ជំពូកទី១៨
«ទីបញ្ចប់របស់លោកីយ៍» ជិតមកដល់ហើយ!
១ តើពួកអ្នកកាន់តាមព្រះគ្រីស្ទនៅលើផែនដីអាចដឹងយ៉ាងណាបាន នូវពេលដែលទ្រង់បានចាប់ផ្ដើមសោយរាជ្យនៅលើស្ថានសួគ៌នោះ?
ពេលដែលព្រះយេស៊ូវគ្រីស្ទបានបោះទំលាក់សាតាំងនិងទេវតារបស់វាចេញពីស្ថានសួគ៌ ហើយបានចាប់ផ្ដើមសោយរាជ្យព្រះរាជាណាចក្ររបស់ទ្រង់ នេះបានសេចក្ដីថា ទីបញ្ចប់របស់សាតាំងនិងរបបដ៏កំណាចរបស់វាជិតមកដល់ហើយ។ (វិវរណៈ ១២:៧-១២) ប៉ុន្តែ តើពួកអ្នកកាន់តាមព្រះគ្រីស្ទនៅលើផែនដីអាចដឹងថា ព្រឹត្ដិការណ៍នេះបានកើតឡើងនៅលើស្ថានសួគ៌យ៉ាងណា បើគេមើលមិនឃើញនឹងភ្នែកគេផង? តើពួកគេអាចដឹងបានយ៉ាងដូចម្ដេច ថាព្រះគ្រីស្ទមានវត្តមានក្នុងអំណាចព្រះរាជាណាចក្ររបស់ទ្រង់ដែលមើលមិនឃើញ ហើយថា«ទីបញ្ចប់របស់លោកីយ៍»ជិតមកដល់ហើយនោះ? ពួកគេអាចដឹងបាន ដោយសារការពិនិត្យមើល«ទីសំគាល់»ដែលព្រះយេស៊ូវបានប្រទានមក ថាតើបានសម្រេចហើយឬនៅ។
២ តើសំនួរអ្វី ដែលសិស្សរបស់ព្រះគ្រីស្ទបានទូលសួរទ្រង់?
២ មិនយូរប៉ុន្មានមុននឹងមរណភាពរបស់ព្រះយេស៊ូវ នៅពេលដែលទ្រង់បានគង់នៅលើភ្នំដើមអូលីវនោះ សាវករបស់ទ្រង់បួននាក់បានមកសួរទ្រង់អំពី«ទីសំគាល់»។ សំនួររបស់ពួកគេនេះ បានត្រូវមនុស្សរាប់លាននាក់អាន នៅក្នុងសេចក្ដីបកប្រែព្រះគម្ពីរឃីងជេម្សគឺ៖ «សូមប្រាប់យើងខ្ញុំ តើការទាំងនេះកាលណានឹងមកដល់ តើមានទីសំគាល់ណាពីទ្រង់យាងមក ហើយពីទីបញ្ចប់របស់លោកីយ៍»? (ម៉ាថាយ ២៤:៣) ប៉ុន្តែ តើឃ្លាទាំងនេះ ដែលថា«ទ្រង់យាងមក»និង«ទីបញ្ចប់របស់លោកីយ៍» តាមពិតទៅមានន័យយ៉ាងណា?
៣ (ក) តើឃ្លាដែលថា«ទ្រង់យាងមក» និង«ទីបញ្ចប់របស់លោកីយ៍» តាមពិតទៅមានន័យយ៉ាងណា? (ខ) អញ្ចឹង តើសំនួរដែលបានទូលសួរដោយពួកសិស្សរបស់ព្រះគ្រីស្ទ ត្រូវបកប្រែយ៉ាងណាដើម្បីឲ្យបានត្រឹមត្រូវ?
៣ ពាក្យដែលបានបកប្រែ«យាងមក»នៅទីនេះ ភាសាក្រិកថាផារូសៀ ហើយពាក្យនេះមានន័យថា«វត្តមាន»។ ដូច្នេះហើយ កាលណាឃើញ«ទីសំគាល់» នោះបានសេចក្ដីថាយើងអាចដឹងថា ព្រះគ្រីស្ទទ្រង់មានវត្តមានទោះបីមើលមិនឃើញក៏ដោយ គឺទ្រង់បានយាងមកក្នុងអំណាចព្រះរាជាណាចក្រហើយ។ ឃ្លាដែលថា«ទីបញ្ចប់របស់លោកីយ៍»ក៏ជាឃ្លាគួរឲ្យភាន់ច្រឡំណាស់។ នេះមិនមានន័យជាទីបញ្ចប់របស់ផែនដីទេ ប៉ុន្តែផ្ទុយទៅវិញ ជាទីបញ្ចប់នៃរបបលោកីយ៍របស់សាតាំង។ (កូរិនថូសទី២ ៤:៤) ដូច្នេះហើយ សំនួររបស់ពួកសាវកអានយ៉ាងត្រឹមត្រូវដូចនេះថា៖ «សូមប្រាប់យើងខ្ញុំ តើកាលណារឿងទាំងនេះនឹងកើតមានឡើង ហើយតើមានទីសំគាល់យ៉ាងណាពីវត្តមានរបស់ទ្រង់ ហើយពីទីបញ្ចប់នៃរបបសម័យនេះ»?—ម៉ាថាយ ២៤:៣ សេចក្ដីបកប្រែពិភពលោកថ្មីនៃបទគម្ពីរបរិសុទ្ធ
៤ (ក) តើអ្វីដែលផ្គុំធ្វើជា«ទីសំគាល់» ដែលព្រះយេស៊ូវបានប្រគល់នោះ? (ខ) តាមរបៀបណា ដែល«ទីសំគាល់»អាចប្រៀបទៅស្នាមម្រាមដៃមួយបាន?
៤ ព្រះយេស៊ូវទ្រង់មិនបានប្រគល់ព្រឹត្ដិការណ៍តែមួយជា«ទីសំគាល់»ទេ។ ទ្រង់បានមានបន្ទូលប្រាប់ពីព្រឹត្ដិការណ៍និងស្ថានការណ៍ជាច្រើនទៀត។ ក្រៅពីលោកម៉ាថាយ អ្នកសរសេរព្រះគម្ពីរផ្សេងៗទៀត បានចែងពីព្រឹត្ដិការណ៍ថែមទៀត ដែលជាទីសំគាល់ចំពោះ«ជាន់ក្រោយបង្អស់»។ អ្វីៗទាំងអស់ដែលបានទាយមកនេះ នឹងកើតមានឡើងក្នុងកំឡុងពេលដែលអ្នកសរសេរព្រះគម្ពីរហៅថា«ជាន់ក្រោយបង្អស់»។ (ធីម៉ូថេទី២ ៣:១-៥; ពេត្រុសទី២ ៣:៣, ៤) ព្រឹត្ដិការណ៍ទាំងនេះអាចប្រដូចទៅនឹងខ្សែបន្ទាត់ផ្សេងៗដែលផ្គុំបានជាស្នាមម្រាមដៃនៃមនុស្សម្នាក់ ស្នាមមួយមិនអាចទៅជារបស់នៃមនុស្សណាផ្សេងបានឡើយ។ «ជាន់ក្រោយបង្អស់» ពោរពេញទៅដោយទំនងនៃទីសំគាល់ ឬក៏ព្រឹត្ដិការណ៍ជាច្រើន។ ព្រឹត្ដិការណ៍ទាំងនេះបង្កើតបានជា«ស្នាមម្រាមដៃ»យ៉ាងច្បាស់មួយ ដែលមិនអាចសំរាប់សម័យណាផ្សេងទៀតបានឡើយ។
៥, ៦ កាលដែលលោកអ្នកពិនិត្យនូវភស្តុតាងទាំង១១នៃ«ទីសំគាល់» នៅក្នុងទំព័របន្តទៅនេះ តើលោកអ្នកយល់យ៉ាងណាអំពី«ទីបញ្ចប់នៃរបបសម័យនេះ»?
៥ នៅក្នុងជំពូកទី១៦នៃសៀវភៅនេះ យើងបានពិនិត្យនូវភស្តុតាងក្នុងព្រះគម្ពីរ ដែលព្រះគ្រីស្ទបានយាងត្រឡប់មកវិញ ហើយបានចាប់ផ្ដើមគ្រប់គ្រងនៅកណ្ដាលពួកខ្មាំងសត្រូវរបស់ទ្រង់ក្នុងឆ្នាំ១៩១៤។ ឥឡូវនេះ សូមពិនិត្យដោយផ្ចិតផ្ចង់ នូវលក្ខណៈពិសេសនិមួយៗនៃ«ទីសំគាល់»ចំពោះវត្តមានរបស់ព្រះគ្រីស្ទ និងភស្តុតាងច្រើនទៀតនៃ«ជាន់ក្រោយបង្អស់»ចំពោះរបបសម័យដ៏កំណាចរបស់សាតាំង។ នៅពេលដែលលោកអ្នកពិនិត្យមើលព្រឹត្ដិការណ៍ដែលបានទាយទុកមកទាំងនេះ នៅទំព័រទាំងបួនបន្ទាប់ទៅនេះ សូមអ្នកកត់សម្គាល់នូវរបៀបដែលព្រឹត្ដិការណ៍ទាំងនេះកំពុងតែបានសម្រេចចាប់តាំងពីឆ្នាំ១៩១៤មក។
«សាសន៍១នឹងលើកគ្នាទាស់នឹងសាសន៍១នគរ១ទាស់នឹងនគរ១»។—ម៉ាថាយ ២៤:៧
លោកអ្នកពិតជាបានឃើញ«ទីសំគាល់»បែបនេះហើយ ដែលបានសម្រេចឡើងតាំងពីឆ្នាំ១៩១៤មក! ក្នុងឆ្នាំនោះ សង្គ្រាមលោកលើកទី១បានចាប់ផ្ដើម។ គ្មានអ្វីនៅក្នុងប្រវត្ដិសាស្ត្រ បានកើតឡើងដូចជាសង្គ្រាមដ៏គួរឲ្យខ្លាចនេះទេ។ នេះជាសង្គ្រាមទូទៅ។ សង្គ្រាមលោកលើកទី១មានទំហំធំក្រៃលែងជាងសង្គ្រាមធំៗទាំងអស់ ដែលបានប្រយុទ្ធមកក្នុងកំឡុង២.៤០០ឆ្នាំមុនឆ្នាំ១៩១៤ទៅទៀត។ ប៉ុន្តែ គ្រាន់តែ២១ឆ្នាំបន្ទាប់ពីសង្គ្រាមនោះបានចប់ សង្គ្រាមលោកលើកទី២បានផ្ទុះឡើង។ ហើយការហិនវិនាសមានទំហំបួនដងធំជាងសង្គ្រាមលោកលើកទី១ទៅទៀត។
សង្គ្រាមដ៏គួរឲ្យខ្លាចជាច្រើនចេះតែមានគេបង្កើតជាបន្តបន្ទាប់ទៅទៀត។ តាំងពីពេលដែលសង្គ្រាមលោកលើកទី២បានចប់នៅឆ្នាំ១៩៤៥ មនុស្សច្រើនជាង២៥លាននាក់ បានត្រូវស្លាប់ក្នុងប្រមាណ១៥០សង្គ្រាម ដែលបានប្រយុទ្ធនៅជុំវិញផែនដី។ មួយថ្ងៃៗជាមធ្យម មានចំនួន១២សង្គ្រាមបានកើតឡើងនៅកន្លែងផ្សេងៗនៅក្នុងពិភពលោក។ ហើយក៏មានការគំរាមកំហែងឥតឈប់ឈរពីសង្គ្រាមលោកមួយទៀត។ គ្រាន់តែសហរដ្ឋអាមេរិកប៉ុណ្ណោះ មានអាវុធបរមាណូគ្រប់គ្រាន់ដើម្បីកំទេចបុរស ស្ត្រី ក្មេងទាំងអស់នៅលើផែនដីនេះ១២ដង!
«នឹងកើតមានអំណត់»។—ម៉ាថាយ ២៤:៧
បន្ទាប់ពីសង្គ្រាមលោកលើកទី១ ទុរភិក្សដ៏ធំក្រៃលែងក្នុងប្រវត្ដិសាស្ត្របានកើតមានឡើង។ គ្រាន់តែក្នុងប្រទេសចិនខាងជើងប៉ុណ្ណោះ មនុស្ស១៥.០០០នាក់បានត្រូវស្លាប់រៀងរាល់ថ្ងៃដោយការអត់ឃ្លាន។ ប៉ុន្តែការខ្វះខាតម្ហូបអាហារ ក្រោយពីសង្គ្រាមលោកលើកទី២ រឹតតែមានទំហំធំជាងនោះទៅទៀត។ មួយភាគបួននៃប្រជាជនពិភពលោកបានទទួលនូវការអត់ឃ្លាននៅពេលនោះ! ហើយចាប់ពីពេលនោះមក នៅតែមិនសូវមានម្ហូបអាហារចំពោះមនុស្សជាច្រើននៅលើផែនដី។
សារពត៌មានញូវយ៉ក ថែម្សបានចែងនៅក្នុងឆ្នាំ១៩៦៧ថា៖ «ក្នុងរវាង៨, ៦វិនាទីមានអ្នកណាម្នាក់នៅក្នុងប្រទេសក្រីក្រណាមួយត្រូវស្លាប់ ជាលទ្ធផលនៃជម្ងឺដែលបណ្ដាលមកពីឧនាហារូបត្ថម្ភ»។ រាប់លាននាក់ក៏នៅតែស្លាប់ដោយសារការអត់អាហារ—ប្រហែលជា៥០លាននាក់ក្នុងមួយឆ្នាំ! មកដល់ឆ្នាំ១៩៨០ ប្រហែលជាមួយភាគបួននៃប្រជាជននៅលើផែនដី(១.០០០.០០០.០០០នាក់)បានត្រូវអត់ឃ្លាន ពីព្រោះពួកគេមិនមានអ្វីគ្រប់គ្រាន់ដើម្បីបរិភោគ។ សូម្បីតែនៅកន្លែងដែលសម្បូណ៌ដោយម្ហូបអាហារក៏ដោយ ក៏នៅមានមនុស្សជាច្រើនក្រណាស់ រហូតដល់គេមិនអាចទិញរបស់ទាំងនេះបាន។
«រោគរាតត្បាតនៅកន្លែងផ្សេងៗ»—លូកា ២១:១១, ពថ
បន្ទាប់ពីសង្គ្រាមលោកលើកទី១ភ្លាមនោះ មនុស្សជាច្រើនបានត្រូវស្លាប់ដោយសារគ្រុនផ្ដាសាយអេស្ប៉ាញ៉ុល ច្រើនជាងចំនួនដែលបានស្លាប់ដោយសារជម្ងឺរាតត្បាតណាមួយនៅក្នុងប្រវត្ដិសាស្ត្ររបស់មនុស្សលោកទៅទៀត។ ចំនួនមនុស្សដែលបានស្លាប់គឺប្រមាណ២១លាននាក់! ជម្ងឺរាតត្បាតនិងជម្ងឺផ្សេងៗនៅតែបន្តរាតត្បាតយ៉ាងឃោរឃៅទៅទៀត។ មនុស្សរាប់លាននាក់ស្លាប់ដោយជម្ងឺបេះដូង និងជម្ងឺមហារីកជារៀងរាល់ឆ្នាំ។ កាមរោគគឺកំពុងតែរាលដាលយ៉ាងឆាប់រហ័ស។ ជម្ងឺដ៏គួរឲ្យខ្លាចផ្សេងៗទៀត ដូចជាជម្ងឺគ្រុនចាញ់ ជម្ងឺហ្សីតូសូមេអឺសីស (schistosomiasis) និងជម្ងឺអង្ខូសូខែអឺសីស (onchocerciasis) បានកើតពីប្រទេសមួយទៅប្រទេសមួយ ជាពិសេសក្នុងទ្វីបអាស៊ី អាហ្វ្រិក និងអាមេរិកឡាតាំង។
«នឹងកើតមាន . . . កក្រើកដីនៅកន្លែងផ្សេងៗ»។—ម៉ាថាយ ២៤:៧
តាំងពីឆ្នាំ១៩១៤រហូតមកដល់ពេលឥឡូវនេះ មានការកក្រើកដីធំៗជាច្រើនជាងពេលឯទៀតដែលបានកត់ទុកក្នុងប្រវត្ដិសាស្ត្រ។ ក្នុងរយៈពេលជាង១.០០០ឆ្នាំ គឺពីឆ្នាំ៨៥៦ស.យ.ទៅឆ្នាំ១៩១៤ មានការកក្រើកដីធំៗតែ២៤ដងទេ ដែលបានបណ្ដាលឲ្យមនុស្សប្រមាណ១.៩៧៣.០០០នាក់ស្លាប់។ ប៉ុន្តែក្នុងរយៈពេលតែ៦៣ឆ្នាំ ពីឆ្នាំ១៩១៥ដល់ឆ្នាំ១៩៧៨ មនុស្សសរុបទាំងអស់ប្រមាណ១.៦០០.០០០នាក់បានត្រូវស្លាប់ក្នុងការកក្រើកដីធំៗចំនួន៤៣ដង។
«ការទទឹងច្បាប់នឹងចំរើនជាច្រើនឡើង»។—ម៉ាថាយ ២៤:១២
សេចក្ដីរាយការណ៍ពីពិភពលោកទាំងមូល បានឲ្យឃើញថាការទទឹងច្បាប់និងឧក្រិដ្ឋកម្មមានកាន់តែច្រើនឡើង។ ឧក្រិដ្ឋកម្មខាងអំពើឃោរឃៅ ដូចជាឃាតកម្ម ការចាប់រំលោភ ការលួចប្លន់ ឥឡូវនេះបានកើនឡើងយ៉ាងសាហាវ។ គ្រាន់តែក្នុងសហរដ្ឋអាមេរិកប៉ុណ្ណោះ ជាមធ្យម រៀងរាល់មួយវិនាទីឧក្រិដ្ឋកម្មយ៉ាងធ្ងន់មួយត្រូវបានប្រព្រឹត្តឡើង។ នៅកន្លែងជាច្រើន មនុស្សមិនសូវហ៊ានដើរតាមផ្លូវទេ សូម្បីតែនៅពេលថ្ងៃក៏ដោយ។ នៅពេលយប់មនុស្សនៅសម្ងំក្នុងផ្ទះរបស់ខ្លួនដែលបានចាក់សោនិងរាំងទ្វារ ដោយខ្លាចមិនហ៊ានចេញក្រៅ។
«មនុស្សនឹងស្រយុតចិត្តដោយភ័យ»។—លូកា ២១:២៦
សព្វថ្ងៃនេះ ការភិតភ័យប្រហែលជាវេទនារម្មណ៍យ៉ាងធំបំផុតក្នុងជីវិតមនុស្ស។ មិនយូរប៉ុន្មានក្រោយពីការផ្ទុះគ្រាប់បែកបរមាណូលើកទីមួយ អ្នកវិទ្យាសាស្ត្រខាងបរមាណូម្នាក់ លោកហារ៉ូល អ៊ូរី បានមានប្រសាសន៍ថា៖ «យើងនឹងបរិភោគដោយការភិតភ័យ ទទួលទានដំណេកដោយភិតភ័យ រស់នៅដោយភិតភ័យ និងស្លាប់ដោយភិតភ័យ»។ នេះជាបញ្ហាដែលកំពុងតែកើតមានឡើង ចំពោះមនុស្សលោកភាគច្រើន។ ហើយបញ្ហានេះ គឺមិនគ្រាន់តែមកពីការគំរាមកំហែងនៃសង្គ្រាមបរមាណូនៅបច្ចុប្បន្នកាលនេះទេ។ មនុស្សលោកក៏ខ្លាចនឹង ឧក្រិដ្ឋកម្ម ការធ្វើឲ្យកខ្វក់ ជម្ងឺ អតិផរណា និងអ្វីៗផ្សេងទៀតដែលគំរាមកំហែងដល់សន្ដិសុខនិងរហូតដល់ជីវិតរបស់ពួកគេ។
«មិនស្ដាប់បង្គាប់ឪពុកម្ដាយ»។—ធីម៉ូថេទី២ ៣:២
សព្វថ្ងៃនេះ មាតាបិតាតែងតែមានការពិបាកណាស់ក្នុងការគ្រប់គ្រងកូនចៅ។ យុវជនបះបោរប្រឆាំងនឹងអំណាចទាំងអស់។ ដូច្នេះហើយ គ្រប់ប្រទេសទាំងអស់នៅលើផែនដីជួបប្រទះនឹងបញ្ហានៃឧក្រិដ្ឋកម្មរបស់យុវជន។ ជាងពាក់កណ្ដាលឧក្រិដ្ឋកម្មដ៏ធ្ងន់ទាំងអស់ក្នុងប្រទេសខ្លះ បានប្រព្រឹត្តដោយកូនក្មេងអាយុពី១០ទៅ១៧ឆ្នាំ។ ឃាតករ ការចាប់រំលោភ ការវាយតប់ ការលួចប្លន់ ការលបចូលលួច ការលួចរថយន្ត—អំពើទាំងនេះបានប្រព្រឹត្តដោយកូនក្មេង។ មិនដែលមានសម័យណាក្នុងប្រវត្ដិសាស្ត្រដូចនេះទេ ដែលការមិនស្ដាប់បង្គាប់ឪពុកម្ដាយមានទូទៅនោះ។
«ទាំងស្រឡាញ់ប្រាក់»។—ធីម៉ូថេទី២ ៣:២
ទីណាក៏ដោយដែលលោកអ្នកមើលសព្វថ្ងៃនេះ អ្នកអាចឃើញអំពើល្មោភ។ មនុស្សជាច្រើនសុខចិត្តនឹងធ្វើអ្វីទាំងអស់ដើម្បីឲ្យបានប្រាក់។ ពួកគេនឹងលួច ហើយរហូតដល់សម្លាប់ផង។ ជាការធម្មតាទេចំពោះមនុស្សល្មោភ ក្នុងការផលិតនិងលក់ផលិតផលនោះ ដែលគេដឹងថា តាមរបៀបជាច្រើនយ៉ាង នឹងធ្វើឲ្យអ្នកដទៃឈឺ ឬក៏ស្លាប់ផង។ ដោយការចេញមុខ ឬក៏តាមរយៈជីវភាពរស់នៅរបស់គេក្ដី ពួកគេនឹងនិយាយពីប្រាក់ថា៖ ‹នេះជាព្រះរបស់ខ្ញុំ›។
«ចូលចិត្តនឹងល្បែងលេង ជាជាងព្រះ»។—ធីម៉ូថេទី២ ៣:៤
សព្វថ្ងៃនេះ មនុស្សភាគច្រើនគិតតែពីការធ្វើអ្វីមួយដើម្បីបំពេញចិត្តខ្លួន ឬក៏គ្រួសារគេប៉ុណ្ណោះ មិនមែនអ្វីដែលបំពេញព្រះហឫទ័យព្រះទេ។ ជាពិសេសមនុស្សជាច្រើនស្រឡាញ់អ្វីដែលព្រះកាត់ទោស រួមទាំងការសហាយស្មន់ សេចក្ដីកំផិត ប្រមឹក ការប្រើគ្រឿងញៀន និងអ្វីផ្សេងៗទៀតដែលហៅថាការកំសាន្ត។ សូម្បីតែការកំសាន្តដែលអាចជាការត្រឹមត្រូវនោះ ក៏គេបានដាក់ខ្ពស់ជាងការខ្នះខ្នែងរៀនអំពីព្រះនឹងការបម្រើទ្រង់ដែរ។
«គេមានឫកពាជាអ្នកគោរពប្រតិបត្ដិដល់ព្រះ ប៉ុន្តែមិនព្រមទទួលស្គាល់ព្រះចេស្ដា ដែលមកដោយការគោរពប្រតិបត្ដិនោះទេ»។—ធីម៉ូថេទី២ ៣:៥
អ្នកដឹកនាំពិភពលោក ក៏ដូចមនុស្សធម្មតាដែរ តែងតែធ្វើការសម្ដែងអាការក្រៅរបស់គេជាអ្នកស៊ប់ក្នុងសាសនា។ ពួកគេប្រហែលជាចូលរួមប្រជុំក្នុងព្រះវិហារ ហើយក៏ធ្វើវិភាគទានដើម្បីជាប្រយោជន៍សំរាប់សាសនា។ ឯពួកនៅក្នុងរដ្ឋាភិបាលប្រហែលដាក់ដៃរបស់គេនៅលើព្រះគម្ពីរ នៅពេលដែលគេទទួលនូវតំណែងរបស់គេ។ ប៉ុន្តែជាញឹកញាប់ នេះគ្រាន់តែជា«មានឫកពាជាអ្នកគោរពប្រតិបត្ដិដល់ព្រះ»ប៉ុណ្ណោះ។ ដូចជាព្រះគម្ពីរបានចែងទុកជាមុន ការថ្វាយបង្គំពិតប្រាកដរបស់ព្រះមិនសូវមានឥទ្ធិពលទៅលើជីវិតរបស់មនុស្សភាគច្រើន សព្វថ្ងៃនេះទេ។ ហេតុដែលពួកគេបានធ្វើយ៉ាងនេះ មិនបានត្រូវជំរុញដោយឥទ្ធិពលដ៏ពិតប្រាកដនៃការធ្វើល្អទេ។
«បង្ខូចផែនដី»។—វិវរណៈ ១១:១៨
ខ្យល់ដែលយើងដកដង្ហើម ទឹកដែលយើងទទួលទាន និងដីដែលម្ហូបអាហាររបស់យើងបានត្រូវផលិតឡើងនោះ បានត្រូវកខ្វក់។ ភាពកខ្វក់នេះមានការធ្ងន់ធ្ងរណាស់ ដែលអ្នកវិទ្យាសាស្ត្រប៊ែរ៉ី ខូម៉ូណ័រ បានព្រមានថា៖ «ខ្ញុំជឿជាក់ថា ការធ្វើឲ្យផែនដីកខ្វក់តទៅទៀត ប្រសិនបើមិនត្រូវបញ្ឈប់ទេនោះ នៅទីបំផុតនឹងបំផ្លាញលទ្ធភាពរបស់ផែនដីដែលអាចជួយទ្រាំទ្រជីវិតរបស់មនុស្សលោកហើយ»។
៦ បន្ទាប់ពីបានពិនិត្យព្រឹត្ដិការណ៍នៅទំព័រខាងមុខទាំងនេះ ដែលជា«ទីសំគាល់»ដែលព្រះគ្រីស្ទបានប្រគល់មក និងភស្តុតាងដែលបានទាយទុកមកដោយពួកសិស្សរបស់ទ្រង់ តើមិនច្បាស់ទេឬ ដែលព្រឹត្ដិការណ៍ទាំងនេះឥឡូវកំពុងតែបានសម្រេចនោះ? ទោះបីនៅមានភស្តុតាងជាច្រើនទៀតក៏ដោយ អ្វីៗដែលបានចែងទុកនៅទីនេះ គួរតែគ្រប់គ្រាន់ក្នុងការបង្ហាញថាយើងពិតជាកំពុងតែរស់នៅក្នុងពេលដែលព្រះគម្ពីរបានទាយទុកថាជា«ជាន់ក្រោយបង្អស់»។
៧ (ក) តើអ្វីដែលធ្វើឲ្យទំនាយក្នុងព្រះគម្ពីរអំពីវត្តមានរបស់ព្រះគ្រីស្ទនិង«ជាន់ក្រោយបង្អស់»គួរឲ្យអស្ចារ្យនោះ? (ខ) ផ្ទុយពីអ្វីដែលត្រូវបានទាយទុកមកក្នុងព្រះគម្ពីរ តើពួកអ្នកដឹកនាំពិភពលោក បានមានប្រសាសន៍យ៉ាងណា មុនឆ្នាំ១៩១៤បន្ដិចនោះ?
៧ ប៉ុន្តែ មនុស្សខ្លះប្រហែលជានិយាយថា៖ ‹បញ្ហាទាំងឡាយដូចជាសង្គ្រាម ទុរភិក្ស រោគរាតត្បាត និងការកក្រើកដី បានកើតឡើងជាញឹកញាប់ក្នុងគ្រប់ប្រវត្ដិសាស្ត្រមកហើយ។ ដូច្នេះ មិនជាការពិបាកទេក្នុងការទាយទុកថានឹងកើតមានឡើងម្ដងទៀតនោះ›។ ប៉ុន្តែ សូមអញ្ជើញគិតមើល៖ ព្រះគម្ពីរមិនគ្រាន់តែបានទាយទុកនូវរបស់ទាំងនេះទេ តែព្រមទាំងបានបង្ហាញថា នឹងកើតឡើងដោយមានទំហំពាសពេញពិភពលោកទៅទៀត។ ម្យ៉ាងទៀតព្រះគម្ពីរបានចែងថា របស់ទាំងអស់នេះ នឹងកើតឡើងទៅលើតំណមនុស្សដែលរស់នៅក្នុងឆ្នាំ១៩១៤។ ប៉ុន្តែ តើពួកអ្នកដឹកនាំពិភពលោកដ៏ធំដុំបានមានប្រសាសន៍យ៉ាងណា មុនឆ្នាំ១៩១៤បន្ដិចនោះ? ពួកគេបានមានប្រសាសន៍ថា ស្ថានការណ៍ដែលនាំឲ្យមានសន្ដិភាពក្នុងពិភពលោកនេះ កាន់តែប្រសើរជាងពីមុនទៅទៀត។ យ៉ាងណាក៏ដោយ បញ្ហាដ៏វេទនាដែលព្រះគម្ពីរបានចែងទុកមក បានចាប់ផ្ដើមឡើងចំពេលនោះតែម្ដង គឺក្នុងឆ្នាំ១៩១៤ហ្នឹងហើយ! តាមការពិត ឥឡូវនេះ ពួកអ្នកដឹកនាំពិភពលោកមានប្រសាសន៍ថា ឆ្នាំ១៩១៤ជាពេលដែលមានការផ្លាស់ប្ដូរយ៉ាងសំខាន់នៅក្នុងប្រវត្ដិសាស្ត្រ។
៨ (ក) តើមនុស្សតំណណា ដែលព្រះយេស៊ូវទ្រង់បានបង្ហាញថា នឹងឃើញទីបញ្ចប់នៃរបបសម័យនេះ ? (ខ) ដូច្នេះ តើយើងអាចជឿជាក់ថា នឹងមានអ្វីកើតឡើង?
៨ ក្រោយពីបានទាញស្មារតីទៅលើព្រឹត្ដិការណ៍ជាច្រើន ដែលជាទីសំគាល់ចំពោះសម័យពីឆ្នាំ១៩១៤ទៅនោះ ព្រះយេស៊ូវបានមានបន្ទូលថា៖ «មនុស្សដំណនេះនឹងមិនទាន់កន្លងហួសបាត់ទៅ ទាល់តែគ្រប់ការទាំងនេះ[រួមទាំងទីបញ្ចប់នៃរបបសម័យនេះ]បានកើតមកដល់»។ (ម៉ាថាយ ២៤:៣៤, ១៤) តើមនុស្សតំណណា ដែលព្រះយេស៊ូវចង់មានបន្ទូលប្រាប់? ទ្រង់ចង់មានបន្ទូលប្រាប់ថា មនុស្សតំណដែលបានរស់នៅក្នុងឆ្នាំ១៩១៤។ ឥឡូវនេះ មនុស្សទាំងឡាយដែលនៅសល់ពីតំណនោះចាស់ណាស់ហើយ។ យ៉ាងណាក៏ដោយ ពួកគេខ្លះនឹងនៅរស់ រហូតដល់នឹងឃើញនូវទីបញ្ចប់នៃរបបសម័យដ៏កំណាចនេះ។ ដូច្នេះពីរឿងនេះ យើងអាចជឿជាក់ថា៖ មិនយូរប៉ុន្មានទៀតទេ អំពើសហ័សនិងមនុស្សអាក្រក់នឹងត្រូវហិនវិនាសភ្លាមទៅនៅអើម៉ាគេដូន។
[រូបភាពនៅទំព័រ១៤៩]
ព្រះយេស៊ូវបានមានបន្ទូលប្រាប់សិស្សទ្រង់ អំពីភស្តុតាងដែលមើលឃើញដើម្បីឲ្យដឹងពីវត្តមានដែលមើលមិនឃើញរបស់ទ្រង់ក្នុងអំណាចព្រះរាជាណាចក្រ
[រូបភាពនៅទំព័រ១៥៤]
1914—អើម៉ាគេដូន
មនុស្សខ្លះពីតំណមនុស្សដែលបានរស់នៅក្នុងឆ្នាំ១៩១៤ នឹងឃើញទីបញ្ចប់នៃរបបសម័យនេះ ហើយនឹងរួចរស់ជីវិតទៀត