បណ្ណាល័យអ៊ីនធឺណិតរបស់ប៉មយាម
ប៉មយាម
បណ្ណាល័យអ៊ីនធឺណិត
ខ្មែរ
  • គម្ពីរ
  • សៀវភៅផ្សេងៗ
  • កិច្ចប្រជុំ
  • w08 ១/១១ ទំ. ២៨-៣២
  • ចូរ«តស៊ូនឹងអារក្ស»ដូចព្រះយេស៊ូបានធ្វើចុះ!

សុំទោស គ្មានវីដេអូទេ

សុំទោស វីដេអូមានបញ្ហា

  • ចូរ«តស៊ូនឹងអារក្ស»ដូចព្រះយេស៊ូបានធ្វើចុះ!
  • ទស្សនាវដ្ដីប៉មយាមប្រកាសអំពីរាជាណាចក្ររបស់ព្រះយេហូវ៉ា ២០០៨
  • ចំណងជើងតូច
  • អត្ថបទស្រដៀងគ្នា
  • ព្រះ​យេហូវ៉ា​សង្គ្រោះ​ពួក​អ្នកបម្រើ​ទ្រង់
  • ព្រះ​យេស៊ូ​បាន​តាំង​គំរូ​ដ៏​ល្អ​ឥត​ខ្ចោះ ក្នុង​ការ​តស៊ូ​ប្រឆាំង​សាតាំង
  • ​«[ចូរ]​តស៊ូ​នឹង​អារក្ស​វិញ​ចុះ! នោះ​វា​នឹង​រត់​ចេញពី​អ្នក​រាល់​គ្នា​ទៅ»
  • ចូរតស៊ូនឹងសាតាំង នោះវានឹងរត់ចេញពីយើង!
    ទស្សនាវដ្ដីប៉មយាមប្រកាសអំពីរាជាណាចក្ររបស់ព្រះយេហូវ៉ា ២០០៦
  • សត្រូវនៃជីវិតដ៏អស់កល្បជានិច្ច
    អ្នកអាចរស់នៅជានិរន្តរ៍ក្នុងសួនមនោរម្យនៅលើផែនដី
  • ចូររៀនពីរបៀបដែលលោកយេស៊ូតបឆ្លើយចំពោះការល្បួង
    លោកយេស៊ូ ជាផ្លូវ ជាសេចក្ដីពិត ជាជីវិត
  • ‹ចូរតស៊ូនឹងអារក្ស›
    ទស្សនាវដ្ដីប៉មយាមប្រកាសអំពីរាជាណាចក្ររបស់ព្រះយេហូវ៉ា ២០០៣
មើលបន្ថែមទៀត
ទស្សនាវដ្ដីប៉មយាមប្រកាសអំពីរាជាណាចក្ររបស់ព្រះយេហូវ៉ា ២០០៨
w08 ១/១១ ទំ. ២៨-៣២

ចូរ​«តស៊ូ​នឹង​អារក្ស»​ដូច​ព្រះ​យេស៊ូ​បាន​ធ្វើ​ចុះ!

​«ចូរ . . . តស៊ូ​នឹង​អារក្ស​វិញ​ចុះ! នោះ​វា​នឹង​រត់​ចេញពី​អ្នក​រាល់​គ្នា​ទៅ»។—យ៉ា. ៤:៧

១​. ពេល​ព្រះ​យេស៊ូ​នៅ​លើ​ផែនដី តើ​ទ្រង់​បាន​ដឹង​ថា​នឹង​មានការ​ប្រឆាំង​ពី​ណា? តើ​មាន​លទ្ធផល​យ៉ាង​ណា?

ព្រះ​យេស៊ូ​គ្រិស្ត​បាន​ដឹង​ថា​ទ្រង់​នឹង​មានការ​ប្រឆាំង​ពី​អារក្ស។ ចំណុច​នេះ​គឺ​ជាក់ស្តែង​ដោយសារ​អ្វី​ដែល​ព្រះ​មាន​ប្រសាសន៍​ទៅ​កាន់​សត្វ​ពស់ ដែល​តាម​ពិតជា​វិញ្ញាណ​កំណាច​ម្នាក់ ដែល​ថា​៖ «អញ​នឹង​ធ្វើ​ឲ្យ​ឯង​ហើយ​នឹង​ស្ត្រី​[អង្គការ​របស់​ព្រះ​យេហូវ៉ា​នៅ​ស្ថាន​សួគ៌] គឺ​ទាំង​ពូជ​ឯង​នឹង​ពូជ​នាង​មាន​សេចក្ដី​ខ្មាំង​នឹង​គ្នា ពូជ​នាង​[ព្រះ​យេស៊ូគ្រិស្ត]​នឹង​កិន​ក្បាល​ឯង ហើយ​ឯង​នឹង​ចឹក​កែង​ជើង​គេ»។ (លោ. ៣:១៤, ១៥; វិវរ. ១២:៩) ព្រះ​យេស៊ូ​នឹង​ត្រូវ​ពស់​ចឹក​កែង​ជើង។ នេះ​មាន​ន័យ​ថា ពេល​នៅ​ផែនដី​ទ្រង់​ត្រូវ​ទទួល​មរណភាព។ ប៉ុន្តែ មិនមែន​ស្លាប់​រហូត​នោះ​ទេ ដ្បិត​ព្រះ​យេហូវ៉ា​នឹង​ប្រោស​ទ្រង់​ឲ្យ​រស់​ឡើង​វិញ​ឲ្យ​មាន​សិរី​រុងរឿង​នៅ​ស្ថាន​សួគ៌។ ចំណែក​ការ​កិន​ក្បាល​សត្វ​ពស់ គឺ​មាន​ន័យ​ថា អារក្ស​នឹង​ត្រូវ​ស្លាប់​សាប​សូន្យ​ទៅ។—សូម​អាន កិច្ចការ ២:៣១, ៣២; ហេព្រើរ ២:១៤

២​. ហេតុ​អ្វី​បានជា​ព្រះ​យេហូវ៉ា​ជឿ​ជាក់​ថា ព្រះ​យេស៊ូ​បាន​ជោគជ័យ​ក្នុង​ការ​តស៊ូ​ប្រឆាំង​អារក្ស?

២ ព្រះ​យេហូវ៉ា​ជឿជាក់​ថា ពេល​នៅ​ផែនដី​បុត្រ​របស់​ទ្រង់​ត្រូវ​ប្រឆាំង​នឹង​អារក្ស ហើយ​បំពេញ​កិច្ចការ​ខ្លួន​ដោយ​ជោគជ័យ។ ហេតុ​អ្វី​បានជា​ព្រះ​យេហូវ៉ា​ជឿ​ជាក់​ម្ល៉េះ? ពីព្រោះ​ព្រះ​យេហូវ៉ា​បាន​បង្កើត​បុត្រ​ទ្រង់​នៅ​ស្ថាន​សួគ៌​យូរយារ​មក​ហើយ។ ទ្រង់​បាន​សង្កេត​មើល​បុត្រ​នេះ ហើយ​ដឹង​ថា​«មេជាង»​នេះ ដែល​ជា​«បង​ច្បង​នៃ​គ្រប់​ទាំងអស់»​ចេះ​ស្ដាប់​បង្គាប់​និង​មានចិត្ត​ស្មោះត្រង់។ (សុ. ៨:២២​-​៣១; កូល. ១:១៥) ដូច្នេះ នៅ​ពេល​ដែល​ព្រះ​បញ្ជូន​ព្រះ​យេស៊ូ​មក​ផែនដី ហើយ​បាន​អនុញ្ញាត​ឲ្យ​អារក្ស​ទៅ​ល្បង​ល​ទ្រង់​រហូត​ដល់​ស្លាប់​នោះ ព្រះ​បាន​ជឿជាក់​ថា បុត្រ​តែ​មួយ​គត់​ដែល​ទ្រង់​បាន​បង្កើត​ផ្ទាល់​នឹង​តស៊ូ​ប្រឆាំង​អារក្ស​ដោយ​ជោគជ័យ។—យ៉ូន. ៣:១៦

ព្រះ​យេហូវ៉ា​សង្គ្រោះ​ពួក​អ្នកបម្រើ​ទ្រង់

៣​. តើ​សាតាំង​មាន​បំណង​ចិត្ត​យ៉ាង​ណា​ចំពោះ​ពួក​អ្នកបម្រើ​របស់​ព្រះ​យេហូវ៉ា?

៣ ព្រះ​យេស៊ូ​បាន​សំដៅ​ទៅ​អារក្ស​ជា​«ចៅហ្វាយ​របស់​លោកីយ​នេះ» ហើយ​បាន​ព្រមាន​សិស្ស​ទ្រង់​ថា​ពួក​គេ​នឹង​ត្រូវ​បៀតបៀន ដូច​ជា​ពួក​សត្រូវ​បាន​បៀតបៀន​ទ្រង់​ដែរ។ (យ៉ូន. ១២:៣១; ១៥:២០) ពិភព​លោក​ដែល​ដេក​នៅ​ក្នុង​ឱវាទ​នៃ​សាតាំង​ដែល​ជា​មេ​កំណាច ស្អប់​គ្រិស្ត​សាសនិក​ពិត ពីព្រោះ​ពួក​គេ​បម្រើ​ព្រះ​យេហូវ៉ា និង​ជា​អ្នក​ផ្សព្វផ្សាយ​អំពី​សេចក្ដី​សុចរិត​ផង។ (ម៉ាថ. ២៤:៩; ១យ៉ូន. ៥:១៩) អារក្ស​តាម​ព្យាបាទ​សំណល់​នៃ​ពួក​អ្នក​រើស​តាំង ដែល​នឹង​សោយរាជ្យ​ជាមួយ​ព្រះ​គ្រិស្ត​នៅ​ក្នុង​រាជាណាចក្រ​ស្ថាន​សួគ៌។ សាតាំង​ក៏​ខំ​ប្រឹង​បៀតបៀន​សាក្សី​ព្រះ​យេហូវ៉ា​ជា​ច្រើន​នាក់ ដែល​មាន​សេចក្ដី​សង្ឃឹម​រស់​ជា​រៀង​រហូត​នៅ​ក្នុង​សួន​មនោរម​នៅ​ផែនដី​ដែរ។ បណ្ដាំ​របស់​ព្រះ​ព្រមាន​យើង​ថា​៖ «អារក្ស​ដែល​ជា​ខ្មាំង​សត្រូវ​របស់​អ្នក​រាល់​គ្នា វា​តែង​ដើរ​ក្រវែល ទាំង​គ្រហឹម​ដូច​ជា​សិង្ហ ដើម្បី​នឹង​រក​អ្នក​ណា​ដែល​វា​នឹង​ត្របាក់​លេប​បាន»។—១ពេ. ៥:៨

៤​. នៅ​សម័យ​យើង​នេះ តើ​អ្វី​ដែល​បញ្ជាក់​ថា​រាស្ត្រ​របស់​ព្រះ​មាន​ជ័យជម្នះ​ក្នុង​ការ​តស៊ូ​ប្រឆាំង​នឹង​សាតាំង?

៤ យើង​មាន​ជ័យជម្នះ​ក្នុង​ការ​តស៊ូ​ប្រឆាំង​សាតាំង ពីព្រោះ​យើង​មានការ​គាំទ្រ​ពី​ព្រះ​យេហូវ៉ា​តាម​រយៈ​អង្គការ​មួយ។ ចូរ​គិត​អំពី​ហេតុការណ៍​ពិត​ទាំងនេះ។ ក្នុង​រយៈ​១០០​ឆ្នាំ​កន្លង​មក​នេះ អ្នក​គ្រប់​គ្រង​ដែល​ប្រើ​អំណាច​ផ្ដាច់​ការ ហើយ​កាច​សាហាវ​បំផុត​ក្នុង​ពិភព​លោក បាន​ខំ​ព្យាបាទ​បំបាត់​ចោល​សាក្សី​ព្រះ​យេហូវ៉ា​ឲ្យ​សូន្យ​អស់។ ប៉ុន្តែ សាក្សី​ព្រះ​យេហូវ៉ា​មាន​ចំនួន​កាន់តែ​ច្រើន​ឡើងៗ សព្វថ្ងៃ​មាន​ជិត​៧​.​០០០​.​០០០​នាក់ ហើយ​ជាង​១០០​.​០០០​ក្រុម​ជំនុំ​នៅ​ទូ​ទាំង​ពិភព​លោក។ ផ្ទុយ​ទៅ​វិញ​ពួក​អ្នក​គ្រប់​គ្រង​ផ្ដាច់​ការ​ហើយ​កាច​សាហាវ ដែល​បាន​ប្រឆាំង​បៀតបៀន​រាស្ត្រ​របស់​ព្រះ​យេហូវ៉ា គឺ​ជា​អ្នក​ដែល​បាន​ត្រូវ​បំបាត់​ចោល!

៥​. តើ​អេសាយ ៥៤:១៧ បាន​សម្រេច​យ៉ាង​ណា​ក្នុង​ករណី​ពួក​អ្នកបម្រើ​របស់​ព្រះ​យេហូវ៉ា?

៥ ព្រះ​បាន​សន្យា​ចំពោះ​ក្រុម​ជំនុំ​នៅ​អ៊ីស្រាអែល​ពី​បុរាណ​ថា​៖ «ឯ​គ្រឿង​សស្ដ្រាវុធ​ណា​ដែល​គេ​ធ្វើ​ឡើង នោះ​គ្មាន​ណាមួយ​នឹង​អាច​ទាស់​នឹង​ឯង​បាន​ឡើយ ហើយ​អស់ទាំង​អណ្ដាត​ណា​ដែល​កំរើក​ទាស់​នឹង​ឯង​ក្នុង​រឿង​ក្ដី នោះ​ឯង​នឹង​កាត់​ទោស​ឲ្យ​វិញ នេះ​ហើយ​ជា​សេចក្ដី ដែល​ពួក​អ្នក​បំរើ​របស់​ព្រះ​យេហូវ៉ា​នឹង​ទទួល​ជា​មរ​ដក ហើយ​សេចក្ដី​សុចរិត​របស់​គេ​ក៏​មក​ពី​អញ»។ (អេសា. ៥៤:១១, ១៧) នៅ​អំឡុង​គ្រា​«ជាន់​ក្រោយ​បង្អស់»​នេះ សេចក្ដី​សន្យា​នោះ​បាន​ស​ឲ្យ​ឃើញ​ជា​ពិត​ប្រាកដ​មែន ចំពោះ​ពួក​អ្នកបម្រើ​របស់​ព្រះ​យេហូវ៉ា​នៅ​ទូ​ទាំង​ពិភព​លោក។ (២ធី. ៣:១​-​៥, ១៣) យើង​បន្ត​តស៊ូ​ប្រឆាំង​នឹង​សាតាំង​ជា​និច្ច។ ដោយសារ​ព្រះ​យេហូវ៉ា​ទ្រង់​កាន់​ខាង​យើង នោះ​គ្រឿង​សស្ដ្រាវុធ​ណា​ក៏​ដោយ​ដែល​សាតាំង​ប្រើ​ដើម្បី​សម្លាប់​រាស្ត្រ​របស់​ព្រះ គឺ​មិន​បាន​ជោគជ័យ​ឡើយ។—ទំនុក. ១១៨:៦, ៧

៦​. យោង​ទៅ​តាម​សៀវភៅ​ដានីយ៉ែល តើ​អ្វី​នឹង​កើតឡើង​ដល់​ការ​គ្រប់គ្រង​របស់​សាតាំង?

៦ គ្រប់​ទិដ្ឋភាព​នៃ​ការ​គ្រប់គ្រង​របស់​សាតាំង​នឹង​ត្រូវ​កម្ទេច​ចោល​ទាំងអស់​នៅ​ទី​បញ្ចប់​នៃ​របៀប​របប​ពិភព​លោក​នេះ ដែល​កាន់តែ​កៀក​ណាស់​ហើយ។ ដានីយ៉ែល​ដែល​ជា​អ្នក​ប្រកាស​ទំនាយ ត្រូវ​បាន​ព្រះ​បណ្ដាល​ឲ្យ​សរសេរ​ថា​៖ «រីឯ​នៅ​គ្រា​នៃ​ស្តេច​ទាំងនោះ​[ដែល​មាននៅ​សម័យ​យើង​នេះ] ព្រះ​នៃ​ស្ថាន​សួគ៌​ទ្រង់​នឹង​តាំង​នគរ​១​ឡើង​[នៅ​ស្ថាន​សួគ៌] ដែល​មិន​ត្រូវ​បំផ្លាញ​ឡើយ ហើយ​អំណាច​ហ្លួង​ក៏​មិន​ត្រូវ​ផ្ទេរ​ដល់​សាសន៍​ដទៃ​ណា​ដែរ គឺ​នឹង​បំបាក់​បំបែក ហើយ​លេប​បំបាត់​នគរ​[ដែល​មាន​សព្វថ្ងៃ]​ទាំងនោះ​វិញ នគរ​នោះ​នឹង​ស្ថិត​ស្ថេរ​នៅ​អស់​កល្ប​ជា​និច្ច»។ (ដា. ២:៤៤) ពេល​ព្រឹត្ដិការណ៍​នេះ​កើតឡើង នោះ​ការ​គ្រប់គ្រង​របស់​សាតាំង​និង​ការ​គ្រប់គ្រង​មិន​ល្អ​ឥត​ខ្ចោះ​របស់​មនុស្ស​នឹង​ត្រូវ​វិនាស​សូន្យ​ទៅ។ ទិដ្ឋភាព​ទាំងអស់​នៃ​របៀប​របប​ពិភព​លោក​របស់​សាតាំង​នឹង​បាត់​សូន្យ​អស់ ហើយ​រាជាណាចក្រ​របស់​ព្រះ​នឹង​គ្រប់គ្រង​ផែនដី​ទាំងមូល​ដោយ​គ្មាន​ពួក​សត្រូវ​ប្រឆាំង​ឡើយ។—សូម​អាន ពេត្រុសទី២ ៣:៧, ១៣

៧​. ហេតុ​អ្វី​យើង​ដឹង​ថា​អ្នកបម្រើ​ព្រះ​យេហូវ៉ា​ម្នាក់ៗ អាច​តស៊ូ​ប្រឆាំង​ឈ្នះ​មេ​កំណាច?

៧ ប្រាកដ​ហើយ ព្រះ​យេហូវ៉ា​នឹង​សង្គ្រោះ​អង្គការ​របស់​ទ្រង់ ហើយ​បន្ត​ចម្រើន​ពរ​ផង​ដែរ។ (សូម​អាន ទំនុកដំកើង ១២៥:១, ២) ចុះ​យ៉ាង​ណា​វិញ​ចំពោះ​យើង? បណ្ដាំ​របស់​ព្រះ​ចែង​ថា យើង​អាច​តស៊ូ​ប្រឆាំង​យក​ឈ្នះ​មេ​កំណាច​ដូច​ព្រះ​យេស៊ូ​ដែរ។ ទំនាយ​ដែល​ព្រះ​យេស៊ូ​ផ្ដល់​ឲ្យ​តាម​រយៈ​សាវ័ក​យ៉ូហាន​បង្ហាញ​ថា ទោះជា​មានការ​ប្រឆាំង​ពី​សាតាំង​ក៏​ដោយ «មនុស្ស​១​ហ្វូង​យ៉ាង​ធំ»​ដែល​មាន​សេចក្ដី​សង្ឃឹម​រស់នៅ​ផែនដី នឹង​រួច​រស់​ជីវិត​ពី​ទី​បញ្ចប់​នៃ​របៀប​របប​ពិភព​លោក​នេះ។ យោង​ទៅ​តាម​គម្ពីរ ពួក​គេ​បន្លឺ​សំឡេង​ថា​៖ «សេចក្ដី​សង្គ្រោះ​ស្រេច​នូវ​ព្រះ​នៃ​យើង​រាល់​គ្នា ដែល​គង់​លើ​បល្ល័ង្ក ហើយ​ស្រេច​នឹង​កូន​ចៀម​[ព្រះ​យេស៊ូគ្រិស្ត]​ផង»។ (វិវរ. ៧:៩​-​១៤) ព្រះ​គម្ពីរ​ចែង​ថា​ពួក​អ្នក​ដែល​មាន​សេចក្ដី​សង្ឃឹម​ឡើង​ទៅ​ស្ថាន​សួគ៌​អាច​ឈ្នះ​លើ​សាតាំង ហើយ​«ចៀម​ឯ​ទៀត»​ដែល​ជា​គូកន​របស់​ពួក​គេ​ក៏​អាច​មាន​ជ័យជម្នះ​លើ​វា​ដែរ។ (យ៉ូន. ១០:១៦; វិវរ. ១២:១០, ១១) ប៉ុន្តែ ដើម្បី​ឲ្យ​មាន​ជ័យជម្នះ​លើ​សាតាំង​តម្រូវ​ឲ្យ​យើង​ខំ​ព្យាយាម​និង​អធិដ្ឋាន​សុំ‹ការ​ប្រោស​ឲ្យ​រួច​ពី​មេ​កំណាច›។—ម៉ាថ. ៦:១៣

ព្រះ​យេស៊ូ​បាន​តាំង​គំរូ​ដ៏​ល្អ​ឥត​ខ្ចោះ ក្នុង​ការ​តស៊ូ​ប្រឆាំង​សាតាំង

៨​. តើ​អ្វី​ជា​សេចក្ដី​ល្បួង​ទី​១ ដែល​សាតាំង​ប្រើ​ដើម្បី​ប្រឆាំង​នឹង​ព្រះ​យេស៊ូ​នៅ​ទី​រហោឋាន? តើ​ព្រះ​គ្រិស្ត​មាន​ប្រតិកម្ម​យ៉ាង​ណា?

៨ សាតាំង​បាន​ខំ​ព្យាយាម​ដើម្បី​ធ្វើ​ឲ្យ​ព្រះ​យេស៊ូ​លះបង់​ចិត្ត​ស្មោះ​ចំពោះ​ព្រះ។ នៅ​ទី​រហោឋាន សាតាំង​បាន​ប្រើ​សេចក្ដី​ល្បួង​ផ្សេងៗ​ដើម្បី​ឲ្យ​ព្រះ​យេស៊ូ​ឈប់​ស្ដាប់​បង្គាប់​ព្រះ​យេហូវ៉ា។ ប៉ុន្តែ ព្រះ​យេស៊ូ​បាន​តាំង​គំរូ​យ៉ាង​ល្អ​ឥត​ខ្ចោះ​ចំពោះ​ការ​តស៊ូ​ប្រឆាំង​នឹង​សាតាំង។ ក្រោយ​ពី​បាន​តម​អាហារ​អស់​៤០​ថ្ងៃ​៤០​យប់ ព្រះ​យេស៊ូ​ច្បាស់​ជា​ឃ្លាន​ខ្លាំង​ណាស់។ សាតាំង​ពោល​ថា​៖ «បើ​អ្នក​ជា​ព្រះ​រាជ​បុត្រា​នៃ​ព្រះ​មែន ចូរ​បង្គាប់​ឲ្យ​ថ្ម​ទាំង​នេះ​ត្រឡប់​ជា​នំ​ប៉័ង​ទៅ»។ ប៉ុន្តែ ព្រះ​យេស៊ូ​បដិសេធ​មិន​ព្រម​យក​អំណាច​ដែល​ព្រះ​ឲ្យ ដើម្បី​ជា​ប្រយោជន៍​ខ្លួន​នោះ​ឡើយ។ ផ្ទុយ​ទៅ​វិញ ព្រះ​យេស៊ូ​មាន​ប្រសាសន៍​ថា​៖ «មាន​សេចក្ដី​ចែង​ទុក​មក​ដូច្នេះ‹មនុស្ស​មិន​មែន​រស់ ដោយសារ​តែ​នំ​ប៉័ង​ប៉ុណ្ណោះ​ទេ គឺ​រស់​ដោយសារ​គ្រប់​ទាំង​ព្រះ​បន្ទូល ដែល​ចេញពី​ព្រះ​ឱស្ឋ​ព្រះ​មក​ដែរ›»។—ម៉ាថ. ៤:១​-​៤; ចោទិ. ៨:៣

៩​. ហេតុ​អ្វី​យើង​ត្រូវ​តែ​ទប់ទល់​នឹង​សេចក្ដី​ល្បួង​របស់​អារក្ស ដែល​ខំ​ជញ្ជក់​យក​ផល​ប្រយោជន៍​ពី​សេចក្ដី​ត្រូវការ​ធម្មតា​របស់​មនុស្ស?

៩ សព្វថ្ងៃ​នេះ អារក្ស​ឆ្លៀតឱកាស​ដើម្បី​ជញ្ជក់​យក​ផល​ប្រយោជន៍​ពី​សេចក្ដី​ត្រូវការ​ធម្មតា​របស់​មនុស្ស។ ដូច្នេះ​ហើយ យើង​ត្រូវ​តែ​ប្ដេជ្ញា​ទប់ទល់​នឹង​សេចក្ដី​ល្បួង​ខាង​កាម​ដែល​មាន​ទូទៅ​ក្នុង​ពិភព​លោក​ដែល​ប្រាសចាក​សីលធម៌។ បណ្ដាំ​របស់​ព្រះ​ចែង​យ៉ាង​ច្បាស់​ថា​៖ «តើ​មិន​ដឹង​ថា ពួក​មនុស្ស​ទុច្ចរិត​មិន​ដែល​បាន​គ្រង​នគរ​ព្រះ​ទុកជា​មរ​ដក​ទេ​ឬ​អី? កុំ​ឲ្យ​ច្រឡំ​ឡើយ ដ្បិត​ពួក​មនុស្ស​កំផិត ពួក​ថ្វាយបង្គំ​រូប​ព្រះ ពួក​សហាយស្មន់ ពួក​អ្នក​សំ​រេច​កិច្ច​ដោយ​ខ្លួនឯង ពួក​លេង​កូនជឹង​[ឬ​«ពួក​អ្នក​រួម​សង្វាស​នឹង​ភេទ​ដូច​គ្នា»] . . . នោះ​មិន​ដែល​បាន​គ្រង​នគរ​ព្រះ​ទុកជា​មរ​ដក​ឡើយ»។ (១កូ. ៦:៩, ១០; ១ករ. ៦:៩, ខ.ស.) យ៉ាង​ច្បាស់​ណាស់ មនុស្ស​ដែល​ប្រព្រឹត្ត​អំពើ​ប្រាសចាក​សីលធម៌ ហើយ​មិន​ព្រម​កែប្រែ​ជីវិត ព្រះ​នឹង​មិន​អនុញ្ញាត​ឲ្យ​រស់នៅ​ក្នុង​ពិភព​លោក​ថ្មី​របស់​ព្រះ​ឡើយ។

១០​. យោង​ទៅ​តាម​ម៉ាថាយ ៤:៥, ៦ តើ​សាតាំង​បាន​ប្រើ​សេចក្ដី​ល្បួង​ណា​ទៀត​ដើម្បី​ជំរុញ​ព្រះ​យេស៊ូ​ឲ្យ​លះ​ចោល​ចិត្ត​ស្មោះ?

១០ ស្តី​អំពី​សេចក្ដី​ល្បួង​មួយទៀត​ដែល​ព្រះ​យេស៊ូ​បាន​ជួប​ប្រទះ​នៅ​ទី​រហោឋាន នោះ​គម្ពីរ​ចែង​ថា​៖ «នោះ​អារក្ស​ក៏​នាំ​ទ្រង់​ទៅ​ឯ​ក្រុង​បរិសុទ្ធ ដាក់​លើ​កំពូល​ព្រះ​វិហារ ទូល​ថា ‹បើ​អ្នកជា​ព្រះរាជ​បុត្រា​នៃ​ព្រះ​មែន ចូរ​ទំ​លាក់​ខ្លួន​ទៅ​ក្រោម​ចុះ ដ្បិត​មាន​សេចក្ដី​ចែង​ទុក​មក​ថា «ទ្រង់​នឹង​បង្គាប់​ពួក​ទេវតា​នៃ​ទ្រង់​ពី​ដំណើរ​អ្នក ទេវតា​នឹង​ទ្រ​អ្នក​ដោយ​ដៃ ក្រែងលោ​ជើង​អ្នក​ទង្គិច​នឹង​ថ្ម»›»។ (ម៉ាថ. ៤:៥, ៦) តាម​សេចក្ដី​ល្បួង​នេះ សាតាំង​ចង់​ជំរុញ​ព្រះ​យេស៊ូ​ឲ្យ​ធ្វើការ​ដ៏​អស្ចារ្យ​មួយ ដើម្បី​បញ្ជាក់​ថា​ទ្រង់​ជា​ព្រះ​មេស្ស៊ី។ ប៉ុន្តែ បើ​ធ្វើ​ដូច្នេះ តាម​ពិត​គឺជា​ទង្វើ​ដែល​មិន​ត្រឹមត្រូវ ដែល​បង្ហាញ​នូវ​ចិត្ត​ព្រហើន ហើយ​ព្រះ​ក៏​មិន​ពេញចិត្ត​និង​មិន​គាំទ្រ​ដែរ។ ម្ដង​នេះ​ទៀត ព្រះ​យេស៊ូ​បាន​រក្សា​ចិត្ត​ស្មោះ​ចំពោះ​ព្រះ​យេហូវ៉ា ហើយ​បាន​តប​ឆ្លើយ​ដោយ​ដក​ស្រង់​ពាក្យ​ពី​គម្ពីរ។ ទ្រង់​មាន​ប្រសាសន៍​ថា​៖ «មាន​សេចក្ដី​ចែង​ទុក​ដូច្នេះ​ទៀត‹កុំ​ឲ្យ​ឯង​ល្បួង​ព្រះ​អម្ចាស់ ជា​ព្រះ​នៃ​ឯង​ឡើយ›»។—ម៉ាថ. ៤:៧; ចោទិ. ៦:១៦

១១​. តើ​សាតាំង​អាច​ល្បួង​យើង​តាម​របៀប​ណា? តើ​អាច​មាន​លទ្ធផល​យ៉ាង​ណា?

១១ តាម​បែប​ផ្សេងៗ​សាតាំង​អាច​ល្បួង​យើង​ឲ្យ​ខំ​ប្រឹង​បាន​ឈ្មោះ​ល្បី ដើម្បី​ឲ្យ​អ្នក​ដទៃ​កោត​ស្ងើច​នឹង​យើង។ សាតាំង​អាច​បញ្ឆោត​យើង​ឲ្យ​ធ្វើ​តាម​ការ​ពេញ​និយម​របស់​មនុស្ស​ខាង​ពិភព​លោក​នេះ ស្តី​អំពី​ការ​ស្លៀកពាក់​និង​ការ​តុបតែង​ខ្លួន ឬ​ល្បួង​យើង​ឲ្យ​ចូល​រួម​ការ​កម្សាន្ត​ដែល​មិន​សមរម្យ។ ប្រសិនបើ​យើង​ត្រាប់​តាម​មនុស្ស​នៃ​ពិភព​លោក​នេះ ហើយ​ធ្វើ​ខុស​នឹង​គោលការណ៍​ក្នុង​គម្ពីរ តើ​យើង​អាច​សង្ឃឹម​ថា​ទេវតា​នឹង​ការពារ​យើង​ពី​ផលវិបាក​ដែល​យើង​បាន​ប្រព្រឹត្ត​ទេ? ទោះជា​ស្តេច​ដាវីឌ​បាន​កែប្រែ​ចិត្ត​ពី​អំពើ​ផិត​ជា​មួយ​នឹង​នាង​បាត​សេ​បា​ក្ដី តែ​ព្រះ​មិន​បានការ​ពារ​ដាវីឌ​ពី​លទ្ធផល​អាក្រក់ ដែល​មក​ពី​ការ​ប្រព្រឹត្ត​របស់​ខ្លួន​ទេ។ (២សាំ. ១២:៩​-​១២) សូម​កុំ​ឲ្យ​យើង​ល្បង​ល​ព្រះ​យេហូវ៉ា​ដោយ​របៀប​ដែល​មិន​ត្រឹមត្រូវ​ឡើយ ប្រហែល​ដោយ​ចង់​ធ្វើ​ជា​មិត្ត​សម្លាញ់​ជាមួយ​នឹង​មនុស្ស​ក្នុង​ពិភព​លោក។—សូម​អាន យ៉ាកុប ៤:៤; យ៉ូហាន​ទី​១ ២:១៥​-​១៧

១២​. នៅ​ម៉ាថាយ ៤:៨, ៩ តើ​មាន​សេចក្ដី​ល្បួង​អ្វី? តើ​បុត្រ​របស់​ព្រះ​មាន​ប្រតិកម្ម​យ៉ាង​ណា​ចំពោះ​សេចក្ដី​ល្បួង​នេះ?

១២ សេចក្ដី​ល្បួង​មួយទៀត ដែល​អារក្ស​ប្រើ​នៅ​ទី​រហោឋាន គឺ​ឲ្យ​ព្រះ​យេស៊ូ​ទទួល​អំណាច​ខាង​នយោបាយ។ សាតាំង​បាន​បង្ហាញ​ព្រះ​យេស៊ូ​នូវ​អស់​ទាំង​នគរ​ឬ​រាជាណាចក្រ​ក្នុង​ពិភព​លោក និង​ភាព​រុងរឿង​នៃ​រាជាណាចក្រ​ទាំងនោះ​ដោយ​និយាយ​ថា​៖ «បើ​សិន​ជា​អ្នក​ក្រាប​ថ្វាយ​បង្គំ​ខ្ញុំ នោះ​ខ្ញុំ​នឹង​ឲ្យ​របស់​ទាំងនេះ​ដល់​អ្នក»។ (ម៉ាថ. ៤:៨, ៩) សាតាំង​ខំ​ប្រើ​ល្បិច​ដើម្បី​បានការ​ថ្វាយ​បង្គំ​ដែល​ជា​របស់​ផង​ព្រះ​យេហូវ៉ា និង​ជំរុញ​ព្រះ​យេស៊ូ​ឲ្យ​លះ​ចោល​ចិត្ត​ស្មោះត្រង់​ចំពោះ​ព្រះ។ ដោយ​គិតតែ​ចង់​ឲ្យ​គេ​គោរព​ថ្វាយបង្គំ​ខ្លួន ទេវតា​មួយ​រូប​នេះ​ដែល​ធ្លាប់​ស្មោះត្រង់ បែរ​ទៅ​ជា​ប្រព្រឹត្ត​អំពើ​បាប​ឬ​ខុសឆ្គង មានចិត្ត​លោភ ហើយក៏​ក្លាយ​ទៅ​ជា​អារក្ស​សាតាំង​ដ៏​សែន​អាក្រក់។ (យ៉ា. ១:១៤, ១៥) ប៉ុន្តែ ចំពោះ​ព្រះ​យេស៊ូ​វិញ ទ្រង់​ប្ដេជ្ញា​រក្សា​ចិត្ត​ស្មោះត្រង់​ចំពោះ​ព្រះ​ដែល​ជា​បិតា​នៅ​ស្ថាន​សួគ៌ ហើយ​មាន​ប្រសាសន៍​ថា​៖ «នែ សាតាំង ចូរ​ឯង​ថយ​ចេញពី​អញ​ទៅ ដ្បិត​មាន​សេចក្ដី​ចែង​ទុក​មក​ថា ‹ឯង​ត្រូវ​ថ្វាយបង្គំ​ដល់​ព្រះ​អម្ចាស់ ជា​ព្រះ​នៃ​ឯង ហើយ​ត្រូវ​គោរព​ដល់​ទ្រង់​តែ​មួយ​ព្រះ​អង្គ​ប៉ុណ្ណោះ›»។ ដូច្នេះ ម្ដង​នេះ​ទៀត​ព្រះ​យេស៊ូ​បាន​ជំទាស់​នឹង​សាតាំង​ដោយ​ពាក្យ​ម៉ឺងម៉ាត់​ហើយ​ច្បាស់លាស់។ បុត្រ​របស់​ព្រះ​មិន​ចង់​រួម​ចំណែក​នៅ​ក្នុង​របប​របស់​សាតាំង​ទេ និង​មិន​ក្រាប​ថ្វាយ​បង្គំ​មេ​កំណាច​នេះ​ជា​ដាច់ខាត!—ម៉ាថ. ៤:១០, កំណែ​ជា​អក្សរ​ទ្រេត; ចោទិ. ៦:១៣; ១០:២០

​«[ចូរ]​តស៊ូ​នឹង​អារក្ស​វិញ​ចុះ! នោះ​វា​នឹង​រត់​ចេញពី​អ្នក​រាល់​គ្នា​ទៅ»

១៣, ១៤​. (ក) ដោយ​បង្ហាញ​អស់ទាំង​រាជាណាចក្រ​ក្នុង​ពិភព​លោក តើ​អារក្ស​ចង់​ផ្ដល់​អ្វី​ឲ្យ​ព្រះ​យេស៊ូ? (ខ) តើ​សាតាំង​ខំ​ព្យាយាម​បង្ខូច​គំនិត​យើង​យ៉ាង​ដូច​ម្ដេច?

១៣ ដោយ​បង្ហាញ​អស់ទាំង​នគរ​ឬ​រាជាណាចក្រ​ក្នុង​ពិភព​លោក​ដល់​ព្រះ​យេស៊ូ នោះ​អារក្ស​ចង់​ឲ្យ​ទ្រង់​ទទួល​អំណាច​ដែល​មនុស្ស​មិន​ធ្លាប់​មាន។ សាតាំង​សង្ឃឹម​ថា អ្វី​ដែល​ព្រះ​យេស៊ូ​បាន​ឃើញ​នឹង​ទាញ​ចិត្ត​ទ្រង់ ហើយ​ឲ្យ​ទ្រង់​ជឿជាក់​ថា ទ្រង់​នឹង​ក្លាយ​ទៅ​ជា​មេ​ដឹក​នាំ​ដ៏​ខ្លាំងក្លា​បំផុត​លើ​ផែនដី។ សព្វថ្ងៃ​នេះ សាតាំង​មិន​ផ្ដល់​ឲ្យ​យើង​អស់ទាំង​នគរ​បាន​ឡើយ ក៏​ប៉ុន្តែ​វា​តែងតែ​សាក​ល្បង​យើង​តាម​រយៈ​អ្វីៗ​ដែល​យើង​មើល ឮ​និង​គិត ដើម្បី​បង្ខូច​ចិត្ត​ស្មោះ​របស់​យើង។

១៤ អារក្ស​វា​កាន់កាប់​ពិភព​លោក​នេះ។ ដូច្នេះ​ហើយ​វា​មាន​អំណាច​លើ​បណ្ដាញ​ផ្សាយ​ព័ត៌មាន។ ហេតុនេះ​ហើយ មិនជា​ការ​ចម្លែក​ទេ ដែល​សៀវភៅ កុន និង​ចម្រៀង​របស់​ពិភព​លោក​នេះ គឺ​ពោរ​ពេញ​ទៅ​ដោយ​អំពើ​ប្រាសចាក​សីលធម៌​និង​អំពើ​ឃោរឃៅ។ ការ​ផ្សាយ​ពាណិជ្ជកម្ម​ខំ​អូស​ទាញ​យើង​ឲ្យ​មានចិត្ត​ចង់​ទិញ​នេះ​ទិញ​នោះ​ដែល​យើង​មិន​ត្រូវការ។ តាម​បែប​ដូច​នេះ សាតាំង​តែងតែ​សាក​ល្បង​ទាក់ទាញ​ចិត្ត​យើង​ឲ្យ​បែរ​ទៅ​រក​វត្ថុនិយម។ ប៉ុន្តែ នៅ​ពេល​ដែល​យើង​មិន​ព្រម​អាន ស្ដាប់ និង​មិន​ព្រម​មើល​អ្វី​ដែល​ប្រឆាំង​នឹង​គោលការណ៍​គម្ពីរ តាម​ពិត​យើង​កំពុង​និយាយ​ថា​៖ «នែ សាតាំង ចូរ​ឯង​ថយ​ចេញពី​អញ​ទៅ!»។ ដូច្នេះ​ហើយ ដោយ​ពាក្យ​ម៉ឺងម៉ាត់​ហើយ​ច្បាស់លាស់ យើង​យក​តម្រាប់​តាម​ព្រះ​យេស៊ូ​ក្នុង​ការ​បដិសេធ​នូវ​ឥទ្ធិពល​អាក្រក់​របស់​មនុស្ស​ក្នុង​ពិភព​លោក​នេះ។ យើង​អាច​បញ្ជាក់​ឲ្យ​ឃើញ​ថា​យើង​គ្មាន​ចំណែក​ក្នុង​ពិភព​លោក​របស់​សាតាំង ដោយ​បង្ហាញ​ចិត្ត​ក្លាហាន​ឲ្យ​មនុស្ស​ស្គាល់​ថា​យើង​ជា​សាក្សី​ព្រះ​យេហូវ៉ា និង​ជា​អ្នក​កាន់​តាម​ព្រះ​យេស៊ូ នៅ​កន្លែង​ធ្វើការ នៅ​ឯ​សាលា ក្នុង​តំបន់​រស់នៅ និង​ក្នុង​ចំណោម​បង​ប្អូន​ញាតិ​មិត្ត​ជាដើម។—សូម​អាន ម៉ាកុស ៨:៣៨

១៥​. ការ​តស៊ូ​ប្រឆាំង​នឹង​សាតាំង​មាន​ន័យ​ថា​យើង​ត្រូវ​ប្រុង​ប្រយ័ត្ន​ជា​និច្ច ហេតុ​អ្វី?

១៥ ក្រោយ​ពី​អារក្ស​ខំ​ល្បួង​ព្រះ​យេស៊ូ​ឲ្យ​លះបង់​ចិត្ត​ស្មោះ​ចំពោះ​ព្រះ​ដោយ​ឥត​ជោគជ័យ​ជា​លើក​ទី​៣ នោះ​«អារក្ស​ក៏​ថយ​ចេញពី​ទ្រង់​ទៅ»។ (ម៉ាថ. ៤:១១) ប៉ុន្តែ សាតាំង​មិន​មាន​បំណង​ឈប់​ល្បួង​ព្រះ​យេស៊ូ​ឡើយ ដ្បិត​យើង​ដឹង​ថា​៖ «កាល​អារក្ស​បាន​ល្បួង​សព្វគ្រប់​ហើយ​[នៅ​ទី​រហោឋាន] នោះ​ក៏​ថយ​ចេញពី​ទ្រង់​ទៅ ទាល់តែ​មាន​ឱកាស​ទៀត»។ (លូ. ៤:១៣) នៅ​ពេល​ដែល​យើង​តស៊ូ​ប្រឆាំង​សាតាំង​ដោយ​ជោគជ័យ នោះ​យើង​គួរ​អរគុណ​ដល់​ព្រះ​យេហូវ៉ា។ ប៉ុន្តែ គប្បី​ឲ្យ​យើង​ស្វែងរក​ជំនួយ​ពី​ព្រះ​យេហូវ៉ា​ជា​និច្ច ដ្បិត​ពេល​មាន​ឱកាស​អារក្ស​នឹង​មក​ល្បួង​យើង​ម្ដង​ទៀត គឺជា​ពេល​ដែល​យើង​នឹក​មិន​ដល់​ថា​នឹង​មាន​សេចក្ដី​ល្បួង។ ដូច្នេះ​ហើយ យើង​ត្រូវ​ប្រុង​ប្រយ័ត្ន​ជា​និច្ច ដោយ​ខំ​ព្យាយាម​ស៊ូទ្រាំ​ហើយ​ធ្វើ​កិច្ច​បម្រើ​បរិសុទ្ធ​ជូន​ព្រះ​យេហូវ៉ា មិន​ថា​យើង​ជួប​ប្រទះ​នឹង​ការ​សាក​ល្បង​ណា​ក៏​ដោយ។

១៦​. តើ​ព្រះ​យេហូវ៉ា​ឲ្យ​យើង​នូវ​ថាមពល​ដ៏​ខ្លាំងក្លា​អ្វី? ហេតុ​អ្វី​បាន​ជា​យើង​គួរ​អធិដ្ឋាន​សុំ?

១៦ ដើម្បី​ជួយ​យើង​ឲ្យ​ព្យាយាម​តស៊ូ​ប្រឆាំង​នឹង​អារក្ស យើង​គួរ​អធិដ្ឋាន​សុំ​សកម្ម​ពល​បរិសុទ្ធ​របស់​ព្រះ នោះ​យើង​នឹង​ទទួល​ថាមពល​ដ៏​ខ្លាំង​បំផុត​ក្នុង​សកលលោក។ សកម្ម​ពល​របស់​ព្រះ​នឹង​ជួយ​យើង​ឲ្យ​ធ្វើ​អ្វី​ដែល​យើង​មិន​អាច​សម្រេច​បាន បើ​ពឹង​លើ​កម្លាំង​យើង។ ព្រះ​យេស៊ូ​បាន​ធានា​អ្នក​កាន់​តាម​ទ្រង់​ថា​ពួក​គេ​នឹង​បាន​ទទួល​សកម្ម​ពល​របស់​ព្រះ ដោយ​មាន​ប្រសាសន៍​ថា​៖ «បើ​អ្នក​រាល់​គ្នា​ដែល​ជា​មនុស្ស​[មិន​ល្អ​ឥត​ខ្ចោះ ហើយក៏]​អាក្រក់ អ្នក​ចេះ​ឲ្យ​របស់​ល្អ​ទៅ​កូន​យ៉ាង​ដូច្នេះ នោះ​ចំណង់​បើ​ព្រះ​វរបិតា ដែល​គង់​ស្ថាន​សួគ៌ តើ​ទ្រង់​នឹង​ប្រទាន​ព្រះ​វិញ្ញាណ​[ឬ​«សកម្ម​ពល»]​បរិសុទ្ធ មក​អស់អ្នក​ដែល​សូម ជា​ជាង​អម្បាលម៉ាន​ទៅ​ទៀត»។ (លូ. ១១:១៣; ព.ថ.) សូម​ឲ្យ​យើង​បន្ត​អធិដ្ឋាន​ទៅ​ព្រះ​យេហូវ៉ា​សុំ​សកម្ម​ពល​របស់​ព្រះ។ យើង​នឹង​បាន​ជោគជ័យ​ជាក់​ជា​ពុំខាន​ក្នុង​ការ​តស៊ូ​ប្រឆាំង​អារក្ស ពីព្រោះ​យើង​មាន​ជំនួយ​ពី​ថាមពល​ដ៏​ខ្លាំងក្លា​បំផុត។ ក្រៅពី​ការ​អធិដ្ឋាន​ដោយ​ពាក្យ​ទូល​អង្វរ​ជា​ទៀងទាត់ យើង​ត្រូវ​ពាក់​គ្រប់​គ្រឿង​សឹក​របស់​ព្រះ «ដើម្បី​ឲ្យ​អាច​នឹង​ឈរ​មាំមួន ទាស់​នឹង​ឧបាយកល​ទាំង​អម្បាលម៉ាន​របស់​អារក្ស»។—អេភ. ៦:១១​-​១៨

១៧​. តើ​ព្រះ​យេស៊ូ​គិត​អំពី​អំណរ​អ្វី ដែល​បាន​ជួយ​ទ្រង់​ឲ្យ​តស៊ូ​ប្រឆាំង​អារក្ស?

១៧ មាន​អ្វីមួយ​ទៀត​ដែល​បាន​ជួយ​ព្រះ​យេស៊ូ​ឲ្យ​តស៊ូ​ប្រឆាំង​នឹង​អារក្ស​បាន ហើយ​នេះ​ក៏​អាច​ជួយ​យើង​បាន​ដែរ។ គម្ពីរ​ចែង​ថា​៖ «[«លោក​យេស៊ូ»]​បាន​រង​ទ្រាំ​នៅ​[«បង្គោល​ទារុណកម្ម»] ទាំង​មើល​ងាយ​ចំពោះ​សេចក្ដី​អាម៉ាស់​ខ្មាស​នោះ ឲ្យ​តែ​បាន​សេចក្ដី​អំណរ​ដែល​នៅ​ចំពោះ​ទ្រង់ រួច​ទ្រង់​ក៏​គង់​ខាងស្ដាំ​បល្ល័ង្ក​នៃ​ព្រះ»។ (ហេ. ១២:២; ព.ថ.) យើង​ក៏​អាច​មាន​អំណរ​ដូច​នេះ​ដែរ ដោយ​លើក​តម្កើង​ការ​គ្រប់គ្រង​របស់​ព្រះ​យេហូវ៉ា គោរព​នាម​ដ៏​បរិសុទ្ធ​របស់​ទ្រង់ និង​ដោយ​នឹក​ដល់​អំណោយ​ទាន​ជា​ជីវិត​ដែល​គ្មាន​ទី​បញ្ចប់។ យើង​នឹង​មាន​អំណរ​ណាស់! ពេល​ដែល​សាតាំង​និង​កិច្ចការ​ទាំងអស់​របស់​វា​ត្រូវ​បំផ្លាញ​ចោល​អស់​រលីង ហើយ​«មនុស្ស​រាបសា គេ​នឹង​បាន​ផែនដី​ជា​មរ​ដក ហើយនឹង​បានចិត្ត​រីករាយ ដោយ​សេចក្ដី​ក្សេមក្សាន្ត​ដ៏​បរិបូរ»។ (ទំនុក. ៣៧:១១) ដូច្នេះ​ហើយ ចូរ​បន្ត​តស៊ូ​ប្រឆាំង​នឹង​អារក្ស​ដូច​ព្រះ​យេស៊ូ​បាន​ធ្វើ​ចុះ!—សូម​អាន យ៉ាកុប ៤:៧, ៨

តើ​អ្នក​នឹង​ឆ្លើយ​យ៉ាង​ណា?

• តើ​មាន​ភ័ស្តុតាង​អ្វី ដែល​បង្ហាញ​ថា​ព្រះ​យេហូវ៉ា​សង្គ្រោះ​រាស្ត្រ​ទ្រង់?

• តើ​ព្រះ​យេស៊ូ​បាន​តាំង​គំរូ​ក្នុង​ការ​តស៊ូ​ប្រឆាំង​នឹង​សាតាំង​យ៉ាង​ដូច​ម្ដេច?

• តើ​អ្នក​អាច​តស៊ូ​ប្រឆាំង​នឹង​អារក្ស​យ៉ាង​ដូច​ម្ដេច?

[រូបភាព​នៅ​ទំព័រ​២៩]

បើ​យើង​ធ្វើ​ជា​មិត្តភក្ដិ​របស់​ពិភព​លោក យើង​ជា​សត្រូវ​នឹង​ព្រះ

[រូបភាព​នៅ​ទំព័រ​៣១]

ព្រះ​យេស៊ូ​បាន​បដិសេធ​មិន​យក​រាជាណាចក្រ​ខាង​ពិភព​លោក​នេះ ពី​សាតាំង​ទេ

    សៀវភៅភាសាខ្មែរ (១៩៩១-២០២៥)
    ចេញពីគណនី
    ចូលគណនី
    • ខ្មែរ
    • ចែករំលែក
    • ជម្រើស
    • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
    • ល័ក្ខខ័ណ្ឌប្រើប្រាស់
    • គោលការណ៍ស្ដីអំពីព័ត៌មានផ្ទាល់ខ្លួនរបស់លោកអ្នក
    • កំណត់ឯកជនភាព
    • JW.ORG
    • ចូលគណនី
    ចែករំលែក