បណ្ណាល័យអ៊ីនធឺណិតរបស់ប៉មយាម
ប៉មយាម
បណ្ណាល័យអ៊ីនធឺណិត
ខ្មែរ
  • គម្ពីរ
  • សៀវភៅផ្សេងៗ
  • កិច្ចប្រជុំ
  • pe ជំ. ២២ ទំ. ១៨៤-១៩០
  • ការសម្គាល់សាសនាពិត

សុំទោស គ្មានវីដេអូទេ

សុំទោស វីដេអូមានបញ្ហា

  • ការសម្គាល់សាសនាពិត
  • អ្នកអាចរស់នៅជានិរន្តរ៍ក្នុងសួនមនោរម្យនៅលើផែនដី
  • ចំណងជើងតូច
  • អត្ថបទស្រដៀងគ្នា
  • ការ​ធ្វើ​ឲ្យ​ព្រះ​នាម​ព្រះ​បាន​បរិសុទ្ធ
  • ការ​ប្រកាស​ព្រះ​រាជាណាចក្រ​របស់​ព្រះ
  • ការ​គោរព​ចំពោះ​ព្រះ​បន្ទូល​របស់​ព្រះ
  • ការ​ញែក​ចេញ​ជានិច្ច​ពី​លោកីយ៍​នេះ
  • សេចក្ដី​ស្រឡាញ់​ក្នុង​ចំណោម​ពួកគេ
  • សាសនា​ពិត​តែមួយ
  • ការថ្វាយបង្គំដែលព្រះសព្វព្រះហឫទ័យ
    តើព្រះគម្ពីរពិតជាបង្រៀនយ៉ាងណា?
  • តើលោកអ្នករកឃើញសាសនាត្រឹមត្រូវហើយឬ?
    ទស្សនាវដ្ដីប៉មយាមប្រកាសអំពីរាជាណាចក្ររបស់ព្រះយេហូវ៉ា ១៩៩៤
  • របៀបរកឃើញសាសនាពិត
    លោកអ្នកអាចធ្វើជាមិត្តសំឡាញ់របស់ព្រះ!
  • តើអ្នកអាចសម្គាល់ការគោរពប្រណិប័តន៍ពិតយ៉ាងដូចម្ដេច?
    ទស្សនាវដ្ដីប៉មយាមប្រកាសអំពីរាជាណាចក្ររបស់ព្រះយេហូវ៉ា ២០១១
មើលបន្ថែមទៀត
អ្នកអាចរស់នៅជានិរន្តរ៍ក្នុងសួនមនោរម្យនៅលើផែនដី
pe ជំ. ២២ ទំ. ១៨៤-១៩០

ជំពូក​ទី២២

ការ​សម្គាល់​សាសនា​ពិត

១ តើ​ពួក​ណា​ដែល​បាន​កាន់​សាសនា​ពិត ក្នុង​សតវត្ស​ទី​មួយ?

គ្មាន​ការ​សង្ស័យ​ទេ ចំពោះ​ពួក​ណា​ដែល​បាន​កាន់​តាម​សាសនា​ពិត​ក្នុង​សតវត្ស​ទី​មួយ​នោះ។ ពួកគេ គឺ​ជា​អ្នក​កាន់​តាម​ព្រះ​យេស៊ូវ​គ្រីស្ទ។ ពួក​ទាំងអស់​នេះ​ជា​សមាជិក​នៃ​អង្គការ​គ្រីស្ទាន​មួយ។ តើ​សព្វ​ថ្ងៃ​នេះ​យ៉ាង​ណា​ដែរ? តើ​ពួក​អ្នក​ដែល​កាន់​សាសនា​ពិត អាច​សម្គាល់​បាន​យ៉ាង​ណា?

២ តើ​ពួក​អ្នក​ដែល​កាន់​សាសនា​ពិត អាច​សម្គាល់​បាន​យ៉ាង​ណា?

២ ក្នុង​ការ​ពន្យល់​ប្រាប់ អំពី​របៀប​ដែល​យើង​អាច​ធ្វើ​ការ​នេះ​បាន ព្រះ​យេស៊ូវ​បាន​មាន​បន្ទូល​ថា​៖ ​«​អ្នក​រាល់​គ្នា​នឹង​ស្គាល់​គេ​បាន ដោយសារ​ផល​គេ​បង្កើត . . . អស់​ទាំង​ដើម​ឈើ​ល្អ តែង​មាន​ផ្លែ​ល្អ ឯ​ដើម​អាក្រក់ ក៏​តែង​មាន​ផ្លែ​អាក្រក់​ដែរ . . . ដូច្នេះ អ្នក​រាល់​គ្នា​នឹង​ស្គាល់​គេ​បាន​គឺ​ដោយសារ​ផល​គេ​បង្កើត​»។ (​ម៉ាថាយ ៧:១៦​-​២០​) តើ​ផល​ល្អ​ណា​ខ្លះ​ដែល​លោក​អ្នក​យល់​ថា ពួក​អ្នក​ថ្វាយបង្គំ​ពិត​របស់​ព្រះ​ត្រូវ​បង្កើត​នោះ? តើ​ពួកគេ​គួរ​តែ​កំពុង​និយាយ​និង​ប្រព្រឹត្ត​យ៉ាង​ណា ឥឡូវ​នេះ?

ការ​ធ្វើ​ឲ្យ​ព្រះ​នាម​ព្រះ​បាន​បរិសុទ្ធ

៣, ៤ (​ក​) តើ​សំណូម​ទី​មួយ ដែល​ព្រះ​យេស៊ូវ​បាន​មាន​វាចា​ថ្លែង​ក្នុង​គំរូ​អធិស្ឋាន​នោះ ជា​អ្វី? (​ខ​) តើ​តាម​របៀប​ណា​ដែល​ព្រះ​យេស៊ូវ​ទ្រង់​បាន​ធ្វើ​ព្រះ​នាម​ព្រះ​ឲ្យ​បាន​បរិសុទ្ធ​នោះ?

៣ ពួក​អ្នក​ថ្វាយបង្គំ​ពិត​របស់​ព្រះ ត្រូវ​ប្រតិបត្ដិ​ឲ្យ​សម​ស្រប​តាម​គំរូ​អធិស្ឋាន ដែល​ព្រះ​យេស៊ូវ​បាន​ប្រទាន​ដល់​ពួក​អ្នក​កាន់​តាម​ទ្រង់។ សំណូម​ទី​មួយ​ដែល​ព្រះ​យេស៊ូវ​បាន​មាន​វាចា​ថ្លែង​ក្នុង​អធិស្ឋាន​នោះ គឺ​៖ ​«​ឱ​ព្រះវរបិតា​នៃ​យើង​ខ្ញុំ ដែល​គង់​នៅ​ស្ថានសួគ៌​អើយ សូម​ឲ្យ​ព្រះ​នាម​ទ្រង់​បាន​បរិសុទ្ធ​»។ (​ម៉ាថាយ ៦:៩​) តើ​មាន​ន័យ​យ៉ាង​ណា ក្នុង​ការ​ធ្វើ​ឲ្យ​ព្រះ​នាម​ព្រះ​បាន​បរិសុទ្ធ? តើ​តាម​របៀប​ណា​ដែល​ព្រះ​យេស៊ូវ​បាន​ធ្វើ​ការ​នេះ?

៤ ព្រះ​យេស៊ូវ​បាន​បង្ហាញ​នូវ​របៀប​ដែល​ទ្រង់​បាន​ធ្វើ​ការ​នេះ ពេល​ដែល​ទ្រង់​បាន​អធិស្ឋាន​ទៅ​ព្រះវរបិតា​ទ្រង់​ថា​៖ ​«​ឯ​ពួក​អ្នក ដែល​ទ្រង់​បាន​ប្រទាន​មក​ទូលបង្គំ អំពី​មនុស្ស​លោក នោះ​ទូលបង្គំ​បាន​បើក​សំដែង​ឲ្យ​គេ​ស្គាល់​ព្រះ​នាម​ទ្រង់​»។ (​យ៉ូហាន ១៧:៦​) មែន​ហើយ ព្រះ​យេស៊ូវ​បាន​ធ្វើ​ឲ្យ​អ្នក​ដទៃ​បាន​ស្គាល់​ព្រះ​នាម​ព្រះ​យេហូវ៉ា។ ទ្រង់​មិន​ដែល​ខាន​ប្រើ​នូវ​ព្រះ​នាម​នោះ​ឡើយ។ ព្រះ​​យេស៊ូវ​ទ្រង់​បាន​ជ្រាប​ថា ជា​គោល​បំណង​របស់​ព្រះវរបិតា​ទ្រង់​ក្នុង​ការ​លើក​ដំកើង​ព្រះ​នាម​នោះ​នៅ​ពេញ​ផែនដី​ទាំងមូល។ ដូច្នេះ ទ្រង់​ក៏​បាន​ធ្វើ​ជា​គំរូ ក្នុង​ការ​ប្រកាស​និង​កាន់​ព្រះ​នាម​នោះ​ជា​បរិសុទ្ធ។—យ៉ូហាន ១២:២៨; អេសាយ ១២:៤, ៥

៥ (​ក​) តើ​ក្រុម​ជំនុំ​គ្រីស្ទាន ជាប់​ទាក់ទង​ជា​មួយ​ព្រះ​នាម​ព្រះ​យ៉ាង​ណា? (​ខ​) តើ​យើង​ត្រូវ​ធ្វើ​យ៉ាង​ណា ដើម្បី​ឲ្យ​បាន​សង្គ្រោះ?

៥ ព្រះ​គម្ពីរ​បាន​បង្ហាញ​ថា សូម្បី​តែ​វត្តមាន​នៃ​ក្រុម​ជំនុំ​គ្រីស្ទាន​ពិត​នោះ ក៏​មាន​ការ​ជាប់​ទាក់ទង​នឹង​ព្រះ​នាម​របស់​ព្រះ​ដែរ។ សាវក​ពេត្រុស​បាន​ពន្យល់​ថា ព្រះ​«​ទ្រង់​ប្រោស​ដល់​ពួក​សាសន៍​ដទៃ​ជា​មុន​ដំបូង ដើម្បី​រើស​យក​រាស្ត្រ​១​ពី​ពួកគេ ទុក​សំរាប់​ព្រះ​នាម​ទ្រង់​»។ (​កិច្ចការ ១៥:១៤​) ដូច្នេះ​រាស្ត្រ​ពិត​របស់​ព្រះ ត្រូវ​តែ​កាន់​ព្រះ​នាម​ទ្រង់​ជា​បរិសុទ្ធ ហើយ​ត្រូវ​ធ្វើ​ឲ្យ​គេ​បាន​ស្គាល់​ព្រះ​នាម​នោះ​ពេញ​ផែនដី​ទាំងមូល។ តាម​ការ​ពិត ការ​ស្គាល់​ព្រះ​នាម​ជា​ការ​ចាំបាច់​ណាស់​ដើម្បី​ឲ្យ​បាន​សង្គ្រោះ ដូច​ជា​ព្រះ​គម្ពីរ​បាន​ចែង​ថា​៖ ​«​ហើយ​គ្រប់​គ្នា គឺ​អស់​អ្នក​ណា ដែល​អំពាវនាវ​ដល់​ព្រះ​នាម​ព្រះ​អម្ចាស់​[​យេហូវ៉ា, ពថ​] នោះ​នឹង​បាន​សង្គ្រោះ​»។—រ៉ូម ១០:១៣, ១៤

៦ (​ក​) តើ​សាសនា​ទូទៅ​កាន់​ព្រះ​នាម​ព្រះ​ជា​បរិសុទ្ធ​ទេ? (​ខ​) តើ​មាន​ពួក​ណា​មួយ ជា​អ្នក​ធ្វើ​បន្ទាល់​ចំពោះ​ព្រះ​នាម​របស់​ព្រះ​ទេ?

៦ អញ្ចឹង សព្វ​ថ្ងៃ​នេះ​តើ​ពួក​ណា​កាន់​ព្រះ​នាម​ព្រះ​ជា​បរិសុទ្ធ ហើយ​ធ្វើ​ឲ្យ​គេ​ស្គាល់​ពេញ​ផែនដី​ទាំងមូល​នោះ? សាសនា​ទូទៅ​ទាំង​ឡាយ​បាន​ចៀស​វាង​នូវ​ការ​ប្រើ​ព្រះ​នាម​ព្រះ​យេហូវ៉ា។ សាសនា​ខ្លះ​រហូត​ដល់​បាន​ដក​យក​ព្រះ​នាម​នោះ​ចេញ​ពី​សេចក្ដី​បកប្រែ​ព្រះ​គម្ពីរ​របស់​ពួកគេ​ផង។ ប៉ុន្តែ ប្រសិន​បើ​អ្នក​និយាយ​ជា​មួយ​នឹង​អ្នក​ជិត​ខាង​របស់​អ្នក ហើយ​តែង​តែ​សំដៅ​ទៅ​លើ​ព្រះ​នាម​ព្រះ​យេហូវ៉ា រួច​ប្រើ​ព្រះ​នាម​នោះ​ទៀត តើ​អ្នក​គិត​ថា អ្នក​ជិត​ខាង​នោះ​ចាត់​ទុក​អ្នក​ជា​សមាជិក​នៃ​អង្គការ​ណា? មាន​តែ​មនុស្ស​មួយ​ក្រុម​ទេ ដែល​ពិត​ជា​កាន់​តាម​គំរូ​របស់​ព្រះ​យេស៊ូវ​ក្នុង​រឿង​នេះ។ គោល​បំណង​សំខាន់​បំផុត​នៅ​ក្នុង​ជីវិត​របស់​ពួកគេ គឺ​ដើម្បី​បម្រើ​ព្រះ និង​ធ្វើ​បន្ទាល់​ចំពោះ​ព្រះ​នាម​ទ្រង់ ដូច​ដែល​ព្រះ​យេស៊ូវ​បាន​ធ្វើ​មក​អញ្ចឹង។ ដូច្នេះ ពួកគេ​ក៏​បាន​យក​ឈ្មោះ​ដែល​ស្រប​តាម​បទ​គម្ពីរ​គឺ​«​ស្មរបន្ទាល់​ព្រះ​យេហូវ៉ា​»។—អេសាយ ៤៣:១០​-​១២

ការ​ប្រកាស​ព្រះ​រាជាណាចក្រ​របស់​ព្រះ

៧ តើ​ព្រះ​យេស៊ូវ​ទ្រង់​បាន​បង្ហាញ​យ៉ាង​ណា អំពី​សេចក្ដី​សំខាន់​នៃ​ព្រះ​រាជាណាចក្រ​របស់​ព្រះ?

៧ នៅ​ក្នុង​គំរូ​អធិស្ឋាន​ដែល​ព្រះ​យេស៊ូវ​បាន​ប្រទាន​មក ទ្រង់​ក៏​បាន​បង្ហាញ​អំពី​សេចក្ដី​សំខាន់​នៃ​ព្រះ​រាជាណាចក្រ​របស់​ព្រះ​ដែរ។ ទ្រង់​បាន​បង្រៀន​មនុស្ស​ឲ្យ​អធិស្ឋាន​ថា​៖ ​«​សូម​ឲ្យ​រាជ្យ​ទ្រង់​បាន​មក​ដល់​»។ (​ម៉ាថាយ ៦:១០​) ម្ដង​ហើយ​ម្ដង​ទៀត ព្រះ​យេស៊ូវ​បាន​បញ្ជាក់​ថា ព្រះ​រាជាណាចក្រ​គឺ​ជា​ផ្លូវ​ដោះ​ស្រាយ​តែមួយ​គត់ ចំពោះ​បញ្ហា​របស់​មនុស្ស​លោក។ ទ្រង់​និង​ពួក​សាវក​របស់​ទ្រង់​បាន​សម្ដែង​ពី​ការ​នេះ ដោយ​ការ​ប្រកាស​ទៅ​មនុស្ស​លោក អំពី​ព្រះ​រាជាណាចក្រ​នោះ​នៅ​«​គ្រប់​ភូមិ​»​ហើយ​«​ពី​ផ្ទះ​១​ទៅ​ផ្ទះ​១​»។ (​លូកា ៨:១; កិច្ចការ ៥:៤២; ២០:២០​) រាជាណាចក្រ​របស់​ព្រះ​គឺ​ជា​ប្រធាន​នៃ​ការ​ប្រកាស​និង​ការ​បង្រៀន​របស់​ពួកគេ។

៨ នៅ​គ្រា​«​ជាន់​ក្រោយ​បង្អស់​»​នេះ តើ​ព្រះ​យេស៊ូវ​បាន​មាន​បន្ទូល​ថា អ្វី​ជា​សារ​ដ៏​សំខាន់​បំផុត​ចំពោះ​អ្នក​កាន់​តាម​ពិត​របស់​ទ្រង់?

៨ តើ​សព្វ​ថ្ងៃ​នេះ​យ៉ាង​ណា​ដែរ? តើ​អ្វី​ជា​សេចក្ដី​បង្រៀន​ដ៏​សំខាន់​បំផុត​នៃ​អង្គការ​គ្រីស្ទាន​ពិត​របស់​ព្រះ? នៅ​ក្នុង​ទំនាយ​ពី​គ្រា​«​ជាន់​ក្រោយ​បង្អស់​»​នេះ ព្រះ​យេស៊ូវ​បាន​មាន​បន្ទូល​ថា​៖ ​«​ដំណឹង​ល្អ​នេះ ដែល​សំដែង​ពី​នគរ នឹង​ត្រូវ​ប្រកាស​ប្រាប់​ទួទៅ​គ្រប់​ក្នុង​លោកីយ ទុក​ជា​ទី​បន្ទាល់​ដល់​អស់​ទាំង​សាសន៍ នោះ​ទើប​នឹង​បាន​ដល់​ចុង​បំផុត​»។ (​ម៉ាថាយ ២៤:១៤​) ដូច្នេះ ព្រះ​រាជាណាចក្រ​គឺ​ច្បាស់​ជា​សារ​ដ៏​សំខាន់​បំផុត​ចំពោះ​រាស្ត្រ​របស់​ព្រះ​សព្វ​ថ្ងៃ​នេះ។

៩ តើ​ពួក​មនុស្ស​ណា ដែល​ប្រកាស​ពី​សារ​នៃ​ព្រះ​រាជាណាចក្រ​នៅ​សព្វ​ថ្ងៃ​នេះ?

៩ សូម​លោក​អ្នក​សួរ​ខ្លួន​ឯង​មើល​៖ ប្រសិន​បើ​មនុស្ស​ណា​ម្នាក់​មក​ឯ​មាត់​ទ្វារ​ផ្ទះ​របស់​អ្នក ហើយ​បាន​និយាយ​អំពី​ព្រះ​រាជាណាចក្រ​របស់​ព្រះ​ជា​សេចក្ដី​សង្ឃឹម​ដ៏​ពិត​ប្រាកដ​សំរាប់​មនុស្ស​លោក តើ​អ្នក​គិត​ថា​មនុស្ស​នោះ​ចូលរួម​ជា​មួយ​នឹង​អង្គការ​ណា? តើ​មាន​ពួក​មនុស្ស​នៃ​សាសនា​ណា​ផ្សេង​ទៀត ក្រៅ​ពី​ស្មរបន្ទាល់​ព្រះ​យេហូវ៉ា បាន​និយាយ​ទៅ​លោក​អ្នក​អំពី​រាជាណាចក្រ​របស់​ព្រះ​ទេ? តើ​ឲ្យ​ធ្វើ​បាន​យ៉ាង​ដូច​ម្ដេច បើ​មនុស្ស​ភាគ​ច្រើន មិន​ទាំង​ដឹង​ថា​ព្រះ​រាជ​ណា​ចក្រ​នេះ​ជា​យ៉ាង​ណា​ផង! ពួកគេ​មិន​និយាយ​អំពី​រឿង​រដ្ឋាភិបាល​របស់​ព្រះ​ទេ។ ប៉ុន្តែ រដ្ឋាភិបាល​នេះ ជា​ដំណឹង​ដែល​ល្បី​ពេញ​ពិភពលោក។ ហោរា​ដានីយ៉ែល​បាន​ទាយ​ទុក​ជា​មុន​ថា ព្រះ​រាជាណាចក្រ​នេះ ‹នឹង​បំបែក​បំបាក់ ហើយ​លេប​បំបាត់​រដ្ឋាភិបាល​ទាំងអស់​នោះ​វិញ ហើយ​មាន​តែ​រាជាណាចក្រ​នេះ​ទេ ដែល​នឹង​គ្រប់​គ្រង​ផែនដី›។—ដានីយ៉ែល ២:៤៤

ការ​គោរព​ចំពោះ​ព្រះ​បន្ទូល​របស់​ព្រះ

១០ តើ​ព្រះ​យេស៊ូវ​ទ្រង់​បាន​សម្ដែង​ការ​គោរព​ចំពោះ​ព្រះ​បន្ទូល​របស់​ព្រះ​យ៉ាង​ណា?

១០ វិធី​មួយ​ទៀត ដែល​អាច​សម្គាល់​ពួក​អ្នក​កាន់​សាសនា​ពិត​បាន​នោះ គឺ​តាម​រយៈ​អាកប្បកិរិយា​របស់​ពួកគេ​ចំពោះ​ព្រះ​គម្ពីរ។ ព្រះ​យេស៊ូវ​បាន​សម្ដែង​ការ​គោរព​ចំពោះ​បន្ទូល​របស់​ព្រះ​គ្រប់​ពេល​វេលា​ទាំងអស់។ ម្ដង​ហើយ​ម្ដង​ទៀត ទ្រង់​បាន​សំដៅ​ចំពោះ​បន្ទូល​នេះ ជា​អំណាច​ដ៏​ខ្ពង់​ខ្ពស់​បំផុត​លើ​រឿង​ទាំងអស់។ (​ម៉ាថាយ ៤:៤, ៧, ១០; ១៩:៤​-​៦​) ព្រះ​យេស៊ូវ​ក៏​បាន​សម្ដែង​ការ​គោរព​ចំពោះ​ព្រះ​គម្ពីរ​ទៀត តាម​រយៈ​ការ​រស់​នៅ​ឲ្យ​ស្រប​តាម​សេចក្ដី​បង្រៀន​នៃ​បទ​គម្ពីរ​នោះ។ ទ្រង់​មិន​ដែល​បាន​បន្ថោក​តម្លៃ​ព្រះ​គម្ពីរ​សោះ​ឡើយ។ ផ្ទុយ​ទៅ​វិញ ទ្រង់​បាន​កាត់​ទោស​ពួក​ណា ដែល​មិន​បាន​បង្រៀន​ឲ្យ​សម​ស្រប​តាម​ព្រះ​គម្ពីរ និង​អស់​អ្នក​ណា​ដែល​ព្យាយាម​ធ្វើ​ឲ្យ​ខ្សោយ​នូវ​ឥទ្ធិពល​នៃ​សេចក្ដី​បង្រៀន​នោះ ដោយ​ការ​បញ្ចូល​គំនិត​ផ្ទាល់​របស់​គេ។—ម៉ាកុស ៧:៩​-​១៣

១១ តើ​ពួក​សាសនា​ពិភព​គ្រីស្ទាន​តែង​តែ​សម្ដែង​អាកប្បកិរិយា​យ៉ាង​ណា ចំពោះ​បន្ទូល​របស់​ព្រះ?

១១ តើ​ពួក​សាសនា​ពិភព​គ្រីស្ទាន​យក​តម្រាប់​តាម​ព្រះ​គ្រីស្ទ​បាន​យ៉ាង​ណា​ក្នុង​រឿង​នេះ? តើ​ពួកគេ​មាន​ការ​គោរព​យ៉ាង​ជ្រាល​ជ្រៅ​ចំពោះ​ព្រះ​គម្ពីរ​ទេ? ពួក​អ្នក​បព្វជិត​ជា​ច្រើន សព្វ​ថ្ងៃ​នេះ​មិន​ជឿ​ដំណើរ​រឿង​អំពី​អ័ដាម​បាន​ធ្លាក់​ទៅ​ក្នុង​អំពើ​បាប ទឹក​ជំនន់​នៅ​សម័យ​លោក​ណូអេ លោក​យ៉ូណាស​និង​ត្រី​ដ៏​ធំ ហើយ​រឿង​ផ្សេង​ៗ​ទៀត​ទេ។ ពួកគេ​ក៏​និយាយ​ទៀត​ថា មនុស្ស​កើត​មក​នៅ​ទីនេះ​ដោយសារ​ការ​វិវត្តន៍ មិន​មែន​ដោយ​ការ​បង្កើត​ផ្ទាល់​របស់​ព្រះ​ទេ។ ដោយសារ​រឿង​នេះ តើ​ពួកគេ​លើកទឹកចិត្ត​មនុស្ស​ឲ្យ​គោរព​បន្ទូល​របស់​ព្រះ​ទេ? ម្យ៉ាង​ទៀត ពួក​អ្នក​ដឹក​នាំ​សាសនា​គ្រីស្ទាន​ខ្លះ​អះអាង​ថា ការ​សេពមេថុនកម្ម​ក្រៅ​ពី​ស្វាមី​ភរិយា​មិន​មែន​ជា​ការ​ខុស​ទេ ឬ​ថា សូម្បី​តែ​ការ​ប្រតិព័ទ្ធ​ភេទ​ដូច​គ្នា ឬ​ពហុពន្ធភាព​ក៏​អាច​ជា​ការ​ត្រឹម​ត្រូវ​ទៀត​ផង។ តើ​លោក​អ្នក​អាច​មាន​ប្រសាសន៍​ថា ពួកគេ​កំពុង​តែ​លើកទឹកចិត្ត​មនុស្ស​ឲ្យ​ប្រើ​ព្រះ​គម្ពីរ​ជា​ដឹក​នាំ​របស់​ពួកគេ​ទេ? ពួកគេ​ពិត​ជា​មិន​កាន់​តាម​គំរូ​របស់​ព្រះ​រាជបុត្រា​នៃ​ព្រះ​និង​ពួក​សាវក​របស់​ទ្រង់​ឡើយ។—ម៉ាថាយ ១៥:១៨, ១៩; រ៉ូម ១:២៤​-​២៧

១២ (​ក​) ហេតុ​អ្វី​ក៏​ការ​ថ្វាយបង្គំ​របស់​មនុស្ស​ជា​ច្រើន ទោះបី​ពួក​នោះ​មាន​ព្រះ​គម្ពីរ​ក៏​ដោយ ក៏​មិន​ជា​ទី​ពេញ​ព្រះ​ហឫទ័យ​ដល់​ព្រះ? (​ខ​) ប្រសិន​បើ​ពួក​អ្នក​ប្រព្រឹត្ត​ខុស​ដោយ​ចេតនា បាន​ត្រូវ​អនុគ្រោះ​ឲ្យ​មាន​ឋានៈ​ដ៏​ល្អ​ក្នុង​សាសនា​នោះ តើ​យើង​ត្រូវ​សន្និដ្ឋាន​យ៉ាង​ណា?

១២ មាន​សមាជិក​នៃ​សាសនា​ពិភព​គ្រីស្ទាន​ជា​ច្រើន​ទៀត​ដែល​មាន​ព្រះ​គម្ពីរ ហើយ​រហូត​ដល់​បាន​សិក្សា​ទៀត ប៉ុន្តែ​របៀប​ដែល​ពួកគេ​ដឹក​នាំ​ជីវភាព​រស់​នៅ​របស់​គេ​បង្ហាញ​ឲ្យ​ឃើញ​ថា ពួកគេ​មិន​បាន​កាន់​តាម​ព្រះ​គម្ពីរ​ទេ។ អំពី​ពួក​មនុស្ស​ដូច​នេះ ព្រះ​គម្ពីរ​បាន​ចែង​ថា​៖ ​«​គេ​ប្រកាន់​ថា គេ​ស្គាល់​ព្រះ តែ​កិរិយា​ប្រព្រឹត្ត​របស់​គេ​មិន​ព្រម​ស្គាល់​ព្រះ​ទេ​»។ (​ទីតុស ១:១៦; ធីម៉ូថេ​ទី​២ ៣:៥​) ប្រសិន​បើ​ពួក​សមាជិក​នៃ​សាសនា​នោះ​ជា​អ្នក​លេង​ល្បែង​ស៊ី​សង ទៅ​ជា​ប្រមឹក ឬ​ក៏​ប្រព្រឹត្ត​កំហុស​ផ្សេង​ៗ​ទៀត រួច​បាន​ត្រូវ​អនុគ្រោះ​ឲ្យ​មាន​ឋានៈ​ល្អ​ក្នុង​សាសនា​របស់​គេ​នោះ តើ​នេះ​បង្ហាញ​យ៉ាង​ណា? ជា​ការ​ជាក់​ស្តែង​ណាស់ អង្គការ​សាសនា​របស់​ពួកគេ​មិន​ជា​ទី​ពេញ​ព្រះ​ហឫទ័យ​ដល់​ព្រះ​ទេ។—កូរិនថូសទី១ ៥:១១​-​១៣

១៣ តើ​ការ​សម្រេច​ចិត្ត​ដ៏​ធ្ងន់​មួយ​ណា ដែល​មនុស្ស​ម្នាក់​ត្រូវ​តែ​ធ្វើ ប្រសិន​បើ​គាត់​បាន​រកឃើញ​ថា សេចក្ដី​បង្រៀន​នៃ​សាសនា​របស់​គាត់​មិន​ស្រប​តាម​ព្រះ​គម្ពីរ​នោះ?

១៣ ប្រសិន​បើ​អ្នក​បាន​គិត​អំពី​ជំពូក​មុន​ៗ​នៃ​សៀវភៅ​នេះ ហើយ​ពិចារណា​ពី​បទ​គម្ពីរ​ដែល​ឃើញ​នៅ​ទីនោះ អ្នក​មុខ​ជា​បាន​ដឹង​នូវ​សេចក្ដី​បង្រៀន​សំខាន់​ៗ​នៃ​បន្ទូល​របស់​ព្រះ។ ប៉ុន្តែ យ៉ាង​ណា​ទៅ ប្រសិន​បើ​សេចក្ដី​បង្រៀន​របស់​អង្គការ​សាសនា​ដែល​លោក​អ្នក​កំពុង​តែ​ចូលរួម មិន​ស្រប​ជា​មួយ​នឹង​សេចក្ដី​បង្រៀន​នៃ​បន្ទូល​របស់​ព្រះ​នោះ? អញ្ចឹង អ្នក​នឹង​មាន​បញ្ហា​ដ៏​ធ្ងន់​មួយ។ នេះ​ជា​បញ្ហា​នៃ​ការ​សម្រេច​ចិត្ត ថា​តើ​ត្រូវ​ទទួល​ស្គាល់​សេចក្ដី​ពិត​នៃ​ព្រះ​គម្ពីរ ឬ​ក៏​បដិសេធ​ចោល​សេចក្ដី​នេះ ដើម្បី​ជា​ប្រយោជន៍​ដល់​សេចក្ដី​បង្រៀន​ដែល​ព្រះ​គម្ពីរ​មិន​បាន​គាំទ្រ​នោះ។ ជា​ធម្មតា​ទេ អ្វី​ៗ​ដែល​អ្នក​ធ្វើ គឺ​ស្រេច​ទៅ​លើ​ការ​សម្រេច​ចិត្ត​របស់​អ្នក​ផ្ទាល់។ ប៉ុន្តែ អ្នក​ត្រូវ​តែ​ថ្លឹង​ថ្លែង​រឿង​នេះ​ឲ្យ​បាន​ហ្មត់ចត់។ ពីព្រោះ​ការ​ដែល​អ្នក​សម្រេច​ចិត្ត​ធ្វើ​នោះ នឹង​មាន​អានុភាព​ទៅ​លើ​ឋានៈ​របស់​អ្នក​ជា​មួយ​នឹង​ព្រះ និង​សេចក្ដី​សង្ឃឹម​របស់​អ្នក​ចំពោះ​ការ​រស់​នៅ​ជា​និរន្តរ៍​ក្នុង​សួន​មនោរម្យ​នៅ​លើ​ផែនដី​នេះ។

ការ​ញែក​ចេញ​ជានិច្ច​ពី​លោកីយ៍​នេះ

១៤ (​ក​) អ្វី​ជា​សញ្ញា​សម្គាល់​មួយ​ទៀត​របស់​សាសនា​ពិត? (​ខ​) ហេតុ​អ្វី​ក៏​ជា​ការ​សំខាន់​ម្ល៉េះ ដែល​ពួក​អ្នក​ថ្វាយបង្គំ​ពិត​ត្រូវ​តែ​អនុវត្ត​តាម​សេចក្ដី​តម្រូវ​នេះ?

១៤ សញ្ញា​សម្គាល់​មួយ​ទៀត​ពី​ពួក​ដែល​កាន់​សាសនា​ពិត​នោះ គឺ​ដូច​ជា​ព្រះ​យេស៊ូវ​បាន​មាន​បន្ទូល​ថា​៖ ​«​គេ​មិន​មែន​ជា​របស់​លោកីយ​ទេ​»។ (​យ៉ូហាន ១៧:១៤​) រឿង​នេះ​មាន​ន័យ​ថា ពួក​អ្នក​ថ្វាយបង្គំ​ពិត ត្រូវ​ញែក​ចេញ​ជានិច្ច​ពី​លោកីយ៍​ដ៏​ពុករលួយ​និង​កិច្ចការ​ទាំង​ឡាយ​របស់​វា។ ព្រះ​យេស៊ូវ​គ្រីស្ទ​បាន​បដិសេធ​មិន​ព្រម​ធ្វើ​ជា​អ្នក​គ្រប់​គ្រង​ខាង​នយោបាយ​ម្នាក់។ (​យ៉ូហាន ៦:១៥​) អ្នក​អាច​យល់​នូវ​មូលហេតុ​ដែល​ការ​ញែក​ចេញ​ពី​លោកីយ៍​នេះ​ជា​ការ​សំខាន់​ណាស់ បើ​កាលណា​អ្នក​នៅ​ចាំ​ពី​បទ​គម្ពីរ​ដែល​បាន​សម្ដែង​ថា អារក្ស​សាតាំង​ជា​អ្នក​គ្រប់​គ្រង​របស់​លោកីយ៍​នេះ។ (​យ៉ូហាន ១២:៣១; កូរិនថូសទី២ ៤:៤​) ភាព​ធ្ងន់ធ្ងរ​នៃ​រឿង​នេះ ត្រូវ​បាន​ឃើញ​ទៀត​ពី​សេចក្ដី​ថ្លែង​ក្នុង​ព្រះ​គម្ពីរ​ថា​៖ ​«​ដូច្នេះ អ្នក​ណា​ដែល​ចូល​ចិត្ត​ចង់​ធ្វើ​ជា​មិត្រ​សំឡាញ់​នឹង​លោកីយ នោះ​ឈ្មោះ​ថា បាន​តាំង​ខ្លួន​ជា​ខ្មាំង​សត្រូវ​នឹង​ព្រះ​វិញ​»។—យ៉ាកុប ៤:៤

១៥ (​ក​) តើ​សាសនា​ទាំង​ឡាយ​ដែល​អ្នក​ស្គាល់ ពិត​ជា​«​មិន​មែន​ជា​របស់​លោកីយ​»​មែន​ឬ? (​ខ​) តើ​អ្នក​ស្គាល់​សាសនា​ណា​មួយ​ដែល​អនុវត្ត​តាម​នូវ​សេចក្ដី​តម្រូវ​នេះ​ទេ?

១៥ តើ​ការ​ជាក់​ស្តែង​បង្ហាញ​ឲ្យ​ឃើញ​ថា សាសនា​ដែល​នៅ​ក្នុង​សហគមន៍​របស់​លោក​អ្នក យក​ចិត្ត​ទុក​ដាក់​នឹង​រឿង​នេះ​ទេ? តើ​ពួក​បព្វជិត​និង​សមាជិក​នៃ​ក្រុម​ជំនុំ​ទាំង​ឡាយ​ទៀត ពិត​ជា​«​មិន​មែន​ជា​របស់​លោកីយ​»​មែន​ឬ? ឬ​ក៏​តើ​ពួកគេ​ជាប់​ទាក់ទង​យ៉ាង​ជ្រៅ​ក្នុង​រឿង​ជាតិនិយម នយោបាយ និង​ការ​ប្រយុទ្ធ​ដើម្បី​ឋានៈ​នៃ​លោកីយ៍​នេះ? សំនួរ​ទាំង​នេះ​មិន​ពិបាក​នឹង​ឆ្លើយ​ទេ ពីព្រោះ​សកម្មភាព​នៃ​សាសនា​នានា​បាន​ត្រូវ​គេ​ដឹង​ឮ​ជា​ទូទៅ​ហើយ។ ម្យ៉ាង​វិញ​ទៀត ក៏​ជា​ការ​ស្រួល​ដែរ​ក្នុង​ការ​ពិនិត្យ​នូវ​សកម្មភាព​របស់​ពួក​ស្មរបន្ទាល់​ព្រះ​យេហូវ៉ា។ ដោយសារ​ការ​ធ្វើ​យ៉ាង​នេះ អ្នក​អាច​រកឃើញ​ថា ពួកគេ​ពិត​ជា​កាន់​តាម​គំរូ​របស់​ព្រះ​គ្រីស្ទ​និង​គំរូ​របស់​អ្នក​កាន់​តាម​ទ្រង់​ពីដើម ដោយ​ញែក​ខ្លួន​គេ​ចេញ​ជានិច្ច​ពី​លោកីយ៍ ពី​រឿង​​នយោបាយ​និង​អញនិយម អំពើ​អសីលធម៌ និង​ពី​អំពើ​ឃោរឃៅ​ទៀត។—យ៉ូហានទី១ ២:១៥​-​១៧

សេចក្ដី​ស្រឡាញ់​ក្នុង​ចំណោម​ពួកគេ

១៦ តើ​វិធី​ដ៏​សំខាន់​មួយ​ណា ដែល​ពួក​សិស្ស​ពិត​របស់​ព្រះ​គ្រីស្ទ​អាច​សម្គាល់​បាន?

១៦ វិធី​ដ៏​សំខាន់​បំផុត​មួយ​ដែល​សិស្ស​ពិត​របស់​ព្រះ​គ្រីស្ទ​អាច​សម្គាល់​បាន​នោះ គឺ​ដោយសារ​សេចក្ដី​ស្រឡាញ់​ដែល​មាន​ក្នុង​ចំណោម​ពួកគេ។ ព្រះ​យេស៊ូវ​បាន​មាន​បន្ទូល​ថា​៖ ​«​គេ​នឹង​ដឹង​ថា អ្នក​រាល់​គ្នា​ជា​សិស្ស​របស់​ខ្ញុំ​ដោយសារ​សេចក្ដី​នេះ​ឯង គឺ​ដោយ​អ្នក​រាល់​គ្នា​មាន​សេចក្ដី​ស្រឡាញ់​ដល់​គ្នា​ទៅ​វិញ​ទៅ​មក​»។ (​យ៉ូហាន ១៣:៣៥​) តើ​អង្គការ​សាសនា​ដែល​អ្នក​ស្គាល់​មាន​សេចក្ដី​ស្រឡាញ់​នេះ​ទេ? ជា​ឧទាហរណ៍ តើ​ពួកគេ​ធ្វើ​យ៉ាង​ណា ពេល​ប្រទេស​ដែល​គេ​រស់​នៅ​កើត​សង្គ្រាម​រវាង​គ្នា​នឹង​គ្នា​នោះ?

១៧ តើ​អង្គការ​សាសនា​ទាំង​ឡាយ​និង​សមាជិក​របស់​គេ អនុវត្ត​តាម​សេចក្ដី​តម្រូវ​បាន​យ៉ាង​ណា ចំពោះ​ការ​បង្ហាញ​សេចក្ដី​ស្រឡាញ់​រវាង​គ្នា​នឹង​គ្នា​នោះ?

១៧ អ្នក​ជ្រាប​ហើយ​ពី​អ្វី​ដែល​កើត​ឡើង​ជា​ធម្មតា​នោះ។ តាម​សេចក្ដី​បញ្ជា​របស់​មេ​ដឹក​នាំ​មនុស្ស​នៃ​លោកីយ៍​នេះ សមាជិក​នៃ​អង្គការ​សាសនា​នានា បាន​ចេញ​ទៅ​សមរភូមិ ហើយ​សម្លាប់​ពួក​អ្នក​មាន​ជំនឿ​ដូច​គ្នា​នៃ​ប្រទេស​ដទៃ​ទៀត។ អញ្ចឹង​ហើយ​បាន​ជា ពួក​កាតូលិក​សម្លាប់​ពួក​កាតូលិក ពួក​ប្រូតេស្តង់​សម្លាប់​ពួក​ប្រូតេស្តង់ និង​ពួក​អ៊ីស្លាម​សម្លាប់​ពួក​អ៊ីស្លាម។ តើ​អ្នក​គិត​ថា អំពើ​បែប​នេះ​សម​ស្រប​ទៅ​តាម​បន្ទូល​របស់​ព្រះ​ទេ ហើយ​តើ​ការ​នេះ​សម្ដែង​ថា​ពួកគេ​មាន​វិញ្ញាណ​របស់​ព្រះ​ទេ?—យ៉ូហានទី១ ៣:១០​-​១២

១៨ តើ​ស្មរបន្ទាល់​ព្រះ​យេហូវ៉ា​អនុវត្ត​តាម​សេចក្ដី​តម្រូវ​ក្នុង​ការ​បង្ហាញ​សេចក្ដី​ស្រឡាញ់​ដល់​គ្នា​ទៅ​វិញ​ទៅ​មក បាន​យ៉ាង​ណា?

១៨ តើ​ស្មរបន្ទាល់​ព្រះ​យេហូវ៉ា​អនុវត្ត​តាម​សេចក្ដី​តម្រូវ​ក្នុង​ការ​បង្ហាញ​សេចក្ដី​ស្រឡាញ់​ដល់​គ្នា​ទៅ​វិញ​ទៅ​មក បាន​យ៉ាង​ណា? ពួកគេ​មិន​កាន់​តាម​ដំណើរ​នៃ​សាសនា​របស់​លោកីយ៍​នេះ​ទេ។ ពួកគេ​មិន​សម្លាប់​អ្នក​មាន​ជំនឿ​ដូច​គ្នា​ក្នុង​សមរភូមិ​ឡើយ។ ពួកគេ​មិន​បាន​មាន​កំហុស​ដោយ​រស់​នៅ​ក្នុង​ការ​ភូត​កុហក​ដែល​និយាយ​ថា​«​ខ្លួន​ស្រឡាញ់​ព្រះ​»​ ហើយ​ពេល​ជា​មួយ​គ្នា​នោះ​ស្អប់​ដល់​បងប្អូន​នៃ​សញ្ជាតិ កុលសម្ព័ន្ធ និង​សាសន៍​ផ្សេង​ទៀត​នោះ​ឡើយ។ (​យ៉ូហានទី១ ៤:២០, ២១​) ប៉ុន្តែ ពួកគេ​ក៏​បង្ហាញ​សេចក្ដី​ស្រឡាញ់​តាម​របៀប​ផ្សេង​ទៀត​ដែរ។ តើ​តាម​របៀប​ណា​ទៅ? គឺ​តាម​ការ​ទាក់ទង​ជា​មួយ​អ្នក​ជិត​ខាង និង​តាម​ការ​ខិតខំ​ដោយ​សេចក្ដី​ស្រឡាញ់​ក្នុង​ការ​ជួយ​អ្នក​ដទៃ​ឲ្យ​រៀន​អំពី​ព្រះ។—កាឡាទី ៦:១០

សាសនា​ពិត​តែមួយ

១៩ ហេតុ​អ្វី​ក៏​ជា​ការ​សម​ហេតុ​សម​ផល​ព្រម​ទាំង​ស្រប​តាម​បទ​គម្ពីរ​ដោយ​ថា មាន​សាសនា​ពិត​តែមួយ​នោះ?

១៩ ជា​ការ​សម​ហេតុ​សម​ផល​ណាស់ ដោយ​ថា​មាន​សាសនា​ពិត​តែមួយ​នោះ។ រឿង​នេះ​ស្រប​ទៅ​តាម​ការណ៍​ពិត​ដែល​ថា ព្រះ​ពិត​«​មិន​មែន​ជា​ព្រះ​នៃ​សេចក្ដី​វឹកវរ​ទេ គឺ​ទ្រង់​ជា​ព្រះ​នៃ​សេចក្ដី​សុខសាន្ត​វិញ​»។ (​កូរិនថូសទី១ ១៤:៣៣​) ព្រះ​គម្ពីរ​បាន​ចែង​ថា តាម​ពិត​ទៅ​មាន​«​ជំនឿ​តែ​១​»​ប៉ុណ្ណោះ។ (​អេភេសូរ ៤:៥​) អញ្ចឹង តើ​ពួក​ណា ជា​គណៈ​នៃ​ពួក​អ្នក​ថ្វាយបង្គំ​ពិត​ប្រាកដ​សព្វ​ថ្ងៃ​នេះ?

២០ (​ក​) យោង​ទៅ​តាម​ពន្លឺ​នៃ​សក្ខីភាព ពួក​ណា ដែល​សៀវភៅ​នេះ​បាន​ប្រាប់​ថា​ជា​អ្នក​ថ្វាយបង្គំ​ពិត​សព្វ​ថ្ងៃ​នេះ? (​ខ​) តើ​នេះ​ជា​អ្វី​ដែល​អ្នក​ជឿ​ឬ? (​គ​) អ្វី​ជា​វិធី​ដ៏​ប្រសើរ​បំផុត ដើម្បី​ឲ្យ​រៀន​ដឹង​ច្រើន​ថែម​ទៀត​អំពី​ពួក​ស្មរបន្ទាល់​ព្រះ​យេហូវ៉ា​នោះ?

២០ យើង​ខ្ញុំ​មិន​ស្ទាក់ស្ទើរ​នឹង​ជំរាប​ថា ពួកគេ​នេះ​ជា​ស្មរបន្ទាល់​ព្រះ​យេហូវ៉ា។ ដើម្បី​ឲ្យ​លោក​អ្នក​ជឿជាក់​ប្រាកដ​ក្នុង​ចិត្ត​ពី​រឿង​នេះ យើង​ខ្ញុំ​សូម​អញ្ជើញ​អ្នក​ឲ្យ​រៀន​ដឹង​ច្រើន​ថែម​ទៀត​អំពី​ពួកគេ។ វិធី​ដ៏​ប្រសើរ​បំផុត​ដើម្បី​ធ្វើ​កិច្ចការ​នេះ​បាន គឺ​ទៅ​ចូលរួម​ក្នុង​ក្រុម​ជំនុំ​របស់​ពួកគេ​នៅ​តាម​សាល​ព្រះ​​រាជាណាចក្រ​នៃ​ស្មរបន្ទាល់​ព្រះ​យេហូវ៉ា។ ដ្បិត​ព្រះ​គម្ពីរ​បាន​ចែង​ថា ការ​អនុវត្តន៍​នូវ​សាសនា​ពិត​នឹង​នាំ​មក​នូវ​សេចក្ដី​ស្កប់ស្កល់​ចិត្ត​យ៉ាង​ខ្លាំង​នៅ​ពេល​ឥឡូវ​នេះ ហើយ​បើក​ផ្លូវ​ឲ្យ​សប្បាយ​នឹង​ជីវិត​ដ៏​អស់កល្ប​ជានិច្ច​ក្នុង​សួន​មនោរម្យ​នៅ​លើ​ផែនដី ហើយ​ការ​ស៊ើប​អង្កេត​បែប​នេះ​ពិត​ជា​ការ​មាន​តម្លៃ​ណាស់។ ​(​ចោទិយកថា ៣០:១៩, ២០​) លោក​អ្នក​មាន​សេចក្ដី​អញ្ជើញ​ដ៏​កក់ក្ដៅ​របស់​យើង​ខ្ញុំ​ក្នុង​ការ​ធ្វើ​ដូច​នេះ។ សូម​ឲ្យ​លោក​អ្នក​ស៊ើប​អង្កេត​ពី​រឿង​នេះ ឥឡូវ​នេះ​ចុះ។

[​រូបភាព​នៅ​ទំព័រ​១៨៥​]

ប្រសិន​បើ​អ្នក​និយាយ​ជា​មួយ​អ្នក​ណា​ម្នាក់​អំពី​ព្រះ​យេហូវ៉ា​និង​ព្រះ​រាជាណាចក្រ​ទ្រង់ តើ​ពួកគេ​នឹង​គិត​ថា អ្នក​ចូលរួម​ជា​មួយ​នឹង​សាសនា​ណា?

[​រូបភាព​នៅ​ទំព័រ​១៨៦​]

តើ​បុគ្គល​ម្នាក់​គោរព​បន្ទូល​របស់​ព្រះ​ទេ ប្រសិន​បើ​គាត់​មិន​អនុវត្ត​តាម​សេចក្ដី​នោះ?

[​រូបភាព​នៅ​ទំព័រ​១៨៨, ១៨៩​]

ព្រះ​យេស៊ូវ​បាន​បដិសេធ​មិន​ព្រម​ធ្វើ​ជា​អ្នក​គ្រប់​គ្រង​ខាង​នយោបាយ​ម្នាក់

[​រូបភាព​នៅ​ទំព័រ​១៩០​]

អ្នក​ត្រូវ​បាន​អញ្ជើញ​យ៉ាង​កក់ក្ដៅ​ឲ្យ​ចូលរួម​ក្នុង​ក្រុម​ជំនុំ​នៃ​ស្មរបន្ទាល់​ព្រះ​យេហូវ៉ា

    សៀវភៅភាសាខ្មែរ (១៩៩១-២០២៥)
    ចេញពីគណនី
    ចូលគណនី
    • ខ្មែរ
    • ចែករំលែក
    • ជម្រើស
    • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
    • ល័ក្ខខ័ណ្ឌប្រើប្រាស់
    • គោលការណ៍ស្ដីអំពីព័ត៌មានផ្ទាល់ខ្លួនរបស់លោកអ្នក
    • កំណត់ឯកជនភាព
    • JW.ORG
    • ចូលគណនី
    ចែករំលែក