បណ្ណាល័យអ៊ីនធឺណិតរបស់ប៉មយាម
ប៉មយាម
បណ្ណាល័យអ៊ីនធឺណិត
ខ្មែរ
  • គម្ពីរ
  • សៀវភៅផ្សេងៗ
  • កិច្ចប្រជុំ
  • w96 ១/១២ ទំ. ៣-៥
  • តើសាសនាទាំងអស់ផ្គាប់ព្រះហឫទ័យព្រះទេ?

សុំទោស គ្មានវីដេអូទេ

សុំទោស វីដេអូមានបញ្ហា

  • តើសាសនាទាំងអស់ផ្គាប់ព្រះហឫទ័យព្រះទេ?
  • ១៩៩៦ ទស្សនាវដ្ដីប៉មយាមប្រកាសអំពីរាជាណាចក្ររបស់ព្រះយេហូវ៉ា
  • ចំណងជើងតូច
  • អត្ថបទស្រដៀងគ្នា
  • ស្គាល់​ពី​ផលផ្លែ​របស់​គេ
  • ត្រូវ​ការ​ប្រុង​ប្រយ័ត្ន
  • ការ​ពិនិត្យ​មើល​ផលផ្លែ
  • ពេល​សំរាប់​ចាត់​វិធានការ​ដោយ​ឥត​រួញ​រា
  • ការថ្វាយបង្គំដែលព្រះសព្វព្រះហឫទ័យ
    តើព្រះគម្ពីរពិតជាបង្រៀនយ៉ាងណា?
  • សាសនាមិនពិតជិតត្រូវបំផ្លាញហើយ!
    សាសនាមិនពិតជិតត្រូវបំផ្លាញហើយ!
  • តើលោកអ្នករកឃើញសាសនាត្រឹមត្រូវហើយឬ?
    ទស្សនាវដ្ដីប៉មយាមប្រកាសអំពីរាជាណាចក្ររបស់ព្រះយេហូវ៉ា ១៩៩៤
  • សាសនារបស់អ្នក ពិតជាការសំខាន់មួយ
    អ្នកអាចរស់នៅជានិរន្តរ៍ក្នុងសួនមនោរម្យនៅលើផែនដី
១៩៩៦ ទស្សនាវដ្ដីប៉មយាមប្រកាសអំពីរាជាណាចក្ររបស់ព្រះយេហូវ៉ា
w96 ១/១២ ទំ. ៣-៥

តើ​សាសនា​ទាំង​អស់​ផ្គាប់​ព្រះ​ហឫទ័យ​ព្រះ​ទេ?

តើ​អ្នក​គិត​ថា​សាសនា​ទាំង​អស់​ផ្គាប់​ព្រះ​ហឫទ័យ​ព្រះ​ទេ? ប្រហែល​ជា​អ្នក​ដឹង​ការ​ថ្វាយ​បង្គំ​ណា​មួយ លើក​ផ្សព្វផ្សាយ​ឲ្យ​មាន​ចរិយា​ល្អ យ៉ាង​ហោច​ណាស់​ក៏​មាន​ខ្លះ​ដែរ។ ប៉ុន្តែ​តើ​នេះ​គ្រប់គ្រាន់​នឹង​ផ្គាប់​ព្រះ​ហឫទ័យ​ព្រះ​ទេ?

អ្នក​ខ្លះ​និយាយ​ថា ‹ឲ្យ​តែ​មាន​ចិត្ត​ស្មោះ​ក្នុង​ការ​ថ្វាយ​បង្គំ នោះ​ព្រះ​នឹង​ផ្គាប់​ព្រះ​ហឫទ័យ​ហើយ។ សាសនា​ទាំង​អស់​គឺ​សុទ្ធតែ​ល្អ›។ ឧទាហរណ៍ សាសនា​បា​ហា​យ​បាន​ទទួល​យក​ទស្សនៈ​នេះ​មក​ប្រើ ព្រម​ទាំង​យក​សាសនា​ធំៗ​ប្រាំ​បួន​នៃ​ពិភពលោក មក​ដាក់​ក្នុង​គោល​ជំនឿ​របស់​ខ្លួន​ផង។ ក្រុម​សាសនា​នេះ​ជឿ​ថា សាសនា​ទាំង​នេះ​គឺ​មាន​កំណើត​ពី​ព្រះ ហើយ​ជា​ផ្នែក​ផ្សេងៗ​នៃ​សេចក្ដី​ពិត​មួយ។ តើ​អាច​ទៅ​ជា​ដូច្នេះ​យ៉ាង​ណា​បាន?

ម្យ៉ាង​ទៀត អ្នក​អាច​មាន​មូលហេតុ​ត្រឹម​ត្រូវ​ក្នុង​ការ​ឆ្ងល់​ថា​តើ​សាសនា​អាច​ផ្គាប់​ព្រះ​ហឫទ័យ​ព្រះ​យ៉ាង​ណា​ទៅ​បាន បើ​សាសនា​នោះ​បញ្ជា​សមាជិក​ខ្លួន​ឲ្យ​ដាក់​ឧស្ម័ន​រំងាប់​សរសៃ​ប្រសាទ​ក្នុង​កន្លែង​សាធារណៈ ដែល​អាច​សម្លាប់​មនុស្ស​ជា​ច្រើន​នោះ។ ការ​ចោទ​នេះ​បាន​សំដៅ​លើ​ក្រុម​សាសនា​មួយ​នៅ​ប្រទេស​ជប៉ុន។ ឬ​តើ​ព្រះ​សព្វ​ព្រះ​ហឫទ័យ​នឹង​សាសនា​ដែល​ឲ្យ​សមាជិក​សម្លាប់​ខ្លួន​ឯង​ទេ? ពីរបី​ឆ្នាំ​កន្លង​ទៅ​នេះ ពួក​អ្នក​កាន់​តាម​មេ​ដឹក​នាំ​សាសនា​ម្នាក់​ឈ្មោះ ជី​ម ជូន្ស នៅ​ប្រទេស​ហ្គាយា​ណា បាន​សម្លាប់​ខ្លួន​ឯង។

ការ​ពិនិត្យ​មើល​ទៅ​សម័យ​មុនៗ យើង​ប្រហែល​ជា​សួរ​ថា តើ​សាសនា​អាច​ផ្គាប់​ព្រះ​ហឫទ័យ​ព្រះ​បាន​ទេ នៅ​ពេល​ដែល​គេ​បង្ក​រស​ង្គ្រាម ដូច​ជា​ក្នុង​ករណី​នៃ​សង្គ្រាម​សាមសិប​ឆ្នាំ គឺ​ពី​ឆ្នាំ​១៦១៨ទៅ១៦៤៨? យោង​ទៅ​តាម ប្រវត្ដិសាស្ត្រ​ទូទៅ​នៃ​ពិភពលោក ការ​ច្បាំង​គ្នា​រវាង​សាសនា​កាតូលិក​និង​ប្រូតេស្តង់ ជា​«សង្គ្រាម​ដ៏​អាក្រក់​មួយ​នៃ​ប្រវត្ដិសាស្ត្រ​អឺរ៉ុប»។

សង្គ្រាម​សាសនា​ពី​សតវត្ស​ទី១១ទៅ១៣ ក៏​មាន​ការ​បង្ហូរ​ឈាម​ដ៏​រន្ធត់​ដែរ។ ឧទាហរណ៍ ក្នុង​សង្គ្រាម​សាសនា​ទី​មួយ ពួក​អ្នក​ដែល​អះអាង​ជា​គ្រីស្ទាន បាន​សម្លាប់​ពួក​អ៊ីស្លាម​និង​ពួក​យូដា​នៃ​ក្រុង​យេរូសាឡិម​យ៉ាង​ឃោរឃៅ។

សូម​ពិចារណា​ដែរ នូវ​អ្វី​ដែល​បាន​កើត​ឡើង​ក្នុង​សម័យ​ទារុណកម្ម​សាសនា ដែល​បាន​ចាប់​ផ្ដើម​ក្នុង​សតវត្ស​ទី១៣ ដែល​មាន​រយ:៦០០ឆ្នាំ។ មនុស្ស​រាប់​ពាន់​នាក់​ត្រូវ​បាន​ទទួល​ទារុណកម្ម​ហើយ​ដុត​សម្លាប់​ចោល នៅ​ក្រោម​ការ​បញ្ជា​នៃ​មេ​ដឹក​នាំ​សាសនា។ ក្នុង​សៀវភៅ​របស់​គាត់ Vicars of Christ—The Dark Side of the Papacy ភ៉ីតធឺ ឌឺ រ៉ូសា ថ្លែង​ថា​៖ «ក្នុង​នាម​នៃ​សម្ដេច​ប៉ាប [អ្នក​ធ្វើ​ទារុណកម្ម​សាសនា] ជា​អ្នក​ទទួល​ខុសត្រូវ​ចំពោះ​ការ​កាប់​សម្លាប់​ដ៏​ឃោរឃៅ​ទៅ​លើ​មនុស្ស​ក្នុង​ប្រវត្ដិសាស្ត្រ​លោក»។ ចំពោះ​អ្នក​ធ្វើ​ទារុណកម្ម​ជាតិ​ដូមីនីកិន​ពី​ប្រទេស​អេស្ប៉ាញ លោក​ឌឺ រ៉ូសា ចែង​ថា​៖ «បាន​ទទួល​តំណែង​ក្នុង​ឆ្នាំ​១៤៨៣ គាត់​បាន​គ្រប់គ្រង​ដ៏​រំលោភ​ជិះជាន់​អស់​ដប់​ប្រាំ​ឆ្នាំ។ ពួក​អ្នក​រងគ្រោះ​គឺ​មាន​ជាង​១១៤.០០០​នាក់ ដែល​មាន​១០.២២០​នាក់​ត្រូវ​បាន​ដុត​ក្នុង​ភ្លើង»។

ប្រាកដ​ហើយ មិន​មែន​មាន​តែ​និកាយ​នៃ​ពិភព​គ្រីស្ទ​សាសនា​ប៉ុណ្ណោះ​ទេ ដែល​មាន​ទោស​បង្ហូរ​ឈាម។ ក្នុង​សៀវភៅ​របស់​គាត់ Pensées ទស្សនៈ​វិទូ​ជាតិ​បារាំង​ឈ្មោះ ប្លែរ ប៉ាស្កែល កត់​សម្គាល់​ថា​៖ «មនុស្ស​មិន​ដែល​ប្រព្រឹត្ត​អាក្រក់​ពេញទី​ហើយ​សប្បាយ​ចិត្ត ដូច​នៅ​ពេល​ដែល​គេ​បាន​ធ្វើ​ក្នុង​នាម​នៃ​សាសនា​នោះ​ឡើយ»។

ស្គាល់​ពី​ផលផ្លែ​របស់​គេ

ពី​ទស្សនៈ​របស់​ព្រះ សាសនា​ដែល​ផ្គាប់​ព្រះ​ហឫទ័យ​ទ្រង់ គឺ​មិន​ត្រូវ​មាន​មូលដ្ឋាន​ទៅ​លើ​តែ​កត្ដា​មួយ​ប៉ុណ្ណោះ។ ដើម្បី​ឲ្យ​សាសនា​ផ្គាប់​ព្រះ​ហឫទ័យ​ទ្រង់ សេចក្ដី​បង្រៀន​និង​សកម្មភាព​ផ្សេងៗ ត្រូវ​តែ​ស្រប​តាម​បន្ទូល​នៃ​សេចក្ដី​ពិត​របស់​ទ្រង់ គឺ​ព្រះ​គម្ពីរ។ (ទំនុកដំកើង ១១៩:១៦០; យ៉ូហាន ១៧:១៧) ផលផ្លែ​នៃ​ការ​ថ្វាយ​បង្គំ​ដែល​ព្រះ​យល់​ព្រម ត្រូវ​តែ​អនុលោម​តាម​បមាណីយ​របស់​ព្រះ​យេហូវ៉ា។

ក្នុង​ធម្មទាន​នៅ​លើ​ភ្នំ ព្រះ​យេស៊ូ​គ្រីស្ទ​បង្ហាញ​ថា នឹង​មាន​ពួក​ព្យាការីក្លែង​ក្លាយ ដែល​អះអាង​ថា​ជា​អ្នក​តំណាង​ព្រះ។ ព្រះ​យេស៊ូ​បាន​មាន​បន្ទូល​ថា​៖ «ចូរ​ប្រយ័ត​នឹង​ពួក​គ្រូ​ក្លែង​ក្លាយ ដែល​គេ​មក​ឯ​អ្នក​រាល់​គ្នា ដោយ​ពាក់​រោម​ចៀម​បំប្លែង​ខ្លួន តែ​ខាង​ក្នុង​របស់​គេ ជា​ឆ្កែ​ចចក ដែល​ឆ្មក់​ស៊ី​វិញ អ្នក​រាល់​គ្នា​នឹង​ស្គាល់​គេ​បាន ដោយសារ​ផល​គេ​បង្កើត តើ​ដែល​បេះ​ផ្លែ​ទំពាំង​បាយ​ជូរ​ពី​គុម្ព​បន្លា ឬ​ផ្លែ​ល្វា​ពី​ដំបង​យក្ស​ឬ​ទេ ដូច្នេះ​អស់​ទាំង​ដើម​ឈើ​ល្អ តែង​មាន​ផ្លែ​ល្អ ឯ​ដើម​អាក្រក់ ក៏​តែង​មាន​ផ្លែ​អាក្រក់​ដែរ ធម្មតា​ដើម​ឈើ​ល្អ មិន​ដែល​បញ្ចេញ​ផល​អាក្រក់​បាន​ទេ ហើយ​ដើម​ដែល​អាក្រក់ ក៏​ពុំ​អាច​នឹង​បញ្ចេញ​ផល​ល្អ​បាន​ដែរ អស់​ទាំង​ដើម​ឈើ​ណា ដែល​មិន​កើត​ផលផ្លែ​ល្អ នោះ​ត្រូវ​តែ​កាប់​បោះ​ចោល​ទៅ​ក្នុង​ភ្លើង​ចេញ ដូច្នេះ អ្នក​រាល់​គ្នា​នឹង​ស្គាល់​គេ​បាន គឺ​ដោយសារ​ផល​គេ​បង្កើត»។ (ម៉ាថាយ ៧:១៥​-​២០) ពាក្យ​ទាំង​នេះ​បង្ហាញ​ថា យើង​ត្រូវ​តែ​ប្រុង​ប្រយ័ត្ន​ខាង​វិញ្ញាណ។ យើង​ប្រហែល​ជា​គិត​ថា មេ​ដឹក​នាំ​សាសនា​ឬ​ក្រុម​សាសនា​មួយ​ផ្គាប់​ព្រះ​ហឫទ័យ​ព្រះ​និង​ព្រះ​គ្រីស្ទ ប៉ុន្តែ​យើង​អាច​ទៅ​ជា​ខុស​បាន។

ត្រូវ​ការ​ប្រុង​ប្រយ័ត្ន

ថ្វី​បើ​សាសនា​មួយ​អះអាង​ថា​មាន​ការ​ទទួល​ព្រម​ពី​ព្រះ ហើយ​ពួក​បព្វជិត​របស់​គេ​អាន​ព្រះ​គម្ពីរ​ក៏​ដោយ នោះ​មិន​មាន​សេចក្ដី​ថា​ជា​ការ​ថ្វាយ​បង្គំ​ដែល​ផ្គាប់​ព្រះ​ហឫទ័យ​ដល់​ព្រះ​ឡើយ។ ពួក​មេ​ដឹក​នាំ​គេ​ប្រហែល​ជា​ធ្វើ​ការ​អស្ចារ្យ ដែល​ហាក់​ដូច​ជា​ព្រះ​បាន​ធ្វើ​តាម​រយៈ​ពួក​គេ។ ប៉ុន្តែ សាសនា​នោះ​ក៏​នៅ​តែ​ក្លែង​ក្លាយ បើ​មិន​បង្កើត​ផលផ្លែ​ដែល​ព្រះ​យល់​ព្រម។ ពួក​សង្ឃ​មន្តអាគម​សាសន៍​អេស៊ីប​នៅ​សម័យ​ម៉ូសេ អាច​ធ្វើ​ការ​អស្ចារ្យ​ជា​ច្រើន ប៉ុន្តែ​ពួក​គេ​ប្រាកដ​ជា​មិន​មាន​ការ​យល់​ព្រម​ពី​ព្រះ​ឡើយ។—និក្ខមនំ ៧:៨​-​២២

សព្វ​ថ្ងៃ​នេះ ដូច​នៅ​អតីតកាល​ដែរ សាសនា​ជា​ច្រើន​ផ្សព្វផ្សាយ​ទស្សនៈ​និង​គំនិត​របស់​មនុស្ស ជាជាង​កាន់​តាម​អ្វី​ដែល​ព្រះ​ចាត់​ថា​សេចក្ដី​ពិត។ ដូច្នេះ ជា​ការ​ត្រឹម​ត្រូវ​ណាស់ ដែល​ព្រះ​គម្ពីរ​ព្រមាន​ថា​៖ «ចូរ​ប្រយ័ត ក្រែង​មាន​អ្នក​ណា​ចាប់​អ្នក​រាល់​គ្នា​ធ្វើ​ជា​រំពា ដោយ​ពាក្យ​បរមត្ថ នឹង​ពាក្យ​បញ្ឆោត​ជា​អសារ​ឥត​ការ តាម​សណ្ដាប់​បុរាណ​របស់​មនុស្ស តាម​បថ​ម​សិក្សា​នៅ​នា​លោកីយ គឺ​មិន​មែន​តាម​ព្រះ​គ្រីស្ទ​ទេ»។—កូល៉ុស ២:៨

ក្រោយ​ពី​បាន​រៀប​រាប់​អំពី​ផលផ្លែ​ល្អ​និង​អាក្រក់​រួច​ហើយ ព្រះ​យេស៊ូ​មាន​បន្ទូល​ថា​៖ «មិន​មែន​អស់​អ្នក​ណា​ដែល​គ្រាន់​តែ​និយាយ​មក​ខ្ញុំ​ថា ‹ឱ​ព្រះ​អម្ចាស់ៗ​អើយ› ដែល​នឹង​ចូល​ទៅ​ក្នុង​នគរ​ស្ថានសួគ៌​នោះ​ទេ គឺ​ជា​អស់​អ្នក​ដែល​ធ្វើ​តាម​ព្រះ​ហឫទ័យ​នៃ​ព្រះ​វរបិតា ដែល​គង់​នៅ​ស្ថានសួគ៌​វិញ​ទេ​តើ នៅ​ថ្ងៃ​នោះ នឹង​មាន​មនុស្ស​ជា​ច្រើន​និយាយ​មក​ខ្ញុំ​ថា ‹ឱ​ព្រះ​អម្ចាស់ៗ​អើយ តើ​យើង​ខ្ញុំ​មិន​បាន​ទាយ​ដោយ​នូវ​ព្រះ​នាម​ទ្រង់ ហើយ​ដេញ​អារក្ស​ដោយ​នូវ​ព្រះ​នាម​ទ្រង់ ព្រម​ទាំង​ធ្វើ​ការ​ឫទ្ធិ​បារមី​ជា​ច្រើន ដោយ​នូវ​ព្រះ​នាម​ទ្រង់​ទេ​ឬ​អី›? នោះ​ខ្ញុំ​នឹង​និយាយ​ដោយ​ត្រង់​ថា ‹អញ​មិន​ដែល​បាន​ស្គាល់​ឯង​រាល់​គ្នា​ទេ នែ ពួក​ទទឹង​ច្បាប់​អើយ ចូរ​ថយ​ចេញ​ពី​អញ​ទៅ›»។—ម៉ាថាយ ៧:២១​-​២៣

ការ​ពិនិត្យ​មើល​ផលផ្លែ

ដូច្នេះ​យ៉ាង​ច្បាស់​ណាស់ ជា​ការ​ចាំបាច់​ដែល​យើង​ត្រូវ​ពិនិត្យ​មើល​ផលផ្លែ​នៃ​សាសនា​មួយ មុន​នឹង​សន្និដ្ឋាន​ថា​ព្រះ​យល់​ព្រម​សាសនា​នោះ។ ឧទាហរណ៍ តើ​សាសនា​នោះ​ជាប់​ទាក់ទង​នឹង​រឿង​នយោបាយ​ឬ​ទេ? រួច​មក សូម​កត់​សម្គាល់​ពាក្យ​ទាំង​នេះ ដែល​បាន​កត់​ទុក​ក្នុង​យ៉ាកុប ៤:៤​៖ «អ្នក​ណា​ដែល​ចូល​ចិត្ត​ចង់​ធ្វើ​ជា​មិត្រ​សំឡាញ់​នឹង​លោកីយ នោះ​ឈ្មោះ​ថា បាន​តាំង​ខ្លួន​ជា​ខ្មាំង​សត្រូវ​នឹង​ព្រះ​វិញ»។ ម្យ៉ាង​ទៀត ព្រះ​យេស៊ូ​មាន​បន្ទូល​អំពី​ពួក​អ្នក​កាន់​តាម​ទ្រង់​ថា​៖ «គេ​មិន​មែន​ជា​របស់​ផង​លោកីយ ដូច​ជា​ទូល​បង្គំ​ក៏​មិន​មែន​ជា​របស់​លោកីយ​ដែរ»។ (យ៉ូហាន ១៧:១៦) សាសនា​ដែល​ល្អ​ក្នុង​ព្រះ​នេត្រ​ទ្រង់ គឺ​មិន​ទាក់ទង​នឹង​នយោបាយ​នៃ​លោកីយ៍​នេះ​ទេ ដែល​«ដេក​នៅ​ក្នុង​ឱវាទ​នៃ​មេ​កំណាច» ជា​វិញ្ញាណ​ដែល​មើល​មិន​ឃើញ គឺ​អារក្ស​សាតាំង។ (យ៉ូហានទី១ ៥:១៩) ផ្ទុយ​ទៅ​វិញ សាសនា​ដែល​ផ្គាប់​ព្រះ​ហឫទ័យ​ព្រះ គឺ​គាំទ្រ​យ៉ាង​ស្មោះ​ត្រង់​ដល់​ព្រះ​រាជាណាចក្រ​ទ្រង់​ក្រោម​ការ​ដឹក​នាំ​នៃ​ព្រះ​យេស៊ូ​គ្រីស្ទ ហើយ​ប្រកាស​ដំណឹង​ល្អ​អំពី​រាជ​រដ្ឋាភិបាល​នៅ​ស្ថានសួគ៌។—ម៉ាកុស ១៣:១០

តើ​សាសនា​មួយ​ផ្គាប់​ព្រះ​ហឫទ័យ​ព្រះ​ទេ បើ​វា​ឃោសនា​មិន​ឲ្យ​គោរព​តាម​បញ្ជា​រដ្ឋ​នោះ? ចម្លើយ​គឺ​ច្បាស់​ណាស់ បើសិន​ជា​យើង​ធ្វើ​តាម​ឱវាទ​របស់​សាវ័ក​ប៉ុល​៖ «ចូរ​រំឭក​គេ ឲ្យ​ចុះ​ចូល​នឹង​ពួក​នាម៉ឺន ហើយ​នឹង​ពួក​មាន​អំណាច​ទាំង​អស់ ព្រម​ទាំង​ស្ដាប់​បង្គាប់ ហើយ​ប្រុង ប្រៀប​ធ្វើ​គ្រប់​ទាំង​ការ​ល្អ»។ (ទីតុស ៣:១) ប្រាកដ​ហើយ ព្រះ​យេស៊ូ​បាន​បង្ហាញ​ថា​ពួក​អ្នក​កាន់​តាម​ទ្រង់ ត្រូវ​តែ​«ថ្វាយ​របស់​សេសារ​ទៅ​សេសារ​ទៅ ហើយ​របស់​ព្រះ​ទៅ​ព្រះ​វិញ»។—ម៉ាកុស ១២:១៧

ឧបមា​ថា​សាសនា​មួយ​ឃោសនា​ឲ្យ​ចូល​រួម​ធ្វើ​សង្គ្រាម។ ពេត្រុសទី១ ៣:១១ ដាស់​តឿន​យើង​ឲ្យ​«ធ្វើ​ការ​ល្អ» ហើយ​ឲ្យ​«ស្វែង​រក​ហើយ​ដេញ​តាម​សេចក្ដី​មេត្រីភាព»។ តើ​សាសនា​មួយ​អាច​ផ្គាប់​ព្រះ​ហឫទ័យ​ព្រះ​យ៉ាង​ណា​បាន បើ​សមាជិក​ស្ម័គ្រ​ចិត្ត​សម្លាប់​ពួក​អ្នក​ថ្វាយ​បង្គំ​គ្នីគ្នា​ក្នុង​សង្គ្រាម​នៃ​ប្រទេស​ផ្សេង​ទៀត​នោះ? សមាជិក​នៃ​សាសនា​ដែល​ផ្គាប់​ព្រះ​ហឫទ័យ​ព្រះ សម្ដែង​គុណសម្បត្ដិ​ដ៏​សំខាន់​របស់​ទ្រង់—គឺ​សេចក្ដី​ស្រឡាញ់។ ហើយ​ព្រះ​យេស៊ូ​មាន​បន្ទូល​ថា​៖ «គេ​នឹង​ដឹង​ថា អ្នក​រាល់​គ្នា​ជា​សិស្ស​របស់​ខ្ញុំ ដោយសារ​សេចក្ដី​នេះ​ឯង គឺ​ដោយ​អ្នក​រាល់​គ្នា​មាន​សេចក្ដី​ស្រឡាញ់​ដល់​គ្នា​ទៅ​វិញ​ទៅ​មក»។ (យ៉ូហាន ១៣:៣៥) សេចក្ដី​ស្រឡាញ់​នោះ​គឺ​គ្មាន​ចំណែក​ជា​មួយ​នឹង​សេចក្ដី​ស្អប់​ដ៏​ឃោរឃៅ​ក្នុង​សង្គ្រាម​នៃ​សាសន៍​នានា​ឡើយ។

សាសនា​ពិត​កែ​ប្រែ​មនុស្ស​ដែល​ចូល​ចិត្ត​ធ្វើ​សង្គ្រាម​ឲ្យ​ទៅ​ជា​ស្រឡាញ់​មេត្រីភាព​វិញ។ នេះ​បាន​ទាយ​ប្រាប់​ក្នុង​ពាក្យ​ទាំង​នេះ​៖ «គេ​នឹង​យក​ដាវ​របស់​ខ្លួន​ដំ​ធ្វើ​ជា​ផាល​នង្គ័ល ហើយ​លំពែង​គេ​ធ្វើ​ជា​ដង្កាវ​វិញ នគរ​១​នឹង​មិន​លើក​ដាវ​ទាស់​នឹង​នគរ​១​ទៀត​ឡើយ ក៏​មិន​ហាត់​រៀន​ធ្វើ​សឹក​សង្គ្រាម​ទៀត​ដែរ»។ (អេសាយ ២:៤) ជាជាង​សាប​ព្រួស​ពាក្យ​សម្អប់ ពួក​អ្នក​ដែល​កាន់​តាម​ការ​ថ្វាយ​បង្គំ​ពិត ធ្វើ​តាម​បញ្ជា​នេះ​៖ «ត្រូវ​ឲ្យ​ស្រឡាញ់​អ្នកជិតខាង​ដូច​ខ្លួន​ឯង»។—ម៉ាថាយ ២២:៣៩

អស់​ពួក​ដែល​កាន់​សាសនា​ពិត ខំ​រស់​នៅ​តាម​បមាណីយ​ដ៏​ខ្ពង់​ខ្ពស់​នៃ​ព្រះ​យេហូវ៉ា ដោយ​បដិសេធ​ជីវភាព​ដ៏​ឥត​សីលធម៌​នៃ​លោកីយ៍​នេះ។ ពាក្យ​បន្ទូល​របស់​ព្រះ​ថ្លែង​ថា​៖ «តើ​មិន​ដឹង​ថា ពួក​មនុស្ស​ទុច្ចរិត​មិន​ដែល​បាន​គ្រង​នគរ​ព្រះ​ទុក​ជា​មរដក​ទេ​ឬ​អី កុំ​ឲ្យ​ច្រឡំ​ឡើយ ដ្បិត​ពួក​មនុស្ស​កំផិត ពួក​ថ្វាយ​បង្គំ​រូប​ព្រះ ពួក​សហាយ​ស្មន់ ពួក​អ្នក​សំរេច​កិច្ច​ដោយ​ខ្លួន​ឯង ពួក​លេង​កូន​ជឹង ពួក​ចោរ ពួក​មនុស្ស​លោភ ពួក​ប្រមឹក ពួក​ត្មះ​តិះដៀល នឹង​ពួក​ប្លន់​កំហែង នោះ​មិន​ដែល​បាន​គ្រង​នគរ​ព្រះ​ទុក​ជា​មរដក​ឡើយ ឯ​ពួក​អ្នក​រាល់​គ្នា​ខ្លះ ពីដើម​ក៏​ជា​មនុស្ស​យ៉ាង​ដូច្នោះ​ដែរ តែ​បាន​លាង​ស្អាត​ហើយ ក៏​បាន​ញែក​ជា​បរិសុទ្ធ ហើយ​រាប់​ជា​សុចរិត​ផង ដោយ​នូវ​ព្រះ​នាម​ព្រះ​អម្ចាស់​យេស៊ូវ នឹង​ព្រះ​វិញ្ញាណ​របស់​ព្រះ​នៃ​យើង​រាល់​គ្នា»។—កូរិនថូសទី១ ៦:៩​-​១១

ពេល​សំរាប់​ចាត់​វិធានការ​ដោយ​ឥត​រួញ​រា

ជា​ការ​សំខាន់​ណាស់ ក្នុង​ការ​ឲ្យ​យល់​នូវ​ភាព​ខុស​គ្នា​រវាង​សាសនា​ក្លែង​ក្លាយ​និង​សាសនា​ពិត។ ក្នុង​សៀវភៅ​គម្ពីរ​វិវរណៈ ចក្រភព​ទូទៅ​នៃ​សាសនា​មិន​ពិត ត្រូវ​បាន​សម្គាល់​ជា​«បាប៊ីឡូន​ដ៏​ធំ» ជា​និមិត្តរូប​នៃ​ស្ត្រី​ពេស្យា​ដែល​«ពួក​ស្តេច​នៅ​ផែនដី​បាន​សហាយ​ស្មន់​នឹង​វា»។ វា​មាន​ទោស​បង្ហូរ​ឈាម​ហើយ​កាន់​ពែង​មាស​«ដែល​ពេញ ដោយ​សេចក្ដី​ស្មោកគ្រោក របស់​ការ​កំផិត​ដ៏​គួរ​ខ្ពើម​របស់​វា​ផង»។ (វិវរណៈ ១៧:១​-​៦) គឺ​គ្មាន​អ្វី​ដែល​ព្រះ​សព្វ​ព្រះ​ហឫទ័យ​នឹង​វា​សោះ។

នេះ​ជា​ពេល​សំរាប់​ចាត់​វិធានការ​ដោយ​ឥត​រួញ​រា។ ចំពោះ​មនុស្ស​ស្មោះ​ត្រង់​ដែល​កំពុង​តែ​នៅ​ក្នុង​បាប៊ីឡូន​ដ៏​ធំ ព្រះ​ដែល​ស្រឡាញ់​យើង​ប្រាប់​សេចក្ដី​នេះ​ថា​៖ «រាស្ត្រ​អញ​អើយ ចូរ​ចេញ​ពី​ទី​ក្រុង​នោះ​មក ដើម្បី​កុំ​ឲ្យ​ត្រូវ​មាន​ចំណែក​ក្នុង​អំពើ​បាប​វា​ឡើយ ក្រែង​ត្រូវ​វេទនា​ដូច​ជា​វា​ដែរ»។—វិវរណៈ ១៨:៤

បើសិន​ជា​អ្នក​ចង់​កាន់​តាម​សាសនា​ដែល​ផ្គាប់​ព្រះ​ហឫទ័យ​ព្រះ ហេតុ​អ្វី​ក៏​មិន​មក​រាប់​អាន​ឲ្យ​ស្គាល់​ស្មរបន្ទាល់​ព្រះ​យេហូវ៉ា​ទៅ? ចូរ​តាម​ដាន​រក​ថា​តើ​សាសនា​របស់​គេ​បង្កើត​ផលផ្លែ​ដែល​អ្នក​សង្ឃឹម​ពី​សាសនា​ពិត​ឬ​យ៉ាង​ណា។ បើ​អ្នក​រក​ឃើញ​ថា​ពិត​មែន នោះ​អ្នក​បាន​រក​ឃើញ​សាសនា​ដែល​ផ្គាប់​ព្រះ​ហឫទ័យ​ព្រះ​ហើយ។

    សៀវភៅភាសាខ្មែរ (១៩៩១-២០២៥)
    ចេញពីគណនី
    ចូលគណនី
    • ខ្មែរ
    • ចែករំលែក
    • ជម្រើស
    • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
    • ល័ក្ខខ័ណ្ឌប្រើប្រាស់
    • គោលការណ៍ស្ដីអំពីព័ត៌មានផ្ទាល់ខ្លួនរបស់លោកអ្នក
    • កំណត់ឯកជនភាព
    • JW.ORG
    • ចូលគណនី
    ចែករំលែក