ដំណឹងព្រះរាជាណាចក្រ លេខ៣៧
សារជូនចំពោះមនុស្សទូទាំងផែនដី
សាសនាមិនពិតជិតត្រូវបំផ្លាញហើយ!
▪ តើសាសនាមិនពិតជាអ្វី?
▪ តើសាសនាមិនពិតនឹងត្រូវបំផ្លាញយ៉ាងដូចម្ដេច?
▪ តើនេះតម្រូវឲ្យលោកអ្នកធ្វើអ្វីខ្លះ?
តើសាសនាមិនពិតជាអ្វី?
តើលោកអ្នកពិបាកចិត្តទេ ពេលដែលឃើញឬឮអំពីមនុស្សប្រព្រឹត្តអំពើអាក្រក់ដោយអាងសាសនា? តើលោកអ្នកទាស់ចិត្តទេ នៅពេលមនុស្សដែលអះអាងថាខ្លួនបម្រើព្រះ បែរជាធ្វើសង្គ្រាម ភេរវកម្ម និងអំពើពុករលួយ? តើហេតុអ្វីបានជាសាសនាមើលទៅដូចជាដើមហេតុនៃបញ្ហាច្រើនដល់ម្ល៉េះ?
ដើមហេតុនៃបញ្ហាទាំងនេះមិនមែនជាសាសនាទាំងអស់ទេ តែគឺជាសាសនាមិនពិតវិញ។ ព្រះយេស៊ូគ្រីស្ទ អ្នកបង្ហាត់បង្រៀនសាសនាមួយរូបដែលត្រូវគេគោរពទូទាំងផែនដីធ្លាប់បញ្ជាក់ថា សាសនាមិនពិតនាំឲ្យមនុស្សប្រព្រឹត្តអាក្រក់ ដូចជា«ដើមអាក្រក់ ក៏តែងមានផ្លែអាក្រក់ដែរ»។ (ម៉ាថាយ ៧:១៥-១៧) តើសាសនាមិនពិតបង្កើតឲ្យមានផលអ្វី?
សាសនាមិនពិត
◼ សាសនាមិនពិតចូលប្រឡូកក្នុងសង្គ្រាមនិងរឿងនយោបាយ: ទស្សនាវដ្ដីមួយសរសេរថា៖ «ទូទាំងទ្វីបអាស៊ីនិងប្រទេសផ្សេងទៀតដែរ ពួកមេដឹកនាំអាត្មានិយមដែលស្រេកឃ្លានអំណាច កំពុងតែយកជំនឿសាសនារបស់ប្រជាជនមកធ្វើជាឈ្នាន់ ដើម្បីបំពេញគោលដៅរបស់ខ្លួនដោយឥតអៀនខ្មាស»។ ជាលទ្ធផលទស្សនាវដ្ដីនោះព្រមានថា៖ «ពិភពលោកទាំងមូលកំពុងតែរកកល់ឆ្កួត»។ (Asiaweek) អ្នកដឹកនាំសាសនាមួយរូបដ៏ល្បីឈ្មោះនៅសហរដ្ឋអាម៉េរិកធ្លាប់មានប្រសាសន៍ថា៖ «យើងត្រូវសម្លាប់ពួកភេរវជនចោល ទើបលែងមានការសម្លាប់គ្នា»។ អ្នកដឹកនាំសាសនានោះបានស្នើឲ្យ«សម្លាប់ពួកគេចោលទៅ ដោយអាងនាមព្រះជាម្ចាស់»។ នេះផ្ទុយពីព្រះគម្ពីរ ពីព្រោះព្រះគម្ពីរបានសរសេរថា៖ «បើអ្នកណាថា ខ្លួនស្រឡាញ់ព្រះ តែស្អប់ដល់បងប្អូនវិញ អ្នកនោះជាអ្នកកុហក»។ (យ៉ូហានទី១ ៤:២០) ព្រះយេស៊ូថែមទាំងមានបន្ទូលថា៖ «ត្រូវស្រឡាញ់ពួកខ្មាំងសត្រូវ»។ (ម៉ាថាយ ៥:៤៤) យ៉ាងណាក៏ដោយ តើមានសាសនាប៉ុន្មានដែលមានសមាជិកចូលប្រឡូកក្នុងសង្គ្រាម?
◼ សាសនាមិនពិតក៏បង្រៀនអ្វីដែលមិនពិតដែរ: សាសនាភាគច្រើនបង្រៀនថា ព្រលឹងឬវិញ្ញាណជាអ្វីមួយដែលយើងមើលមិនឃើញនៅក្នុងរូបកាយមនុស្ស ហើយពេលដែលមនុស្សស្លាប់ទៅ ព្រលឹងឬវិញ្ញាណនោះរស់បន្តទៅទៀត។ តាមរយៈសេចក្ដីបង្រៀននេះ សាសនាជាច្រើនជញ្ជក់យកផលប្រយោជន៍ពីសមាជិក ដោយគិតថ្លៃលើការអធិស្ឋានដើម្បីជួយវិញ្ញាណក្ខន្ធមនុស្សស្លាប់។ ក៏ប៉ុន្តែ ក្នុងព្រះគម្ពីរមានសេចក្ដីបង្រៀនផ្សេង។ ព្រះគម្ពីរសរសេរថា៖ «ព្រលឹងណាដែលធ្វើបាប គឺព្រលឹងនោះឯងនឹងត្រូវស្លាប់»។ (អេសេគាល ១៨:៤) «មនុស្សដែលរស់ គេដឹងថាខ្លួននឹងស្លាប់ជាមិនខាន តែមនុស្សស្លាប់ឥតដឹងអ្វីឡើយ»។ (សាស្ដា ៩:៥) ព្រះយេស៊ូបានបង្រៀនថា មនុស្សស្លាប់នឹងត្រូវប្រោសឲ្យរស់ឡើងវិញ។ ប៉ុន្តែបើមនុស្សមានព្រលឹងអមតៈពិតមែន នោះការប្រោសឲ្យពួកគេរស់ឡើងវិញគ្មានប្រយោជន៍ទាល់តែសោះ។ (យ៉ូហាន ១១:១១-២៥) តើសាសនារបស់លោកអ្នកបង្រៀនថាព្រលឹងមិនចេះស្លាប់ទេ?
◼ សាសនាមិនពិតបណ្ដោយឲ្យប្រព្រឹត្តអំពើអសីលធម៌ខាងកាម: នៅប្រទេសជាច្រើន សាសនាផ្សេងៗតែងតាំងបព្វជិតដែលជាមនុស្សស្រឡាញ់ភេទដូចគ្នា ហើយក៏ជំរុញឲ្យរដ្ឋាភិបាលទទួលស្គាល់ការរៀបអាពាហ៍ពិពាហ៍ រវាងមនុស្សភេទដូចគ្នាទៀតផង។ សូម្បីតែសាសនាខ្លះៗដែលបង្រៀនថាអំពើអសីលធម៌ខាងកាមគឺខុស ក៏នៅតែត្រាប្រណីដល់អ្នកដឹកនាំសាសនាដែលរួមភេទជាមួយកូនក្មេង។ ក៏ប៉ុន្តែតើព្រះគម្ពីរបង្រៀនយ៉ាងណាអំពីអំពើអសីលធម៌ខាងកាម? ព្រះគម្ពីរសរសេរត្រង់ៗថា៖ «កុំឲ្យច្រឡំឡើយ! ដ្បិតពួកមនុស្សកំផិត ពួកថ្វាយបង្គំរូបព្រះ ពួកសហាយស្មន់ [«ពួកអ្នករួមសង្វាសនឹងភេទដូចគ្នា»] . . . មិនដែលបានគ្រងនគរព្រះទុកជា[មត៌ក]ឡើយ»។ (កូរិនថូសទី១ ៦:៩, ១០; ខ.ស.) តើអ្នកធ្លាប់ដឹងអំពីសាសនាផ្សេងៗ ដែលបណ្ដោយឲ្យមនុស្សប្រព្រឹត្តអំពើអសីលធម៌ខាងកាមឬទេ?
តើអ្វីនឹងកើតឡើងដល់សាសនាដែលបង្កើតផលអាក្រក់បែបនេះ? ព្រះយេស៊ូបានព្រមានថា៖ «អស់ទាំងដើមឈើណា ដែលមិនកើតផលផ្លែល្អ នោះត្រូវតែកាប់បោះចោលទៅក្នុងភ្លើង»។ (ម៉ាថាយ ៧:១៩) ដូច្នេះសាសនាមិនពិតនឹងត្រូវបំផ្លាញចោលជាក់ជាពុំខាន! ក៏ប៉ុន្តែ តើសាសនាមិនពិតនឹងត្រូវបំផ្លាញចោលយ៉ាងដូចម្ដេច និងនៅពេលណា? បទទំនាយមួយក្នុងព្រះគម្ពីរនៅសៀវភៅវិវរណៈ ជំពូកទី១៧និងទី១៨មានចម្លើយចំពោះសំណួរទាំងនោះ។
តើសាសនាមិនពិតនឹងត្រូវបំផ្លាញចោលយ៉ាងដូចម្ដេច?
ចូរគិតអំពីនិមិត្តរូបដូចតទៅនេះ ដែលត្រូវរៀបរាប់ក្នុងព្រះគម្ពីរ: មានស្រីសំផឹងមួយរូបអង្គុយពីលើសត្វចម្លែកមួយដែលគួរឲ្យខ្លាច។ សត្វនោះមានក្បាល៧និងស្នែង១០។ (វិវរណៈ ១៧:១-៤) តើស្រីសំផឹងនេះតំណាងអ្វីទៅ? ព្រះគម្ពីរសរសេរថា ស្រីនេះបញ្ចេញឥទ្ធិពល«លើស្តេចទាំងប៉ុន្មាននៅផែនដី» ហើយក៏ស្លៀកពាក់ពណ៌ស្វាយ ប្រើកំញាន ថែមទាំងមានទ្រព្យសម្បត្ដិសម្បូរហូរហៀរ។ ម្យ៉ាងទៀត «អស់ទាំងសាសន៍បានវង្វេង» ដោយសារមន្តអាគមរបស់ស្រីនោះ។ (វិវរណៈ ១៧:១៨; ១៨:១២, ១៣, ២៣, កំណែជាអក្សរទ្រេត) ព្រះគម្ពីរជួយឲ្យយល់ថា ស្រីសំផឹងនេះជានិមិត្តរូបសាសនាទូទាំងពិភពលោក។ ស្រីនោះមិនមែនតំណាងសាសនាតែមួយទេ តែតំណាងសាសនាទាំងអស់ដែលបង្កើតផលអាក្រក់។
សត្វចម្លែកដែលស្រីសំផឹងនោះជិះ ជានិមិត្តរូបរដ្ឋាភិបាលទាំងឡាយរបស់មនុស្ស។a (វិវរណៈ ១៧:១០-១៣) ស្រីសំផឹងឬសាសនាមិនពិត ជិះសត្វចម្លែកនោះឬបណ្ដារដ្ឋាភិបាល ក្នុងន័យថាសាសនាមិនពិតខំបញ្ចេញឥទ្ធិពលទៅលើការសម្រេចចិត្តនិងគោលដៅរបស់បណ្ដារដ្ឋាភិបាល។
ក៏ប៉ុន្តែមិនយូរទៀត នឹងមានព្រឹត្ដិការណ៍ដ៏អស្ចារ្យមួយកើតឡើង។ «ស្នែងទាំង១០ដែលអ្នកឃើញ ព្រមទាំងសត្វនោះផង នោះនឹងស្អប់ដល់ស្រីសំផឹង ហើយនឹងបំផ្លាញវាទៅ ទាំងធ្វើឲ្យវានៅអាក្រាត រួចនឹងស៊ីសាច់វា ហើយដុតវានៅក្នុងភ្លើង»។ (វិវរណៈ ១៧:១៦) រដ្ឋាភិបាលទាំងឡាយរបស់មនុស្សនឹងធ្វើអ្វីដ៏គួរឲ្យរន្ធត់ណាស់ គឺនឹងវាយប្រហារទៅលើសាសនាមិនពិតហើយបំផ្លាញចោលទាំងស្រុង! នេះនឹងកើតឡើងយ៉ាងលឿនមួយរំពេច។ តើអ្វីនឹងបណ្ដាលឲ្យរដ្ឋាភិបាលធ្វើដូច្នេះ? ក្នុងព្រះគម្ពីរនៅសៀវភៅវិវរណៈឆ្លើយថា៖ «ព្រះទ្រង់បានបណ្ដាលចិត្តគេ ឲ្យធ្វើតាមគំនិតទ្រង់»។ (វិវរណៈ ១៧:១៧, កំណែជាអក្សរទ្រេត) ដូច្នេះគឺព្រះទេ ដែលកាត់ទោសដល់សាសនាមិនពិត ដោយសារអំពើគួរឲ្យស្អប់ខ្ពើមជាច្រើនដែលវាបានធ្វើដោយអាងព្រះនាមទ្រង់។ សមស្របតាមយុត្ដិធម៌គ្រប់លក្ខណ៍ ទ្រង់នឹងប្រើបណ្ដារដ្ឋាភិបាលដែលជាគូកនរបស់វាជាមធ្យោបាយបំផ្លាញសាសនាមិនពិតចោល។
តើលោកអ្នកត្រូវធ្វើយ៉ាងណា ប្រសិនបើមិនចង់ទទួលសេចក្ដីហិនវិនាសជាមួយនឹងសាសនាមិនពិត? ព្រះមានបន្ទូលដាស់តឿនយើងថា៖ ‹រាស្ត្រយើងអើយ! ចូរចេញពីទីនោះមក›។ (វិវរណៈ ១៨:៤) ឥឡូវនេះហើយ ជាពេលដែលត្រូវចេញពីសាសនាមិនពិត! ប៉ុន្តែតើត្រូវចេញពីសាសនាមិនពិតរួចទៅឯណាវិញ? មិនមែនត្រូវទៅជាអ្នកដែលអត់ជឿព្រះសោះ ដ្បិតមនុស្សបែបនោះក៏គ្មានអនាគតដែរ។ (ថែស្សាឡូនីចទី២ ១:៦-៩) គឺមានតែចូលជ្រកកោនក្នុងសាសនាពិតវិញ។ តើលោកអ្នកអាចសម្គាល់សាសនាពិតបានយ៉ាងដូចម្ដេច?
របៀបសម្គាល់សាសនាពិត
តើសាសនាពិតគួរបង្កើតផលល្អអ្វីខ្លះ?—ម៉ាថាយ ៧:១៧
សាសនាពិត
◼ សាសនាពិតប្រកបទៅដោយសេចក្ដីស្រឡាញ់: សមាជិកនៃសាសនាពិត«មិនមែនជារបស់ផងលោកីយ» ក៏មិនបែកបាក់គ្នាដោយសារសាសន៍ឬវប្បធម៌ ហើយពួកគេ‹ស្រឡាញ់គ្នាទៅវិញទៅមក›។ (យ៉ូហាន ១៣:៣៥; ១៧:១៦; កិច្ចការ ១០:៣៤, ៣៥) ជាជាងសម្លាប់គ្នា ពួកគេសុខចិត្តប្ដូរជីវិតជំនួសអ្នកជឿគ្នីគ្នា។—យ៉ូហានទី១ ៣:១៦
◼ សាសនាពិតទុកចិត្តព្រះបន្ទូលរបស់ព្រះ: ជាជាងបង្រៀន«ទំនៀមទំលាប់»និង«បញ្ញត្តរបស់មនុស្ស» សាសនាពិតបង្រៀនដោយយកព្រះបន្ទូលរបស់ព្រះក្នុងព្រះគម្ពីរជាមូលដ្ឋានវិញ។ (ម៉ាថាយ ១៥:៦-៩) តើហេតុអ្វី? ដោយសារ«គ្រប់ទាំងបទគម្ពីរ គឺជាព្រះទ្រង់បានបញ្ចេញព្រះវិញ្ញាណបណ្ដាលឲ្យតែងទេ ក៏មានប្រយោជន៍សំរាប់ការបង្រៀន ការរំឭកឲ្យដឹងខ្លួន ការប្រដៅដំរង់»។—ធីម៉ូថេទី២ ៣:១៦
◼ សាសនាពិតជួយពង្រឹងសាមគ្គីភាពក្នុងក្រុមគ្រួសារ ហើយក៏បណ្ដាលឲ្យមានខ្នាតតម្រាសីលធម៌ខ្ពង់ខ្ពស់: សាសនាពិតបង្រៀនប្ដីទាំងឡាយឲ្យ‹ស្រឡាញ់ប្រពន្ធ ដូចជាស្រឡាញ់រូបកាយរបស់ខ្លួនដែរ› ក៏បង្រៀនប្រពន្ធទាំងឡាយឲ្យ«កោតខ្លាចប្ដី» ហើយថែមទាំងបង្រៀនកូនឲ្យ«ស្ដាប់បង្គាប់មាតាបិតាខ្លួន»។ (អេភេសូរ ៥:២៨, ៣៣; ៦:១) ម្យ៉ាងទៀត អ្នកដែលមានមុខតំណែងទទួលខុសត្រូវក្នុងសាសនាពិត ត្រូវជាជនគំរូខាងសីលធម៌។—ធីម៉ូថេទី១ ៣:១-១០
តើមានសាសនាណាមួយដែលមានលក្ខណៈទាំងអស់នេះឬទេ? សៀវភៅមួយដែលបោះពុម្ពនៅឆ្នាំ២០០១សរសេរថា៖ «ប្រសិនបើមនុស្សច្រើនជាងប្រព្រឹត្តតាមអ្វីដែលស្មរបន្ទាល់ព្រះយេហូវ៉ាបង្រៀននិងប្រព្រឹត្តនោះ រឿងខ្លោចផ្សាហៅថាហូឡូខស [ការប្រល័យពូជសាសន៍ នៅប្រទេសអាឡឺម៉ង់]ពុំបានកើតឡើងទេ ហើយក៏លែងមានការប្រល័យពូជសាសន៍យាយីពិភពលោកតទៅទៀតឡើយ»។—Holocaust Politics
នៅ២៣៥ប្រទេស ស្មរបន្ទាល់ព្រះយេហូវ៉ាមិនត្រឹមតែបង្រៀនអំពីខ្នាតតម្រាសីលធម៌ក្នុងព្រះគម្ពីរប៉ុណ្ណោះទេ តែពួកគេក៏ប្រព្រឹត្តតាមទៀតផង។ យើងសូមលើកទឹកចិត្តលោកអ្នក ឲ្យសុំស្មរបន្ទាល់ព្រះយេហូវ៉ាជួយបង្រៀនអ្វីដែលព្រះតម្រូវ ដើម្បីអាចថ្វាយបង្គំទ្រង់តាមរបៀបទ្រង់សព្វព្រះហឫទ័យ។ ឥឡូវនេះជាពេលដែលត្រូវចាត់វិធានការ។ កុំបង្អែបង្អង់ឡើយ។ សាសនាមិនពិតជិតត្រូវបំផ្លាញហើយ!—សេផានា ២:២, ៣
ប្រសិនបើលោកអ្នកចង់ទទួលព័ត៌មានបន្ថែមទៀតអំពីសារដែលស្មរបន្ទាល់ព្រះយេហូវ៉ាផ្សព្វផ្សាយពីព្រះគម្ពីរនោះ សូមអញ្ជើញទាក់ទងស្មរបន្ទាល់ព្រះយេហូវ៉ាតាមអាសយដ្ឋានខាងក្រោមនេះ។
□ ខ្ញុំសូមសៀវភៅចូរចាំយាមចុះ!មួយក្បាលដើម្បីទុកអានតែប៉ុណ្ណោះ។
□ ខ្ញុំសូមទទួលព័ត៌មានថែមទៀតអំពីកម្មវិធីរៀនព្រះគម្ពីរដោយឥតគិតថ្លៃ។
[កំណត់សម្គាល់]
a ដើម្បីទទួលព័ត៌មានថែមទៀតអំពីការពន្យល់នេះ សូមមើលសៀវភៅស្តើងចូរចាំយាមចុះ! ទំព័រ១២-១៣ បោះពុម្ពដោយស្មរបន្ទាល់ព្រះយេហូវ៉ា។
[ឃ្លាអក្សរធំនៅទំព័រ៣]
សាសនាមិនពិតបញ្ចេញឥទ្ធិពល«លើស្តេចទាំងប៉ុន្មាននៅផែនដី»
[ឃ្លាអក្សរធំនៅទំព័រ៣]
‹រាស្ត្រយើងអើយ! ចូរចេញពីទីនោះមក›