បណ្ណាល័យអ៊ីនធឺណិតរបស់ប៉មយាម
ប៉មយាម
បណ្ណាល័យអ៊ីនធឺណិត
ខ្មែរ
  • គម្ពីរ
  • សៀវភៅផ្សេងៗ
  • កិច្ចប្រជុំ
  • w96 ១/៦ ទំ. ៣០-៣១
  • មើលហ្ន៎! សាលព្រះរាជាណាចក្រមួយនៅនីអ៊ូអ៊ី

សុំទោស គ្មានវីដេអូទេ

សុំទោស វីដេអូមានបញ្ហា

  • មើលហ្ន៎! សាលព្រះរាជាណាចក្រមួយនៅនីអ៊ូអ៊ី
  • ១៩៩៦ ទស្សនាវដ្ដីប៉មយាមប្រកាសអំពីរាជាណាចក្ររបស់ព្រះយេហូវ៉ា
  • ចំណងជើងតូច
  • មាន​ទាក់ទង​នឹង​ការ​ពិបាក​ប្លែក​ពី​ធម្មតា
  • ការ​សម្រេច​ចិត្ត​ចាប់​ផ្ដើម
  • គំនិត​នៃ​ការ​រួបរួម​កម្លាំង​គ្នា​និង​ការ​ទទួល​រាក់ទាក់
១៩៩៦ ទស្សនាវដ្ដីប៉មយាមប្រកាសអំពីរាជាណាចក្ររបស់ព្រះយេហូវ៉ា
w96 ១/៦ ទំ. ៣០-៣១

មើល​ហ្ន៎! សាលព្រះរាជាណាចក្រ​មួយ​នៅ​នីអ៊ូអ៊ី

នី​អ៊ូអ៊ី​គឺ​ជា​កោះ​ផ្កា​ថ្ម​តូច​មួយ​ស្ថិត​នៅ​មហា​សមុទ្រ​ប៉ាស៊ីហ្វិក​ខាង​ត្បូង ចម្ងាយ​២.១៦០ គ.ម. ចំ​ទិស​ឦ​សា​ន​ពី​ប្រទេស​ញូវហ្សេឡិន។ ស្រប​តាម​សៀវភៅ​គ​ម​នា​ការ​ស្តើង ឈ្មោះ​នីអ៊ូអ៊ី​គឺ​មក​ពី​ពីរ​ពាក្យ នីអ៊ូ មាន​ន័យ​ថា​«ដើម​ដូង» ហើយ​អ៊ី មាន​ន័យ​ថា​«សង្កេត​មើល» ឬ​«មើល»។ សៀវភៅ​ស្តើង​នេះ​ប្រាប់​ថា​៖ «ស្រប​តាម​រឿង​ព្រេង ពួក​ជនជាតិ​បូលីណេស៊ី​មក​តាំង​លំនៅ​មុន​ដំបូង​ថ្លែង​ពាក្យ​ទាំង​នេះ ពេល​គេ​មក​ដល់​ឃើញ​ដើម​ដូង​ដុះ​លើ​កោះ​នោះ»។

សព្វ​ថ្ងៃ​នេះ ស្មរបន្ទាល់​ព្រះ​យេហូវ៉ា​នៅ​នីអ៊ូអ៊ី​គាប់​ចិត្ត​ចង់​ប្រាប់​អ្នក​មក​លេង​ថា​៖ «អ៊ី! ហ្វាលីហ៊ិកូទូម៉ូទោលូ!» គឺ​បាន​សេចក្ដី​ថា​៖ «មើល​ហ្ន៎! សាលព្រះរាជាណាចក្រ​របស់​យើង»! ហេតុ​អ្វី​បាន​ជា​គេ​មាន​អារម្មណ៍​ជ្រាល​ជ្រៅ​ដូច្នេះ​ចំពោះ​សាល​នេះ? ស្មរបន្ទាល់​ព្រះ​យេហូវ៉ា​នៅ​គ្រប់​ទី​កន្លែង​គឺ​គាប់​ចិត្ត​សរសើរ​សាលព្រះរាជាណាចក្រ​របស់​គេ ជា​ពិសេស​បើសិន​ជា​គេ​បាន​សង់​ផ្ទាល់​ខ្លួន។ ប៉ុន្តែ​សង់​សាលព្រះរាជាណាចក្រ​លើ​កោះ​ដាច់​ឡែក​នៅ​កណ្ដាល​មហា​សមុទ្រ​ប៉ាស៊ីហ្វិក​ខាង​ត្បូង​ដ៏​ធំធេង​នេះ​គឺ​ជា​ការ​មួយ​ផ្សេង​វិញ។ ហើយ​ម្យ៉ាង​ទៀត នីអ៊ូអ៊ី​មាន​ទំហំ​តែ​២៦០​គ.ម.ការ៉េ ហើយ​មាន​អ្នក​ស្រុក​តែ​២.៣០០​នាក់​ប៉ុណ្ណោះ​រស់​នៅ​លើ​កោះ​ទាំង​មូល។

មាន​ទាក់ទង​នឹង​ការ​ពិបាក​ប្លែក​ពី​ធម្មតា

មាន​សំនួរ​សួរ​ថា តើ​អ្នក​ណា​នឹង​សង់​សាលព្រះរាជាណាចក្រ​នេះ។ ក្រុមជំនុំ​តែ​មួយ​នៅ​នីអ៊ូអ៊ី​មាន​ស្មរបន្ទាល់​តែ​៣២​នាក់។ គ្រឿង​ប្រដាប់​សំខាន់​ទាំង​អស់​ដែល​ត្រូវ​ការ ដូច​ជា​ឡាន​ដឹក ម៉ាស៊ីន​ឈូស​ដី និង​ម៉ាស៊ីន​ស្ទូច គឺ​ជា​របស់​រដ្ឋាភិបាល។ ថែម​ទៅ​ទៀត សម្ភារៈ​សង់​ផ្ទះ​សឹង​តែ​ទាំង​អស់​ដែល​ត្រូវ​ការ​ជា​ចាំបាច់—ដូច​ជា​ដែក ដុំ​ស៊ីម៉ង់ សម្ភារៈ​សំរាប់​ដំបូល អគ្គីសនី និង​បំពង់​ទឹក ប្រដាប់​សម្លេង និង​កៅអី—ត្រូវ​តែ​ដឹក​ពី​ញូវហ្សេឡិន​តាម​រយៈ​កប៉ាល់​ដឹក​ជញ្ជូន ដែល​ចេញ​ដំណើរ​តែ​ម្ដង​ក្នុង​ប្រាំ​អាទិត្យ។ ហើយ​ទីបំផុត ផ្ទៃ​កោះ​គឺ​សុទ្ធតែ​ថ្ម ធ្វើ​ឲ្យ​ពិបាក​កសាង​ទៀត ហើយ​សាល​នេះ​គឺ​ត្រូវ​តែ​សង់​ឡើង​ឲ្យ​ធន់​នឹង​ខ្យល់ព្យុះ​និវត្ត​ផង។ ចំពោះ​អ្នក​ណា​ក៏​ដោយ នេះ​គឺ​ពិត​ជា​កិច្ចការ​ដ៏​ពិបាក​ធ្វើ​ក្រៃលែង!

ប៉ុន្តែ​មាន​ការ​ខុស​គ្នា​ខ្លាំង​មួយ​នៅ​ទី​នេះ។ ចំពោះ​ស្មរបន្ទាល់​ព្រះ​យេហូវ៉ា សាលព្រះរាជាណាចក្រ​គឺ​ជា​ទី​ថ្វាយ​បង្គំ​ពិត​នៅ​តំបន់​នេះ ហើយ​ពួក​គេ​ក៏​ពឹង​រក​ព្រះ​យេហូវ៉ា​ឲ្យ​ទ្រង់​ដឹក​នាំ​និង​ជួយ​ពួក​គេ។ (ទំនុកដំកើង ៥៦:១១; ១២៧:១) បងប្អូន​គ្រីស្ទាន​នៅ​ញូវហ្សេឡិន​រួម​ទាំង​បងប្អូន​ពី​ក្រុមជំនុំ​នីអ៊ូអ៊ី​មួយ​នៅ​អ៊កឡែន ផ្ដល់​ជំនួយ​ដល់​ស្មរបន្ទាល់​ព្រះ​យេហូវ៉ា​មួយ​ក្រុម​តូច​នៅ​នីអ៊ូអ៊ី​នេះ ជួយ​ជ្រោមជ្រែង​ការ​កសាង​យ៉ាង​អស់​ពី​ចិត្ត។

ការ​សម្រេច​ចិត្ត​ចាប់​ផ្ដើម

ក្នុង​ខែ​មិថុនា​ឆ្នាំ​១៩៩៤ នៅ​ឯ​ទី​កសាង​សាលព្រះរាជាណាចក្រ​មួយ​នៅ​រ៉ូតូរូ​អា ប្រទេស​ញូវហ្សេឡិន នោះ​មាន​សេចក្ដី​អំពាវនាវ​រក​ពួក​អ្នក​ចាប់​ចិត្ត​រួម​ចំណែក​ក្នុង​កិច្ចការ​នីអ៊ូអ៊ី​នេះ។ គួរ​ឲ្យ​អស្ចារ្យ​មែន បងប្អូន​គ្រីស្ទាន​ប្រុស​ស្រី​២០០​នាក់​បាន​ស្ម័គ្រ​ចិត្ត​ជួយ។ ពីចំណោម​២០០​នាក់​នេះ ៨០នាក់​បាន​ត្រូវ​ជ្រើសរើស គឺ​មាន​ទាំង​ជាង​ឈើ ជាង​រៀប​ដែក ជាង​បំពង់​ទឹក ជាង​ធ្វើ​ដំបូល អ្នក​លាប​ប៉ា​ត​កំបោរ អ្នក​លាប​ថ្នាំ ជាង​អគ្គីសនី អ្នក​បច្ចេកទេស​ខាង​ប្រដាប់​សម្លេង អ្នក​ចាក់​ស៊ីម៉ង់ អ្នក​រៀប​ឥដ្ឋ និង​កម្មករ​នានា។

ពួក​បងប្អូន​ក៏​រៀប​ចំ​គម្រោង​ការណ៍​ហើយ​ចាប់​ផ្ដើម ដោយ​ទុក​ចិត្ត​លើ​ព្រះ​យេហូវ៉ា។ អ្នក​ចាស់​ទុំ​ក្រុមជំនុំ​ពីរ​នាក់​នៅ​នីអ៊ូអ៊ី មាន​ម្នាក់​ជា​អ្នក​ជំនួញ​បាន​ចាប់​ផ្ដើម​ចាត់​ចែង​ឲ្យ​ដឹក​យក​សម្ភារៈ​ដែល​ត្រូវ​ការ​ទាំង​ប៉ុន្មាន​មក។ តម្លៃ​ពិសេស​សំរាប់​សំបុត្រ​យន្តហោះ​និង​ទី​សំណាក់​ក៏​បាន​ត្រូវ​ទាក់ទង​ត​ថ្លៃ សំរាប់​ពួក​អ្នក​ធ្វើ​ការ​ពី​នាយ ដែល​ស្ម័គ្រ​ចិត្ត​ចំណាយ​ប្រាក់​ខ្លួន​ឯង ហើយ​ថ្ងៃ​ខែ​កសាង​ក៏​បាន​ត្រូវ​កំណត់​ទុក។ កិច្ចការ​នេះ​គឺ​នឹង​ត្រូវ​សម្រេច​ឡើង​ក្នុង​រយ:២០ថ្ងៃ គឺ​ចាប់​ពី​ថ្ងៃ​ទី៤ ខែ​មីនា ដល់​ថ្ងៃ​ទី២៣ ខែ​មីនា ឆ្នាំ​១៩៩៥ ពេល​ពិធី​ស​ម្ពោធ​សាលព្រះរាជាណាចក្រ​នឹង​ត្រូវ​ប្រព្រឹត្ត​ឡើង។

មេ​ដឹក​នាំ​កិច្ចការ​ដែល​មក​ពី​ញូវហ្សេឡិន​មុន​មួយ​អាទិត្យ ដើម្បី​រៀប​ចំ​របស់​របរ​បាន​និយាយ​ថា​៖ «ជា​លើក​ទី​មួយ​ហើយ​ដែល​ខ្ញុំ​ព្រួយ​ស្លន់​យ៉ាង​ខ្លាំង​បំផុត ពេល​ខ្ញុំ​ឃើញ​ទី​កន្លែង​កសាង​នេះ។ ដី​នោះ​សុទ្ធតែ​ថ្ម គ្រាន់​តែ​ជីក​រណ្ដៅ​ជើង​សសរ​នោះ​គឺ​ត្រូវ​អស់​ពីរ​អាទិត្យ​ទៅ​ហើយ»។ ប៉ុន្តែ​ពួក​ស្មរបន្ទាល់​ស្រុក​នេះ​មាន​ប្រាជ្ញា​លើស​ពី​ការ​ប្រមាណ​របស់​គាត់​ទៅ​ទៀត ដែល​គាត់​ក្រោយ​មក​បាន​យល់​ស្រប​ប្រាប់​ថា​៖ «ពួក​បងប្អូន​ស្រុក​នីអ៊ូអ៊ី​មាន​ចំណេះ​ចេះ​ដឹង​ពី​រឿង​ថ្ម ពួក​គេ​ដឹង​ថា​ត្រូវ​កាប់​ថ្ម​ត្រង់​ណា​ដើម្បី​ឲ្យ​ដុំ​ធំៗ​បែក​ប្រេះ​ចេញ​មក»។ ការ​ដាំ​ជើង​សសរ​ក៏​បាន​ធ្វើ​រួច​ស្រេច​ក្នុង​រយៈ​តែ​ពីរ​ថ្ងៃ!

នៅ​ថ្ងៃ​ទី៤​ខែ​មីនា ពួក​ស្មរបន្ទាល់​ញូវហ្សេឡិន​ធ្វើ​ដំណើរ​តាម​យន្តហោះ​បាន​មក​ដល់​ជា​លើក​ទី​មួយ ហើយ​ស៊ីម៉ង់​ក៏​បាន​ត្រូវ​ចាក់​ហើយ។ ពេល​ពួក​ក្រុម​អ្នក​ធ្វើ​ការ​មក​ដល់​ទី​កន្លែង​កសាង​ជា​បន្តបន្ទាប់ កិច្ចការ​មួយ​ផ្នែកៗ​ផ្សេងៗ​ក៏​បាន​ត្រូវ​ធ្វើ​រួច។ ថ្ងៃ​ធ្វើ​ការ​និមួយៗ​ចាប់​ផ្ដើម​ឡើង​នៅ​ម៉ោង៧ព្រឹក​ដោយ​មាន​ការ​ពិភាក្សា​មួយ​ខ្លី​អំពី​អត្ថបទ​ព្រះ​គម្ពីរ​ប្រចាំ​ថ្ងៃ។ បងប្អូន​ខ្លះ​ធ្វើ​ការ​១២​ម៉ោង​ក្នុង​មួយ​ថ្ងៃ ក្រោម​កំដៅ​ថ្ងៃ​ដល់​ទៅ៣៦អង្សា​សង់​ទី​ក្រា​ត។ ក្រោយ​បំផុត​មក គឺ​ដល់​ថ្ងៃ​ទី២៣ខែ​មីនា ដី​ធ្លា​បាន​ត្រូវ​រៀប​ចំ​ដាំ​ផ្កា​លំអ​ហើយ។ សញ្ញា​ដ៏​ស្អាត​មួយ​ធ្វើ​ពីដើម​ស្វាយ​កត់​សម្គាល់​អាគារ​នេះ​ជា​«សាលព្រះរាជាណាចក្រ​របស់​ស្មរបន្ទាល់​ព្រះ​យេហូវ៉ា»។

គំនិត​នៃ​ការ​រួបរួម​កម្លាំង​គ្នា​និង​ការ​ទទួល​រាក់ទាក់

កត្ដា​ដ៏​សំខាន់​មួយ​ដែល​ជួយ​ឲ្យ​ការងារ​នេះ​បាន​សម្រេច​ជោគជ័យ គឺ​ការ​រួបរួម​កម្លាំង​គ្នា​នៃ​ពួក​អ្នក​នៅ​នីអ៊ូអ៊ី។ ពួក​អ្នក​ភូមិ​នៅ​ទី​នោះ​ចាប់​អារម្មណ៍​យ៉ាង​ខ្លាំង​នឹង​ឱកាស​ដ៏​រំភើប​អ៊ូអរ ដោយ​ព្រោះ​ទឹក​ចិត្ត​ដ៏​រីករាយ​របស់​ពួក​បងប្អូន ហើយ​ក៏​ផ្ដល់​អំណោយ​ជា​ចំណី​អាហារ​និង​ប្រាក់។ ពួក​គេ​ជា​ច្រើន​នាក់​រាប់​ការ​សង់​សាល​នេះ​ជា​ការងារ​របស់​ខ្លួន។ ពួក​រដ្ឋ​ការ​និង​ពួក​អ្នក​ជំនួញ​បាន​ជួយ​ឧបត្ថម្ភ​យ៉ាង​ច្រើន​លើស​ពី​ធម្មតា។ គ្រឿង​ប្រដាប់​ដែល​ត្រូវ​ការ ព្រម​ទាំង​រោងចក្រ​អារ​ឈើ​ផង បាន​ត្រូវ​ប្រគល់​ឲ្យ​ប្រើ​ប្រាស់។ ឯ​ក្រុម​ហ៊ុន​ដឹក​ទំនិញ​បាន​ទាំង​កែ​ផ្លូវ​ដំណើរ​កប៉ាល់​គេ ដើម្បី​ដឹក​សម្ភារៈ​ដែល​ត្រូវ​ការ​ឲ្យ​បាន​ដល់​ទាន់​ពេល​មិន​ឲ្យ​ខក​ផង។

ពួក​អ្នក​មក​នីអ៊ូអ៊ី​ពិត​ជា​អបអរ​ចំពោះ​ការ​ខំ​ប្រឹងប្រែង​និង​ការ​ទទួល​រាក់ទាក់​នៃ​ពួក​ស្មរបន្ទាល់​នៅ​នីអ៊ូអ៊ី ដែល​សុខ​ចិត្ត​ឲ្យ​ផ្ទះ​និង​របស់​របរ​ខ្លួន​ឲ្យ​គេ​ប្រើ​ប្រាស់។ អ្នក​ធ្វើ​ការ​កសាង​ម្នាក់​ប្រាប់​ថា​៖ «បងប្អូន​ស្រីៗ​នៅ​ទី​នេះ​ចិត្ត​ល្អ​មែន»។ ក្រៅ​ពី​អាហារ​ក្ដៅៗ​នៅ​ពេល​ថ្ងៃ​ត្រង់​រៀង​រាល់​ថ្ងៃ ពួក​បងប្អូន​ស្រី​ក៏​ផ្ដល់​អាហារ​ព្រឹក​រៀង​រាល់​ព្រឹក​នៅ​ម៉ោង៦កន្លះ។ ខ្លះ​ងើប​ពី​ម៉ោង៤កន្លះ​ព្រឹក​មក​រៀប​ចំ​អាហារ។ អ្នក​ធ្វើ​ការ​កសាង​ម្នាក់​និយាយ​ថា​៖ «ខ្ញុំ​យល់​ថា​យើង​រស់​នៅ​នីអ៊ូអ៊ី​នេះ​គឺ​ល្អ​ប្រសើរ​ជាង​រស់​នៅ​ឯ​ស្រុក​ខ្លួន​យើង»។

នៅ​ថ្ងៃ​ទី​១០​ខែ​មីនា ពត៌មាន​តារា​នីអ៊ូអ៊ី​រាយ​ការណ៍​អំពី​ព្រឹត្ដិការណ៍​នេះ​ក្នុង​ឯកសារ​ទំព័រ​ទី​មួយ​ក្រោម​ចំណង​ជើង​ថា​៖ «សាលព្រះរាជាណាចក្រ​ទី​មួយ​នៅ​នីអ៊ូអ៊ី» ហើយ​ទាំង​មាន​រូប​ថត​ជនជាតិ​ញូវហ្សេឡិន​និង​ជនជាតិ​នីអ៊ូអ៊ី​ធ្វើ​ការ​នៅ​ទី​កន្លែង​កសាង។ ពត៌មាន​ដំណាល​ប្រាប់​ថា​៖ «សាល​នេះ​មាន​ទំហំ​២៨០​ម៉ែត្រ​ការ៉េ ហើយ​មាន​កន្លែង​សំរាប់​មនុស្ស​៧០​ទៅ​១០០​នាក់​អង្គុយ។ ឯកសារ​ពត៌មាន​ថ្លែង​ប្រាប់​ទៀត​ថា​៖ «កិច្ចការ​នេះ​គឺ​ពិត​ជា​អាច​សម្រេច​បាន​ក្នុង​ពីរ[អាទិត្យ] ប៉ុន្តែ​ក្នុង​ករណី​នេះ គេ​ត្រូវ​បន្ថែម​ពេល​វេលា​ទៀត។ នៅ​ដំណាក់​នេះ គឺ​តែ​ពីរ​ថ្ងៃ​ក្រោយ​ពេល​ចាប់​ផ្ដើម គ្រឹះ គម្រោង បង្កង់ នឹង​ដំបូល​បាន​ត្រូវ​ដំ​ឡើង​ហើយ​មុន[កំណត់]ពេល​វេលា»។

អ្នក​ជំនួញ​នា​តំបន់​នោះ​សម្ដែង​នូវ​សេចក្ដី​ប្រាថ្នា​ចង់​ឲ្យ​អ្នក​ស្រុក​ទាំង​អស់​នៅ​កោះ​នីអ៊ូអ៊ី ពិនិត្យ​មើល​ហើយ​រៀន​មេ​រៀន​មួយ​ពី​ការងារ​នេះ។ គាត់​និយាយ​ថា គាត់​សង្ឃឹម​ថា​នេះ​នឹង​បង្ហាញ​មនុស្ស​គ្រប់​រូប នូវ​អ្វី​ដែល​អាច​ធ្វើ​ឡើង​បាន​ដោយ​សេចក្ដី​ស្រឡាញ់​និង​ការ​រួបរួម​កម្លាំង​គ្នា។

ហ្វូង​មនុស្ស​២០៤​នាក់​បាន​មក​ឯ​ពិធី​ស​ម្ពោធ។ កម្មវិធី​មួយ​ដែល​ឃើញ​ថា​ធ្វើ​ឲ្យ​ពួក​អ្នក​មក​រួបរួម​ទាំង​អស់​មាន​សេចក្ដី​រំភើប​រំជួល​ចិត្ត​ក្រៃលែង នោះ​គឺ​ជា​ការ​សម្ដែង​ពិសេស​មួយ ដែល​ពួក​បងប្អូន​ប្រុស​ស្រី​នីអ៊ូអ៊ី​រួម​ទាំង​ពួក​ក្មេងៗ​ពណ៌នា​ការ​កសាង​សាលព្រះរាជាណាចក្រ ដោយ​ចំរៀង​និង​របាំ​រាំ។ មាន​សេចក្ដី​ថ្លែង​អំណរ​គុណ​ចំពោះ​ក្រុម​កសាង​និង​ចំពោះ​ព្រះ​យេហូវ៉ា ដែល​ព្រះ​វិញ្ញាណ​ទ្រង់​បាន​ជំរុញ​គំនិត ចិត្ត និង​ដៃ​ឲ្យ​សម្រេច​កិច្ចការ​នេះ។—អេសាយ ៤០:២៨​-​៣១

    សៀវភៅភាសាខ្មែរ (១៩៩១-២០២៥)
    ចេញពីគណនី
    ចូលគណនី
    • ខ្មែរ
    • ចែករំលែក
    • ជម្រើស
    • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
    • ល័ក្ខខ័ណ្ឌប្រើប្រាស់
    • គោលការណ៍ស្ដីអំពីព័ត៌មានផ្ទាល់ខ្លួនរបស់លោកអ្នក
    • កំណត់ឯកជនភាព
    • JW.ORG
    • ចូលគណនី
    ចែករំលែក