តើលោកីយ៍នេះកំពុងឆ្ពោះទៅណា?
ទូទាំងផែនដី បញ្ហាធ្ងន់ធ្ងរនិងព្រឹត្ដិការណ៍ដ៏គួរឲ្យតក់ស្លុតបានក្លាយជារឿងធម្មតាវិញ! តើនេះមានន័យយ៉ាងណា?
សន្ដិសុខ: គ្រាប់បែកផ្ទុះនៅកណ្ដាលផ្សារ។ គ្រូនិងសិស្សត្រូវបាញ់សម្លាប់ក្នុងសាលារៀន។ ទារកត្រូវគេលួចចាប់ពេលដែលឪពុកម្ដាយមិនចាប់ភ្លឹក។ ការប្លន់គំរាមស្ត្រីនិងបុរសចាស់ទាំងកណ្ដាលថ្ងៃត្រង់។
សាសនា: ពេលដែលមានសង្គ្រាម និកាយសាសនាកាន់ជើងបក្សពួក។ បព្វជិតសាសនាជាប់ចោទពីបទរួមដៃប្រល័យពូជសាសន៍។ បព្វជិតរំលោភកូនក្មេង តែមេដឹកនាំសាសនាខំបិទបាំង។ ការលក់វិហារ បណ្ដាលមកពីមនុស្សឈប់ចូល។
បរិស្ថាន: ព្រៃឈើត្រូវកាប់បំផ្លាញអស់ ឲ្យបានតែលុយ។ មនុស្សក្រីក្រទន្ទ្រានកាប់បំផ្លាញព្រៃឈើសំរាប់ធ្វើអូសដុត។ ទឹកក្នុងដីកខ្វក់ មិនអាចប្រើប្រាស់ទៀត។ កាកសំណល់រោងចក្រនិងវិធីនេសាទទំនើប គំរាមដល់មច្ឆាជាតិ។ ខ្យល់អាកាសកខ្វក់ នាំឲ្យបរិយាកាសអាប់អួ។
អាជីវកម្ម: ទ្វីបអាហ្វ្រិចកណ្ដាល ប្រាក់ចំណូលគឺត្រឹមតែ៤៨០$ (អាមេរិក)ម្នាក់ក្នុងមួយឆ្នាំ។ នាយកលោភលន់ នាំឲ្យក្រុមហ៊ុនរលំ បុគ្គលិករាប់ពាន់នាក់ឥតការងារធ្វើ។ អ្នកវិនិយោគទុនបាត់ប្រាក់សន្សំដោយមានអ្នកបោកប្រាស់។
ទុរភិក្ស: ទូទាំងផែនដី មនុស្សប្រមាណ៨០០.០០០.០០០នាក់ចូលដេកទាំងអត់បាយជាញឹកញាប់។
សង្គ្រាម: កំឡុងសតវត្សរ៍ទី២០ មនុស្សជាង ១០០.០០០.០០០ នាក់បាត់បង់ជីវិតដោយសារសង្គ្រាម។ គំនរអាវុធនុយក្លេអ៊ែសព្វថ្ងៃ ល្មមនឹងបំផ្លាញលោកីយ៍បានច្រើនដងច្រើនសា។ មានសង្គ្រាមស៊ីវិល។ ភេរវកម្មកំពុងយាយីផែនដីទាំងមូល។
រោគរាតត្បាតនិងជំងឺឯទៀត: តាំងពីឆ្នាំ ១៩១៨ គ្រុនផ្ដាសាយធំអេស្ប៉ាញ៉ុលបានសម្លាប់មនុស្ស ២១.០០០.០០០ នាក់។ ឥឡូវជំងឺអេដស៍ជា «ការរាតត្បាតដែលបង្កអន្តរាយដ៏ធំបំផុតប្រចាំប្រវត្ដិសាស្ត្រមនុស្សជាតិ»។ ជំងឺបេះដូងនិងមហារីកបណ្ដាលឲ្យមានសេចក្ដីសោកសៅទូទាំងពិភពលោក។
តើហេតុការណ៍ទាំងនេះគ្រាន់តែកើតឡើងម្ដងម្កាលប៉ុណ្ណោះ ឬក៏មានជាញឹកញាប់ទូទាំងពិភពលោកវិញ? បើដូច្នេះ តើមានន័យសំខាន់សំរាប់យើងឬទេ?
[ប្រអប់/រូបភាពនៅទំព័រ៥]
តើព្រះចាប់អារម្មណ៍នឹងសុខទុក្ខរបស់យើងឬទេ?
កាលណាមនុស្សខ្វល់ចិត្តអំពីព្រឹត្ដិការណ៍ដ៏គួរឲ្យខ្លោចផ្សា ឬក៏កើតទុក្ខជាខ្លាំងដោយសារបាត់បង់មនុស្ស ឬរបស់ជាទីស្រឡាញ់នោះ ពួកគេភាគច្រើនឆ្ងល់ថាហេតុអ្វីបានជាព្រះមិនធ្វើអន្តរាគមន៍ដើម្បីកុំឲ្យរឿងបែបនេះកើតឡើង។
ព្រះពិតជាចាប់អារម្មណ៍មែន។ ពេលឥឡូវនេះ ព្រះបានប្រទាននូវការណែនាំដ៏គួរឲ្យទុកចិត្ត រួមទាំងការសំរាលទុក្ខដែរ។ (ម៉ាថាយ ១១:២៨-៣០; ធីម៉ូថេទី២ ៣:១៦, ១៧) ព្រះបានចាត់វិធានការរួចហើយ ដើម្បីបញ្ចប់មិនឲ្យមានអំពើឃោរឃៅ ជំងឺ និងសេចក្ដីស្លាប់ទៀត។ អ្វីៗដែលព្រះបានរៀបចំនោះ បង្ហាញថាទ្រង់យកព្រះទ័យទុកដាក់ចំពោះមនុស្សពីគ្រប់ទាំងសាសន៍ គ្រប់ទាំងជនជាតិ ហើយគ្រប់ទាំងភាសា មិនគ្រាន់តែសាសន៍មួយប៉ុណ្ណោះឡើយ។—កិច្ចការ ១០:៣៤, ៣៥
តើយើងចាប់អារម្មណ៍នឹងព្រះប៉ុណ្ណាទៅ? តើអ្នកស្គាល់ព្រះដែលជាអ្នកបង្កើតផ្ទៃមេឃនិងផែនដីឬទេ? តើទ្រង់មានព្រះនាមអ្វី? តើទ្រង់មានគោលបំណងអ្វី? ទ្រង់បានឆ្លើយសំនួរទាំងនេះតាមរយៈព្រះគម្ពីរ។ ក្នុងព្រះគម្ពីរ ព្រះមានបន្ទូលអំពីអ្វីៗដែលទ្រង់កំពុងតែធ្វើដើម្បីបញ្ចប់មិនឲ្យមានអំពើឃោរឃៅ ជំងឺនិងសេចក្ដីស្លាប់។ បើយើងចង់ទទួលប្រយោជន៍ពីការរៀបចំនេះ តើយើងត្រូវធ្វើអ្វី? យើងត្រូវរៀនអំពីព្រះនិងគោលបំណងរបស់ទ្រង់។ ធ្វើដូចម្ដេចឲ្យយើងទទួលប្រយោជន៍ពីការរៀបចំរបស់ព្រះ បើយើងពុំបានបង្ហាញថា យើងជឿទៅលើទ្រង់នោះ? (យ៉ូហាន ៣:១៦; ហេព្រើរ ១១:៦) អ្វីដ៏ចាំបាច់គឺឲ្យយើងធ្វើតាមតម្រូវការនិងបញ្ញត្តរបស់ទ្រង់។ (យ៉ូហានទី១ ៥:៣) តើអ្នកមានចំណាប់អារម្មណ៍ រហូតដល់នឹងធ្វើតាមតម្រូវការរបស់ទ្រង់ឬទេ?
ប្រសិនបើយើងចង់យល់នូវមូលហេតុដែលព្រះអនុញ្ញាតឲ្យមានស្ថានភាពអាក្រក់នៅសព្វថ្ងៃនេះ គឺយើងត្រូវយល់អំពីរឿងសំខាន់មួយ។ ក្នុងព្រះគម្ពីរមានការពន្យល់អំពីរឿងនោះ។ នៅទំព័រទី១៥ ក្នុងសៀវភៅនេះ អ្នកអាចរៀនអំពីរឿងចំណោទនោះបាន។