តើលោកីយនេះនឹងគង់នៅតទៅទៀតឬ?
គ្មានមនុស្សតំណឯណាទៀតមុននេះ បានឮការនិយាយយ៉ាងច្រើនម្ល៉េះអំពីទីបញ្ចប់នៃលោកីយដូចតំណនេះឡើយ។ មនុស្សជាច្រើនខ្លាចដោយគិតថា លោកីយនេះនឹងត្រូវវិនាសទៅដោយសារហាយនភាពខាងគ្រាប់បែកបរមាណូ។ មនុស្សឯទៀតគិតថា សេចក្ដីកខ្វក់អាចបំផ្លាញលោកីយនេះ។ តែខ្លះទៀតខ្វល់ខ្វាយដោយគិតថា សេចក្ដីវឹកវរខាងសេដ្ឋកិច្ចអាចធ្វើឲ្យប្រជាករនៃមនុស្សលោកចំទាស់គ្នាឯងទៅវិញទៅមក។
តើលោកីយនេះពិតជាអាចវិនាសទៅបានទេ? បើសិនជាវិនាសទៅមែន តើការនោះនឹងមានន័យយ៉ាងណាទៅ? តើមានលោកីយដែលបានវិនាសពីមុនឬទេ?
លោកីយមួយវិនាសទៅ—លោកីយមួយទៀតបានកើតជំនួស
មែនហើយ មានលោកីយមួយដែលបានវិនាសទៅពិតមែន។ សូមពិចារណាអំពីលោកីយនៅជំនាន់លោកណូអេ ដែលបានក្លាយទៅជាអាក្រក់ក្រៃលែង។ ព្រះគម្ពីរពន្យល់ថា៖ «លោកីយត្រូវទឹកនោះជន់លិចបំផ្លាញទៅ»។ ព្រះគម្ពីរចែងថែមទៀតថា៖ «[ព្រះ]មិនបានប្រណីដល់លោកីយពីចាស់បុរាណ ក្នុងកាលដែលទ្រង់បានធ្វើឲ្យទឹកជន់លិចពួកមនុស្សទមិលល្មើស។ តែបានជួយសង្គ្រោះលោកណូអេ ទាំងអស់គ្នាមាន៨នាក់ ដែលលោកជាអ្នកប្រកាសប្រាប់ពីសេចក្ដីសុចរិត»។—ពេត្រុសទី២ ២:៥; ៣:៦
សូមកត់សំគាល់ តើទីបញ្ចប់នៃលោកីយនោះបានមានន័យយ៉ាងណា ហើយមិនបានមានន័យយ៉ាងណាដែរ។ គឺមិនបានមានន័យថាជាទីបញ្ចប់នៃមនុស្សលោកនោះទេ។ លោកណូអេហើយក្រុមគ្រួសាររបស់លោក បានគង់ផុតពីទឹកជំនន់ដែលពេញពិភពលោកនោះ។ ផែនដីនេះព្រមទាំងផ្ទៃមេឃដែលពោរពេញទៅដោយផ្កាយយ៉ាងសោភ័ណជាច្រើនបានគង់វង់ដែរ។ គឺជារបបសម័យដ៏កាចសាហាវ ជា«ពួកមនុស្សទមិលល្មើស» ទេដែលត្រូវបានវិនាសទៅនោះ។
តាមយថាហេតុ កាលដែលកូនចៅរបស់លោកណូអេបានចំរើនជាច្រើនឡើង មានលោកីយមួយទៀតដែលបានលូតលាស់ឡើង។ លោកីយទីពីរនេះឬក៏របបសម័យនេះ បានគង់មាននៅរហូតមកដល់សព្វថ្ងៃនេះ។ ប្រវត្ដិសាស្ត្ររបស់លោកីយនេះបានពោរពេញទៅដោយសង្គ្រាម អំពើឧក្រិដ្ឋ ហើយអំពើឃោរឃៅទៀតដែរ។ តើនឹងមានអ្វីកើតឡើងចំពោះលោកីយនេះ? តើវានឹងគង់នៅតទៅទៀតឬ?
អនាគតរបស់លោកីយនេះ
ក្រោយពីបានចែងថា លោកីយរបស់សម័យលោកណូអេបានទទួលសេចក្ដីហិនវិនាស ដំណើររឿងក្នុងព្រះគម្ពីរបានចែងតទៅទៀតថា៖ «តែផ្ទៃមេឃ នឹងផែនដីនៅជាន់នេះ បានបំរុងទុកដល់ថ្ងៃជំនុំជំរះ ដោយសារព្រះបន្ទូលនៃទ្រង់ សំរាប់ឲ្យភ្លើងឆេះវិញ»។ (ពេត្រុសទី២ ៣:៧) ពិតមែនហើយ គឺដូចជាអ្នកសរសេរព្រះគម្ពីរឯទៀតពន្យល់ថា៖ «ឯលោកីយនេះ[ដែលគង់មាននៅសព្វថ្ងៃ] . . . នោះកំពុងកន្លងទៅ»។—យ៉ូហានទី១ ២:១៧
សេចក្ដីនៅក្នុងព្រះគម្ពីរនេះមិនមែនមានន័យថា ផែនដីនិងផ្ទៃមេឃដែលពោរពេញទៅដោយផ្កាយដែលជាអត្ថានុរូបនេះនឹងត្រូវកន្លងទៅនោះឡើយ ដូចជារបស់ទាំងនេះក៏មិនបានកន្លងទៅនៅក្នុងជំនាន់របស់លោកណូអេនោះដែរ។ (ទំនុកដំកើង ១០៤:៥) ផ្ទុយទៅវិញ លោកីយនេះដែលមាន «ផ្ទៃមេឃ» ឬក៏អ្នកគ្រប់គ្រងខាងរដ្ឋាភិបាលដែលស្ថិតនៅក្រោមអានុភាពរបស់សាតាំង ហើយ «ផែនដី» ឬក៏សង្គមមនុស្សលោក នឹងត្រូវបានបំផ្លាញទៅ ហាក់ដូចជាដោយសារភ្លើង។ (យ៉ូហាន ១៤:៣០; កូរិនថូសទី២ ៤:៤) លោកីយនេះឬក៏របបសម័យនេះនឹងត្រូវវិនាសជាពិតប្រាកដមែន ដូចជាលោកីយមុនទឹកជំនន់បានវិនាសនោះដែរ។ សូម្បីតែព្រះយេស៊ូវគ្រីស្ទក៏បានមានបន្ទូលអំពីស្ថានការណ៍នៅ «ជំនាន់លោកណូអេ» ជាគំរូអំពីអ្វីដែលនឹងត្រូវកើតមានឡើងភ្លាមមុនពេលទីបញ្ចប់លោកីយនេះ។—ម៉ាថាយ ២៤:៣៧-៣៩
គឺជាការសារៈសំខាន់ណាស់ នៅពេលដែលព្រះយេស៊ូវបានមានបន្ទូលអំពីជំនាន់នៃលោកណូអេ នោះជាចម្លើយចំពោះសំនួររបស់សាវកទ្រង់ដែលសួរថា៖ «តើការទាំងនេះកាលណានឹងមកដល់ តើមានទីសំគាល់ណាពីទ្រង់យាងមក ហើយពីបំផុតកល្ប[«ទីបញ្ចប់លោកីយ» កំណែថ្មីឃីងជេម្ស]»? (ម៉ាថាយ ២៤:៣) អ្នកកាន់តាមរបស់ព្រះយេស៊ូវដឹងហើយថា លោកីយនេះនឹងត្រូវវិនាស។ តើសេចក្ដីនេះដែលគេទន្ទឹងចាំ បានធ្វើឲ្យគេភ័យខ្លាចឬ?
ផ្ទុយទៅវិញ ពេលដែលព្រះយេស៊ូវបានពណ៌នាអំពីព្រឹត្ដិការណ៍ដែលនឹងកើតមានឡើងមុនទីបញ្ចប់នៃលោកីយនេះ ទ្រង់បានលើកទឹកចិត្តឲ្យគេអរសប្បាយឡើងដោយបន្ទូលថា៖ «ពីព្រោះសេចក្ដីប្រោសលោះរបស់អ្នករាល់គ្នាជិតដល់ហើយ»។ (លូកា ២១:២៨) មែនហើយ គឺជាសេចក្ដីប្រោសលោះពីអារក្សសាតាំង ហើយពីរបបដែលពេញដោយអំពើសហ័សរបស់វា ដើម្បីឆ្លងចូលទៅក្នុងពិភពលោកថ្មីដ៏ក្សេមក្សាន្ត!—ពេត្រុសទី២ ៣:១៣
ប៉ុន្តែ ពេលណាដែលលោកីយនេះនឹងត្រូវដល់ទីបញ្ចប់នោះ? តើព្រះយេស៊ូវបានប្រទាន «ទីសំគាល់»យ៉ាងណាអំពីការ «ទ្រង់យាងមក» ហើយអំពី«ទីបញ្ចប់» របស់លោកីយនេះ?
«ទីសំគាល់»
ពាក្យភាសាក្រិកនៅទីនេះបានបកប្រែថា «យាងមក» នោះគឺជាពាក្យ«ផារូសៀ» មានន័យថា «វត្តមាន»គឺថា ពិតជាមាននៅទីនេះឯងហើយ។ ដូច្នេះ កាលដែលត្រូវឃើញ «ទីសំគាល់» នោះមិនមានន័យថាព្រះគ្រីស្ទនឹងយាងមកក្នុងពេលឆាប់ៗនោះទេ តែមានន័យថា ទ្រង់បានត្រឡប់មកវិញរួចហើយ ហើយថាទ្រង់កំពុងមានវត្តមានដែរ។ គឺមានន័យទៀតថា ព្រះយេស៊ូវបានចាប់ផ្ដើមគ្រប់គ្រងជាស្តេចសួគ៌ាដែលមើលមិនឃើញ ហើយបន្ដិចទៀតនឹងត្រូវនាំទីបញ្ចប់ដល់ពួកខ្មាំងសត្រូវរបស់ទ្រង់ដែរ។—វិវរណៈ ១២:៧-១២; ទំនុកដំកើង ១១០:១, ២
ព្រះយេស៊ូវមិនបានប្រទានគ្រាន់តែព្រឹត្ដិការណ៍មួយជា «ទីសំគាល់» នោះទេ។ ទ្រង់បានពណ៌នានូវព្រឹត្ដិការណ៍នឹងស្ថានការណ៍ជាច្រើននៃលោកីយ។ សេចក្ដីទាំងអស់នេះនឹងត្រូវកើតមានឡើងក្នុងកំលុងពេលដែលអ្នកសរសេរព្រះគម្ពីរហៅថា «ជាន់ក្រោយបង្អស់»។ (ធីម៉ូថេទី២ ៣:១-៥; ពេត្រុសទី២ ៣:៣, ៤) សូមពិចារណានូវព្រឹត្ដិការណ៍ខ្លះៗដែលព្រះយេស៊ូវបានទាយមក ដែលនឹងជាទីសំគាល់នៃ «ជាន់ក្រោយបង្អស់» នេះ។
«សាសន៍១នឹងលើកគ្នាទាស់នឹងសាសន៍១ នគរ១ទាស់នឹងនគរ១»។ (ម៉ាថាយ ២៤:៧) សង្គ្រាមនៅក្នុងសម័យថ្មីនេះ មានទំហំយ៉ាងធំសម្បើមជាងពីមុនទៅទៀត។ អ្នកប្រវត្ដិសាស្ត្រម្នាក់បានកត់សំគាល់ថា៖ «សង្គ្រាមលោកលើកទី១[ដែលចាប់ផ្ដើមនៅក្នុងឆ្នាំ១៩១៤] ជាសង្គ្រាមទីមួយដែលបានផ្ទុះនៅ ‹ពាសពេញប្រទេស›។ យ៉ាងណាក៏ដោយ សង្គ្រាមលោកលើកទី២ បានធ្វើការបំផ្លាញយ៉ាងសន្ធឹកលើសជាងនោះទៅទៀត។ ហើយសង្គ្រាមកំពុងតែបំផ្លិចបំផ្លាញផែនដីតទៅទៀតរហូតដល់សព្វថ្ងៃនេះដែរ។ ជាពិតប្រាកដហើយ សេចក្ដីដែលព្រះយេស៊ូវបានមានបន្ទូលនោះ បានត្រូវសម្រេចតាមរបៀបដ៏អស្ចារ្យមែន!
«ហើយនឹងកើតមានអំណត់»។ (ម៉ាថាយ ២៤:៧) ក្រោយពីសង្គ្រាមលោកលើកទី១មក ទុរភិក្សប្រហែលជាធំជាងគេទាំងអស់ក្នុងគ្រប់ប្រវត្ដិសាស្ត្រមនុស្សលោកបានកើតមានឡើង។ ទុរភិក្សយ៉ាងធំអាក្រក់ក៏បានកើតមានឡើងក្រោយពីសង្គ្រាមលោកលើកទី២ដែរ។ បញ្ហាឧនាហារូបត្ថម្ភកំពុងធ្វើទុក្ខដល់១ភាគក្នុង៥នៃប្រជាជនទាំងអស់នៅផែនដី ទាំងសម្លាប់ប្រមាណ១៤លានកូនក្មេងជារៀងរាល់ឆ្នាំផង។ ពិតប្រាកដហើយទុរភិក្សបានកើតមានឡើងមែន!
«ក៏នឹងមានកក្រើកដីជាខ្លាំង»។ (លូកា ២១:១១) រាល់ឆ្នាំជាមធ្យម មនុស្សបានស្លាប់ដោយសារកក្រើកដីតាំងពីឆ្នាំ១៩១៤មក មានចំនួនប្រមាណដប់ដងច្រើនជាងអ្នកដែលស្លាប់នៅសតវត្សពីមុនទៅទៀត។ សូមពិចារណានូវការកក្រើកដីធំៗខ្លះប៉ុណ្ណោះ៖ នៅឆ្នាំ១៩២០ក្នុងប្រទេសចិន មាន២សែននាក់បានត្រូវស្លាប់។ នៅឆ្នាំ១៩២៣ក្នុងស្រុកជប៉ុន៩៩.៣០០នាក់ត្រូវវិនាស។ នៅឆ្នាំ១៩៣៩ក្នុងប្រទេសទុរ៍គី មានចំនួន៣២.៧០០មនុស្សដែលបានស្លាប់។ នៅឆ្នាំ១៩៧០ក្នុងស្រុកពេរូ ៦៦.៨០០នាក់ត្រូវបានសម្លាប់ ហើយនៅឆ្នាំ១៩៧៦ក្នុងស្រុកចិន ប្រមាណ២៤០.០០០ (ឬក៏តាមប្រភពពត៌មានខ្លះ ប្រមាណ៨០០.០០០) នាក់ត្រូវបានបាត់បង់ជីវិតដោយហេតុកក្រើកដីនោះ។ មានការ «កក្រើកដីជាខ្លាំង»ពិតមែន!
«ហើយក្នុងកន្លែងផ្សេងៗតទៅទៀតនឹងកើតមានរោគរាតត្បាត»។ (លូកា ២១:១១ ពថ) ក្រោយពីសង្គ្រាមលោកលើកទី១ភ្លាម មនុស្សប្រមាណ២១លាននាក់បានស្លាប់ដោយសារគ្រុនចាញ់អេស្ប៉ាញ៉ុល។ ទស្សនាវដ្ដីសង្កេតអត្ថបទខាងវិទ្យាសាស្ត្របានរាយការណ៍ថា៖ «ក្នុងគ្រប់ប្រវត្ដិសាស្ត្រ គឺគ្មានការជួបប្រទះនឹងសេចក្ដីស្លាប់ដែលសាហាវឬក៏រហ័សជាងជម្ងឺនេះឡើយ»។ ចាប់តាំងពីគ្រានោះមក រោគបេះដូង រោគមហារីក រោគអេដស៍ ហើយរោគរាតត្បាតជាច្រើនទៀតបានសម្លាប់មនុស្សរាប់រយលាននាក់ទៅទៀត។
«ការទទឹងច្បាប់នឹងចំរើនជាច្រើនឡើង»។ (ម៉ាថាយ ២៤:១២) លោកីយយើងនេះតាំងពីឆ្នាំ១៩១៤មកបានត្រូវល្បីជា កន្លែងដែលពោរពេញទៅដោយបទឧក្រិដ្ឋនិងអំពើឃោរឃៅ។ នៅកន្លែងជាច្រើន មនុស្សទាំងឡាយគ្មានសន្ដិសុខសោះ សូម្បីតែនៅតាមផ្លូវនៅពេលថ្ងៃក៏ដោយ។ នៅពេលយប់ មនុស្សស្នាក់នៅក្នុងផ្ទះ ពីក្រោយទ្វារដែលបានចាក់សោ ហើយទាំងដាក់រាំងទៀត ដោយព្រោះគេខ្លាចចេញទៅក្រៅ។
មានព្រឹត្ដិការណ៍ជាច្រើនទៀតដែលបានទាយមក នឹងត្រូវកើតមានឡើងក្នុងកំលុងពេលជាន់ក្រោយបង្អស់ ហើយសេចក្ដីទាំងអស់នេះកំពុងតែបានសម្រេចដែរ។ ការទាំងនេះមានន័យថា ទីបញ្ចប់នៃលោកីយជិតមកដល់ហើយ។ ប៉ុន្តែជាការសប្បាយរីករាយណាស់ដោយដឹងថា នឹងមានអ្នកដែលនឹងរស់គង់នៅ។ ក្រោយពីបានចែងថា៖ «ឯលោកីយនេះ . . . នោះកំពុងកន្លងទៅ» ព្រះគម្ពីរសន្យាទៀតថា៖ «តែអ្នកណាដែលធ្វើតាមព្រះហឫទ័យព្រះ នោះនឹងនៅជាប់អស់កល្បជានិច្ចវិញ»។—យ៉ូហានទី១ ២:១៧
ដូច្នេះហើយ យើងត្រូវតែរៀនអំពីបំណងព្រះហឫទ័យរបស់ព្រះ ហើយប្រព្រឹត្តតាមការនោះដែរ។ នោះទើបយើងនឹងអាចរស់គង់នៅ ឆ្លងទីបញ្ចប់នៃលោកីយនេះ ឲ្យបានរមតិដ៏អស់កល្បជានិច្ចនូវប្រសិទ្ធិពរនៃពិភពលោកថ្មីរបស់ព្រះ។ ព្រះគម្ពីរសន្យាថា នៅពេលនោះ៖ «ព្រះទ្រង់នឹងជូតអស់ទាំងទឹកភ្នែក ពីភ្នែក[របស់មនុស្ស]ចេញ។ នឹងគ្មានសេចក្ដីស្លាប់ ឬសេចក្ដីសោកសង្រេង ឬសេចក្ដីយំទួញ ឬទុក្ខលំបាកណាទៀតឡើយ។ ដ្បិតសេចក្ដីមុនទាំងប៉ុន្មាន បានកន្លងបាត់ទៅហើយ»។—វិវរណៈ ២១:៣, ៤
បើគ្មានការបញ្ជាក់ថែមទៀតទេនោះ បទគម្ពីរនៅក្នុងខិត្តប័ណ្ណនេះបានដកស្រង់ពីសេចក្ដីបកប្រែជាភាសាខ្មែរ ពីសមាគមខ្មែរនៃព្រះគម្ពីរបរិសុទ្ធ ដែលផ្សាយចេញក្នុងឆ្នាំ១៩៥៤។ បើមាន «ពថ» នៅបន្ទាប់ពីបទគម្ពីរណា នោះមានន័យថា បានធ្វើការបកប្រែពីសេចក្ដីបកប្រែពិភពលោកថ្មីនៃបទគម្ពីរបរិសុទ្ធជាភាសាអង់គ្លេស កំណែថ្មីនៃឆ្នាំ១៩៨៤។
[អ្នកផ្ដល់សិទ្ធិឲ្យប្រើរូបភាពនៅទំព័រ៦]
ប្រភពរូបថត: កប៉ាល់ហោះ: USAF photo កូនក្មេង: WHO photo by W. Cutting. កក្រើកដី: Y. Ishiyama, Hokkaido University, Japan.