បណ្ណាល័យអ៊ីនធឺណិតរបស់ប៉មយាម
ប៉មយាម
បណ្ណាល័យអ៊ីនធឺណិត
ខ្មែរ
  • គម្ពីរ
  • សៀវភៅផ្សេងៗ
  • កិច្ចប្រជុំ
  • bh ទំ. ២៣៥-ទំ. ២៣៦ វ. ២
  • មូលហេតុគ្រីស្ទានពិតមិនប្រើឈើឆ្កាងក្នុងការថ្វាយបង្គំ

សុំទោស គ្មានវីដេអូទេ

សុំទោស វីដេអូមានបញ្ហា

  • មូលហេតុគ្រីស្ទានពិតមិនប្រើឈើឆ្កាងក្នុងការថ្វាយបង្គំ
  • តើព្រះគម្ពីរពិតជាបង្រៀនយ៉ាងណា?
  • អត្ថបទស្រដៀងគ្នា
  • ហេតុអ្វីសាក្សីព្រះយេហូវ៉ាមិនប្រើឈើឆ្កាងក្នុងការគោរពប្រណិប័តន៍?
    សំណួរដែលមនុស្សជាច្រើនសួរអំពីសាក្សីព្រះយេហូវ៉ា
តើព្រះគម្ពីរពិតជាបង្រៀនយ៉ាងណា?
bh ទំ. ២៣៥-ទំ. ២៣៦ វ. ២

ការ​ពន្យល់​បន្ថែម

មូលហេតុ​គ្រីស្ទាន​ពិត​មិន​ប្រើ​ឈើ​ឆ្កាង​ក្នុង​ការ​ថ្វាយ​បង្គំ

មនុស្ស​រាប់​លាន​នាក់​ស្រឡាញ់​ហើយ​គោរព​សញ្ញា​ឈើ​ឆ្កាង។ សព្វ​វចនាធិប្បាយ​មួយ​ប្រាប់​ថា សញ្ញា​ឈើ​ឆ្កាង​«​ជា​និមិត្តរូប​សំខាន់​បំផុត​របស់​គ្រីស្ទ​សាសនា​»។ (​The Encyclopædia Britannica​) យ៉ាង​ណា​ក៏​ដោយ គ្រីស្ទាន​ពិត​មិន​ប្រើ​ឈើ​ឆ្កាង​ក្នុង​ការ​ថ្វាយ​បង្គំ​ទេ។ តើ​ហេតុ​អ្វី?

ហេតុ​សំខាន់​មួយ​គឺ ព្រះ​យេស៊ូ​គ្រីស្ទ​មិន​បាន​ត្រូវ​ព្យួរ​លើ​ឈើ​ឆ្កាង​ឡើយ។ ពាក្យ​ភាសា​ក្រិច​ដែល​ធម្មតា​បាន​ត្រូវ​បក​ប្រែ​ថា​«​ឈើ​ឆ្កាង​»​ គឺ​ពាក្យ​ស្ទរ៉ុស។ អត្ថន័យ​បឋម​របស់​វា​គឺ​«​បង្គោល​ឈើ​ដែល​បោះ​ក្នុង​ដី​»។ សៀវភៅ​មួយ​ប្រាប់​ថា​៖ ​«​[​ស្ទរ៉ុស​]ពុំ​ដែល​សំដៅ​លើ​ឈើ​ពីរ​កំណាត់​ដែល​ដាក់​ខ្វែង​គ្នា​ឡើយ . . . ភាសា​ក្រិច[​ក្នុង​សញ្ញា​ថ្មី​]មិន​ចែង​អ្វី​សោះ​អំពី​ឈើ​ពីរ​កំណាត់ ហើយ​ក៏​គ្មាន​ទាំង​ពាក្យ​ណា​ដែល​អាច​នាំ​ឲ្យ​សន្និដ្ឋាន​ថា​មាន​ឈើ​ពីរ​កំណាត់​ទៀត​ផង​»។—The Companion Bible

ក្នុង​បទ​គម្ពីរ​មួយ​ចំនួន អ្នក​សរសេរ​បាន​ប្រើ​ពាក្យ​មួយ​ផ្សេង​ទៀត​ពេល​សំដៅ​លើ​អ្វី​ដែល​បាន​ត្រូវ​ប្រើ​ដើម្បី​ធ្វើ​គុត​ព្រះ​យេស៊ូ។ នោះ​គឺ​ពាក្យ​ភាសា​ក្រិច​មួយ​ដែល​អាន​ថា​គ្ស៉ីឡន់។ (​កិច្ច​ការ ៥:៣០; ១០:៣៩, ៤០; កាឡាទី ៣:១៣​) ពាក្យ​នេះ​គ្រាន់​តែ​មាន​ន័យ​ថា​«​ធ្នឹម​»​ ​«​ដំបង ព្រនង់ ឬ​ដើម​ឈើ​»​ប៉ុណ្ណោះ។

សៀវភៅ​មួយ​ពន្យល់​មូលហេតុ​ដែល​មនុស្ស​ច្រើន​តែ​ត្រូវ​ប្រហារ​ជីវិត​ដោយ​ព្យួរ​លើ​បង្គោល​ឈើ។ សៀវភៅ​នោះ​ចែង​ថា​៖ ​«​ដោយ​សារ​កន្លែង​ខ្លះ​ដែល​គេ​ប្រហារ​ជីវិត​មនុស្ស​គ្មាន​ដើម​ឈើ​ទេ នោះ​ពួក​គេ​បាន​បោះ​បង្គោល​ធម្មតា​មួយ​ក្នុង​ដី។ ពួក​គេ​បាន​ព្យួរ​ឧក្រិដ្ឋ​ជន​ដោយ​ចង​ដៃ​ឬ​បោះ​ដែក​គោល​ក្នុង​ដៃ ហើយ​ជួន​កាល​ជើង​ផង​ដែរ​»។—Das Kreuz und die Kreuzigung

ក៏​ប៉ុន្តែ​ភស្តុ​តាង​ជាក់​ច្បាស់​បំផុត​គឺ​ក្នុង​ព្រះ​បន្ទូល​របស់​ព្រះ។ សាវ័ក​ប៉ុល​បាន​ប្រាប់​ថា​៖ ​«​ព្រះ​គ្រីស្ទ​ទ្រង់​បាន​លោះ​យើង​រាល់​គ្នា ឲ្យ​រួច​ពី​សេចក្ដី​បណ្ដាសា​របស់​ក្រិត្យ​វិន័យ ដោយ​ទ្រង់​ត្រូវ​បណ្ដាសា​ជំនួស​យើង​រាល់​គ្នា (​ដ្បិត​មាន​សេចក្ដី​ចែង​ទុក​មក​ថា ‹ត្រូវ​បណ្ដាសា​ហើយ អ្នក​ណា​ដែល​ត្រូវ​ព្យួរ​នៅ​លើ​ឈើ›​)​»។ (​កាឡាទី ៣:១៣​) ទី​នេះ​ប៉ុល​ដក​ស្រង់​ចោទិយកថា ២១:២២, ២៣ ដែល​ចែង​យ៉ាង​ច្បាស់​ថា​ឈើ​មួយ មិន​មែន​ឈើ​ឆ្កាង​នោះ​ទេ។ ដោយ​សារ​ការ​ស្លាប់​បែប​នេះ​មាន​ន័យ​ថា​បុគ្គល​នោះ​«​ត្រូវ​បណ្ដាសា​»​ គឺ​មិន​សមរម្យ​ទេ​បើ​ពួក​គ្រីស្ទាន​យក​រូប​ព្រះ​យេស៊ូ​ព្យួរ​លើ​ឈើ​ដាក់​តាំង​ក្នុង​ផ្ទះ​នោះ។

គ្មាន​ភស្តុ​តាង​ណា​ដែល​បញ្ជាក់​ថា មនុស្ស​ដែល​អះអាង​ថា​ខ្លួន​ជា​គ្រីស្ទាន​ធ្លាប់​ប្រើ​ឈើ​ឆ្កាង​ក្នុង​ការ​ថ្វាយ​បង្គំ​របស់​ពួក​គេ ក្នុង​កំលុង​៣០០​ឆ្នាំ​ចាប់​ពី​ការ​សោយ​ទិវង្គត​របស់​ព្រះ​គ្រីស្ទ​នោះ​ទេ។ ក៏​ប៉ុន្តែ​នៅ​សតវត្សរ៍​ទី​បួន ព្រះ​ចៅ​អធិរាជ​ខន់​ស្ទែនធីន​បាន​ប្ដូរ​សាសនា​មក​កាន់​តាម​គ្រីស្ទ​សាសនា​ក្លែង​ក្លាយ​វិញ ហើយ​បាន​យក​ឈើ​ឆ្កាង​ធ្វើ​ជា​និមិត្តរូប​នៃ​គ្រីស្ទ​សាសនា​ក្លែង​ក្លាយ​នោះ។ ទោះ​បើ​ព្រះ​ចៅ​អធិរាជ​ខន់​ស្ទែនធីន​យក​ឈើ​ឆ្កាង​ធ្វើ​ជា​និមិត្តរូប​ក្នុង​បំណង​អ្វី​ក៏​ដោយ ក៏​ឈើ​ឆ្កាង​នៅ​តែ​មិន​ទាក់​ទង​នឹង​ព្រះ​យេស៊ូ​គ្រីស្ទ​សោះ​ឡើយ។ តាម​ពិត​ឈើ​ឆ្កាង​មាន​ប្រភព​ដើម​មក​ពី​សាសនា​ដែល​មិន​ជឿ​លើ​ព្រះ​យេស៊ូ។ សព្វ​វចនាធិប្បាយ​មួយ​សារភាព​ថា​៖ ​«​វប្បធម៌​ផ្សេង​ៗ​ដែល​មិន​ជឿ​គ្រីស្ទ​សាសនា ហើយ​មាន​ដើម​កំណើត​មុន​គ្រីស្ទ​សាសនា​ក៏​ធ្លាប់​ប្រើ​ឈើ​ឆ្កាង​ដែរ​»។ (​New Catholic Encyclopedia​) ប្រភព​ឯ​ទៀត​ដែល​អាច​ទុក​ចិត្ត​បាន​ប្រាប់​ថា ឈើ​ឆ្កាង​ជាប់​ទាក់​ទង​នឹង​ការ​ថ្វាយ​បង្គំ​ធម្មជាតិ និង​ក្បួន​រីតិ៍​សាសនា​មិន​ពិត​ដែល​ទាក់​ទង​នឹង​ការ​រួម​ភេទ។

បើ​ដូច្នេះ ហេតុ​អ្វី​ពួក​គេ​យក​និមិត្តរូប​របស់​សាសនា​មិន​ពិត​ធ្វើ​ជា​និមិត្តរូប​សំរាប់​គ្រីស្ទ​សាសនា​ទៅ​វិញ? តាម​មើល​ទៅ​គឺ​ដើម្បី​ធ្វើ​ឲ្យ​អ្នក​ដែល​មិន​ជឿ​គ្រីស្ទ​សាសនា​ស្រួល​ប្ដូរ​មក​កាន់​តាម​គ្រីស្ទ​សាសនា​ក្លែង​ក្លាយ​នោះ​វិញ។ យ៉ាង​ណា​ក៏​ដោយ ព្រះ​គម្ពីរ​ចែង​យ៉ាង​ច្បាស់​ថា ការ​គោរព​និមិត្តរូប​របស់​សាសនា​មិន​ពិត​គឺ​ខុស។ (​កូរិនថូស​ទី២ ៦:១៤​-​១៨​) បទ​គម្ពីរ​ហាម​ការ​ថ្វាយ​បង្គំ​រូប​ព្រះ​សព្វ​បែប​យ៉ាង។ (​និក្ខមនំ ២០:៤, ៥; កូរិនថូស​ទី១ ១០:១៤​) ដូច្នេះ​គ្រីស្ទាន​ពិត​មាន​ហេតុ​ត្រឹម​ត្រូវ​ដែល​មិន​ប្រើ​ឈើ​ឆ្កាង​ក្នុង​ការ​ថ្វាយ​បង្គំ។a

[កំណត់​សម្គាល់]

a ដើម្បី​អាន​ព័ត៌មាន​ល្អិត​ល្អន់​អំពី​ឈើ​ឆ្កាង សូម​មើល​ទំព័រ​៨៩​-​៩៣ ក្នុង​សៀវភៅ​ភាសា​អង់គ្លេស​ដែល​មាន​ចំណង​ជើង​ថា​ការ​វែក​ញែក​ពី​បទ​គម្ពីរ (​Reasoning From the Scriptures pages 89-93​) បោះ​ពុម្ព​ដោយ​ស្មរបន្ទាល់​ព្រះ​យេហូវ៉ា។

    សៀវភៅភាសាខ្មែរ (១៩៩១-២០២៥)
    ចេញពីគណនី
    ចូលគណនី
    • ខ្មែរ
    • ចែករំលែក
    • ជម្រើស
    • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
    • ល័ក្ខខ័ណ្ឌប្រើប្រាស់
    • គោលការណ៍ស្ដីអំពីព័ត៌មានផ្ទាល់ខ្លួនរបស់លោកអ្នក
    • កំណត់ឯកជនភាព
    • JW.ORG
    • ចូលគណនី
    ចែករំលែក