បណ្ណាល័យអ៊ីនធឺណិតរបស់ប៉មយាម
ប៉មយាម
បណ្ណាល័យអ៊ីនធឺណិត
ខ្មែរ
  • គម្ពីរ
  • សៀវភៅផ្សេងៗ
  • កិច្ចប្រជុំ
  • w94 ១/៩ ទំ. ៨-១២
  • តើលោកអ្នករកឃើញសាសនាត្រឹមត្រូវហើយឬ?

សុំទោស គ្មានវីដេអូទេ

សុំទោស វីដេអូមានបញ្ហា

  • តើលោកអ្នករកឃើញសាសនាត្រឹមត្រូវហើយឬ?
  • ទស្សនាវដ្ដីប៉មយាមប្រកាសអំពីរាជាណាចក្ររបស់ព្រះយេហូវ៉ា ១៩៩៤
  • ចំណងជើងតូច
  • អត្ថបទស្រដៀងគ្នា
  • តើ​តាម​របៀប​ណា​ដែល​យើង​អាច​ដឹង​ទស្សនៈ​របស់​ព្រះ?
  • តើ​ពួក​អ្នក​ទាំង​អស់​ដែល​ប្រើ​ព្រះ​គម្ពីរ​បង្រៀន​សាសនា​ត្រឹម​ត្រូវ​ឬ?
  • សញ្ញា​សម្គាល់​នៃ​សាសនា​ពិត
  • ការថ្វាយបង្គំដែលព្រះសព្វព្រះហឫទ័យ
    តើព្រះគម្ពីរពិតជាបង្រៀនយ៉ាងណា?
  • ការសម្គាល់សាសនាពិត
    អ្នកអាចរស់នៅជានិរន្តរ៍ក្នុងសួនមនោរម្យនៅលើផែនដី
  • តើសាសនាទាំងអស់ផ្គាប់ព្រះហឫទ័យព្រះទេ?
    ១៩៩៦ ទស្សនាវដ្ដីប៉មយាមប្រកាសអំពីរាជាណាចក្ររបស់ព្រះយេហូវ៉ា
  • សាសនាមិនពិតជិតត្រូវបំផ្លាញហើយ!
    សាសនាមិនពិតជិតត្រូវបំផ្លាញហើយ!
ទស្សនាវដ្ដីប៉មយាមប្រកាសអំពីរាជាណាចក្ររបស់ព្រះយេហូវ៉ា ១៩៩៤
w94 ១/៩ ទំ. ៨-១២

តើ​លោក​អ្នក​រក​ឃើញ​សាសនា​ត្រឹម​ត្រូវ​ហើយ​ឬ?

«ឯ​សាសនា​ដែល​បរិសុទ្ធ ហើយ​ឥត​សៅហ្មង នៅ​ចំពោះ​ព្រះ​ដ៏​ជា​ព្រះ​វរបិតា នោះ​គឺ»។—យ៉ាកុប ១:២៧

១, ២. (ក) ចំពោះ​មតិ​នៃ​មនុស្ស​ជា​ច្រើន តើ​អ្វី​ទៅ​ដែល​ជា​កត្ដា​ក្នុង​ការ​សម្រេច​ថា​តើ​សាសនា​របស់​ពួក​គេ​ត្រឹម​ត្រូវ​នោះ? (ខ) តើ​ត្រូវ​ពិចារណា​អ្វី​ឲ្យ​បាន​ប្រាកដ​ប្រជា ក្នុង​ការ​វិនិច្ឆ័យ​សាសនា?

យើង​រស់​នៅ​ក្នុង​សម័យ ដែល​មនុស្ស​ជា​ច្រើន​ពេញ​ចិត្ត​ក្នុង​ការ​ចាត់​ទុក​សាសនា​ជា​ផ្នែក​ដ៏​តូច​មួយ​នៃ​ជីវិត​របស់​គេ។ ពួក​គេ​ប្រហែល​ជា​ទៅ​ឯ​កិច្ច​ប្រជុំ​ខាង​សាសនា​ខ្លះ​ៗ ប៉ុន្តែ​មាន​តែ​មួយ​ចំនួន​តូច​ទេ ដែល​ទៅ​បាន​ជា​ទៀង​ទាត់​នោះ។ មនុស្ស​ជា​ច្រើន​មិន​ជឿ​ថា សាសនា​ទាំង​អស់​ខុស​ទេ ហើយ​ជឿ​ថា​សាសនា​របស់​គេ​ត្រឹម​ត្រូវ​វិញ។ ពួក​គេ​ប្រហែល​ជា​មាន​អារម្មណ៍​ថា សាសនា​របស់​គេ​ត្រឹម​ត្រូវ​ចំពោះ​គេ​ហើយ។

២ ដោយ​សារ​ហេតុ​នេះ សំនួរ​ដែល​ថា តើ​លោក​អ្នក​រក​ឃើញ​សាសនា​ត្រឹម​ត្រូវ​ហើយ​ឬ​នៅ? គ្រាន់​តែ​មាន​ន័យ​ថា តើ​លោក​អ្នក​បាន​រក​ឃើញ​សាសនា​ដែល​លោក​អ្នក​ចូល​ចិត្ត​ហើយ​ប៉ុណ្ណោះ​ឬ? តើ​អ្វី​ទៅ​ដែល​ជា​កត្ដា​ក្នុង​ការ​សម្រេច​អ្វី​មួយ​ដែល​អ្នក​ចូល​ចិត្ត​នោះ? តើ​ក្រុម​គ្រួសារ​របស់​អ្នក​ឬ? តើ​សហការី​របស់​អ្នក​ឬ? តើ​អារម្មណ៍​របស់​អ្នក​ផ្ទាល់​ឬ? តើ​អ្នក​បាន​ពិចារណា​ទស្សនៈ​របស់​ព្រះ​ឲ្យ​បាន​ប្រាកដ​ប្រជា​យ៉ាង​ណា អំពី​រឿង​នេះ?

តើ​តាម​របៀប​ណា​ដែល​យើង​អាច​ដឹង​ទស្សនៈ​របស់​ព្រះ?

៣. (ក) បើ​សិន​ជា​យើង​ត្រូវ​ដឹង​ទស្សនៈ​របស់​ព្រះ តើ​យើង​ត្រូវ​តែ​មាន​អ្វី? (ខ) តើ​សំនួរ​អ្វី​ដែល​យើង​ត្រូវ​តែ​សួរ អំពី​មូលហេតុ​ដែល​យើង​ជឿ ថា​ព្រះ​គម្ពីរ​គឺ​មក​ពី​ព្រះ​នោះ?

៣ បើ​សិន​ជា​យើង​ត្រូវ​ដឹង​នូវ​អ្វី​ៗ​ដែល​ព្រះ​ទ្រង់​គិត​នោះ គឺ​ត្រូវ​តែ​មាន​ការ​សម្ដែង​ប្រាប់​អ្វី​មួយ​ពី​ទ្រង់​ជា​មិន​ខាន។ ព្រះ​គម្ពីរ​ជា​សៀវភៅ​ដ៏​ចាស់​បំផុត​ពី​បុរាណ ដែល​អះអាង​ថា​ព្រះ​បាន​បញ្ចេញ​ព្រះ​វិញ្ញាណ​បណ្ដាល​ឲ្យ​តែង។ (ធីម៉ូថេ​ទី​២ ៣:១៦, ១៧) ប៉ុន្តែ តើ​អាច​និយាយ​បាន​ដោយ​ពិត​ទេ ថា​សៀវភៅ​នេះ​មាន​សារ​របស់​ព្រះ​សំរាប់​មនុស្ស​លោក​គ្រប់​ៗ​គ្នា ផ្ទុយ​ពី​សៀវភៅ​ឯ​ទៀត​ទាំង​អស់​នោះ? តើ​អ្នក​នឹង​ឆ្លើយ​សំនួរ​នោះ​ដូច​ម្ដេច ហើយ​ហេតុ​អ្វី​បាន​ជា​ឆ្លើយ​ដូច្នេះ? តើ​នេះ​ដោយ​សារ​តែ​មាតា​បិតា​របស់​អ្នក​កាន់​ទស្សនៈ​ដូច្នេះ​ឬ? តើ​នេះ​ដោយ​សារ​តែ​អាកប្បកិរិយា​នៃ​សហការី​របស់​អ្នក​ឬ? តើ​អ្នក​បាន​ពិចារណា​មើល​ទី​សំអាង​នោះ​ដោយ​ខ្លួន​ឯង​ហើយ​ឬ? ដូច្នេះ ម្ដេច​ក៏​មិន​ធ្វើ​ដូច្នេះ​ឥឡូវ​នេះ​ទៅ ដោយ​ប្រើ​ទី​សំអាង​បួន​ជា​បន្ត​បន្ទាប់​នេះ?

៤. ចំពោះ​ភាព​មាន​ទូទៅ តើ​អ្វី​ដែល​បង្ហាញ​ប្រាប់​ថា ព្រះ​គម្ពីរ​គឺ​មក​ពី​ព្រះ ជា​ជាង​សៀវភៅ​ដទៃ​ទៀត?

៤ ភាព​មាន​ទូទៅ: សារ​ដែល​ពិត​ជា​មក​ពី​ព្រះ ហើយ​ពិត​ជា​សំរាប់​គ្រួសារ​មនុស្ស​លោក​ទាំង​មូល គឺ​ត្រូវ​តែ​មាន​ដល់​មនុស្ស​គ្រប់​ៗ​គ្នា។ តើ​ព្រះ​គម្ពីរ​ដូច្នេះ​មែន​ឬ? សូម​ពិចារណា​ការណ៍​ពិត​នេះ៖ ព្រះ​គម្ពីរ​ទាំង​មូល​ឬ​ក៏​ជា​ចំណែក​ខ្លះ​ៗ ឥឡូវ​នេះ​ត្រូវ​បាន​បោះ​ពុម្ព​ជាង​២.០០០​ភាសា។ យោង​ទៅ​តាម​សមាគម​អាមេរិកាំង​នៃ​ព្រះ​គម្ពីរ ជិត​មួយ​ទស​វត្ស​កន្លង​ទៅ​នេះ ៩៨​ភាគ​រយ​នៃ​ប្រជាជន​ក្នុង​ពិភព​លោក​នេះ​មាន​ព្រះ​គម្ពីរ​អាន​បាន។ ដូច​ជា​បាន​បញ្ជាក់​មក​ដោយ សៀវភៅ​ហ្គី​ន​និ​ស​អំពី​ឯតទគ្គកម្ម​នៃ​ពិភព​លោក ព្រះ​គម្ពីរ​ជា​សៀវភៅ​ដែល«បាន​ចែក​ចេញ​លើស​ជាង​គេ​ទាំង​អស់​ក្នុង​ពិភព​លោក»។ នេះ​ហើយ​ជា​អ្វី​ដែល​យើង​សង្ឃឹម​អំពី​សារ​ដែល​មក​ពី​ព្រះ ដែល​សំរាប់​មនុស្ស​គ្រប់​អម្បូរ​សាសន៍ និង​ប្រជាជាតិ ហើយ​ក្រុម​ភាសា​ផ្សេង​ៗ។ (ប្រៀប​ធៀប វិវរណៈ ១៤:៦) គ្មាន​សៀវភៅ​ឯ​ណា​ទៀត​ក្នុង​លោកីយ៍​នេះ មាន​ប្រវត្ដិ​ដូច​ព្រះ​គម្ពីរ​ឡើយ។

៥. ហេតុ​អ្វី​ក៏​មូលដ្ឋាន​ខាង​ប្រវត្ដិសាស្ត្រ​នៃ​ព្រះ​គម្ពីរ​ជា​ការ​សំខាន់​ម្ល៉េះ?

៥ ភាព​ពិត​ខាង​ប្រវត្ដិសាស្ត្រ: ការ​ពិនិត្យ​ដោយ​ប្រយ័ត្ន​ប្រយែង​នៃ​និទាន​កថា​ព្រះ​គម្ពីរ សម្ដែង​ឲ្យ​ឃើញ​នូវ​ផ្លូវ​មួយ​ទៀត ដែល​ព្រះ​គម្ពីរ​ផ្លែ​ក​ពី​សៀវភៅ​ឯ​ទៀត ដែល​អះអាង​ថា​បរិសុទ្ធ​នោះ។ ព្រះ​គម្ពីរ​មាន​ការណ៍​ពិត​ខាង​ប្រវត្ដិសាស្ត្រ មិន​មែន​រឿង​ព្រេង​ដែល​មិន​អាច​បង្ហាញ​ភស្តុ​តាង​បាន​នោះ​ឡើយ។ លោក​អាវ៉ិន​ល៉ិនថិន ជា​មេធាវី​បាន​ធ្លាប់​ធ្វើ​វិភាគ​រក​អ្វី​ដែល​ត្រូវ​ការសំរាប់​ជា​ភស្តុ​តាង​នៅ​ក្នុង​តុលាការ​ច្បាប់ បាន​សរសេរ​ថា៖ «កាល​ដែល​រឿង​ប្រលោម​លោក រឿង​ព្រេង និង​សក្ខី​ភាព​ក្លែង​ក្លាយ មាន​ការ​ប្រយ័ត្ន​ប្រយែង​ក្នុង​ការ​ប្រាប់​ពី​ព្រឹត្ដិការណ៍​ដែល​ទាក់​ទង​នឹង​កន្លែង​ណា​មួយ​យ៉ាង​ឆ្ងាយ និង​ពេល​វេលា​ណា​ដ៏​មិន​ច្បាស់​លាស់​នោះ . . . និទាន​កថា​នៃ​ព្រះ​គម្ពីរ​ប្រាប់​យើង​នូវ​ពេល​វេលា​និង​កន្លែង​នៃ​ព្រឹត្ដិការណ៍​ដែល​ទាក់​ទង​នោះ ដោយ​មាន​ភាព​ទៀង​ទាត់​ជា​ទី​បំផុត»។ (ជា​ឧទាហរណ៍ សូម​មើល​ពង្សាវតារ​ក្សត្រ​ទី​១ ១៤:២៥; អេសាយ ៣៦:១; លូកា ៣:១, ២) ចំពោះ​មនុស្ស​ណា​ដែល​បែរ​ទៅ​រក​សាសនា​ដោយ​ព្រោះ​តែ​សេចក្ដី​ពិត គឺ​មិន​ដើម្បី​គេច​ឲ្យ​ផុត​ពី​ការ​ជាក់​ស្តែង​នេះ ការ​ពិចារណា​នេះ​ជា​ការ​ដ៏​សំខាន់​មួយ។

៦. (ក) តើ​ព្រះ​គម្ពីរ​ពិត​ជា​ជួយ​បុគ្គល​ម្នាក់​ដែល​មាន​បញ្ហា​នៃ​ជីវិត​ដូច​ម្ដេច​បាន? (ខ) ក្នុង​វិធី​បី​យ៉ាង​ណា ដែល​ព្រះ​គម្ពីរ​ជួយ​បុគ្គល​ម្នាក់ ក្នុង​ការ​ដោះ​ស្រាយ​នឹង​ភាព​ជាក់​ស្តែង​នៃ​ជីវិត​ដ៏​លំបាក?

៦ ភាព​មាន​ប្រយោជន៍: ពួក​អ្នក​ដែល​ពិចារណា​ព្រះ​គម្ពីរ​ដោយ​ប្រាកដ​ប្រជា​នោះ មិន​យូរ​ប៉ុន្មាន​គេ​នឹង​ដឹង​ថា បទ​បញ្ជា​និង​គោល​ការណ៍​របស់​ព្រះ​គម្ពីរ​មិន​បាន​ស្ថាបនា​ឡើង​ដើម្បី​កេង​ប្រវ័ញ្ច​ពី​ពួក​គេ​ឡើយ។ តែ​ផ្ទុយ​ទៅ​វិញ បទ​បញ្ជា​និង​គោល​ការណ៍​ទាំង​នេះ ផ្ដល់​នូវ​ចំណុច​សំខាន់​ៗ​ចំពោះ​ជីវភាព​រស់​នៅ​ដែល​នាំ​ឲ្យ​មាន​ផល​ប្រយោជន៍​ដល់​ពួក​អ្នក​ដែល​ប្រកាន់​ភ្ជាប់​ចំពោះ​គោល​ការណ៍​ទាំង​នោះ។ (អេសាយ ៤៨:១៧, ១៨) ការ​ជួយ​សម្រាល​ទុក្ខ​ដែល​ព្រះ​គម្ពីរ​ផ្ដល់​ទៅ​ពួក​ដែល​មាន​ទុក្ខ​ព្រួយ​នោះ មិន​មែន​ជា​ឥត​ប្រយោជន៍​ទេ ហើយ​ក៏​មិន​មាន​មូលដ្ឋាន​លើ​ទស្សនវិជ្ជា​ឥត​ន័យ​នោះ​ឡើយ។ តែ​ផ្ទុយ​ទៅ​វិញ ព្រះ​គម្ពីរ​អាច​ជួយ​មនុស្ស​លៃ​លក​ដោះ​ស្រាយ​នឹង​ភាព​ជាក់​ស្តែង​នៃ​ជីវិត​ដ៏​លំបាក​បំផុត។ តើ​តាម​របៀប​ណា? គឺ​ក្នុង​វិធី​បី​យ៉ាង៖ (១) ដោយ​ផ្ដល់​ឲ្យ​ឱវាទ​ដ៏​ត្រឹម​ត្រូវ នូវ​របៀប​ដោះ​ស្រាយ​ផល​វិបាក​ទាំង​ឡាយ (២) ដោយ​ពន្យល់​ប្រាប់​ពី​របៀប​ទទួល​ការ​គាំទ្រ​ដ៏​ជា​ទី​ស្រឡាញ់​ដែល​ព្រះ​ប្រទាន​ដល់​អ្នក​បំរើ​របស់​ទ្រង់ នៅ​ពេល​ឥឡូវ​នេះ និង(៣) ដោយ​សម្ដែង​ឲ្យ​ឃើញ​នូវ​អនាគត​ដ៏​អស្ចារ្យ ដែល​ព្រះ​ទ្រង់​ទុក​ប្រការ​សំរាប់​អ្នក​ដែល​បំរើ​ទ្រង់ ប្រទាន​ឲ្យ​ពួក​គេ​មាន​សេចក្ដី​ទុក​ចិត្ត​ដ៏​ត្រឹម​ត្រូវ​ចំពោះ​សេចក្ដី​សន្យា​របស់​ទ្រង់។

៧. (ក) ក្នុង​ការ​ប្រើ​បទ​គម្ពីរ​ក្នុង​កំណត់​ចំណាំ សូម​ពន្យល់​ចម្លើយ​របស់​ព្រះ​គម្ពីរ ចំពោះ​បញ្ហា​មនុស្ស​សំខាន់​ៗ​ជា​ច្រើន​នៅ​សព្វ​ថ្ងៃ​នេះ។ (ខ) សូម​បង្ហាញ​នូវ​របៀប​ដែល​ឱវាទ​ព្រះ​គម្ពីរ ការ​ពារ​យើង​ឬ​ក៏​ជួយ​យើង​ក្នុង​ការ​ដោះ​ស្រាយ​នឹង​ស្ថានការណ៍​ដ៏​តាន​តឹង។

៧ ថ្វី​បើ​ឱវាទ​ព្រះ​គម្ពីរ តែង​តែ​មិន​មាន​ប្រជាប្រិយ​ក្នុង​ចំណោម​ពួក​អ្នក​ដែល​បដិសេធ​អាជ្ញាធរ និង​ស្វែង​រក​ជីវិត​ដែល​បណ្ដោយ​ខ្លួន​ហួស​ហេតុ​ក្ដី ពួក​គេ​ជា​ច្រើន​ដឹង​ថា ជីវិត​បែប​នេះ​មិន​បាន​នាំ​ឲ្យ​គេ​មាន​សុភមង្គល​ដ៏​ពិត​ឡើយ។ (កាឡាទី ៦:៧, ៨) ព្រះ​គម្ពីរ​ផ្ដល់​ចម្លើយ​យ៉ាង​ចំ​ៗ ចំពោះ​បញ្ហា​ខាង​ការ​ពន្លូត​កូន, ការ​លែង​លះ​គ្នា, និង​ការ​ប្រតិព័ទ្ធ​មនុស្ស​ភេទ​ដូច​គ្នា។ ឱវាទ​ព្រះ​គម្ពីរ​ជា​របាំង​ការ​ពារ​នឹង​គ្រឿង​ញៀន ហើយ​ការ​ប្រើ​សុរា​ជ្រុល ហើយ​ព្រម​ទាំង​ការ​ពារ​ពី​ការ​កើត​រោគ​អេដស៍ តាម​រយៈ​ឈាម​ដែល​កខ្វក់ ឬ​ការ​សេពកាម​ដោយ​មិន​រើស​មុខ។ ព្រះ​គម្ពីរ​បង្ហាញ​យើង នូវ​របៀប​ដែល​គ្រួសារ​មាន​សេចក្ដី​សប្បាយ​រីករាយ។ ហើយ​ក៏​ផ្ដល់​ឲ្យ​ចម្លើយ​ដែល​ជួយ​បុគ្គល ដោះ​ស្រាយ​ស្ថានការណ៍​ដ៏​តាន​តឹង​បំផុត​ក្នុង​ជីវិត រួម​ទាំង​ការ​លែង​រាប់​អាន​ពី​សមាជិក​នៃ​ក្រុម​គ្រួសារ, ជម្ងឺ​យ៉ាង​ធ្ងន់​ធ្ងរ ហើយ​សេចក្ដី​ស្លាប់​នៃ​អ្នក​ជា​ទី​ស្រឡាញ់​ផង។ ក៏​ជួយ​យើង​ឲ្យ​ចេះ​គិត​លៃ​លក​អាទិភាព​របស់​យើង ដើម្បី​ឲ្យ​ជីវិត​របស់​យើង​ពេញ​ទៅ​ដោយ​អត្ថន័យ ជា​ជាង​ការ​សោក​ស្ដាយ។a

៨, ៩. (ក) តើ​ទំនាយ​ព្រះ​គម្ពីរ​ណា​មួយ​ដែល​ធ្វើ​ឲ្យ​អ្នក​ស្ងើច ជា​ភស្តុ​តាង​នៃ​ការ​បណ្ដាល​មក​ពី​ព្រះ​នោះ? (ខ) តើ​ទំនាយ​ទាំង​ឡាយ​ក្នុង​ព្រះ​គម្ពីរ​សម្ដែង​ជា​ភស្តុ​តាង​យ៉ាង​ណា ចំពោះ​ប្រភព​នៃ​ទំនាយ​ទាំង​នោះ?

៨ ទំនាយ: ព្រះ​គម្ពីរ​ជា​សៀវភៅ​នៃ​ទំនាយ​ដ៏​អស្ចារ្យ​មួយ ជា​សៀវភៅ​មួយ​ដែល​ចែង​ប្រាប់​អ្វី​ៗ​ដែល​នឹង​កើត​ឡើង​នៅ​អនាគតយ៉ាង​ល្អិត​ល្អន់។ ព្រះ​គម្ពីរ​បាន​ទាយ​ប្រាប់​អំពី​សេចក្ដី​ហិន​វិនាស​នៃ​ស្រុក​ទីរ៉ុស​ពី​បុរាណ ការ​ធ្លាក់​អំណាច​នៃ​ពួក​បាប៊ីឡូន, ការ​សង់​ក្រុង​យេរូសាឡិម​ឡើង​វិញ, និង​ការ​ឡើង​និង​ការ​ធ្លាក់​ដំណែង​នៃ​ពួក​ស្តេច​មេឌី​-​ពើស៊ី និង​ស្រុក​ក្រិក, ហើយ​ក៏​ប្រាប់​អំពី​ព្រឹត្ដិការណ៍​ជា​ច្រើន​នៃ​ព្រះ​ជន្ម​របស់​ព្រះ​យេស៊ូ​វ​គ្រីស្ទ។ ព្រះ​គម្ពីរ​ក៏​បាន​ទាយ​ប្រាប់​អំពី​ស្ថានភាព​នៃ​លោកីយ៍​យ៉ាង​ល្អិត​ល្អន់ ដែល​បាន​លូត​ឡើង​ក្នុង​សតវត្ស​នេះ ហើយ​ក៏​ពន្យល់​អំពី​លក្ខណៈ​សំខាន់​ៗ​នៃ​ព្រឹត្ដិការណ៍​ទាំង​នេះ​ផង។ ព្រះ​គម្ពីរ​ក៏​បង្ហាញ​អំពី​របៀប​ដែល​បញ្ហា​ជា​ច្រើន​នឹង​ត្រូវ​ដោះ​ស្រាយ ដែល​ពួក​អ្នក​គ្រប់​គ្រង​មនុស្ស​លោក​មិន​អាច​ធ្វើ​បាន ហើយ​ព្រម​ទាំង​សម្គាល់​ប្រាប់​នូវ​អ្នក​គ្រប់​គ្រង​ម្នាក់ ដែល​នឹង​នាំ​ឲ្យ​មាន​សន្ដិភាព​ជា​ស្ថាពរ និង​សន្ដិសុខ​ពិត​ប្រាកដ​ដល់​មនុស្ស​លោក។b—អេសាយ ៩:៦, ៧; ១១:១​-​៥, ៩; ៥៣:៤​-​៦

៩ គួរ​ឲ្យ​អស្ចារ្យ​ដែរ ព្រះ​គម្ពីរ​សម្ដែង​នូវ​សមត្ថភាព ក្នុង​ការ​ទាយ​អំពី​អនាគត​យ៉ាង​ត្រូវ​ទៀង​ទាត់ គឺ​ជា​ការ​ល្បង​មើល​នៃ​ភាព​ជា​ព្រះ។ (អេសាយ ៤១:១–៤៦:១៣) បុគ្គល​ម្នាក់​ដែល​អាច​ធ្វើ​យ៉ាង​នេះ ឬ​ក៏​អាច​បណ្ដាល​អ្នក​ឯ​ទៀត​ឲ្យ​ធ្វើ​យ៉ាង​នេះ មិន​មែន​ជា​រូប​ព្រះ​ដែល​ឥត​ជីវិត​នោះ​ទេ។ បុគ្គល​នេះ​មិន​មែន​គ្រាន់​តែ​ជា​មនុស្ស​ដែល​ស៊ប់​នឹង​សាសនា​ប៉ុណ្ណោះ​ឡើយ។ ទ្រង់​ជា​ព្រះ​ដ៏​ពិត ហើយ​សៀវភៅ​ដែល​មាន​ទំនាយ​ដូច​នេះ គឺ​ជា​ពាក្យ​បន្ទូល​របស់​ទ្រង់។—ថែស្សាឡូនីច​ទី​១ ២:១៣

តើ​ពួក​អ្នក​ទាំង​អស់​ដែល​ប្រើ​ព្រះ​គម្ពីរ​បង្រៀន​សាសនា​ត្រឹម​ត្រូវ​ឬ?

១០, ១១. ដូច​ជា​បាន​បង្ហាញ​ដោយ​ព្រះ​យេស៊ូ​វ ថ្វី​បើ​បព្វជិត​ម្នាក់​ប្រហែល​ជា​ប្រើ​ព្រះ​គម្ពីរ​ក្ដី តើ​អ្វី​ដែល​អាច​ធ្វើ​ឲ្យ​សាសនា​គាត់​ជា​ការ​ឥត​ប្រយោជន៍​វិញ?

១០ ជា​ការ​សំខាន់​ជាង​នោះ​ទៅ​ទៀត តើ​ជា​ការ​សម​ហេតុ​ផល​ឬ​ស្រប​តាម​ព្រះ​គម្ពីរ​ទេ ដោយ​សន្និដ្ឋាន​ថា ពួក​ក្រុម​នៃ​សាសនា​ទាំង​អស់​ដែល​អះអាង​ថា​ប្រើ​ព្រះ​គម្ពីរ បង្រៀន​សាសនា​ពិត​នោះ? តើ​ពួក​គ្រប់​ៗ​គ្នា​ដែល​កាន់​ឬ​ដក​ស្រង់​ពី​ព្រះ​គម្ពីរ កាន់​សាសនា​ត្រឹម​ត្រូវ​ឬ?

១១ គណៈ​បព្វជិត​ជា​ច្រើន ថ្វី​បើ​គេ​មាន​ព្រះ​គម្ពីរ​ក្ដី ប្រើ​សាសនា​ជា​មធ្យោបាយ​មួយ​ដើម្បី​នឹង​លើក​តំកើង​ខ្លួន​គេ។ ពួក​គេ​បាន​លាយ​សេចក្ដី​ពិត​ដ៏​បរិសុទ្ធ​ជា​មួយ​នឹង​ប្រពៃណី ហើយ​ទស្សនវិជ្ជា​របស់​មនុស្ស។ តើ​ព្រះ​ទ្រង់​សព្វ​ព្រះ​ហឫទ័យ​នឹង​ការ​ថ្វាយ​បង្គំ​របស់​គេ​ទេ? ចំពោះ​មេ​ដឹក​នាំ​សាសនា​នៅ​ក្នុង​ក្រុង​យេរូសាឡិម​នៃ​សតវត្ស​ទី​មួយ ដែល​បាន​ប្រព្រឹត្ត​បែប​ដូច្នោះ ព្រះ​យេស៊ូ​វ​គ្រីស្ទ​បាន​លើក​ការ​ប្រកាស​របស់​ព្រះ តាម​រយៈ​ហោរា​អេសាយ​យ៉ាង​ម៉ឺង​ម៉ាត់​ថា៖ «បណ្ដា​ជន​នេះ គេ​គោរព​ប្រតិបត្ដិ​ដល់​អញ​តែ​បបូរ​មាត់​ទេ ឯ​ចិត្ត​គេ នោះ​នៅ​ឆ្ងាយ​ពី​អញ​ណាស់ គេ​ថ្វាយ​បង្គំ​អញ​ជា​ឥត​ប្រយោជន៍​ទេ ព្រោះ​គេ​បង្រៀន​សេចក្ដី​ដែល​ជា​បញ្ញត្ត​របស់​មនុស្ស​វិញ»។ (ម៉ាថាយ ១៥:៨, ៩; ២៣:៥​-​១០) ជា​ច្បាស់​ណាស់ សាសនា​ប្រភេទ​នេះ មិន​មែន​ជា​សាសនា​ពិត​ឡើយ។

១២, ១៣. (ក) តើ​មារយាទ​របស់​សមាជិក​សាសនា​ទាំង​ឡាយ អាច​ជួយ​បុគ្គល​ម្នាក់ ក្នុង​ការ​ពិនិត្យ​មើល​ថា​តើ​សាសនា​របស់​គេ​ជា​ត្រូវ​ឬ​ក៏​មិន​ត្រូវ​នោះ? (ខ) តើ​ព្រះ​នឹង​មាន​ទស្សនៈ​ចំពោះ​ការ​ថ្វាយ​បង្គំ​របស់​យើង​យ៉ាង​ណា បើ​យើង​ជ្រើស​រើស​សហការី​ដែល​ទ្រង់​បដិសេធ​នោះ? (របាក្សត្រ​ទី​២ ១៩:២)

១២ ចុះ​យ៉ាង​ណា​វិញ បើ​សិន​ជា​ផល​ផ្លែ​ដែល​បាន​ផលិត​មក ដោយ​ការ​បង្រៀន​នៃ​សាសនា​ណា​មួយ ទៅ​ជា​រលួយ​នោះ ដូច​ជា​បាន​សម្ដែង​ឲ្យ​ឃើញ​មក​ក្នុង​ជីវិត​នៃ​សមាជិក​របស់​គេ​ដែលមាន​ឋានៈ​ល្អ? ក្នុង​ធម្មទាន​របស់​ទ្រង់​នៅ​លើ​ភ្នំ​ដើម​អូលីវ ព្រះ​យេស៊ូ​វ​បាន​ព្រមាន​ថា៖ «ចូរ​ប្រយ័ត​នឹង​ពួក​គ្រូ​ក្លែង​ក្លាយ . . . អ្នក​រាល់​គ្នា​នឹង​ស្គាល់​គេ​បាន ដោយ​សារ​ផល​គេ​បង្កើត . . . អស់​ទាំង​ដើម​ឈើ​ល្អ តែង​មាន​ផ្លែ​ល្អ ឯ​ដើម​អាក្រក់ ក៏​តែង​មាន​ផ្លែ​អាក្រក់​ដែរ»។ (ម៉ាថាយ ៧:១៥​-​១៧) ពិត​មែន​ហើយ មាន​បុគ្គល​ខ្លះ​ប្រហែល​ជា​ប្រព្រឹត្ត​អំពើ​អាក្រក់ ហើយ​ត្រូវ​ការ​កែ​ប្រដៅ។ ប៉ុន្តែ​ជា​រឿង​ផ្ទុយ​ទៅ​វិញ ពេល​ដែល​សមាជិក​នៃ​សាសនា ព្រម​ទាំង​គណៈ​បព្វជិត ប្រព្រឹត្ត​នូវ​អំពើ​សហាយស្មន់ និង​អំពើ​កំផិត, ការ​វាយ​តប់​គ្នា, ការ​ប្រមឹក, ការ​លោភ​លន់, ភូត​ភរ, ចេ​តោ​និយម, ថ្វាយ​បង្គំ​រូប​ព្រះ—ខ្លះ​ឬ​ទាំង​អស់​ក្ដី—ហើយ​នៅ​តែ​គ្មាន​ការ​ប្រដែ​ប្រដៅ​កាត់​ទោស​សោះ​ឡើយ។ ហើយ​ពួក​អ្នក​ដែល​បន្ត​ការ​ប្រព្រឹត្ត​ដូច​នេះ មិន​បាន​បណ្ដេញ​ឲ្យ​ចេញ​ពី​ក្រុម​ជំនុំ​ទេ។ ព្រះ​គម្ពីរ​បាន​ចែង​យ៉ាង​ច្បាស់​លាស់​ថា អស់​អ្នក​ដែល​ប្រព្រឹត្ត​អំពើ​ដូច​នេះ ត្រូវ​តែ​បណ្ដេញ​ចេញ​ពី​ក្រុម​ជំនុំ ហើយ​ពួក​គេ​នឹង​មិន​មាន​កន្លែង​ក្នុង​ព្រះ​រាជាណាចក្រ​របស់​ព្រះ​ឡើយ។ (កាឡាទី ៥:១៩​-​២១) ការ​ថ្វាយ​បង្គំ​របស់​ពួក​គេ ព្រះ​មិន​សព្វ​ព្រះ​ហឫទ័យ​ឡើយ ហើយ​ការ​ថ្វាយ​បង្គំ​របស់​យើង​ក៏​មិន​គាប់​ព្រះ​ហឫទ័យ​ទ្រង់​ដែរ បើ​យើង​ជ្រើស​រើស​សហការី​ដែល​ទ្រង់​បដិសេធ​នោះ។—កូរិនថូស​ទី​១ ៥:១១​-​១៣; ៦:៩, ១០; វិវរណៈ ២១:៨

១៣ ជា​ការ​ច្បាស់​លាស់​ណាស់ គឺ​ថា​មិន​មែន​ក្រុម​សាសនា​ទាំង​អស់​ដែល​អះអាង​ប្រើ​ព្រះ​គម្ពីរ កាន់​តាម​សាសនា​ពិត ដែល​ព្រះ​គម្ពីរ​ពិពណ៌នា​នោះ​ឡើយ។ ដូច្នេះ តើ​ព្រះ​គម្ពីរ​បង្ហាញ​ប្រាប់​សញ្ញា​សម្គាល់​អ្វី​ខ្លះ​អំពី​សាសនា​ពិត?

សញ្ញា​សម្គាល់​នៃ​សាសនា​ពិត

១៤. (ក) តើ​សេចក្ដី​បង្រៀន​ទាំង​អស់​របស់​សាសនា​ពិត មាន​មូលដ្ឋាន​ពី​ណា​មក? (ខ) តើ​សេចក្ដី​បង្រៀន​របស់​ពិភព​គ្រីស្ទ​សាសនា អំពី​ព្រះ​និង​ព្រលឹង​នោះ ទទួល​លទ្ធផល​យ៉ាង​ណា​ចំពោះ​ការ​សាក​ល្បង​នេះ?

១៤ ការ​បង្រៀន​នៃ​សាសនា​ពិត ត្រូវ​មាន​មូលដ្ឋាន​យ៉ាង​មាំ​មួន​ពី​ព្រះ​គម្ពីរ​ដែល​បណ្ដាល​មក​ពី​ព្រះ។ «គ្រប់​ទាំង​បទ​គម្ពីរ គឺ​ជា​ព្រះ​ទ្រង់​បាន​បញ្ចេញ​ព្រះ​វិញ្ញាណ​បណ្ដាល​ឲ្យ​តែង​ទេ ក៏​មាន​ប្រយោជន៍​សំរាប់​ការ​បង្រៀន ការ​រំឭក​ឲ្យ​ដឹង​ខ្លួន ការ​ប្រដៅ​ដំ​រង់ នឹង​ការ​បង្ហាត់​ខាង​ឯ​សេចក្ដី​សុចរិត»។ (ធីម៉ូថេ​ទី​២ ៣:១៦) ប៉ុន្តែ តើ​នៅ​ឯ​ណា ដែល​ព្រះ​គម្ពីរ​បរិសុទ្ធ​ចែង​អំពី​ត្រី​ឯកភាព​នៃ​ពិភព​គ្រីស្ទ​សាសនា​នោះ? តើ​នៅ​ឯ​ណា​ដែល​ព្រះ​គម្ពីរ​បង្រៀន​ថា មនុស្ស​មាន​ព្រលឹង​រស់​នៅ​ក្រោយ​ពី​រាង​កាយ​បាន​ស្លាប់ ដូច​ពួក​គណៈ​បព្វជិត​បង្រៀន​នោះ? តើ​អ្នក​មាន​ដែល​សួរ​បព្វជិត​ឲ្យ​បង្ហាញ​អ្នក​អំពី​ការ​បង្រៀន​នោះ នៅ​ក្នុង​ព្រះ​គម្ពីរ​របស់​អ្នក​ទេ? សព្វវចនាធិប្បាយ​ប៊្រីធែណនីកា​ថ្មី ចែង​ថា៖ «ពាក្យ​ត្រី​ឯកភាព​និង​លទ្ធិ​យ៉ាង​ជាក់​លាក់​នោះ មិន​មាន​ក្នុង​សញ្ញា​ថ្មី​ឡើយ»។ (1992, Microp​æ​dia, Volume 11, page 928) ហើយ​សព្វវចនាធិប្បាយ​កាតូលិក​ថ្មី សារភាព​ថា៖ «ក្នុង​ចំណោម​ពួក​អ្នក​និពន្ធ​គ្រីស្ទាន​ពី​ដើម គឺ​គ្មាន​គំនិត​ឬ​ក៏​ទស្សនៈ​បែប​នេះ សូម្បី​តែ​ទាក់​ទង​បន្ដិច​បន្តួច​ក៏​គ្មាន​ដែរ»។ (1967, Volume XIV, page 299) ចំពោះ​សេចក្ដី​បង្រៀន​របស់​ពិភព​គ្រីស្ទ​សាសនា​អំពី​ព្រលឹង ដែល​បែក​ចេញ​ពី​រាង​កាយ​នៅ​ពេល​ស្លាប់​នោះ ពួក​វិជ្ជាករ​ខាង​សាសនា​សារភាព​ថា គេ​បាន​ខ្ចី​មតិ​នេះ​ពី​ទស្សនវិជ្ជា​ក្រិក។ ប៉ុន្តែ សាសនា​ពិត​ពុំ​បដិសេធ​ចោល​សេចក្ដី​ពិត​របស់​ព្រះ​គម្ពីរ ដើម្បី​ជា​ប្រយោជន៍​ដល់​ទស្សនវិជ្ជា​របស់​មនុស្ស​ឡើយ។—លោកុប្បត្តិ ២:៧; ចោទិយកថា ៦:៤; អេសេគាល ១៨:៤; យ៉ូហាន ១៤:២៨

១៥. (ក) តើ​ព្រះ​គម្ពីរ​សម្គាល់​ថា បុគ្គល​មួយ​ណា​ទៅ​ដែល​យើង​ត្រូវ​តែ​ថ្វាយ​បង្គំ​នោះ? (ខ) តើ​អ្នក​ថ្វាយ​បង្គំ​ពិត​មាន​អារម្មណ៍​យ៉ាង​ណា អំពី​ការ​មក​ជិត​ព្រះ​យេហូវ៉ា​នោះ?

១៥ សាសនា​ពិត​គាំទ្រ​ការ​ថ្វាយ​បង្គំ​ព្រះ​យេហូវ៉ា ជា​ព្រះ​ពិត​តែ​មួយ​អង្គ។ (ចោទិយកថា ៤:៣៥; យ៉ូហាន ១៧:៣) ក្នុង​ការ​បក​ស្រាយ​ឡើង​វិញ​នូវ​ចោទិយកថា ៥:៩ និង⁠៦:១៣ ព្រះ​យេស៊ូ​វ​គ្រីស្ទ​បាន​មាន​បន្ទូល​យ៉ាង​ម៉ឺង​ម៉ាត់​ថា៖ «ឯង​ត្រូវ​ថ្វាយ​បង្គំ​ដល់​ព្រះ​អម្ចាស់[យេហូវ៉ា,ពថ] ជា​ព្រះ​នៃ​ឯង ហើយ​ត្រូវ​គោរព​ដល់​ទ្រង់​តែ​មួយ​ព្រះ​អង្គ​ប៉ុណ្ណោះ»។ (ម៉ាថាយ ៤:១០) ក្នុង​ការ​ប្រព្រឹត្ត​ស្រប​តាម​សេចក្ដី​នោះ ព្រះ​យេស៊ូ​វ​បាន​ធ្វើ​ឲ្យ​ពួក​សិស្ស​ទ្រង់​ស្គាល់​ព្រះ​នាម​របស់​ព្រះ​វរបិតា​ទ្រង់។ (យ៉ូហាន ១៧:២៦) តើ​សាសនា​របស់​អ្នក​បាន​បង្រៀន​អ្នក​ឲ្យ​ថ្វាយ​បង្គំ​ព្រះ​យេហូវ៉ា​ទេ? តើ​អ្នក​ស្គាល់​បុគ្គល​ដែល​ត្រូវ​បាន​សម្គាល់​ដោយ​ឈ្មោះ​នោះ​ទេ—ដូច​ជា​ស្គាល់​រាជបំណង​របស់​ទ្រង់ សកម្មភាព​របស់​ទ្រង់ គុណសម្បត្ដិ​របស់​ទ្រង់—ដើម្បី​ឲ្យ​អ្នក​មាន​អារម្មណ៍​ថា អ្នក​អាច​មាន​ការ​ទុក​ចិត្ត​បាន​មក​ជិត​ទ្រង់​នោះ? បើ​សិន​ជា​សាសនា​របស់​អ្នក​ជា​សាសនា​ពិត​នោះ ចម្លើយ​គឺ​ត្រូវ​មែន​ហើយ។—លូកា ១០:២២; យ៉ូហាន​ទី​១ ៥:១៤

១៦. តើ​មាន​ជំនឿ​លើ​ព្រះ​គ្រីស្ទ​មាន​ន័យ​យ៉ាង​ណា ចំពោះ​អស់​អ្នក​ដែល​កាន់​តាម​សាសនា​ពិត​នោះ?

១៦ ផ្នែក​មួយ​ដ៏​សំខាន់​នៃ​ការ​ថ្វាយ​បង្គំ ដែល​ព្រះ​សព្វ​ព្រះ​ហឫទ័យ​នោះ គឺ​ការ​មាន​ជំនឿ​ទៅ​លើ​បុត្រ​របស់​ទ្រង់ ព្រះ​យេស៊ូ​វ​គ្រីស្ទ។ (យ៉ូហាន ៣:៣៦; កិច្ច​ការ ៤:១២) នេះ​មិន​មាន​សេចក្ដី​គ្រាន់​តែ​ជឿ​ថា ទ្រង់​ធ្លាប់​មាន​ព្រះ​ជន្ម​រស់​នៅ​ឬ​ក៏​ទ្រង់​ជា​បុគ្គល​ដ៏​អស្ចារ្យ​មួយ​ប៉ុណ្ណោះ​ទេ។ នេះ​គឺ​រួម​បញ្ចូល​អំណរ​អរ​នូវ​អ្វី​ៗ​ដែល​ព្រះ​គម្ពីរ​បង្រៀន​ចំពោះ​តម្លៃ​នៃ​យញ្ញ​បូជា​ព្រះ​ជន្ម​ដ៏​ល្អ​ឥត​ខ្ចោះ​ជា​មនុស្ស​របស់​ទ្រង់ ហើយ​ទទួល​ស្គាល់​ឋានៈ​របស់​ទ្រង់​ជា​ស្តេច​នៃ​ស្ថាន​សួគ៌​នៅ​សព្វ​ថ្ងៃ​នេះ។ (ទំនុកដំកើង ២:៦​-​៨; យ៉ូហាន ៣:១៦; វិវរណៈ ១២:១០) បើ​សិន​ជា​អ្នក​ចូល​រួប​រួម​ជា​មួយ​អស់​អ្នក​ដែល​កាន់​សាសនា​ពិត អ្នក​នឹង​ដឹង​ថា ក្នុងគ្រប់​ជីវភាព​ប្រចាំ​ថ្ងៃ​របស់​គេ ពួក​គេ​ខំ​ប្រឹង​ដោយ​យក​ចិត្ត​ទុក​ដាក់​គោរព​តាម​ព្រះ​យេស៊ូ​វ ធ្វើ​តាម​គំរូ​របស់​ទ្រង់ ហើយ​នឹង​ចូល​រួម​ផ្ទាល់​ខ្លួន ដោយ​មាន​ចិត្ត​យ៉ាង​ខ្នះ​ខ្នែង​ក្នុង​កិច្ចការ​ដែល​ទ្រង់​បាន​ចាត់​ឲ្យ​សិស្ស​របស់​ទ្រង់​ធ្វើ។ (ម៉ាថាយ ២៨:១៩, ២០; យ៉ូហាន ១៥:១៤; ពេត្រុស​ទី​១ ២:២១) បើ​សិន​ជា ពួក​អ្នក​ដែល​អ្នក​ថ្វាយ​បង្គំ​ជា​មួយ​មិន​ប្រព្រឹត្ត​បែប​នេះ​ទេ អ្នក​ត្រូវ​តែ​ទៅ​រក​កន្លែង​ផ្សេង​ទៀត។

១៧. ហេតុ​អ្វី​ក៏​អ្នក​ថ្វាយ​បង្គំ​ពិត ត្រូវ​ប្រយ័ត្ន​ប្រយែង​កុំ​ឲ្យ​ជាប់​ប្រឡាក់​ជា​មួយ​នឹង​លោកីយ៍ ហើយ​តើ​នេះ​រួម​បញ្ចូល​អ្វី​ដែរ?

១៧ ការ​ថ្វាយ​បង្គំ​ពិត​មិន​ត្រូវ​បាន​ប្រឡាក់​នឹង​ការ​ជាប់​ទាក់​ទង​ខាង​នយោបាយ ហើយ​ការ​ប៉ះ​ទង្គិច​ខាង​លោកីយ៍​នេះ​ឡើយ។ (យ៉ាកុប ១:២៧) ហេតុ​អ្វី​បាន​ជា​ដូច្នេះ? ពី​ព្រោះ​ព្រះ​យេស៊ូ​វ​បាន​មាន​បន្ទូល​ចំពោះ​អ្នក​កាន់​តាម​ទ្រង់​ថា៖ «គេ​មិន​មែន​ជា​របស់​ផង​លោ​កី​យ ដូច​ជា​ទូល​បង្គំ​ក៏​មិន​មែន​ជា​របស់​លោ​កី​យ​ដែរ»។ (យ៉ូហាន ១៧:១៦) ព្រះ​យេស៊ូ​វ​មិន​បាន​ជ្រៀត​ជ្រែក​ចូល​ក្នុង​រឿង​នយោបាយ​ទេ ហើយ​ទ្រង់​ក៏​បាន​ទប់​ចិត្ត​ពួក​អ្នក​កាន់​តាម​ទ្រង់​ពី​ការ​ប្រើ​អាវុធ​ដែរ។ (ម៉ាថាយ ២៦:៥២) ពួក​ទាំង​នោះ​ដែល​យក​បន្ទូល​របស់​ព្រះ​មក​កាន់​ជាប់​នឹង​ចិត្ត​នោះ ‹មិន​ហាត់​រៀន​ធ្វើ​សង្គ្រាម​ទេ›។ (អេសាយ ២:២​-​៤) បើ​សិន​ជា​សាសនា​ណា​មួយ​ដែល​អ្នក​កាន់​តាម សូម្បី​តែ​បន្ដិច​បន្តួច​ក្ដី ដែល​មិន​សម​ស្រប​នឹង​ពិពណ៌នា​នេះ នេះ​ជា​ពេល​វេលា​ដែល​លោក​អ្នក​គួរ​ឈប់​បន្ត​សេព​គប់​ជា​មួយ​នឹង​សាសនា​នោះ។—យ៉ាកុប ៤:៤; វិវរណៈ ១៨:៤, ៥

១៨. (ក) តើ​យ៉ូហាន ១៣:៣៥​សម្គាល់​នូវ​លក្ខណៈ​ដ៏​អស្ចារ្យ​ណា នៃ​សាសនា​ពិត? (ខ) តើ​អ្នក​នឹង​អាច​ជួយ​អ្នក​ណា​ម្នាក់​បាន​យ៉ាង​ណា ក្នុង​ការ​រក​មើល​ក្រុម​ណា​មួយ​ដែល​អនុលោម​តាម​យ៉ូហាន ១៣:៣៥​នោះ?

១៨ សាសនា​ពិត​បង្រៀន​ហើយ​ប្រតិបត្ដិ​សេចក្ដី​ស្រឡាញ់​ដែល​អ​អញ​និយម។ (យ៉ូហាន ១៣:៣៥; យ៉ូហាន​ទី​១ ៣:១០​-​១២) សេចក្ដី​ស្រឡាញ់​បែប​នេះ មិន​គ្រាន់​តែ​បាន​និយាយ​មក​នៅ​ពេល​ធម្មទាន​ឡើយ។ សាសនា​ពិត​នាំ​មនុស្ស​ឲ្យ​មាន​ភាតរភាព​ពិត​ប្រាកដ ពី​គ្រប់​អម្បូរ​សាសន៍ ពី​គ្រប់​ក្រុម​នៃ​សេដ្ឋកិច្ច ពី​គ្រប់​ភាសា ព្រម​ទាំង​ពី​សញ្ជាតិ​ផង។ (វិវរណៈ ៧:៩, ១០) សាសនា​ពិត​ធ្វើ​ឲ្យ​ជន​គ្រីស្ទាន​ពិត មាន​សភាព​ខុស​ប្លែក​ពី​លោកីយ៍​ដែល​នៅ​ជុំ​វិញ​គេ។ សូម​អញ្ជើញ​លោក​ទៅ​កិច្ច​ប្រជុំ​នៅ​ឯ​សាល​ព្រះ​រាជាណាចក្រ​នៃ​ស្មរបន្ទាល់​ព្រះ​យេហូវ៉ា ថែម​ទាំង​មហា​សន្និបាត​ផ្សេង​ៗ​ទៀត បើ​សិន​ជា​អ្នក​មិន​ទាន់​បាន​ធ្វើ​ដូច្នេះ​នៅ​ឡើយ។ សូម​មើល​ពួក​គេ​កាល​ដែល​គេ​ធ្វើ​ការ​ជា​មួយ​គ្នា ដើម្បី​សង់​សាល​ព្រះ​រាជាណាចក្រ​មួយ។ សូម​សង្កេត​មើល​នូវ​របៀប​ដែល​គេ​ប្រព្រឹត្ត​នឹង​ពួក​ចាស់​ទុំ(រួម​ទាំង​ពួក​មេម៉ាយ)និង​ពួក​ក្មេង​ៗ(រួម​ទាំង​អស់​អ្នក​ដែល​មាន​តែ​ឪពុក​ឬ​ម្ដាយ​ឬ​ក៏​មិន​មាន​សោះ)។ (យ៉ាកុប ១:២៧) សូម​ប្រៀប​ធៀប​នូវ​អ្វី​ៗ​ដែល​អ្នក​សង្កេត​ឃើញ​ជា​មួយ​នឹង​អ្វី​ៗ​ដែល​បាន​ឃើញ​ក្នុង​សាសនា​ឯ​ទៀត​ចុះ។ បន្ទាប់​មក​សូម​សួរ​ខ្លួន​ថា ‹តើ​ពួក​ណា​ដែល​កាន់​សាសនា​ពិត›?

១៩. (ក) តើ​មាន​ផ្លូវ​ដោះ​ស្រាយ​អ្វី​ចំពោះ​បញ្ហា​មនុស្ស​លោក ដែល​សាសនា​ពិត​គាំទ្រ? (ខ) តើ​សមាជិក​នៃ​ក្រុម​ដែល​កាន់​ភ្ជាប់​តាម​សាសនា​ពិត​គួរ​តែ​កំពុង​ធ្វើ​អ្វី?

១៩ សាសនា​ពិត​គាំទ្រ​ព្រះ​រាជាណាចក្រ​របស់​ព្រះ ជា​ផ្លូវ​ដោះ​ស្រាយ​ជា​ស្ថាពរ​ចំពោះ​បញ្ហា​ទាំង​ឡាយ​នៃ​មនុស្ស​លោក។ (ដានីយ៉ែល ២:៤៤; ៧:១៣, ១៤; ពេត្រុស​ទី​២ ៣:១៣; វិវរណៈ ២១:៤, ៥) តើ​សាសនា​នៃ​ពួក​ពិភព​គ្រីស្ទ​សាសនា​ធ្វើ​ដូច្នេះ​ទេ? តើ​អ្នក​មាន​ដែល​បាន​ឮ​បព្វជិត​ណា​ម្នាក់​ពន្យល់​អំពី​ព្រះ​រាជាណាចក្រ​របស់​ព្រះ ហើយ​អំពី​អ្វី​ៗ​ដែល​ព្រះ​គម្ពីរ​បង្ហាញ​ថា​នឹង​ត្រូវ​សម្រេច​នោះ​ទេ? តើ​អង្គការ​របស់​អ្នក​លើក​ទឹក​ចិត្ត​អ្នក​ឲ្យ​ទៅ​និយាយ​នឹង​អ្នក​ដទៃ​អំពី​ព្រះ​រាជាណាចក្រ​របស់​ព្រះ​ទេ ហើយ​បើ​សិន​ជា​ដូច្នេះ​មែន តើ​សមាជិក​ទាំង​អស់​ចូល​រួម​ក្នុង​កិច្ច​ការ​នេះ​ទេ? ព្រះ​យេស៊ូ​វ​បាន​ផ្សាយ​អំពី​រឿង​នេះ ហើយ​សិស្ស​ដំបូង​របស់​ទ្រង់​ក៏​បាន​ធ្វើ​ដូច្នេះ​ដែរ។ អ្នក​ក៏​មាន​សិទ្ធិ​ចូល​រួម​ក្នុង​សកម្មភាព​នេះ​ដែរ។ នេះ​ជា​កិច្ច​ការ​ដ៏​សំខាន់​បំផុត​ដែល​កំពុង​តែ​ធ្វើ​ឡើង​នៅ​លើ​ផែនដី​សព្វ​ថ្ងៃ​នេះ។—ម៉ាថាយ ២៤:១៤

២០. ក្រៅ​ពី​ការ​សម្គាល់​សាសនា​ពិត​ដ៏​ត្រឹម​ត្រូវ តើ​យើង​ត្រូវ​ធ្វើ​យ៉ាង​ណា​ទៀត?

២០ ថ្វី​បើ​មាន​សាសនា​រាប់​ពាន់​ក្ដី ព្រះ​គម្ពីរ​ជួយ​យើង​យ៉ាង​រហ័ស​ក្នុង​ការ​បំបាត់​ការ​វង្វេង​នេះ ដើម្បី​នឹង​សម្គាល់​សាសនា​ដែល​ពិត។ ប៉ុន្តែ គ្រាន់​តែ​សម្គាល់​សាសនា​ពិត​នោះ មិន​គ្រប់​គ្រាន់​ទេ យើង​ត្រូវ​តែ​ធ្វើ​ច្រើន​ជាង​នោះ​ទៅ​ទៀត។ ជា​ការ​សំខាន់​ដ៏​ជីវិត​សម្ព័ន្ធ ដែល​យើង​ប្រព្រឹត្ត​តាម​សាសនា​ពិត។ អ្វី​ដែល​ទាក់​ទង​ក្នុង​ការ​ប្រព្រឹត្ត​តាម​សាសនា​ពិត​នេះ នឹង​ត្រូវ​ពិចារណា​ឲ្យ​បាន​វែង​ឆ្ងាយ​ទៅ​ទៀត ក្នុង​អត្ថបទ​ជា​បន្ទាប់​របស់​យើង។

[កំណត់​សម្គាល់]

a ការ​ពន្លូត​កូន: កិច្ច​ការ ១៧:២៨; ទំនុកដំកើង ១៣៩:១, ១៦; និក្ខមនំ ២១:២២, ២៣ ការ​លែង​លះ​គ្នា: ម៉ាថាយ ១៩:៨, ៩; រ៉ូម ៧:២, ៣ ការ​ប្រតិព័ទ្ធ​មនុស្ស​ភេទ​ដូច​គ្នា: រ៉ូម ១:២៤​-​២៧; កូរិនថូស​ទី​១ ៦:៩​-​១១ គ្រឿង​ញៀន​និង​ការ​ប្រើ​សុរា​ជ្រុល: កូរិនថូស​ទី​២ ៧:១; លូកា ១០:២៥​-​២៧; សុភាសិត ២៣:២០, ២១; កាឡាទី ៥:១៩​-​២១ ឈាម​និង​ដំណើរ​សេពកាម​មិន​រើស​មុខ: កិច្ច​ការ ១៥:២៨, ២៩; សុភាសិត ៥:១៥​-​២៣; យេរេមា ៥:៧​-​៩ ក្រុម​គ្រួសារ: អេភេសូរ ៥:២២–៦:៤; កូល៉ុស ៣:១៨​-​២១ ការ​លែង​រាប់​អាន: ទំនុកដំកើង ២៧:១០; ម៉ាឡាគី ២:១៣​-​១៦; រ៉ូម ៨:៣៥​-​៣៩ ជម្ងឺ: វិវរណៈ ២១:៤, ៥; ២២:១, ២; ទីតុស ១:២; ទំនុកដំកើង ២៣:១​-​៤ សេចក្ដី​ស្លាប់: អេសាយ ២៥:៨; កិច្ច​ការ ២៤:១៥ អាទិភាព: ម៉ាថាយ ៦:១៩​-​៣៤; លូកា ១២:១៦​-​២១; ធីម៉ូថេ​ទី​១ ៦:៦​-​១២

b ចំពោះ​ការ​ពិនិត្យ​នៃ​ទំនាយ​ទាំង​ឡាយ​នេះ និង​ការ​សំរេច​នៃ​ទំនាយ​នោះ សូម​មើល​សៀវភៅ ព្រះ​គម្ពីរ—ជា​បន្ទូល​របស់​ព្រះ ឬ​ជា​ពាក្យ​សំដី​របស់​មនុស្ស? ទំព័រ​ទី​១១៧​-​៦១; និង​សៀវភៅ ការ​វែក​ញែក​ពី​ព្រះ​គម្ពីរ, ទំព័រ​ទី ៦០​-​២, ២២៥​-​៣២, ២៣៤​-​៤០។ សៀវភៅ​ទាំង​ពីរ​គឺ​បោះ​ពុម្ព​ដោយ​សមាគម​ប៉ម​យាម​ខាង​ព្រះ​គម្ពីរ​និង​ខិត្តប័ណ្ណ​នៃ​រដ្ឋ​ញូវយ៉ក ជា​សាជីវកម្ម។

តើ​អ្នក​នឹង​ឆ្លើយ​យ៉ាង​ណា?

◻ ក្នុង​ការ​សម្គាល់​សាសនា​ត្រឹម​ត្រូវ​នោះ តើ​ទស្សនៈ​របស់​អ្នក​ណា​ដែល​ជា​សំខាន់​ជាង​គេ​បំផុត?

◻ តើ​មាន​ទី​សំអាង​បួន​ណា ដែល​ចង្អុល​ប្រាប់​ថា​ព្រះ​គម្ពីរ​ជា​បន្ទូល​របស់​ព្រះ?

◻ ហេតុ​អ្វី​ក៏​ព្រះ​មិន​សព្វ​ព្រះ​ហឫទ័យ​នឹង​សាសនា​ទាំង​អស់​ដែល​ប្រើ​ព្រះ​គម្ពីរ?

◻ តើ​មាន​សញ្ញា​សម្គាល់​ប្រាំ​មួយ​ណា​ខ្លះ​នៃ​សាសនា​ពិត​តែ​មួយ​នោះ?

[ប្រអប់​នៅ​ទំព័រ​១០]

ស្មរបន្ទាល់​ព្រះ​យេហូវ៉ា . . .

◆​ សេចក្ដី​បង្រៀន​របស់​គេ​ទាំង​អស់​មាន​មូលដ្ឋាន​ពី​ព្រះ​គម្ពីរ។

◆​ ថ្វាយ​បង្គំ​ព្រះ​យេហូវ៉ា ជា​ព្រះ​ពិត​តែ​មួយ​អង្គ។

◆​ រស់​នៅ​ស្រប​តាម​ជំនឿ​របស់​គេ​ក្នុង​ព្រះ​យេស៊ូ​វ​គ្រីស្ទ។

◆​ មិន​ជាប់​ទាក់​ទង​ក្នុង​រឿង​នយោបាយ​និង​ការ​ប៉ះ​ទង្គិច​ខាង​លោកីយ៍​នេះ។

◆​ ខំ​សម្ដែង​សេចក្ដី​ស្រឡាញ់​ដែល​អ​អញ​និយម​ក្នុង​គ្រប់​ជីវភាព​ប្រចាំ​ថ្ងៃ។

◆​ គាំទ្រ​ព្រះ​រាជាណាចក្រ​របស់​ព្រះ​ជា​ផ្លូវ​ដោះ​ស្រាយ​ជា​ស្ថាពរ ចំពោះ​បញ្ហា​ទាំង​ឡាយ​របស់​មនុស្ស​លោក។

[រូប​ភាព​នៅ​ទំព័រ​៩]

ព្រះ​គម្ពីរ—តើ​អ្វី​ដែល​បង្ហាញ​ប្រាប់​ថា មាន​សារ​របស់​ព្រះ​សំរាប់​មនុស្ស​លោក​ទាំង​អស់?

    សៀវភៅភាសាខ្មែរ (១៩៩១-២០២៥)
    ចេញពីគណនី
    ចូលគណនី
    • ខ្មែរ
    • ចែករំលែក
    • ជម្រើស
    • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
    • ល័ក្ខខ័ណ្ឌប្រើប្រាស់
    • គោលការណ៍ស្ដីអំពីព័ត៌មានផ្ទាល់ខ្លួនរបស់លោកអ្នក
    • កំណត់ឯកជនភាព
    • JW.ORG
    • ចូលគណនី
    ចែករំលែក