ប្រទេសសឹង្ហបូរីជាន់ឈ្លីលើសេរីភាពនៃការថ្វាយបង្គំ
នៅវេលាល្ងាចថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ១៩៩៥ ផ្ទះបួននៅទីក្រុងនៃប្រទេសសឹង្ហបូរីបានត្រូវប៉ូលិសចូលលុក។ ចំនួនមនុស្ស៦៩នាក់បានត្រូវគេចាប់ ទាំងមានស្ត្រីម្នាក់អាយុ៧១ឆ្នាំ និងក្មេងស្រីពីរនាក់អាយុ១៥ឆ្នាំក្នុងចំណោមនោះផង។a តើនេះមកពីហេតុអ្វី? តើដោយសារពួកគេមានសកម្មភាពឧក្រិដ្ឋឬបំបះបំបោរឬ? មិនមែនទេ គ្មានគេណាម្នាក់ចូលរួមក្នុងអំពើអ្វីមួយ ដែលអាចរាប់ថាជាគ្រោះថ្នាក់ ខុសសីលធម៌ ឬទាស់ប្រឆាំងនឹងសង្គមសោះឡើយ។ ពួកគេមិនបានប្រព្រឹត្តអ្វីដែលគំរាមកំហែងដល់បមាណីយខាងសីលធម៌ សន្ដិសុខ និងសុខុមាលភាពនៃប្រជាពលរដ្ឋប្រទេសសឹង្ហបូរីទេ។ ប៉ុន្តែ ក្រោយពីបានរុករើផ្ទះបួននេះហើយ ប៉ូលិសក៏ចាប់យកទៅឯស្ថានណីយ៍ប៉ូលិស មនុស្ស៦៩នាក់ដែលបានមកផ្ដុំគ្នារៀនសូត្រព្រះគម្ពីរនិងជួបជុំកំសាន្តជាមួយគ្នា។ ពួកគេបានត្រូវឃុំទុកនៅទីនោះអស់មួយយប់ ត្រូវគេចាប់សួរចម្លើយ ផ្ដិតម្រាមដៃ និងថតរូប—គឺត្រូវបានគេសម្លុតបំភ័យដូចឧក្រិដ្ឋជនទូទៅអញ្ចឹង! ក្នុងរយៈពេលជាប់ឃុំដល់ទៅ១៨ម៉ោងក្រោមស្ថានភាពយ៉ាងរហេមរហាមនេះ ពួកគេគ្មានសិទ្ធិពិគ្រោះសួរយោបល់ពីមេធាវីទេ ហើយទាំងត្រូវហាមមិនឲ្យទូរស័ព្ទប្រាប់បងប្អូនគ្រួសារឲ្យដឹងថាពួកគេនៅកន្លែងណាផង។ យើងអាចយល់បានថា អំពើប្រព្រឹត្តដោយគ្មានគិតគូរបែបនេះបានធ្វើទុក្ខយ៉ាងណាទៅហ្ន៎ ដល់ពួកពលរដ្ឋដ៏មានចិត្តសុខសាន្ត ចេះគោរពច្បាប់ប៉ុន្មាននាក់នេះ!
ស្ថានការណ៍នេះ ធ្វើឲ្យនឹកដល់ស្ថានការណ៍ក្នុងជំនាន់ណាត្ស៊ីគួរឲ្យសង្វេគនៅប្រទេសអាឡឺម៉ង់ និងក្នុងសម័យកុម្មុយនិស្តដ៏ឃោរឃៅនៅក្នុងសហភាពសូវៀតនិងអឺរ៉ុបខាងកើត។ នេះមិនមែនជាស្ថានការណ៍ដែលអ្នកមកលេងប្រទេសសឹង្ហបូរីធម្មតានឹងជួបប្រទះនោះទេ ក្នុងក្រុងនៃប្រទេសទំនើបមួយយ៉ាងស្អាត ហើយសម្បូណ៌ហូរហៀរនេះ។ ប្រទេសសឹង្ហបូរីបានកសាងកេរ្ដិ៍ឈ្មោះជាទីក្រុងសតវត្សទី២០ ដែលល្បីល្បាញក្នុងការជឿនលឿនខាងសេដ្ឋកិច្ចនិងសង្គមកិច្ច។ ហើយបានប្រកាសជាប្រជាធិបតេយ្យដែលមានរដ្ឋធម្មនុញ្ញមួយ ធានារ៉ាប់រងពលរដ្ឋមានសិទ្ធិមនុស្សសំខាន់ រួមទាំងសិទ្ធិសេរីភាពបញ្ចេញមតិ កាន់សាសនា និងប្រជុំគ្នា។
ប៉ុន្តែ ពួកអ្នកទាំងប៉ុន្មានដែលគេចាប់នៅខែកុម្ភៈនោះ គឺគេបានតម្រង់រកចាប់ព្រោះតែពួកគេជាស្មរបន្ទាល់ព្រះយេហូវ៉ា ដែលកំពុងតែប្រជុំគ្នារៀនព្រះគម្ពីរនិងរាប់អានស្និទ្ធស្នាលគ្នាជាគ្រីស្ទាន។ ឯសេចក្ដីចោទប្រឆាំងនឹងពួកគេនោះ គឺថាពួកគេ«ចូលរួមក្នុងការប្រជុំនៃសមាគមដែលគ្មានច្បាប់ត្រឹមត្រូវ»។
តាមការពិត ពួកស្មរបន្ទាល់ព្រះយេហូវ៉ាបានទទួលសេចក្ដីបដិសេធ មិនឲ្យមានការទទួលស្គាល់តាមច្បាប់តាំងពីឆ្នាំ១៩៧២ម្ល៉េះ ពេលដែលក្រុមជំនុំសឹង្ហបូរីបានត្រូវដកចេញពីបញ្ជីផ្លូវការ ហើយសៀវភៅ ព្រមទាំងព្រះគម្ពីរដែលបោះពុម្ពដោយសមាគមប៉មយាមខាងព្រះគម្ពីរនិងខិត្តប័ណ្ណបានត្រូវគេដាក់បម្រាមមិនឲ្យចេញផ្សាយ។ ឥតមានឱកាសបើកឲ្យតទល់នឹងសេចក្ដីសន្មតដែលនាំឲ្យគេចាប់ប្រព្រឹត្តអំពើនោះទេ។ ពេលថ្មីៗនេះ ច្បាប់នៃការប្រកាន់ពីរដ្ឋាភិបាលនេះបានត្រូវតទល់ក្នុងតុលាការសឹង្ហបូរី ចំពោះរឿងស្មរបន្ទាល់បួននាក់ដែលត្រូវជាប់ទោសនៅខែកុម្ភៈឆ្នាំ១៩៩៤ ដោយព្រោះពួកគេមានសៀវភៅខាងព្រះគម្ពីរដែលបានដាក់បម្រាម។ សំណូមពរបានត្រូវធ្វើឡើងដល់តុលាការ តវ៉ានឹងការសម្រេចកាត់ក្ដីនេះនៅខែសីហាឆ្នាំ១៩៩៤ តែក៏បានត្រូវបដិសេធចោលចេញភ្លាម។ មេចៅក្រមយុង ផេង ហោវ នៃតុលាការជាន់ខ្ពស់បានបញ្ចេញមតិរបស់លោកក្នុងខែបន្ទាប់មក។ លោកអះអាងបញ្ជាក់ថា ឥតមានការបំពានលើសេរីភាពសាសនានោះទេ តែការកាត់ទោសនេះគឺសមត្រឹមត្រូវ ដោយអាងថាស្មរបន្ទាល់ព្រះយេហូវ៉ាគឺគំរាមកំហែងដល់សន្ដិសុខជាតិ ពីព្រោះពួកសមាជិកគេមិនចូលបំរើជាទាហាន។ នៅថ្ងៃទី១៧ ខែកុម្ភៈ ឆ្នាំ១៩៩៥ ស្មរបន្ទាល់បួននាក់នេះបានសុំច្បាប់អនុញ្ញាតធ្វើសំណូមពរដល់សាលាឧទ្ធរណ៍សឹង្ហបូរី សូមឲ្យប្រែការសម្រេចកាត់ក្ដីដ៏គ្មានអនុគ្រោះនេះ តែការដាក់ពាក្យសុំនេះ បានជួបនឹងសេចក្ដីបដិសេធវិញ។
ការសម្រេចកាត់ក្ដីក្រោយនេះបានត្រូវចុះផ្សាយឲ្យឮល្បីក្នុងសារពត៌មានសឹង្ហបូរីដែលគ្រប់គ្រងដោយរដ្ឋាភិបាល។ ជាប្រាកដ ការសម្រេចកាត់ក្ដីនៃតុលាការនេះនិងការឮផ្សព្វផ្សាយដែលកើតឡើងជាសាធារណៈ គឺមានទាក់ទងផ្ទាល់នឹងព្រឹត្ដិការណ៍ដែលកើតឡើងតាមក្រោយនេះមែន។ ក្នុងរយៈមួយអាទិត្យក្រោយមក គេក៏បានចាប់ពួកស្មរបន្ទាល់៦៩នាក់។ ក្នុងចំណោមនោះមានបួននាក់ជាសញ្ជាតិអង់គ្លេស បារាំង និងលុចហ្សឹមបឺក បានត្រូវដោះលែងឲ្យរួចខ្លួនបន្ទាប់មក។ ប៉ុន្តែសូម្បីតែចំពោះជនបួនរូបនេះ ការពិសោធនេះគឺគួរឲ្យខ្លាចរន្ធត់មែន។ ប្ដីប្រពន្ធពីរនាក់បានរស់នៅនិងធ្វើការនៅប្រទេសសឹង្ហបូរីអស់រយៈជាច្រើនឆ្នាំមកហើយ ពួកគេត្រូវបាត់បង់ការងាររបស់គេនិងផ្ទះដែលគេជួលនៅ ហើយត្រូវតែលាចាកពីមិត្តសំឡាញ់ដ៏ស្និទ្ធស្នាលជាច្រើននាក់ផង។
រីឯជនពេញវ័យ៦៣នាក់ឯទៀតវិញបានត្រូវជាប់ចោទ ថាចូលរួមនឹងសមាគមដែលរដ្ឋាភិបាលហាមប្រាម ហើយពួកគេក៏បានត្រូវជាប់ចោទ ថាមានសៀវភៅដែលគេដាក់បម្រាម។ ពួកគេនឹងត្រូវជាប់ឃុំដល់ទៅ៣ឆ្នាំ ឬត្រូវបង់ប្រាក់ពិន័យចំនួន ៣.០០០ដុល្លារសឹង្ហបូរី (២.១០០ដុល្លារអាមេរិក) ឬក៏ត្រូវជាប់ឃុំផងនិងបង់ប្រាក់ពិន័យផង។ ក្មេងស្រីពីរនាក់អាយុ១៥ឆ្នាំត្រូវឡើងតុលាការយុវជនផ្សេងគ្នា។
ឥតមានគំរាមកំហែងដល់អត្តសញ្ញាណនិងឯកភាពជាតិទេ
នៅក្នុងជាង២០០ប្រទេសទូទាំងពិភពលោកដែលពួកគេរស់នៅនោះ ពួកស្មរបន្ទាល់ព្រះយេហូវ៉ាបានត្រូវស្គាល់ថាជារាស្ត្រល្អគប្បី ស្មោះត្រង់ ចេះគោរពច្បាប់។ ពួកគេក៏បានត្រូវកត់សម្គាល់ចំពោះចិត្តរឹងប៊ឹងរបស់គេ មិនព្រមរួមចំណែកក្នុងសកម្មភាពណា ដែលរកបំបះបំបោរប្រឆាំងនឹងរដ្ឋាភិបាល—ជាអំពើខុសវិន័យគ្រីស្ទានដែលអាចនាំឲ្យគេត្រូវបណ្ដាច់ពីមិត្តភាពរបស់គេ ឬត្រូវបណ្ដេញចេញពីក្រុមជំនុំ។ ជាប្រាកដ រដ្ឋាភិបាលសឹង្ហបូរីមិនត្រូវមានការភ័យខ្លាចចំពោះពួកគេទេ។ ពួកគេឥតមានការគំរាមកំហែងអ្វីដល់សន្ដិសុខ ឬអត្តសញ្ញាណនិងឯកភាពជាតិសឹង្ហបូរីទាល់តែសោះ។ (រ៉ូម ១៣:១-៧) នេះបានត្រូវថ្លែងប្រាប់យ៉ាងច្បាស់ក្បោះក្បាយក្នុងសំបុត្រពីមីលថុន ជ. ហឹនហ្សែល ជាប្រធានសមាគមប៉មយាមខាងព្រះគម្ពីរនិងខិត្តប័ណ្ណ សរសេរនៅថ្ងៃទី២១ ខែមីនាឆ្នាំ១៩៩៥ ផ្ញើជូនចំពោះនាយករដ្ឋមន្ត្រីនៃប្រទេសសឹង្ហបូរី លោកហ្គោ ចូក ទុង។ សំបុត្រនេះបានត្រូវបោះពុម្ពនៅលើនេះ ទុកជាប្រយោជន៍ដល់មិត្តអ្នកអានរបស់យើង។
ពួកអ្នកដែលស្រឡាញ់សេរីភាព ក្នុងជំនួញរកស៊ី រដ្ឋាភិបាល និងផ្នែកឯកជន នឹងមានចិត្តចាប់អារម្មណ៍រង់ចាំមើល ថាតើស្ថានការណ៍នៅប្រទេសសឹង្ហបូរីនេះនឹងទៅជាយ៉ាងណា។ តើរដ្ឋាភិបាលសឹង្ហបូរីនឹងប្រព្រឹត្តស្របតាមសិទ្ធិមនុស្សដ៏សំខាន់និងសេរីភាព ដែលគាំទ្រដោយរដ្ឋធម្មនុញ្ញផ្ទាល់របស់ខ្លួន និងដោយសហគមន៍អន្តរជាតិទេ? ជាប្រាកដ ពួកស្មរបន្ទាល់ព្រះយេហូវ៉ាទូទាំងពិភពលោកមានចិត្តខ្វល់ខ្វាយជាខ្លាំង ចំពោះពួកមិត្តរបស់គេដែលមានជំនឿថ្វាយបង្គំដូចគ្នានៅប្រទេសសឹង្ហបូរី។ ពួកគេមិនភ្លេចមិត្តទាំងនោះឡើយ ក្នុងសេចក្ដីអធិស្ឋានរបស់គេ ហើយនឹកចាំជានិច្ចនូវសេចក្ដីរ៉ាប់រងដូចចែងក្នុងព្រះគម្ពីរថា៖ «ព្រះយេហូវ៉ាទ្រង់សព្វព្រះហឫទ័យនឹងសេចក្ដីយុត្ដិធម៌ ក៏មិនដែលបោះចោលពួកបរិសុទ្ធរបស់ទ្រង់ឡើយ»។—ទំនុកដំកើង ៣៧:២៨
[កំណត់សម្គាល់]
a ជាច្រើនខែកន្លងទៅនេះ តាំងពីបានចាប់មនុស្ស៦៩នាក់នេះ មានស្មរបន្ទាល់១១នាក់ទៀតក៏ត្រូវបានគេចាប់ដែរ ដែលគេចោទថា មានប្រកាសនវត្ថុល្មើសច្បាប់។
[ប្រអប់នៅទំព័រ៣១]
ថ្ងៃទី២១ ខែមីនា ឆ្នាំ១៩៩៥
លោក ហ្គោ ចូក ទុង
នាយករដ្ឋមន្ត្រី
Istana Annexe
Singapore 0923
សាធារណរដ្ឋសឹង្ហបូរី
លោកលី ក្វាន់ យូវ
ឧត្តមរដ្ឋមន្ត្រី
ការិយាល័យរបស់នាយករដ្ឋមន្ត្រី
460 Alexandra Road
37-00 PSA Bldg
Singapore 0511
សាធារណរដ្ឋសឹង្ហបូរី
ជូនចំពោះលោកជាទីគោរព៖
សារពត៌មានរ័យទឺរ៍ថ្មីៗនេះ ពីប្រទេសសឹង្ហបូរីកាលពីថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ១៩៩៥នេះបាននាំឲ្យមានការខ្វល់ចិត្តជាទីបំផុត។ ពត៌មាននេះរាយការណ៍ប្រាប់ថា ការប្រជុំរៀនសូត្រព្រះគម្ពីររបស់ពួកស្មរបន្ទាល់ព្រះយេហូវ៉ាបានត្រូវប៉ូលិសចូលលុកបំបែក ហើយ៦៩នាក់បានត្រូវប៉ូលិសចាប់។ សេចក្ដីរាយការណ៍នេះបានទាក់ទាញពិភពលោកទាំងមូលឲ្យយកចិត្តទុកដាក់ជាខ្លាំង ចំពោះស្ថានការណ៍របស់ស្មរបន្ទាល់ព្រះយេហូវ៉ានៅប្រទេសសឹង្ហបូរី ជាកន្លែងដែលសកម្មភាពនិងឧបករណ៍ផ្សាយរបស់ពួកគេបាននៅក្រោមបម្រាមអស់រយៈជាង២០ឆ្នាំមកហើយ។
ជាការពិបាកយល់មែន ចំពោះអង្គការសាសនាមួយដែលប្រតិបត្ដិយ៉ាងសេរីទាំងមានច្បាប់រក្សាការពារពេញទីនៅក្នុងជាង២០០ប្រទេស តែបែជានៅក្រោមបម្រាមក្នុងប្រទេសសឹង្ហបូរី ដ៏ជាប្រទេសមួយដែលគាំទ្រគោលការណ៍ប្រជាធិបតេយ្យទៅវិញ។ ជាការរឹតតែខ្វល់ចិត្តទៅទៀត ពេលគិតពិចារណាដល់រដ្ឋធម្មនុញ្ញសឹង្ហបូរីដែលធានាបើកឲ្យពលរដ្ឋមានសេរីភាពក្នុងការថ្វាយបង្គំ។
ពួកស្មរបន្ទាល់ព្រះយេហូវ៉ាមិនដែលមានការគំរាមកំហែងដល់សន្ដិសុខជាតិណាឡើយ។ ជាប្រាកដ ទូទាំងពិភពលោកពួកគេគឺល្បីជាអ្នកសុខសាន្ត ឧស្សាហ៍ មានសីលធម៌ទៀងត្រង់ និងគោរពច្បាប់—ជាគុណសម្បត្ដិដែលខ្ញុំជឿជាក់ថា លោកលើកផ្សព្វផ្សាយក្នុងប្រទេសលោក។
គឺពិតមែនហើយដែលពួកគេកាន់ជាប់យ៉ាងរឹងមាំនូវបមាណីយព្រះគម្ពីរសំរាប់គ្រីស្ទាន ដោយសារនេះ ឋានៈរបស់ពួកស្មរបន្ទាល់ព្រះយេហូវ៉ាជួនកាលត្រូវគេយល់ខុសឬបង្ហាញឲ្យឃើញដោយមិនពិត។ ប៉ុន្តែតើនេះមិនមែនជាដូច្នេះទេឬអី ចំពោះអ្នកផ្ដើមបង្កើតសាសនាគ្រីស្ទាន ដែលបានត្រូវគេបង្ហាញឃើញដោយមិនពិតថាលោកប្រឆាំងនឹង«សេសារ» ជារដ្ឋាភិបាលកាលជំនាន់លោកនោះ? ស្មរបន្ទាល់ព្រះយេហូវ៉ាគ្រាន់តែប្រព្រឹត្តតាមគំរូនៃព្រះយេស៊ូនិងពួកគ្រីស្ទានជំនាន់ដើមប៉ុណ្ណោះ។ ពួកគេគោរពរដ្ឋាភិបាលនៃស្រុកដែលពួកគេរស់នៅ បង់ពន្ធរបស់ខ្លួន និងជ្រោមជ្រែងគាំទ្រសីលធម៌ខ្ពង់ខ្ពស់។ ពួកគេជាពលរដ្ឋដ៏មានមនសិការនិងចិត្តទៀងត្រង់។ ស្មរបន្ទាល់ព្រះយេហូវ៉ាមិនដែលចូលរួមចំណែកក្នុងសកម្មភាពបំបះបំបោរអ្វីក្នុងប្រទេសណាសោះ ហើយខ្ញុំអាចធានារ៉ាប់រងដល់លោកថា ពួកគេនៅក្នុងប្រទេសសឹង្ហបូរី គឺមិនមានការគំរាមកំហែងអ្វីដល់ផលប្រយោជន៍នៃប្រទេសជាតិរបស់លោកឡើយ។
ដោយសារសេចក្ដីរាយការណ៍ពត៌មានថ្មីៗនេះ ការចាត់វិធានការសង្កត់សង្កិនលើស្មរបន្ទាល់ព្រះយេហូវ៉ានៅសឹង្ហបូរី ដោយរដ្ឋាភិបាលរបស់លោក ឥឡូវនេះគឺបានដឹងឮទូទៅហើយ។ នេះជាពិសេសគឺជារឿងមួយនាំឲ្យខ្វល់ចិត្តជាខ្លាំងចំពោះមិត្ត១២លាននាក់របស់ពួកគេទូទាំងពិភពលោក។ ខ្ញុំសូមឲ្យលោកប្រើតំណែងខ្ពង់ខ្ពស់របស់លោកជាឧត្តមរដ្ឋមន្ត្រី ដើម្បីជួយដោះស្រាយស្ថានការណ៍នេះ ហើយបើកចំហឲ្យស្មរបន្ទាល់ព្រះយេហូវ៉ាក្នុងប្រទេសលោកឲ្យបានទទួលសេរីភាពខាងថ្វាយបង្គំនិងមនសិការ ដែលរដ្ឋធម្មនុញ្ញធានាឲ្យនោះ។
ខ្ញុំជឿថាការពិភាក្សាដោយស្មោះ ជាមួយនឹងតំណាងនៃស្មរបន្ទាល់ព្រះយេហូវ៉ា នឹងជួយបំភ្លឺសេចក្ដីយល់ខុសណាមួយអំពីអង្គការនិងសកម្មភាពរបស់យើង ហើយនឹងធានារ៉ាប់រងដល់លោកថែមទៀតថា រដ្ឋាភិបាលសឹង្ហបូរីមិនត្រូវមានការភ័យខ្លាចអ្វីចំពោះស្មរបន្ទាល់ព្រះយេហូវ៉ាឡើយ។ ខ្ញុំមានចិត្តរីករាយនឹងរៀបចំការជួបគ្នានេះ។
ខ្ញុំនៅរង់ចាំទទួលដំណឹងពីលោកជានិច្ច។
ដោយសេចក្ដីគោរព
មីលថុន ជ. ហឹនហ្សែល
ជាប្រធាន
[អ្នកផ្ដល់សិទ្ធិឲ្យប្រើរូបភាពនៅទំព័រ៣២]
Nik Wheeler/H. Armstrong Roberts