បណ្ណាល័យអ៊ីនធឺណិតរបស់ប៉មយាម
ប៉មយាម
បណ្ណាល័យអ៊ីនធឺណិត
ខ្មែរ
  • គម្ពីរ
  • សៀវភៅផ្សេងៗ
  • កិច្ចប្រជុំ
  • pe ជំ. ៣ ទំ. ២៥-៣៣
  • សាសនារបស់អ្នក ពិតជាការសំខាន់មួយ

សុំទោស គ្មានវីដេអូទេ

សុំទោស វីដេអូមានបញ្ហា

  • សាសនារបស់អ្នក ពិតជាការសំខាន់មួយ
  • អ្នកអាចរស់នៅជានិរន្តរ៍ក្នុងសួនមនោរម្យនៅលើផែនដី
  • ចំណងជើងតូច
  • អត្ថបទស្រដៀងគ្នា
  • សាសនា​មិន​ពិត​នៅ​សព្វ​ថ្ងៃ​នេះ?
  • ការ​ថ្វាយបង្គំ​ដែល​ព្រះ​សព្វ​ព្រះ​ហឫទ័យ
  • ចិត្ត​ស្មោះ​ប៉ុណ្ណោះ​មិន​គ្រប់គ្រាន់​ទេ
  • ការ​ប្រព្រឹត្ត​តាម​ព្រះ​ហឫទ័យ​របស់​ព្រះ​ជា​ការ​ចាំបាច់
  • ការថ្វាយបង្គំដែលព្រះសព្វព្រះហឫទ័យ
    តើព្រះគម្ពីរពិតជាបង្រៀនយ៉ាងណា?
  • តើព្រះពេញចិត្ដនឹងការគោរពប្រណិប័តន៍គ្រប់បែបគ្រប់យ៉ាងឬទេ?
    ទស្សនាវដ្ដីប៉មយាមប្រកាសអំពីរាជាណាចក្ររបស់ព្រះយេហូវ៉ា ២០០៩
  • តើសាសនាមិនពិតធ្វើឲ្យមនុស្សយល់ខុសយ៉ាងណាអំពីព្រះ?
    សប្បាយនឹងជីវិតដែលគ្មានទីបញ្ចប់! អញ្ជើញទទួលប្រយោជន៍ពីការរៀនគម្ពីរ
  • ការគោរពប្រណិប័តន៍ព្រះតាមរបៀបត្រឹមត្រូវ
    តើគម្ពីរអាចបង្រៀនយើងអំពីអ្វី?
មើលបន្ថែមទៀត
អ្នកអាចរស់នៅជានិរន្តរ៍ក្នុងសួនមនោរម្យនៅលើផែនដី
pe ជំ. ៣ ទំ. ២៥-៣៣

ជំពូក​ទី៣

សាសនា​របស់​អ្នក ពិត​ជា​ការ​សំខាន់​មួយ

១ តើ​មនុស្ស​ភាគ​ខ្លះ​មាន​ជំនឿ​យ៉ាង​ណា​ដែរ​ចំពោះ​សាសនា?

‹សាសនា​ទាំងអស់​សុទ្ធតែ​ល្អ› មនុស្ស​ជា​ច្រើន​បាន​និយាយ​យ៉ាង​ដូច្នេះ។ ‹សាសនា​ទាំងអស់​គ្រាន់​តែ​ជា​ផ្លូវ​ផ្សេង​ៗ​ពី​គ្នា​ដែល​នាំ​ទៅ​រក​កន្លែង​តែមួយ›។ ប្រសិន​បើ​នេះ​ជា​ការ​ពិត​មែន​នោះ សាសនា​របស់​លោក​អ្នក​ប្រាកដ​ជា​មិន​មែន​ជា​ការ​សំខាន់​ទេ ពីព្រោះ​រឿង​នេះ​នឹង​មាន​ន័យ​ថា សាសនា​ទាំងអស់​ត្រូវ​បាន​គាប់​ព្រះ​ហឫទ័យ​ព្រះ។ ប៉ុន្តែ​តើ​ករណី​នេះ​អញ្ចឹង​មែន​ឬ?

២ (​ក​) តើ​ពួក​ផារិស៊ី​បាន​ប្រព្រឹត្ត​យ៉ាង​ណា​ចំពោះ​ព្រះ​យេស៊ូវ? (​ខ​) តើ​អ្នក​ណា​ដែល​ពួក​ផារិស៊ី​បាន​អះអាង​ថា​ជា​ឪពុករបស់​គេ?

២ ពេល​ដែល​ព្រះ​យេស៊ូវ​គ្រីស្ទ​ទ្រង់​គង់​នៅ​ផែនដី​នោះ មាន​សាសនា​មួយ​ក្រុម​ដែល​មាន​ឈ្មោះ​ថា ​ផារិស៊ី។ ពួកគេ​បាន​ផ្ដុំ​គ្នា​បង្កើត​ប្រព័ន្ធ​នៃ​ការ​ថ្វាយបង្គំ​ព្រះ​មួយ ហើយ​បាន​ជឿ​ថា​ការ​នេះ​ជា​ទី​ពេញ​ព្រះ​​ហឫទ័យ​ព្រះ។ ប៉ុន្តែ នៅ​ពេល​ជា​មួយ​គ្នា​នោះ ពួក​ផារិស៊ី​បាន​ខំ​ប្រឹង​ស្វែងរក​ធ្វើ​គុត​ដល់​ព្រះ​យេស៊ូវ! ដូច្នេះ​ព្រះ​យេស៊ូវ​បាន​មាន​បន្ទូល​ប្រាប់​ពួកគេ​ថា​៖ ​«​អ្នក​រាល់​គ្នា​ធ្វើ​តាម​តែ​ឪពុក​របស់​ខ្លួន​»។ ពួកគេ​បាន​តប​ទៅ​វិញ​ថា​៖ ​«​យើង​មាន​ព្រះវរបិតា​តែ​១ គឺ​ជា​ព្រះ​»។—យ៉ូហាន ៨:៤១

៣ តើ​ព្រះ​យេស៊ូវ​ទ្រង់​បាន​មាន​បន្ទូល​យ៉ាង​ណា អំពី​ឪពុក​របស់​ពួក​ផារិស៊ី?

៣ តើ​ព្រះ ពិត​ជា​ព្រះវរបិតា​របស់​ពួកគេ​មែន​ឬ? តើ​ព្រះ​ទ្រង់​បាន​ទទួល​ស្គាល់​សណ្ឋាន​នៃ​សាសនា​របស់​ពួកគេ​ទេ? មិន​ទាល់តែ​សោះ! ទោះបី​ជា​ពួក​ផារិស៊ី​មាន​ព្រះ​គម្ពីរ​ហើយ​បាន​គិត​ថា ពួកគេ​បាន​អនុវត្ត​តាម​សេចក្ដី​ដែល​បាន​ចែង​នៅ​ក្នុង​នោះ​ក៏​ដោយ តែ​ពួកគេ​ត្រូវ​បាន​នាំ​ឲ្យ​វង្វេង​ដោយសារ​អារក្ស​ទៅ​វិញ។ ហើយ​ព្រះ​យេស៊ូវ​បាន​មាន​បន្ទូល​ប្រាប់​ពួកគេ​ដូច​នេះ​ថា​៖ ​«​អ្នក​រាល់​គ្នា​មាន​អារក្ស​សាតាំង​ជា​ឪពុក ហើយ​អ្នក​រាល់​គ្នា​ចូល​ចិត្ត​ធ្វើ​តាម​តណ្ហា ដែល​គាប់ចិត្ត​ដល់​ឪពុក​របស់​អ្នក វា​ជា​អ្នក​សំឡាប់​គេ​តាំង​ពីដើម​មក វា​មិន​បាន​នៅ​ជាប់​ក្នុង​សេចក្ដី​ពិត ព្រោះ​គ្មាន​សេចក្ដី​ពិត​នៅ​ក្នុង​វា​ទេ . . . ដ្បិត​វា​ជា​អ្នក​កំភូត​ហើយ​ជា​ឪពុក​នៃ​សេចក្ដី​នោះ​ឯង​»។—យ៉ូហាន ៨:៤៤

៤ តើ​ព្រះ​យេស៊ូវ​ទ្រង់​មាន​ទស្សនៈ​យ៉ាង​ណា ចំពោះ​សាសនា​នៃ​ពួក​ផារិស៊ី?

៤ យ៉ាង​ច្បាស់​ណាស់ សាសនា​របស់​ពួក​ផារិស៊ី​គឺ​មិន​ពិត​ទេ។ សាសនា​នេះ​បាន​ផ្ដល់​ផល​ប្រយោជន៍​ដល់​អារក្ស មិន​មែន​ដល់​ព្រះ​ទេ។ ដូច្នេះ ជាជាង​យល់​ថា​សាសនា​របស់​ពួកគេ​ជា​ល្អ​នោះ ព្រះ​យេស៊ូវ​ទ្រង់​បាន​កាត់​ទោស​ទៅ​វិញ។ ទ្រង់​បាន​មាន​បន្ទូល​ទៅ​ពួក​សាសនា​ផារិស៊ី​នេះ​ថា​៖ ​«​អ្នក​រាល់​គ្នា​បិទ​នគរ​ស្ថានសួគ៌​នៅ​មុខ​មនុស្ស ខ្លួន​អ្នក​រាល់​គ្នា​មិន​ព្រម​ចូល ហើយ​ក៏​មិន​បើក​ដល់​អស់​អ្នក ដែល​កំពុង​តែ​ចូល ឲ្យ​គេ​ចូល​ដែរ​»។ (​ម៉ាថាយ ២៣:១៣​) ដោយសារ​ការ​ថ្វាយបង្គំ​មិន​ពិត​របស់​ពួកគេ ព្រះ​យេស៊ូវ​បាន​ហៅ​ពួក​​ផារិស៊ី​នេះ​ថា ជា​មនុស្ស​កំពុត និង​ជា​ពស់​មាន​ពិស។ ដោយសារ​ការ​ប្រព្រឹត្ត​អាក្រក់​របស់​ពួកគេ ទ្រង់​បាន​មាន​បន្ទូល​ថា ពួកគេ​កំពុង​តែ​បាន​ស្ថិត​នៅ​ក្នុង​ផ្លូវ​ដែល​នាំ​ទៅ​ឯ​សេចក្ដី​ហិនវិនាស។—ម៉ាថាយ ២៣:២៥​-​៣៣

៥ តាម​របៀប​ណា​ដែល​ព្រះ​យេស៊ូវ​បាន​បង្ហាញ​ថា សាសនា​ជា​ច្រើន​មិន​មែន​ជា​ផ្លូវ​ផ្សេង​ៗ​ដែល​នាំ​ទៅ​កន្លែង​តែមួយ​នោះ?

៥ ដូច្នេះ​ហើយ​ព្រះ​យេស៊ូវ​គ្រីស្ទ​មិន​បាន​បង្រៀន​ថា សាសនា​ទាំងអស់​គ្រាន់​តែ​ជា​ផ្លូវ​ផ្សេង​ៗ​ពី​គ្នា ដែល​នាំ​ទៅ​រក​កន្លែង​នៃ​សេចក្ដី​សង្គ្រោះ​តែមួយ​នោះ​ទេ។ នៅ​ក្នុង​ធម្មទាន​ដ៏​ល្បី​របស់​ទ្រង់​នៅ​លើ​ភ្នំ​នោះ ព្រះ​យេស៊ូវ​បាន​មាន​បន្ទូល​ថា​៖ ​«​ចូរ​ឲ្យ​ចូល​តាម​ទ្វារ​ចង្អៀត ដ្បិត​ទ្វារ​ដែល​នាំ​ទៅ​ឯ​សេចក្ដី​ហិនវិនាស នោះ​ធំ ហើយ​ទូលាយ​ផង ក៏​មាន​មនុស្ស​ជា​ច្រើន​ដែល​ចូល​តាម​ទ្វារ​នោះ តែ​ឯ​ទ្វារ​ដែល​នាំ​ទៅ​ឯ​ជីវិត នោះ​តូច ហើយ​ចង្អៀត​វិញ ក៏​មាន​មនុស្ស​តិច​ណាស់​ដែល​រក​ផ្លូវ​នោះ​ឃើញ​»។ (​ម៉ាថាយ ៧:១៣, ១៤​) ដោយសារ​តែ​ពួកគេ​មិន​បាន​ថ្វាយបង្គំ​ព្រះ​តាម​របៀប​ដ៏​ត្រឹម​ត្រូវ​នោះ មនុស្ស​ភាគ​ច្រើន​ស្ថិត​នៅ​ក្នុង​ផ្លូវ ដែល​នាំ​ទៅ​ឯ​សេចក្ដី​ហិនវិនាស។ មាន​តែមួយ​ចំនួន​តូច​ទេ ដែល​ស្ថិត​នៅ​ក្នុង​ផ្លូវ​ដែល​នាំ​ទៅ​ឯ​ជីវិត។

៦ តើ​យើង​អាច​រៀន​ដឹង​បាន​យ៉ាង​ណា ដោយ​ពិនិត្យមើល​នូវ​ការ​ថ្វាយបង្គំ​ព្រះ​របស់​ជនជាតិ​អ៊ីស្រាអែល​នោះ?

៦ ការ​ពិនិត្យមើល​នូវ​របៀប​ដែល​ព្រះ​បាន​ទាក់ទង​ជា​មួយ​ជនជាតិ​អ៊ីស្រាអែល បញ្ជាក់​ឲ្យ​ឃើញ​យ៉ាង​ច្បាស់​ថា ការ​ថ្វាយបង្គំ​ព្រះ​តាម​របៀប​ដែល​ទ្រង់​សព្វ​ហឫទ័យ​នោះ ជា​ការ​សំខាន់​ណាស់។ ព្រះ​ទ្រង់​បាន​ព្រមាន​ដល់​ជនជាតិ​អ៊ីស្រាអែល​ឲ្យ​ចៀស​ចេញ​ពី​សាសនា​មិន​ពិត​របស់​សាសន៍​នានា​ដែល​នៅ​ជុំវិញ​ពួកគេ។ (​ចោទិយកថា ៧:២៥​) ពួក​មនុស្ស​ទាំង​នោះ​បាន​បូជា​កូនចៅ​ថ្វាយ​ទៅ​ព្រះ​របស់​គេ ហើយ​ពួកគេ​បាន​ចូលរួម​សេព​មេថុន​យ៉ាង​ស្មោកគ្រោក មាន​ទាំង​ការ​ប្រតិព័ទ្ធ​មនុស្ស​ភេទ​ដូច​គ្នា​ទៀត​ផង។ (​លេវីវិន័យ ១៨:២០​-​៣០​) ព្រះ​ទ្រង់​បាន​បញ្ជា​ជនជាតិ​អ៊ីស្រាអែល​ឲ្យ​ចៀស​ចេញ​ពី​ការ​ប្រព្រឹត្ត​ទាំង​នេះ។ ពេល​ដែល​ពួកគេ​មិន​បាន​ស្ដាប់បង្គាប់ ហើយ​បាន​ថ្វាយបង្គំ​ដល់​ព្រះ​ដទៃ​នោះ ទ្រង់​បាន​ដាក់​ទោស​ដល់​ពួកគេ។ (​យ៉ូស្វេ ២៤:២០; អេសាយ ៦៣:១០​) មែន​ហើយ សាសនា​របស់​ពួកគេ​ពិត​ជា​សំខាន់​ណាស់។

សាសនា​មិន​ពិត​នៅ​សព្វ​ថ្ងៃ​នេះ?

៧, ៨ (​ក​) តើ​សាសនា​បាន​ប្រព្រឹត្ត​យ៉ាង​ណា ក្នុង​កំឡុង​សង្គ្រាម​លោក​ទាំង​ពីរ? (​ខ​) តើ​អ្នក​គិត​ថា​ព្រះ​មាន​ព្រះ​ហឫទ័យ​យ៉ាង​ណា​ដែរ ចំពោះ​អ្វី​ៗ​ដែល​សាសនា​បាន​ប្រព្រឹត្ត​នៅ​ក្នុង​កំឡុង​ពេល​សង្គ្រាម​នោះ?

៧ តើ​រាប់​រយ​សាសនា​នៅ​សព្វ​ថ្ងៃ​នេះ​យ៉ាង​ណា​ដែរ? អ្នក​ប្រហែល​ជា​យល់​ស្រប​ថា កិច្ចការ​ជា​ច្រើន​ដែល​បាន​ប្រព្រឹត្ត​ឡើង​ក្នុង​នាម​សាសនា មិន​បាន​ជា​ទី​ពេញ​ព្រះ​ហឫទ័យ​ដល់​ព្រះ​ទេ។ នៅ​ក្នុង​កំឡុង​ពេល​សង្គ្រាម​លោក​ទាំង​ពីរ​កន្លង​ទៅ​នេះ ដែល​មនុស្ស​រាប់​លាន​នាក់​បាន​រួច​រស់​ជីវិត​ហើយ​រស់​នៅ​សព្វ​ថ្ងៃ​នេះ ពេល​នោះ​សាសនា​ទាំង​សង​ខាង​បាន​ជម្រុញ​ចិត្ត​ប្រជាពលរដ្ឋ​ឲ្យ​សម្លាប់​គ្នា។ ​«​ចូរ​សម្លាប់​ពួក​អាល្លឺម៉ង់—ចូរ​សំឡាប់​ពួក​វា​»​ អេវ៉ែក​នៅ​ទីក្រុង​ឡុនដុន​បាន​និយាយ​យ៉ាង​ដូច្នេះ។ ហើយ​ម្ខាង​ទៀត មេអេវ៉ែក​នៅ​ទីក្រុង​កូឡូញ​បាន​ប្រាប់​ពួក​អាល្លឺម៉ង់​ថា​៖ ​«​យើង​បញ្ជា​អ្នក​រាល់​គ្នា​ដោយ​នូវ​ព្រះ​នាម​របស់​ព្រះ ចូរ​ប្រយុទ្ធ​រហូត​ដល់​ដំណក់​ឈាម​ចុង​ក្រោយ​បំផុត​ដើម្បី​កិត្ដិយស និង​កិត្ដិគុណ​ដល់​មាតុ​ប្រទេស​»។

៨ មែន​ហើយ ពួក​កាតូលិក​បាន​សម្លាប់​ពួក​កាតូលិក​ដោយ​មាន​ការ​យល់​ព្រម​ពី​ពួក​អ្នក​ដឹក​នាំ​សាសនា​របស់​ពួកគេ ហើយ​ពួក​ប្រូតេស្តង់ត៍​ក៏​បាន​ប្រព្រឹត្ត​ដូច​គ្នា​ដែរ។ លោក​ហារី​-​អេមែសុន​-​ហ្វូសឌីក ជា​អ្នក​បព្វជិត​ម្នាក់​បាន​សារភាព​ថា​៖ ​«​សូម្បី​តែ​នៅ​ក្នុង​ព្រះ​វិហារ​របស់​ពួក​យើង​ក៏​មាន​ដោត​ទង់ជ័យ​ចម្បាំង​ដែរ . . . ប្រអប់មាត់​ម្ខាង​របស់​យើង បាន​សរសើរ​ដំកើង​ដល់​ព្រះ​អង្គ​ម្ចាស់​នៃ​មេត្រីភាព ហើយ​ម្ខាង​ទៀត យើង​បាន​លើក​ដំកើង​នូវ​សង្គ្រាម​»។ តើ​អ្នក​គិត​ថា​ព្រះ​មាន​ព្រះ​ហឫទ័យ​យ៉ាង​ណា​ដែរ ចំពោះ​សាសនា​ដែល​អះអាង​ថា​ខ្លួន​ធ្វើ​តាម​ព្រះ​ហឫទ័យ​ទ្រង់ ប៉ុន្តែ​បែរជា​លើក​ដំកើង​សង្គ្រាម​ទៅ​វិញ​នោះ?

៩ (​ក​) តើ​មនុស្ស​ជា​ច្រើន​មាន​អារម្មណ៍​យ៉ាង​ណា​ដែរ​អំពី​ឧក្រិដ្ឋកម្ម ដែល​សមាជិក​នៃ​សាសនា​ផ្សេង​ៗ​បាន​ប្រព្រឹត្ត? (​ខ​) កាលណា​សាសនា​បាន​ទៅ​ជា​ផ្នែក​មួយ​របស់​លោកីយ៍ តើ​យើង​ត្រូវ​សន្និដ្ឋាន​យ៉ាង​ណា?

៩ ដោយសារ​តែ​ឧក្រិដ្ឋកម្ម​ជា​ច្រើន ដែល​សមាជិក​នៃ​សាសនា​ផ្សេង​ៗ​ជា​ច្រើន​បាន​ប្រព្រឹត្ត​ដោយ​នូវ​ព្រះ​នាម​ព្រះ​ក្នុង​គ្រប់​ប្រវត្ដិសាស្ត្រ​នោះ មនុស្ស​រាប់​លាន​នាក់​សព្វ​ថ្ងៃ​នេះ​ក៏​បាន​ឃ្លាត​ចេញ​ឆ្ងាយ​ពី​ព្រះ​និង​ព្រះ​គ្រីស្ទ​ដែរ។ ពួកគេ​បាន​ដាក់​កំហុស​ទៅ​លើ​ព្រះ ចំពោះ​សង្គ្រាម​សាសនា​ដ៏​សាហាវ​ទាំង​ឡាយ ដូច​ជា​សង្គ្រាម​រវាង​កាតូលិក​និង​អ៊ីស្លាម​ដែល​ហៅ​ថា​សង្គ្រាម​បូជនិយកិច្ច សង្គ្រាម​រវាង​ពួក​អ៊ីស្លាម​នឹង​ពួក​ហិណ្ឌូ ហើយ​និង​សង្គ្រាម​រវាង​ពួក​កាតូលិក​និង​ប្រូតេស្តង់ត៍​ជា​ដើម។ ពួកគេ​បាន​សំដៅ​ទៅ​លើ​ការ​ធ្វើ​ឃាតកម្ម​ដល់​ជនជាតិ​យូដា ជា​ការ​ប្រព្រឹត្ត​នៅ​ក្នុង​ព្រះ​នាម​ព្រះ​គ្រីស្ទ និង​ទារុណកម្ម​សាសនា​យ៉ាង​ឃោរឃៅ​របស់​ពួក​កាតូលិក​ដែរ។ ប៉ុន្តែ ទោះបី​អ្នក​ដឹក​នាំ​សាសនា​ទាំង​នោះ​ជា​អ្នក​ទទួល​ខុសត្រូវ​ចំពោះ​ឧក្រិដ្ឋកម្ម​ដ៏​គួរ​ឲ្យ​រន្ធត់​នេះ​ក៏​ដោយ ពួកគេ​នៅ​តែ​បាន​អះអាង​ថា​ព្រះ​ជា​ឪពុក​របស់​គេ។ តើ​ពួកគេ​មិន​មែន​ជា​កូនចៅ​របស់​អារក្ស ដូច​ជា​ពួក​ផារិស៊ី​ដែល​ព្រះ​យេស៊ូវ​ទ្រង់​បាន​កាត់​ទោស​ទេ​ឬ​អ្វី? ដោយ​ព្រោះ​សាតាំង​ជា​ព្រះ​របស់​លោកីយ៍​នេះ តើ​យើង​មិន​គួរ​សន្និដ្ឋាន​ថា វា​ក៏​កាន់​កាប់​សាសនា​ទាំង​ឡាយ​ដែល​មនុស្ស​គោរព​ប្រតិបត្ដិ​តាម​នៅ​ក្នុង​លោកីយ៍​នេះ​ដែរ​ទេ​ឬ?—កូរិនថូសទី២ ៤:៤; វិវរណៈ ១២:៩

១០ តើ​អំពើ​អ្វី​ខ្លះ​ដែល​បាន​ប្រព្រឹត្ត​ឡើង​ក្នុង​នាម​សាសនា ដែល​អ្នក​មិន​ពេញ​ចិត្ត​នោះ?

១០ ពិត​មែន​ហើយ សព្វ​ថ្ងៃ​នេះ​អំពើ​ជា​ច្រើន​បាន​ត្រូវ​ប្រព្រឹត្ត​ឡើង​ក្នុង​នាម​នៃ​សាសនា ដែល​អ្នក​យល់​ថា​មិន​ជា​ការ​ត្រឹម​ត្រូវ​នោះ។ ជា​ញឹកញាប់ អ្នក​ប្រហែល​ជា​ឮ​អំពី​មនុស្ស​ដែល​មាន​ដំណើរ​ជីវិត​ប្រកប​ដោយ​អសីលធម៌​យ៉ាង​ក្រៃលែង ប៉ុន្តែ​គេ​ជា​សមាជិក​ដែល​មាន​ឋានៈ​គួរ​ឲ្យ​គោរព​នៅ​ក្នុង​ព្រះ​​វិហារ​ទៅ​វិញ។ អ្នក​ប្រហែល​ជា​ដឹង​ទៀត​អំពី​អ្នក​ដឹក​នាំ​សាសនា ដែល​មាន​ដំណើរ​ជីវិត​ដ៏​អាក្រក់​ក្រៃលែង ប៉ុន្តែ​គេ​នៅ​តែ​ទទួល​ស្គាល់​ជា​អ្នក​ដឹក​នាំ​ដ៏​ល្អ​ខាង​សាសនា​នៅ​ក្នុង​ព្រះ​វិហារ​របស់​ពួកគេ។ អ្នក​ដឹក​នាំ​ខាង​សាសនា​ខ្លះ​បាន​និយាយ​ថា ការ​ប្រតិព័ទ្ធ​មនុស្ស​ភេទ​ដូច​គ្នា​និង​ការ​សេព​មេថុន​ដោយ​មិន​បាន​រៀប​អាពាហ៍ពិពាហ៍​គឺ​ជា​ការ​មិន​ខុស​ទេ។ ប៉ុន្តែ​អ្នក​ប្រហែល​ជា​ដឹង​ថា ព្រះ​គម្ពីរ​មិន​បាន​ចែង​ដូច្នេះ​ឡើយ។ តាម​ការ​ពិត ព្រះ​បាន​កាត់​ទោស​រាស្ត្រ​របស់​ទ្រង់ សាសន៍​អ៊ីស្រាអែល ដោយ​សេចក្ដី​ស្លាប់ ពីព្រោះ​តែ​ការ​ប្រព្រឹត្ត​អំពើ​យ៉ាង​នេះ។ ដោយសារ​មូលហេតុ​ដូច​គ្នា​នេះ ព្រះ​ទ្រង់​ក៏​បាន​កំទេច​ក្រុង​សូដុំម​និង​កូម៉ូរ៉ា​ដែរ។ (​យូដាស ៧​) នៅ​ពេល​យ៉ាង​ឆាប់​ខាង​មុខ​នេះ ទ្រង់​នឹង​ប្រព្រឹត្ត​ដូច​នោះ​ចំពោះ​សាសនា​មិន​ពិត​ទាំងអស់​ក្នុង​សម័យ​ថ្មី​នេះ​ដែរ។ នៅ​ក្នុង​ព្រះ​គម្ពីរ សាសនា​យ៉ាង​នេះ​ត្រូវ​បាន​តំណាង​ដូច​ជា​ស្រី​សំផឹង​មួយ ពីព្រោះ​តែ​ការ​ទាក់ទង​ដ៏​អសីលធម៌​របស់​នាង​ជា​មួយ​នឹង​«​ពួក​ស្តេច​នៅ​ផែនដី​»។—វិវរណៈ ១៧:១, ២, ១៦

ការ​ថ្វាយបង្គំ​ដែល​ព្រះ​សព្វ​ព្រះ​ហឫទ័យ

១១ តើ​អ្វី​ដែល​តម្រូវ​ឲ្យ​មាន ដើម្បី​ឲ្យ​ព្រះ​ទទួល​ស្គាល់​ការ​ថ្វាយបង្គំ​របស់​យើង?

១១ ដោយ​ព្រះ​ទ្រង់​មិន​ពេញ​ព្រះ​ហឫទ័យ​នឹង​សាសនា​ទាំងអស់ យើង​ត្រូវ​តែ​សួរ​ថា​៖ ‹តើ​ខ្ញុំ​កំពុង​តែ​ថ្វាយបង្គំ​ព្រះ​តាម​របៀប​ដែល​ទ្រង់​សព្វ​ព្រះ​ហឫទ័យ​ទេ›? តើ​យើង​អាច​ដឹង​យ៉ាង​ណា​បាន​ក្នុង​រឿង​នេះ? គឺ​មិន​មែន​ជា​មនុស្ស​ទេ តែ​ជា​ព្រះ​ទៅ​វិញ​ដែល​ជា​អ្នក​វិនិច្ឆ័យ អ្វី​ជា​ការ​ថ្វាយបង្គំ​ដ៏​ពិត​នោះ។ ដូច្នេះ ដើម្បី​ឲ្យ​ព្រះ​ទទួល​ស្គាល់​នូវ​ការ​ថ្វាយបង្គំ​របស់​យើង ការ​ថ្វាយបង្គំ​នោះ​ត្រូវ​តែ​ចាក់​ឫស​យ៉ាង​មាំ​ទៅ​នឹង​ព្រះ​បន្ទូល​របស់​ព្រះ​ដែល​ជា​សេចក្ដី​ពិត គឺ​ព្រះ​គម្ពីរ។ យើង​ត្រូវ​តែ​មាន​គំនិត​ដូច​គ្នា​នឹង​អ្នក​សរសេរ​ព្រះ​គម្ពីរ​ម្នាក់​ដែល​បាន​មាន​ប្រសាសន៍​ថា​៖ ​«​សូម​ឲ្យ​ព្រះ​បាន​រាប់​ជា​ពិត ហើយ​គ្រប់​ទាំង​មនុស្ស​ជា​ភូតភរ​វិញ​ចុះ​»។—រ៉ូម ៣:៣, ៤

១២ ហេតុ​អ្វី​ក៏​ព្រះ​យេស៊ូវ​បាន​មាន​បន្ទូល​ថា ការ​ថ្វាយបង្គំ​របស់​ពួក​ផារិស៊ី​មិន​បាន​ជា​ទីគាប់​ព្រះ​ហឫទ័យ​ព្រះ​ទេ?

១២ ពួក​ផារិស៊ី​នៅ​សតវត្ស​ទី​មួយ មិន​បាន​មាន​គំនិត​ដូច​នេះ​ទេ។ ពួកគេ​បាន​ប្រឌិត​ឡើង​នូវ​លទ្ធិ​ជំនឿ​និង​ទំនៀមទំលាប់​ផ្ទាល់​ខ្លួន ហើយ​បាន​ប្រតិបត្ដិ​តាម​របស់​ទាំង​នោះ​ជាជាង​ព្រះ​បន្ទូល​របស់​ព្រះ។ តើ​បាន​លទ្ធផល​យ៉ាង​ណា​ដែរ? ព្រះ​យេស៊ូវ​បាន​មាន​បន្ទូល​ប្រាប់​ពួកគេ​ថា​៖ ​«​ដូច្នេះ​ឈ្មោះ​ថា​អ្នក​រាល់​គ្នា​លើក​បញ្ញត្ត​នៃ​ព្រះ​ចោល​ហើយ ដោយសារ​ទំនៀមទំលាប់​ពីបុរាណ​របស់​អ្នក​រាល់​គ្នា។ ឱ​ពួក​មនុស្ស​កំពុត​អើយ ហោរា​អេសាយ​បាន​ទាយ​ពី​អ្នក​រាល់​គ្នា​ត្រូវ​ណាស់​ថា ‹បណ្ដាជន​នេះ គេ​គោរព​ប្រតិបត្ដិ​ដល់​អញ​តែ​បបូរមាត់​ទេ ឯ​ចិត្ត​គេ នោះ​នៅ​ឆ្ងាយ​ពី​អញ​ណាស់។ គេ​ថ្វាយបង្គំ​អញ​ជា​ឥត​ប្រយោជន៍​ទេ ព្រោះ​គេ​បង្រៀន​សេចក្ដី​ដែល​ជា​បញ្ញត្ត​របស់​មនុស្ស​វិញ›​»។ (​ម៉ាថាយ ១៥:១​-​៩; អេសាយ ២៩:១៣​) ដូច្នេះ​ហើយ បើ​យើង​ចង់​ឲ្យ​ព្រះ​គាប់​ព្រះទ័យ​នឹង​យើង ជា​ការ​ចាំបាច់​ណាស់​ដែល​យើង​ត្រូវ​តែ​ដឹង​ឲ្យ​បាន​ច្បាស់​លាស់​ថា​អ្វី​ៗ​ដែល​យើង​ជឿ គឺ​ស្រប​ជា​មួយ​នឹង​សេចក្ដី​បង្រៀន​នៃ​ព្រះ​គម្ពីរ​ឬ​ក៏​មិន​ស្រប។

១៣ តើ​ព្រះ​យេស៊ូវ​បាន​មាន​បន្ទូល​ឲ្យ​យើង​ត្រូវ​ធ្វើ​យ៉ាង​ណា ដើម្បី​ជា​ទីគាប់​ព្រះ​ហឫទ័យ​ព្រះ​នោះ?

១៣ ជា​ការ​មិន​គ្រប់គ្រាន់​ទេ​ចំពោះ​យើង​ដែល​និយាយ​ថា ខ្ញុំ​ជឿ​ព្រះ​គ្រីស្ទ ហើយ​ធ្វើ​អ្វី​ដែល​យើង​គិត​ថា​ជា​ការ​ត្រឹម​ត្រូវ​នោះ។ ជា​ការ​ចាំបាច់​បំផុត​ដែល​យើង​ត្រូវ​តែ​ដឹង​អ្វី​ទៅ​ដែល​ជា​ព្រះ​ហឫទ័យ​របស់​ព្រះ​ចំពោះ​រឿង​នេះ។ ព្រះ​យេស៊ូវ​ទ្រង់​បាន​បង្ហាញ​អំពី​នេះ​នៅ​ក្នុង​ធម្មទាន​របស់​ទ្រង់​នៅ​លើ​ភ្នំ ពេល​ដែល​ទ្រង់​បាន​មាន​បន្ទូល​ថា​៖ ​«​មិន​មែន​អស់​អ្នក​ណា​ដែល​គ្រាន់​តែ​និយាយ​មក​ខ្ញុំ​ថា ‹ឱ​ព្រះ​អម្ចាស់​ៗ​អើយ› ដែល​នឹង​ចូល​ទៅ​ក្នុង​នគរ​ស្ថានសួគ៌​នោះ​ទេ គឺ​ជា​អស់​អ្នក​ដែល​ធ្វើ​តាម​ព្រះ​ហឫទ័យ​នៃ​ព្រះវរបិតា ដែល​គង់​នៅ​ស្ថានសួគ៌​វិញ​ទេ​តើ​»។—ម៉ាថាយ ៧:២១

១៤ ហេតុ​អ្វី​ក៏​ព្រះ​យេស៊ូវ​ទ្រង់​អាច​ចាត់​ទុក​យើង​ជា​«​ពួក​ទទឹង​ច្បាប់​»​ ទោះបី​ជា​យើង​បាន​ធ្វើ​«​ការ​ប្រព្រឹត្ត​ល្អ​»​ក៏​ដោយ​នោះ?

១៤ សូម្បី​តែ​យើង​ក៏​អាច​ធ្វើ​អំពើ​អ្វី​ដែល​យើង​ជឿ​ថា ជា​«​ការ​ប្រព្រឹត្ត​ល្អ​»​ ហើយ​ធ្វើ​អំពើ​ទាំង​នោះ​នៅ​ក្នុង​ព្រះ​នាម​ព្រះ​គ្រីស្ទ​ដែរ។ ក៏​ប៉ុន្តែ​អំពើ​ទាំង​នេះ​នឹង​ទៅ​ជា​ឥត​ប្រយោជន៍ ប្រសិន​បើ​យើង​មិន​បាន​ប្រព្រឹត្ត​តាម​ព្រះ​ហឫទ័យ​របស់​ព្រះ​នោះ។ យើង​នឹង​អាច​មាន​សណ្ឋាន​ដូច​ជា​ពួក​អ្នក​ដែល​ព្រះ​គ្រីស្ទ​បាន​ធ្វើ​និទ្ទេស​ទៀត​ថា​៖ ​«​នៅ​ថ្ងៃ​នោះ នឹង​មាន​មនុស្ស​ជា​ច្រើន​និយាយ​មក​ខ្ញុំ​ថា ‹ឱ​ព្រះ​អម្ចាស់​ៗ​អើយ តើ​យើង​ខ្ញុំ​មិន​បាន​ទាយ​ដោយ​នូវ​ព្រះ​នាម​ទ្រង់ ហើយ​ដេញ​អារក្ស​ដោយ​នូវ​ព្រះ​នាម​ទ្រង់ ព្រម​ទាំង​ធ្វើ​ការ​ឫទ្ធិ​បារមី​ជា​ច្រើន ដោយ​នូវ​ព្រះ​នាម​ទ្រង់​ទេ​ឬ​អី› នោះ​ខ្ញុំ​នឹង​និយាយ​ដោយ​ត្រង់​ថា អញ​មិន​ដែល​បាន​ស្គាល់​ឯង​រាល់​គ្នា​ទេ នែ ពួក​ទទឹង​ច្បាប់​អើយ ចូរ​ថយចេញ​ពី​អញ​ទៅ​»។ (​ម៉ាថាយ ៧:២២, ២៣​) មែន​ហើយ យើង​អាច​ធ្វើ​អ្វី​ដែល​យើង​គិត​ថា​ជា​អំពើ​ល្អ—ហើយ​មនុស្ស​ដទៃ​ប្រហែល​ជា​ថ្លែង​អំណរគុណ​ដល់​យើង និង​សរសើរ​យើង​ទៀត​ផង—ប៉ុន្តែ​ប្រសិន​បើ​យើង​មិន​បាន​ប្រព្រឹត្ត​អ្វី​ដែល​ព្រះ​ទ្រង់​មាន​បន្ទូល​ថា​ជា​ការ​ត្រឹម​ត្រូវ​នោះ យើង​នឹង​ត្រូវ​ព្រះ​យេស៊ូវ​គ្រីស្ទ​ចាត់​ទុក​ជា​«​ពួក​ទទឹង​ច្បាប់​»​ទៅ​វិញ។

១៥ ហេតុ​អ្វី​ក៏​ជា​ការ​មាន​ប្រាជ្ញា​ក្នុង​ការ​ធ្វើ​តាម​គំរូ​នៃ​ពួក​មនុស្ស​នៅ​ទីក្រុង​បេរា​ពី​សម័យ​បុរាណ​នោះ?

១៥ ដោយ​សាសនា​ជា​ច្រើន​សព្វ​ថ្ងៃ​នេះ​មិន​ធ្វើ​តាម​ព្រះ​ហឫទ័យ​ព្រះ យើង​មិន​អាច​ស្មាន​ជា​មុន​ថា ការ​បង្រៀន​នៃ​អង្គការ​សាសនា​ដែល​យើង​ចូលរួម​ជា​មួយ​នោះ នឹង​ស្រប​តាម​ព្រះ​បន្ទូល​របស់​ព្រះ​ឡើយ។ ចំពោះ​ការ​ពិត​ដែល​ថា ព្រះ​គម្ពីរ​បាន​ត្រូវ​ប្រើ​ដោយ​សាសនា​នោះ មិន​បង្ហាញ​ឲ្យ​ឃើញ​ជា​ភស្តុតាង​ថា អ្វី​ៗ​ដែល​គេ​បង្រៀន​និង​ប្រព្រឹត្ត​សុទ្ធតែ​ចេញ​មក​ពី​ក្នុង​ព្រះ​គម្ពីរ​ឡើយ។ ជា​ការ​សំខាន់​ណាស់​ដែល​យើង​ត្រូវ​ពិនិត្យមើល​ឲ្យ​បាន​ហ្មត់ចត់​ដោយ​ខ្លួន​ឯង ថា​តើ​ស្រប​តាម​ព្រះ​គម្ពីរ​មែន​ឬ​ក៏​មិន​មែន។ ពួក​មនុស្ស​នៅ​ក្នុង​ទីក្រុង​បេរា​បាន​ត្រូវ​សរសើរ ពីព្រោះ​ក្រោយ​ពេល​ដែល​គ្រីស្ទាន​សាវក​ប៉ុល​បាន​ផ្សាយ​ទៅ​ពួកគេ គេ​បាន​ពិនិត្យមើល​ព្រះ​គម្ពីរ ដើម្បី​ឲ្យ​បាន​ដឹង​ច្បាស់​ពី​សេចក្ដី​ដែល​ប៉ុល​បាន​ប្រាប់​គេ​នោះ ជា​ការ​ពិត​ឬ​មិន​ពិត។ (​កិច្ចការ ១៧:១០, ១១​) សាសនា​ដែល​ជា​ទីគាប់​ព្រះ​ហឫទ័យ​ព្រះ​នោះ ត្រូវ​តែ​ស្រប​គ្រប់​បែប​បទ​ជា​មួយ​នឹង​ព្រះ​គម្ពីរ មិន​មែន​ទទួល​ស្គាល់​ផ្នែក​ខ្លះ​នៅ​ក្នុង​ព្រះ​គម្ពីរ ហើយ​បដិសេធ​ផ្នែក​ផ្សេង​ៗ​ទៀត​ឡើយ។—ធីម៉ូថេ​ទី​២ ៣:១៦

ចិត្ត​ស្មោះ​ប៉ុណ្ណោះ​មិន​គ្រប់គ្រាន់​ទេ

១៦ តើ​ព្រះ​យេស៊ូវ​ទ្រង់​បាន​មាន​បន្ទូល​យ៉ាង​ណា ដែល​បង្ហាញ​ឲ្យ​ឃើញ​ថា មាន​ចិត្ត​ស្មោះ​ប៉ុណ្ណោះ​មិន​គ្រប់គ្រាន់​ទេ ក្នុង​ការ​ធ្វើ​ឲ្យ​មនុស្ស​ម្នាក់​បាន​ជា​ទីគាប់​ព្រះ​ហឫទ័យ​ព្រះ​នោះ?

១៦ ប៉ុន្តែ​ប្រហែល​ជា​អ្នក​ណា​ម្នាក់​សួរ​ថា​៖ ‹ប្រសិន​បើ​មនុស្ស​ណា​ម្នាក់​មាន​ចិត្ត​ស្មោះ​នឹង​ជំនឿ​របស់​ខ្លួន​នោះ ថ្វី​បើ​សាសនា​គាត់​មិន​ត្រឹម​ត្រូវ​ក៏​ដោយ តើ​គាត់​មិន​បាន​ជា​ទីគាប់​ព្រះ​ហឫទ័យ​ព្រះ​ទេ​ឬ›? ព្រះ​យេស៊ូវ​ទ្រង់​បាន​មាន​បន្ទូល​ថា​«​ពួក​ទទឹង​ច្បាប់​»​មិន​បាន​ជា​ទីគាប់​ព្រះ​ហឫទ័យ​ទ្រង់​ទេ ទោះបី​ពួកគេ​បាន​ជឿជាក់​ថា ពួកគេ​បាន​ប្រព្រឹត្ត​អំពើ​ត្រឹម​ត្រូវ​ក៏​ដោយ។ (​ម៉ាថាយ ៧:២២, ២៣​) ដូច្នេះ​ហើយ មាន​ចិត្ត​ស្មោះ​ប៉ុណ្ណោះ ក៏​មិន​អាច​ជា​ទីគាប់​ព្រះ​ហឫទ័យ​ដល់​ព្រះ​ដែរ។ នៅ​ពេល​មួយ ព្រះ​យេស៊ូវ​បាន​មាន​បន្ទូល​ប្រាប់​ពួក​សិស្ស​របស់​ទ្រង់​ថា​៖ ​«​នឹង​មាន​ពេល​វេលា​មក នោះ​អស់​អ្នក​ណា ដែល​សំឡាប់​អ្នក​រាល់​គ្នា នឹង​គិត​ស្មាន​ថា ខ្លួន​បំរើ​ដល់​ព្រះ​ដែរ​»។ (​យ៉ូហាន ១៦:២​) ពួក​ឃាតករ​នៃ​ជន​គ្រីស្ទាន​ទាំង​នេះ ​ប្រហែល​ជា​ជឿ​យ៉ាង​ស្មោះ​ពី​ចិត្ត​ថា ពួកគេ​ពិត​ជា​បាន​បម្រើ​ព្រះ​ដោយសារ​ការ​ប្រព្រឹត្ត​បែប​នេះ ប៉ុន្តែ​យ៉ាង​ច្បាស់​ណាស់​គឺ​មិន​មែន​ទេ។ ព្រះ​ទ្រង់​មិន​សព្វ​ព្រះ​ហឫទ័យ​ចំពោះ​អ្វី​ដែល​ពួកគេ​បាន​ប្រព្រឹត្ត​នោះ​ទេ។

១៧ ទោះបី​ប៉ុល​មាន​ចិត្ត​ស្មោះ​ក៏​ដោយ តើ​លោក​បាន​ប្រព្រឹត្ត​យ៉ាង​ណា​ដែរ មុន​ពេល​ដែល​លោក​បាន​ទៅ​ជា​ជន​គ្រីស្ទាន​ម្នាក់​នោះ?

១៧ មុន​ពេល​ដែល​លោក​បាន​ទៅ​ជា​ជន​គ្រីស្ទាន​ម្នាក់ សាវក​ប៉ុល​បាន​ជួយ​ក្នុង​ការ​ធ្វើ​ឃាតកម្ម​ដល់​លោក​ស្ទេផាន។ ក្រោយ​មក លោក​បាន​រក​មធ្យោបាយ​ដើម្បី​នឹង​សម្លាប់​ពួក​គ្រីស្ទាន​ថែម​ទៀត។ (​កិច្ចការ ៧:៦០​ខ​-​៨:១; ៩:១, ២​) ប៉ុល​បាន​ពន្យល់​ថា​៖ ​«​ខ្ញុំ​បាន​ធ្វើ​ទុក្ខ​បៀតបៀន ហើយ​បំផ្លាញ​ដល់​ពួក​ជំនុំ​នៃ​ព្រះ​ជា​ខ្លាំង​ណាស់ ហើយ​ថា ខ្ញុំ​កំពុង​តែ​ជឿន​ឡើង ក្នុង​សាសនា​របស់​ពួក​យូដា លើស​ជាង​ពួក​សាសន៍​ខ្ញុំ ដែល​ស្រករ​នឹង​ខ្ញុំ​ជា​ច្រើន​ដែរ ពីព្រោះ​ខ្ញុំ​មាន​ចិត្ត​ឧស្សាហ៍ តាម​សណ្ដាប់​បុរាណ​របស់​ពួក​ឰយុកោ​ខ្ញុំ លើស​ជាង​គេ​សន្ធឹក​»។ (​កាឡាទី ១:១៣, ១៤​) មែន​ហើយ ប៉ុល​ជា​បុគ្គល​មួយ​ដែល​មាន​ចិត្ត​ស្មោះ ប៉ុន្តែ​រឿង​ទាំង​នេះ​មិន​បាន​ធ្វើ​ឲ្យ​សាសនា​គាត់​ត្រឹម​ត្រូវ​ឡើយ។

១៨ (​ក​) តើ​ប៉ុល​កាន់​សាសនា​ណា​ដែរ ពេល​លោក​បាន​ធ្វើ​ទុក្ខ​បៀតបៀន​ដល់​ពួក​គ្រីស្ទាន​នោះ? (​ខ​) ហេតុ​អ្វី​ក៏​ប៉ុល​និង​អ្នក​ដទៃ​ទៀត​នៅ​សម័យ​គាត់​ត្រូវ​ការ​ប្ដូរ​សាសនា​របស់​គេ​ជា​ចាំបាច់?

១៨ នៅ​គ្រា​នោះ ប៉ុល​ជា​សមាជិក​ម្នាក់​នៃ​ប្រព័ន្ធ​សាសនា​របស់​ពួក​យូដា ដែល​បាន​បដិសេធ​មិន​ទទួល​ព្រះ​យេស៊ូវ​គ្រីស្ទ ហេតុ​ដូច្នេះ ព្រះ​ក៏​បាន​បដិសេធ​មិន​ទទួល​សាសនា​នោះ​ដែរ។ (​កិច្ចការ ២:៣៦, ៤០; សុភាសិត ១៤:១២​) ដូច្នេះ​ហើយ ដើម្បី​ឲ្យ​បាន​ទទួល​ការ​យល់​ព្រម​ពី​ព្រះ ប៉ុល​ត្រូវ​តែ​ប្ដូរ​សាសនា​របស់​គាត់​ជា​ចាំបាច់។ លោក​ក៏​បាន​សរសេរ​អំពី​អ្នក​ផ្សេង​ទៀត​ដែល​ជា​អ្នក​មាន ​«​សេចក្ដី​ឧស្សាហ៍​ដល់​ព្រះ​»​—អ្នក​ដែល​មាន​ចេតនា​ល្អ ប៉ុន្តែ មិន​បាន​ជា​ទីគាប់​ព្រះ​ហឫទ័យ​ព្រះ ព្រោះ​តែ​សាសនា​របស់​ពួកគេ​មិន​មាន​មូលដ្ឋាន​ទៅ​លើ​តម្រិះ​វិជ្ជា​ដ៏​ពិត​នៃ​បំណង​របស់​ព្រះ។—រ៉ូម ១០:២, ៣

១៩ អ្វី​ដែល​បាន​បង្ហាញ​ថា លទ្ធិ​សាសនា​នានា​មិន​អាច​ជា​សេចក្ដី​ពិត​ទាំងអស់​បាន​ទេ​នោះ?

១៩ លទ្ធិ​សាសនា​គ្រប់​ប្រភេទ​ទាំងអស់​ដែល​ខុស​ពី​គ្នា​នៅ​ក្នុង​ពិភពលោក មិន​អាច​នឹង​ទៅ​ជា​សេចក្ដី​ពិត​ទាំងអស់​បាន​ទេ។ ឧទាហរណ៍ ថា​តើ​មនុស្ស​មាន​ព្រលឹង​នៅ​រស់​ក្រោយ​ពី​រូបកាយ​បាន​ស្លាប់ ឬ​ក៏​មិន​មាន។ ថា​តើ​ផែនដី​នឹង​ស្ថិត​នៅ​ជា​និរន្តរ៍ ឬ​ក៏​មិន​ស្ថិត​នៅ។ ថា​តើ​ព្រះ​ទ្រង់​នឹង​បញ្ចប់​អំពើ​អាក្រក់ ឬ​ក៏​មិន​បញ្ចប់។ លទ្ធិ​ទាំង​នេះ និង​លទ្ធិ​ជា​ច្រើន​ផ្សេង​ៗ​ទៀត អាច​មាន​តែ​ពីរ​យ៉ាង​ទេ គឺ​ត្រូវ ឬ​ខុស។ ទាំង​ពីរ​មិន​អាច​ជា​សេចក្ដី​ពិត​បាន​ទេ បើ​កាលណា​មួយ​មិន​ស្រប​គ្នា​នឹង​មួយ​ទៀត​នោះ។ បើ​មួយ​ត្រូវ មួយ​ទៀត​ខុស ប៉ុន្តែ​មិន​អាច​ថា​ទាំង​ពីរ​ត្រូវ​បាន​ទេ។ ជឿ​យ៉ាង​ស្មោះ​ពី​ចិត្ត​ទៅ​លើ​អ្វី​មួយ ហើយ​ខំ​ប្រព្រឹត្ត​តាម​សេចក្ដី​ជំនឿ​នោះ នឹង​មិន​ធ្វើ​ឲ្យ​ការ​នោះ​ត្រឹម​ត្រូវ​បាន​ទេ បើ​ការ​នោះ​ពិត​ជា​ខុស។

២០ ចំពោះ​រឿង​សាសនា តើ​តាម​របៀប​ណា​ដែល​យើង​អាច​ដើរ​តាម​«​ផែនទី​សំរាប់​បង្ហាញ​ផ្លូវ​»​ដ៏​ត្រឹម​ត្រូវ​បាន?

២០ តើ​លោក​អ្នក​មាន​អារម្មណ៍​យ៉ាង​ណា​ដែរ បើ​កាលណា​មាន​ភស្តុតាង​បញ្ជាក់​ឲ្យ​ឃើញ​ថា អ្វី​ដែល​អ្នក​ជឿ​គឺ​ជា​សេចក្ដី​ខុស​នោះ? ឧបមា​ថា អ្នក​កំពុង​តែ​ជិះ​រថយន្ត ធ្វើ​ដំណើរ​ទៅ​ទីកន្លែង​មួយ​ជា​លើក​ដំបូង។ អ្នក​មាន​ផែនទី​សំរាប់​បង្ហាញ​ផ្លូវ​មួយ ប៉ុន្តែ​អ្នក​ពុំ​បាន​ពិនិត្យមើល​ផែនទី​នោះ​ឲ្យ​បាន​ហ្មត់ចត់​ទេ។ ប៉ុន្តែ មាន​ជន​ណា​ម្នាក់​បាន​ប្រាប់​ផ្លូវ​មួយ​ឲ្យ​អ្នក​ទៅ។ អ្នក​ទុក​ចិត្ត​ជន​នោះ​ណាស់ ក៏​ជឿ​យ៉ាង​ស្មោះ​ពី​ចិត្ត​ថា ផ្លូវ​ដែល​ជន​នោះ​បាន​ប្រាប់ ពិត​ជា​ត្រូវ​ហើយ។ ប៉ុន្តែ​ឧបមា​ថា នោះ​មិន​ត្រូវ​ទៅ​វិញ។ តើ​អ្នក​មាន​អារម្មណ៍​យ៉ាង​ណា ប្រសិន​បើ​មាន​អ្នក​ណា​ម្នាក់​បង្ហាញ​ឲ្យ​ឃើញ​នូវ​កំហុស​នោះ? តើ​អ្នក​មាន​អារម្មណ៍​យ៉ាង​ណា បើ​អ្នក​នោះ​បង្ហាញ​អ្នក​ដោយ​យោង​ទៅ​តាម​ផែនទី​របស់​អ្នក​ផ្ទាល់ ថា​អ្នក​ស្ថិត​នៅ​លើ​ផ្លូវ​ខុស​នោះ? តើ​សេចក្ដី​ក្រអឺត ឬ​ក៏​សេចក្ដី​មានះ​នឹង​បណ្ដាល​ឲ្យ​អ្នក​ពុំ​ព្រម​ទទួល​ថា​ខ្លួន​អ្នក​ស្ថិត​នៅ​លើ​ផ្លូវ​ខុស​ឬ? ដូច្នេះ​ហើយ សូម​ប្ដូរ​ដោយ​ស្ម័គ្រ​ចិត្ត​ចុះ បើ​កាលណា​អ្នក​ដឹង​តាម​រយៈ​ការ​ពិនិត្យ​ព្រះ​គម្ពីរ​របស់​អ្នក​ថា អ្នក​កំពុង​ធ្វើ​ដំណើរ​នៅ​លើ​ផ្លូវ​សាសនា​ខុស​នោះ។ សូម​ចៀស​ចេញ​ពី​ផ្លូវ​ធំ​​ទូលាយ​ដែល​នាំ​ទៅ​ឯ​សេចក្ដី​ហិនវិនាស សូម​យក​ផ្លូវ​ចង្អៀត​ដែល​នាំ​ទៅ​ឯ​ជីវិត​វិញ​ចុះ!

ការ​ប្រព្រឹត្ត​តាម​ព្រះ​ហឫទ័យ​របស់​ព្រះ​ជា​ការ​ចាំបាច់

២១ (​ក​) ក្រៅ​ពី​ការ​ស្គាល់​នូវ​សេចក្ដី​ពិត តើ​អ្វី​ទៀត​ជា​ការ​ចាំបាច់? (​ខ​) តើ​អ្នក​នឹង​ធ្វើ​យ៉ាង​ណា ប្រសិន​បើ​អ្នក​បាន​ដឹង​ថា អ្វី​ដែល​អ្នក​កំពុង​តែ​ប្រព្រឹត្ត​មិន​បាន​ជា​ទី​ពេញ​ព្រះ​ហឫទ័យ​ព្រះ​នោះ?

២១ នេះ​ជា​ការ​សំខាន់​ណាស់ ក្នុង​ការ​ស្គាល់​សេចក្ដី​ពិត​ក្នុង​ព្រះ​គម្ពីរ។ ប៉ុន្តែ​តម្រិះ​វិជ្ជា​នេះ​គ្មាន​ប្រយោជន៍​ទេ បើ​អ្នក​មិន​ថ្វាយបង្គំ​ព្រះ​តាម​សេចក្ដី​ពិត​នោះ។ (​យ៉ូហាន ៤:២៤​) ការ​អនុវត្តន៍​សេចក្ដី​ពិត ការ​ប្រព្រឹត្ត​តាម​ព្រះ​ហឫទ័យ​របស់​ព្រះ គឺ​ជា​ការ​សំខាន់​ណាស់។ ព្រះ​គម្ពីរ​បាន​ចែង​ថា​«​សេចក្ដី​ជំនឿ បើ​គ្មាន​ការ​ប្រព្រឹត្ត​តាម នោះ​ឈ្មោះ​ថា​ស្លាប់​ហើយ​»។ (​យ៉ាកុប ២:២៦​) អញ្ចឹង​ហើយ ដើម្បី​ឲ្យ​គាប់​ព្រះ​ហឫទ័យ​ព្រះ សាសនា​របស់​អ្នក​មិន​គ្រាន់​តែ​ឲ្យ​បាន​ស្រប​ទាំង​ស្រុង​តាម​ព្រះ​គម្ពីរ​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​ត្រូវ​អនុវត្ត​ក្នុង​គ្រប់​សកម្មភាព​ទាំងអស់​នៃ​ជីវិត​របស់​អ្នក​ដែរ។ ដូច្នេះ​ហើយ ប្រសិន​បើ​អ្នក​រៀន​ដឹង​ថា​អ្វី​ៗ​ដែល​អ្នក​កំពុង​តែ​ប្រព្រឹត្ត​ជា​អំពើ​ដែល​ព្រះ​ទ្រង់​មាន​បន្ទូល​ថា​ខុស​នោះ តើ​អ្នក​នឹង​សុខ​ចិត្ត​ប្ដូរ​ទេ?

២២ បើ​កាលណា​យើង​អនុវត្ត​តាម​សាសនា​ដ៏​ពិត តើ​ផល​ប្រយោជន៍​អ្វី​ខ្លះ​ដែល​យើង​អាច​សប្បាយ​ក្នុង​ពេល​បច្ចុប្បន្ន និង​ទៅ​អនាគត​នោះ?

២២ នឹង​មាន​ប្រសិទ្ធិពរ​ច្រើន​ណាស់​ចំពោះ​អ្នក ប្រសិន​បើ​អ្នក​ប្រព្រឹត្ត​តាម​ព្រះ​ហឫទ័យ​ព្រះ។ សូម្បី​តែ​ឥឡូវ​នេះ​ក៏​អ្នក​បាន​ប្រយោជន៍​ដែរ។ ការ​អនុវត្តន៍​តាម​សាសនា​ដ៏​ពិត នឹង​ធ្វើ​ឲ្យ​លោក​អ្នក​ទៅ​ជា​មនុស្ស​ដ៏​ប្រពៃ​ម្នាក់—បុរស ប្ដី​ឬ​ក៏​ឪពុក​ដ៏​ប្រពៃ​ម្នាក់ ស្ត្រី ភរិយា ឬ​ក៏​ម្ដាយ​ដ៏​ប្រពៃ​ម្នាក់ កូន​ដ៏​ប្រពៃ​ម្នាក់​បាន។ នេះ​នឹង​ផលិត​នៅ​ក្នុង​រូប​អ្នក នូវ​គុណសម្បត្ដិ​ជា​ទី​ពេញ​ព្រះ​ហឫទ័យ​ព្រះ ដែល​លើក​អ្នក​ឲ្យ​ប្លែក​ជាង​គេ​ក្នុង​ចំណោម​មនុស្ស​ទាំង​ឡាយ ពីព្រោះ​អ្នក​ប្រព្រឹត្ត​អ្វី​ដែល​ត្រឹម​ត្រូវ។ បន្ថែម​ទៅ​លើ​នោះ​ទៀត នឹង​មាន​ន័យ​ថា អ្នក​នឹង​មាន​លទ្ធភាព​ក្នុង​ការ​ទទួល​ប្រសិទ្ធិពរ​ជា​ជីវិត​ដ៏​អស់កល្ប​ជានិច្ច​ដោយ​សុភមង្គល និង​សុខភាព​ដ៏​បរិបូរ​លើ​ផែនដី​ថ្មី​ជា​សួន​មនោរម្យ​របស់​ព្រះ។ (​ពេត្រុសទី២ ៣:១៣​) គ្មាន​ការ​សង្ស័យ​អំពី​រឿង​នេះ​ឡើយ—សាសនា​របស់​លោក​អ្នក​ពិត​ជា​ការ​សំខាន់​ណាស់!

[​រូបភាព​នៅ​ទំព័រ​២៥​]

តើ​ពួក​អ្នក​ដឹក​នាំ​ខាង​សាសនា​ដែល​បាន​ខំ​​ព្យាយាម​ធ្វើ​គុត​ដល់​ព្រះ​យេស៊ូវ​បម្រើ​ព្រះ​ឬ​ទេ?

[​រូបភាព​នៅ​ទំព័រ​២៦, ២៧​]

ព្រះ​យេស៊ូវ​បាន​មាន​បន្ទូល​ថា មនុស្ស​ភាគ​ច្រើន​ស្ថិត​នៅ​ក្នុង​ផ្លូវ​ទូលាយ​ដែល​នាំ​ទៅ​ឯ​សេចក្ដី​ហិន​​វិនាស។ ភាគតិច​ណាស់​ស្ថិត​នៅ​ក្នុង​ផ្លូវ​ចង្អៀត​ដែល​នាំ​ទៅ​ឯ​ជីវិត

[​រូបភាព​នៅ​ទំព័រ​២៨, ២៩​]

​«​គេ​ប្រកាន់​ថា គេ​ស្គាល់​ព្រះ តែ​កិរិយា​ប្រព្រឹត្ត​របស់​គេ​មិន​ព្រម​ស្គាល់​ព្រះ​ទេ​»។—ទីតុស ១:១៦

ជា​ពាក្យ​សំដី

ជា​ការ​ប្រព្រឹត្ត

[​រូបភាព​នៅ​ទំព័រ​៣០​]

ដោយសារ​តែ​សាសនា​ខុស​គ្នា ប៉ុល​បាន​ចូលរួម​ក្នុង​ការ​ចោល​ថ្ម​សម្លាប់​សិស្ស​របស់​ព្រះ​គ្រីស្ទ ស្ទេផាន

[​រូបភាព​នៅ​ទំព័រ​៣៣​]

ប្រសិន​បើ​អ្នក​ស្ថិត​នៅ​លើ​ផ្លូវ​ខុស តើ​សេចក្ដី​ក្រអឺត​ឬ​ក៏​សេចក្ដី​មានះ​នឹង​បណ្ដាល​ឲ្យ​អ្នក​ពុំ​ព្រម​ទទួល​កំហុស​នោះ​ទេ​ឬ?

    សៀវភៅភាសាខ្មែរ (១៩៩១-២០២៥)
    ចេញពីគណនី
    ចូលគណនី
    • ខ្មែរ
    • ចែករំលែក
    • ជម្រើស
    • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
    • ល័ក្ខខ័ណ្ឌប្រើប្រាស់
    • គោលការណ៍ស្ដីអំពីព័ត៌មានផ្ទាល់ខ្លួនរបស់លោកអ្នក
    • កំណត់ឯកជនភាព
    • JW.ORG
    • ចូលគណនី
    ចែករំលែក