន។ មនុស្ស​ជា​ច្រើន​ធ្លាប់​ចូល​ចិត្ត​លោក​យេស៊ូ​ដោយ​សារ​លោក​ធ្វើ​អំពើ​ល្អ។ មាន​ពេល​មួយ​ដែល​មនុស្ស​ទាំង​អស់​ក្នុង​ក្រុង​បាន​មក​មូល​គ្នា​នៅ​ផ្ទះ​ដែល​លោក​កំពុង​ស្នាក់​នៅ ពី​ព្រោះ​លោក​យេស៊ូ​បាន​ធ្វើ​ឲ្យ​មនុស្ស​ឈឺ​ជា​សះ​ស្បើយ។—ម៉ាកុស ១:៣៣

ប៉ុន្តែ ជួន​កាល​មនុស្ស​មិន​ចូល​ចិត្ត​អ្វី​ដែល​លោក​យេស៊ូ​បាន​បង្រៀន​ទេ។ ទោះ​ជា​លោក​តែង​តែ​បង្រៀន​អ្វី​ដែល​ត្រឹម​ត្រូវ​ក៏​ដោយ ក៏​មនុស្ស​ខ្លះ​បាន​ស្អប់​លោក​ខ្លាំង​ណាស់ ពី​ព្រោះ​លោកបាន​ប្រាប់​សេចក្ដី​ពិត។ នេះ​ធ្លាប់​កើត​ឡើង​នៅ​ក្រុង​ណាសារ៉ែត ជា​ក្រុង​ដែល​លោក​យេស៊ូ​បាន​ធំ​ឡើង។ លោក​បាន​ចូល​ក្នុង​សាលា​ប្រជុំ ដែល​ជា​កន្លែង​ជន​ជាតិ​យូដា​ជួប​ជុំ​គ្នា​ដើម្បី​គោរព​ប្រណិប័តន៍​ព្រះ។

លោក​យេស៊ូ​បាន​ថ្លែង​សុន្ទរកថា​ល្អ​មួយ​ដោយ​ផ្អែក​លើ​បទ​គម្ពីរ។ នៅ​ដើម​ដំបូង​មនុស្ស​ចូល​ចិត្ត​អ្វី​ដែល​លោក​បាន​និយាយ ហើយ​បាន​នឹក​អស្ចារ្យ​ក្នុង​ចិត្ត​ពេល​ស្ដាប់​សម្ដី​ដ៏​ពីរោះ​របស់​លោក។ ពួក​គេ​ពិបាក​ជឿ​ថា​គឺ​បុរស​វ័យ​ក្មេង​នេះ​ដែល​បាន​ធំ​ឡើង​នៅ​ក្រុង​របស់​ពួក​គេ។

ក៏​ប៉ុន្តែ លោក​យេស៊ូ​បាន​និយាយ​បន្ត​ទៀត។ តើ​លោក​បាន​និយាយ​អ្វី? លោក​ប្រាប់​ពួក​គេ​ថា​ធ្លាប់​មាន​ពេល​ខ្លះ​ដែល​ព្រះ​ឲ្យ​ពរ​ពិសេស​ដល់​មនុស្ស​ដែល​មិន​មែន​ជន​ជាតិ​យូដា។ ពេល​ដែល​លោក​យេស៊ូ​និយាយ​ដូច្នេះ មនុស្ស​នៅ​សាលា​ប្រជុំ​ចាប់​ផ្ដើម​ខឹង។ តើ​កូន​ដឹង​មូលហេតុ​ដែល​ពួក​គេ​ខឹង​ទេ?— គឺ​ដោយ​សារ​ពួក​គេ​គិត​ថា មាន​តែ​ពួក​គេ​ប៉ុណ្ណោះ​ដែល​ព្រះ​ឲ្យ​ពរ​ពិសេស។ ពួក​គេ​គិត​ថា ពួក​គេ​ប្រសើរ​ជាង​មនុស្ស​ឯ​ទៀត។ ដូច្នេះ ពួក​គេ​ស្អប់​លោក​យេស៊ូ​ដោយ​សារ​អ្វី​ដែល​លោក​និយាយ។ តើ​កូន​ដឹង​ថា​ពួក​គេ​ខំ​ធ្វើ​អ្វី​ដល់​លោក​នៅ​ពេល​នោះ​ទេ?—

គម្ពីរ​ប្រាប់​ថា​៖ ‹ពួក​គេ​បាន​ក្រោក​ឡើង​ចាប់​លោក​យក​ចេញ​ក្រៅ​ក្រុង​ជា​ប្រញាប់ ក៏​បាន​នាំ​ទៅ​ចំណោត​ភ្នំ​ដើម្បី​បោះ​ទម្លាក់​លោក​ទៅ​ក្រោម​ឲ្យ​ស្លាប់! ប៉ុន្តែ​លោក​បាន​គេច​ចេញ​ពី​កណ្ដាល​ពួក​គេ›។—លូកា ៤:១៦​-​៣០

គេចាប់លោកយេស៊ូនាំទៅចំណោតភ្នំហៀបនឹងបោះទម្លាក់លោកទៅក្រោមឲ្យស្លាប់

ហេតុ​អ្វី​មនុស្ស​ទាំង​នេះ​ព្យាយាម​សម្លាប់​លោក​យេស៊ូ?

បើ​រឿង​នោះ​កើត​ឡើង​ចំពោះ​កូន តើ​កូន​នឹង​ត្រឡប់​ទៅ​វិញ​ដើម្បី​ប្រាប់​មនុស្ស​ទាំង​នោះ​អំពី​ព្រះ​ទេ?— ដើម្បី​ធ្វើ​ដូច្នោះ ត្រូវ​មាន​ចិត្ត​ក្លាហាន មែន​ទេ? ប៉ុន្តែ​កូន​ដឹង​ទេ ប្រហែល​មួយ​ឆ្នាំ​ក្រោយ​មក លោក​យេស៊ូ​បាន​ត្រឡប់​ទៅ​ក្រុង​ណាសារ៉ែត​វិញ​មែន។ គម្ពីរ​ប្រាប់​ថា​៖ ​«​លោក​ចាប់​ផ្ដើម​បង្រៀន​នៅ​ក្នុង​សាលា​ប្រជុំ​របស់​ពួក​គេ​»។ ដូច្នេះ លោក​យេស៊ូ​មិន​បាន​ឈប់​និយាយ​សេចក្ដី​ពិត​ដោយ​ខ្លាច​មនុស្ស​ដែល​មិន​ស្រឡាញ់​ព្រះ​នោះ​ទេ។—ម៉ាថាយ ១៣:៥៤

នៅ​ថ្ងៃ​មួយ​ផ្សេង​ទៀត​ដែល​ជា​ថ្ងៃ​ឈប់​សម្រាក លោក​យេស៊ូ​នៅ​កន្លែង​មួយ នៅ​ទី​នោះ​មាន​បុរស​ម្នាក់​ដែល​ស្វិត​ដៃ។ លោក​យេស៊ូ​មាន​សមត្ថភាព​ពី​ព្រះ​ដើម្បី​ធ្វើ​ឲ្យ​បុរស​នោះ​ជា​ឡើង​វិញ។ ប៉ុន្តែ​មនុស្ស​ខ្លះ​នៅ​ទី​នោះ​ខំ​រក​រឿង​លោក​យេស៊ូ។ តើ​គ្រូ​ដ៏​ល្អ​ប្រសើរ​នឹង​ធ្វើ​អ្វី?— មុន​បង្អស់​លោក​សួរ​ថា​៖ ‹បើ​អ្នក​រាល់​គ្នា​មាន​សត្វ​ចៀម​ដែល​ធ្លាក់​ចូល​រណ្ដៅ​នៅ​ថ្ងៃ​ឈប់​សម្រាក តើ​អ្នក​នឹង​លើក​វា​ចេញ​ទេ?›។

ពួក​គេ​ប្រាកដជា​លើក​ចៀម​នោះ​ចេញ​មក​មែន ទោះ​បី​ថ្ងៃ​នោះ​គឺ​ជា​ថ្ងៃ​ដែល​ពួក​គេ​ត្រូវ​ឈប់​សម្រាក​ក៏​ដោយ។ ដូច្នេះ​លោក​យេស៊ូ​និយាយ​ថា​៖ ‹ការ​ជួយ​មនុស្ស​ម្នាក់​នៅ​ថ្ងៃ​ឈប់​សម្រាក គឺ​ប្រសើរ​ជាង​នោះ​ទៅ​ទៀត ដោយ​សារ​មនុស្ស​ម្នាក់​មាន​តម្លៃ​ជាង​សត្វ​ចៀម​ឆ្ងាយ​ណាស់!›។ នេះ​បញ្ជាក់​ច្បាស់​ថា​លោក​យេស៊ូ​គួរ​ជួយ​បុរស​នោះ​ដោយ​ធ្វើ​ឲ្យ​គាត់​ជា​ឡើង​វិញ!

លោក​យេស៊ូ​បាន​ប្រាប់​បុរស​នោះ​ឲ្យ​លា​ដៃ រួច​ភ្លាម​នោះ​ដៃ​របស់​គាត់​ក៏​ជា​ឡើង​វិញ។ បុរស​នោះ​ច្បាស់​ជា​សប្បាយ​ចិត្ត​ណាស់! ប៉ុន្តែ​ចុះ​មនុស្ស​ទាំង​ប៉ុន្មាន​ទៀត? តើ​ពួក​គេ​សប្បាយ​ដែរ​ឬ​ទេ?— មិន​មែន​ទេ។ ពួក​គេ​ស្អប់​លោក​យេស៊ូ​ខ្លាំង​ជាង​មុន​ទៅ​ទៀត។ ពួក​គេ​ចេញ​ទៅ​និយាយ​គ្នា​អំពី​វិធី​សម្លាប់​លោក!—ម៉ាថាយ ១២:៩​-​១៤

សព្វ​ថ្ងៃ​នេះ​ក៏​ដូច​គ្នា​ដែរ។ ទោះ​ជា​យើង​ខំ​ប្រឹង​យ៉ាង​ណា​ក៏​ដោយ យើង​មិន​អាច​ធ្វើ​ឲ្យ​មនុស្ស​ទាំង​អស់​ពេញ​ចិត្ត​បាន​ទេ។ ដូច្នេះ យើង​ត្រូវ​សម្រេច​ចិត្ត​ថា​យើង​ចង់​ធ្វើ​ឲ្យ​អ្នក​ណា​ពេញ​ចិត្ត។ បើ​យើង​ចង់​ធ្វើ​ឲ្យ​ព្រះ​យេហូវ៉ា​និង​លោក​យេស៊ូ​គ្រិស្ត​ជា​បុត្រ​លោក​ពេញ​ចិត្ត យើង​ត្រូវ​បន្ត​ធ្វើ​តាម​អ្វី​ដែល​លោក​បង្រៀន។ ប៉ុន្តែ បើ​យើង​ធ្វើ​ដូច្នេះ តើ​អ្នក​ណា​នឹង​ស្អប់​យើង? តើ​អ្នក​ណា​នឹង​នាំ​ឲ្យ​យើង​ពិបាក​ធ្វើ​អំពើ​ល្អ?—

មេកំណាច​សាថាន​នឹង​ធ្វើ​ឲ្យ​យើង​ពិបាក។ ប៉ុន្តែ​តើ​មាន​អ្នក​ណា​ទៀត?— គឺ​អស់​អ្នក​ដែល​មេកំណាច​បាន​បោក​បញ្ឆោត​ឲ្យ​ជឿ​អ្វី​ដែល​ខុស។ លោក​យេស៊ូ​បាន​ប្រាប់​ពួក​អ្នក​ដឹក​នាំ​សាសនា​នៅ​សម័យ​លោក​ថា​៖ ​«​មេកំណាច​ជា​ឪពុក​របស់​អ្នក​រាល់​គ្នា ហើយ​អ្នក​រាល់​គ្នា​ចង់​ធ្វើ​តាម​សេចក្ដី​ប៉ង​ប្រាថ្នា​របស់​ឪពុក​អ្នក​»។—យ៉ូហាន ៨:៤៤

មាន​មនុស្ស​ជា​ច្រើន​ដែល​មេកំណាច​ចូល​ចិត្ត។ លោក​យេស៊ូ​បាន​ហៅ​ពួក​គេ​ថា​«​ពិភព​លោក​»។ ពេល​លោក​យេស៊ូ​និយាយ​អំពី​«​ពិភព​លោក​»​ តើ​កូន​គិត​ថា​លោក​ចង់​ប្រាប់​អ្វី?— ដើម្បី​ដឹង សូម​មើល​នៅ​យ៉ូហាន​ជំពូក​ទី​១៥ ខ​១៩។ នៅ​ខ​នោះ​លោក​យេស៊ូ​ប្រាប់​ថា​៖ ​«​ប្រសិនបើ​អ្នក​រាល់​គ្នា​រួម​ចំណែក​ក្នុង​ពិភព​លោក នោះ​ពិភព​លោក​នឹង​ស្រឡាញ់​អ្នក​រាល់​គ្នា ពី​ព្រោះ​អ្នក​រាល់​គ្នា​នៅ​ខាង​គេ។ តែ​ឥឡូវ អ្នក​រាល់​គ្នា​មិន​រួម​ចំណែក​ក្នុង​ពិភព​លោក​ឡើយ ហើយ​ខ្ញុំ​បាន​ជ្រើស​រើស​អ្នក​រាល់​គ្នា​ចេញ​ពី​ពិភព​លោក ហេតុ​នេះ​ហើយ​បាន​ជា​ពិភព​លោក​ស្អប់​អ្នក​រាល់​គ្នា​»។

ដូច្នេះ ពិភព​លោក​ដែល​ស្អប់​អ្នក​កាន់​តាម​លោក​យេស៊ូ គឺ​ជា​មនុស្ស​ទាំង​អស់​ដែល​មិន​ធ្វើ​តាម​សេចក្ដី​បង្រៀន​របស់​លោក។ ហេតុ​អ្វី​ពិភព​លោក​ស្អប់​អ្នក​កាន់​តាម​លោក​យេស៊ូ?— សូម​កូនគិត​ទៅ​មើល តើ​អ្នក​ណា​ជា​អ្នក​គ្រប់​គ្រង​ពិភព​លោក?— គម្ពីរ​ប្រាប់​ថា​៖ ​«​ពិភព​លោក​ទាំង​មូល​នៅ​ក្រោម​អំណាច​របស់​មេកំណាច​»​ មេកំណាច​នោះ​គឺ​សាថាន។—យ៉ូហាន​ទី១ ៥:១៩

ឥឡូវ​កូន​យល់​ទេ ហេតុ​អ្វី​យើង​ពិបាក​ធ្វើ​អំពើ​ល្អ​ម្ល៉េះ?— គឺ​ដោយ​សារ​សាថាន​និង​ពិភព​លោក​របស់​វា​ធ្វើ​ឲ្យ​យើង​ពិបាក។ ប៉ុន្តែ​មាន​មូលហេតុ​មួយ​ទៀត។ តើ​កូន​ចាំ​ថា​មូលហេតុ​នោះ​ជា​អ្វី​ទេ?— នៅ​ជំពូក​ទី​២៣​ក្នុង​សៀវភៅ​នេះ យើង​បាន​រៀន​ថា​យើង​ទាំង​អស់​គ្នា​កើត​មក​ទាំង​មាន​ភាព​ខុស​ឆ្គង។ ពេល​ដែល​មេកំណាច ពិភព​លោក​របស់​វា និង​ភាព​ខុស​ឆ្គង​លែង​មាន​ទៀត យើង​ពិត​ជា​សប្បាយ​រីក​រាយ​ខ្លាំង​ណាស់! មែន​ទេ?—

ក្រុមគ្រួសារមួយចេញពីពិភពលោកនេះ ហើយចូលក្នុងពិភពលោកថ្មីរបស់ព្រះ

ពេល​ដែល​ពិភព​លោក​នេះ​សាប​សូន្យ​ទៅ តើ​អ្វី​នឹង​កើត​ឡើង​ចំពោះ​មនុស្ស​ដែល​ធ្វើ​អំពើ​ល្អ?

ក្នុង​គម្ពីរ​មាន​សេចក្ដី​សន្យា​ថា​៖ ‹ពិភព​លោក​នេះ​កំពុង​ឈាន​ទៅ​រក​ការ​សាប​សូន្យ›។ នេះ​មាន​ន័យ​ថា អស់​អ្នក​ដែល​មិន​មែន​ជា​អ្នក​កាន់​តាម​គ្រូ​ដ៏​ល្អ​ប្រសើរ​នឹង​លែង​មាន​ទៀត។ ពួក​គេ​នឹង​មិន​ទទួល​ជីវិត​ដែល​គ្មាន​ទី​បញ្ចប់​ឡើយ។ តើ​កូន​ដឹង​ទេ​ថា​អ្នក​ណា​នឹង​ទទួល​ជីវិត​ដែល​គ្មាន​ទី​បញ្ចប់?— គម្ពីរ​ប្រាប់​ត​ទៅ​ទៀត​ថា​៖ ​«​អ្នក​ណា​ដែល​ធ្វើ​តាម​បំណង​ប្រាថ្នា​របស់​ព្រះ អ្នក​នោះ​នឹង​នៅ​ជាប់​ជា​រៀង​រហូត​»។ (​យ៉ូហាន​ទី១ ២:១៧​) អ្នក​ដែល​ធ្វើ​អំពើ​ល្អ គឺ​ជា​អ្នក​ដែល​ធ្វើ​តាម​«​បំណង​ប្រាថ្នា​របស់​ព្រះ​»។ ដូច្នេះ មាន​តែ​ពួក​គេ​ប៉ុណ្ណោះ ដែល​នឹង​រស់​ជា​រៀង​រហូត​ក្នុង​ពិភព​លោក​ថ្មី​របស់​ព្រះ។ ម្ល៉ោះ​ហើយ ទោះ​ជា​ពិបាក​ក៏​ដោយ យើង​ចង់​ធ្វើ​អំពើ​ល្អ មែន​ទេ?—

ដើម្បី​ដឹង​មូលហេតុ​ដែល​យើង​ពិបាក​ធ្វើ​អំពើ​ល្អ សូម​អាន​បទ​គម្ពីរ​ទាំង​នេះ​ជា​មួយ​គ្នា ម៉ាថាយ ៧:១៣, ១៤ លូកា ១៣:២៣, ២៤ និង​សកម្មភាព ១៤:២១, ២២។

    សៀវភៅភាសាខ្មែរ (១៩៩១-២០២៥)
    ចេញពីគណនី
    ចូលគណនី
    • ខ្មែរ
    • ចែករំលែក
    • ជម្រើស
    • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
    • ល័ក្ខខ័ណ្ឌប្រើប្រាស់
    • គោលការណ៍ស្ដីអំពីព័ត៌មានផ្ទាល់ខ្លួនរបស់លោកអ្នក
    • កំណត់ឯកជនភាព
    • JW.ORG
    • ចូលគណនី
    ចែករំលែក