បណ្ណាល័យអ៊ីនធឺណិតរបស់ប៉មយាម
ប៉មយាម
បណ្ណាល័យអ៊ីនធឺណិត
ខ្មែរ
  • គម្ពីរ
  • សៀវភៅផ្សេងៗ
  • កិច្ចប្រជុំ
  • pe ជំ. ២ ទំ. ១៦-២៤
  • សត្រូវនៃជីវិតដ៏អស់កល្បជានិច្ច

សុំទោស គ្មានវីដេអូទេ

សុំទោស វីដេអូមានបញ្ហា

  • សត្រូវនៃជីវិតដ៏អស់កល្បជានិច្ច
  • អ្នកអាចរស់នៅជានិរន្តរ៍ក្នុងសួនមនោរម្យនៅលើផែនដី
  • ចំណងជើងតូច
  • អត្ថបទស្រដៀងគ្នា
  • អ្នក​ណា​ជា​អារក្ស
  • ប្រភព​បញ្ហា​ទាំង​ឡាយ​ក្នុង​ពិភពលោក
  • របៀប​ដែល​សាតាំង​ធ្វើ​ឲ្យ​មនុស្ស​លោក​វង្វេង​ចេញ
  • ចូរ«តស៊ូនឹងអារក្ស»ដូចព្រះយេស៊ូបានធ្វើចុះ!
    ទស្សនាវដ្ដីប៉មយាមប្រកាសអំពីរាជាណាចក្ររបស់ព្រះយេហូវ៉ា ២០០៨
  • ចូរប្រុងប្រយ័ត្ន សាថានចង់លេបត្របាក់អ្នក!
    ទស្សនាវដ្ដីប៉មយាមប្រកាសអំពីរាជាណាចក្ររបស់ព្រះយេហូវ៉ា ២០១៥
  • តើអារក្សជាអ្នកណា?
    តើព្រះតម្រូវអ្វីពីយើង?
  • ចូរតស៊ូនឹងសាតាំង នោះវានឹងរត់ចេញពីយើង!
    ទស្សនាវដ្ដីប៉មយាមប្រកាសអំពីរាជាណាចក្ររបស់ព្រះយេហូវ៉ា ២០០៦
មើលបន្ថែមទៀត
អ្នកអាចរស់នៅជានិរន្តរ៍ក្នុងសួនមនោរម្យនៅលើផែនដី
pe ជំ. ២ ទំ. ១៦-២៤

ជំពូក​ទី២

សត្រូវ​នៃ​ជីវិត​ដ៏​អស់កល្ប​ជានិច្ច

១ ដោយសារ​សុភមង្គល​និង​សន្ដិភាព​មិន​សូវ​ទទួល​បាន​ទេ​នោះ តើ​ត្រូវ​សួរ​សំនួរ​អ្វី​ខ្លះ?

សុភមង្គល​នៅ​លើ​ផែនដី—មនុស្ស​សឹង​តែ​គ្រប់​ៗ​គ្នា​ចង់​បាន​សេចក្ដី​នេះ​ណាស់។ ចុះ​ហេតុ​អ្វី​ក៏​មនុស្ស​ជា​ច្រើន​មិន​សប្បាយ​រីករាយ​អញ្ចឹង? តើ​មក​ពី​ហេតុ​អ្វី? ដោយសារ​មនុស្ស​សឹង​តែ​ទាំងអស់​ចង់​បាន​សន្ដិភាព ហេតុ​អ្វី​ក៏​សាសន៍​ជា​ច្រើន​បង្កើត​សង្គ្រាម ហើយ​ហេតុ​អ្វី​ក៏​មនុស្ស​លោក​ស្អប់​គ្នា​ទៅ​វិញ​ទៅ​មក​ដូច្នេះ? តើ​មាន​អានុភាព​ដឹក​នាំ​ណា​មួយ​ដែល​ជម្រុញ​ឲ្យ​គេ​ធ្វើ​នូវ​អំពើ​អាក្រក់​នេះ​ឬ? តើ​អាច​មាន​ឥទ្ធិពល​ទួទៅ​ណា​មួយ​ដែល​មើល​មិន​ឃើញ កាន់​កាប់​គ្រប់​សាសន៍​ទាំងអស់​ឬ?

២ តើ​ឧក្រិដ្ឋកម្ម​ណា​ខ្លះ​ក្នុង​ប្រវត្ដិសាស្ត្រ ដែល​ធ្វើ​ឲ្យ​មនុស្ស​ជា​ច្រើន​ឆ្ងល់​ថា ប្រហែល​ជា​មាន​បុគ្គល​អាក្រក់​ណា​ម្នាក់​ជា​ឥទ្ធិពល​មើល​មិន​ឃើញ​ដែល​កំពុង​កាន់​កាប់​មនុស្ស​លោក?

២ មនុស្ស​ជា​ច្រើន​ឆ្ងល់​អំពី​រឿង​នេះ នៅ​ពេល​ណា​ដែល​គេ​គិត​អំពី​អំពើ​ឃោរឃៅ​របស់​មនុស្ស ដូច​ជា​ការ​ប្រើ​ជាតិ​ឧស្ម័ន​ដ៏​គួរ​ឲ្យ​ខ្លាច​ក្នុង​សង្គ្រាម បណ្ដាល​ឲ្យ​មនុស្ស​ស្លាប់​ដោយ​ឈ្លក់​និង​ឆេះ​រលាក​ខ្លួន​ប្រាណ ហើយ​ព្រម​ទាំង​ការ​ប្រើ​គ្រាប់បែក​គីមី​រលាក និង​គ្រាប់បែក​បរមាណូ។ ម្យ៉ាង​ទៀត សូម​គិត​អំពី​អាវុធ​បាញ់​ចេញ​ភ្លើង ទីឃុំឃាំង​មនុស្ស ការ​សម្លាប់​មនុស្ស​ទាល់ច្រក​ជា​ច្រើន​លាន​នាក់ ដូច​ជា​នៅ​ប្រទេស​កម្ពុជា​ក្នុង​ប៉ុន្មាន​ឆ្នាំ​ថ្មី​ៗ​នេះ។ តើ​លោក​អ្នក​គិត​ថា រឿង​អាក្រក់​ទាំងអស់​នេះ កើត​ឡើង​ដោយ​ចៃដន្យ​ឬ? មនុស្ស​មាន​សមត្ថភាព​អាច​ប្រព្រឹត្ត​អំពើ​ដ៏​គួរ​ឲ្យ​ខ្លាច​មែន ប៉ុន្តែ​បើ​អ្នក​ពិចារណា​ដល់​កិច្ច​ប្រព្រឹត្ត​ដ៏​អាក្រក់​ជួជាតិ​របស់​គេ តើ​មិន​ហាក់​ដូច​ជា​មាន​ឥទ្ធិពល​ដ៏​កាច​សាហាវ​ណា​មួយ​ដែល​មើល​មិន​ឃើញ មាន​អានុភាព​ទៅ​លើ​ពួកគេ​ទេ​ឬ?

៣ តើ​ព្រះ​គម្ពីរ​បាន​ចែង​យ៉ាង​ណា​ខ្លះ អំពី​ការ​គ្រប់​គ្រង​នៃ​លោកីយ៍​នេះ?

៣ លោក​អ្នក​មិន​ចាំបាច់​ស្មាន​អំពី​រឿង​នេះ​ទេ។ ព្រះ​គម្ពីរ​បង្ហាញ​យ៉ាង​ច្បាស់​ថា បុគ្គល​មាន​បញ្ញា​ម្នាក់​ដែល​មើល​មិន​ឃើញ បាន​កាន់​កាប់​លើ​គ្រប់​មនុស្ស​និង​សាសន៍​ទាំងអស់​រហូត​មក​ដល់​សព្វ​ថ្ងៃ​នេះ។ នៅ​ក្នុង​ព្រះ​គម្ពីរ ព្រះ​យេស៊ូវ​គ្រីស្ទ​ទ្រង់​បាន​ហៅ​បុគ្គល​ដែល​មាន​អានុភាព​នេះ​ជា ​«​ចៅហ្វាយ​របស់​លោកីយ​នេះ​»។ (​យ៉ូហាន ១២:៣១; ១៤:៣០; ១៦:១១​) តើ​វា​ជា​អ្នក​ណា?

៤ តើ​អារក្ស​បាន​បង្ហាញ​អ្វី​ខ្លះ​ដល់​ព្រះ​យេស៊ូវ ហើយ​តើ​វា​សុំ​ដូរ​អ្វី​នឹង​ទ្រង់?

៤ ដើម្បី​ជា​ជំនួយ​ដល់​យើង​ក្នុង​ការ​តាមដាន​អំពី​វា​នេះ សូម​គិត​អំពី​រឿង​ដែល​បាន​កើត​ឡើង​នៅ​ដើម​ដំបូង​នៃ​កិច្ចបម្រើ​របស់​ព្រះ​យេស៊ូវ​នៅ​លើ​ផែនដី​នេះ។ ព្រះ​គម្ពីរ​បាន​ប្រាប់​យើង​ថា បន្ទាប់​ពី​ព្រះ​យេស៊ូវ​បាន​ធ្វើ​បុណ្យ​ជ្រមុជ​ទឹក​ហើយ ទ្រង់​បាន​ធ្វើ​ដំណើរ​ទៅ​ទី​រហោ​ស្ថាន ដែល​នៅ​ទីនោះ​ទ្រង់​បាន​ត្រូវ​ល្បួង​ពី​សត្តវិញ្ញាណ​ម្នាក់​ដែល​មើល​មិន​ឃើញ ហៅ​ថា​អារក្ស​សាតាំង។ ផ្នែក​នៃ​ការ​ល្បួង​នោះ​ត្រូវ​បាន​រៀប​រាប់​ដូច​តទៅ​នេះ​៖ ​«​មួយ​ទៀត អារក្ស​បាន​នាំ​ទ្រង់​ទៅ​លើ​កំពូល​ភ្នំ​យ៉ាង​ខ្ពស់ ក៏​បង្ហាញ​អស់​ទាំង​នគរ​ក្នុង​លោកីយ នឹង​សិរី​លំអ​របស់​នគរ​ទាំង​នោះ​ថ្វាយ​ទ្រង់​ទត រួច​ទូល​ថា ‹បើសិនជា​អ្នក​ក្រាប​ថ្វាយបង្គំ​ខ្ញុំ នោះ​ខ្ញុំ​នឹង​ឲ្យ​របស់​ទាំង​នេះ​ដល់​អ្នក›​»។—ម៉ាថាយ ៤:៨, ៩

៥ (​ក​) តើ​អ្វី​ដែល​បង្ហាញ​យើង​ថា រដ្ឋាភិបាល​ទាំងអស់​នៃ​ពិភពលោក​នេះ​ជា​​កម្មសិទ្ធិ​របស់​អារក្ស? (​ខ​) យោង​ទៅ​តាម​ព្រះ​គម្ពីរ អ្នក​ណា​ជា​«​ព្រះ​របស់​លោកីយ​នេះ​»​?

៥ សូម​ពិចារណា​អំពី​អ្វី​ៗ​ដែល​អារក្ស​ចង់​ប្រគល់​ឲ្យ​ព្រះ​យេស៊ូវ។ គឺ​«​អស់​ទាំង​នគរ​ក្នុង​លោកីយ​»។ តើ​រដ្ឋាភិបាល​នៃ​លោកីយ៍​នេះ ពិត​ជា​របស់​អារក្ស​មែន​ទេ? ពិត​ប្រាកដ​ហើយ បើ​មិន​អញ្ចឹង​ទេ តើ​វា​អាច​ឲ្យ​នគរ​ទាំង​នោះ​ដល់​ព្រះ​​យេស៊ូវ​បាន​យ៉ាង​ដូច​ម្ដេច? ព្រះ​​យេស៊ូវ​ទ្រង់​មិន​បាន​បដិសេធ​ថា​នគរ​ទាំង​នោះ​មិន​មែន​ជា​របស់​សាតាំង​ទេ តែ​បើ​នគរ​ទាំង​នោះ​មិន​មែន​ជា​កម្មសិទ្ធិ​របស់​សាតាំង​ទេ​នោះ ទ្រង់​ពិត​ជា​បដិសេធ​ជា​មិន​ខាន។ សាតាំង​គឺ​ពិត​ជា​អ្នក​គ្រប់​គ្រង​ដ៏​មើល​មិន​ឃើញ​របស់​មនុស្ស​គ្រប់​សាសន៍​នៃ​លោកីយ៍​នេះ! ព្រះ​គម្ពីរ​បាន​ចែង​យ៉ាង​ច្បាស់​ថា​៖ ​«​លោកីយ​ទាំងមូល​ដេក​នៅ​ក្នុង​ឱវាទ​នៃ​មេ​កំណាច​»។ (​យ៉ូហានទី១ ៥:១៩​) តាម​ការ​ពិត ព្រះ​បន្ទូល​របស់​ព្រះ​បាន​ចែង​អំពី​សាតាំង​ជា​«​ព្រះ​របស់​លោកីយ​នេះ​»។—កូរិនថូសទី២ ៤:៤

៦ (​ក​) តើ​ពត៌មាន​អំពី​ការ​គ្រប់​គ្រង​របស់​សាតាំង​ជួយ​យើង​ឲ្យ​យល់​អំពី​អ្វី? (​ខ​) តើ​សាតាំង​ចង់​ធ្វើ​អ្វី​ដល់​យើង ហើយ​ដូច្នេះ តើ​យើង​ត្រូវ​ធ្វើ​យ៉ាង​ណា?

៦ ពត៌មាន​នេះ​ជួយ​យើង​ឲ្យ​យល់​អំពី​មូលហេតុ​ដែល​ព្រះ​យេស៊ូវ​បាន​មាន​បន្ទូល​ថា​៖ ​«​នគរ​ខ្ញុំ​មិន​មែន​ត្រូវ​ខាង​លោកីយ​នេះ​ទេ​»។ (​យ៉ូហាន ១៨:៣៦​) ហើយ​ក៏​ជួយ​យើង​ឲ្យ​យល់​ដែរ អំពី​មូលហេតុ​ដែល​សាសន៍​នានា​ស្អប់​ហើយ​ចង់​បំផ្លិច​បំផ្លាញ​គ្នា​ទៅ​វិញ​ទៅ​មក ដែល​ផ្ទុយ​ពី​សេចក្ដី​ប្រាថ្នា​របស់​មនុស្ស​ធម្មតា គឺ​ចង់​រស់​នៅ​ដោយ​សន្ដិភាព​នោះ។ ពិត​មែន​ហើយ ​«​សាតាំង . . . បាន​នាំ​លោកីយ​ទាំងមូល​ឲ្យ​វង្វេង​ចេញ​»។ (​វិវរណៈ ១២:៩​) វា​ក៏​ចង់​ធ្វើ​ឲ្យ​យើង​វង្វេង​ដែរ។ វា​មិន​ចង់​ឲ្យ​យើង​ទទួល​នូវ​អំណោយ​ទាន​នៃ​ជីវិត​ដ៏​អស់កល្ប​ជានិច្ច​ពី​ព្រះ​ឡើយ។ ដូច្នេះ​យើង​ត្រូវ​តែ​​តយុទ្ធ​ជា​ដរាប ដើម្បី​កុំ​ឲ្យ​យើង​ត្រូវ​ទទួល​អានុភាព​ពី​វា ក្នុង​ការ​ប្រព្រឹត្ត​អំពើ​អាក្រក់។ (​អេភេសូរ ៦:១២​) យើង​ត្រូវ​តែ​ដឹង​អំពី​សាតាំង និង​សកម្មភាព​របស់​វា ដើម្បី​ទប់ទល់​នឹង​ការ​ប្រឹងប្រែង​របស់​វា ក្នុង​ការ​ធ្វើ​ឲ្យ​យើង​វង្វេង​នោះ។

អ្នក​ណា​ជា​អារក្ស

៧ ហេតុ​អ្វី​បាន​ជា​យើង​មិន​អាច​មើល​ឃើញ​អារក្ស?

៧ អារក្ស​សាតាំង​ជា​បុគ្គល​ដ៏​ពិត​ម្នាក់។ វា​មិន​មែន​ជា​ការ​អាក្រក់​ដែល​មាន​នៅ​ក្នុង​ខ្លួន​មនុស្ស​ទាំងអស់ ដូច​អ្នក​ខ្លះ​ប្រហែល​ជា​ជឿ​នោះ​ទេ។ ហ្នឹង​ហើយ មនុស្ស​យើង​មិន​អាច​មើល​ឃើញ​អារក្ស​ទេ ក៏​ដូច​ជា​យើង​មិន​អាច​មើល​ឃើញ​ព្រះ​ដែរ។ បុគ្គល​ទាំង​ពីរ ព្រះ​និង​អារក្ស ជា​បុគ្គល​វិញ្ញាណ​ដែល​មាន​សណ្ឋាន​នៃ​ជីវិត​ខ្ពស់​ជាង​មនុស្ស ហើយ​មើល​មិន​ឃើញ​នឹង​ភ្នែក​យើង​ឡើយ។—យ៉ូហាន ៤:២៤

៨ ហេតុ​អ្វី​បាន​ជា​មនុស្ស​ជា​ច្រើន​ជឿ​ថា ព្រះ​បាន​បង្កើត​អារក្ស?

៨ អ្នក​ខ្លះ​ប្រហែល​ជា​សួរ​ថា ‹ប៉ុន្តែ​បើ​ព្រះ​ជា​សេចក្ដី​ស្រឡាញ់ ហេតុ​អ្វី​បាន​ជា​ទ្រង់​បង្កើត​អារក្ស›? (​យ៉ូហានទី១ ៤:៨​) តាម​ការ​ពិត​នោះ ព្រះ​ទ្រង់​មិន​បាន​បង្កើត​អារក្ស​ទេ។ អ្នក​ខ្លះ​ប្រហែល​ជា​ថា តែ​‹បើ​ព្រះ​បាន​បង្កើត​បុគ្គល​គ្រប់​គ្នា ទ្រង់​ពិត​ជា​បាន​បង្កើត​អារក្ស​ដែរ។ តើ​មាន​អ្នក​ណា​ទៀត​ដែល​អាច​បង្កើត​វា​មក? តើ​អារក្ស​បាន​កើត​ពី​ណា​មក›?

៩ (​ក​) តើ​ពួក​ទេវតា​ជា​បុគ្គល​ប្រភេទ​ណា? (​ខ​) តើ​ពាក្យ​ថា​«​អារក្ស​»​និង​«​សាតាំង​»​មាន​ន័យ​យ៉ាង​ដូច​ម្ដេច?

៩ ព្រះ​គម្ពីរ​ពន្យល់​ថា ព្រះ​បាន​បង្កើត​បុគ្គល​វិញ្ញាណ​ជា​ច្រើន​អនេក​ដែល​ស្រដៀង​នឹង​ទ្រង់។ នៅ​ក្នុង​ព្រះ​គម្ពីរ ពួក​វិញ្ញាណ​ទាំង​នេះ​បាន​ត្រូវ​ហៅ​ជា ទេវតា។ ហើយ​ពួកគេ​ទាំង​នោះ​ក៏​បាន​ត្រូវ​ហៅ​ជា ​«​កូន​ព្រះ​»​ដែរ។ (​យ៉ូប ៣៨:៧; ទំនុកដំកើង ១០៤:៤, ពថ; ហេព្រើរ ១:៧, ១៣, ១៤​) ព្រះ​បាន​បង្កើត​ពួកគេ​ទាំងអស់​ឲ្យ​បាន​ល្អ​ឥតខ្ចោះ។ គ្មាន​មួយ​ណា​ក្នុង​ចំណោម​ពួកគេ​ជា​អារក្ស ឬ​ក៏​សាតាំង​មួយ​ឡើយ។ នៅ​ក្នុង​ភាសា​ដើម​ពាក្យ​ដែល​បកប្រែ​ជា ​«​អារក្ស​»​ មាន​ន័យ​ថា អ្នក​និយាយ​បង្ខូច ហើយ​ពាក្យ ​«​សាតាំង​»​ មាន​ន័យ​ថា អ្នក​ប្រឆាំង។

១០ (​ក​) តើ​អ្នក​ណា​បាន​បង្កើត​អារក្ស​សាតាំង? (​ខ​) តើ​បុគ្គល​ដ៏​ល្អ​ម្នាក់​អាច​ធ្វើ​ខ្លួន​ឯង​ឲ្យ​ទៅ​ជា​ឧក្រិដ្ឋ​ជន​បាន​យ៉ាង​ណា?

១០ ប៉ុន្តែ​មក​ដល់​ពេល​មួយ កូន​ព្រះ​មួយ​ក្នុង​ចំណោម​ទាំងអស់​បាន​ធ្វើ​ខ្លួន​វា​ឲ្យ​ទៅ​ជា​អារក្ស គឺ​ជា​អ្នក​កំភូត​ដែល​គួរ​ឲ្យ​ស្អប់ ដែល​និយាយ​អាក្រក់​អំពី​អ្នក​ដទៃ។ វា​ក៏​បាន​ធ្វើ​ខ្លួន​វា​ឲ្យ​ទៅ​ជា​សាតាំង គឺ​ជា​អ្នក​ប្រឆាំង​នឹង​ព្រះ។ វា​មិន​បាន​ត្រូវ​បង្កើត​មក​តាម​របៀប​នេះ​ទេ ប៉ុន្តែ​ក្រោយ​មក​វា​បាន​ទៅ​ជា​បុគ្គល​ប្រភេទ​នេះ។ ជា​ឧទាហរណ៍​៖ ចោរ​ម្នាក់​មិន​បាន​កើត​មក​ជា​ចោរ​ទេ។ គាត់​ប្រហែល​ជា​មក​ពី​គ្រួសារ​ដ៏​ល្អ​មួយ ដែល​មាន​ឪពុក​ម្ដាយ​ជា​អ្នក​ទៀងត្រង់ ហើយ​បងប្អូន​ប្រុស​ស្រី​ជា​អ្នក​គោរព​ច្បាប់។ ប៉ុន្តែ​ដោយ​តណ្ហា​របស់​គាត់​ផ្ទាល់​ដែល​ចង់​បាន​អ្វី​ៗ​ដែល​លុយ​អាច​ទិញ​បាន​នោះ បាន​បណ្ដាល​គាត់​ឲ្យ​ទៅ​ជា​ចោរ​ម្នាក់​ដូច្នេះ។ អញ្ចឹង តើ​តាម​របៀប​ណា​ដែល​បុត្រ​វិញ្ញាណ​ម្នាក់​នេះ បាន​ធ្វើ​ខ្លួន​វា​ឲ្យ​ទៅ​ជា​អារក្ស​សាតាំង​នោះ?

១១ (​ក​) តើ​គោល​បំណង​របស់​ព្រះ​មួយ​ណា ដែល​ទេវតា​បះបោរ​ប្រឆាំង​ម្នាក់​បាន​ដឹង? (​ខ​) តើ​តណ្ហា​អ្វី​ដែល​ទេវតា​នេះ​មាន ហើយ​នេះ​បាន​នាំ​វា​ឲ្យ​ប្រព្រឹត្ត​អ្វី?

១១ ទេវតា​ដែល​បាន​ទៅ​ជា​អារក្ស​នោះ​បាន​នៅ​ទីនោះ​ដែរ នៅ​ពេល​ដែល​ព្រះ​បាន​បង្កើត​ផែនដី ហើយ​បន្ទាប់​មក​គូស្វាមី​ភរិយា​ទី​មួយ គឺ​អ័ដាម​និង​អេវ៉ា។ (​យ៉ូប ៣៨:៤, ៧​) ដូច្នេះ​វា​ពិត​ជា​បាន​ឮ​ព្រះ​មាន​បន្ទូល​ប្រាប់​ពួកគេ​ឲ្យ​បង្កើត​កូនចៅ។ (​លោកុប្បត្តិ ១:២៧, ២៨​) វា​បាន​ដឹង​ថា ពេល​ក្រោយ​មក ផែនដី​ទាំងមូល​នឹង​ត្រូវ​ពោរពេញ​ទៅ​ដោយ​មនុស្ស​សុចរិត​ដែល​ថ្វាយបង្គំ​ព្រះ។ នេះ​ហើយ​ជា​បំណង​របស់​ព្រះ។ ក៏​ប៉ុន្តែ ទេវតា​នេះ​បាន​គិត​តែ​ពី​លំអ​និង​បញ្ញា​របស់​ខ្លួន ហើយ​ក៏​ចង់​បាន​ការ​ថ្វាយបង្គំ​ដែល​ព្រះ​ត្រូវ​ទទួល​នោះ មក​លើ​ខ្លួន​វា​វិញ។ (​អេសេគាល ២៨:១៣​-​១៥; ម៉ាថាយ ៤:១០​) ជាជាង​បំបាត់​នូវ​តណ្ហា​មិន​ត្រឹម​ត្រូវ​ពី​គំនិត​វា​ចេញ វា​បែរជា​គិត​បន្ត​ទៅ​ទៀត​ពី​រឿង​នេះ។ ការ​នេះ​បាន​នាំ​វា​ឲ្យ​ប្រព្រឹត្ត​អ្វី​មួយ ដើម្បី​ឲ្យ​ទទួល​កិត្ដិយស និង​ឋានៈ​ខ្ពង់​ខ្ពស់​ដែល​វា​បាន​ប៉ងប្រាថ្នា​នោះ។ តើ​វា​បាន​ប្រព្រឹត្ត​អ្វី?—យ៉ាកុប ១:១៤, ១៥

១២ (​ក​) តើ​ទេវតា​នេះ​បាន​និយាយ​ទៅ​នាង​អេវ៉ា​តាម​របៀប​ណា ហើយ​អ្វី​ដែល​វា​បាន​ប្រាប់​ទៅ​នាង? (​ខ​) តើ​ទេវតា​នេះ​បាន​ទៅ​ជា​អារក្ស​សាតាំង​យ៉ាង​ណា? (​គ​) តើ​អ្វី​ជា​ទស្សនៈ​ដែល​មិន​ត្រឹម​ត្រូវ ស្តី​អំពី​រូប​រាង​របស់​សាតាំង​នោះ?

១២ ទេវតា​បះបោរ​ប្រឆាំង​នេះ បាន​ប្រើ​សត្វ​ពស់​ដ៏​មិន​សំខាន់​មួយ ឲ្យ​និយាយ​ទៅ​ស្ត្រី​ទី​មួយ នាង​អេវ៉ា។ វា​ប៉ិនប្រសប់​ណាស់ ដូច​ជា​អ្នក​ជំនាញ​ម្នាក់​ដែល​អាច​ធ្វើ​យ៉ាង​ណា​ហាក់​ដូច​ជា​សត្វ ឬ​រូប​តុក្កតា​ដែល​នៅ​ជិត​នោះ​ចេះ​និយាយ​ដោយ​ខ្លួន​ឯង​អញ្ចឹង។ ប៉ុន្តែ នោះ​គឺ​ពិត​ជា​ទេវតា​បះបោរ​នេះ​ឯង ដែល​ព្រះ​គម្ពីរ​បាន​ហៅ​ថា ​«​ពស់​ពីបុរាណ​»​ ជា​អ្នក​ដែល​បាន​និយាយ​ទៅ​នាង​អេវ៉ា។ (​វិវរណៈ ១២:៩​) វា​បាន​និយាយ​ថា ព្រះ​ទ្រង់​មិន​បាន​ប្រាប់​ការ​ពិត​ដល់​នាង​ទេ ហើយ​ព្រម​ទាំង​បដិសេធ​មិន​ឲ្យ​ការ​ចេះ​ដឹង​ដែល​នាង​គួរ​តែ​មាន​ដែរ។ (​លោកុប្បត្តិ ៣:១​-​៥​) នេះ​ជា​កំភូត​ដ៏​អាក្រក់​ដែល​គួរ​ឲ្យ​ស្អប់ ហើយ​នេះ​បាន​ធ្វើ​វា​ឲ្យ​ទៅ​ជា​អារក្ស​មួយ។ តាម​បែប​ដូច​នេះ​វា​ក៏​បាន​ទៅ​ជា​អ្នក​ប្រឆាំង​នឹង​ព្រះ​ម្នាក់ ឬ​ក៏​សាតាំង​មួយ​ដែរ។ ដូច​ជា​អ្នក​អាច​ឃើញ​ហើយ ជា​ការ​មិន​ត្រឹម​ត្រូវ​ទេ​ដោយ​គិត​ថា អារក្ស​ជា​សត្តវិញ្ញាណ​ដែល​មាន​ស្នែង​និង​ចង្ហាយ ជា​អ្នក​ត្រួត​ត្រា​នៅ​កន្លែង​ក្រោម​ដី​ណា​មួយ​សំរាប់​ធ្វើ​ទារុណកម្ម​នោះ។ វា​ពិត​ជា​ទេវតា​ដ៏​សាហាវ​ដែល​មាន​ឥទ្ធិឫទ្ធិ​ខ្លាំង​ពូកែ​មែន។

ប្រភព​បញ្ហា​ទាំង​ឡាយ​ក្នុង​ពិភពលោក

១៣ (​ក​) តើ​នាង​អេវ៉ា​បាន​តប​នឹង​ពាក្យ​កំភូត​របស់​អារក្ស​យ៉ាង​ណា? (​ខ​) តើ​អារក្ស​បាន​ធ្វើ​ការ​អះអាង​ណា​ខ្លះ?

១៣ ពាក្យ​កំភូត​ដែល​អារក្ស​បាន​ប្រាប់​ទៅ​នាង​អេវ៉ា​បាន​សម្រេច​ដូច​គម្រោង​ការណ៍​វា​អញ្ចឹង។ នាង​បាន​ជឿ​វា ហើយ​ដូច្នេះ​ក៏​បាន​ឈប់​គោរព​ដល់​ព្រះ។ ហើយ​បន្ទាប់​មក​នាង​ក៏​នាំ​ប្ដី​នាង ឲ្យ​ប្រព្រឹត្ត​ល្មើស​ច្បាប់​របស់​ព្រះ​ដែរ។ (​លោកុប្បត្តិ ៣:៦​) សេចក្ដី​អះអាង​របស់​អារក្ស​គឺ​ថា មនុស្ស​លោក​អាច​ដឹក​នាំ​ជីវភាព​ខ្លួន​បាន​យ៉ាង​ប្រសើរ ដោយ​មិន​ត្រូវ​ការ​ព្រះ​ទេ។ វា​អះអាង​ទៀត​ថា​មនុស្ស​លោក​អាច​គ្រប់​គ្រង​ខ្លួន​ឯង​ដោយ​ជោគជ័យ មិន​បាច់​មាន​ជំនួយ​ពី​ព្រះ​ទេ។ អារក្ស​បាន​បញ្ជាក់​ទៀត​ថា វា​អាច​បំបែរ​កូនចៅ​ទាំងអស់​ដែល​កើត​ពី​អ័ដាម​និង​អេវ៉ា​ចេញ​ពី​ព្រះ​បាន។

១៤ ហេតុ​អ្វី​ក៏​ព្រះ​ទ្រង់​មិន​បាន​កំទេច​សាតាំង​ភ្លាម​ទៅ?

១៤ មែន​ហើយ ព្រះ​ទ្រង់​អាច​កំទេច​សាតាំង​ភ្លាម​ៗ​បាន។ ប៉ុន្តែ​ធ្វើ​ដូច្នេះ​មិន​បាន​ឆ្លើយ​នូវ​សំនួរ​ទាំង​ឡាយ​ដែល​សាតាំង​បាន​ចោទ​ទេ គឺ​សំនួរ​ដែល​អាច​ស្ថិត​នៅ​ក្នុង​គំនិត​របស់​ទេវតា​ទាំង​ឡាយ​ដែល​កំពុង​មើល​ការ​ទាំង​នោះ។ ដូច្នេះ​ហើយ ព្រះ​ទ្រង់​បាន​អនុញ្ញាត​ពេល​វេលា​ឲ្យ​សាតាំង​ដើម្បី​ខំ​ប្រឹង​រក​ភស្តុតាង​បង្ហាញ​នូវ​ការ​អះអាង​របស់​វា។ តើ​បាន​ជា​លទ្ធផល​យ៉ាង​ណា?

១៥, ១៦ (​ក​) ពេល​វេលា​បាន​កន្លង​មក តើ​ការ​អះអាង​របស់​អារក្ស​បាន​បង្ហាញ​ឲ្យ​ឃើញ​យ៉ាង​ណា? (​ខ​) តើ​ព្រឹត្ដិការណ៍​អ្វី​ដែល​នឹង​ជិត​មក​ដល់​ហើយ?

១៥ ពេល​វេលា​បាន​កន្លង​មក ហើយ​បាន​បង្ហាញ​ឲ្យ​ឃើញ​ថា ដោយ​គ្មាន​ជំនួយ​ពី​ព្រះ មនុស្ស​លោក​មិន​អាច​គ្រប់​គ្រង​ខ្លួន​ឯង​ដោយ​ជោគជ័យ​បាន​ទេ។ សេចក្ដី​ប៉ុនប៉ង​របស់​ពួកគេ បាន​បរាជ័យ​ទាំង​ស្រុង។ មនុស្ស​លោក​បាន​ត្រូវ​រង​ទុក្ខវេទនា​ក្រៃលែង នៅ​ក្រោម​រដ្ឋាភិបាល​របស់​មនុស្ស ដែល​ព្រះ​គម្ពីរ​បាន​បង្ហាញ​ថា មាន​អារក្ស​ជា​អ្នក​កាន់​កាប់​ដែល​មើល​មិន​ឃើញ​នោះ។ ម្យ៉ាង​ទៀត ការ​អនុញ្ញាត​ពេល​វេលា​របស់​ព្រះ​បាន​បង្ហាញ​យ៉ាង​ច្បាស់​ថា សាតាំង​មិន​អាច​បំបែរ​មនុស្ស​ទាំងអស់​ចេញ​ពី​ការ​ថ្វាយបង្គំ​ព្រះ​បាន​ឡើយ។ គឺ​នៅ​តែ​មាន​អ្នក​ខ្លះ​ស្មោះ​ត្រង់​ចំពោះ​ការ​គ្រប់​គ្រង​របស់​ព្រះ​ជា​រៀង​ដរាប។ ឧទាហរណ៍ អ្នក​អាច​អាន​ក្នុង​ព្រះ​គម្ពីរ អំពី​សាតាំង​បាន​ព្យាយាម​បញ្ឈប់​លោក​យ៉ូប​ពី​ការ​បម្រើ​ព្រះ ដោយ​គ្មាន​ជោគជ័យ។—យ៉ូប ១:៦​-​១២

១៦ ហេតុ​ដូច្នេះ​ហើយ សេចក្ដី​អះអាង​របស់​អារក្ស​បាន​បង្ហាញ​ឲ្យ​ឃើញ​ថា ខុស​ហើយ។ វា​ពិត​ជា​សមនឹង​ទទួល​នូវ​សេចក្ដី​ហិនវិនាស ដោយសារ​វា​បាន​ចាប់​ផ្ដើម​បះបោរ​ប្រឆាំង​យ៉ាង​អាក្រក់​ចំពោះ​ព្រះ។ ជា​ការ​រីករាយ​ណាស់ ដែល​យើង​ឥឡូវ​នេះ​បាន​មក​ដល់​សម័យ ដែល​ព្រះ​ទ្រង់​នឹង​បញ្ចប់​ការ​គ្រប់​គ្រង​របស់​សាតាំង។ ពិពណ៌នា​អំពី​ជំហាន​ទី​មួយ​ក្នុង​ការ​ធ្វើ​កិច្ចការ​នេះ ព្រះ​គម្ពីរ​បាន​ចែង​ពី​ការ​ប្រយុទ្ធ​ដ៏​សំខាន់​មួយ​នៅ​លើ​ស្ថានសួគ៌ ដែល​មនុស្ស​លោក​នៅ​ផែនដី មិន​បាន​ឃើញ​ឬ​ឮ​ឡើយ។ សូម​អញ្ជើញ​អាន​ដោយ​យក​ចិត្ត​ទុក​ដាក់​នូវ​ដំណើរ​រឿង​ក្នុង​ព្រះ​គម្ពីរ​ដូច​តទៅ​៖

១៧ (​ក​) តើ​ព្រះ​គម្ពីរ​បាន​ពណ៌នា​យ៉ាង​ណា​ពី​សង្គ្រាម​នៅ​ស្ថានសួគ៌? (​ខ​) តើ​មាន​លទ្ធផល​យ៉ាង​ណា​ចំពោះ​ពួក​នៅ​ស្ថានសួគ៌ ហើយ​ចំពោះ​ពួក​នៅ​លើ​ផែនដី?

១៧ ​«​នោះ​មាន​ចំបាំង​នៅ​លើ​មេឃ គឺ​មីកែល​[​ជា​ព្រះ​​យេស៊ូវ​គ្រីស្ទ​ដែល​ទ្រង់​មាន​ព្រះ​ជន្ម​រស់​ឡើង​វិញ​]​នឹង​ពួក​ទេវតា​របស់​លោក​ច្បាំង​នឹង​នាគ ហើយ​នាគ នឹង​ទេវតា​វា​ក៏​ច្បាំង​នឹង​លោក​ដែរ តែ​មិន​បាន​ឈ្នះ​ទេ ក៏​មិន​ឃើញ​មាន​កន្លែង​ណា​ឲ្យ​វា នៅ​លើ​មេឃ​ទៀត​ផង នោះ​នាគ​ធំ​ត្រូវ​បោះ​ទំលាក់​ទៅ គឺ​ជា​ពស់​ពីបុរាណ ដែល​ឈ្មោះ​ហៅ​ថា អារក្ស ហើយ​សាតាំង​ផង ដែល​បាន​នាំ​លោកីយ៍​ទាំងមូល​ឲ្យ​វង្វេង​ចេញ វា​ត្រូវ​បោះ​ទំលាក់​ទៅ​ផែនដី​វិញ ព្រម​ទាំង​ពួក​ទេវតា​របស់​វា​ផង។ ដោយ​ហេតុ​នោះ ឱ​ស្ថានសួគ៌ នឹង​ពួក​អ្នក​ដែល​នៅ​ស្ថាន​នោះ​អើយ ចូរ​អរ​សប្បាយ​ឡើង តែ​វេទនា​ដល់​ផែនដី នឹង​សមុទ្រ​វិញ ពីព្រោះ​អារក្ស​បាន​ចុះ​មក​ឯ​អ្នក​រាល់​គ្នា ទាំង​មាន​សេចក្ដី​ឃោរឃៅ​ជា​ខ្លាំង ដោយ​វា​ដឹង​ថា ពេល​វេលា​វា​ខ្លី​ណាស់​ហើយ​»។—វិវរណៈ ១២:៧​-​៩, ១២

១៨ (​ក​) តើ​សង្គ្រាម​នៅ​ស្ថានសួគ៌​បាន​កើត​ឡើង​នៅ​ពេល​ណា? (​ខ​) ចាប់​តាំង​ពី​ពេល​ដែល​សាតាំង​បាន​«​ត្រូវ​ទំលាក់​»​មក តើ​អ្វី​បាន​កើត​មាន​ឡើង​រហូត​ដល់​សព្វ​ថ្ងៃ​នេះ?

១៨ តើ​សង្គ្រាម​នៅ​ស្ថានសួគ៌​នេះ បាន​កើត​ឡើង​នៅ​ពេល​ណា? ភស្តុតាង​បង្ហាញ​ឲ្យ​ឃើញ​ថា ការ​ទាំង​នេះ​បាន​កើត​ឡើង​នៅ​ពេល​ដែល​សង្គ្រាម​លោក​លើក​ទី​មួយ​បាន​ផ្ទុះ​ឡើង គឺ​ចាប់​ផ្ដើម​នៅ​ឆ្នាំ​១៩១៤។ សៀវភៅ​វិវរណៈ​បាន​បង្ហាញ​ថា សាតាំង​បាន​ត្រូវ​បណ្ដេញ​ចេញ​ពី​ស្ថានសួគ៌​នៅ​ពេល​នោះ​ឯង គឺ​បាន​សេចក្ដី​ថា​យើង​កំពុង​តែ​រស់​នៅ​ក្នុង​‹ពេល​វេលា​ខ្លី​ណាស់›​របស់​វា​ចាប់​តាំង​ពី​ពេល​នោះ​មក។ ដូច្នេះ​ហើយ​នេះ​ជា​«​ជាន់​ក្រោយ​បង្អស់​»​ នៃ​លោកីយ៍​របស់​សាតាំង។ ការ​រីក​ចម្រើន​ឡើង​នៃ​ការ​ទទឹង​ច្បាប់ ការ​ភិតភ័យ សង្គ្រាម​នានា ការ​ខ្វះ​នូវ​គ្រឿង​បរិភោគ ជម្ងឺ​ផ្សេង​ៗ ហើយ​នឹង​ស្ថានភាព​ដែល​ធ្វើ​ឲ្យ​មាន​ទុក្ខ​ព្រួយ​ដទៃ​ទៀត ដែល​យើង​មាន​ការ​ពិសោធន៍​នោះ ជា​ភស្តុតាង​យ៉ាង​ជាក់​ស្តែង​ចំពោះ​ហេតុ​ការណ៍​នេះ។—ម៉ាថាយ ២៤:៣​-​១២; លូកា ២១:២៦; ធីម៉ូថេ​ទី​២ ៣:១​-​៥

១៩ (​ក​) តើ​ឥឡូវ​នេះ​សាតាំង​ខំ​ប្រឹង​យ៉ាង​ខ្លាំង​ដើម្បី​ធ្វើ​អ្វី? (​ខ​) តើ​យើង​ត្រូវ​ធ្វើ​យ៉ាង​ណា​ដែរ​ដើម្បី​ឲ្យ​សម​ជា​មនុស្ស​មាន​ប្រាជ្ញា?

១៩ ដោយ​សាតាំង​ដឹង​ថា ​«​ពេល​វេលា​វា​ខ្លី​ណាស់​»​ ជិត​ផុត​ហើយ​នោះ វា​រឹតតែ​ខំ​ខ្លាំង​ជាង​ពីមុន​ទៅ​ទៀត​ក្នុង​ការ​បញ្ឈប់​មនុស្ស​លោក​កុំ​ឲ្យ​បម្រើ​ព្រះ។ វា​ចង់​យក​មនុស្ស​ជា​ច្រើន ដែល​វា​អាច​យក​ទៅ​បាន ឲ្យ​ចូល​ទៅ​ក្នុង​សេចក្ដី​មហន្តរាយ​ជា​មួយ​នឹង​វា។ ដោយ​មាន​មូលហេតុ​ដ៏​ត្រឹម​ត្រូវ ព្រះ​គម្ពីរ​បាន​ពណ៌នា​អំពី​វា ដូច​ជា​សិង្ហ​ដែល​គ្រហឹម​ស្វែងរក​ត្របាក់​អ្នក​ណា​ម្នាក់។ (​ពេត្រុសទី១ ៥:៨, ៩​) ប្រសិន​បើ​យើង​មិន​ចង់​ឲ្យ​វា​ចាប់​យក​យើង​ទេ​នោះ យើង​ត្រូវ​តែ​រៀន​ជា​ចាំបាច់​អំពី​របៀប​ដែល​វា​វាយលុក ហើយ​អំពី​វិធី​ណា​ខ្លះ​ដែល​វា​ដឹក​នាំ​មនុស្ស​លោក​ឲ្យ​វង្វេង​ចេញ​នោះ។—កូរិនថូសទី២ ២:១១

របៀប​ដែល​សាតាំង​ធ្វើ​ឲ្យ​មនុស្ស​លោក​វង្វេង​ចេញ

២០ (​ក​) តើ​ការ​វាយលុក​របស់​សាតាំង​បាន​ជោគជ័យ​យ៉ាង​ណា​ហើយ? (​ខ​) ហេតុ​អ្វី​ក៏​យើង​អាច​ឃើញ​ថា កលល្បិច​របស់​វា​ហាក់​ដូច​ជា​គ្មាន​គ្រោះថ្នាក់​ទេ រហូត​ដល់​ទៅ​គិត​ឃើញ​ថា​នឹង​បាន​ផល​ប្រយោជន៍​ទៀត​ផង​នោះ?

២០ សូម​កុំ​គិត​ថា មធ្យោបាយ​ដែល​សាតាំង​ប្រើ​ដើម្បី​ដឹក​នាំ​មនុស្ស​ឲ្យ​ដើរ​តាម​វា​តែង​តែ​ស្រួល​មើល​ឃើញ​នោះ​ឡើយ។ វា​ជា​មេ​ជំនាញ​ក្នុង​ការ​ធ្វើ​ឲ្យ​មនុស្ស​លោក​វង្វេង​ចេញ។ មធ្យោបាយ​ដែល​វា​បាន​ប្រើ​រាប់​ពាន់​ឆ្នាំ​មក​ហើយ​នោះ ឃើញ​ថា​ប៉ិនប្រសប់​ដល់​ម្ល៉េះ​បាន​ជា​សព្វ​ថ្ងៃ​នេះ មនុស្ស​ភាគ​ច្រើន​រហូត​ដល់​ទៅ​មិន​ជឿ​ថា​មាន​វា​ទៀត។ ចំពោះ​ពួកគេ អំពើ​កំណាច​និង​អំពើ​អាក្រក់ ជា​ស្ថានភាព​ធម្មតា​ដែល​តែង​តែ​ធ្លាប់​មាន​មក ហើយ​នឹង​មាន​តទៅ​ទៀត​ជានិច្ច។ សាតាំង​ធ្វើ​ប្រតិបត្ដិ​ការ​របស់​វា​ដូច​គ្នា​នឹង​ពួក​មេ​ឧក្រិដ្ឋ​ជន​ដែរ ដែល​អាការ​ខាង​ក្រៅ​មើល​ទៅ​គួរ​ឲ្យ​គោរព ប៉ុន្តែ​នៅ​ក្រោយ​វិការដ្ឋាន គេ​ប្រព្រឹត្ត​អំពើ​អាក្រក់​ជួជាតិ​វិញ។ ព្រះ​គម្ពីរ​បាន​ពន្យល់​ថា​៖ ​«​សាតាំង​ក៏​ក្លែង​ខ្លួន​ធ្វើ​ជា​ទេវតា​នៃ​ពន្លឺ​»។ (​កូរិនថូសទី២ ១១:១៤​) ដូច្នេះ​ហើយ យើង​អាច​ឃើញ​ថា កលល្បិច​របស់​វា​ដើម្បី​ធ្វើ​ឲ្យ​មនុស្ស​វង្វេង​ចេញ មើល​ទៅ​ហាក់​ដូច​ជា​គ្មាន​គ្រោះថ្នាក់​ទេ រហូត​ដល់​ទៅ​គិត​ឃើញ​ថា​នឹង​បាន​ផល​ប្រយោជន៍​ទៀត​ផង។

២១ តើ​ផែនការ​មួយ​ណា​ដែល​សាតាំង​បាន​ប្រើ?

២១ សូម​នឹក​ឡើង​វិញ អំពី​សាតាំង​ដែល​តាំង​ខ្លួន​ជា​មិត្ត​របស់​នាង​អេវ៉ា។ បន្ទាប់​មក​វា​បាន​​បំភាន់​នាង​ឲ្យ​ប្រព្រឹត្ត​អ្វី​ដែល​នាង​បាន​គិត​ថា​ជា​ផល​ប្រយោជន៍​ល្អ​ចំពោះ​នាង។ (​លោកុប្បត្តិ ៣:៤​-​៦​) សព្វ​ថ្ងៃ​នេះ​ក៏​ដូច​គ្នា​ដែរ។ ឧទាហរណ៍ តាម​រយៈ​ពួក​មនុស្ស​ជា​អ្នក​តំណាង​របស់​វា សាតាំង​បាន​កំឡាចិត្ត​មនុស្ស​លោក​យ៉ាង​ប្រសប់ ឲ្យ​យក​ចិត្ត​ទុក​ដាក់​ដល់​រដ្ឋាភិបាល​របស់​មនុស្ស​ជាង​ការ​បម្រើ​ព្រះ​ទៅ​វិញ។ ការ​នេះ​បាន​បង្កើត​នូវ​គំនិត​ជាតិនិយម ដែល​បណ្ដាល​ឲ្យ​មាន​សង្គ្រាម​យ៉ាង​ឃោរឃៅ​ជា​លទ្ធផល។ នៅ​ពេល​ថ្មី​ៗ​នេះ សាតាំង​បាន​ដឹក​នាំ​មនុស្ស​លោក​ឲ្យ​បង្កើត​នូវ​ផែនការ​ផ្សេង​ៗ​ជា​ច្រើន​ក្នុង​ការ​ស្វែងរក​សន្ដិភាព​និង​សន្ដិសុខ។ ផែនការ​មួយ​ក្នុង​​ចំណោម​នោះ​គឺ​ជា អង្គការ​សហប្រជាជាតិ។ ប៉ុន្តែ តើ​អង្គការ​នេះ បាន​ធ្វើ​ឲ្យ​ពិភពលោក​ពោរពេញ​ទៅ​ដោយ​សន្ដិភាព​ទេ? មិន​មែន​ទេ! ផ្ទុយ​ទៅ​វិញ នេះ​បាន​សម្ដែង​ឲ្យ​ឃើញ​ថា ជា​មធ្យោបាយ​មួយ​ដើម្បី​បំបែរ​ស្មារតី​មនុស្ស​លោក ឲ្យ​ងាក​ចេញ​ពី​ការ​រៀបចំ​របស់​ព្រះ ក្នុង​ការ​ផ្ដល់​សន្ដិភាព​ដល់​មនុស្ស​លោក តាម​រយៈ​ព្រះ​រាជាណាចក្រ​របស់​ទ្រង់​ខាង​មុខ​នេះ ដែល​ស្ថិត​នៅ​ក្រោម​ព្រះ​​យេស៊ូវ​គ្រីស្ទ​ជា​«​ម្ចាស់​នៃ​មេត្រីភាព​»​នោះ។—អេសាយ ៩:៦; ម៉ាថាយ ៦:៩, ១០

២២ តើ​តម្រិះ​វិជ្ជា​អ្វី​ដែល​សាតាំង​មិន​ចង់​ឲ្យ​យើង​ទទួល​យក​នោះ?

២២ បើ​យើង​ចង់​ទទួល​ជីវិត​ដ៏​អស់កល្ប​ជានិច្ច​នោះ យើង​ត្រូវ​ការ​ជា​ចាំបាច់​នូវ​តម្រិះ​វិជ្ជា​ដ៏​ពិត​អំពី​ព្រះ អំពី​ព្រះ​រាជ​បុត្រ​ជា​ស្តេច​របស់​ទ្រង់ និង​អំពី​រាជាណាចក្រ​របស់​ទ្រង់​ដែរ។ (​យ៉ូហាន ១៧:៣​) លោក​អ្នក​អាច​ដឹង​ជា​ពិត​ប្រាកដ​ថា អារក្ស​សាតាំង​មិន​ចង់​ឲ្យ​អ្នក​ទទួល​នូវ​តម្រិះ​វិជ្ជា​នេះ​ទេ ហើយ​វា​នឹង​ខំ​ប្រឹង​ដោយ​អស់​ពី​សមត្ថភាព​ដើម្បី​បញ្ឈប់​លោក​អ្នក។ តើ​វា​នឹង​ធ្វើ​តាម​វិធី​ណា​ខ្លះ? វិធី​មួយ​នោះ គឺ​ធ្វើ​ឲ្យ​អ្នក​ទទួល​នូវ​ការ​ប្រឆាំង​ពី​អ្នក​ដទៃ ប្រហែល​ជា​សណ្ឋាន​នៃ​ការ​សើច​ចំអក។ ព្រះ​គម្ពីរ​បាន​ប្រាប់​យើង​ថា​៖ ​«​ឯ​អស់​អ្នក​ណា​ដែល​ចង់​រស់ ដោយ​គោរព​ប្រតិបត្ដិ​ដល់​ព្រះ​គ្រីស្ទ​​យេស៊ូវ នោះ​នឹង​ត្រូវ​មាន​សេចក្ដី​បៀតបៀន​ដែរ​»។—ធីម៉ូថេ​ទី​២ ៣:១២

២៣ (​ក​) តើ​របៀប​ណា​ដែល​សាតាំង​អាច​ប្រើ​រហូត​ដល់​មិត្តភក្ដិ​ឬ​ញាតិសន្ដាន​ដើម្បី​ធ្វើ​ឲ្យ​យើង​ស្រងាក​ចិត្ត​នោះ? (​ខ​) ហេតុ​អ្វី​ក៏​អ្នក​មិន​ត្រូវ​ចុះ​ចាញ់​នឹង​ការ​ប្រឆាំង​នោះ?

២៣ ប្រហែល​ជា​មិត្តភក្ដិ​ដ៏​ជិត​ស្និទ្ធ ឬ​ក៏​ញាតិសន្ដាន​នឹង​ប្រាប់​អ្នក​ថា គេ​មិន​ចូល​ចិត្ត​អ្នក​ពិចារណា​មើល​ព្រះ​គម្ពីរ​ទេ។ សូម្បី​តែ​ព្រះ​យេស៊ូវ​ទ្រង់​ផ្ទាល់​បាន​ព្រមាន​ថា​៖ ​«​ឯ​ពួក​សត្រូវ​របស់​អ្នក​ណា នោះ​គឺ​ជា​ពួក​អ្នក​នៅ​ផ្ទះ​ជា​មួយ​នឹង​ខ្លួន​នោះ​ឯង អ្នក​ណា​ដែល​ស្រឡាញ់​ឪពុក ឬ​ម្ដាយ​ជាជាង​ខ្ញុំ នោះ​មិន​គួរ​នឹង​ខ្ញុំ​ទេ ហើយ​អ្នក​ណា​ដែល​ស្រឡាញ់​កូន​ប្រុស ឬ​កូន​ស្រី​ជាជាង​ខ្ញុំ នោះ​ក៏​មិន​គួរ​នឹង​ខ្ញុំ​ដែរ​»។ (​ម៉ាថាយ ១០:៣៦, ៣៧​) ញាតិសន្ដាន​អាច​ព្យាយាម​ធ្វើ​ឲ្យ​អ្នក​ស្រងាក​ចិត្ត​ដោយ​គ្មាន​ចេតនា​អាក្រក់ ពីព្រោះ​ពួកគេ​មិន​ដឹង​នូវ​សេចក្ដី​ពិត​ដ៏​អស្ចារ្យ​នៅ​ក្នុង​ព្រះ​គម្ពីរ​ទេ។ ប៉ុន្តែ​បើ​អ្នក​បោះបង់​ចោល​នូវ​ការ​សិក្សា​បន្ទូល​របស់​ព្រះ កាលណា​មាន​ការ​ប្រឆាំង​នោះ តើ​ព្រះ​នឹង​មាន​ទស្សនៈ​យ៉ាង​ណា​ចំពោះ​អ្នក? ម្យ៉ាង​ទៀត បើសិនជា​អ្នក​លះបង់​ចោល​ការ​សិក្សា​នោះ តើ​អ្នក​អាច​ជួយ​មិត្តភក្ដិ​និង​អ្នក​ជា​ទី​ស្រឡាញ់​របស់​អ្នក ដើម្បី​ឲ្យ​គេ​យល់​ថា​តម្រិះ​វិជ្ជា​ដ៏​ពិត​នៃ​ព្រះ​គម្ពីរ​ជា​ការ​សំខាន់​រហូត​ដល់​ជីវិត​នោះ​យ៉ាង​ណា​បាន? កាលណា​អ្នក​កាន់​បាន​ខ្ជាប់ខ្ជួន​នឹង​អ្វី​ៗ​ដែល​អ្នក​រៀន​ពី​បន្ទូល​ព្រះ ប្រហែល​ក្រោយ​មក អ្នក​អាច​មាន​អានុភាព​លើ​ពួកគេ​ឲ្យ​រៀន​សេចក្ដី​ពិត​នោះ​ដែរ។

២៤ (​ក​) តើ​វិធី​ណា​ទៀត ដែល​សាតាំង​ប្រើ​ដើម្បី​បញ្ឈប់​មនុស្ស​លោក​ពី​ការ​ទទួល​នូវ​តម្រិះ​វិជ្ជា​ដែល​ផ្ដល់​ជីវិត​នេះ? (​ខ​) តើ​អ្នក​គិត​ថា ការ​សិក្សា​បន្ទូល​របស់​ព្រះ ជា​ការ​សំខាន់​យ៉ាង​ណា​ដែរ?

២៤ ម្យ៉ាង​ទៀត សាតាំង​ខ្លួន​វា​ក៏​អាច​ល្បួង​អ្នក​ឲ្យ​មាន​ចំណែក​ក្នុង​អំពើ​អសីលធម៌​ណា​មួយ​ដែរ ដែល​ជា​ទី​មិន​គាប់​ព្រះ​ហឫទ័យ​ព្រះ។ (​កូរិនថូសទី១ ៦:៩​-​១១​) ឬ​ក៏​វា​ប្រហែល​ជា​នឹង​ធ្វើ​ឲ្យ​អ្នក​គិត​ថា អ្នក​គ្មាន​ពេល​សិក្សា​ព្រះ​គម្ពីរ​ទេ។ ប៉ុន្តែ​កាលណា​លោក​អ្នក​គិត​អំពី​រឿង​នេះ​ទៅ តើ​អាច​មាន​អ្វី​ណា​ទៀត​ដែល​សំខាន់​ជាង​ការ​ទទួល​នូវ​តម្រិះ​វិជ្ជា​ប្រភេទ​នេះ​ទេ? សូម​លោក​អ្នក​កុំ​បណ្ដោយ​ឲ្យ​អ្វី​មួយ​បញ្ឈប់​អ្នក ពី​ការ​ទទួល​នូវ​តម្រិះ​វិជ្ជា​ដែល​អាច​នាំ​អ្នក​ឲ្យ​ទទួល​ជីវិត​ដ៏​អស់កល្ប​ជានិច្ច ក្នុង​សួន​មនោរម្យ​នៅ​លើ​ផែនដី​ឡើយ!

២៥ បើ​យើង​ខំ​ប្រឆាំង​នឹង​អារក្ស​ជា​រហូត​នោះ តើ​វា​នឹង​មិន​អាច​ធ្វើ​អ្វី​ដល់​យើង?

២៥ ព្រះ​គម្ពីរ​ណែនាំ​យើង​ឲ្យ​៖ ​«​ត​ស៊ូ​នឹង​អារក្ស​វិញ​ចុះ​»​ បើ​អ្នក​ធ្វើ​ដូច​នេះ ​«​នោះ​វា​នឹង​រត់​ចេញ​ពី​អ្នក​រាល់​គ្នា​ទៅ​»។ (​យ៉ាកុប ៤:៧​) តើ​នេះ​មាន​ន័យ​ថា កាលណា​អ្នក​ទប់ទល់​នឹង​ការ​វាយលុក​របស់​សាតាំង វា​នឹង​លះបង់​ចោល ហើយ​ឈប់​បង្កហេតុ​ដល់​អ្នក​ឬ? មិន​មែន​ទេ វា​នឹង​ខំ​ហើយ​ខំ​ទៀត ដើម្បី​នាំ​អ្នក​ឲ្យ​ធ្វើ​អ្វី​តាម​តែ​វា​ចង់។ ប៉ុន្តែ កាលណា​អ្នក​ខំ​ប្រឆាំង​វា​ជានិច្ច​នោះ វា​នឹង​មិន​អាច​បណ្ដាល​ឲ្យ​អ្នក​ប្រព្រឹត្ត​អំពើ​អ្វី​មួយ​ដែល​ប្រឆាំង​នឹង​ព្រះ​ឡើយ។ ដូច្នេះ​ហើយ សូម​យក​ចិត្ត​ទុក​ដាក់​ក្នុង​ការ​យក​តម្រិះ​វិជ្ជា​ដ៏​សំខាន់​បំផុត​នៃ​ព្រះ​គម្ពីរ ហើយ​អនុវត្ត​តាម​អ្វី​ៗ​ដែល​អ្នក​បាន​រៀន​ចុះ។ ដ្បិត​នេះ​ជា​ការ​សំខាន់​ដល់​ជីវិត ដើម្បី​អាច​បង្ការ​លោក​អ្នក​ពី​ការ​បំភាន់​នឹង​កលល្បិច​មួយ​ទៀត​របស់​សាតាំង​ដែល​ធ្វើ​ឲ្យ​មនុស្ស​លោក​វង្វេង​ចេញ គឺ​សាសនា​មិន​ពិត​នោះ។

[​រូបភាព​នៅ​ទំព័រ​១៦, ១៧​]

តើ​សាតាំង​អាច​ប្រគល់​ឲ្យ​ព្រះ​គ្រីស្ទ​នូវ​រដ្ឋាភិបាល​នៃ​ពិភពលោក​ទាំងអស់​នេះ​បាន​ទេ ប្រសិន​បើ​នោះ​មិន​មែន​ជា​របស់​ផង​វា?

[​រូបភាព​នៅ​ទំព័រ​១៩​]

ចោរ​នេះ​មិន​បាន​កើត​មក​ជា​ចោរ​ទេ អារក្ស​ក៏​អញ្ចឹង​ដែរ មិន​បាន​ត្រូវ​បង្កើត​មក​ជា​«​អារក្ស​»​ទេ

[​រូបភាព​នៅ​ទំព័រ​២០, ២១​]

សង្គ្រាម​នៅ​ស្ថានសួគ៌​បាន​បញ្ចប់ ដោយ​សាតាំង​និង​ព្រាយបិសាច​របស់​វា​បាន​ត្រូវ​ទម្លាក់​មក​លើ​ផែនដី។ នៅ​សព្វ​ថ្ងៃ​នេះ លោក​អ្នក​កំពុង​តែ​មាន​ការ​ពិសោធន៍​នូវ​ឥទ្ធិពល​ទាំង​នេះ

[​រូបភាព​នៅ​ទំព័រ​២៤​]

អ្នក​ខ្លះ​ប្រហែល​ជា​ប្រឆាំង​នឹង​អ្នក ដោយសារ​ការ​បន្ត​ការ​សិក្សា​ព្រះ​គម្ពីរ

    សៀវភៅភាសាខ្មែរ (១៩៩១-២០២៥)
    ចេញពីគណនី
    ចូលគណនី
    • ខ្មែរ
    • ចែករំលែក
    • ជម្រើស
    • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
    • ល័ក្ខខ័ណ្ឌប្រើប្រាស់
    • គោលការណ៍ស្ដីអំពីព័ត៌មានផ្ទាល់ខ្លួនរបស់លោកអ្នក
    • កំណត់ឯកជនភាព
    • JW.ORG
    • ចូលគណនី
    ចែករំលែក