ហេតុអ្វីត្រូវមានការចាប់អារម្មណ៍នឹងសាសនា?
ក្នុងប្រទេសទាំងអស់នៅលើផែនដីនេះ គឺមានការចាប់អារម្មណ៍នឹងសាសនា។ ម្យ៉ាងវិញទៀត ក៏មានមនុស្សជាច្រើនដែរ ដែលនិយាយយ៉ាងត្រង់ៗថា ពួកគេគ្មានការចាប់អារម្មណ៍នឹងសាសនាសោះឡើយ។ ប៉ុន្តែ តើពួកគេតែងតែមានអារម្មណ៍បែបនេះឬ?
សភាពរបស់មនុស្សគឺថា បុគ្គលម្នាក់ពុំអាចស្កប់ចិត្តតែនឹងវត្ថុប៉ុណ្ណោះឡើយ។ មនុស្សមានសេចក្ដីត្រូវការខាងវិញ្ញាណ។ ជីវិតរស់នៅរាល់ថ្ងៃដែលស្ថាបនានៅជុំវិញតែវត្ថុចាំបាច់ខាងផ្លូវកាយ ដែលយូរៗម្ដងមានការកំសាន្តលេង នោះពុំស្កប់ស្កល់សេចក្ដីត្រូវការខាងក្នុងដ៏ជ្រៅរបស់បុគ្គលម្នាក់ឡើយ។ មិនដូចសត្វទាំងឡាយ មនុស្សលោកយើងចង់ដឹង‹តើគោលបំណងនៃជីវិតជាអ្វីទៅ›? ‹ជីវិតយ៉ាងខ្លីនេះ ដែលរួមទាំងអ្វីៗជាច្រើនដែលល្អផងអាក្រក់ផង តើមានតែប៉ុណ្ណេះទេឬ›? តើលោកអ្នកមិនដែលសួរសំនួរដូចនេះទេឬអី?
មនុស្សរាប់លាននាក់ដែលមានជីវិតសព្វថ្ងៃនេះ បានពេញវ័យឡើងក្នុងបរិយាការដែលធ្វើឲ្យខូចទឹកចិត្តនឹងការចាប់អារម្មណ៍ដ៏មានអត្ថន័យទៅលើសាសនា។ អានុភាពនោះប្រហែលជាបានមកពីមាតាបិតារបស់គេ ពីគ្រូបង្រៀន ពីមិត្តភក្ដ្រ ឬក៏មកពីរដ្ឋាភិបាលដែរ។
យុវបុរសម្នាក់ឈ្មោះ ស្កាឡាព្រីណូ ពីប្រទេសអាល់បានី បានពន្យល់ថា នៅក្រោមការគ្រប់គ្រោងរបស់កុម្មុយនិស្ត គេបានបង្រៀនប្រជាជនថាមិនមានព្រះទេ។ ម្យ៉ាងទៀត ការនិយាយអំពីសាសនាគឺអាចធ្វើឲ្យមានគ្រោះថ្នាក់ ដ្បិតធ្វើដូច្នេះគេអាចចាប់ដាក់គុកបាន។ ប៉ុន្តែ នៅឆ្នាំ១៩៩១ កាលដែលគាត់ជាជនភៀសខ្លួននៅប្រទេសស្វីស គាត់ត្រូវបានគេឲ្យឱកាសដើម្បីនឹងសិក្សាព្រះគម្ពីរ។ គាត់ក៏យល់ព្រមសិក្សា។ តើមកពីហេតុអ្វី?
ពីព្រោះនៅប្រទេសអាល់បានី គាត់បានឮថាមានសៀវភៅព្រះគម្ពីរ ប៉ុន្តែគាត់មិនដឹងអ្វីសោះអំពីព្រះគម្ពីរ។ ដូច្នេះ នៅដើមដំបូង ហេតុដែលបានបណ្ដាលឲ្យគាត់សិក្សានោះ ប្រហែលជាមិនមែនមកពីការប្រាថ្នាចង់យល់ព្រះគម្ពីរទេ។ ថ្វីបើគេបានប្រាប់គាត់ថា គាត់នឹងសិក្សាអំពីគោលបំណងរបស់ព្រះសំរាប់មនុស្សលោកនិងផែនដីនោះ គាត់ក៏ឃើញថា នេះជាឱកាសដ៏ល្អមួយដើម្បីរៀនភាសានៃប្រទេសនោះ ឲ្យចេះច្រើនឡើង។ ប៉ុន្តែ គាត់យល់ឃើញយ៉ាងរហ័សថា អ្វីៗដែលគាត់កំពុងតែសិក្សា បានធ្វើឲ្យស្កប់ស្កល់ដល់ចំណង់យ៉ាងខ្លាំងខាងវិញ្ញាណរបស់គាត់ដែលមានយ៉ាងជ្រៅក្នុងចិត្តនោះ។ ចិត្តរបស់គាត់បានកក់ក្ដៅឡើង នៅពេលដែលគាត់បានសិក្សាអំពីសេចក្ដីសន្យារបស់ព្រះនៃពិភពលោកថ្មី ដែលមានពេញទៅដោយសេចក្ដីសុខសាន្ត គឺជាពិភពលោកដែលមនុស្សអាចរស់នៅជានិរន្តរ៍ ព្រមទាំងទទួលរបស់ដ៏បរិបូរដែលចាំបាច់សំរាប់ជីវិត។ ការចាប់អារម្មណ៍របស់គាត់បានមានកម្រិតកាន់តែខ្ពស់ឡើង នៅពេលដែលគាត់រៀនដឹងថា គាត់និងក្រុមគ្រួសាររបស់គាត់អាចទៅជាផ្នែកមួយនៃពិភពលោកថ្មីនេះ។ ដោយមិនអាចរក្សាទុកដំណឹងល្អនេះក្នុងខ្លួនគាត់នោះ គាត់ក៏បានទូរស័ព្ទទៅក្រុមគ្រួសាររបស់គាត់ នៅឯប្រទេសអាល់បានីដើម្បីនឹងប្រាប់គេអំពីដំណឹងល្អនេះ។
អេលយិកស្ស៉ាដែលរស់នៅក្នុងប្រទេសរុស្ស៊ី ក៏មានការភ្ញាក់ផ្អើលនឹងអានុភាព ដែលតម្រិះវិជ្ជាដ៏ពិតនៃព្រះគម្ពីរអាចមានលើជីវិតរបស់បុគ្គលម្នាក់ដែរ។ ការកើតទុក្ខយ៉ាងខ្លាំងចំពោះបញ្ហាជាច្រើន ហើយការមិនអាចរកឃើញសេចក្ដីពន្យល់ដ៏ស្កប់ចិត្តអំពីគោលបំណងជីវិត បានធ្វើឲ្យគាត់បំរុងនឹងសម្លាប់ខ្លួនឯង។ តែជាបឋម គាត់បានទៅប្រទេសហ្វាំងឡង់ដើម្បីទៅលេងមិត្តសំឡាញ់របស់គាត់។ នៅក្នុងពេលកំពុងធ្វើដំណើរតាមរទេះភ្លើងនោះ គាត់ក៏បាននិយាយប្រាប់អំពីបញ្ហារបស់គាត់ទៅពួកអ្នកដែលធ្វើដំណើរជាមួយខ្លះ។ ក្នុងចំណោមពួកអ្នកធ្វើដំណើរនោះ មានស្មរបន្ទាល់ព្រះយេហូវ៉ាម្នាក់ ដែលបានដាស់តឿនគាត់ឲ្យសិក្សាព្រះគម្ពីរ ពីព្រោះព្រះគម្ពីរផ្ដល់ការដោះស្រាយចំពោះបញ្ហាជាច្រើនបែបនេះ។ ប៉ុន្តែគាត់ដូចជាមិនសូវជឿទេ។ នៅពេលដែលធ្វើដំណើរមកវិញ គាត់ក៏មានការពិសោធស្រដៀងនោះដែរ។ លើកនេះ ស្មរបន្ទាល់ម្នាក់ទៀតបាននិយាយប្រាប់គាត់ថា នាងធ្លាប់មានបញ្ហាបែបនេះដែរ ប៉ុន្តែព្រះគម្ពីរបានជួយនាងឲ្យមានការជោគជ័យនឹងបញ្ហាទាំងនេះ។ នាងក៏បានលើកទឹកចិត្តគាត់ឲ្យសិក្សាព្រះគម្ពីរដែរ។ នៅពេលដែលគាត់បានត្រឡប់មកដល់ផ្ទះវិញ ទូរស័ព្ទក៏បានរោទ៍ឡើង។ នេះជាមិត្តរបស់គាត់ម្នាក់ទៀត ដែលកំពុងតែសិក្សាព្រះគម្ពីរជាមួយស្មរបន្ទាល់ ហើយនាងសប្បាយចិត្តណាស់។ អេលយិកស្ស៉ាក៏ចាប់ផ្ដើមយល់ដឹងថា ប្រហែលជាព្រះគម្ពីរអាចផ្ដល់នូវអ្វីៗដែលគាត់ត្រូវការមែនហើយ។ ប៉ុន្តែគាត់បានដឹងថា បើគ្មានជំនួយទេ គាត់មិនអាចយល់ព្រះគម្ពីរបានឡើយ។ គាត់ក៏យល់ព្រមសិក្សាព្រះគម្ពីរយ៉ាងទៀងទាត់នៅឯផ្ទះ ជាមួយនឹងស្មរបន្ទាល់ព្រះយេហូវ៉ា ហើយគាត់ក៏ចាប់ផ្ដើមទៅឯកិច្ចប្រជុំ។ មិនយូរប៉ុន្មាន គាត់យល់ដឹងថា អស់អ្នកដែលបំពាក់បំប៉នជីវិតរបស់គេនៅជុំវិញអ្វីដែលព្រះគម្ពីរបង្រៀននោះ មានចិត្តសប្បាយរីករាយណាស់ ថ្វីបើគេជួបប្រទះបញ្ហាដែលមានជាទូទៅចំពោះមនុស្សលោកនោះក៏ដោយ។
ដោយយល់ធ្លុះដល់សភាពរបស់មនុស្ស ព្រះយេស៊ូវគ្រីស្ទបានមានបន្ទូលថា៖ «មនុស្សមិនមែនរស់ ដោយសារតែនំប៉័ងប៉ុណ្ណោះទេ»។ (ម៉ាថាយ ៤:៤) ទ្រង់ក៏បានមានបន្ទូលទៀតថា៖ «មានពរហើយ អស់អ្នកដែលមានសេចក្ដីកំសត់[ចេះដឹងនូវសេចក្ដីត្រូវការ,ពថ]ខាងឯវិញ្ញាណ»។ (ម៉ាថាយ ៥:៣) ពួកគេមានសុភមង្គល ពីព្រោះពួកគេដឹងនូវសេចក្ដីត្រូវការរបស់ខ្លួន ហើយចាត់វិធានការត្រឹមត្រូវដើម្បីធ្វើឲ្យស្កប់ស្កល់សេចក្ដីត្រូវការនោះ ហើយក៏មានការពិសោធប្រសិទ្ធិពរពីព្រះដែរ។ ប៉ុន្តែ សេចក្ដីត្រូវការខាងវិញ្ញាណរបស់យើងពុំបានស្កប់ស្កល់ ដោយគ្រាន់តែទៅចូលរួមសាសនាណាមួយ ឬចូលធ្វើបុណ្យសាសនាណាមួយឡើយ។ សាសនាដែលមានរីតិជាច្រើននោះ ប្រហែលជាធ្វើឲ្យចាប់អារម្មណ៍មែន ប៉ុន្តែ តើអាចផ្ដល់ការដោះស្រាយពិតចំពោះបញ្ហានៃជីវិតបានទេ? ថ្វីបើសាសនាមួយ គាំទ្រសិក្ខាបទសំខាន់ដែលត្រឹមត្រូវនោះ បើសិនជាសាសនានោះ មិនអាចផ្ដល់ឲ្យការយល់ដឹងច្បាស់លាស់អំពីគោលបំណងពិតនៃជីវិតទេ តើសាសនានោះនឹងបំពេញសេចក្ដីត្រូវការខាងវិញ្ញាណរបស់អ្នកបានទេ? ជាការរឹតតែសំខាន់ទៀតនោះ តើការកាន់សាសនាបែបនេះ នាំឲ្យមានទំនាក់ទំនងដ៏ល្អនឹងព្រះទេ? បើគ្មានទំនាក់ទំនងនោះទេ ក៏នឹងគ្មានការបំពេញចិត្តឡើយ។
ចំពោះរឿងនោះ មនុស្សជាច្រើនកំពុងតែស្វែងរកអ្វីមួយ ដែលពួកគេមិនទាន់រកឃើញនៅឡើយ។
[រូបភាពនៅទំព័រ៣]
តើសេចក្ដីត្រូវការខាងវិញ្ញាណរបស់អ្នកនឹងពិតជាបានស្កប់ស្កល់ ដោយចូលរួមនឹងសាសនាណាមួយឬ?
[រូបភាពនៅទំព័រ៤]
មនុស្សជាច្រើនបានរកឃើញថា នៅពេលដែលគេយល់ព្រះគម្ពីរ ជីវិតគេក៏មានអត្ថន័យថ្មីដែរ