កត្ដាដ៏ល្អសំរាប់សុទិដ្ឋិនិយមសព្វថ្ងៃនេះ
អ្នកប្រវត្ដិសាស្ត្រនិងអ្នកសង្គមសាស្ត្រ លោក ហ. ជ. វែល្ស ដែលកើតក្នុងឆ្នាំ១៨៦៦ មានឥទ្ធិពលដ៏ខ្លាំងក្លាលើគំនិតគេក្នុងសតវត្សទី២០។ តាមរយៈការនិពន្ធ គាត់បានពន្យល់ជំនឿស៊ប់របស់គាត់ថា គ្រានៃសុភមង្គលដ៏ឧត្តមនឹងទាក់ទងជាមួយការជឿនលឿនខាងវិទ្យាសាស្ត្រ។ ដូច្នេះ សព្វវចនាធិប្បាយខូលីអើ គឺរំឭកនូវ«សុទិដ្ឋិនិយមដ៏គ្មានព្រំដែន»របស់លោកវែល្ស កាលដែលគាត់ខំធ្វើការដ៏ឥតឈប់ឈរ ដើម្បីធ្វើឲ្យគោលបំណងរបស់គាត់ជឿនទៅមុខ។ ប៉ុន្តែ ក៏បានកត់សម្គាល់ដែរថា សុទិដ្ឋិនិយមរបស់គាត់បានបែកខ្ចាយ ក្នុងកាលដែលសង្គ្រាមលោកលើកទី២បានផ្ទុះឡើង។
កាលដែលលោកវែល្សបានយល់ថា«វិទ្យាសាស្ត្រអាចធ្វើឲ្យអាក្រក់ ហើយធ្វើឲ្យល្អដែរនោះ ការជឿស៊ប់របស់លោកសាបសូន្យទៅ ហើយលោកក៏បានធ្លាក់ចូលក្នុងទុទិដ្ឋិនិយម» ដែលបានរៀបរាប់ដោយ វចនានុក្រមជីវប្រវត្ដិនៃឈាមប៊ឺ។ ហេតុអ្វីក៏នេះបានកើតឡើង?
ជំនឿនិងសុទិដ្ឋិនិយមរបស់លោកវែល្ស គឺមានមូលដ្ឋានលើការសម្រេចរបស់មនុស្សលោកប៉ុណ្ណោះ។ នៅពេលដែលលោកបានដឹងថា មនុស្សឥតមានសមត្ថភាពសម្រេចឲ្យបានស្ថានភាពដ៏គ្រប់ល័ក្ខណ៍ នោះលោកឥតមានកន្លែងណាទៀត ដែលលោកអាចបែរទៅនោះឡើយ។ ការអស់សង្ឃឹមបានក្លាយយ៉ាងលឿនទៅជាទុទិដ្ឋិនិយម។
សព្វថ្ងៃនេះ មនុស្សជាច្រើនក៏មានការពិសោធដូចនេះដែរ ចំពោះមូលហេតុដូចគ្នា។ គេពោរពេញទៅដោយសុទិដ្ឋិនិយម កាលដែលគេនៅក្មេង ប៉ុន្តែក្លាយទៅជាទុទិដ្ឋិនិយមយ៉ាងស្រពាប់ស្រពោន កាលដែលគេកាន់តែចាស់ទៅ។ សូម្បីតែក្មេងខ្លះក៏បោះបង់ចោលជីវិតដែលគេចាត់ទុកជាធម្មតា ហើយបណ្ដោយខ្លួនក្នុងការប្រើគ្រឿងញៀន ភាពមិនរើសមុខខាងកាម និងបែបលំនាំរស់នៅដ៏បំផ្លាញឯទៀត។ តើអ្វីទៅជាការដោះស្រាយ? សូមពិចារណាមើលឧទាហរណ៍ជាលំដាប់ពីសម័យព្រះគម្ពីរ ថាតើមានមូលដ្ឋានអ្វីសំរាប់សុទិដ្ឋិនិយម—នៅអតីតកាល បច្ចុប្បន្នកាល និងអនាគតកាល។
ការឲ្យរង្វាន់ដល់អ័ប្រាហាំចំពោះសុទិដ្ឋិនិយម
ក្នុងឆ្នាំ១៩៤៣ម.ស.យ. អ័ប្រាហាំបានផ្លាស់លំនៅពីស្រុកខារ៉ាន ឆ្លងទន្លេអ៊ើប្រាត ហើយចូលទៅស្រុកកាណាន។ អ័ប្រាហាំបានត្រូវហៅជា«ឪពុកដល់អស់អ្នកដែលជឿ» ហើយលោកបានទុកគំរូដ៏ល្អមែន!—រ៉ូម ៤:១១
ឡុតជាកូនកំព្រានៃបងប្រុសអ័ប្រាហាំនិងគ្រួសារបានទៅជាមួយអ័ប្រាហាំ។ ក្រោយមក នៅពេលដែលមានការអត់បាយនៅក្នុងស្រុក គ្រួសារពីរនេះបានផ្លាស់កន្លែងទៅស្រុកអេស៊ីប ហើយក្រោយមក គេត្រឡប់ទៅជាមួយគ្នាវិញ។ មកដល់ឥឡូវ អ័ប្រាហាំនិងឡុតគឺប្រមូលបានទ្រព្យសម្បត្ដិជាច្រើន ព្រមទាំងមានហ្វូងសត្វជាច្រើនទៀតផង។ នៅពេលមានការឈ្លោះគ្នារវាងពួកឃ្វាលសត្វរបស់គេ អ័ប្រាហាំបានចាត់វិធានការ ហើយមានប្រសាសន៍ថា៖ «សូមកុំឲ្យឯងហើយនឹងអញ ឬពួកគង្វាលរបស់ឯងនឹងពួកគង្វាលរបស់អញ មានរឿងទាស់ទែងគ្នាឡើយ ដ្បិតយើងជាបងប្អូននឹងគ្នា ស្រុកទាំងមូលនេះ តើមិនមែននៅមុខឯងទេឬអី ដូច្នេះ សូមឲ្យឯងញែកបែកចេញពីអញទៅ បើឯងរើសយកខាងឆ្វេង នោះអញនឹងទៅខាងស្ដាំ ឬបើឯងរើសយកខាងស្ដាំ នោះអញនឹងទៅខាងឆ្វេងវិញ»។—លោកុប្បត្តិ ១៣:៨, ៩
អ័ប្រាហាំ ដោយចាស់ជាង អាចដឹកនាំរឿងនេះសំរាប់ជាប្រយោជន៍របស់លោក ហើយឡុត ដោយគោរពដល់ឪពុកមា អាចទុកឲ្យការជ្រើសរើសដល់អ័ប្រាហាំវិញ។ ផ្ទុយទៅវិញ «ឡុតក៏ងើបភ្នែកមើលទៅ ឃើញវាលទន្លេយ័រដាន់ទាំងអស់ ថាជាស្រុកមានទឹកស្រួលល្អនៅគ្រប់ទីកន្លែង មុនដែលព្រះយេហូវ៉ាបានបំផ្លាញសូដុំម នឹងកូម៉ូរ៉ា គឺដូចជាសួនច្បារផងព្រះយេហូវ៉ា ហើយដូចស្រុកអេស៊ីបដែលនៅខាងសូអារផង ដូច្នេះ ឡុតក៏រើសយកវាលទន្លេយ័រដាន់ទាំងអស់ ជារបស់ផងខ្លួន»។ ដោយមានការសម្រេចចិត្តបែបនេះ ឡុតមានមូលហេតុក្នុងការប្រកបដោយសុទិដ្ឋិនិយម។ ប៉ុន្តែ ចុះយ៉ាងណាវិញចំពោះអ័ប្រាហាំ?—លោកុប្បត្តិ ១៣:១០, ១១
តើអ័ប្រាហាំក្លាហានហួសប្រមាណ ធ្វើឲ្យមានគ្រោះថ្នាក់ដល់សុខុមាលភាពរបស់គ្រួសារឬ? អត់ទេ អាកប្បកិរិយាដ៏វិជ្ជមាននិងគំនិតដ៏សប្បុរសរបស់អ័ប្រាហាំ បាននាំឲ្យមានរង្វាន់ដ៏ធំ។ ព្រះយេហូវ៉ាមានបន្ទូលទៅអ័ប្រាហាំថា៖ «ចូរឯងងើបភ្នែកឡើងឥឡូវ ហើយមើលពីកន្លែងឯងនោះ ទៅខាងជើងខាងត្បូង ខាងកើត ហើយខាងលិចចុះ ដ្បិតស្រុកទាំងប៉ុន្មានដែលឯងមើលឃើញ នោះអញនឹងឲ្យដល់ឯងនឹងពូជឯងជាដរាបតទៅ»។—លោកុប្បត្តិ ១៣:១៤, ១៥
សុទិដ្ឋិនិយមរបស់អ័ប្រាហាំគឺមានមូលដ្ឋានដ៏ល្អ។ គឺមានមូលដ្ឋានលើសេចក្ដីសន្យារបស់ព្រះ ថាទ្រង់នឹងធ្វើឲ្យមានសាសន៍ធំ ចេញពីអ័ប្រាហាំ ដើម្បីឲ្យ«គ្រប់ទាំងគ្រួនៅផែនដីនឹងបានពរដោយសារ[អ័ប្រាហាំ]»។ (លោកុប្បត្តិ ១២:២-៤, ៧) យើងក៏មានមូលហេតុដ៏ទុកចិត្តនោះដែរ ដោយដឹងថា «គ្រប់ការទាំងអស់ផ្សំគ្នា សំរាប់សេចក្ដីល្អដល់ពួកអ្នកដែលស្រឡាញ់ព្រះ»។—រ៉ូម ៨:២៨
ពួកឈ្លបពីរនាក់ដែលប្រកបដោយសុទិដ្ឋិនិយម
ជាង៤០០ឆ្នាំក្រោយមក សាសន៍អ៊ីស្រាអែលហៀបនឹងចូលស្រុកកាណាន «ជាស្រុកដែលមានទឹកដោះនឹងទឹកឃ្មុំហូរហៀរ»។ (និក្ខមនំ ៣:៨; ចោទិយកថា ៦:៣) ម៉ូសេបានចាត់ឲ្យមេដឹកនាំ១២នាក់ឲ្យទៅ‹សង្កេតមើលស្រុកនោះ ហើយត្រឡប់មកប្រាប់ពីផ្លូវដែលគេត្រូវឡើងទៅ ហើយពីអស់ទាំងទីក្រុងដែលគេត្រូវមកដល់›។ (ចោទិយកថា ១:២២; ជនគណនា ១៣:២) ពួកឈ្លបទាំង១២នាក់មានការយល់ស្របគ្នាថាស្រុកនោះមានរបស់សំបូរហូរហៀរ ប៉ុន្តែ១០នាក់ក្នុងចំណោមពួកគេបានផ្ដល់របាយការណ៍ដែលប្រកបដោយទុទិដ្ឋិនិយម ដែលដាក់ការខ្លាចក្នុងចិត្តរបស់មនុស្ស។—ជនគណនា ១៣:៣១-៣៣
ផ្ទុយទៅវិញ យ៉ូស្វេនិងកាលែប បានផ្ដល់សារដ៏សុទិដ្ឋិនិយមប្រាប់ពួកមនុស្សនោះ ហើយខំធ្វើអស់ពីសមត្ថភាពដើម្បីសម្រាលការខ្លាចរបស់គេ។ អាកប្បកិរិយានិងសេចក្ដីរាយការណ៍របស់គេ បង្ហាញនូវការទុកចិត្តទាំងស្រុងលើសមត្ថភាពនៃព្រះយេហូវ៉ា ក្នុងការសម្រេចបន្ទូលរបស់ទ្រង់ ហើយយកគេត្រឡប់ទៅស្រុកដែលបានសន្យា—ប៉ុន្តែ ឥតមានលទ្ធផលទេ។ ផ្ទុយទៅវិញ «ឯពួកជំនុំទាំងអស់ក៏ប្រាប់គ្នាថា ចូរចោលគេនឹងថ្មទៅ»។—ជនគណនា ១៣:៣០; ១៤:៦-១០
ម៉ូសេបានដាស់តឿនបណ្ដាជនឲ្យទុកចិត្តលើព្រះយេហូវ៉ា ប៉ុន្តែគេឥតព្រមស្ដាប់ទេ។ ពីព្រោះគេនៅតែមានអាកប្បកិរិយាដ៏ទុទិដ្ឋិនិយម សាសន៍ទាំងមូលបានដើរក្នុងទីរហោស្ថានអស់រយៈ៤០ឆ្នាំ។ ក្នុងចំណោមពួកឈ្លប១២នាក់ មានតែយ៉ូស្វេនិងកាលែបទេ ដែលបានទទួលរង្វាន់នៃការមានសុទិដ្ឋិនិយម។ តើអ្វីជាបញ្ហា? ការឥតមានជំនឿ កាលដែលពួកបណ្ដាជននោះទុកចិត្តលើប្រាជ្ញារបស់គេ។—ជនគណនា ១៤:២៦-៣០; ហេព្រើរ ៣:៧-១២
ចិត្តស្ទាក់ស្ទើររបស់យ៉ូណាស
យ៉ូណាសបានរស់នៅក្នុងសតវត្សទី៩ ម.ស.យ.។ ព្រះគម្ពីរបង្ហាញថាគាត់ជាព្យាការីដ៏ស្មោះត្រង់ម្នាក់របស់ព្រះយេហូវ៉ា ប្រចាំរាជាណាចក្រអ៊ីស្រាអែលដែលមានកុលសម្ព័ន្ធដប់ ក្នុងកំឡុងគ្រានៃការសោយរាជ្យនៃយេរ៉ូបោមទី២។ ប៉ុន្តែ គាត់មិនព្រមទទួលយកមុខងារទៅក្រុងនីនីវេ ដើម្បីព្រមានប្រាប់ប្រជាជននោះទេ។ អ្នកប្រវត្ដិសាស្ត្រ យ៉ូសេហ្វឺសមានប្រសាសន៍ថា យ៉ូណាស«បានគិតថាជាការប្រសើរជាងក្នុងការរត់គេចចេញ» ហើយទៅយ៉ុបប៉េវិញ។ រួចគាត់ក៏ចុះនាវានោះទៅក្រុងតើស៊ីស ដែលក្នុងសម័យទំនើបនេះប្រហែលជាប្រទេសអេស្បាញ។ (យ៉ូណាស ១:១-៣) មូលហេតុដែលយ៉ូណាសមានទស្សនៈដែលប្រកបដោយទុទិដ្ឋិនិយមចំពោះកិច្ចការរបស់គាត់ គឺពន្យល់ប្រាប់ក្នុងយ៉ូណាស ៤:២។
នៅទីបំផុត យ៉ូណាសបានយល់ព្រមទៅសម្រេចមុខងាររបស់គាត់ ប៉ុន្តែ ក្លាយទៅជាក្ដៅក្រហាយ ពេលដែលប្រជាជននៃក្រុងនីនីវេបានប្រែចិត្ត។ ដូច្នេះ ព្រះយេហូវ៉ាបានបង្រៀនគាត់នូវមេរៀនដ៏ល្អមួយនៃសេចក្ដីមេត្ដាករុណា ដោយធ្វើឲ្យដើមវល្លិស្វិតក្រៀមហើយងាប់វិញទៅ។ (យ៉ូណាស ៤:១-៨) អារម្មណ៍នៃការសោកទុក្ខរបស់យ៉ូណាសអាល័យដើមនេះ គួរសំដៅយ៉ាងត្រឹមត្រូវទៅលើមនុស្ស១២០.០០០នាក់ក្នុងក្រុងនីនីវេវិញ ដែល«ជាពួកអ្នកដែលមិនស្គាល់ស្ដាំ មិនស្គាល់ឆ្វេងសោះ»។—យ៉ូណាស ៤:១១
តើយើងអាចរៀនអ្វីពីការពិសោធរបស់យ៉ូណាស? កិច្ចបំរើបរិសុទ្ធមិនអនុញ្ញាតឲ្យមានគំនិតប្រកបដោយទុទិដ្ឋិនិយមឡើយ។ ប្រសិនបើយើងយោគយល់នូវការដឹកនាំរបស់ព្រះយេហូវ៉ា ហើយធ្វើតាមដោយទុកចិត្តទាំងស្រុង នោះយើងនឹងមានការសម្រេចជោគជ័យ។—សុភាសិត ៣:៥, ៦
សុទិដ្ឋិនិយមក្នុងភាពទុក្ខវេទនា
ស្តេចដាវីឌប្រកាសថា «កុំឲ្យក្ដៅចិត្ត ដោយព្រោះមនុស្សដែលប្រព្រឹត្តអាក្រក់ឡើយ ក៏កុំឲ្យច្រណែននឹងពួកអ្នកដែលធ្វើការទុច្ចរិតដែរ»។ (ទំនុកដំកើង ៣៧:១) ប្រាកដហើយ នេះជាឱវាទដ៏ប្រាជ្ញាមែន ដ្បិតសព្វថ្ងៃនេះគឺមានអយុត្ដិធម៌និងអំពើទុច្ចរិតនៅជុំវិញយើង។—សាស្ដា ៨:១១
ប៉ុន្តែ ទោះជាយើងមិនច្រណែនពួកទុច្ចរិតក៏ដោយ គឺស្រួលណាស់ក្នុងការមួម៉ៅចិត្ត នៅពេលដែលយើងឃើញមនុស្សគ្មានទោសរងទុក្ខក្រោមមនុស្សអាក្រក់ ឬនៅពេលណាដែលយើងបានត្រូវប្រព្រឹត្តមកលើដ៏អយុត្ដិធម៌។ ការពិសោធបែបនេះប្រហែលជាធ្វើឲ្យយើងបណ្ដុះអាកប្បកិរិយាដ៏ធ្លាក់ទឹកចិត្ត ឬប្រកបដោយទុទិដ្ឋិនិយមផង។ នៅពេលដែលយើងមានអារម្មណ៍បែបនេះ តើយើងត្រូវធ្វើអ្វី? ទីមួយ យើងត្រូវចាំថា ពួកមនុស្សអាក្រក់នឹងមិនអាចសន្មតដោយឥតខ្វល់ខ្វាយ ថាឥតមានការសងសឹកនោះឡើយ។ ទំនុកដំកើង ៣៧ ធានារ៉ាប់រងយើងក្នុងខ២ ថា៖ «ដ្បិតនៅបន្ដិចទៀត គេ[ពួកមនុស្សអាក្រក់]នឹងត្រូវច្រូតកាត់ដូចជាស្មៅ ហើយនឹងក្រៀមស្វិតទៅ ដូចជាស្មៅខ្ចីដែរ»។
ម្យ៉ាងវិញទៀត យើងអាចបន្តធ្វើអ្វីៗដែលល្អ រក្សាចិត្តដ៏សុទិដ្ឋិនិយម ហើយរង់ចាំព្រះយេហូវ៉ា។ អ្នកតែងបទទំនុកដំកើងនិយាយទៀតថា៖ «ចូរគេចចេញពីការអាក្រក់ ហើយប្រព្រឹត្តការល្អចុះ នោះអ្នកនឹងបាននៅជារៀងរាបដរាប ដ្បិតព្រះយេហូវ៉ាទ្រង់សព្វព្រះហឫទ័យនឹងសេចក្ដីយុត្ដិធម៌ ក៏មិនដែលបោះបង់ចោលពួកបរិសុទ្ធរបស់ទ្រង់ឡើយ ទ្រង់ថែរក្សាគេអស់កល្បជានិច្ច តែពូជរបស់មនុស្សអាក្រក់នឹងត្រូវកាត់ចេញវិញ»។—ទំនុកដំកើង ៣៧:២៧, ២៨
សុទិដ្ឋិនិយមពិតមានជ័យជំនះ!
ចុះយ៉ាងណាវិញ ចំពោះអនាគតរបស់យើង? សៀវភៅគម្ពីរនៃវិវរណៈ ប្រាប់យើងអំពី«អស់ទាំងការ ដែលបន្ដិចទៀតត្រូវកើតមាន»។ ហើយក្នុងចំណោមការទាំងនេះ គឺមានសេះមួយទៀតចេញមក ដែលមានសម្បុរក្រហម ដែលតំណាងសង្គ្រាម គឺសម្ដែងប្រាប់ថា«និងដកយកសេចក្ដីសុខសាន្តពីផែនដីចេញ»។—វិវរណៈ ១:១; ៦:៤
មតិដ៏ប្រជាប្រិយមួយ—ហើយដែលប្រកបដោយសុទិដ្ឋិនិយម—ដែលមានក្នុងប្រទេសអង់គ្លេសក្នុងកំឡុងសង្គ្រាមលោកទី១ គឺថានឹងគ្មានសង្គ្រាមដ៏ធំទៀតទេ។ ក្នុងឆ្នាំ១៩១៦ រដ្ឋបុរសជាតិអង់គ្លេស លោកដាវីឌ លូឌ ជូច គឺមានគំនិតដែលសមហេតុផល។ លោកមានប្រសាសន៍ថា៖ «សង្គ្រាមនេះ ដូចសង្គ្រាមជាបន្ទាប់ គឺជាសង្គ្រាមដើម្បីបញ្ចប់សង្គ្រាមឯទៀត»។ (អក្សរជ្រៀងគឺរបស់យើង) លោកនិយាយត្រូវណាស់។ សង្គ្រាមលោកលើកទី២ គឺគ្រាន់តែបង្កើនល្បឿនផលិតកម្មនៃរបៀបដ៏អាក្រក់ក្នុងការបំផ្លាញដ៏ធំធេង។ ៥០ឆ្នាំក្រោយមកតាំងពីសង្គ្រាមលោកលើកទី២បានចប់ គឺនៅឥតមានសង្ឃឹមនៃការបញ្ចប់សង្គ្រាមនៅឆាប់ៗខាងមុខនេះ។
ក្នុងសៀវភៅវិវរណៈដដែល យើងអានអំពីអ្នកជិះសេះឯទៀត—ដែលតំណាងទុរភិក្ស រោគរាតត្បាត និងសេចក្ដីស្លាប់។ (វិវរណៈ ៦:៥-៨) នេះគឺជាលក្ខណៈថែមទៀតនៃសញ្ញានៃគ្រាចុងបញ្ចប់។—ម៉ាថាយ ២៤:៣-៨
តើនេះបណ្ដាលឲ្យមានគំនិតទុទិដ្ឋិនិយមឬ? គឺអត់ទេ ពីព្រោះចក្ខុនិមិត្តក៏បានប្រាប់អំពី«សេះស១ ឯអ្នកដែលជិះក៏កាន់ធ្នូ ហើយមានគេឲ្យមកុដដល់អ្នកនោះ រួចអ្នកនោះចេញទៅទាំងមានជ័យជំនះ ហើយឲ្យបានឈ្នះតទៅ»។ (វិវរណៈ ៦:២) នៅទីនេះយើងឃើញព្រះយេស៊ូគ្រីស្ទជាស្តេចនៅស្ថានសួគ៌ កំពុងតែដកយកចេញអំពើអាក្រក់ជួជាតិ ដើម្បីស្ថាបនាសន្ដិភាពនិងសុខដុមទូទាំងពិភពលោក។a
ព្រះយេស៊ូគ្រីស្ទដោយបានតាំងឲ្យឡើងសោយរាជ្យ កាលដែលនៅលើផែនដីបានបង្រៀនពួកសិស្សទ្រង់ឲ្យអធិស្ឋានសូមព្រះរាជាណាចក្រនោះ។ ប្រហែលអ្នកក៏បានបង្រៀនឲ្យនិយាយថា «ឱព្រះវរបិតារបស់យើង» ឬការអធិស្ឋានរបស់ព្រះអម្ចាស់។ ក្នុងសេចក្ដីអធិស្ឋាននេះ យើងសូមឲ្យព្រះរាជាណាចក្រនៃព្រះយាងមកដល់ ឲ្យព្រះហឫទ័យរបស់ទ្រង់បានសម្រេចនៅលើផែនដី ដូចនៅស្ថានសួគ៌ដែរ។—ម៉ាថាយ ៦:៩-១៣
ជាជាងខំជួសជុលរបបលោកីយ៍សព្វថ្ងៃនេះ ព្រះយេហូវ៉ា ដោយប្រព្រឹត្តតាមរយៈព្រះយេស៊ូគ្រីស្ទជាព្រះមេស្ស៊ី នឹងដកយករបបនេះចេញទាំងស្រុង។ ជំនួសរបបសម័យនេះ ព្រះយេហូវ៉ាមានបន្ទូលថា៖ «ដ្បិតមើល! អញនឹងបង្កើតផ្ទៃមេឃថ្មី ហើយនឹងផែនដីថ្មី ហើយរបស់ពីមុនៗ នោះនឹងគ្មានអ្នកណានឹកចាំទៀត ក៏មិនដែលចូលក្នុងគំនិតឡើយ»។ នៅក្រោមរាជរដ្ឋាភិបាលនៅស្ថានសួគ៌ ផែនដីនឹងក្លាយទៅជាកន្លែងដ៏សុខសាន្ត គឺលំនៅដ៏សប្បាយសំរាប់មនុស្សជាតិ ដែលជីវិតនិងកិច្ចការគឺនឹងមានអំណរជានិច្ច។ ព្រះយេហូវ៉ាមានបន្ទូលថា៖ «ត្រូវឲ្យឯងរាល់គ្នាមានសេចក្ដីអំណរ ហើយរីករាយឡើងជាដរាប» «នឹងប្រើប្រាស់ការដែលដៃគេធ្វើជាយឺនយូរទៅ»។ (អេសាយ ៦៥:១៧-២២) ប្រសិនបើសេចក្ដីសង្ឃឹមរបស់អ្នកចំពោះអនាគត សំអាងលើសេចក្ដីសន្យានោះដ៏មិនអាចបរាជ័យ នោះអ្នកនឹងមានមូលហេតុជាច្រើនក្នុងការប្រកបដោយសុទិដ្ឋិនិយម—ឥឡូវនេះនិងជារៀងដរាបទៅ!
[កំណត់សម្គាល់]
a ចំពោះការពិគ្រោះដ៏ល្អិតល្អន់ថែមទៀត សូមមើលជំពូក ១៦នៃសៀវភៅ Revelation—Its Grand Climax At Hand!, បោះពុម្ពដោយសមាគមប៉មយាមខាងព្រះគម្ពីរនិងខិត្តប័ណ្ណនៃរដ្ឋញូវយ៉ក
[រូបភាពនៅទំព័រ៤]
ហ. ជ. វែល្ស
[អ្នកផ្ដល់សិទ្ធិ]
Corbis-Bettmann