«ដូចជាអាយុនៃដើមឈើ»
ជាងបីពាន់ឆ្នាំមុន លោកម៉ូសេបានសរសេរថា៖ «កំណត់អាយុនៃយើងខ្ញុំ គឺបានត្រឹម៧០ឆ្នាំទេ ឬបើមានកំឡាំងច្រើន នោះបានដល់៨០ឆ្នាំប៉ុណ្ណោះ គង់តែអ្វីៗដែលជាទីអួតក្នុងឆ្នាំទាំងនោះ សុទ្ធតែជាការនឿយលំបាក នឹងសេចក្ដីទុក្ខព្រួយទទេ»។—ទំនុកដំកើង ៩០:១០
ទោះជាមានវិជ្ជាពេទ្យជឿនលឿនយ៉ាងណាក្ដី កំឡុងអាយុរបស់មនុស្សក៏នៅតែដូចគ្នាក្នុងសម័យលោកម៉ូសេដែរ។ យ៉ាងណាក៏ដោយ ព្រះនឹងមិនផ្ដន្ទាទោសមនុស្សលោកយើងជាដរាប ចំពោះការមានជីវិតដ៏ខ្លីបែបនេះឡើយ។ ក្នុងសៀវភៅព្រះគម្ពីរអេសាយ ព្រះបានមានបន្ទូលថា៖ «ដ្បិតអាយុរបស់រាស្ត្រអញនឹងបានវែងដូចជាអាយុនៃដើមឈើ ហើយពួករើសតាំងរបស់អញនឹងប្រើប្រាស់ការដែលដៃគេធ្វើជាយឺនយូរទៅ»។—អេសាយ ៦៥:២២
ដើមឈើមួយដែលមានអាយុវែងជាងគេទាំងអស់នៅជំនាន់ព្រះគម្ពីរ គឺជាដើមអូលីវ។ ដើមឈើមួយដែលបានថតនៅខាងលើនេះ គឺជាដើមអូលីវមួយក្នុងចំណោមជាច្រើន ដែលមានអាយុរាប់ពាន់ឆ្នាំ ហើយនៅលូតលាស់យ៉ាងល្អក្នុងស្រុកកាលីឡេ។ តើពេលណាទៅទើបមនុស្សយើងអាចរស់បានអាយុវែងដូច្នេះ? ទំនាយដដែលនេះបានពន្យល់ថានឹងកើតឡើងនៅពេលព្រះបង្កើត«ផ្ទៃមេឃថ្មី ហើយនឹងផែនដីថ្មី»។—អេសាយ ៦៥:១៧
សៀវភៅវិវរណៈក៏បានទាយពីការស្ថាបនានៃ«ផ្ទៃមេឃថ្មី នឹងផែនដីថ្មី»ដែរ—ដែលជារាជរដ្ឋាភិបាលសួគ៌ាថ្មី និងសង្គមមនុស្សថ្មីនឹងបានស្ថាបនាឡើង នៅពេលដែលព្រះ«នឹងជូតអស់ទាំងទឹកភ្នែក ពីភ្នែកគេចេញ នឹងគ្មានសេចក្ដីស្លាប់ ឬសេចក្ដីសោកសង្រេង ឬសេចក្ដីយំទួញ ឬទុក្ខលំបាកណាទៀតឡើយ»។—វិវរណៈ ២១:១, ៤
កិច្ចសន្យារបស់ព្រះនេះនឹងត្រូវបានបំពេញនៅពេលខ្លីខាងមុខនេះជាមិនខាន។ នៅពេលនោះ សូម្បីតែអាយុនៃដើមអូលីវក៏នឹងដូចជាមួយថ្ងៃដែលមាន២៤ម៉ោងដែរ។ ហើយយើងនឹងមានពេលវេលាដ៏បរិបូរ ដើម្បីអរសប្បាយរីករាយដ៏ពេញលេញពីកិច្ចការនៃដៃរបស់យើង។