បណ្ណាល័យអ៊ីនធឺណិតរបស់ប៉មយាម
ប៉មយាម
បណ្ណាល័យអ៊ីនធឺណិត
ខ្មែរ
  • គម្ពីរ
  • សៀវភៅផ្សេងៗ
  • កិច្ចប្រជុំ
  • w03 ១/១ ទំ. ២២-២៧
  • ‹ចូរតស៊ូនឹងអារក្ស›

សុំទោស គ្មានវីដេអូទេ

សុំទោស វីដេអូមានបញ្ហា

  • ‹ចូរតស៊ូនឹងអារក្ស›
  • ទស្សនាវដ្ដីប៉មយាមប្រកាសអំពីរាជាណាចក្ររបស់ព្រះយេហូវ៉ា ២០០៣
  • ចំណងជើងតូច
  • អត្ថបទស្រដៀងគ្នា
  • សាតាំង​ដាក់​រាយ​អន្ទាក់​ផ្សេង​ៗ​ដើម្បី​ចាប់​ពួក​គ្រីស្ទាន​សម័យ​ដើម
  • អន្ទាក់​របស់​សាតាំង​នៅ​សព្វ​ថ្ងៃ​នេះ
  • ព្រះ​យេស៊ូ​បាន​ប្រឆាំង​នឹង​អារក្ស
  • មាន​គ្រប់​លក្ខណៈ​ដើម្បី​ប្រឆាំង​នឹង​អារក្ស
  • ចូរ«តស៊ូនឹងអារក្ស»ដូចព្រះយេស៊ូបានធ្វើចុះ!
    ទស្សនាវដ្ដីប៉មយាមប្រកាសអំពីរាជាណាចក្ររបស់ព្រះយេហូវ៉ា ២០០៨
  • ចូរតស៊ូនឹងសាតាំង នោះវានឹងរត់ចេញពីយើង!
    ទស្សនាវដ្ដីប៉មយាមប្រកាសអំពីរាជាណាចក្ររបស់ព្រះយេហូវ៉ា ២០០៦
  • សត្រូវនៃជីវិតដ៏អស់កល្បជានិច្ច
    អ្នកអាចរស់នៅជានិរន្តរ៍ក្នុងសួនមនោរម្យនៅលើផែនដី
  • ចូរប្រុងប្រយ័ត្ន សាថានចង់លេបត្របាក់អ្នក!
    ទស្សនាវដ្ដីប៉មយាមប្រកាសអំពីរាជាណាចក្ររបស់ព្រះយេហូវ៉ា ២០១៥
មើលបន្ថែមទៀត
ទស្សនាវដ្ដីប៉មយាមប្រកាសអំពីរាជាណាចក្ររបស់ព្រះយេហូវ៉ា ២០០៣
w03 ១/១ ទំ. ២២-២៧

‹ចូរ​ត​ស៊ូ​នឹង​អារក្ស›

«[ចូរ]ត​ស៊ូ​នឹង​អារក្ស​វិញ​ចុះ នោះ​វា​នឹង​រត់​ចេញ​ពី​អ្នក​រាល់​គ្នា​ទៅ»។—យ៉ាកុប ៤:៧

១. តើ​យើង​អាច​ពណ៌នា​យ៉ាង​ណា​អំពី​ព្រឹត្ដិការណ៍​ក្នុង​ពិភព​លោក​សព្វ​ថ្ងៃ​នេះ? ហេតុ​អ្វី​ក៏​ពួក​អ្នក​បំរើ​ចាក់​ប្រេង​តាំង​និង​សហការី​របស់​ពួក​គេ​ត្រូវ​តែ​ប្រុង​ប្រយ័ត្ន​ជា​និច្ច?

«ព្រះ​បាន​បាត់​ខ្លួន តែ​នៅ​មាន​អារក្ស»។ នេះ​ជា​ពាក្យ​សំដី​របស់​អ្នក​និពន្ធ​ជាតិ​បារាំង​ម្នាក់​ឈ្មោះ​អនទ្រេ ម៉ាលរូ ពាក្យ​សំដី​នេះ​ក៏​ទាក់​ទង​យ៉ាង​ត្រឹម​ត្រូវ​ចំពោះ​ព្រឹត្ដិការណ៍​ថ្មី​ៗ​ក្នុង​ពិភព​លោក​យើង​នេះ ពីព្រោះ​ព្រឹត្ដិការណ៍​របស់​មនុស្សជាតិ ប្រាកដ​ជា​បង្ហាញ​ឲ្យ​ឃើញ​នូវ​កល​ល្បិច​របស់​អារក្ស ជា​ជាង​ព្រះ​ហឫទ័យ​របស់​ព្រះ។ សាតាំង​កំពុង​តែ​នាំ​ឲ្យ​មនុស្ស​វង្វេង«ដោយ​នូវ​គ្រប់​ទាំង​ឫទ្ធិ ទី​សំគាល់ នឹង​ការ​អស្ចារ្យ​ដ៏​កំភូត ហើយ​ដោយ​គ្រប់​ទាំង​សេចក្ដី​ឆបោក​របស់​សេចក្ដី​ទុច្ចរិត ក្នុង​ពួក​អ្នក​ដែល​ត្រូវ​វិនាស»។ (ថែស្សាឡូនីច​ទី​២ ២:៩, ១០) ប៉ុន្តែ នៅ​គ្រា«ជាន់​ក្រោយ​បង្អស់» សាតាំង​កំពុង​តែ​តំរង់​ទិស​ដៅ​របស់​វា​ទៅ​លើ​ពួក​អ្នក​បំរើ​របស់​ព្រះ​ដែល​បាន​ថ្វាយ​ខ្លួន​ហើយ ដោយ​វា​ធ្វើ​សង្គ្រាម​ប្រឆាំង​ពួក​គ្រីស្ទាន​ចាក់​ប្រេង​តាំង«ដែល​កាន់​តាម​បញ្ញត្ត​ព្រះ ហើយ​មាន​សេចក្ដី​បន្ទាល់​ពី​ព្រះ​យេស៊ូវ»។ (ធីម៉ូថេ​ទី​២ ៣:១; វិវរណៈ ១២:៩, ១៧) ពួក​អ្នក​បំរើ​ចាក់​ប្រេង​តាំង​ទាំង​នេះ​របស់​ព្រះ និង​សហការី​របស់​ពួក​គេ​ដែល​មាន​សេចក្ដី​សង្ឃឹម​រស់​នៅ​លើ​ផែនដី ត្រូវ​តែ​ប្រុង​ប្រយ័ត្ន​ជា​និច្ច។

២. តើ​សាតាំង​បាន​បោក​បញ្ឆោត​នាង​អេវ៉ា​យ៉ាង​ដូច​ម្ដេច? តើ​សាវ័ក​ប៉ុល​បាន​មាន​កង្វល់​អំពី​អ្វី?

២ សាតាំង​ជា​អ្នក​បោក​បញ្ឆោត​តែ​ម្ដង។ សាតាំង​បាន​ប្រើ​សត្វ​ពស់​ជា​ល្បិច​ក្នុង​ការ​បោក​បញ្ឆោត​នាង​អេវ៉ា​ឲ្យ​គិត​ថា នាង​មាន​សុភមង្គល​ច្រើន​ជាង បើ​នាង​មិន​ពឹង​ពាក់​លើ​ព្រះ​នោះ។ (លោកុប្បត្តិ ៣:១​-​៦) ប្រហែល​ជា​បួន​ពាន់​ឆ្នាំ​ក្រោយ​មក សាវ័ក​ប៉ុល​បាន​រៀប​រាប់​នូវ​កង្វល់​របស់​គាត់​ចំពោះ​ពួក​គ្រីស្ទាន​ចាក់​ប្រេង​តាំង​នៅ​ក្រុង​កូរិនថូស ដែល​អាច​រង​គ្រោះ​ដោយ​សារ​ឧបាយ​កល​របស់​សាតាំង។ ប៉ុល​បាន​សរសេរ​ថា៖ «ខ្ញុំ​ខ្លាច​ក្រែង​គំនិត​អ្នក​រាល់​គ្នា ត្រូវ​បង្ខូច​ចេញ​ពី​សេចក្ដី​ទៀង​ត្រង់​ខាង​ឯ​ព្រះ​គ្រីស្ទ ដូច​ជា​សត្វ​ពស់​បាន​បញ្ឆោត​នាង​អេវ៉ា ដោយ​ឧបាយ​កល​យ៉ាង​នោះ​ដែរ»។ (កូរិនថូស​ទី​២ ១១:៣) សាតាំង​ពង្វក់​ចិត្ត​គំនិត​របស់​មនុស្ស​ឲ្យ​គេ​លែង​ដឹង​ខុស​ត្រូវ។ ដូច​ជា​វា​បាន​បោក​បញ្ឆោត​នាង​អេវ៉ា​យ៉ាង​ណា នោះ​វា​ក៏​អាច​ធ្វើ​ចំពោះ​ពួក​គ្រីស្ទាន​យ៉ាង​នោះ​ដែរ ដោយ​ធ្វើ​ឲ្យ​ពួក​គេ​សន្និដ្ឋាន​យ៉ាង​ខុស​ថា ពួក​គេ​នឹង​មាន​សុភមង្គល​ពី​អ្វី​ៗ​ដែល​ព្រះ​យេហូវ៉ា និង​បុត្រា​របស់​ទ្រង់​មិន​សព្វ​ព្រះ​ហឫទ័យ​ឲ្យ​ពួក​គេ​ធ្វើ​ទៅ​វិញ។

៣. តើ​ព្រះ​យេហូវ៉ា​ប្រទាន​នូវ​ការ​ការ​ពារ​អ្វី​ដើម្បី​ត​ទល់​នឹង​អារក្ស?

៣ សាតាំង​អាច​ប្រៀប​ទៅ​នឹង​ព្រាន​ព្រៃ ដែល​ដាក់​អន្ទាក់​ដើម្បី​ចាប់​អ្នក​ដែល​មិន​ចេះ​ប្រយ័ត្ន​ខ្លួន។ បើ​យើង​ចង់​ជៀស​វាង​ពី​អន្ទាក់​របស់​សាតាំង នោះ​យើង​ត្រូវ‹ស្ថិត​នៅ​ឲ្យ​ជាប់​ក្នុង​ទី​កំបាំង​នៃ​ព្រះ​ដ៏​ខ្ពស់​បំផុត› គឺ​ជា​កន្លែង​ការ​ពារ​ដែល​ជា​និមិត្តរូប ដែល​ព្រះ​យេហូវ៉ា​ប្រទាន​ឲ្យ​ដល់​អស់​អ្នក​ដែល​ទទួល​ស្គាល់​និង​ចុះ​ចូល​តាម​អធិបតេយ្យ​សកល​លោក​របស់​ទ្រង់។ (ទំនុក​ដំកើង ៩១:១​-​៣) យើង​ត្រូវ​ការ​នូវ​ការ​ការ​ពារ​ដែល​មក​ពី​ព្រះ ពោល​គឺ​តាម​រយៈ​ព្រះ​បន្ទូល​របស់​ទ្រង់ វិញ្ញាណ​បរិសុទ្ធ និង​អង្គការ​របស់​ទ្រង់ ដើម្បី​ឲ្យ​យើង«អាច​នឹង​ឈរ​មាំ​មួន ទាស់​នឹង​ឧបាយ​កល​ទាំង​អម្បាលម៉ាន​របស់​អារក្ស»។ (អេភេសូរ ៦:១១) យ៉ាង​ប្រាកដ​ណាស់ អារក្ស​ប្រើ​កល​ល្បិច​ជា​ច្រើន​ក្នុង​ការ​ខំ​ប្រឹង​បោក​បញ្ឆោត​ពួក​អ្នក​បំរើ​របស់​ព្រះ​យេហូវ៉ា។

សាតាំង​ដាក់​រាយ​អន្ទាក់​ផ្សេង​ៗ​ដើម្បី​ចាប់​ពួក​គ្រីស្ទាន​សម័យ​ដើម

៤. តើ​ពួក​គ្រីស្ទាន​សម័យ​ដើម​រស់​នៅ​ក្នុង​ពិភព​លោក​ដែល​មាន​ស្ថានភាព​បែប​ណា?

៤ ពួក​គ្រីស្ទាន​ដែល​រស់​នៅ​សតវត្ស​ទី​មួយ​និង​សតវត្ស​ទី​ពីរ ស.យ. បាន​រស់​នៅ​ក្នុង​គ្រា​ដែល​ចក្រភព​រ៉ូម​ឈាន​ដល់​កំពូល​នៃ​អំណាច​របស់​វា។ ស្ថានភាព​ដ៏​សុខ​សាន្ត​ក្នុង​ចក្រភព​រ៉ូម​នេះ​នាំ​ឲ្យ​ពាណិជ្ជកម្ម​រីក​ចំរើន​យ៉ាង​សម្បើម។ តាម​រយៈ​ភាព​រីក​ចំរើន​នេះ​បាន​នាំ​ឲ្យ​ពួក​វណ្ណៈ​អភិជន​មាន​ការ​កំសាន្ត​ជា​ច្រើន និង​ពួក​អាជ្ញាធរ​បាន​ចាត់​ចែង​ធ្វើ​យ៉ាង​ណា​ឲ្យ​ប្រជាជន​មាន​ការ​កំសាន្ត​ហើយ​កំសាន្ត​ទៀត ដើម្បី​កុំ​ឲ្យ​ប្រជាជន​បះ​បោរ​ប្រឆាំង​អំណាច​របស់​ខ្លួន។ នៅ​ពេល​ខ្លះ មាន​ថ្ងៃ​ឈប់​សំរាក​ស្មើ​នឹង​ថ្ងៃ​ធ្វើ​ការ​ងារ​ដែរ។ ពួក​មេ​ដឹក​នាំ​ប្រើ​ប្រាក់​មូលនិធិ​សាធារណៈ ដើម្បី​ទិញ​នំ​ប៉័ង​ចែក​ឲ្យ​ប្រជាជន​ឲ្យ​ពួក​គេ​មាន​អាហារ​បរិភោគ​គ្រប់​គ្រាន់ និង​បង្កើត​ល្បែង​កំសាន្ត​ជា​ច្រើន​ដែរ ដើម្បី​បន្លែ​បន្លប់​ចិត្ត​គំនិត​របស់​ប្រជាជន។

៥, ៦. (ក) ហេតុ​អ្វី​ក៏​មិន​គួរ​សម​ចំពោះ​ពួក​គ្រីស្ទាន​ក្នុង​ការ​ទៅ​មើល​ល្ខោន និង​កីឡា​នៅ​រង្គ​មណ្ឌល​រ៉ូម? (ខ) តើ​សាតាំង​បាន​ប្រើ​កល​ល្បិច​អ្វី? ហើយ​តើ​ពួក​គ្រីស្ទាន​អាច​ជៀស​វាង​យ៉ាង​ដូច​ម្ដេច?

៥ តើ​ស្ថានការណ៍​នេះ​នាំ​ឲ្យ​មាន​គ្រោះ​ថ្នាក់​ដល់​ពួក​គ្រីស្ទាន​សម័យ​ដើម​ឬ​ទេ? បើ​គិត​ពី​ការ​ព្រមាន​ដែល​បាន​សរសេរ​ដោយ​អ្នក​និពន្ធ​ឈ្មោះ​ធើធូលាន ដែល​រស់​នៅ​ក្រោយ​ពី​សម័យ​របស់​ពួក​សាវ័ក គាត់​បាន​រៀប​រាប់​ថា​ការ​កំសាន្ត​ភាគ​ច្រើន​នៅ​ពេល​នោះ គឺ​មាន​ពោរ​ពេញ​ទៅ​ដោយ​គ្រោះ​ថ្នាក់​ខាងវិញ្ញាណ​និង​ខាង​សីលធម៌​ចំពោះ​ពួក​គ្រីស្ទាន​ពិត។ គ្រោះ​ថ្នាក់​មួយ​គឺ​ដោយ​សារ​ពិធី​បុណ្យ​ជាតិ និង​នាទី​កំសាន្ត​ផ្សេង​ៗ គឺ​ធ្វើ​ឡើង​ដើម្បី​លើក​ដំកើង​ព្រះ​មិន​ពិត​របស់​គេ។ (កូរិនថូស​ទី​២ ៦:១៤​-​១៨) នៅ​ឯ​រោង​ល្ខោន សូម្បី​តែ​ល្ខោន​បែប​ប្រពៃណី ក៏​ប្រកប​ទៅ​ដោយ​អំពើ​អសីលធម៌ ឬ​អំពើ​ឃោរឃៅ​ដោយ​ការ​កាប់​សម្លាប់​ផង​ដែរ។ កាល​ដែល​ពេល​វេលា​ចេះ​តែ​កន្លង​ទៅ ចំណង់​ចំណូល​ចិត្ត​របស់​សាធារណជន​ចំពោះ​ល្ខោន​បែប​ប្រពៃណី​ក៏​បាន​សាប​រលាប​ទៅ​ៗ តែ​បាន​ជំនួស​មក​វិញ​ដោយ​របាំ​បែប​អាស​អាភាស​ដែល​មាន​តែ​តួ​ម្នាក់​ជា​អ្នក​រាំ​ត្រាប់​តាម​សម្លេង​ក្រុម​អ្នក​ច្រៀង។ អ្នក​ប្រវត្ដិសាស្ត្រ​ម្នាក់​ឈ្មោះ​យេរ៉ូម ខាខុបភីណូ ក្នុង​សៀវភៅ​របស់​គាត់​ចំណង​ជើង​ថា ជីវិត​ប្រចាំ​ថ្ងៃ​នៅ​រ៉ូម​ពី​បុរាណ កត់​សរសេរ​ថា៖ «ក្នុង​រឿង​ល្ខោន​ទាំង​នេះ តួ​ស្រី​គឺ​គេ​ឲ្យ​ស្រាត​ទាំង​អស់ . . . មាន​ការ​បង្ហូរ​ឈាម​យ៉ាង​ខ្លាំង​ទៀត​ផង។ . . . [របាំ​បែប​អាស​អាភាស]បាន​នាំ​ឲ្យ​អ្នក​ទស្សនា​ប្រព្រឹត្ត​ខុស​សីលធម៌​យ៉ាង​ខ្លាំង ដោយ​ព្រោះ​រឿង​ទាំង​នេះ​បាន​មាន​ឥទ្ធិពល​យ៉ាង​ខ្លាំង​ទៅ​លើ​ប្រជាជន​នៅ​រដ្ឋធានី​ទាំង​មូល។ ប្រជាជន​ពុំ​មាន​ចិត្ត​ស្អប់​ខ្ពើម​នឹង​ការ​សម្ដែង​ល្ខោន​ដ៏​អាក្រក់​បែប​នេះ​ឡើយ ពីព្រោះ​ការ​ប្រព្រឹត្ត​ដ៏​ឃោរ​ឃៅ​ដែល​មាន​ការ​កាប់​សម្លាប់​គ្នា​ក្នុង​រង្គ​មណ្ឌល បាន​ធ្វើ​ឲ្យ​ស្ពឹក​ដល់​អារម្មណ៍​របស់​ពួក​គេ​ជា​យូរ​យារ​ណាស់​មក​ហើយ និង​បាន​បង្ខូច​ដល់​សុភា​វ​គតិ​របស់​ពួក​គេ»។—ម៉ាថាយ ៥:២៧, ២៨

៦ នៅ​ក្នុង​រង្គ​មណ្ឌល ពួក​អ្នក​ប្រយុទ្ធ​ក្នុង​នាដ​កីឡា​ច្បាំង​គ្នា​រហូត​ដល់​ស្លាប់ ឬ​ប្រយុទ្ធ​នឹង​សត្វ​សាហាវ ដោយ​សម្លាប់​សត្វ​នោះ ឬ​ក៏​សត្វ​ហែក​ស៊ី​ខ្លួន​វិញ។ ពួក​ជន​ឧក្រិដ្ឋ​ដែល​ជាប់​ទោស ហើយ​ក្រោយ​មក ក៏​មាន​ពួក​គ្រីស្ទាន​ជា​ច្រើន បាន​ត្រូវ​បោះ​ចូល​ក្នុង​រូង​សត្វ​សាហាវ​ៗ។ សូម្បី​តែ​នៅ​សម័យ​នោះ កល​ល្បិច​របស់​សាតាំង​គឺ​ដើម្បី​ធ្វើ​ឲ្យ​មនុស្ស​លែង​ស្អប់​ខ្ពើម​រឿង​អសីលធម៌​និង​អំពើ​ឃោរឃៅ រហូត​ដល់​រឿង​ទាំង​នេះ​ទៅ​ជា​រឿង​ធម្មតា ហើយ​ជា​អ្វី​ដែល​ប្រជា​ពលរដ្ឋ​ចង់​មើល​ល្ខោន​បែប​នោះ​ជា​ខ្លាំង​ទៅ​វិញ។ ផ្លូវ​តែ​មួយ​គត់​ដែល​មនុស្ស​អាច​ជៀស​ចេញ​ពី​អន្ទាក់​នោះ គឺ​មិន​ត្រូវ​ទៅ​មើល​ល្ខោន​នោះ និង​កីឡា​នៅ​រង្គ​មណ្ឌល​នោះ​តែ​ម្ដង។—កូរិនថូស​ទី​១ ១៥:៣២, ៣៣

៧, ៨. (ក) ហេតុ​អ្វី​ក៏​មិន​ប្រកប​ដោយ​ប្រាជ្ញា បើ​គ្រីស្ទាន​ម្នាក់​ទៅ​កន្លែង​ប្រណាំង​រទេះ​សេះ​នោះ? (ខ) តើ​តាម​របៀប​ណា​ដែល​សាតាំង​អាច​ប្រើ​កន្លែង​ងូត​ទឹក​នៅ​ក្រុង​រ៉ូម ដើម្បី​ដាក់​អន្ទាក់​លើ​ពួក​គ្រីស្ទាន?

៧ ការ​ប្រណាំង​រទេះ​សេះ​ក្នុង​ទី​លាន​ដ៏​ធំ​វែង ប្រាកដ​ជា​ធ្វើ​ឲ្យ​មនុស្ស​រំភើប​ចិត្ត​ណាស់ ប៉ុន្តែ​កន្លែង​នេះ​គឺ​មិន​មែន​ជា​កន្លែង​សមរម្យ​ឲ្យ​ពួក​គ្រីស្ទាន​ទៅ​មើល​ឡើយ ពីព្រោះ​បណ្ដា​ជន​តែង​ប្រព្រឹត្ត​អំពើ​ឃោរឃៅ។ អ្នក​និពន្ធ​ម្នាក់​នៅ​សតវត្ស​ទី​បី​បាន​រាយ​ការណ៍​ថា ពួក​អ្នក​ទស្សនា​ក៏​បាន​វាយ​តប់​គ្នា​នៅ​ទី​នោះ​ដែរ និង​លោក​ខាខុបភីណូ​ពោល​ថា«ហោរា​និង​ស្រី​ពេស្យា​ក៏​មាន​កន្លែង​ធ្វើ​ពាណិជ្ជកម្ម​របស់​គេ»នៅ​ក្រោម​អាគារ​នោះ​ដែរ។ យ៉ាង​ច្បាស់​ណាស់ កន្លែង​ប្រណាំង​រទេះ​សេះ​របស់​ពួក​រ៉ូម គឺ​មិន​សម​ជា​កន្លែង​ដែល​ពួក​គ្រីស្ទាន​ត្រូវ​ទៅ​នោះ​ទេ។—កូរិនថូស​ទី​១ ៦:៩, ១០

៨ ចុះ​យ៉ាង​ណា​ចំពោះ​កន្លែង​ងូត​ទឹក​ដ៏​ល្បី​របស់​រ៉ូម​នោះ? ពិត​ប្រាកដ​ហើយ ការ​ងូត​ទឹក​ឲ្យ​បាន​ស្អាត​គឺ​មិន​ខុស​ឡើយ។ ប៉ុន្តែ កន្លែង​ងូត​ទឹក​របស់​រ៉ូម​គឺ​ជា​គ្រឹះស្ថាន​ដ៏​ធំ​ដែល​មាន​បន្ទប់​ធ្វើ​សរសៃ កន្លែង​ហាត់​ប្រាណ កន្លែង​លេង​ល្បែង​ស៊ីសង និង​កន្លែង​ស៊ី​ផឹក​ទៀត​ផង។ ទោះ​ជា​តាម​ច្បាប់ គឺ​ត្រូវ​កំណត់​ពេល​វេលា​ឲ្យ​ភេទ​ទាំង​ពីរ​ប្រើ​កន្លែង​ងូត​ទឹក​នេះ​នៅ​ពេល​ខុស​គ្នា​ក៏​ដោយ តែ​មនុស្ស​ប្រុស​ស្រី​តែង​ចូល​ងូត​ទឹក​ចូល​គ្នា​តែ​ម្ដង។ លោក​ខ្លិម៉ង់ ពី​ទី​ក្រុង​អ័លេក្សានទ្រា​បាន​សរសេរ​ថា៖ «កន្លែង​ងូត​ទឹក​គឺ​បើក​ចំហ​ឲ្យ​មនុស្ស​ប្រុស​ស្រី​ចូល ហើយ​ពួក​គេ​ក៏​ស្រាត​នៅ​ទី​នោះ ទាំង​ផ្ដេក​ផ្ដួល​ទៅ​តាម​ទំនោរ​ចិត្ត​ដែល​ខុស​សីលធម៌​នោះ​ទៅ»។ ហេតុ​នេះ​ហើយ សាតាំង​អាច​ប្រើ​យ៉ាង​ស្រួល​នូវ​គ្រឹះស្ថាន​ដែល​ត្រឹម​ត្រូវ​តាម​ច្បាប់​ធ្វើ​ជា​អន្ទាក់​ចំពោះ​ពួក​គ្រីស្ទាន។ ពួក​គ្រីស្ទាន​ដែល​មាន​ប្រាជ្ញា​មិន​ទៅ​កន្លែង​បែប​នេះ​ទេ។

៩. តើ​មាន​អន្ទាក់​ណា​ខ្លះ​ដែល​ពួក​គ្រីស្ទាន​សម័យ​ដើម​ត្រូវ​តែ​ជៀស​វាង​នោះ?

៩ ពេល​ដែល​ចក្រភព​រ៉ូម​បាន​មក​ដល់​កំពូល​នៃ​អំណាច​របស់​វា នោះ​ការ​លេង​ល្បែង​ស៊ីសង​គឺ​ជា​គ្រឿង​កំសាន្ត​ដែល​ប្រជាជន​ចូល​ចិត្ត​ជា​ទី​បំផុត។ ពួក​គ្រីស្ទាន​សម័យ​ដើម​អាច​ជៀស​វាង​ពី​ការ​លេង​ល្បែង​ស៊ីសង​ឬ​ការ​ភ្នាល់​គ្នា​នៅ​កន្លែង​ប្រណាំង​រទេះ​សេះ ដោយ​មិន​ទៅ​កន្លែង​ប្រណាំង​រទេះ​សេះ​នោះ​ទេ។ ល្បែង​ស៊ីសង​តូច​តាច​ក៏​មាន​ក្នុង​បន្ទប់​លួច​លាក់​ក្នុង​ភោជនីយដ្ឋាន​ដែរ។ នៅ​ទី​នោះ មាន​ពួក​អ្នក​លេង​ល្បែង​ទាយ​លេខ​សេស​និង​លេខ​គត់​គូ​នៃ​ដុំ​ក្រួស​ក្នុង​ដៃ​របស់​អ្នក​ល្បែង​ផ្សេង​ទៀត។ ការ​លេង​ល្បែង​ធ្វើ​ឲ្យ​មនុស្ស​រំភើប​ចិត្ត ដ្បិត​ល្បែង​នេះ​ផ្ដល់​នូវ​សេចក្ដី​សង្ឃឹម​ទទួល​លុយ​កាក់​ជា​ច្រើន ដោយ​មិន​ចាំ​បាច់​ធ្វើ​ការ​នឿយ​ហត់​ឡើយ។ (អេភេសូរ ៥:៥) ជា​បន្ត​ទៅ​ទៀត ស្រី​អ្នក​បំរើ​ក្នុង​រង្គសាល​ច្រើន​គឺ​ស្រី​ពេស្យា ដែល​ជំរុញ​ឲ្យ​មាន​ឱកាស​ប្រព្រឹត្ត​អំពើ​អសីលធម៌​ថែម​ទៀត។ នេះ​ជា​អន្ទាក់​ផ្សេង​ៗ​ដែល​សាតាំង​បាន​រាយ​ដាក់​ពួក​គ្រីស្ទាន ដែល​រស់​នៅ​ក្នុង​ក្រុង​នានា​នៃ​ចក្រភព​រ៉ូម។ តើ​ព្រឹត្ដិការណ៍​នៅ​សព្វ​ថ្ងៃ​នេះ​ខុស​ពី​ពេល​នោះ​ឬ​ទេ?

អន្ទាក់​របស់​សាតាំង​នៅ​សព្វ​ថ្ងៃ​នេះ

១០. តើ​ស្ថានការណ៍​នៅ​សព្វ​ថ្ងៃ​នេះ មាន​សភាព​ដូច​ស្ថានការណ៍​ក្នុង​ចក្រភព​រ៉ូម​យ៉ាង​ដូច​ម្ដេច?

១០ ច្រើន​សតវត្ស​កន្លង​មក​នេះ ជា​ទូទៅ កល​ល្បិច​របស់​សាតាំង​មិន​បាន​ប្រែ​ប្រួល​ណាស់​ណា​ទេ។ ដោយ​ព្រោះ​មាន​មនុស្ស​ពុក​រលួយ​ជា​ច្រើន​រស់​នៅ​ក្នុង​ក្រុង​កូរិនថូស សាវ័ក​ប៉ុល​បាន​ឲ្យ​ឱវាទ​យ៉ាង​ខ្លាំង​ចំពោះ​គ្រីស្ទាន​ដែល​រស់​នៅ​ទី​នោះ ដើម្បី​កុំ​ឲ្យ«អារក្ស​សាតាំង​មាន​ឱកាស​នឹង​ឈ្នះ»ពួកគេ​បាន​ឡើយ។ គាត់​បាន​ពោល​ថា៖ «យើង​ស្គាល់​អស់​ទាំង​កិច្ច​កល​របស់[សាតាំង]ហើយ»។ (កូរិនថូស​ទី​២ ២:១១) នៅ​ក្នុង​ប្រទេស​ជឿន​លឿន​ជា​ច្រើន ក៏​មាន​ស្ថានការណ៍​ដូច​ស្ថានការណ៍​ក្នុង​ចក្រភព​រ៉ូម​ពេល​ឈាន​ដល់​កំពូល​នៃ​អំណាច​របស់​វា​ដែរ។ មនុស្ស​ជា​ច្រើន​មាន​ពេល​កំសាន្ត​ជាង​មុន​ៗ​ទៅ​ទៀត។ ពួក​ក្រី​ក្រ​មាន​សេចក្ដី​សង្ឃឹម​បន្ដិច​បន្តួច​ដែរ ដោយ​សារ​ឆ្នោត​ដែល​គាំទ្រ​ដោយ​រដ្ឋាភិបាល។ ដើម្បី​កំសាន្ត​ចិត្ត​ប្រជាជន​នោះ គឺ​មាន​ល្បែង​កំសាន្ត​ដែល​មាន​តម្លៃ​ថោក។ នៅ​ឯ​មណ្ឌល​កីឡា​គឺ​មាន​មនុស្ស​កក​កុញ​ដែល​កំពុង​តែ​លេង​ល្បែង​ស៊ីសង ជួន​កាល​ពួក​គេ​ប្រព្រឹត្ត​អំពើ​ឃោរឃៅ ហើយ​ពួក​អ្នក​លេង​កីឡា​តែង​តែ​ប្រព្រឹត្ត​អំពើ​ឃោរឃៅ។ មនុស្ស​ស្ដាប់​បទ​ភ្លេង​ដ៏​ថោក​ទាប ហើយ​នៅ​តាម​រោង​ល្ខោន តាម​រោង​ភាពយន្ត​និង​កញ្ចក់​ទូរទស្សន៍ គឺ​មាន​ការ​បញ្ចាំង​រឿង​អាស​អាភាស។ នៅ​ប្រទេស​ខ្លះ ការ​ងូត​ទឹក​ទាំង​ភេទ​ប្រុស​ទាំង​ភេទ​ស្រី​ក្នុង​បន្ទប់​ចំហុយ​ខ្លួន​និង​នៅ​កន្លែង​ទឹក​ផុស​ពី​ក្នុង​ដី​ក៏​កំពុង​មាន​ប្រជាប្រិយភាព​ដែរ។ ការ​ងូត​ទឹក​ស្រាត​នៅ​ឯ​ឆ្នេរ​សមុទ្រ​ខ្លះ​ៗ ក៏​មាន​គេ​និយម​ធ្វើ​ដែរ។ សាតាំង​ក៏​ខំ​ល្បួង​ពួក​អ្នក​បំរើ​របស់​ព្រះ​តាម​រយៈ​សកម្មភាព​កំសាន្ត​ផ្សេង​ៗ​ក្នុង​លោកីយ៍ ដូច​ជា​នៅ​ដើម​សតវត្ស​នៃ​សាសនា​គ្រីស្ទាន​នោះ​ដែរ។

១១. តើ​មាន​កន្លែង​កំសាន្ត​ណា​ខ្លះ​អាច​ជា​អន្ទាក់​នោះ?

១១ នៅ​ក្នុង​លោកីយ៍​ដែល​មាន​ការ​តាន​តឹង​ក្នុង​ចិត្ត​ទូទៅ​នោះ គឺ​ជា​ការ​ធម្មតា​ទេ​ដែល​យើង​ត្រូវ​ការ​សំរាក ឬ​ចូល​រួម​ការ​កំសាន្ត​ណា​មួយ។ ប៉ុន្តែ ដូច​ជា​កន្លែង​ងូត​ទឹក​នៅ​រ៉ូម​ពី​ដើម​មាន​ទិដ្ឋភាព ដែល​អាច​មាន​គ្រោះ​ថ្នាក់​ដល់​ពួក​គ្រីស្ទាន​សម័យ​ដើម នោះ​កន្លែង​កំសាន្ត​សំរាប់​ពេល​វិស្សមកាល​ឬ​ក៏​កន្លែង​កំសាន្ត​ខ្លះ ក៏​ជា​អន្ទាក់​របស់​សាតាំង​ដើម្បី​ទាក់​ទាញ​ពួក​គ្រីស្ទាន​សម័យ​នេះ​ឲ្យ​ប្រព្រឹត្ត​អំពើ​អសីលធម៌​ឬ​ផឹក​ស្រា​ហួស​ប្រមាណ​ដែរ។ សាវ័ក​ប៉ុល​បាន​សរសេរ​ទៅ​កាន់​ពួក​គ្រីស្ទាន​ក្នុង​ក្រុង​កូរិនថូស​ថា៖ «កុំ​ឲ្យ​ច្រឡំ​ឡើយ ពីព្រោះ​ពួក​ម៉ាក​អាក្រក់​តែង​នឹង​បង្ខូច​កិរិយា​ល្អ ចូរ​ភ្ញាក់​ដឹង​ខ្លួន​ឡើង​ខាង​ឯ​សេចក្ដី​សុចរិត​ចុះ! កុំ​ឲ្យ​ធ្វើ​បាប​ឡើយ ដ្បិត​អ្នក​រាល់​គ្នា​ខ្លះ​មិន​ស្គាល់​ព្រះ​ទេ»។—កូរិនថូស​ទី​១ ១៥:៣៣, ៣៤

១២. តើ​សាតាំង​ប្រើ​កល​ល្បិច​អ្វី ដើម្បី​ធ្វើ​ឲ្យ​ពួក​អ្នក​បំរើ​របស់​ព្រះ​យេហូវ៉ា​សព្វ​ថ្ងៃ​នេះ​ជាប់​អន្ទាក់​របស់​វា?

១២ យើង​បាន​ឃើញ​ក្នុង​ករណី​របស់​នាង​អេវ៉ា​នូវ​របៀប​ដែល​សាតាំង​បាន​ប្រើ​កល​ល្បិច ដើម្បី​បង្ខូច​ដល់​គំនិត​របស់​នាង។ (កូរិនថូស​ទី​២ ១១:៣) សព្វ​ថ្ងៃ​នេះ អន្ទាក់​មួយ​របស់​អារក្ស គឺ​ដើម្បី​នាំ​ពួក​គ្រីស្ទាន​ឲ្យ​គិត​ថា បើ​ពួក​គេ​ខំ​ប្រឹង​ធ្វើ​តាម​ផ្លូវ​ខាង​លោកីយ៍​នេះ ពួក​គេ​នឹង​បង្ហាញ​ថា​ស្មរ​បន្ទាល់​ព្រះ​យេហូវ៉ា​គឺ​ដូច​មនុស្ស​ទូទៅ ហើយ​បើ​ពួក​គេ​ធ្វើ​បែប​នេះ​ពួក​គេ​នឹង​បាន​ជោគ​ជ័យ​ក្នុង​ការ​ទាញ​នាំ​មនុស្ស​ខ្លះ​ឲ្យ​ជឿ​សេចក្ដី​ពិត​គ្រីស្ទាន​ដែរ។ ជួន​កាល​ពួក​គ្រីស្ទាន​ទៅ​ជា​មាន​លក្ខណៈ​ដូច​មនុស្ស​ក្នុង​លោកីយ៍​ដល់​ម្ល៉េះ ដែល​ពួក​គេ​បាន​ចាក​ចេញ​ពី​សេចក្ដី​ពិត​ទៅ​វិញ។ (ហាកាយ ២:១២​-​១៤) កល​ល្បិច​មួយ​ទៀត​របស់​សាតាំង​គឺ​ជំរុញ​ឲ្យ​ពួក​គ្រីស្ទាន​ដែល​បាន​ថ្វាយ​ខ្លួន​ហើយ​ពោល​គឺ ទាំង​ចាស់​ទាំង​ក្មេង​ឲ្យ​រស់​នៅ​ជា​មនុស្ស​មុខ​ពីរ​និង​ឲ្យ‹ធ្វើ​ទុក្ខ​ដល់​វិញ្ញាណ​បរិសុទ្ធ​របស់​ព្រះ›។ (អេភេសូរ ៤:៣០) គ្រីស្ទាន​ខ្លះ​ធ្លាក់​ខ្លួន​ជាប់​អន្ទាក់​នេះ​តាម​រយៈ​ការ​ប្រើ​ប្រព័ន្ធ​អ៊ិនថឺណិត​ដោយ​បំណង​អាក្រក់។

១៣. តើ​ឧបាយ​កល​របស់​អារក្ស​ដែល​ជា​អន្ទាក់​មួយ​ទៀត​ដ៏​មាន​គ្រោះ​ថ្នាក់​ជា​អ្វី? ហើយ​តើ​ដំបូន្មាន​មួយ​ណា​ក្នុង​សុភាសិត​ដែល​សម​ត្រឹម​ត្រូវ?

១៣ អន្ទាក់​មួយ​ទៀត​របស់​សាតាំង​ដែល​មាន​គ្រោះ​ថ្នាក់​គឺ​អាថ៌​កំបាំង​វិជ្ជា។ គ្មាន​គ្រីស្ទាន​ពិត​ណា​ម្នាក់​នឹង​ចូល​រួម​ពាក់​ព័ន្ធ​នឹង​ការ​ថ្វាយ​បង្គំ​សាតាំង​ក្នុង​រឿង​មន្តអាគម​ដោយ​ចេតនា​នោះ​ឡើយ។ ប៉ុន្តែ អ្នកខ្លះ​មិន​ប្រុង​ប្រយ័ត្ន​ហើយ​ឈប់​ការ​ពារ​ខ្លួន​ដោយ​មើល​ភាពយន្ត រឿង​តាម​ទូរទស្សន៍ លេង​វីដេអូ​ហ្គេម ព្រម​ទាំង​អាន​សៀវភៅ​រឿង​គំនូរ​ជីវចល​ដែល​មាន​អំពើ​ឃោរឃៅ​ឬ​រឿង​មន្តអាគម។ ដូច្នេះ អ្វី​ក៏​ដោយ​ដែល​ទាក់​ទង​នឹង​វិជ្ជា​អាថ៌​កំបាំង ត្រូវ​តែ​ជៀស​វាង​ដាច់​ខាត។ មាន​សុភាសិត​មួយ​ឃ្លា​ដែល​ប្រកប​ដោយ​ប្រាជ្ញា​បាន​ចែង​ថា៖ «នៅ​ក្នុង​ផ្លូវ​របស់​មនុស្ស​វៀច នោះ​មាន​សុទ្ធ​តែ​បន្លា ហើយ​នឹង​អន្ទាក់ អ្នក​ដែល​រក្សា​ព្រលឹង​ខ្លួន នឹង​ចៀស​ឆ្ងាយ​ពី​នោះ​ចេញ»។ (សុភាសិត ២២:៥) ដោយ​ព្រោះ​សាតាំង​ជា«ព្រះ​នៃ​លោកីយ​នេះ» នោះ​អ្វី​ដែល​មនុស្ស​ចូល​ចិត្ត ក៏​អាច​ជា​អន្ទាក់​បង្កប់​មួយ​របស់​វា​ដែរ។—កូរិនថូស​ទី​២ ៤:៤; យ៉ូហាន​ទី​១ ២:១៥, ១៦

ព្រះ​យេស៊ូ​បាន​ប្រឆាំង​នឹង​អារក្ស

១៤. តើ​ព្រះ​យេស៊ូ​បាន​ត​ទល់​នឹង​សេចក្ដី​ល្បួង​ដំបូង​របស់​អារក្ស​យ៉ាង​ដូច​ម្ដេច?

១៤ ព្រះ​យេស៊ូ​បាន​ប្រទាន​នូវ​គំរូ​ដ៏​ល្អ​ក្នុង​ការ​ប្រឆាំង​អារក្ស ដែល​បណ្ដាល​ឲ្យ​វា​រត់​ចេញ។ សាតាំង​បាន​ល្បួង​ព្រះ​យេស៊ូ ក្រោយ​ពី​ទ្រង់​បាន​ទទួល​បុណ្យ​ជ្រមុជ​ទឹក​និង​បាន​តម​អាហារ​អស់​៤០​ថ្ងៃ។ (ម៉ាថាយ ៤:១​-​១១) សេចក្ដី​ល្បួង​ដំបូង​ដែល​វា​បាន​ប្រើ​នោះ​គឺ​ការ​ស្រេក​ឃ្លាន​ដែល​ព្រះ​យេស៊ូ​មាន​ក្រោយ​ពី​ទ្រង់​បាន​តម​អាហារ។ សាតាំង​បាន​អញ្ជើញ​ព្រះ​យេស៊ូ​ឲ្យ​ធ្វើ​អព្ភូតហេតុ​ទី​មួយ ដើម្បី​បំពេញ​នូវ​តម្រូវ​ការ​ខាង​សាច់​ឈាម។ ព្រះ​យេស៊ូ​ដក​ស្រង់​ចោទិយកថា ៨:៣ ហើយ​បដិសេធ​មិន​ប្រើ​សំរាប់​ប្រយោជន៍​ខ្លួន​នូវ​អំណាច​របស់​ទ្រង់ និង​បាន​ចាត់​ទុក​អាហារ​ខាង​វិញ្ញាណ​សំខាន់​លើស​ជាង​អាហារ​ខាង​សាច់​ឈាម​ទៅ​ទៀត។

១៥. (ក) តើ​សាតាំង​បាន​ល្បួង​ព្រះ​យេស៊ូ​ដោយ​ប្រើ​ការ​ស្រេក​ឃ្លាន​អ្វី? (ខ) តើ​អារក្ស​ល្បួង​អ្នក​បំរើ​ព្រះ​សព្វ​ថ្ងៃ​នេះ ដោយ​ឧបាយ​កល​ដ៏​ចំបង​មួយ​ណា? ប៉ុន្តែ តើ​យើង​អាច​ត​ទល់​នឹង​វា​យ៉ាង​ដូច​ម្ដេច?

១៥ អ្វី​មួយ​ដែល​គួរ​ឲ្យ​ចាប់​អារម្មណ៍​ចំពោះ​សេចក្ដី​ល្បួង​នេះ គឺ​ថា​អារក្ស​មិន​ខំ​រក​វិធី​ឲ្យ​ព្រះ​យេស៊ូ​ប្រព្រឹត្ត​អំពើ​បាប​ខាង​កាម​នោះ​ទេ។ ការ​ឃ្លាន​អាហារ​យ៉ាង​ខ្លាំង ទំនង​ជា​សេចក្ដី​ប្រាថ្នា​យ៉ាង​ខ្លាំង​ដែល​វា​បាន​ប្រើ ដើម្បី​ល្បួង​ព្រះ​យេស៊ូ​ក្នុង​កាលៈទេសៈ​នេះ។ តើ​អារក្ស​ប្រើ​សេចក្ដី​ល្បួង​អ្វី​ដើម្បី​ទាក់​ទាញ​រាស្ត្រ​របស់​ព្រះ​នៅ​សព្វ​ថ្ងៃ​នេះ? គឺ​មាន​សេចក្ដី​ល្បួង​ជា​ច្រើន​ហើយ​ផ្សេង​ៗ​គ្នា តែ​វា​កំពុង​តែ​ប្រើ​សេចក្ដី​ល្បួង​ខាង​កាម ជា​ឧបាយ​កល​ដ៏​ចំបង​ដើម្បី​បំបាក់​នូវ​ចិត្ត​ស្មោះ​គ្រប់​លក្ខណ៍​របស់​រាស្ត្រ​នៃ​ព្រះ​យេហូវ៉ា។ បើ​យើង​យក​តម្រាប់​តាម​ព្រះ​យេស៊ូ យើង​ក៏​អាច​ប្រឆាំង​ត​ទល់​នឹង​អារក្ស ហើយ​អាច​ទប់​ទល់​នឹង​សេចក្ដី​ល្បួង​របស់​វា​បាន​ដែរ។ ដូច​ជា​ព្រះ​យេស៊ូ​បាន​ធ្វើ​ឲ្យ​ការ​ខំ​ប្រឹង​របស់​សាតាំង​ទៅ​ជា​បរាជ័យ ដោយ​នឹក​ចាំ​នូវ​បទ​គម្ពីរ​ដែល​ត្រូវ​កាលៈទេសៈ​នោះ ពេល​វា​ល្បួង​យើង​ឲ្យ​ប្រព្រឹត្ត​អំពើ​អសីលធម៌ យើង​ក៏​អាច​នឹក​ចាំ​ខ​បទ​គម្ពីរ​ផ្សេង​ៗ ដូច​ជា​លោកុប្បត្តិ ៣៩:៩ និង​កូរិនថូស​ទី​១ ៦:១៨។

១៦. (ក) តើ​សាតាំង​បាន​ល្បួង​ព្រះ​យេស៊ូ​នៅ​លើក​ទី​ពីរ យ៉ាង​ដូច​ម្ដេច? (ខ) តើ​សាតាំង​ខំ​ល្បួង​យើង​ឲ្យ​ល្បង​ល​ព្រះ​យេហូវ៉ា ដោយ​របៀប​ណា?

១៦ បន្ទាប់​មក អារក្ស​បាន​ល្បួង​ព្រះ​យេស៊ូ​ឲ្យ​លោត​ចុះ​ពី​ព្រះ​វិហារ ដើម្បី​ល្បង​ល​សមត្ថភាព​របស់​ព្រះ ក្នុង​ការ​ការ​ពារ​ព្រះ​យេស៊ូ​ដោយ​ប្រើ​បណ្ដា​ទេវតា។ ព្រះ​យេស៊ូ​បាន​បដិសេធ​ការ​ល្បង​ល​ព្រះ​វរបិតា ដោយ​ដក​ស្រង់​ពាក្យ​នៅ​ចោទិយកថា ៦:១៦។ សាតាំង​ប្រហែល​ជា​មិន​ល្បួង​យើង​ឲ្យ​លោត​ចុះ​ពី​ព្រះ​វិហារ​ទេ តែ​វា​ក៏​អាច​ល្បួង​យើង​ឲ្យ​ល្បង​ល​ព្រះ​យេហូវ៉ា​ដែរ។ តើ​យើង​ត្រូវ​ល្បង​ល​មើល​ថា យើង​អាច​ស្លៀក​សំលៀក​បំពាក់​បាន​ដូច​មនុស្ស​ក្នុង​លោកីយ៍ ដោយ​មិន​ទទួល​ដំបូន្មាន​អំពី​រឿង​នេះ​ឬ​ទេ? តើ​យើង​បាន​ត្រូវ​ល្បួង​ក្នុង​ការ​កំសាន្ត​ដែល​មិន​ស្រប​តាម​ខ្នាត​តម្រា​សីលធម៌​ឬ​ទេ? ពេល​នោះ យើង​ប្រហែល​ជា​ល្បង​ល​ព្រះ​យេហូវ៉ា​ហើយ។ ប្រសិន​បើ​យើង​មាន​ទំនោរ​ចិត្ត​បែប​នេះ សាតាំង​នឹង​មិន​រត់​ចេញ​ពី​យើង​ទេ វា​អាច​នៅ​ជិត​យើង​យ៉ាង​ជាប់ ដើម្បី​ល្បួង​យើង​ឲ្យ​ចូល​ដៃ​ប្រឆាំង​នឹង​ព្រះ​ជា​មួយ​នឹង​វា​ដែរ។

១៧. (ក) តើ​អារក្ស​បាន​ល្បួង​ព្រះ​យេស៊ូ​នៅ​លើក​ទី​បី យ៉ាង​ដូច​ម្ដេច? (ខ) តើ​យ៉ាកុប ៤:៧ អាច​ជា​ការ​ពិត​ចំពោះ​យើង​យ៉ាង​ណា?

១៧ បើ​ព្រះ​យេស៊ូ​ថ្វាយ​បង្គំ​សាតាំង​តែ​ម្ដង​គត់​នោះ សាតាំង​នឹង​ផ្ដល់​ឲ្យ​ព្រះ​យេស៊ូ​នូវ​ព្រះ​រាជាណាចក្រ​ទាំង​អស់​ក្នុង​លោក​នេះ ម្ដង​នេះ​ទៀត​ព្រះ​យេស៊ូ​បាន​ដក​ស្រង់​ខ​គម្ពីរ​ហើយ​មាន​បន្ទូល​ប្រឆាំង​នឹង​វា​ថា​ទ្រង់​នឹង​កាន់​ជំហរ​យ៉ាង​មាំ​មួន​ចំពោះ​ការ​ថ្វាយ​បង្គំ​ព្រះ​វរបិតា​ផ្ដាច់​មុខ។ (ចោទិយកថា ៥:៩; ៦:១៣; ១០:២០) សាតាំង​ប្រហែល​ជា​មិន​ផ្ដល់​ព្រះ​រាជាណាចក្រ​ក្នុង​លោក​នេះ​ឲ្យ​យើង​ទេ ប៉ុន្តែ​វា​ល្បួង​យើង​ឥត​ឈប់​ឈរ​ដោយ​ប្រើ​វត្ថុ​និយម ដែល​អាច​ប្រៀប​ដូច​ជា​នគរ​ដ៏​តូច​មួយ​របស់​ខ្លួន​ផ្ទាល់។ តើ​យើង​នឹង​តប​ឆ្លើយ​ដូច​ព្រះ​យេស៊ូ​ឬ​ទេ ក្នុង​ការ​ផ្ដល់​ការ​ថ្វាយ​បង្គំ​ផ្ដាច់​មុខ​ដល់​ព្រះ​យេហូវ៉ា​តែ​មួយ​ព្រះ​អង្គ​នោះ? បើ​យើង​ធ្វើ​ដូច្នេះ យើង​ក៏​នឹង​ពិសោធ​នូវ​អ្វី​ដែល​ព្រះ​យេស៊ូ​បាន​ពិសោធ​នោះ​ដែរ។ កំណត់​ហេតុ​របស់​លោក​ម៉ាថាយ​ចែង​ថា៖ «អារក្ស​ក៏​ថយ​ចេញ​ពី​ទ្រង់​ទៅ»។ (ម៉ាថាយ ៤:១១) សាតាំង​នឹង​ថយ​ចេញ​ពី​យើង​ដែរ បើ​យើង​កាន់​ជំហរ​យ៉ាង​មាំ​មួន​ប្រឆាំង​នឹង​វា ដោយ​នឹក​ចាំ​នូវ​គោល​ការណ៍​ព្រះ​គម្ពីរ​ដែល​ត្រូវ​តាម​កាលៈទេសៈ និង​ដោយ​អនុវត្ត​តាម​គោល​ការណ៍​ទាំង​នោះ។ យ៉ាកុប​បាន​សរសេរ​ថា៖ «ត​ស៊ូ​នឹង​អារក្ស​វិញ​ចុះ នោះ​វា​នឹង​រត់​ចេញ​ពី​អ្នក​រាល់​គ្នា​ទៅ»។ (យ៉ាកុប ៤:៧) គ្រីស្ទាន​ម្នាក់​បាន​សរសេរ​ទៅ​ការិយាល័យ​សាខា​របស់​ស្មរ​បន្ទាល់​ព្រះ​យេហូវ៉ា​នៅ​ប្រទេស​បារាំង ថា៖ «សាតាំង​គឺ​ប្រាកដ​ជា​ប៉ិន​ប្រសប់​ប្រើ​ឧបាយ​កល​មែន។ ទោះ​ជា​ខ្ញុំ​មាន​ចេតនា​ល្អ​យ៉ាង​ណា​ក៏​ដោយ ខ្ញុំ​នៅ​តែ​មាន​ការ​ពិបាក​នឹង​យក​ឈ្នះ​លើ​អារម្មណ៍​និង​សេចក្ដី​ប៉ង​ប្រាថ្នា​របស់​ខ្ញុំ។ ប៉ុន្តែ ដោយ​សេចក្ដី​ក្លាហាន ការ​ទប់​ចិត្ត និង​សំខាន់​ជាង​នេះ​ទៅ​ទៀត ដោយ​មាន​ជំនួយ​ពី​ព្រះ​យេហូវ៉ា ខ្ញុំ​បាន​រក្សា​ចិត្ត​ស្មោះ​គ្រប់​ល័ក្ខណ៍​របស់​ខ្ញុំ និង​កាន់​ជាប់​តាម​សេចក្ដី​ពិត»។

មាន​គ្រប់​លក្ខណៈ​ដើម្បី​ប្រឆាំង​នឹង​អារក្ស

១៨. តើ​គ្រឿង​សឹក​ខាង​វិញ្ញាណ​អ្វី​ខ្លះ ដែល​ជួយ​យើង​ឲ្យ​ប្រឆាំង​នឹង​អារក្ស​នោះ?

១៨ ព្រះ​យេហូវ៉ា​បាន​ប្រទាន​នូវ​គ្រប់​គ្រឿង​សឹក​ខាង​វិញ្ញាណ ដើម្បី​ជួយ​យើង«ឈរ​មាំ​មួន ទាស់​នឹង​ឧបាយ​កល​ទាំង​អម្បាលម៉ាន​របស់​អារក្ស»។ (អេភេសូរ ៦:១១​-​១៨) ការ​ស្រឡាញ់​សេចក្ដី​ពិត​នឹង​ធ្វើ​ឲ្យ​យើង​ក្រវាត់​សេចក្ដី​ពិត​នៅ​ចង្កេះ ឬ​ត្រៀម​ខ្លួន​ក្នុង​សកម្មភាព​គ្រីស្ទាន។ ការ​ប្ដេជ្ញា​ចិត្ត​ដើម្បី​កាន់​តាម​ខ្នាត​តម្រា​ដ៏​សុចរិត​របស់​ព្រះ​យេហូវ៉ា ដែល​ប្រៀប​ដូច​ជា​ប្រដាប់​បាំង​ដើម​ទ្រូង​នឹង​ការ​ពារ​ចិត្ត​របស់​យើង។ ប្រសិន​បើ​ពាក់​សេចក្ដី​ប្រុង​ប្រៀប​របស់​ដំណឹង​ល្អ​នៃ​សេចក្ដី​សុខ​សាន្ត ទុក​ជា​ស្បែក​ជើង យើង​នឹង​ចូល​រួម​ជា​ទៀង​ទាត់​នឹង​ការ​ផ្សព្វ​ផ្សាយ​ដំណឹង​ល្អ ហើយ​នេះ​នឹង​ពង្រឹង​យើង និង​ការ​ពារ​យើង​ខាង​វិញ្ញាណ​ដែរ។ ជំនឿ​ដ៏​មុត​មាំ​របស់​យើង​នឹង​ដូច​ជា​ខែល​ដ៏​ធំ ដែល​ការ​ពារ​យើង​ពី«អស់​ទាំង​ព្រួញ​ឆេះ​របស់​មេ​កំណាច» ពោល​គឺ​ការ​ពាធា​ដ៏​ប៉ិន​ប្រសប់ និង​សេចក្ដី​ល្បួង​របស់​អារក្ស។ សេចក្ដី​សង្ឃឹម​ដ៏​មាន​ទំនុក​ចិត្ត​លើ​សេចក្ដី​សម្រេច​ចំពោះ​សេចក្ដី​សន្យា​ទាំង​ប៉ុន្មាន​របស់​ព្រះ​យេហូវ៉ា នឹង​ដូច​ជា​មួក​ដែក ដែល​ការ​ពារសមត្ថភាព​វែក​ញែក​របស់​យើង និង​នាំ​ឲ្យ​យើង​មាន​ចិត្ត​ស្ងប់​សុខ។ (ភីលីព ៤:៧) ប្រសិន​បើ​យើង​មាន​ការ​ប៉ិន​ប្រសប់​កាត់​ស្រាយ​បន្ទូល​របស់​ព្រះ នេះ​នឹង​ដូច​ជា​ដាវ ដែល​យើង​អាច​ប្រើ​ដើម្បី​រំដោះ​មនុស្ស​ឲ្យ​រួច​ពី​ការ​ឃុំ​ឃាំង​ខាង​វិញ្ញាណ​របស់​សាតាំង។ យើង​ក៏​អាច​ប្រើ​បន្ទូល​របស់​ព្រះ​ដើម្បី​ការ​ពារ​ខ្លួន​យើង ដូច​ព្រះ​យេស៊ូ​បាន​ប្រើ​ពេល​វា​បាន​ល្បួង​ទ្រង់​នោះ​ដែរ។

១៩. ក្រៅ​ពី‹ប្រឆាំង​ត​ទល់​នឹង​អារក្ស› តើ​យើង​ត្រូវ​ធ្វើ​អ្វី​ទៀត?

១៩ ដោយ​រក្សា​ទុក​នូវ«គ្រប់​គ្រឿង​សឹក​របស់​ព្រះ» និង​ខំ​បន្ត​អធិស្ឋាន​ជា​ទៀង​ទាត់ យើង​អាច​មាន​ទំនុក​ចិត្ត​ថា ព្រះ​យេហូវ៉ា​នឹង​ការ​ពារ​យើង ពេល​សាតាំង​ពាធា​យើង​នោះ។ (យ៉ូហាន ១៧:១៥; កូរិនថូស​ទី​១ ១០:១៣) ប៉ុន្តែ យ៉ាកុប​បាន​បង្ហាញ​ថា ‹ការ​ប្រឆាំង​ត​ទល់​នឹង​អារក្ស› គឺ​មិន​គ្រប់​គ្រាន់​ទេ។ អ្វី​ដែល​សំខាន់​បំផុត យើង​ក៏​ត្រូវ‹ចុះ​ចូល​ជា​មួយ​នឹង​ព្រះ​ដែរ› ដ្បិត​ទ្រង់​យក​ព្រះ​ទ័យ​ទុក​ដាក់​នឹង​យើង។ (យ៉ាកុប ៤:៧, ៨) យើង​នឹង​ពិនិត្យ​មើល​នូវ​របៀប​ដែល​យើង​អាច​ចុះ​ចូល​ចំពោះ​ព្រះ​ក្នុង​អត្ថបទ​ជា​បន្ទាប់។

តើ​អ្នក​នឹង​ឆ្លើយ​យ៉ាង​ណា?

• តើ​ពួក​គ្រីស្ទាន​សម័យ​ដើម​ត្រូវ​តែ​ជៀស​វាង​ពី​អន្ទាក់​អ្វី​ខ្លះ​របស់​សាតាំង?

• តើ​ឧបាយ​កល​អ្វី​ដែល​សាតាំង​ប្រើ​នៅ​សព្វ​ថ្ងៃ​នេះ ដើម្បី​ធ្វើ​ឲ្យ​ពួក​អ្នក​បំរើ​របស់​ព្រះ​យេហូវ៉ា​ជាប់​អន្ទាក់​វា​នោះ?

• តើ​ព្រះ​យេស៊ូ​ប្រឆាំង​នឹង​សេចក្ដី​ល្បួង​របស់​អារក្ស ដោយ​ដូច​ម្ដេច?

• តើ​អ្វី​ជា​គ្រឿង​សឹក​ខាង​វិញ្ញាណ​ដែល​អាច​ជួយ​យើង​ឲ្យ​ប្រឆាំង​នឹង​អារក្ស​នោះ?

[រូប​ភាព​នៅ​ទំព័រ​២៥]

ព្រះ​យេស៊ូ​បាន​ប្រឆាំង​យ៉ាង​ខ្លាំង​នឹង​អារក្ស

[រូប​ភាព​នៅ​ទំព័រ​២៦]

ពួក​គ្រីស្ទាន​នៅ​សតវត្ស​ទី​មួយ មិន​ទទួល​យក​ការ​កំសាន្ត​ដែល​អាស​អាភាស និង​មាន​អំពើ​ឃោរឃៅ​ទេ

[អ្នក​ផ្ដល់​សិទ្ធិ]

The Complete Encyclopedia of Illustration/J. G. Heck

    សៀវភៅភាសាខ្មែរ (១៩៩១-២០២៥)
    ចេញពីគណនី
    ចូលគណនី
    • ខ្មែរ
    • ចែករំលែក
    • ជម្រើស
    • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
    • ល័ក្ខខ័ណ្ឌប្រើប្រាស់
    • គោលការណ៍ស្ដីអំពីព័ត៌មានផ្ទាល់ខ្លួនរបស់លោកអ្នក
    • កំណត់ឯកជនភាព
    • JW.ORG
    • ចូលគណនី
    ចែករំលែក