ការឡើងទៅលើភ្នំមួយដែលខ្ពស់ជាងជួរភ្នំហេមពាន្ត
ជួរភ្នំហេមពាន្ត! តើពាក្យទាំងនេះធ្វើឲ្យអ្នកគិតអំពីអ្វីដែរ? តើនេះធ្វើឲ្យអ្នកគួរឲ្យស្ងើច ឬគិតអំពីកំពូលភ្នំខ្ពស់យ៉ាងត្រជាក់ដែលមានខ្យល់ដ៏ខ្លាំងឬ? តើអ្នកគិតអំពីចិត្តដ៏រំភើបនៃការបានឈរនៅលើភ្នំដ៏ខ្ពស់បំផុតនៅលើផែនដីឬ? ចំពោះយើងជាច្រើននាក់ ការឡើងភ្នំអេវើរិះនៅជួរភ្នំហេមពាន្តក្នុងប្រទេសនេប៉ាល គឺមិនអាចធ្វើទៅបានឡើយ។ ប៉ុន្តែ នៅសព្វថ្ងៃនេះ មនុស្សជាច្រើននាក់នៅប្រទេសនេប៉ាល កំពុងតែនាំគ្នាឡើងភ្នំមួយដែលខ្ពស់ជាងជួរភ្នំហេមពាន្តទៅទៀត! តែមុននឹងយើងរកផ្លូវធ្វើដំណើរទៅភ្នំដ៏ខ្ពស់មួយនេះ សូមឲ្យយើងពិនិត្យមើលរាជាណាចក្រដ៏តូចមួយនៃប្រទេសនេប៉ាលដ៏សោភ័ណនេះសិន។
នេប៉ាល—រាជាណាចក្រនៃភ្នំ
រាជាណាចក្រនៃប្រទេសនេប៉ាលគឺចំឡែកណាស់ ពីព្រោះនេះជាប្រទេសមួយក្នុងប្រទេសបីបួន ដែលនៅមានរាជាធិបតេយ្យក្នុងពិភពលោក។ ហើយពីព្រោះនេះជារាជាណាចក្រមួយដែលកាន់សាសនាទាំងស្រុង។ ប្រទេសនេប៉ាលជារាជាណាចក្រតែមួយគត់ក្នុងពិភពលោកដែលគ្រប់គ្រងដោយសាសនាហិណ្ឌូ។ ក្នុងចំណោមប្រជាជនចំនួន២០លាននាក់ មនុស្សភាគច្រើនជាអ្នកកាន់សាសនាហិណ្ឌូ។ យ៉ាងណាក៏ដោយ នៅក្នុងប្រទេសនេះមានជាតិពន្ធផ្សេងៗគ្នាជាច្រើនណាស់។ ចំពោះពួកអ្នកដែលរស់នៅខាងជើង ដែលជាតំបន់ភ្នំនោះ ភាគច្រើនជាពួកអ្នកដែលមានកំណើតពីសញ្ជាតិទីបេ-ភូមា។ ប៉ុន្តែ ពួកអ្នកដែលរស់នៅខាងត្បូងវិញ ភាគច្រើនជាសញ្ជាតិឥណ្ឌូ-អារែន។ នេប៉ាលលីជាភាសាខាងផ្លូវការនៃប្រទេសនោះ ដែលជាភាសាកំណើតចំពោះមនុស្សប្រមាណ៦០ភាគរយ។ ប្រជាជនដែលនៅសល់ទាំងប៉ុន្មានទៀត គឺនិយាយភាសាជាតិពន្ធ ដែលមានជាង១៨ភាសា។
ប្រទេសនេប៉ាលមានទ្រង់ទ្រាយបួនជ្រុងទ្រវែង ដែលមាន៨៨០គ.មពីខាងកើតទៅខាងលិច ហើយ២០០គ.មពីខាងជើងទៅខាងត្បូង។ ជួរភ្នំហេមពាន្តដ៏ស្ញប់ស្ញែងនេះ ដែលបង្កើតព្រំដែនពីទិសខាងជើង រួមបញ្ចូលនឹងភ្នំអេវើរិះដែលខ្ពស់ជាងគេបំផុតក្នុងពិភពលោក ដោយមានកំពស់៨.៨៤៨ម៉ែត្រ និងមានកំពូលភ្នំប្រាំបីទៀតដែលមានកំពស់ជាង៨.០០០ម៉ែត្រ។ នៅកណ្ដាលប្រទេសនេប៉ាលមានភ្នំ មានបឹង និងជ្រលងភ្នំជាច្រើន។ នៅប៉ែកឆ្ងាយខាងត្បូងដែលមានព្រំប្រទល់ជាប់នឹងប្រទេសឥណ្ឌា ទីនោះជាដីទំនាបឋារីដែលមានជីជាតិហើយជាតំបន់សំរាប់ធ្វើកសិកម្ម។
ខេតម៉ែនឌូ ជារាជធានីនៅក្នុងកណ្ដាលភូមិភាគ ដែលជាកន្លែងដ៏ល្អមួយសំរាប់ពួកទេសចរ។ នៅទីនេះមានអាកាសយានហោះកាត់ភ្នំជាច្រើន ព្រមទាំងមានការធ្វើដំណើរទៅមើលសួនសត្វព្រៃ និងមានការដើរទស្សនាកំសាន្តជាច្រើនទៀតនៅក្នុងតំបន់ជិតៗនោះ។ ជួនកាលគេហៅប្រទេសនេប៉ាលជាជ្រលងភ្នំនៃព្រះ ពីព្រោះសាសនាមានឥទ្ធិពលយ៉ាងខ្លាំងទៅលើជីវិតរបស់មនុស្ស។ សាសនាគឺជាមូលហេតុមួយទៀត ដែលមនុស្សរាប់លាននាក់នៅជុំវិញពិភពលោកកំពុងតែធ្វើដំណើរទៅ«ភ្នំ»មួយដែលមានកំពស់ខ្ពស់ជាងជួរភ្នំហេមពាន្តទៅទៀត។
ប្រមាណ២.៧០០ឆ្នាំមុនកន្លងទៅនោះ ព្យាការីអេសាយ ជាជនជាតិហេព្រើរត្រូវបានបណ្ដាលឲ្យទាយថា«នៅជាន់ក្រោយបង្អស់ នោះភ្នំ ជាទីស្អាងព្រះវិហារនៃព្រះយេហូវ៉ា នឹងបានតាំងឡើងខ្ពស់លើសអស់ទាំងភ្នំធំៗ . . . ឯប្រជាជាតិជាច្រើន គេនឹងទៅដោយពោលថា៖ ‹ចូរយើងឡើងទៅឯភ្នំនៃព្រះយេហូវ៉ា . . . ទ្រង់នឹងបង្រៀនយើងពីផ្លូវរបស់ទ្រង់ នោះយើងនឹងដើរតាមផ្លូវទាំងនោះ›»។ (អេសាយ ២:២, ៣) នេះជាការលើកដំកើងដ៏ខ្ពស់នៃការថ្វាយបង្គំបរិសុទ្ធរបស់ព្រះយេហូវ៉ា ព្រះជាអ្នកបង្កើត និងជាព្រះមហាក្សត្រគ្រប់គ្រងនៃសកលលោក ដែលត្រូវបានប្រៀបប្រដូចជាភ្នំមួយ ដែលបានដំកើងឲ្យខ្ពស់ឡើងជាងភ្នំផ្សេងៗនៃការថ្វាយបង្គំ។ នេះជាប្រធានកិច្ចការអប់រំក្នុងពិភពលោក ដែលជួយមនុស្សដែលមានការស្រេកឃ្លានខាងសេចក្ដីពិតជាច្រើនឲ្យមករៀនអំពីផ្លូវរបស់ព្រះយេហូវ៉ា។ តើកិច្ចការនេះបានចាប់ផ្ដើមឡើងយ៉ាងណានៅក្នុងប្រទេសនេប៉ាល?
ការចាប់ផ្ដើមដ៏តូចមួយ
ក្នុងសង្គ្រាមលោកលើកទី២ មានទាហានក្នុងកងទ័ពប្រទេសអង់គ្លេសម្នាក់បានខំស្វែងរកសាសនាពិត។ ឪពុកម្ដាយរបស់គាត់ដែលជាសញ្ជាតិនេប៉ាល ហើយជាអ្នកកាន់សាសនាហិណ្ឌូនោះ បានផ្លាស់ប្ដូរសាសនាទៅជាអ្នកកាន់សាសនាកាតូលិកវិញ។ កាលដែលគាត់មានវ័យធំឡើង គាត់បានឃើញកំហុសពីការប្រើសរណវត្ថុបូជា។ ដូច្នេះគាត់បានបដិសេធចោលលទ្ធិដូចជាភ្លើងនរក ហើយក៏ចាប់ផ្ដើមពិនិត្យមើលជំនឿរបស់សាសនាប្រូតេស្តង់ ប៉ុន្តែគាត់ក៏មិនបានទទួលការស្កប់ចិត្តឡើយ។
ពួកទាហានជប៉ុនបានចាប់យកគាត់ទៅដាក់គុកនៅឯរេងហ្គូនដែលជារាជធានីនៃប្រទេសភូមានៅពេលនោះ។ ទាហានម្នាក់នេះបានអធិស្ឋានសុំឲ្យគាត់មានជីវិតឲ្យរស់ផុតពីជំរំកម្មករអ្នកទោស ដើម្បីឲ្យគាត់អាចបន្តក្នុងការស្វែងរកការថ្វាយបង្គំពិត។ បន្ទាប់មក គាត់បានលួចរត់ផុតពីទីឃុំឃាំងនោះ ហើយមានគ្រូបង្រៀនម្នាក់បានជួយគាត់។ កាលដែលគាត់នៅក្នុងផ្ទះគ្រូបង្រៀនម្នាក់នេះ គាត់បានឃើញកូនសៀវភៅមួយដែលមានចំណងជើងថាតើពួកមនុស្សស្លាប់នៅឯណា? ដែលបានសរសេរដោយលោកចូសេព-រ៉ូធើហ្វឹត។ ដោយដឹងថានេះជាសេចក្ដីពិតនោះ គាត់ក៏បានព្រមទទួលការសិក្សាព្រះគម្ពីរ នៅពេលដែលស្មរបន្ទាល់ព្រះយេហូវ៉ាបានមកជួបគាត់នៅរាជធានីរេងហ្គូនក្នុងឆ្នាំ១៩៤៧។ ពីរបីខែក្រោយមក គាត់បានថ្វាយខ្លួនជ្រមុជទឹក ហើយមិនយូរប៉ុន្មានប្រពន្ធរបស់គាត់ដែលមានវ័យក្មេងក៏បានជ្រមុជទឹកដែរ។ ពួកគេបានសម្រេចចិត្តត្រឡប់ទៅប្រទេសឥណ្ឌាវិញ ដើម្បីនឹងតាំងលំនៅក្នុងក្រុងកាលីមពង់ ខាងជើងឆៀងខាងកើតភ្នំ ក្នុងប្រទេសកំណើតរបស់ពួកគេ។ នៅទីនេះហើយដែលកូនទាំងពីររបស់គេបានចាប់កំណើត និងបានទទួលការអប់រំខាងវិជ្ជាផងដែរ។ ក្នុងខែមីនាឆ្នាំ១៩៧០ ពួកគេបានរើទីលំនៅទៅរស់នៅក្នុងរាជធានីខេតម៉ែនឌូ។
រដ្ឋធម្មនុញ្ញនៅប្រទេសនេប៉ាល បានហាមឃាត់មិនឲ្យប្រជាជនផ្លាស់សាសនាឡើយ។ បើគេចាប់បានអ្នកណាម្នាក់ដែលផ្សាយសាសនាជនបរទេស នោះគេនឹងចាប់ដាក់គុកប្រាំពីរឆ្នាំ ហើយអ្នកណាដែលចូលកាន់សាសនាបែបនេះ នោះគេនឹងចាប់ដាក់គុកបីឆ្នាំ ព្រមទាំងដាក់ពិន័យដ៏ធ្ងន់ផង។ ដូច្នេះ ការផ្សាយដំណឹងល្អត្រូវប្រព្រឹត្តដោយប្រយ័ត្នណាស់។ ការផ្សាយដំណឹងល្អពីផ្ទះមួយទៅផ្ទះមួយមានន័យថា ទៅជួបគេនៅផ្ទះមួយ រួចហើយក៏ទៅតំបន់មួយទៀត ហើយទៅជួបគេនៅផ្ទះមួយទៀតនៅទីនោះ។ ដូច្នេះ ការធ្វើបន្ទាល់ក្រៅផ្លូវការជាវិធីដ៏សំខាន់មួយក្នុងការផ្សព្វផ្សាយដំណឹងល្អ។
ការរីកចំរើនគឺមានលទ្ធផលដ៏យឺតណាស់។ ប្រជាជនមានចំនួនប្រមាណដប់លាននាក់ ប៉ុន្តែ ការផ្សាយដំណឹងល្អដូចជាគួរឲ្យបាក់ទឹកចិត្ត។ ពូជនៃសេចក្ដីពិតបានបណ្ដុះ កាលដែលក្រុមគ្រួសារតែមួយនេះ បានផ្សាយទៅដល់មិត្ត អ្នកស្គាល់គ្នា អ្នកធ្វើការជាមួយគ្នា និងនិយោជកនៅកន្លែងធ្វើការរបស់គេ។ ពួកគេមានកិច្ចប្រជុំជាទៀងទាត់នៅក្នុងផ្ទះរបស់គេ ហើយបានអញ្ជើញពួកអ្នកដែលចំណូលចិត្តមកចូលរួមនឹងគេដែរ។ នៅទីបំផុត នៅក្នុងខែមីនា ឆ្នាំ១៩៧៤ អស់រយៈពេលបួនឆ្នាំក្នុងការតស៊ូដាំហើយនិងស្រោចទឹកនោះ ប្រទេសនេប៉ាលបានបង្កើតផលផ្លែជាលើកដំបូង—ហើយផលផ្លែនេះបានមកពីប្រភពដែលមិនគួរឲ្យជឿសោះឡើយ!
នៅពេលដែលទៅផ្ទះមួយ អ្នកផ្សាយដំណឹងល្អម្នាក់បាននិយាយជាមួយនឹងបុរសដ៏ស្តុកស្តម្ភម្នាក់ ដែលត្រូវជាស្មៀនរបស់សមាជិកនៃព្រះរាជវង្សានុវង្ស។ បុរសនេះមានប្រសាសន៍ថា៖ «ចូរអ្នកនិយាយជាមួយកូនខ្ញុំចុះ»។ កូនប្រុសនោះបានយល់ព្រមសិក្សាព្រះគម្ពីរ។ នៅពេលក្រោយមក ដោយព្រោះតែគាត់ធ្វើការនៅក្នុងកាស៊ីណូដែលជាកន្លែងលេងល្បែង ដូច្នេះគាត់ក៏បានផ្លាស់ការងារនេះទៅ។ ឪពុករបស់គាត់ជាអ្នកកាន់សាសនាហិណ្ឌូម្នាក់បានប្រឆាំងនឹងគាត់។ យ៉ាងណាក៏ដោយ ក្មេងប្រុសម្នាក់នេះបានសម្រេចទ្រទ្រង់ព្រះយេហូវ៉ា។ តើមានលទ្ធផលយ៉ាងណា? ឪពុករបស់គាត់ក្រោយមកក៏ឈប់ប្រឆាំងនឹងគាត់ ហើយញាតិសន្ដានមួយក្រុមបានទទួលសេចក្ដីពិតនៃព្រះគម្ពីរ។ ឥឡូវនេះគាត់កំពុងតែបំរើព្រះ ជាអ្នកចាស់ទុំម្នាក់ក្នុងក្រុមជំនុំគ្រីស្ទាន។
ដើម្បីឲ្យមានកម្លាំងមាំមួនខាងវិញ្ញាណ និងអនុវត្តតាមបទបញ្ជាព្រះគម្ពីរ ដែលថាមិនត្រូវលះបង់ការប្រជុំគ្នានោះ ក្រុមដ៏តូចមួយនៅរាជធានីខេតម៉ែនឌូ បានមកប្រជុំជាទៀងទាត់នៅក្នុងផ្ទះឯកជន។ ប៉ុន្តែ ដោយមានការពិបាកជាខ្លាំង បងប្អូនរបស់យើងជាច្រើនមិនអាចទៅជួបជុំគ្នានៅប្រជុំធំៗបានទេ។ ចំពោះអស់អ្នកដែលមានប្រាក់ធ្វើទៅបាន គេអាចធ្វើដំណើរទៅសន្និបាតនៅប្រទេសឥណ្ឌា—ជាការធ្វើដំណើរយ៉ាងឆ្ងាយឆ្លងកាត់ភ្នំ ហើយថ្លៃផង។
ជាគ្រាដ៏សប្បាយរីករាយណាស់ នៅពេលដែលកម្មវិធីមហាសន្និបាតតាមតំបន់ទាំងមូលបានសម្ដែងនៅក្នុងផ្ទះ ដែលពួកគេមកប្រជុំនោះ! សូមគិតទៅមើល បងប្រុសបួននាក់ រួមនឹងសមាជិកសាខាម្នាក់ពីប្រទេសឥណ្ឌាបានឡើងថ្លែងកម្មវិធីទាំងនោះ! សូម្បីតែវិនាដកម្មពីព្រះគម្ពីរក៏មាននៅក្នុងកម្មវិធីនោះដែរ។ តើតាមរបៀបណាទៅ? នៅក្នុងប្រទេសឥណ្ឌា រូបថតបញ្ចាំងត្រូវបានថតទុកពីកន្លែងដែលគេបានលសំលៀកបំពាក់។ ហើយនៅក្នុងប្រទេសនេប៉ាល រូបថតបញ្ចាំងទាំងនេះត្រូវបានបញ្ចាំងទៅលើក្រណាត់ស ដោយមានការសន្ទនាតាមខ្សែអាត់។ ពួកអ្នកស្ដាប់ចូលចិត្តណាស់។ តើមានអ្នកស្ដាប់ប៉ុន្មាននាក់? គឺមានដប់ប្រាំបីនាក់!
ជំនួយក្នុងការផ្សាយដំណឹងល្អមកពីប្រទេសក្រៅមានស្តួចស្តើងណាស់។ កិច្ចការសាសនទូតមិនអាចចូលបានទេ ហើយជនបរទេសពិបាករកការងាធ្វើបានណាស់។ ប៉ុន្តែ មានស្មរបន្ទាល់ជនជាតិឥណ្ឌាពីរនាក់រកការងារបានធ្វើនៅក្នុងប្រទេសនេប៉ាលនៅពេលផ្សេងៗ។ ដោយសារពួកគេបានរស់នៅក្នុងរាជធានីខេតម៉ែនឌូបីបួនឆ្នាំ ពួកគេបានជួយពង្រឹងក្រុមជំនុំថ្មីដែលទើបតែមាននោះ។ នៅឆ្នាំ១៩៧៦ មានអ្នកផ្សាយចំនួន១៧នាក់នៅរាជធានីខេតម៉ែនឌូ។ ក្នុងឆ្នាំ១៩៨៥ បងប្អូនរបស់យើងបានសង់សាលរាជាចក្ររបស់គេ។ នៅពេលសង់រួចហើយ ជារៀងរាល់ឆ្នាំមានមហាសន្និបាតតាមតំបន់ ព្រមទាំងមានសន្និបាតជាច្រើនថែមទៀតបានប្រព្រឹត្តឡើងជាទៀងទាត់នៅទីនោះ។ ពិតហើយ សាលប្រជុំនេះជាកន្លែងនៃការថ្វាយបង្គំបរិសុទ្ធនៅទីឆ្ងាយដាច់ស្រយាលក្នុងតំបន់ភ្នំនោះ។
ការរីកចំរើនទោះជាមានការលំបាកច្រើនយ៉ាងណាក្ដី
នៅដើមនៃកិច្ចការរបស់ស្មរបន្ទាល់ក្នុងប្រទេសនេប៉ាល ការផ្សាយបានប្រព្រឹត្តឡើងដោយប្រយ័ត្នប្រយែងណាស់ ដូច្នេះហើយពួករាជការមិនបានកត់សម្គាល់ដឹងប៉ុន្មានទេ។ ប៉ុន្តែនៅចុងឆ្នាំ១៩៨៤ រាជការបានត្រូវដាក់កំរិតមកលើកិច្ចផ្សាយនេះ។ បងប្រុសយើងម្នាក់ និងបងប្អូនស្រីបីនាក់ត្រូវបានគេចាប់ទៅដាក់នៅទីឃុំឃាំងអស់រយៈបួនថ្ងៃ មុននឹងគេបានដោះឲ្យចេញមកវិញដោយហាមមិនឲ្យបន្តការផ្សាយនេះទៀតឡើយ។ នៅក្នុងភូមិមួយ មានបុគ្គលប្រាំបួននាក់ដែលគេបានចាប់ នៅពេលដែលកំពុងតែសិក្សាព្រះគម្ពីរនៅក្នុងផ្ទះរបស់គេ។ ប្រាំមួយនាក់បានជាប់គុកអស់៤៣ថ្ងៃ។ ការចាប់នេះមានច្រើនកន្លែងទៀត ប៉ុន្តែគ្មានការប្ដឹងតុលាការណាឡើយ។
នៅក្នុងឆ្នាំ១៩៨៩ថ្មីៗនេះ បងប្អូនប្រុសស្រីយើងនៅក្រុមសិក្សាព្រះគម្ពីរមួយត្រូវបានគេចាប់ទាំងអស់ យកទៅដាក់គុកបីថ្ងៃ ហើយក៏លែងឲ្យចេញមកវិញ។ នៅពេលខ្លះពួករាជការបានបង្ខំឲ្យគេស៊ីញ៉េក្នុងសេចក្ដីថ្លែងថា គេនឹងឈប់ដើរផ្សាយទៀត។ ប៉ុន្តែ ពួកគេមិនព្រមស៊ីញ៉េទេ។ ខ្លះទៀតត្រូវពួករាជការដោះលែងឲ្យរួចក្រោយពីពួកគេបានស៊ីញ៉េក្នុងសេចក្ដីថ្លែងថា គេនឹងព្រមរងទទួលផលពិបាក បើសិនជាចាប់បានពួកគេផ្សាយម្ដងទៀត។
ទោះបីជាមានការពិបាកច្រើនយ៉ាងណាក្ដី បងប្អូនរបស់យើងក៏នៅតែបន្តក្នុងការផ្សាយដំណឹងល្អនៃរាជាណាចក្រយ៉ាងខ្នះខ្នែងដែរ។ ឧទាហរណ៍ ក្នុងឆ្នាំ១៩៨៥ ជាឆ្នាំក្រោយពីរដ្ឋាភិបាលបានធ្វើអន្តរាគមន៍ ពេលនោះមានការរីកចំរើន២១ភាគរយក្នុងចំនួនអ្នកដើរផ្សាយ។ អ្នកដើរផ្សាយ៣៥នាក់បានចំណាយ២០ម៉ោងជាមធ្យមក្នុងមួយខែ និយាយប្រាប់អ្នកដទៃអំពីការថ្វាយបង្គំបរិសុទ្ធ។
អស់រយៈពេលជាច្រើនមក ក៏មានការប្រែប្រួលខាងរឿងនយោបាយនៅក្នុងប្រទេសនេប៉ាល។ មន្ត្រីផ្លូវការបានចាប់ផ្ដើមឃើញថា ស្មរបន្ទាល់ព្រះយេហូវ៉ាគ្មានការគំរាមកំហែងអ្វីដល់រដ្ឋាភិបាលសោះឡើយ។ តាមការពិត កិច្ចបំរើអប់រំនៃព្រះគម្ពីររបស់គេនោះ គឺមានផលល្អចំពោះប្រជាជន ដែលធ្វើឲ្យស្មរបន្ទាល់ព្រះយេហូវ៉ាទៅជាពលរដ្ឋយ៉ាងល្អត្រឹមត្រូវ។ មន្ត្រីផ្លូវការបានឃើញនូវភាពទៀងត្រង់ ការខំប្រឹងធ្វើការ និងចរិយាយ៉ាងថ្លៃថ្នូរ ដែលជាតម្រូវយ៉ាងសំខាន់ចំពោះអស់អ្នកដែលថ្វាយបង្គំព្រះយេហូវ៉ា។
មានការផ្សាយជាសាធារណៈដ៏ល្អមួយអំពីពួកស្មរបន្ទាល់ នៅពេលដែលមានស្ត្រីម្នាក់ដែលធ្លាប់កាន់សាសនាហិណ្ឌូ បានក្លាយទៅជាស្មរបន្ទាល់ ហើយមិនបានព្រមទទួលការចាក់បញ្ចូលឈាម។ គ្រូពេទ្យមានការភ្ញាក់ផ្អើលយ៉ាងខ្លាំង ដោយការតាំងចិត្តយ៉ាងមុតមាំក្នុងគោលជំហរពីការចេះដឹងរបស់គាត់។ ស្ត្រីម្នាក់នេះត្រូវបានគេជួយឲ្យរៀនអំពីសេចក្ដីពិត ពីសៀវភៅស្តើងមួយឈ្មោះសូមសប្បាយនឹងជីវិតនៅលើផែនដីជានិរន្តរ៍! ទោះបីជាមានការប្រឆាំង និងការចំអកពីគ្រួសាររបស់គាត់ក្ដី គាត់បានជ្រមុជទឹកនៅឆ្នាំ១៩៩០នៅពេលដែលគាត់មានអាយុជិត៧០ឆ្នាំ។ ក្រោយមក គាត់បានបាក់ជើង ហើយមានរោគជម្ងឺដ៏ស្មុគស្មាញផ្សេងទៀត ដែលគាត់ត្រូវបានទទួលការវះកាត់ដ៏ធ្ងន់ធំមួយ។ រវាងពីរសប្ដាហ៍ គាត់ត្រូវបានតស៊ូនឹងការបង្ខិតបង្ខំរបស់គ្រូពេទ្យ និងញាតិរបស់គាត់ពីការទទួលការចាក់បញ្ចូលឈាម។ នៅទីបំផុត ក្រុមគ្រូពេទ្យក៏បានធ្វើការវះកាត់ឲ្យគាត់យ៉ាងជោគជ័យដោយមិនចាំបាច់ប្រើឈាម។ ឥឡូវនេះ ថ្វីបើគាត់មិនអាចកំរើកបានច្រើនដូចពីមុនក្ដី បងស្រីដែលមានចិត្តស្មោះត្រង់ម្នាក់នេះអង្គុយនៅមាត់ទ្វាររបងរបស់គាត់ជារៀងរាល់ព្រឹក ហើយអញ្ជើញអស់អ្នកដើរកាត់ទីនោះមកអង្គុយជាមួយគាត់ ដើម្បីនឹងស្ដាប់អំពីដំណឹងល្អខ្លះៗ។
ប្រទេសនេប៉ាលនៅសព្វថ្ងៃនេះ
តើប្រទេសនេប៉ាលមានសភាពយ៉ាងដូចម្ដេចដែរនៅសព្វថ្ងៃនេះ? ស្មរបន្ទាល់ព្រះយេហូវ៉ាមានសេរីភាពជាច្រើនក្នុងការថ្វាយបង្គំព្រះ ដូចជាបងប្អូនប្រុសស្រីរបស់គេនៅពេញពាសពិភពលោកដែរ។ តាំងពីពេលដែលមានតែមនុស្សមួយឬពីរនាក់ធ្វើដំណើរឡើងភ្នំនៃការថ្វាយបង្គំពិត ឥឡូវនេះមានមនុស្សជាច្រើនបាននិយាយថា៖ ‹ចូរយើងឡើងទៅឯភ្នំនៃព្រះយេហូវ៉ា›។ នៅឆ្នាំ១៩៨៩ ជាមធ្យមមាន៤៣នាក់ដែលមានចំណែកក្នុងកិច្ចបំរើផ្សាយដំណឹងល្អជារៀងរាល់ខែ ហើយមាន២០៤នាក់បានមកពិធីបុណ្យរំឭកមរណភាពរបស់ព្រះគ្រីស្ទនៅឆ្នាំនោះ។
ដូចជាព្រះយេហូវ៉ាបានសន្យាមក ទ្រង់នឹងបង្កើនល្បឿននៃការប្រមូលផ្ដុំនៃពួកអ្នកដែលស្វែងរកសេចក្ដីពិតមកក្នុងដំណាក់របស់ទ្រង់។ (អេសាយ ៦០:២២) មិនយូរប៉ុន្មានមកនេះ ក្រុមជំនុំទីពីរក៏បានបង្កើតឡើងនៅក្នុងរាជធានីខេតម៉ែនឌូ និងមានក្រុមនៅដាច់ស្រយាលពីរទៀតដែលនៅខាងក្រៅរាជធានី។ ក្នុងឆ្នាំ១៩៩៤ ខែមេសា សេចក្ដីរាយការរបស់ជនគ្រីស្ទានអំពីកិច្ចដើរផ្សាយមាន១៥៣នាក់—ដែលមានការរីកចំរើន៣៥០ភាគរយក្នុងរយៈក្រោមប្រាំឆ្នាំប៉ុណ្ណោះ! ពួកគេបានសិក្សាព្រះគម្ពីរជាមួយអ្នកចំណូលចិត្ត៣៨៦នាក់។ នៅពេលពិធីបុណ្យរំឭកក្នុងឆ្នាំ១៩៩៤ អ្នកមកចូលរួមក្នុងពិធីបុណ្យនេះមាន៥៨០នាក់។ នៅថ្ងៃសន្និបាតពិសេសមួយ មាន៦៣៥នាក់បានមកប្រជុំក្នុងសាលមួយ ហើយមាន២០នាក់ដែលបានជ្រមុជទឹកនៅពេលនោះ។ ដូច្នេះ ការរីកចំរើននៃស្មរបន្ទាល់ព្រះយេហូវ៉ា ដែលមាននៅពេញពិភពលោក ក៏មាននៅក្នុងប្រទេសនេប៉ាលដ៏តូចមួយនេះដែរ។
ក្នុងឆ្នាំថ្មីៗនេះ ការផលិតប្រកាសនវត្ថុជាភាសានេប៉ាលមានចំនួនជាច្រើន ដើម្បីនឹងជួយដល់ពួកអ្នកដែលមានចិត្តរាបទាបឲ្យអាចទទួលបានសេចក្ដីពិត។ ពួកអ្នកបកប្រែដែលបានទទួលការបង្ហាត់នៅការិយាល័យសាខាក្នុងប្រទេសឥណ្ឌា អំពីរបៀបបកប្រែ និងការប្រើកុំព្យូទ័រ ឥឡូវនេះជាអ្នកបំរើពេញពេលនៅក្នុងរាជធានីខេតម៉ែនឌូ។ ដោយបានប្រដាប់សំរាប់ការរីកចំរើន ពួកអ្នកឡើងភ្នំខាងកិច្ចបំរើព្រះធិបតេយ្យនៃប្រទេសនេប៉ាលនេះ គឺកំពុងតែជឿនទៅមុខជានិច្ច!
ការឡើងទៅខ្ពស់ជាងជួរភ្នំហេមពាន្ត
អ្នកក៏អាចធ្វើដំណើរដ៏រីករាយឡើងទៅភ្នំដែលខ្ពស់ជាងជួរភ្នំហេមពាន្តដែរ។ ការធ្វើដូច្នេះ អ្នកនឹងមិនមែនគ្រាន់តែរួមជាមួយនឹងពួកអ្នកមកពីប្រទេសនេប៉ាលប៉ុណ្ណោះទេ ប៉ុន្តែអ្នកនឹងរួមជាមួយមនុស្សរាប់លាននាក់ដែល«មកពីគ្រប់ទាំងសាសន៍ គ្រប់ទាំងពូជមនុស្ស គ្រប់ទាំងគ្រួសារ ហើយគ្រប់ទាំងភាសា»។ (វិវរណៈ ៧:៩) ជាមួយពួកគេ អ្នកនឹងបានទទួលការបង្រៀនដោយរីករាយពីព្រះដែលបង្កើតភ្នំទាំងនោះ ដូចជានៅក្នុងប្រទេសនេប៉ាល។ អ្នកនឹងបានឃើញថា ព្រះជាអ្នកបង្កើត«នឹងសំរេចរឿងដល់សាសន៍ជាច្រើន» ហើយអ្នកនឹងអាចទទួលនូវសេចក្ដីសង្ឃឹមនៅខាងមុខ ដើម្បីនឹងរស់នៅជានិរន្តរ៍លើផែនដីដ៏ស្អាតយើងនេះជាមិនខាន។—អេសាយ ២:៤
[ផែនទីនៅទំព័រ២៨]
(ដើម្បីមើលឃើញទាំងអស់ សូមមើលទស្សនាវដ្ដី)
រាជធានីខេតម៉ែនឌូ
ភ្នំអេវើរិះ
[រូបភាពនៅទំព័រ២៩]
នៅខាងក្រៅសាលរាជាណាចក្រក្នុងរាជធានីខេតម៉ែនឌូ
[រូបភាពនៅទំព័រ៣០]
ជនជាតិនេប៉ាលជាច្រើននាក់កំពុងតែទទួលប្រយោជន៍ពីការសិក្សាព្រះគម្ពីរ