បណ្ណាល័យអ៊ីនធឺណិតរបស់ប៉មយាម
ប៉មយាម
បណ្ណាល័យអ៊ីនធឺណិត
ខ្មែរ
  • គម្ពីរ
  • សៀវភៅផ្សេងៗ
  • កិច្ចប្រជុំ
  • bh ជំ. ១៥ ទំ. ១៦៦-១៧៧
  • ការថ្វាយបង្គំដែលព្រះសព្វព្រះហឫទ័យ

សុំទោស គ្មានវីដេអូទេ

សុំទោស វីដេអូមានបញ្ហា

  • ការថ្វាយបង្គំដែលព្រះសព្វព្រះហឫទ័យ
  • តើព្រះគម្ពីរពិតជាបង្រៀនយ៉ាងណា?
  • ចំណងជើងតូច
  • អត្ថបទស្រដៀងគ្នា
  • របៀប​សម្គាល់​សាសនា​ពិត
  • តើ​អ្នក​នឹង​ធ្វើ​យ៉ាង​ណា?
  • ការគោរពប្រណិប័តន៍ព្រះតាមរបៀបត្រឹមត្រូវ
    តើគម្ពីរអាចបង្រៀនយើងអំពីអ្វី?
  • តើលោកអ្នកអាចសម្គាល់ការគោរពប្រណិប័តន៍ពិតយ៉ាងដូចម្ដេច?
    ព្រះមានដំណឹងល្អសម្រាប់យើង!
  • តើអ្នកអាចសម្គាល់ការគោរពប្រណិប័តន៍ពិតយ៉ាងដូចម្ដេច?
    ទស្សនាវដ្ដីប៉មយាមប្រកាសអំពីរាជាណាចក្ររបស់ព្រះយេហូវ៉ា ២០១១
  • តើលោកអ្នករកឃើញសាសនាត្រឹមត្រូវហើយឬ?
    ទស្សនាវដ្ដីប៉មយាមប្រកាសអំពីរាជាណាចក្ររបស់ព្រះយេហូវ៉ា ១៩៩៤
មើលបន្ថែមទៀត
តើព្រះគម្ពីរពិតជាបង្រៀនយ៉ាងណា?
bh ជំ. ១៥ ទំ. ១៦៦-១៧៧

ជំពូក​ទី​ដប់​ប្រាំ

ការ​ថ្វាយ​បង្គំ​ដែល​ព្រះ​សព្វ​ព្រះ​ហឫទ័យ

តើ​ព្រះ​សព្វ​ព្រះ​ហឫទ័យ​នឹង​សាសនា​ទាំង​អស់​ឬ?

តើ​យើង​អាច​ស្គាល់​សាសនា​ពិត​យ៉ាង​ដូច​ម្ដេច?

សព្វ​ថ្ងៃ​នេះ តើ​ព្រះ​សព្វ​ព្រះ​ហឫទ័យ​នឹង​ការ​ថ្វាយ​បង្គំ​របស់​អ្នក​ណា?

១​. តើ​យើង​នឹង​ទទួល​ប្រយោជន៍​អ្វី​បើ​យើង​ថ្វាយ​បង្គំ​ព្រះ​តាម​របៀប​ត្រឹម​ត្រូវ?

ព្រះ​យេហូវ៉ា​យក​ព្រះ​ទ័យ​ទុក​ដាក់​យ៉ាង​ខ្លាំង​នឹង​យើង ហើយ​ទ្រង់​មាន​ព្រះ​ទ័យ​ចង់​ឲ្យ​យើង​ទទួល​ប្រយោជន៍​ពី​ការ​ណែនាំ​ដែល​ទ្រង់​បាន​ប្រទាន​មក​ដោយ​សេចក្ដី​ស្រឡាញ់​នោះ។ បើ​យើង​ថ្វាយ​បង្គំ​ទ្រង់​តាម​របៀប​ត្រឹម​ត្រូវ យើង​នឹង​មាន​សុភមង្គល​ហើយ​នឹង​អាច​ចៀស​ពី​បញ្ហា​ជា​ច្រើន​ក្នុង​ជីវិត។ យើង​ក៏​នឹង​ទទួល​ពរ​ព្រម​ទាំង​ជំនួយ​ពី​ទ្រង់​ដែរ។ (​អេសាយ ៤៨:១៧​) ក៏​ប៉ុន្តែ មាន​រាប់​រយ​សាសនា​ដែល​អះអាង​ថា​ពួក​គេ​បង្រៀន​សេចក្ដី​ពិត​អំពី​ព្រះ។ ប៉ុន្តែ សាសនា​ទាំង​នោះ​បង្រៀន​ខុស​ៗ​គ្នា​អំពី​ព្រះ​ហើយ​អ្វី​ដែល​ទ្រង់​តម្រូវ​ពី​យើង។

២​. តើ​អ្នក​អាច​ដឹង​យ៉ាង​ដូច​ម្ដេច​ថា របៀប​ណា​ជា​របៀប​ត្រឹម​ត្រូវ​ដែល​គួរ​ថ្វាយ​បង្គំ​ព្រះ​យេហូវ៉ា​នោះ? តើ​ឧទាហរណ៍​អ្វី​ដែល​ជួយ​ឲ្យ​យើង​យល់​អំពី​រឿង​នេះ?

២ តើ​អ្នក​អាច​ដឹង​យ៉ាង​ដូច​ម្ដេច​ថា របៀប​ណា​ជា​របៀប​ត្រឹម​ត្រូវ​ដែល​គួរ​ថ្វាយ​បង្គំ​ព្រះ​យេហូវ៉ា​នោះ? អ្នក​មិន​ចាំ​បាច់​សិក្សា​និង​ប្រៀប​ធៀប​ការ​បង្រៀន​នៃ​សាសនា​ទាំង​អស់​នោះ​ឡើយ។ អ្នក​គ្រាន់​តែ​ត្រូវ​រៀន​អ្វី​ដែល​ព្រះ​គម្ពីរ​ពិត​ជា​បង្រៀន​អំពី​ការ​ថ្វាយ​បង្គំ​ពិត។ ជា​ឧទាហរណ៍: នៅ​ប្រទេស​ជា​ច្រើន​មាន​បញ្ហា​ដោយ​សារ​មាន​មនុស្ស​ធ្វើ​លុយ​ក្លែង​ក្លាយ។ ប្រសិន​បើ​ការ​ងារ​របស់​អ្នក​ត្រូវ​ត្រួត​ពិនិត្យ​មើល​ថា​លុយ​ណា​ជា​លុយ​ក្លែង​ក្លាយ​នោះ តើ​អ្នក​នឹង​សម្គាល់​លុយ​ក្លែង​ក្លាយ​យ៉ាង​ដូច​ម្ដេច? តើ​អ្នក​នឹង​ខំ​ទន្ទេញ​ចាំ​លក្ខណៈ​នៃ​លុយ​ក្លែង​ក្លាយ​គ្រប់​ប្រភេទ​ឬ? មិន​មែន​ទេ! យក​ល្អ​អ្នក​សិក្សា​អំពី​លុយ​ពិត​ប្រាកដ​វិញ។ ក្រោយ​អ្នក​ដឹង​ថា​លុយ​ពិត​ប្រាកដ​មាន​លក្ខណៈ​អ្វី​ខ្លះ អ្នក​នឹង​អាច​សម្គាល់​ថា​លុយ​ណា​ជា​លុយ​ក្លែង​ក្លាយ​បាន។ ស្រដៀង​គ្នា​ដែរ ពេល​យើង​រៀន​របៀប​សម្គាល់​សាសនា​ពិត​នោះ យើង​ក៏​អាច​ដឹង​ថា​សាសនា​ណា​ជា​សាសនា​មិន​ពិត​ដែរ។

៣​. យោង​ទៅ​តាម​ព្រះ​យេស៊ូ តើ​យើង​ត្រូវ​ធ្វើ​អ្វី​ប្រសិន​បើ​ចង់​ឲ្យ​ព្រះ​សព្វ​ព្រះ​ហឫទ័យ?

៣ ជា​ការ​សំខាន់​ណាស់​ដែល​យើង​ថ្វាយ​បង្គំ​ព្រះ​យេហូវ៉ា​តាម​របៀប​ដែល​ទ្រង់​សព្វ​ព្រះ​ហឫទ័យ។ មនុស្ស​ជា​ច្រើន​ជឿ​ថា​ព្រះ​សព្វ​ព្រះ​ហឫទ័យ​នឹង​សាសនា​ទាំង​អស់ ប៉ុន្តែ​ព្រះ​គម្ពីរ​មិន​បង្រៀន​ដូច្នេះ​ទេ។ ការ​អះអាង​ថា​ខ្លួន​ជា​គ្រីស្ទាន​ក៏​មិន​គ្រប់​គ្រាន់​ដែរ។ ព្រះ​យេស៊ូ​មាន​បន្ទូល​ថា​៖ ​«​មិន​មែន​អស់​អ្នក​ណា​ដែល​គ្រាន់​តែ​និយាយ​មក​ខ្ញុំ​ថា ‹ឱ​ព្រះ​អម្ចាស់​ៗ​អើយ!› ដែល​នឹង​ចូល​ទៅ​ក្នុង​នគរ​ស្ថាន​សួគ៌​នោះ​ទេ គឺ​ជា​អស់​អ្នក​ដែល​ធ្វើ​តាម​ព្រះ​ហឫទ័យ​នៃ​ព្រះ​វរបិតា ដែល​គង់​នៅ​ស្ថាន​សួគ៌​វិញ​ទេ​តើ!​»។ ដូច្នេះ យើង​ត្រូវ​តែ​រៀន​អ្វី​ដែល​ព្រះ​តម្រូវ​ពី​យើង​ហើយ​ធ្វើ​តាម​សេចក្ដី​តម្រូវ​នោះ ទើប​ព្រះ​នឹង​សព្វ​ព្រះ​ហឫទ័យ។ ព្រះ​យេស៊ូ​បាន​មាន​បន្ទូល​ថា​អ្នក​ដែល​មិន​ធ្វើ​តាម​ព្រះ​ហឫទ័យ​របស់​ព្រះ​ជា​«​ពួក​ទទឹង​ច្បាប់​»។ (​ម៉ាថាយ ៧:២១​-​២៣​) សាសនា​មិន​ពិត​ក៏​ដូច​ជា​លុយ​ក្លែង​ក្លាយ​ដែរ ដ្បិត​វា​គ្មាន​តម្លៃ​នោះ​ទេ។ អាក្រក់​ជាង​នោះ​ទៅ​ទៀត សាសនា​មិន​ពិត​នាំ​ឲ្យ​មាន​គ្រោះ​ថ្នាក់​ទៀត​ផង។

៤​. តើ​បន្ទូល​របស់​ព្រះ​យេស៊ូ​ស្តី​អំពី​ផ្លូវ​ពីរ​មាន​ន័យ​អ្វី? តើ​ផ្លូវ​ទាំង​នោះ​នាំ​ទៅ​ណា?

៤ ព្រះ​យេហូវ៉ា​ផ្ដល់​លទ្ធភាព​ឲ្យ​មនុស្ស​ទាំង​អស់​នៅ​ផែន​ដី​ទទួល​ជីវិត​ជា​រៀង​រហូត។ ក៏​ប៉ុន្តែ ដើម្បី​ទទួល​ជីវិត​ជា​រៀង​រហូត​ក្នុង​សួន​មនោ​រម្យ យើង​ត្រូវ​តែ​ថ្វាយ​បង្គំ​ព្រះ​តាម​របៀប​ត្រឹម​ត្រូវ ហើយ​មាន​របៀប​រស់​នៅ​ដែល​ទ្រង់​សព្វ​ព្រះ​ហឫទ័យ។ គួរ​ឲ្យ​ស្ដាយ​ណាស់ មនុស្ស​ជា​ច្រើន​មិន​ព្រម​ធ្វើ​ដូច្នេះ​ឡើយ។ នេះ​ជា​មូលហេតុ​ដែល​ព្រះ​យេស៊ូ​មាន​បន្ទូល​ថា​៖ ​«​ចូរ​ឲ្យ​ចូល​តាម​ទ្វារ​ចង្អៀត ដ្បិត​ទ្វារ​ដែល​នាំ​ទៅ​ឯ​សេចក្ដី​ហិន​វិនាស នោះ​ធំ​ហើយ​ទូលាយ​ផង ក៏​មាន​មនុស្ស​ជា​ច្រើន​ដែល​ចូល​តាម​ទ្វារ​នោះ តែ​ឯ​ទ្វារ​ដែល​នាំ​ទៅ​ឯ​ជីវិត នោះ​តូច​ហើយ​ចង្អៀត​វិញ ក៏​មាន​មនុស្ស​តិច​ណាស់​ដែល​រក​ផ្លូវ​នោះ​ឃើញ​»។ (​ម៉ាថាយ ៧:១៣, ១៤​) សាសនា​ពិត​នាំ​ឲ្យ​មាន​ជីវិត​ជា​រៀង​រហូត។ សាសនា​មិន​ពិត​នាំ​ឲ្យ​ហិន​វិនាស។ ព្រះ​យេហូវ៉ា​មិន​សព្វ​ព្រះ​ហឫទ័យ​ឲ្យ​មនុស្ស​ណា​ម្នាក់​ទទួល​សេចក្ដី​ហិន​វិនាស​ឡើយ ហើយ​នេះ​ជា​មូលហេតុ​ដែល​ទ្រង់​ផ្ដល់​ឱកាស​ឲ្យ​មនុស្ស​នៅ​គ្រប់​ទី​កន្លែង​រៀន​អំពី​ទ្រង់។ (​ពេត្រុស​ទី២ ៣:៩​) ដូច្នេះ​ហើយ របៀប​ដែល​យើង​ថ្វាយ​បង្គំ​ព្រះ​គឺ​ជា​រឿង​ស្លាប់​រស់។

របៀប​សម្គាល់​សាសនា​ពិត

៥​. តើ​យើង​អាច​ស្គាល់​អស់​អ្នក​ដែល​កាន់​តាម​សាសនា​ពិត​យ៉ាង​ដូច​ម្ដេច?

៥ តើ​អ្នក​អាច​រក​ឃើញ​«​ទ្វារ​ដែល​នាំ​ទៅ​ឯ​ជីវិត​»​យ៉ាង​ដូច​ម្ដេច? ព្រះ​យេស៊ូ​មាន​បន្ទូល​ថា​សាសនា​ពិត​នឹង​ស​ឲ្យ​ឃើញ​ដោយ​របៀប​រស់​នៅ​របស់​មនុស្ស​ដែល​កាន់​តាម​សាសនា​ពិត​នោះ។ ទ្រង់​បាន​មាន​បន្ទូល​ថា​៖ ​«​អ្នក​រាល់​គ្នា​នឹង​ស្គាល់​គេ​បាន ដោយ​សារ​ផល​គេ​បង្កើត។ អស់​ទាំង​ដើម​ឈើ​ល្អ តែង​មាន​ផ្លែ​ល្អ​»។ (​ម៉ាថាយ ៧:១៦, ១៧​) បើ​និយាយ​ឲ្យ​ស្រួល​យល់ យើង​អាច​ស្គាល់​អ្នក​ដែល​កាន់​តាម​សាសនា​ពិត​ដោយ​សារ​ជំនឿ​និង​ការ​ប្រព្រឹត្ត​របស់​ពួក​គេ។ ទោះ​ជា​ពួក​គេ​ឥត​គ្រប់​ល័ក្ខណ៍ ហើយ​ជួន​កាល​ភ្លាត់​ធ្វើ​ខុស​ក៏​ដោយ ក៏​អ្នក​ថ្វាយ​បង្គំ​ពិត​ទូទៅ​ព្យាយាម​ធ្វើ​តាម​បំណង​ព្រះ​ហឫទ័យ​របស់​ព្រះ។ ឥឡូវ​យើង​នឹង​ពិចារណា​លក្ខណៈ​ប្រាំ​មួយ​យ៉ាង​ដែល​សម្គាល់​អស់​អ្នក​ដែល​កាន់​តាម​សាសនា​ពិត។

៦, ៧​. តើ​អ្នក​បំរើ​ព្រះ​មាន​ទស្សនៈ​យ៉ាង​ណា​ចំពោះ​ព្រះ​គម្ពីរ? តើ​ព្រះ​យេស៊ូ​បាន​ទុក​គំរូ​អ្វី​ស្តី​អំពី​រឿង​នេះ?

៦ អ្នក​ថ្វាយ​បង្គំ​ព្រះ​យក​ព្រះ​គម្ពីរ​ជា​មូលដ្ឋាន​នៃ​ការ​បង្រៀន។ ព្រះ​គម្ពីរ​ចែង​ថា​៖ ​«​គ្រប់​ទាំង​បទ​គម្ពីរ គឺ​ជា​ព្រះ​ទ្រង់​បាន​បញ្ចេញ​ព្រះ​វិញ្ញាណ​បណ្ដាល​ឲ្យ​តែង​ទេ ក៏​មាន​ប្រយោជន៍​សំរាប់​ការ​បង្រៀន ការ​រំឭក​ឲ្យ​ដឹង​ខ្លួន ការ​ប្រដៅ​ដំ​រង់ នឹង​ការ​បង្ហាត់​ខាង​ឯ​សេចក្ដី​សុចរិត ដើម្បី​ឲ្យ​អ្នក​សំណប់​របស់​ព្រះ​បាន​គ្រប់​លក្ខណ៍ ហើយ​មាន​គ្រប់​ទាំង​ចំណេះ​សំរាប់​នឹង​ធ្វើ​ការ​ល្អ​គ្រប់​មុខ​»។ (​ធីម៉ូថេ​ទី២ ៣:១៦, ១៧​) សាវ័ក​ប៉ុល​បាន​សរសេរ​ទៅ​កាន់​គ្រីស្ទាន​គ្នី​គ្នា​ថា​៖ ​«​កាល​អ្នក​រាល់​គ្នា​បាន​ទទួល​ព្រះ​បន្ទូល​ជា​ដំណឹង​ពី​ព្រះ ដោយ​សារ​យើង​ខ្ញុំ នោះ​មិន​បាន​ទទួល​ទុក​ដូច​ជា​ពាក្យ​របស់​មនុស្ស​ទេ បាន​ទទួល​តាម​ភាព​ដ៏​ពិត​នៃ​ដំណឹង​នោះ​វិញ គឺ​ជា​ព្រះ​បន្ទូល​នៃ​ព្រះ​»។ (​ថែស្សាឡូនីច​ទី១ ២:១៣​) ហេតុ​នេះ ជំនឿ​និង​ការ​ប្រព្រឹត្ត​របស់​អ្នក​ដែល​កាន់​តាម​សាសនា​ពិត មិន​មែន​មាន​មូលដ្ឋាន​លើ​ទស្សនៈ​ឬ​ទំនៀម​ទម្លាប់​មនុស្ស​ឡើយ តែ​មាន​ប្រភព​មក​ពី​ព្រះ​គម្ពីរ​ដែល​ជា​ព្រះ​បន្ទូល​របស់​ព្រះ ដែល​ទ្រង់​បាន​បណ្ដាល​ឲ្យ​សរសេរ​វិញ។

៧ ព្រះ​យេស៊ូ​គ្រីស្ទ​ជា​គំរូ​ល្អ​ស្តី​ពី​រឿង​នេះ ដ្បិត​ទ្រង់​បង្រៀន​ដោយ​មាន​ព្រះ​បន្ទូល​របស់​ព្រះ​ជា​មូលដ្ឋាន។ ព្រះ​យេស៊ូ​អធិស្ឋាន​ទូល​ព្រះ​វរបិតា​របស់​ទ្រង់ ដោយ​មាន​បន្ទូល​ថា​៖ ​«​សេចក្ដី​ពិត គឺ​ជា​ព្រះ​បន្ទូល​របស់​ទ្រង់​»។ (​យ៉ូហាន ១៧:១៧​) ព្រះ​យេស៊ូ​បាន​ជឿ​ព្រះ​បន្ទូល​របស់​ព្រះ ហើយ​អ្វី​ទាំង​អស់​ដែល​ទ្រង់​បង្រៀន​គឺ​សម​ស្រប​តាម​បទ​គម្ពីរ។ ជា​រឿយ​ៗ​ព្រះ​យេស៊ូ​មាន​បន្ទូល​ថា​៖ ​«​មាន​សេចក្ដី​ចែង​ទុក​មក​ដូច្នេះ​»។ (​ម៉ាថាយ ៤:៤, ៧, ១០​) ក្រោយ​នោះ​ទ្រង់​ដក​ស្រង់​បទ​គម្ពីរ។ ស្រដៀង​គ្នា​ដែរ រាស្ត្រ​របស់​ព្រះ​សព្វ​ថ្ងៃ​នេះ​មិន​បង្រៀន​តាម​មតិ​ខ្លួន​ឡើយ។ ពួក​គេ​ជឿ​ថា​ព្រះ​គម្ពីរ​ជា​ព្រះ​បន្ទូល​របស់​ព្រះ ហើយ​ពួក​គេ​មិន​បង្រៀន​ក្រៅ​ពី​ព្រះ​គម្ពីរ​ឡើយ។

៨​. តើ​ការ​ថ្វាយ​បង្គំ​ព្រះ​យេហូវ៉ា​រួម​បញ្ចូល​អ្វី?

៨ អ្នក​ដែល​កាន់​តាម​សាសនា​ពិត​ថ្វាយ​បង្គំ​តែ​ព្រះ​យេហូវ៉ា​ប៉ុណ្ណោះ ហើយ​ប្រកាស​ផ្សាយ​ព្រះ​នាម​ទ្រង់។ ព្រះ​យេស៊ូ​មាន​បន្ទូល​ថា​៖ ​«​ត្រូវ​ថ្វាយ​បង្គំ​ដល់​ព្រះ​អម្ចាស់​ជា​ព្រះ​នៃ​ឯង ហើយ​ត្រូវ​គោរព​ដល់​ទ្រង់​តែ​មួយ​ព្រះ​អង្គ​ប៉ុណ្ណោះ​»។ (​ម៉ាថាយ ៤:១០​) ព្រះ​យេស៊ូ​ទំនង​ជា​បាន​ដក​ស្រង់​ខ​នេះ​ចេញ​ពី​ចោទិយកថា ៦:១៣ ដែល​មាន​ព្រះ​នាម​របស់​ព្រះ។ ហេតុ​នេះ​ហើយ អ្នក​បំរើ​របស់​ព្រះ​ថ្វាយ​បង្គំ​តែ​ព្រះ​យេហូវ៉ា​ប៉ុណ្ណោះ។ ការ​ថ្វាយ​បង្គំ​របស់​ពួក​គេ​ក៏​រួម​បញ្ចូល​ការ​ប្រាប់​មនុស្ស​នូវ​ព្រះ​នាម​របស់​ព្រះ​ពិត ហើយ​លក្ខណៈ​របស់​ទ្រង់។ ទំនុក​ដំកើង ៨៣:១៨​ចែង​ថា​៖ ​«​ទ្រង់​តែ​១​អង្គ ព្រះ​នាម​ជា​យេហូវ៉ា ដែល​ជា​ព្រះ​ដ៏​ខ្ពស់​បំផុត​លើ​ផែន​ដី​ទាំង​មូល​»។ ព្រះ​យេស៊ូ​បាន​ទុក​គំរូ​ក្នុង​ការ​ជួយ​អ្នក​ឯ​ទៀត​ឲ្យ​ស្គាល់​ព្រះ។ ទ្រង់​បាន​អធិស្ឋាន​ថា​៖ ​«​ពួក​អ្នក​ដែល​ទ្រង់​បាន​ប្រទាន​មក​ទូល​បង្គំ​អំពី​មនុស្ស​លោក នោះ​ទូល​បង្គំ​បាន​បើក​សំ​ដែង​ឲ្យ​គេ​ស្គាល់​ព្រះ​នាម​ទ្រង់​»។ (​យ៉ូហាន ១៧:៦​) ស្រដៀង​គ្នា​ដែរ អ្នក​ថ្វាយ​បង្គំ​ពិត​របស់​ព្រះ​សព្វ​ថ្ងៃ​នេះ​បង្រៀន​មនុស្ស​ឯ​ទៀត​អំពី​ព្រះ​នាម គោល​បំណង និង​គុណ​សម្បត្ដិ​របស់​ទ្រង់។

៩, ១០​. តើ​គ្រីស្ទាន​ពិត​បង្ហាញ​សេចក្ដី​ស្រឡាញ់​ចំពោះ​គ្នា​ទៅ​វិញ​ទៅ​មក​យ៉ាង​ដូច​ម្ដេច​ខ្លះ?

៩ រាស្ត្រ​របស់​ព្រះ​បង្ហាញ​សេចក្ដី​ស្រឡាញ់​ដ៏​ស្មោះ​ចំពោះ​គ្នា​ទៅ​វិញ​ទៅ​មក​ដោយ​មិន​គិត​ប្រយោជន៍​ខ្លួន​ឡើយ។ ព្រះ​យេស៊ូ​មាន​បន្ទូល​ថា​៖ ​«​គេ​នឹង​ដឹង​ថា អ្នក​រាល់​គ្នា​ជា​សិស្ស​របស់​ខ្ញុំ ដោយ​សារ​សេចក្ដី​នេះ​ឯង គឺ​ដោយ​អ្នក​រាល់​គ្នា​មាន​សេចក្ដី​ស្រឡាញ់​ដល់​គ្នា​ទៅ​វិញ​ទៅ​មក​»។ (​យ៉ូហាន ១៣:៣៥​) គ្រីស្ទាន​ជំនាន់​ដើម​បាន​ស្រឡាញ់​គ្នា​ដូច្នេះ។ សេចក្ដី​ស្រឡាញ់​តាម​គោល​ការណ៍​ព្រះ​គម្ពីរ​មិន​អាច​ត្រូវ​រា​រាំង​ដោយ​សាសន៍ មជ្ឈដ្ឋាន ឬ​សញ្ជាតិ ហើយ​ក៏​បង្រួប​បង្រួម​ទៅ​ជា​ភាតរភាព​មួយ​ដែល​គ្មាន​អ្នក​ណា​អាច​បំបែក​បាន​ឡើយ។ (​កូល៉ុស ៣:១៤​) សមាជិក​សាសនា​មិន​ពិត​គ្មាន​ភាតរភាព​ប្រកប​ដោយ​សេចក្ដី​ស្រឡាញ់​បែប​នេះ​ឡើយ។ ហេតុ​អ្វី​យើង​ដឹង? ពួក​គេ​សំឡាប់​គ្នា​ដោយ​សារ​ជា​សាសន៍​ខុស​គ្នា​ឬ​ដោយ​សារ​មក​ពី​ប្រទេស​ខុស​គ្នា។ គ្រីស្ទាន​ពិត​មិន​យក​អាវុធ​មក​សំឡាប់​បង​ប្អូន​គ្រីស្ទាន​ឬ​អ្នក​ឯ​ទៀត​ឡើយ។ ព្រះ​គម្ពីរ​ចែង​ថា​៖ ​«​គឺ​យ៉ាង​នោះ​ហើយ​ដែល​នឹង​សំ​គាល់​ថា​ជា​ពួក​កូន​ព្រះ ឬ​ពួក​កូន​អារក្ស​ទៅ​បាន ឯ​អ្នក​ណា​ដែល​មិន​ប្រព្រឹត្ត​សេចក្ដី​សុចរិត ហើយ​មិន​ស្រឡាញ់​ដល់​បង​ប្អូន នោះ​មិន​មែន​មក​ពី​ព្រះ​ទេ . . . ត្រូវ​ឲ្យ​យើង​ស្រឡាញ់​គ្នា​ទៅ​វិញ​ទៅ​មក មិន​មែន​ដូច​ជា​កាអ៊ីន ដែល​កើត​ពី​មេ​កំណាច​មក ហើយ​បាន​សំឡាប់​ប្អូន​ខ្លួន​នោះ​ឡើយ​»។—យ៉ូហាន​ទី១ ៣:១០​-​១២; ៤:២០, ២១

១០ សេចក្ដី​ស្រឡាញ់​ដ៏​ស្មោះ​រួម​បញ្ចូល​ច្រើន​ជាង​ការ​មិន​សំឡាប់​មនុស្ស​ឯ​ទៀត។ គ្រីស្ទាន​ពិត​ចំណាយ​ពេល កម្លាំង និង​ធន​ធាន​របស់​ខ្លួន​ដើម្បី​ជួយ​និង​លើក​ទឹក​ចិត្ត​គ្នា​ទៅ​វិញ​ទៅ​មក។ (​ហេព្រើរ ១០:២៤, ២៥​) ពួក​គេ​ជួយ​គ្នា​ក្នុង​គ្រា​អាសន្ន ហើយ​ប្រព្រឹត្ត​ដោយ​ទៀង​ត្រង់​ជា​មួយ​អ្នក​ឯ​ទៀត។ ពួក​គេ​ប្រព្រឹត្ត​តាម​ឱវាទ​ព្រះ​គម្ពីរ​ដែល​ថា​៖ ​«​ត្រូវ​ធ្វើ​ល្អ​ដល់​មនុស្ស​ទាំង​អស់​»។—កាឡាទី ៦:១០

១១​. ហេតុ​អ្វី​ជា​ការ​សំខាន់​ដែល​យើង​ទទួល​ស្គាល់​ព្រះ​យេស៊ូ​គ្រីស្ទ​ជា​ខ្សែ​រយៈ​របស់​ព្រះ​សំរាប់​ផ្ដល់​សេចក្ដី​សង្គ្រោះ?

១១ គ្រីស្ទាន​ពិត​ទទួល​ស្គាល់​ព្រះ​យេស៊ូ​គ្រីស្ទ​ជា​ខ្សែ​រយៈ​របស់​ព្រះ​សំរាប់​ផ្ដល់​សេចក្ដី​សង្គ្រោះ។ ព្រះ​គម្ពីរ​ចែង​ថា​៖ ​«​គ្មាន​សេចក្ដី​សង្គ្រោះ ដោយ​សារ​អ្នក​ណា​ទៀត​សោះ ដ្បិត​នៅ​ក្រោម​មេឃ គ្មាន​នាម​ឈ្មោះ​ណា​ទៀត​បាន​ប្រទាន​មក​មនុស្ស​លោក ឲ្យ​យើង​រាល់​គ្នា​បាន​សង្គ្រោះ​នោះ​ឡើយ​»។ (​កិច្ច​ការ ៤:១២​) ដូច​ដែល​យើង​បាន​ឃើញ​នៅ​ជំពូក​ទី​៥ ព្រះ​យេស៊ូ​បាន​បូជា​ព្រះ​ជន្ម​ទ្រង់​ជា​តម្លៃ​លោះ​មនុស្ស​ដែល​ស្ដាប់​បង្គាប់។ (​ម៉ាថាយ ២០:២៨​) ម្យ៉ាង​ទៀត ព្រះ​យេស៊ូ​ជា​ស្តេច​ដែល​ព្រះ​បាន​តែង​តាំង​ក្នុង​ព្រះ​រាជាណាចក្រ​នៅ​ស្ថាន​សួគ៌​ដែល​នឹង​គ្រប់​គ្រង​ផែន​ដី​ទាំង​មូល។ ព្រះ​តម្រូវ​ឲ្យ​យើង​ស្ដាប់​បង្គាប់​ព្រះ​យេស៊ូ​ហើយ​អនុវត្ត​តាម​សេចក្ដី​បង្រៀន​របស់​ទ្រង់ បើ​យើង​ចង់​បាន​ជីវិត​ជា​រៀង​រហូត។ នេះ​ជា​មូលហេតុ​ដែល​ព្រះ​គម្ពីរ​ចែង​ថា​៖ ​«​អ្នក​ណា​ដែល​ជឿ​ដល់​ព្រះ​រាជបុត្រា នោះ​មាន​ជីវិត​ដ៏​នៅ​អស់​កល្ប​ជា​និច្ច​ហើយ តែ​អ្នក​ណា​ដែល​មិន​ព្រម​ជឿ​ដល់​ព្រះ​រាជបុត្រា​វិញ នោះ​នឹង​មិន​ឃើញ​ជីវិត​សោះ​ឡើយ​»។—យ៉ូហាន ៣:៣៦

១២​. អ្នក​ថ្វាយ​បង្គំ​ពិត​មិន​មែន​ជា​របស់​ផង​លោកីយ៍ តើ​នេះ​រួម​បញ្ចូល​អ្វី​ខ្លះ?

១២ អ្នក​ថ្វាយ​បង្គំ​ពិត​មិន​មែន​ជា​របស់​ផង​លោកីយ៍។ នៅ​ពេល​ដែល​ព្រះ​យេស៊ូ​កំពុង​តែ​ត្រូវ​លោក​ពីឡាត់ ជា​អ្នក​គ្រប់​គ្រង​ជន​ជាតិ​រ៉ូម​ម្នាក់​វិនិច្ឆ័យ​ទោស​ទ្រង់​នោះ ព្រះ​យេស៊ូ​មាន​បន្ទូល​ថា​៖ ​«​នគរ​ខ្ញុំ​មិន​មែន​ត្រូវ​ខាង​លោ​កី​យ​នេះ​ទេ​»។ (​យ៉ូហាន ១៨:៣៦​) មិន​ថា​ពួក​គេ​រស់​នៅ​ប្រទេស​ណា​ក៏​ដោយ អ្នក​កាន់​តាម​ពិត​ប្រាកដ​របស់​ព្រះ​យេស៊ូ​ជា​អនុ​រាស្ត្រ​នៃ​ព្រះ​រាជាណាចក្រ​នៅ​ស្ថាន​សួគ៌ ហើយ​ហេតុ​នេះ​ពួក​គេ​រក្សា​ភាព​អព្យាក្រឹត​ទាំង​ស្រុង​ក្នុង​រឿង​នយោបាយ​នៃ​លោកីយ៍​នេះ។ ពួក​គេ​មិន​ចូល​ប្រឡូក​ក្នុង​ជម្លោះ​នយោបាយ​ឡើយ។ ក៏​ប៉ុន្តែ អ្នក​ថ្វាយ​បង្គំ​ព្រះ​យេហូវ៉ា​ក៏​មិន​ជ្រៀត​ជ្រែក​ពេល​អ្នក​ឯ​ទៀត​ចង់​ចូល​គណ​បក្ស បោះ​ឆ្នោត ឬ​ក៏​ឈរ​ឈ្មោះ​ក្នុង​ការ​បោះ​ឆ្នោត​នោះ។ ហើយ​ទោះ​ជា​អ្នក​ថ្វាយ​បង្គំ​ពិត​របស់​ព្រះ​គឺ​អព្យាក្រឹត​ស្តី​អំពី​រឿង​នយោបាយ​ក៏​ពិត​មែន តែ​ពួក​គេ​គោរព​ច្បាប់​រដ្ឋ។ ហេតុ​អ្វី? ពី​ព្រោះ​ព្រះ​បន្ទូល​របស់​ព្រះ​បង្គាប់​ឲ្យ​«​ចុះ​ចូល​នឹង​រាជការ​»​ឬ​រដ្ឋាភិបាល​របស់​មនុស្ស។ (​រ៉ូម ១៣:១​) បើ​អ្វី​ដែល​រដ្ឋាភិបាល​មនុស្ស​តម្រូវ​គឺ​ខុស​នឹង​អ្វី​ដែល​ព្រះ​តម្រូវ​នោះ អ្នក​ថ្វាយ​បង្គំ​ពិត​ធ្វើ​តាម​គំរូ​របស់​ពួក​សាវ័ក​ដែល​ប្រាប់​ថា​៖ ​«​ត្រូវ​តែ​ស្ដាប់​បង្គាប់​របស់​ព្រះ​ជា​ជាង​មនុស្ស​»។—កិច្ច​ការ ៥:២៩; ម៉ាកុស ១២:១៧

១៣​. តើ​អ្នក​កាន់​តាម​ពិត​ប្រាកដ​របស់​ព្រះ​យេស៊ូ​មាន​ទស្សនៈ​យ៉ាង​ណា​ចំពោះ​ព្រះ​រាជាណាចក្រ​របស់​ព្រះ? ហើយ​ហេតុ​នេះ​តើ​ពួក​គេ​ធ្វើ​អ្វី?

១៣ អ្នក​កាន់​តាម​ពិត​ប្រាកដ​របស់​ព្រះ​យេស៊ូ​ផ្សព្វ​ផ្សាយ​ថា​ព្រះ​រាជាណាចក្រ​របស់​ព្រះ​ជា​សេចក្ដី​សង្ឃឹម​តែ​មួយ​គត់​សំរាប់​មនុស្ស​ជាតិ។ ព្រះ​យេស៊ូ​បាន​ទាយ​ថា​៖ ​«​ដំណឹង​ល្អ​នេះ​ដែល​សំ​ដែង​ពី​នគរ នឹង​ត្រូវ​ប្រកាស​ប្រាប់​ទូទៅ​គ្រប់​ក្នុង​លោ​កី​យ ទុក​ជា​ទី​បន្ទាល់​ដល់​អស់​ទាំង​សាសន៍ នោះ​ទើប​នឹង​បាន​ដល់​ចុង​បំផុត​»។ (​ម៉ាថាយ ២៤:១៤​) ជា​ជាង​លើក​ទឹក​ចិត្ត​មនុស្ស​ឲ្យ​សង្ឃឹម​លើ​មនុស្ស​ជា​អ្នក​គ្រប់​គ្រង​ដើម្បី​ដោះ​ស្រាយ​បញ្ហា​របស់​ពួក​គេ​នោះ អ្នក​កាន់​តាម​ពិត​របស់​ព្រះ​យេស៊ូ​គ្រីស្ទ​ប្រកាស​ថា ព្រះ​រាជាណាចក្រ​របស់​ព្រះ​នៅ​ស្ថាន​សួគ៌ ជា​សេចក្ដី​សង្ឃឹម​តែ​មួយ​គត់​សំរាប់​មនុស្ស។ (​ទំនុក​ដំកើង ១៤៦:៣​) ព្រះ​យេស៊ូ​បាន​បង្រៀន​យើង​ឲ្យ​អធិស្ឋាន​អំពី​ព្រះ​រាជាណាចក្រ​ល្អ​ឥត​ខ្ចោះ​នោះ ពេល​ដែល​ទ្រង់​មាន​បន្ទូល​ថា​៖ ​«​សូម​ឲ្យ​រាជ្យ​ទ្រង់​បាន​មក​ដល់ សូម​ឲ្យ​ព្រះ​ហឫទ័យ​ទ្រង់​បាន​សំរេច​នៅ​ផែន​ដី ដូច​នៅ​ស្ថាន​សួគ៌​ដែរ​»។ (​ម៉ាថាយ ៦:១០​) ព្រះ​បន្ទូល​របស់​ព្រះ​មាន​ទំនាយ​ថា ព្រះ​រាជាណាចក្រ​នៅ​ស្ថាន​សួគ៌​នោះ​«​នឹង​បំបាក់​បំបែក ហើយ​លេប​បំបាត់​នគរ​ទាំង​នោះ[​ដែល​មាន​សព្វ​ថ្ងៃ​នេះ​]វិញ នគរ​នោះ​នឹង​ស្ថិតស្ថេរ​នៅ​អស់​កល្ប​ជា​និច្ច​»។—ដានីយ៉ែល ២:៤៤

១៤​. តើ​អ្នក​ជឿ​ថា​សាសនា​មួយ​ណា​បំពេញ​តម្រូវ​ការ​នៃ​ការ​ថ្វាយ​បង្គំ​ពិត?

១៤ ដោយ​ផ្អែក​លើ​អ្វី​ដែល​យើង​បាន​ពិចារណា​នោះ សូម​សួរ​ខ្លួន​ឯង​ថា​៖ ‹តើ​សាសនា​មួយ​ណា​យក​ព្រះ​គម្ពីរ​ជា​មូលដ្ឋាន​ក្នុង​គ្រប់​ការ​បង្រៀន ហើយ​ប្រកាស​ប្រាប់​អំពី​ព្រះ​នាម​របស់​ព្រះ​យេហូវ៉ា? តើ​សាសនា​មួយ​ណា​បង្ហាញ​សេចក្ដី​ស្រឡាញ់​តាម​ការ​ណែនាំ​របស់​ព្រះ​យេហូវ៉ា ហើយ​បង្ហាញ​ជំនឿ​លើ​ព្រះ​យេស៊ូ ក៏​មិន​មែន​ជា​របស់​ផង​លោកីយ៍ ថែម​ទាំង​ប្រកាស​ថា​ព្រះ​រាជាណាចក្រ​របស់​ព្រះ ជា​សេចក្ដី​សង្ឃឹម​តែ​មួយ​គត់​សំរាប់​មនុស្ស​ជាតិ​នោះ? ក្នុង​ចំណោម​សាសនា​ទាំង​អស់​នៅ​ផែន​ដី​នេះ តើ​សាសនា​មួយ​ណា​បំពេញ​តម្រូវ​ការ​ទាំង​អស់​នេះ?›។ ហេតុ​ការណ៍​ពិត​បង្ហាញ​ឲ្យ​ឃើញ​ជាក់​ស្តែង​ថា សាសនា​នោះ​គឺ​ស្មរបន្ទាល់​ព្រះ​យេហូវ៉ា។—អេសាយ ៤៣:១០​-​១២

តើ​អ្នក​នឹង​ធ្វើ​យ៉ាង​ណា?

១៥​. តើ​ព្រះ​តម្រូវ​ឲ្យ​យើង​ធ្វើ​អ្វី​ទៀត​ក្រៅ​ពី​ការ​ជឿ​ថា​មាន​ព្រះ​នោះ?

១៥ គ្រាន់​តែ​ជឿ​ថា​មាន​ព្រះ​គឺ​មិន​គ្រប់​គ្រាន់​ដើម្បី​ធ្វើ​ឲ្យ​ទ្រង់​សព្វ​ព្រះ​ហឫទ័យ​ឡើយ។ យ៉ាង​ណា​មិញ ព្រះ​គម្ពីរ​ចែង​ថា​ពួក​បិសាច​ក៏​ជឿ​ថា​មាន​ព្រះ​ដែរ។ (​យ៉ាកុប ២:១៩​) ប៉ុន្តែ​ពួក​វា​ច្បាស់​ជា​មិន​ធ្វើ​តាម​ព្រះ​ហឫទ័យ​របស់​ព្រះ ហើយ​ព្រះ​ទ្រង់​មិន​សព្វ​ព្រះ​ហឫទ័យ​នឹង​ពួក​វា​ឡើយ។ ដើម្បី​ធ្វើ​ឲ្យ​ព្រះ​សព្វ​ព្រះ​ហឫទ័យ យើង​មិន​ត្រឹម​តែ​ត្រូវ​ជឿ​ថា​មាន​ព្រះ​នោះ​ទេ តែ​ក៏​ត្រូវ​ធ្វើ​តាម​ព្រះ​ហឫទ័យ​របស់​ទ្រង់។ យើង​ក៏​ត្រូវ​ដក​ខ្លួន​ចេញ​ពី​សាសនា​មិន​ពិត ហើយ​ក្រសោប​យក​ការ​ថ្វាយ​បង្គំ​ពិត។

១៦​. តើ​យើង​គួរ​ប្រព្រឹត្ត​យ៉ាង​ណា​ស្តី​អំពី​ការ​រួម​ចំណែក​ក្នុង​សាសនា​មិន​ពិត?

១៦ សាវ័ក​ប៉ុល​បាន​បញ្ជាក់​ថា​យើង​មិន​ត្រូវ​រួម​ចំណែក​ក្នុង​សាសនា​មិន​ពិត​ឡើយ។ គាត់​បាន​សរសេរ​ថា​៖ ​«​ព្រះ​អម្ចាស់​ទ្រង់​មាន​បន្ទូល​ថា ‹ចូរ​ចេញ​ពី​កណ្ដាល​ពួក​គេ​ទៅ ហើយ​ញែក​ខ្លួន​ទៅ​ដោយ​ឡែក កុំ​ឲ្យ​ពាល់​របស់​ស្មោក​គ្រោក​ឡើយ នោះ​អញ​នឹង​ទទួល​ឯង​រាល់​គ្នា› ​»។ (​កូរិនថូស​ទី២ ៦:១៧; អេសាយ ៥២:១១​) ហេតុ​ដូច្នេះ គ្រីស្ទាន​ពិត​ចៀស​ចេញ​ពី​អ្វី​ទាំង​អស់​ដែល​ជាប់​ទាក់​ទង​នឹង​សាសនា​មិន​ពិត។

១៧, ១៨​. តើ​«​បាប៊ីឡូន​ដ៏​ជា​ធំ​»​តំណាង​អ្វី? ហេតុ​អ្វី​ពេល​គឺ​បន្ទាន់​ហើយ​ឲ្យ​«​ចេញ​ពី​ទី​ក្រុង​នោះ​»​?

១៧ ព្រះ​គម្ពីរ​បង្ហាញ​ថា​សាសនា​មិន​ពិត​ទាំង​អស់​រួម​ជា​ផ្នែក​នៃ​«​បាប៊ីឡូន​ដ៏​ជា​ធំ​»។a (​វិវរណៈ ១៧:៥​) ឈ្មោះ​នោះ​ធ្វើ​ឲ្យ​យើង​នឹក​ចាំ​អំពី​ទី​ក្រុង​បាប៊ីឡូន​នៅ​សម័យ​បុរាណ ពី​ព្រោះ​សាសនា​មិន​ពិត​មាន​កំណើត​នៅ​ទី​ក្រុង​នោះ​ក្រោយ​ទឹក​ជំនន់​នា​សម័យ​ណូអេ។ សេចក្ដី​បង្រៀន​និង​ទំនៀម​ទម្លាប់​ជា​ច្រើន​ដែល​មាន​ទូទៅ​ក្នុង​សាសនា​មិន​ពិត​មាន​ប្រភព​ដើម​មក​ពី​ទី​ក្រុង​បាប៊ីឡូន​តាំង​ពី​បុរាណ​កាល​មក។ ជា​ឧទាហរណ៍ ព្រះ​ទាំង​ប៉ុន្មាន​ដែល​ពួក​បាប៊ីឡូន​ធ្លាប់​ថ្វាយ​បង្គំ​នោះ ជា​ព្រះ​បី​អង្គ​រួម​តែ​មួយ។ សព្វ​ថ្ងៃ​នេះ​ការ​បង្រៀន​ដ៏​សំខាន់​មួយ​របស់​សាសនា​ជា​ច្រើន​គឺ​ជា​លទ្ធិ​ព្រះ​ឯក​ត្រី​អង្គ។ ប៉ុន្តែ ព្រះ​គម្ពីរ​បង្រៀន​យ៉ាង​ច្បាស់​ថា មាន​ព្រះ​ពិត​តែ​មួយ​អង្គ គឺ​ព្រះ​យេហូវ៉ា ហើយ​ព្រះ​យេស៊ូ​គ្រីស្ទ​ជា​ព្រះ​រាជបុត្រា​របស់​ទ្រង់។ (​យ៉ូហាន ១៧:៣​) ពួក​បាប៊ីឡូន​ក៏​ធ្លាប់​ជឿ​ថា​មនុស្ស​មាន​ព្រលឹង​អមតៈ​មួយ​ដែល​បន្ត​រស់​ក្រោយ​ពី​រូប​កាយ​ស្លាប់ ហើយ​អាច​រង​ទុក្ខ​ក្នុង​កន្លែង​ធ្វើ​ទារុណកម្ម។ សព្វ​ថ្ងៃ​នេះ ជំនឿ​ទៅ​លើ​ព្រលឹង​ឬ​វិញ្ញាណ​អមតៈ​ដែល​អាច​រង​ទុក្ខ​ក្នុង​ភ្លើង​នរក​ជា​សេចក្ដី​បង្រៀន​មួយ​របស់​សាសនា​ភាគ​ច្រើន។

១៨ ដោយ​ព្រោះ​ការ​ថ្វាយ​បង្គំ​របស់​ពួក​បាប៊ីឡូន​នៅ​សម័យ​បុរាណ​បាន​រាល​ដាល​ទូ​ទាំង​ផែន​ដី​នោះ បាប៊ីឡូន​ដ៏​ធំ​នៅ​សម័យ​នេះ​អាច​ត្រូវ​សម្គាល់​ដោយ​ត្រឹម​ត្រូវ​ថា ជា​សាសនា​ទាំង​ឡាយ​ដែល​មិន​ថ្វាយ​បង្គំ​ព្រះ​យេហូវ៉ា។ ហើយ​ព្រះ​បាន​ទាយ​ថា​សាសនា​មិន​ពិត​ទាំង​នោះ​នឹង​មក​ដល់​ទី​បញ្ចប់​ក្នុង​មួយ​រំពេច។ (​វិវរណៈ ១៨:៨​) តើ​អ្នក​យល់​នូវ​មូលហេតុ​ដែល​ការ​ដក​ខ្លួន​ចេញ​ពី​គ្រប់​ផ្នែក​នៃ​បាប៊ីឡូន​ដ៏​ធំ​ជា​អ្វី​ដ៏​សំខាន់​ឬ​ទេ? ព្រះ​យេហូវ៉ា​មាន​ព្រះ​ទ័យ​ចង់​ឲ្យ​អ្នក​«​ចេញ​ពី​ទី​ក្រុង​នោះ​»​ភ្លាម​ៗ កាល​ដែល​នៅ​មាន​ពេល។—វិវរណៈ ១៨:៤

១៩​. តើ​អ្នក​នឹង​ទទួល​បាន​អ្វី​ដោយ​បំរើ​ព្រះ​យេហូវ៉ា?

១៩ ដោយ​សារ​អ្នក​សម្រេច​ចិត្ត​ឈប់​កាន់​តាម​សាសនា​មិន​ពិត មនុស្ស​ខ្លះ​ប្រហែល​ជា​នឹង​ឈប់​រាប់​អាន​អ្នក។ ក៏​ប៉ុន្តែ ដោយ​បំរើ​ព្រះ​យេហូវ៉ា​ជា​មួយ​នឹង​រាស្ត្រ​របស់​ទ្រង់ អ្វី​ដែល​អ្នក​នឹង​ទទួល​គឺ​ច្រើន​ជាង​អ្វី​ដែល​បាត់​បង់​ឆ្ងាយ​ណាស់។ អ្នក​នឹង​មាន​បង​ប្អូន​ប្រុស​ស្រី​ខាង​វិញ្ញាណ​ជា​ច្រើន​នាក់ ដូច​សិស្ស​ព្រះ​យេស៊ូ​នៅ​ជំនាន់​ដើម​ដែល​បាន​លះ​ចោល​អ្វី​ៗ​ឯ​ទៀត​ដើម្បី​កាន់​តាម​ទ្រង់។ អ្នក​នឹង​ទៅ​ជា​សមាជិក​នៃ​ក្រុម​គ្រួសារ​ធំ​មួយ​ដែល​មាន​ទូ​ទាំង​ពិភព​លោក។ ក្រុម​គ្រួសារ​នោះ​ជា​គ្រីស្ទាន​ពិត​រាប់​លាន​នាក់​ដែល​នឹង​បង្ហាញ​សេចក្ដី​ស្រឡាញ់​ដ៏​ស្មោះ​ចំពោះ​រូប​អ្នក។ ហើយ​អ្នក​នឹង​មាន​សេចក្ដី​សង្ឃឹម​ដ៏​អស្ចារ្យ​មួយ គឺ​ជីវិត​ជា​រៀង​រហូត​ក្នុង​«​លោក​ខាង​មុខ​»។ (​ម៉ាកុស ១០:២៨​-​៣០, ខ.ស.​) ប្រហែល​ជា​ក្រោយ​មក អ្នក​ដែល​បាន​កាត់​កាល់​អ្នក​ដោយ​សារ​ជំនឿ​របស់​អ្នក​នឹង​ពិចារណា​អ្វី​ដែល​ព្រះ​គម្ពីរ​បង្រៀន ហើយ​អាច​ទៅ​ជា​អ្នក​ថ្វាយ​បង្គំ​ព្រះ​យេហូវ៉ា​ដែរ។

២០​. តើ​អ្នក​ដែល​កាន់​តាម​សាសនា​ពិត​នឹង​មាន​អនាគត​បែប​ណា?

២០ ព្រះ​គម្ពីរ​បង្រៀន​ថា​មិន​យូរ​ទៀត​ព្រះ​នឹង​បំផ្លាញ​ចោល​របប​លោកីយ៍​នេះ ហើយ​រៀបចំ​ពិភព​លោក​ថ្មី​ដ៏​សុចរិត​មួយ​នៅ​ក្រោម​ការ​គ្រប់​គ្រង​នៃ​ព្រះ​រាជាណាចក្រ​របស់​ទ្រង់។ (​ពេត្រុស​ទី២ ៣:៩, ១៣​) ពិភព​លោក​ថ្មី​នោះ​នឹង​ជា​អ្វី​ដ៏​អស្ចារ្យ​ណាស់! ហើយ​ក្នុង​ពិភព​លោក​ថ្មី​ដ៏​សុចរិត​នោះ នឹង​មាន​សាសនា​តែ​មួយ ការ​ថ្វាយ​បង្គំ​តែ​មួយ។ ការ​ធ្វើ​តាម​ជំហាន​ដ៏​ចាំ​បាច់​ដើម្បី​ចូល​រួម​ជា​មួយ​នឹង​អ្នក​ថ្វាយ​បង្គំ​ពិត​ឥឡូវ​នេះ​ពិត​ជា​គួរ​គប្បី​ណាស់ មែន​ទេ?

[កំណត់​សម្គាល់]

a ដើម្បី​បាន​ព័ត៌មាន​ថែម​ទៀត​អំពី​មូលហេតុ​ដែល​បាប៊ីឡូន​ដ៏​ធំ​តំណាង​សាសនា​មិន​ពិត​ទាំង​ឡាយ​ទូ​ទាំង​ពិភព​លោក​នោះ សូម​មើល​ការ​ពន្យល់​បន្ថែម​ដែល​មាន​ចំណង​ជើង​ថា «​ការ​សម្គាល់​‹​បាប៊ីឡូន​ដ៏​ជា​ធំ​›​»។

អ្វី​ដែល​ព្រះ​គម្ពីរ​បង្រៀន

▪ មាន​សាសនា​ពិត​តែ​មួយ។—ម៉ាថាយ ៧:១៣, ១៤

▪ សាសនា​ពិត​ត្រូវ​សម្គាល់​ដោយ​ការ​បង្រៀន​និង​ការ​ប្រព្រឹត្ត។—ម៉ាថាយ ៧:១៦, ១៧

▪ ព្រះ​សព្វ​ព្រះ​ហឫទ័យ​នឹង​ការ​ថ្វាយ​បង្គំ​របស់​ស្មរបន្ទាល់​ព្រះ​យេហូវ៉ា។—អេសាយ ៤៣:១០

[ប្រអប់​/​រូប​ភាព​នៅ​ទំព័រ​១៦៩]

អ្នក​ដែល​ថ្វាយ​បង្គំ​ព្រះ​ពិត

▪ យក​ព្រះ​គម្ពីរ​ជា​មូលដ្ឋាន​ក្នុង​ការ​បង្រៀន​របស់​ពួក​គេ

▪ ថ្វាយ​បង្គំ​ព្រះ​យេហូវ៉ា​តែ​មួយ​អង្គ​ប៉ុណ្ណោះ ហើយ​ប្រកាស​ព្រះ​នាម​ទ្រង់

▪ បង្ហាញ​សេចក្ដី​ស្រឡាញ់​ដ៏​ស្មោះ​ទៅ​វិញ​ទៅ​មក

▪ ទទួល​ស្គាល់​ព្រះ​យេស៊ូ​ជា​ខ្សែ​រយៈ​របស់​ព្រះ​សំរាប់​ផ្ដល់​សេចក្ដី​សង្គ្រោះ

▪ មិន​មែន​ជា​របស់​ផង​លោកីយ៍

▪ ប្រកាស​អំពី​ព្រះ​រាជាណាចក្រ​របស់​ព្រះ​ថា​ជា​សេចក្ដី​សង្ឃឹម​តែ​មួយ​គត់​សំរាប់​មនុស្ស

[រូប​ភាព​នៅ​ទំព័រ​១៧៤]

ដោយ​បំរើ​ព្រះ​យេហូវ៉ា​ជា​មួយ​នឹង​រាស្ត្រ​របស់​ទ្រង់ អ្វី​ដែល​អ្នក​នឹង​ទទួល​គឺ​មាន​ច្រើន​ជាង​ឆ្ងាយ​ណាស់​បើ​ធៀប​នឹង​អ្វី​ដែល​បាន​បាត់​បង

​​​​​​

    សៀវភៅភាសាខ្មែរ (១៩៩១-២០២៥)
    ចេញពីគណនី
    ចូលគណនី
    • ខ្មែរ
    • ចែករំលែក
    • ជម្រើស
    • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
    • ល័ក្ខខ័ណ្ឌប្រើប្រាស់
    • គោលការណ៍ស្ដីអំពីព័ត៌មានផ្ទាល់ខ្លួនរបស់លោកអ្នក
    • កំណត់ឯកជនភាព
    • JW.ORG
    • ចូលគណនី
    ចែករំលែក